ឆ្នាំ ២០១០-២០១៩
គ្រួសារ​អស់កល្ប​ជានិច្ច
ខែ មេសា 2016


គ្រួសារ​អស់កល្ប​ជានិច្ច

កាតព្វកិច្ច​បព្វជិតភាព​របស់​យើង​គឺ ត្រូវ​ដាក់​គ្រួសារ និង ក្រុមគ្រួសារ​ទាំងឡាយ​ដែល​នៅ​ជុំ​វិញ​យើង ជា​រឿង​សំខាន់​ក្នុង​ចំណាប់​អារម្មណ៍​របស់​យើង ។

ខ្ញុំ​មាន​អំណរគុណ​ដែល​នៅ​ជាមួយ​បងប្អូន​នា​ល្ងាច​នេះ នៅក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នេះ​គឺ​ជា​ឱកាស​ដ៏​ប្រពៃ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ កាល​ពី​មួយ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​មុន​នៅក្នុង​ឆ្នាំ ១៨៣៤ នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ អ្នក​កាន់​បព្វជិតភាព​ទាំងអស់​ត្រូវបាន​កោះ​ហៅ​ប្រជុំ​នៅក្នុង​បន្ទប់​រៀន​ធ្វើ​ពី​ឈើ​មួយ​ដែល​ទំហំ ៤.២ ម៉ែត្រ​ការ៉េ ។ នៅក្នុង​ការប្រជុំ​នោះ​ព្យាការី យ៉ូសែប ស៊្មីធ​បាន​មាន​ប្រសាសន៍​ថា ៖ « អ្នក​ពុំ​បាន​ដឹង​អ្វី​ទៀត​អំពី​ជោគវាសនា​នៃ​សាសនាចក្រ និង​នគរ​នេះ ច្រើនជាង​ទារក​ដែល​នៅលើ​ភ្លៅ​ម្ដាយ​នោះ​ទេ ។ អ្នក​ពុំ​អាច​យល់​វា​បាន​ទេ ។ … នៅ​យប់​នេះ អ្នក​ឃើញ​មាន​បព្វជិតភាព​តែ​បន្ដិច​ទេ ប៉ុន្តែ​សាសនាចក្រ​នេះ នឹង​មាន​ពេញ​នៅ​អាមេរិក​ខាងជើង និង​ខាង​ត្បូង—វា​នឹង​មាន​ពេញ​ផែនដី​ទាំងមូល » ។

អ្នក​កាន់​បព្វជិតភាព​រាប់លាន​នាក់ នៅក្នុង ១១០ ប្រទេស​ជាង កំពុង​ជួបជុំ​គ្នា​នៅក្នុង​សម័យ​ប្រជុំ​នេះ ។ ប្រហែល​ជា​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ជាមុន​អំពី​គ្រា​នេះ និង អនាគត​ដ៏​រុងរឿង​ដែល​នៅ​ខាង​មុខ​យើង ។

សារលិខិត​របស់​ខ្ញុំ​នា​យប់​នេះ គឺ​ចង់​ពិពណ៌នា​ពី​ពេល​អនាគត​នោះ និង អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ក្លាយ​ជា​ផ្នែកមួយ​ក្នុង​ផែនការ​នៃ​សុភមង្គល ដែល​ព្រះវរបិតាសួគ៌​របស់​យើង​បាន​រៀបចំ​សម្រាប់​យើង ។ ពីមុន​យើង​កើត​មក យើង​បាន​រស់នៅ​ជា​ក្រុមគ្រួសារ​ជាមួយ​ព្រះវរបិតាសួគ៌​ដែល​មាន​ភាពតម្កើង​ឡើង និង អស់កល្ប​ជានិច្ច ។ ទ្រង់​បាន​បង្កើត​ផែនការ​មួយ​ដែល​អាច​ឲ្យ​យើង​អភិវឌ្ឍ​ខ្លួន និង រីកចម្រើន​ដូច​ជា​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​បែប​នោះ​ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។ គោលបំណង​នៃ​ផែនការ​នេះ​គឺ​អនុញ្ញាត​ឲ្យ​យើង មាន​ឯកសិទ្ធិ​នៃ​ការរស់នៅ​ជា​រៀង​រហូត ដូចជា​ព្រះវរបិតាសួគ៌​យើង​ផងដែរ ។ ផែនការ​នៃ​ដំណឹង​ល្អ​នេះ បាន​ផ្តល់​ជីវិត​រមែង​ស្លាប់​ដល់​យើង ដែល​យើង​ត្រូវបាន​សាកល្បង ។ ការសន្យា​មួយ​ត្រូវបាន​ប្រទាន​មក​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើ​យើង​គោរព​តាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នៃ​ដំណឹង​ល្អ នោះ​យើង​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ ។

