ឆ្នាំ ២០១០-២០១៩
អ្នក​ដឹកនាំ​ដ៏​ឆ្នើម​គឺ​ជា​អ្នក​ដើរតាម​ដ៏​ល្អ​បំផុត
ខែ មេសា 2016


អ្នក​ដឹកនាំ​ដ៏​ឆ្នើម​គឺ​ជា​អ្នក​ដើរតាម​ដ៏​ល្អ​បំផុត

នឹង​មាន​គ្រា​នានា​ដែល​ផ្លូវ​ដើរ​នៅខាង​មុខ​យើង​ហាក់ដូច​ជា​លំបាក ប៉ុន្តែ​សូម​បន្ត​ដើរ​តាម​ព្រះអង្គសង្គ្រោះ ។ ពិតណាស់​ទ្រង់​ស្គាល់​ផ្លូវ ទ្រង់គឺជា ផ្លូវ ។

កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ឪពុក​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​បរបាញ់​សត្វ​នៅលើ​ភ្នំ ។ ពួកខ្ញុំ​បាន​ក្រោក​នៅ​ម៉ោង ៣ ព្រឹក ពាក់​អាន​សេះ​របស់​យើង ហើយ​ចេញ​ដំណើរ​ទៅ​ក្នុង​ព្រៃ​នៅ​ជើង​ភ្នំ​ទាំង​មេឃ​នៅ​ងងឹត​ស្លុប ។ កាល​គ្រា​នោះ ទោះបី​ជា​ខ្ញុំ​ចូលចិត្ត​បរបាញ់​សត្វ​ជាមួយ​ឪពុក​ខ្ញុំ​ក្តី ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ភ័យ​ញញើត​ខ្លះ ។ ខ្ញុំ​ពុំ​ធ្លាប់​ទៅ​ភ្នំ​ទាំង​នេះ​ពីមុន​ឡើយ ហើយ​ខ្ញុំ​មើល​ផ្លូវ—ឬ អ្វីៗ​ផ្សេង​ទៀត​មិន​ឃើញ​ឡើយ ! អ្វី​មួយ​ដែល​ខ្ញុំ​អាច​មើល​ឃើញ​នោះ​គឺ​ពន្លឺ​ពិល​តូច​មួយ ដែល​ឪពុក​របស់​ខ្ញុំ​កំពុង​កាន់ ដែល​វា​ជះ​ពន្លឺ​ព្រាលៗ​ទៅ​លើ​ដើម​ស្រល់​នៅ​ខាង​មុខ​ពួកខ្ញុំ ។ ចុះ​ប្រសិនបើ​សេះ​របស់​ខ្ញុំ​បាន​រអិល​ជើង​ដួល​វិញ​នោះ—តើ​ឪពុក​ខ្ញុំ​នឹង​ឃើញ​ថា​គាត់​កំពុង​ទៅ​ណា​ទេ ? ប៉ុន្តែ​គំនិត​នេះ​បាន​លួងលោម​ចិត្ត​ខ្ញុំ ៖ « ប៉ា​ដឹង​ថា​គាត់​នឹង​ទៅ​ណា​ហើយ ។ ប្រសិនបើ​ខ្ញុំ​ធ្វើ​តាម​គាត់ នោះ​នឹង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ » ។