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​ជីវិត​រស់នៅ​ដូច​ជា​ព្រះ​ជា​ព្រះវរបិតា​អស់កល្ប​ជានិច្ច​របស់​យើង ។ ព្រះ​បាន​មាន​បន្ទូល​ថា ព្រះទ័យ​របស់​ទ្រង់​គឺ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » (ម៉ូសេ ១:៣៩) ។ ហេតុដូច្នោះហើយ គោលបំណង​ដ៏​មហិមា​បំផុត​របស់​អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​គឺ​ជួយ​នៅក្នុង​កិច្ចការ​នៃ​ការជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

គ្រប់​កិច្ចខិតខំ​នៃ​បព្វជិតភាព និង ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព គឺ​មាន​គោលបំណង​ដើម្បី​ជួយ​កូនចៅ​របស់​ព្រះវរបិតាសួគ៌ បាន​ផ្លាស់ប្តូរ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​គ្រួសារ​ដ៏​គ្រប់​លក្ខណ៍ ។ ឃ្លា​បន្ទាប់​ទៀត​គឺ « កិច្ចការ​ដ៏​មហិមា​នៃ​មនុស្ស​គ្រប់រូប​នោះ​គឺ​ត្រូវ​ជឿ​លើ​ដំណឹង​ល្អ គោរព​ព្រះបញ្ញត្តិ ហើយ​បង្កបង្កើត និង ធ្វើ​ឲ្យ​គ្រួសារ​ក្លាយជា​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ » និង ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ធ្វើ​កិច្ចការ​ដូចគ្នា​នេះ​ផងដែរ ។

ដោយសារ​នោះ​គឺ​ជា​រឿង​ពិត គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​គប្បី​មាន​គោលបំណង និង ផ្តោតយក​ចិត្ត​ទុកដាក់​លើ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ។ នោះ​មាន​ន័យ​ថា យើង​ត្រូវ​ព្យាយាម​ឲ្យ​បាន​ផ្សារភ្ជាប់​ជាមួយ​ដៃគូ​អស់កល្ប​ជានិច្ច​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ ។ យើង​ត្រូវ​តែ​លើកទឹកចិត្ត​អ្នកដទៃ​ឲ្យ​ធ្វើ និង រក្សា​សេចក្តីសញ្ញា​ដែល​ចងភ្ជាប់​រវាង​ស្វាមី និង ភរិយា​ជាមួយ​គ្នា ជាមួយ​គ្រួសារ​ពួកគេ នៅក្នុង​ជីវិត​នេះ និង ជីវិត​បន្ទាប់ ។

ហេតុអ្វី​រឿង​នេះ​សំខាន់​ចំពោះ​យើង​ម្នាក់ៗ​បែប​នេះ—ទាំង​ក្មេង ទាំង​ចាស់ ឌីកុន ឬ សង្ឃ​ជាន់​ខ្ពស់ កូន ឬ ឪពុក ? នេះ​គឺ​ដោយសារ​កាតព្វកិច្ច​បព្វជិតភាព​របស់​យើង​គឺ ត្រូវ​ដាក់​គ្រួសារ និង ក្រុមគ្រួសារ​ទាំងឡាយ​ដែល​នៅ​ជុំ​វិញ​យើង ជា​រឿង​សំខាន់​ក្នុង​ចំណាប់​អារម្មណ៍​របស់​យើង ។ គ្រប់​ការសម្រេចចិត្ត​សំខាន់ៗ​ទាំងអស់ គប្បី​ផ្អែកលើ​ឥទ្ធិពល​ដែល​នឹង​កើត​មាន​ចំពោះ​គ្រួសារ ដើម្បី​ឲ្យ​មាន​គុណសម្បត្តិ​សម្រាប់​ការរស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ គ្មាន​ការបម្រើ​ណា​នៅក្នុង​បព្វជិតភាព​របស់​យើង​សំខាន់​ជាង​កិច្ចការ​នេះ​ឡើយ ។

ខ្ញុំ​សូម​ប្រាប់​បងប្អូន​ពី​ន័យ​នៃ​រឿង​នេះ ចំពោះ​ឌីកុន​ដែល​កំពុង​ស្តាប់​យប់​នេះ ក្នុងនាម​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ ហើយ​ក៏​ជា​សមាជិក​កូរ៉ុម​ផងដែរ ។

នៅក្នុង​គ្រួសារ​របស់​គាត់ ប្រហែល​មាន ឬ គ្មាន​ការអធិស្ឋាន​ជា​គ្រួសារ​ទៀងទាត់ ឬ មាន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ញឹកញាប់​ឡើយ ។ ប្រសិនបើ​ឪពុក​របស់​គាត់ ដឹង​ពី​កាតព្វកិច្ច​ទាំងនេះ នោះ​គាត់​នឹង​ហៅ​គ្រួសារ​មក​ជុំ​គ្នា​ដើម្បី​អធិស្ឋាន ឬ អាន​ព្រះគម្ពីរ ឌីកុន​នេះ​អាច​ស្ទះស្ទារ​ចូលរួម​ទាំង​ញញឹម ។ គាត់​អាច​លើក​ទឹកចិត្ត​ឲ្យ​បងប្អូន​ប្រុសស្រី​របស់​គាត់ ឲ្យ​ចូលរួម ហើយ​សរសើរ​ដល់​ពួកគេ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​នេះ ។ គាត់​អាច​សូម​ឲ្យ​ឪពុក​គាត់​ប្រសិទ្ធពរ ពេល​គាត់​ចាប់ផ្តើម​ចូលរៀន ឬ ឱកាស​ផ្សេងៗ​ដែល​ចាំបាច់ ។

គាត់​អាច​គ្មាន​ឪពុក​ដ៏​ស្មោះត្រង់​ម្នាក់​បែប​នោះ​ឡើយ ។ ប៉ុន្តែ​រាល់​បំណង​ប្រាថ្នា​ក្នុង​ចិត្ត​របស់​គាត់​ចំពោះ​បទពិសោធន៍​ទាំង​នោះ នឹង​នាំ​ព្រះចេស្តា​នៃ​ស្ថានសួគ៌​មក​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​គាត់ ដោយសារ​តែ​សេចក្តីជំនឿ​របស់​គាត់ ។ ពួកគេ នឹង​ស្វែងរក​ជីវិត​នៃ​គ្រួសារ​មួយ ដែល​ឌីកុន​នោះ​ចង់​បាន​ដោយ​ចិត្ត​ស្មោះ​របស់​គាត់ ។

គ្រូបង្រៀន​នៅក្នុង​ថ្នាក់​បព្វជិតភាព​អើរ៉ុន អាច​ឃើញ​ថា នៅក្នុង​ការចាត់តាំង​បង្រៀន​តាមផ្ទះ​របស់​គាត់ ជា​ឱកាស​មួយ​ដើម្បី​ជួយ​ព្រះអម្ចាស់​ផ្លាស់ប្តូរ​ជីវិត​របស់​គ្រួសារ​ណា​មួយ ។ ព្រះអម្ចាស់​បាន​បង្គាប់​នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ៖

« កាតព្វកិច្ច​របស់​គ្រូ​គឺ​ដើម្បី​មើល​ការខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ

មើល​ឲ្យ​ឃើញ​ថា គ្មាន​សេចក្ដី​ទុច្ចរិត​នៅក្នុង សាសនាចក្រ ឬ​ក៏​មាន​ភាព​រឹង​ទទឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឬ មាន​ការ​កុហក ការពោល​បង្កាច់ ឬ​ក៏​មាន​ការនិយាយ​អាក្រក់​ឡើយ » (គ. និង ស. ២០:៥៣–៥៤) ។

ស្រដៀង​គ្នា​នេះ​ដែរ សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន​ត្រូវបាន​ប្រទាន​នូវ​ការទទួលខុសត្រូវ​នេះ ៖

« កាតព្វកិច្ច​របស់​សង្ឃ គឺ​ដើម្បី​ផ្សាយ បង្រៀន ពន្យល់ ដាស់តឿន និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​បម្រើ​សាក្រាម៉ង់

ហើយ​ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខ​ទុក្ខ ហើយ​ទូន្មាន​ពួកគេ ឲ្យ​អធិស្ឋាន​ឲ្យ​ឮ និង​នៅ​ទីអាថ៌​កំបាំង ហើយ​ឲ្យ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់​យ៉ាង » (គ. និង ស. ២០:៤៦–៤៧) ។