ហើយ​អ្វីៗ​គ្រប់​យ៉ាង​គឺ​ពិត​ជា​គ្មាន​បញ្ហា​មែន ។ ទីបំផុត​ព្រះអាទិត្យ​ក៏​បាន​រះ​ឡើង ហើយ​ពួក​ខ្ញុំ​មាន​ថ្ងៃ​មួយ​ដ៏​រីករាយ​ជាមួយ​គ្នា ។ នៅពេល​ពួកខ្ញុំ​ចាប់ផ្តើម​ទៅ​ផ្ទះ​វិញ ឪពុក​របស់​ខ្ញុំ​បាន​ចង្អុល​ទៅ​កំពូល​ភ្នំ​ដ៏​ធំ​ខ្ពស់​ហើយ​ចោត​ជាង​កំពូល​ភ្នំ​ផ្សេងៗ​ទៀត ។ គាត់​បាន​ប្រាប់​ថា « នោះ​គឺ​ជា​កំពូល​ភ្នំ វីនឌី រីច ។ វា​ជា​កន្លែង​បរបាញ់​សត្វ​ដ៏​ល្អ​មួយ » ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចង់​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ក្រោយ ហើយ​ឡើង​ទៅ​កំពូល​ភ្នំ វីនឌី រីច នោះ ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឮ​ឪពុក​ខ្ញុំ​និយាយ​ប្រាប់​ពី​ភ្នំ វីនឌី រីច នោះ ប៉ុន្តែ​ពួក​ខ្ញុំ​ពុំ​ដែល​បាន​ត្រឡប់​ទៅ​ទីនោះ​វិញ​ឡើយ—រហូត​ដល់​ថ្ងៃ​មួយ​គឺ ២០ ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ឪពុក​របស់​ខ្ញុំ​ហើយ​និយាយ​ថា « តោះ​ប៉ា​ទៅ​លេង​ភ្នំ វីនឌី » ។ យើង​បាន​ពាក់​អាន​សេះ​របស់​យើង ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ជើង​ភ្នំ​នោះ​ម្តង​ទៀត ។ ម្តង​នេះ​ខ្ញុំ​គឺ​ជា​អ្នក​ជិះសេះ​ដ៏​ជំនាញ​ម្នាក់​ក្នុង​អំឡុង​វ័យ​ជាង ៣០ ឆ្នាំ ប៉ុន្តែ​ខ្ញុំ​នៅតែ​ភ្ញាក់ផ្អើល​ចំពោះ​អារម្មណ៍​ភ័យ​ញញើត​នោះ ដែល​ខ្ញុំ​ធ្លាប់​មាន​កាល​ពី​អាយុ ១២ ឆ្នាំ ។ ប៉ុន្តែ​ឪពុក​របស់​ខ្ញុំ​ស្គាល់​ផ្លូវ ហើយ​ខ្ញុំ​បាន​ធ្វើ​តាម​គាត់ ។

ទីបំផុត​ពួកយើង​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ វីនឌី ។ ទេសភាព​នោះ​គឺ​ស្រស់ស្អាត​ណាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ខ្មួលខ្មាញ់​ក្នុង​ចិត្ត​ថា ខ្ញុំ​ចង់​ត្រឡប់​មក​វិញ​ទៀត—ម្តង​នេះ​មិនមែន​តែ​ខ្ញុំ​ទេ ប៉ុន្តែ​ទាំង​ភរិយា និង កូនៗ​ខ្ញុំ​ដែរ ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដក​បទពិសោធន៍​ដូច​ដែល​ខ្ញុំ​បាន​ជួប​ផងដែរ ។

អស់​ពេល​ជាច្រើន​ឆ្នាំ​ហើយ ខ្ញុំ​មាន​ឱកាស​នាំ​កូនប្រុសៗ និង យុវជន​ផ្សេង​ទៀត​ឡើង​ទៅ​កំពូល​ភ្នំ គឺ​ដូច​ដែល​ឪពុក​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ ។ បទពិសោធន៍​ទាំង​នេះ បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​សញ្ជឹង​គិត​ពី​អត្ថន័យ​នៃ​ការដឹក​នាំ—និង អត្ថន័យ​នៃ​ការដើរ​តាម ។

ព្រះយេស៊ូវ​គ្រីស្ទ ជា​អង្គ​ដឹកនាំ​ដ៏​ឆ្នើម និង ជា​អង្គ​ដើរ​តាម​ដ៏​ល្អ​បំផុត

ប្រសិន​បើ​ខ្ញុំ​សួរ​អ្នក​ថា « តើ​នរណា​គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ ? »— តើ​អ្នក​នឹង​ឆ្លើយ​ដូចម្តេច ? ពិតណាស់ ចម្លើយ​គឺ​ថា​ម្នាក់​នោះ​គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​គ្រប់​គុណសម្បត្តិ​ទាំងអស់​នៃ​ភាព​ជា​អ្នក​ដឹកនាំ ។

ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​សួរ​អ្នក​ថា « តើ​នរណា​គឺ​ជា អ្នក​ដើរ​តាម ដ៏​ល្អ​បំផុត​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ ? »—តើ​ចម្លើយ​ចំពោះ​សំណួរ​នេះ​មិនមែន​ជា​ព្រះយេស៊ូវគ្រីស្ទ​ទេ​ឬ​អី ? ទ្រង់​គឺ​ជា​អង្គ​ដឹកនាំ​ដ៏​ឆ្នើម ដោយសារ ទ្រង់​គឺ​ជា​អ្នក​ដើរ​តាម​ដ៏​ល្អ​បំផុត—ទ្រង់​ធ្វើ​តាម​ព្រះវរបិតា​ទ្រង់​ក្នុង​គ្រប់​កិច្ចការ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ ។

លោកិយ៍​បង្រៀន​ថា អ្នក​ដឹកនាំ​ត្រូវតែ​មាន​អំណាច ព្រះអម្ចាស់​បង្រៀន​ថា​ពួកគេ​ត្រូវតែ​រាបសា ។ អ្នក​ដឹកនាំ​លោកិយ៍​ទទួល​អំណាច និង ឥទ្ធិពល​តាមរយៈ​ទេពកោសល្យ ជំនាញ និង ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ អ្នក​ដឹកនាំ​ដូច​ជា​ព្រះគ្រីស្ទ​ទទួល​អំណាច និង ឥទ្ធិពល « ដោយ​ការ​លួងលោម ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ » ។

នៅក្នុង​ព្រះនេត្រ​ព្រះ ជានិច្ចកាល​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​គឺ​ជា​អ្នក​ដើរតាម​ដ៏​ល្អ​បំផុត ។

ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​ពីរ មក​ពី​ទំនាក់ទំនង​ថ្មីៗ​នេះ​របស់​ខ្ញុំ​ជាមួយ​យុវជន​នៃ​សាសនាចក្រ ដែល​បាន​បង្រៀន​ខ្ញុំ​អំពី​ការដឹកនាំ និង ការធ្វើ​តាម ។

យើង​ទាំងអស់​គ្នា​ជា​អ្នក​ដឹកនាំ

ថ្មីៗ​នេះ ភរិយា​ខ្ញុំ និង រូប​ខ្ញុំ​បាន​ចូលរួម​ការប្រជុំសា​ក្រាម៉ង់​នៅ​វួដ​មួយ​ដែល​មិនមែន​ជា​វួដ​យើង​ឡើយ ។ ពីមុន​ការប្រជុំ​ចាប់​ផ្តើម​បន្តិច យុវជន​ម្នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​សុំ​ឲ្យ​ខ្ញុំ​ជួយ​ចែក​សាក្រាម៉ង់ ។ ខ្ញុំ​ឆ្លើយ​ថា « អ៊ំ​រីករាយ​នឹង​ជួយ​បាន » ។

ខ្ញុំ​បាន​អង្គុយ​ក្បែរ​ឌីកុន​ផ្សេងៗ​ទៀត ហើយ​ខ្ញុំ​បាន​សួរ​ម្នាក់​ដែល​អង្គុយ​ជាប់​ខ្ញុំ​ថា « តើ​អ៊ំ​ត្រូវ​ចែក​នៅ​កន្លែង​ណា​ខ្លះ ? » គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ចាប់ផ្តើម​ចែក​មក​ពី​ក្រោយ​សាលាជំនុំ​នៅ​ជួរ​កណ្តាល ហើយ​ថា​គាត់​នឹង​ដើរ​ចែក​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ជួរ​ដដែរ​នោះ ហើយ​យើង​នឹង​ដើរ​ជាមួយ​គ្នា​មក​ខាង​មុខ​វិញ ។

ខ្ញុំ​បាន​និយាយ​ថា « អ៊ំ​ខាន​ចែក​សាក្រាម៉ង់​យូរ​ហើយ » ។

គាត់​បាន​តប​ថា « មិន​ជា​ថ្វី​ទេ ។ លោក​អ៊ំ​នឹង​ចែក​វា​បាន​យ៉ាង​ល្អ ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែល​កាល​ខ្ញុំ​ចែក​លើក​ដំបូង » ។