បងប្អូន​អាច​ឆ្ងល់ ដូច​ខ្ញុំ​បាន​ឆ្ងល់​ថា កាល​ខ្ញុំ​នៅ​ក្មេង​ជាគ្រូ និង សង្ឃ តើ​ត្រូវ​បំពេញ​តាម​កាតព្វកិច្ច​នោះ​បែប​ណាបាន​ទៅ ។ ខ្ញុំ​ពុំ​ប្រាកដ​ពី​របៀប​ដែល​ខ្ញុំ​អាច​ទូន្មាន​គ្រួសារ​មួយ​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ដោយ​គ្មាន​ការអាក់អន់​ចិត្ត ឬ រិះគន់​គេ​ឡើយ ។ ខ្ញុំ​បាន​រៀន​ថា ការទូន្មាន​ដែល​ផ្លាស់ប្តូរ​ដួងចិត្ត​នោះ​គឺ​កើត​ឡើង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍​នោះ​កើត​ឡើង​ស្ទើរ​តែ​រាល់​ពេល ដែល​យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ទ្រង់​ធ្លាប់ និង គឺ​ជា​សមាជិក​នៃ​គ្រួសារ​គ្រប់​លក្ខណ៍ ។ នៅពេល​យើង​ផ្តោតយក​ចិត្ត​ទុកដាក់​ស្រឡាញ់​ទ្រង់ នោះ​ភាព​ចុះសម្រុង​គ្នា និង ភាពសុខសាន្ត​នឹង​កើន​ឡើង​នៅក្នុង​ផ្ទះ​ដែល​យើង​ទៅ​សួរសុខទុក្ខ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ចូលរួម​ជាមួយ​យើង​នៅក្នុង​ការបម្រើ​របស់​យើង​ចំពោះ​គ្រួសារ​ទាំងនោះ ។

តាមរយៈ​ការអធិស្ឋាន ការនិយាយ​ស្តី និង ការលើក​ទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ទាំងនោះ​ដែល​ពួកគាត់​សួរសុខទុក្ខ នោះ​អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង​អាច នាំ​ព្រះចេស្តា និង គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅក្នុង​គំនិត និង ដួងចិត្ត​របស់​ពួកគេ ។

ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដ៏​វាងវៃ​ម្នាក់​បាន​បង្ហាញ​ខ្ញុំ ពី​អ្វី​ដែល​គាត់​បាន​យល់​ពី​ការណ៍​នោះ ។ គាត់​បាន​សុំ​ឲ្យ​កូនប្រុស​របស់​ខ្ញុំ​ដឹកនាំ​នៅក្នុង​ការបង្រៀន​តាម​ផ្ទះ​ដែល​ពួកគេ​បាន​ទៅ​សួរសុខទុក្ខ ។ គាត់​បាន​និយាយ​ថា គ្រួសារ​នេះ​អាច​បដិសេធ​ការ​ទូន្មាន​របស់​គាត់ ប៉ុន្តែ​គាត់​បាន​គិត​ពី​ការបង្រៀន និង ទីបន្ទាល់​ដ៏​សាមញ្ញ​របស់​ក្មេង​ប្រុស​ម្នាក់ ដែល​ទំនង​ជា​អាច​ជ្រាប​ចូល​ទៅក្នុង​ដួងចិត្ត​ដ៏​រឹង​ទទឹង​របស់​ពួកគេ ។

តើ​អែលឌើរ​វ័យ​ក្មេង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ក្នុង​ការ​បង្កើត​គ្រួសារ​អស់កល្ប​ជានិច្ច ? គាត់​អាច​ទៅ​បម្រើ​បេសកកម្ម ។ គាត់​អាច​អធិស្ឋាន​ដោយ​អស់​ពី​ដួងចិត្ត​ខ្លួន ថា​គាត់​នឹង​អាច​ស្វែងរក បង្រៀន និង ជ្រមុជទឹក​ឲ្យ​គ្រួសារ​នានា ។ ខ្ញុំ​នៅតែ​ចាំ​ពី​យុវជន​ស្រស់សង្ហា​ម្នាក់ ជាមួយ​នឹង​ភរិយា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ព្រមទាំង​កូន​ស្រី​តូចៗ​ស្រស់​ស្អាត​ពីរ​នាក់​របស់​គាត់ អង្គុយ​ជាមួយ​ខ្ញុំ និង ដៃគូ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​នា​ថ្ងៃ​មួយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក ហើយ​ថ្លែង​ទីបន្ទាល់​ប្រាប់​ពួកគេ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្តារ​ឡើង​វិញ​ហើយ ។ ពួកគេ​បាន​ជឿ ហើយ​ពួកគេ​បាន​សូម​ប្រសិនបើ​ពួកយើង​អាច​ផ្តល់​ការប្រសិទ្ធពរ​ដល់​កូនស្រី​ទាំង​ពីរនាក់​របស់​ពួកគេ ដូច​ដែល​ពួកគេ​បាន​ឃើញ​អ្នកដទៃ​ធ្វើ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​មួយ​របស់​យើង ។ ពួកគេ​បាន​មាន​បំណង​ជា​ស្រេច​ឲ្យ​កូនៗ​របស់​ពួកគេ​ទទួល​ការប្រសិទ្ធពរ ប៉ុន្តែ​ពួកគេ​ពុំ​ទាន់​យល់​នៅ​ឡើយ​ទេ​ថា ពរជ័យ​កាន់តែ​ខ្ពស់​នឹង​អាច​កើត​មាន​ឡើង តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​ប៉ុណ្ណោះ បន្ទាប់​ពី​ពួកគេ​បានចុះ​សេចក្តីសញ្ញា​ហើយ ។

ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ស្តាយ ពេល​គិត​ពី​គូស្វាមី​ភរិយា និង កូនស្រី​តូចៗ​របស់​ពួកគេ​នោះ ប្រហែល​ពេល​នេះ​ពួកគេ​ចាស់ៗ​អស់​ហើយ ទាំង​ពុំ​បាន​ទទួល​ការសន្យា​នៃ​គ្រួសារ​អស់កល្ប​ជានិច្ច​នៅ​ឡើយ ។ យ៉ាង​ហោច​ណាស់ ឪពុក​ម្តាយ​របស់​ពួកគេ​បាន​យល់​តិចតួច​ពី​ពរជ័យ​ដែល​អាច​មាន​ចំពោះ​ពួកគេ ។ ក្តីសង្ឃឹម​របស់​ខ្ញុំ​គឺ​ថា តាម​របៀប​ណា ឬ នៅ​ទីណា​ក៏​ដោយ ពួកគេ​អាច​មាន​ឱកាស​សក្តិសម​ដើម្បី​ក្លាយ​ជា​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។

អែលឌើរ​ផ្សេង​ទៀតៗ ដែល​ទៅ​បម្រើ​បេសកកម្ម នឹង​អាច​ជួប​នូវ​បទពិសោធន៍​ដ៏​រីករាយ​ជាង​កូនប្រុស​របស់​ខ្ញុំ ម៉ាថាយ ​ធ្លាប់​មាន​ទៅ​ទៀត ។ គាត់ និង ដៃគូ​គាត់​បាន​ជួប​ស្ត្រី​មេម៉ាយ ដែល​មាន​កូន​ប្រាំបី​នាក់​រស់នៅ​ក្នុង​ភាពក្រីក្រ ។ គាត់​ចង់​ឲ្យ​ពួកគេ នូវ​អ្វី​ដែល​បងប្អូន​ចង់​ឲ្យ​ដល់​ពួកគេ​ដែរ—គឺ​ការមាន​គ្រួសារ​អស់កល្ប​ជានិច្ច​មួយ ។ ចំពោះ​កូនប្រុស​ខ្ញុំ គាត់​គិត​ថា​វា​មិន​អាច​ទៅ​រួច​ទេ ឬ យ៉ាង​ហោច​ណាស់​រឿង​នោះ​មិន​ទំនង​ជា​កើត​ឡើង​ឡើយ​នៅ​គ្រា​នោះ ។

ច្រើន​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​បាន​ទៅ​លេង​ទីក្រុង​តូច​នោះ បន្ទាប់​ពី​កូនប្រុស​ខ្ញុំ​បាន​ជ្រមុជទឹក​ឲ្យ​ស្ត្រី​មេម៉ាយ​នោះ ហើយ​ស្ត្រី​នោះ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ជួប​នឹង​គ្រួសារ​គាត់នៅ​ព្រះវិហារ ។ ខ្ញុំ​ត្រូវតែ​ចាំ​មួយ​សន្ទុះ​ដោយសារ កូនៗ ព្រមទាំង​ចៅៗ​របស់​គាត់​ជាច្រើន បាន​មក​ពី​សាលាជំនុំ​ផ្សេងៗ​គ្នា​ជា​ច្រើន​នៅក្នុង​តំបន់​នោះ ។ កូនប្រុស​ម្នាក់​កំពុង​បម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​គណៈប៊ីស្សព ហើយ​កូនៗ​គ្រប់​រូប​របស់​គាត់​បាន​ទទួល​ពរ​តាមរយៈ​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ និង បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​អស់កល្ប​ជានិច្ច ។ នៅពេល​ខ្ញុំ​បាន​ចាកចេញ​ពី​បងស្រី​ដ៏​ល្អ​នោះ គាត់​បាន​ឱប​ចង្កេះ​ខ្ញុំ ( គាត់​ទាប ដូច្នេះ​គាត់​អាចឱប​បាន​ត្រឹមតែ​ចង្កេះ​របស់ខ្ញុំ ) ហើយ​និយាយ​ថា « ពីមុន​ខ្ញុំ​ស្លាប់ សូម​ប្រាប់ ម៉ាតេអូ ឲ្យ​មក​លេង​ពួកយើង​ផង » ។ ដោយសារ​អែលឌើរ​ដ៏​ស្មោះត្រង់​ទាំង​នោះ គាត់​បាន​ទទួល​ការចូលរួម​ដ៏​រីករាយ​នៃ​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ ។

នៅពេល​ត្រឡប់​ពី​បេសកកម្ម​វិញ អែលឌើរ​ម្នាក់ៗ​នៅតែ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ដើម្បី​នៅ​ពិត​ចំពោះ​ការតាំងចិត្ត​របស់​ខ្លួន ក្នុងការ​ស្វែងរក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច សម្រាប់​ខ្លួន​គាត់ និង អស់​អ្នក​ដែល​គាត់​ស្រឡាញ់ ។ គ្មាន​ការតាំងចិត្ត​ណា​ដែល​សំខាន់​ក្នុង​ជីវិត​នេះ ឬ ក្នុង​ភាពអស់កល្ប​ជានិច្ច​ជាង​អាពាហ៍ពិពាហ៍​ឡើយ ។ អ្នក​ធ្លាប់​បាន​ឮ​ការទូន្មាន​ដ៏​ឈ្លាសវៃ ឲ្យ​ដាក់​ការរៀបការ​ជា​អាទិភាព នៅ​ក្នុង​ផែនការ​ក្រោយ​ពេល​ចប់​បេសកកម្ម​ភ្លាម ។ អ្នក​បម្រើ​បព្វជិតភាព​ដ៏​ស្មោះត្រង់​នឹង​ធ្វើ​បែប​នេះ​ដោយ​វាងវៃ ។

នៅក្នុង​ការពិចារណា​ពី​អាពាហ៍ពិពាហ៍ គាត់​នឹង​ឃើញ​ថា គាត់​កំពុង​ជ្រើសរើស​ធ្វើ​ជា​ឪពុកម្តាយ​របស់​កូនៗ​គាត់ និង ពូជពង្ស​ដែល​ពួកគេ​នឹង​មាន ។ គាត់​នឹង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ការខ្នះខ្នែង​ស្រាវជ្រាវ​រក និង ពិចារណា​ដោយ​គិតគូរ ។ គាត់​នឹង​ត្រូវ​ប្រាកដ​ថា បុគ្គល​ដែល​គាត់​រៀបការ​ជាមួយ​នឹង​មាន​បទដ្ឋាន​អំពី​គ្រួសារ​ដូច​រូប​គាត់ ហើយ​មាន​ជំនឿស៊ប់​លើ​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​អាពាហ៍ពិពាហ៍​ដូច​គាត់ ហើយ​ថា​នាង​គឺ​ជា​បុគ្គល​ម្នាក់​ដែល​គាត់​នឹង​មាន​ឆន្ទៈ​ផ្ញើ​សុភមង្គល​របស់​កូនៗ​គាត់​លើ​រូប​នាង ។

ប្រធាន អិន. អេលឌិន ថែនណឺ បាន​ផ្តល់​ការទូន្មាន​ដ៏​វាងវៃ ៖ « ភាពជា​ឪពុក​ម្តាយ​ដែល​អ្នក​គប្បី​ផ្តល់​កិត្តិយស​ខ្លាំង​ជាង​គេ​នោះ គឺ​ភាពជា​ឪពុក​ម្តាយ​នៃ​កូន​របស់​អ្នក ។ កូនៗ​ទាំង​នោះ​ចង់​បាន​ឪពុកម្តាយ​ដ៏​ល្អបំផុត ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ពួកគេ​បាន—គឺ​ឪពុក​ម្តាយ​ដ៏​សុចរិត » ។ ភាពបរិសុទ្ធ​នឹង​ក្លាយ​ជា​គ្រឿង​ការពារ​របស់​អ្នក និង កូនៗ​របស់​អ្នក ។ បងប្អូន​ជំពាក់​ពួកគេ​នូវ​ពរជ័យ​នោះ ។

ឥឡូវ​នេះ​មាន​ស្វាមី និង ឪពុក​មួយ​ចំនួន​កំពុង​ស្តាប់​នា​យប់​នេះ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ? សេចក្តីសង្ឃឹម​របស់​ខ្ញុំ​គឺ​ថា បំណងប្រាថ្នា​របស់​បងប្អូន​បាន​កើន​ឡើង ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ចាំបាច់​សម្រាប់​អ្នក និង គ្រួសារ​អ្នក​ដើម្បី​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល​នា​ថ្ងៃ​ខាង​មុខ ។ ក្នុង​នាម​ជា​ឪពុក​កាន់​បព្វជិតភាព​មួយ​រូប ដោយ​មាន​ភរិយា​របស់​អ្នក​នៅ​ក្បែរ​អ្នក នោះ​អ្នក​នឹង​ជះឥទ្ធិពល​ដល់​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សម្លឹង​មើល​ទៅ​ថ្ងៃ​នោះ ។ បងប្អូន​នឹង​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​គ្រួសារ បងប្អូន​នឹង​ធ្វើ​ការប្រជុំ​ក្នុង​គ្រួសារ​ដែល​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​នឹង​អធិស្ឋាន​ជាមួយ​ភរិយា និង គ្រួសារ​បងប្អូន ហើយអ្នក​នឹង​រៀបចំ​ខ្លួន​នាំ​គ្រួសារ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​នឹង​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​តាម​ផ្លូវ​ទៅកាន់​គេហដ្ឋាន​នៃ​គ្រួសារ​អស់កល្ប​ជានិច្ច ។