ក្រោយ​មក ឌីកុន​ដែល​ក្មេង​ជាង​គេ​បង្អស់​នៅក្នុង​កូរ៉ុម ដែល​ទើប​តែ​បាន​តែងតាំង​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន បាន​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ បន្ទាប់​ពី​ការប្រជុំ​ឌីកុន​ផ្សេងៗ​ទៀត​បាន​មក​មូរមី​ជុំ​ឌីកុន​នោះ ប្រាប់​គាត់​ពី​មោទនភាព​ដែល​ពួកគេ​មាន​ចំពោះ​សមាជិក​កូរ៉ុម​របស់​ពួកគេ ។

កាល​ខ្ញុំ​ទៅ​លេង​ពួកគេ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ដឹង​ថា រាល់​សប្តាហ៍​សមាជិក​ទាំងអស់​នៃ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​នៅក្នុង​វួដ​នោះ បាន​ទៅសួរ​សុខទុក​យុវជន​ផ្សេងៗ​ទៀត ហើយ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​នឹង​កូរ៉ុម​របស់​ខ្លួន ។

យុវជន​ទាំង​អស់​នេះ គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម ។ ហើយ​ពួកគេ​ពិត​ជា​មាន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ឪពុក​ម្តាយ និង មនុស្ស​ដ៏​អស្ចារ្យ​មួយ​ចំនួន​ទៀត ដែល​គាំទ្រ ទូន្មាន​ពួកគេ​ក្នុង​កាតព្វកិច្ច​របស់​ខ្លួន ។ អ្នក​ដែល​មាន​ការខ្វល់ខ្វាយ​បែប​នេះ មិន​មើល​យុវជន​ទាំង​នេះ​ពី​លក្ខណៈ​របស់​ពួកគេ​ក្នុងពេល​នេះ​ទេ ប៉ុន្តែ​មើល​ពី​លក្ខណៈ​ដែល​ពួកគេ​អាច​ប្រែក្លាយ​នា​ពេល​អនាគត​វិញ ។ នៅពេល​ពួកគេ​និយាយ​ជាមួយ ឬ និយាយ​អំពី​យុវជន​ទាំង​នោះ ពួកគេ​មិន​ផ្តោត​លើ​ភាព​ទន់ខ្សោយ​របស់​ពួកគេ​ទេ ។ ផ្ទុយ​ទៅវិញ ពួកគេ​សង្កត់ធ្ងន់​លើ​គុណសម្បត្តិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​ដែល​ពួកគេ​កំពុង​បង្ហាញ ។

យុវជន​អើយ នេះ​គឺ​ជា​របៀប​ដែល​ព្រះអម្ចាស់​ទត​មើល​អ្នក ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​មើល​ខ្លួន​ឯង​តាម​របៀប​នេះ ។ នឹង​មាន​គ្រា​ណា​មួយ​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ ។ ហើយ​មាន​គ្រា​ជា​ច្រើន​ទៀត ដែល​អ្នក​នឹង​ត្រូវបាន​រំពឹង​ថា​នឹង​ធ្វើ​តាម ។ ដោយ​មិន​គិត​ពី​ការហៅ​របស់​បងប្អូន​ជា​អ្វី​នោះ​ទេ សារលិខិត​របស់​ខ្ញុំ​ថ្ងៃនេះ​គឺ​ថា បងប្អូន​គឺ​ជា​អ្នក​ដឹកនាំ​ជានិច្ច ហើយ​បងប្អូន​គឺ​ជា​អ្នក​ដើរ​តាម​ជានិច្ច​ផងដែរ ។ ភាព​ជា​អ្នក​ដឹកនាំ​គឺ​ជា​ការបង្ហាញ​នូវ​ភាពជាសិស្ស—វា​គឺ​ជា​កិច្ចការ​សាមញ្ញ​មួយ​នៃ​ការជួយ​មនុស្ស​ដទៃ​ទៀត​មកកាន់​ព្រះគ្រីស្ទ នោះ​ជា​កិច្ចការ​ដែល​ពួកសិស្ស​ដ៏​ពិត​ធ្វើ ។ ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ នោះ​អ្នក​អាច​ជួយ មនុស្ស​ដទៃ​ឲ្យ​ដើរ​តាម​ទ្រង់​ផងដែរ ហើយ​អ្នក​អាច​ជា​អ្នក​ដឹកនាំ​ម្នាក់ ។