បងប្អូន​នឹង​ប្រព្រឹត្តិ​ល្អ​ចំពោះ​ភរិយា និង កូនៗ​ដូច​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រព្រឹត្តិ​ចំពោះ​បងប្អូន​ដែរ ។ បងប្អូន​នឹង​ធ្វើ​តាម​គំរូ និង ការណែនាំ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ដឹកនាំ​គ្រួសារ​បងប្អូន​តាម​មាគ៌ា​ទ្រង់ ។

« គ្មាន​អំណាច ឬ​ឥទ្ធិពល​ណា​អាច ឬ​គប្បី​កាន់កាប់​ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើក​លែងតែ​ដោយ​ការ​លួងលោម ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ

ដោយ​ចិត្ត​ល្អ និង​ដោយ​ការ​ចេះ​ដឹង​ពេញ​ទី ដែល​នឹង​ពង្រីក​ព្រលឹង​ឲ្យ​ធំ​ទូលំទូលាយ ដោយ​ឥត​លាក់​ពុត និង​ដោយ​ឥត​មាន​ឧបាយកល​ឡើយ—

ដោយ​ស្ដី​បន្ទោស​សម​ពេល​សម​ហេតុ ដោយ​ការ​តឹងរឹង កាល​ណា​បាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់មក​ដោយ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង​ចំពោះ​អ្នក​នោះ​ដែល​អ្នក​បាន​ស្ដីបន្ទោស ក្រែង​អ្នក​នោះ​រាប់​អ្នក​ថា ជា​ខ្មាំង​សត្រូវ​របស់​គេ » (គ. និង ស. ១២១:៤១–៤៣) ។

ព្រះអម្ចាស់​បាន​ប្រាប់​ឪពុក​ដែល​កាន់​បព្វជិតភាព​ថា ពួកគេ​គួរ​ធ្វើ​ជា​ស្វាមី​បែប​ណា ។ ទ្រង់​មាន​បន្ទូល​ថា « ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ឲ្យ​អស់​អំពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ » (គ. និង ស. ៤២:២២) ។ នៅពេល​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ទាំង​ស្វាមី និង ភរិយា ទ្រង់​បាន​បង្គាប់​ថា « អ្នក​មិន​ត្រូវ… ផិត​គ្នា​ឲ្យ​សោះ … ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » (គ. និង ស. ៥៩:៦) ។

សម្រាប់​យុវវ័យ ព្រះអម្ចាស់​បាន​បង្កើត​បទដ្ឋាន​មួយ ។ « ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ​ឯង » (កូល៉ុស ៣:២០) ហើយ « ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ » (និក្ខមនំ ២០:១២) ។

នៅពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដល់​មនុស្ស​ទាំង​អស់​ក្នុង​គ្រួសារ នោះ​ព្រះឱវាទ​របស់​ទ្រង់​គឺ​ឲ្យ​ស្រឡាញ់ និង គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។

ទ្រង់​ស្នើសុំ​ឲ្យ​យើង « ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់ [ សមាជិក​​ម្នាក់ៗ​នៃ​គ្រួសារ​យើង ] បាន​ល្អ​ឥតខ្ចោះ [ ដើម្បី ] ពង្រឹង​អ្នក​ទន់ខ្សោយ សង្គ្រោះ​[ បងប្អូន ] ដែល​វង្វេង ហើយ​រីករាយ​នៅក្នុង​ការបន្ត​ពង្រឹង​ខាង​វិញ្ញាណ​របស់​ពួកគេ » ។

ព្រះអម្ចាស់​ក៏​បាន​ស្នើសុំ​ឲ្យ​យើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​ដល់​មរណជន​របស់​យើង ឲ្យ​ពួកគេ​អាច​នៅ​ជាមួយ​យើង​នៅក្នុង​គេហដ្ឋាន​អស់​កល្ប​ជានិច្ច​ផងដែរ ។