លទ្ធភាព​របស់​អ្នក​ដើម្បី​ដឹកនាំ​ពុំ​កើត​ឡើង​មក​ពី​បុគ្គលិក​លក្ខណៈ​រួសរាយ ជំនាញ​លើក​ទឹកចិត្ត ឬ ទេពកោសល្យ​ដើម្បី​និយាយ​នៅ​មុខ​សាធារណ​ជន​នោះ​ទេ ។ វា​កើត​ឡើង​មក​ពី​ការប្តេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ វា​កើត​ឡើង​មក​ពី​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ធ្វើ​ដូច​ប្រសាសន៍​របស់​អ័ប្រាហាំ​ថា​ជា « អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង » ។ ប្រសិនបើ​អ្នក​អាច​ធ្វើ​បែប​នោះ—ទោះបី​ជា​អ្នក​មិន​អាច​ធ្វើ​បាន​ល្អ​ឥតខ្ចោះ​ក្តី ប៉ុន្តែ​អ្នក​កំពុង​ព្យាយាម—នោះ​អ្នក គឺ​ជា អ្នក​ដឹកនាំ​ហើយ ។

ការបម្រើ​ខាង​បព្វជិតភាព​គឺ​ជា​ភាពដឹកនាំ

មាន​គ្រា​មួយ​នោះ នៅក្នុង​ប្រទេស នូវែលសេឡង់ ខ្ញុំ​បាន​សួរសុខទុក្ខ​ម្តាយ​មេម៉ាយ​មួយ​រូប​ដែល​មាន​កូន​បី​នាក់ ។ កូន​ប្រុស​ច្បង​អាយុ ១៨ ឆ្នាំ ហើយ​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក​កាល​ពី​សប្តាហ៍​មុន​នោះ ។ ខ្ញុំ​បាន​សួរ​ប្រសិនបើ​គាត់​បាន​ប្រើប្រាស់​បព្វជិតភាព​របស់​គាត់​ហើយ​ឬ​នៅ ។ គាត់​និយាយ​ថា « ខ្ញុំ​ពុំ​យល់​ច្បាស់​ពី​ការប្រើប្រាស់​នេះ​ទេ » ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា ឥឡូវ​គាត់​មាន​សិទ្ធិអំណាច​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​នៃ​ការលួងលោម ឬ ការព្យាបាល ។ ខ្ញុំ​បាន​មើល​ទៅ​ម្តាយ​គាត់ ដែល​គ្មាន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​នៅ​ជិត​គាត់​អស់​កាល​ជាច្រើន​ឆ្នាំ​មក​ហើយ ។ ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា​វា​គឺ​ជា​រឿង​អស្ចារ្យ​ណាស់ ប្រសិនបើ​ក្មួយ​ផ្តល់​ការប្រសិទ្ធពរ​ដល់​ម្តាយ​របស់​ក្មួយ » ។

គាត់​បាន​តប​ថា « ខ្ញុំ​ពុំដឹង​ថា​ត្រូវ​ធ្វើ​របៀប​ណា​ឡើយ » ។

ខ្ញុំ​បាន​ពន្យល់​ថា គាត់​អាច​ដាក់ដៃ​លើ​ក្បាល​របស់​ម្តាយ​គាត់ ហៅ​ឈ្មោះ​របស់​ម្តាយ​គាត់ ថ្លែង​ថា​គាត់​កំពុង​ផ្តល់​ការប្រសិទ្ធពរ​មួយ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក និយាយ​អ្វី​ផ្សេងៗ​ទៀត​តាម​ដែល​ព្រះវិញ្ញាណ​បំផុស​ក្នុង​គំនិត និង ដួងចិត្ត​គាត់ ហើយ​បញ្ចប់​វា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃ​ស្អែក​ឡើង ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​មួយ​ពី​គាត់ ។ មាន​ឃ្លា​មួយ​អាន​ថា ៖ « យប់​នេះ​ខ្ញុំ​បាន​ប្រសិទ្ធពរ​ម្តាយ​ខ្ញុំ ។ … ខ្ញុំ​មាន​អារម្មណ៍​ជ្រួលច្រាល​ក្នុង​ចិត្ត និង អារម្មណ៍​នៃ​ភាពខ្វះ​ចន្លោះ ដូច្នោះ​ខ្ញុំ​បាន​បន្ត​អធិស្ឋាន ដើម្បី​ប្រាកដ​ថា​ខ្ញុំ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ខ្ញុំ ដោយសារ​ខ្ញុំ​ពុំ​អាច​ប្រសិទ្ធពរ​ដោយ​គ្មាន​ព្រះវិញ្ញាណ​ឡើយ ។ នៅពេល​ខ្ញុំ​បាន​ចាប់ផ្តើម​ប្រសិទ្ធពរ ខ្ញុំ​បាន​ភ្លេច​ពី​ខ្លួន​ឯង និង ភាពទន់​ខ្សោយ​របស់​ខ្ញុំ ។ … ខ្ញុំ [ ពុំ​បាន​រំពឹង​ថា ] ខ្ញុំ​ទទួល​បាន​នូវ​ព្រះចេស្តា​ដ៏​ច្រើន​លើសលុប​ខាង​វិញ្ញាណ និង សតិអារម្មណ៍​នោះ​ទេ ។ … ក្រោយ​មក​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​បាន​គ្របដណ្តប់​លើ​ខ្ញុំ​យ៉ាង​លើសលុប ដែល​ខ្ញុំ​ពុំ​អាច​ទប់​អារម្មណ៍​នោះ​បាន ដូច្នេះ​ខ្ញុំ​បាន​ឱប​ម្តាយ​ខ្ញុំ ហើយ​យំ​ដូចជា​កូនក្មេង ។ … សូម្បី​តែ​ពេល​ខ្ញុំ​សរសេរ​អ៊ីម៉ែល​នេះ [ ខ្ញុំ​មាន​អារម្មណ៍ ] ពី​ព្រះវិញ្ញាណ [ យ៉ាង​ខ្លាំង​ដែល ] ខ្ញុំ​ពុំ​ចង់​ធ្វើ​អំពើ​បាប​ទៀត​ឡើយ ។ … ខ្ញុំ​ស្រឡាញ់​ដំណឹង​ល្អ​នេះ » ។

តើ​វា​មិនមែន​ជា​រឿង​បំផុស​គំនិត​ទេ​ឬ​អី ដែល​ឃើញ​យ៉ាង​ច្បាស់​ពី​របៀប​ដែល​យុវជន​ម្នាក់ អាច​សម្រេច​បាន​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​តាមរយៈ​ការបម្រើ​បព្វជិតភាព ទោះបី​ជា​គាត់​មាន​អារម្មណ៍​ថា​ខ្វះ​ចន្លោះ​នោះ ? ថ្មីនេះៗ​ខ្ញុំ​បាន​ដឹង​ថា អែលឌើរ​វ័យ​ក្មេង​នេះ​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម ហើយ​នឹង​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ខែ​ក្រោយ​នេះ ។ ខ្ញុំ​ជឿ​ថា គាត់​នឹង​នាំ​ព្រលឹង​ជាច្រើន​មក​រក​ព្រះគ្រីស្ទ ដោយសារ​គាត់​បាន​រៀន​ពី​របៀប​ដើរតាម​ព្រះគ្រីស្ទ​នៅក្នុង​ការបម្រើ​បព្វជិតភាព​របស់​គាត់—ដោយ​ចាប់ផ្តើម​ពី​ក្នុង​ផ្ទះ​គាត់​ផ្ទាល់ ជា​កន្លែង​ដែល​គំរូ​របស់​គាត់​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ប្អូន​ប្រុស​អាយុ ១៤ ឆ្នាំ​របស់​គាត់ ។