អ្នកដឹកនាំ​ក្រុម​សង្ឃ​ជាន់ខ្ពស់ ដែល​បាន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ជួយ​មនុស្ស​ស្វែងរក​ជីដូនជីតា​របស់​ពួកគេ ហើយ​យក​ឈ្មោះ​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ គឺ​កំពុង​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​បាន​ស្លាប់ ។ នឹង​មាន​ការថ្លែង​អំណរគុណ​នៅក្នុង​បរលោក​នាយ ចំពោះ​ពួកសង្ឃ​ជាន់​ខ្ពស់​ទាំង​នោះ និង អស់​អ្នក​ដែល​បាន​ធ្វើ​នូវ​ពិធី​បរិសុទ្ធ​នោះ ដោយសារ​ពួកគេ​ពុំ​បំភ្លេច​គ្រួសារ​ខ្លួន ដែល​កំពុង​រង់ចាំ​នៅ​ក្នុង​ពិភព​វិញ្ញាណ​ឡើយ ។

ព្យាការី​មាន​ប្រសាសន៍ ៖ « កិច្ចការ​របស់​ព្រះអម្ចាស់​ដ៏​សំខាន់​ខ្លាំង​បំផុត ដែល​អ្នក​នឹង​ធ្វើ គឺ​ជា​កិច្ចការ​ដែល​អ្នក​នឹង​ធ្វើ​នៅ​ក្នុង​គេហដ្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក » ។ ការបង្រៀន​តាម​ផ្ទះ កិច្ចការ​របស់​គណៈប៊ីស្សព និង ករណីកិច្ច​សាសនាចក្រ​ដទៃ​ផ្សេង​ទៀត​គឺ​សំខាន់​ទាំង​អស់ ប៉ុន្តែ​កិច្ចការ​ដែល​សំខាន់​បំផុត​នោះ​គឺ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក » ។

នៅក្នុង​គេហដ្ឋាន​របស់​យើង និង នៅក្នុង​ការបម្រើ​បព្វជិតភាព​របស់​យើង​តម្លៃ​ដ៏​មហិមា​បំផុត​នឹង​មាន​នៅក្នុង​ទង្វើ​ដ៏​តូចតាច​របស់​បងប្អូន ដែល​ជួយ​យើង និង អស់​អ្នក​ដែល​យើង​ស្រឡាញ់​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ឆ្ពោះ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច ។ ទង្វើ​ទាំង​នោះ​អាច​ទំនង​ជា​តូចតាច​នៅក្នុង​ជីវិត​នេះ ប៉ុន្តែ​ទង្វើ​ទាំង​នោះ​នឹង​នាំ​មក​នូវ​ពរជ័យ​អស់កល្ប​ជានិច្ច​នៅក្នុង​ភាពអស់​កល្ប ។

នៅពេល​យើង​ស្មោះត្រង់​នៅក្នុង​ការបម្រើ​របស់​យើង ដើម្បី​ជួយ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​ទ្រង់​វិញ នោះ​យើង​នឹង​មាន​គុណសម្បត្តិ​ចំពោះ​ការស្វាគមន៍ ដែល​យើង​ទាំងអស់​គ្នា​ចង់​ឮ​ជា​ខ្លាំង​នៅពេល​យើង​បញ្ចប់​ការបម្រើ​របស់​យើង​លើ​ផែនដី​នេះ ។ ពាក្យ​ទាំង​នោះ​គឺ ៖ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ៖ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » (ម៉ាថាយ ២៥:២១) ។

ក្នុង​ចំណោម « របស់​ជាច្រើន​នោះ » គឺ​ជា​ការសន្យា​នៃ​ការមាន​ពូជពង្ស​ច្រើន​រាប់​មិន​អស់ ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា យើង​ទាំងអស់​គ្នា​អាច​មាន​គុណសម្បត្តិ និង ជួយ​អ្នក​ដទៃ​ឲ្យ​មាន​គុណសម្បត្តិ​សម្រាប់​ពរជ័យ​ដ៏​អស្ចារ្យ​នោះ នៅក្នុង​ដំណាក់​របស់​ព្រះវរបិតា​យើង និង បុត្រាសំណព្វ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១៣៧ ។

  2. ប្រ៊ូស អរ. ម៉ាក់ខន់ឃី, នៅក្នុង Conference Report, ខែ​មេសា ឆ្នាំ ១៩៧០ ទំព័រ ២៦ ។

  3. N. Eldon Tanner, Church News, ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ ១៩៦៩ ទំព័រ ២ ។

  4. ប្រ៊ូស អរ. ម៉ាក់ខន់ឃី, នៅក្នុង Conference Report, ខែ​មេសា ឆ្នាំ ១៩៧០ ទំព័រ ២៧ ។

  5. ហារ៉ូល ប៊ី. លី Decisions for Successful Living ( ឆ្នាំ ១៩៧៣ ) ទំព័រ ២៤៨–៤៩ ។