ពួកបងប្អូន​ប្រុស​អើយ មិន​ថា​យើង​ដឹង​ពី​រឿង​នេះ​ឬ​អត់​នោះ​ទេ មនុស្ស​ជាច្រើន​កំពុង​សំឡឹង​មើល​មក​យើង—គឺ​ជា​សមាជិក​គ្រួសារ មិត្តភក្តិ និង មនុស្ស​ទូទៅ ។ វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​យើង ក្នុង​នាម​ជា​អ្នកកាន់​បព្វជិតភាព ​ដោយ​គ្រាន់តែ​មក​កាន់​ព្រះគ្រីស្ទ​នោះ កាតព្វកិច្ច​របស់​យើង​ឥឡូវ​នេះ​គឺ « អញ្ជើញ មនុស្ស​ទាំងអស់ មក​រក​ព្រះគ្រីស្ទ » ។ យើង​មិន​អាច​ពេញចិត្ត​នឹង​ទទួល​ពរជ័យ​ខាង​វិញ្ញាណ​ចំពោះ​ខ្លួន​ឡើយ យើង​ត្រូវ​នាំ​មនុស្ស​ដទៃ​ដែល​យើង​ស្រឡាញ់​ឲ្យ​ទទួល​នូវ​ពរជ័យ​ដូចគ្នា​នោះ​ផងដែរ—ហើយ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវតែ​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ។ ព្រះរាជបញ្ជា​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ពេត្រុស ក៏​ជា​ព្រះរាជបញ្ជា​ចំពោះ​យើង​ផងដែរ ៖ « កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់​ខ្ជួន​ឡើង » ។

ដើរ​តាម​បុគ្គល​ម្នាក់​នោះ​ដែល​ជា​អ្នកស្រុក​កាលីឡេ

នឹង​មាន​គ្រា​នានា​ដែល​ផ្លូវ​ដើរ​នៅខាង​មុខ​យើង​ហាក់ដូច​ជា​លំបាក ប៉ុន្តែ​សូម​បន្ត​ដើរ​តាម​ព្រះអង្គសង្គ្រោះ ។ ពិតណាស់​ទ្រង់​ស្គាល់​ផ្លូវ ទ្រង់ គឺជា ផ្លូវ ។ ដរាប​ណា​អ្នក​មក​រក​ព្រះគ្រីស្ទ​ដោយ​មាន​ចិត្ត​ស្មោះសរ ដរាប​នោះ​អ្នក​នឹង​មាន​ប្រាថ្នា​យ៉ាង​មុតមាំ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន ។ ពាក្យ​ម្យ៉ាង​ទៀត​ចំពោះ​អារម្មណ៍​នេះ​គឺ​សេចក្តី​សប្បុរស « ដែល [ ព្រះវរបិតា ] ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ »  បន្ទាប់​មក​អ្នក​នឹង​ឃើញ​ថា​គ្រប់​ទង្វើ​នៃ​ការដើរតាម​ព្រះគ្រីស្ទ នោះ​អ្នក​ក៏​អាច​នាំ​អ្នក​ដទៃ​មក​កាន់ទ្រង់​ដែរ ដ្បិត​ប្រធាន ថូម៉ាស អេស ម៉នសុន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​ដើរតាម​បុគ្គល​ម្នាក់​នោះ​ដែល​ជា​អ្នកស្រុក​កាលីឡេ—គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ—ឥទ្ធិពល​ផ្ទាល់ខ្លួន​របស់​យើង​នឹង​មាន​សម្រាប់​សេចក្តី​ល្អ មិន​ថា​យើង​ជា​នរណា ការហៅ​របស់​យើង​ជា​អ្វី​នោះ​ឡើយ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ថា នេះ​ជា​សាសានចក្រ​ពិត​របស់​ព្រះគ្រីស្ទ ។ ប្រធាន ម៉នសុន​គឺ​ជា​ព្យាការី​របស់​ព្រះ​ដែល​ដឹកនាំ​យើង—លោក​គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម ហើយ​ក៏​ជា​អ្នក​ដើរតាម​ដ៏​ពិត​របស់​ព្រះអង្គសង្គ្រោះ​ផងដែរ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។