ឆ្នាំ ២០១០-២០១៩
ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ
ខែ មេសា 2016


ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ

តើ​បងប្អូន​កំពុង​ឈរ​យ៉ាង​រឹងមាំ ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ពិភពលោក​ដ៏​ខ្មៅ​ងងឹត​នេះ​ឬ​ទេ ប្រយោជន៍​ឲ្យ​បងប្អូន​អាច​ផ្សាយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ?

យើង​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដល់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​ដ៏​អស្ចារ្យ​ដែល​ទើប​បាន​ហៅ​បម្រើ​ក្នុង​ពេលថ្មីៗ​នេះ ។ ហើយ​ដោយ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ យើង​សូម​ថ្លែង​អំណរគុណ​ដល់​អស់​អ្នក​ដែល​បាន​ដោះលែង ។ ពួក​យើង​ស្រឡាញ់​បងប្អូន​ម្នាក់ៗ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ យើង​ទើប​តែ​បាន​ចូលរួម​ក្នុង​ឱកាស​ដ៏​មាន​ពរ​បំផុត នៅពេល​យើង​លើក​ដៃ​យើង​ឡើង ដើម្បី​គាំទ្រ​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​អ្នក​ដឹកនាំ និង អ្នក​កាន់តែ​តំណែង​ទូទៅ​ផ្សេង​ទៀត​ដែល​បាន​ហៅ​ពី​ព្រះ​នៅក្នុង​ជំនាន់​នេះ ។ ខ្ញុំ​មិន​យក​ឱកាស​នៃ​ការគាំទ្រ និង ការដឹកនាំ​ដោយ​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ទុក​ជា​ការលេង​សើច ឬ មើលងាយ​នឹង​ការណ៍​នេះ​ឡើយ ។ ហើយ​ទើប​តែ​ប៉ុន្មាន​ខែ​នៃ​ការហៅ​បម្រើ​ថ្មី​របស់​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះ​ខ្ញុំ​សូម​បន្ទាបខ្លួន​ចំពោះ​បោះឆ្នោត​ការគាំទ្រ និង ការទុកចិត្ត​របស់​បងប្អូន ។ ខ្ញុំ​សុំ​ផ្តល់​តម្លៃ​ដល់​ឆន្ទៈ​របស់​បងប្អូន ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​រូប​ខ្ញុំ និង ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដ៏​អស្ចារ្យ​ទាំង​នេះ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​បាន​គាំទ្រ​កាល​ពី​ខែ តុលា​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស បាគីស្ថាន តាម​ការ​ចាត់តាំង​មួយ ហើយ​ពេល​នៅ​ទីនោះ ខ្ញុំ​បាន​ជួប​ពួកបរិសុទ្ធ​ដ៏​អស្ចារ្យ និង មាន​ការលះបង់​នៅក្នុង​ប្រទេស​នោះ ។ ពួកគេ​មាន​ចំនួន​តិច​ប៉ុន្តែ​ពួកគេ​មាន​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង ។ ក្រោយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ទទួល​សំបុត្រ​ដូច​តទៅ​នេះ​ពី​បងប្រុស ស្សាខែល អាស្សាដ ជា​សមាជិក​ជាទី​ស្រឡាញ់​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​ពេល​ខ្ញុំ​ទៅ​ទស្សនកិច្ច​នៅ​ទីនោះ ។ « សូម​អរគុណ អែលឌើរ រ៉ាសបាន ដែល​បាន​មក​កាន់​ប្រទេស បាគីស្ថាន ។ ខ្ញុំ​ចង់​ប្រាប់​លោក​ថា យើង … ជា​សមាជិក​សាសនាចក្រ … គាំទ្រ​លោក ហើយ​ស្រឡាញ់​លោក ។ [ ពួក​ខ្ញុំ ] មាន​ភ័ព្វ​សំណាង​ណាស់ ដែល​លោក​បាន​មក​ទីនេះ ហើយ​ពួក​ខ្ញុំ​បាន​ស្តាប់​ប្រសាសន៍​របស់​លោក ។ វា​គឺ​ជា​ថ្ងៃ​ដ៏​មាន​តម្លៃ​ដូច​មាស នៅក្នុង​ជីវិត​គ្រួសារ​ខ្ញុំ ដែល​ពួក​ខ្ញុំ​បាន​ជួប​សាវក » ។

ការជួប​ពួកបរិសុទ្ធ​ដូច​ជា​បងប្រុស អាស្សាដ គឺ​ជា​បទពិសោធន៍​ដ៏​រំជួលចិត្ត និង រាបទាប​បំផុត ហើយ​ខ្ញុំ​ចង់​ប្រើ​ពាក្យ​ដូច​គាត់​ថា​ជា « ថ្ងៃ​ដ៏​មាន​តម្លៃ​ដូច​មាស » ផងដែរ ។

កាល​ពី​ខែ មករា ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ចូលរួម​ក្នុង​កម្មវិធី​ចាក់​ផ្សាយ ហ្វេស ធូ ហ្វេស ជាមួយ​យុវវ័យ និង​ថ្នាក់​ដឹកនាំ និង ឪពុក​ម្តាយ​របស់​ពួកគេ​នៅ​ទូទាំង​ពិភពលោក ។ ការចាក់ផ្សាយ​នោះ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​អ៊ិនធើរណែត​ទៅកាន់​ទីតាំង​ជាច្រើន​ក្នុង ១៤៦ ប្រទេស ទីតាំង​ខ្លះ មាន​ទស្សនិកជន​ច្រើន​នៅក្នុង​សាលាជំនុំ ហើយ​ទីតាំង​ផ្សេង​ទៀត​គឺ​ជា​ផ្ទះ​តែ​ឯង​ដែល​យុវវ័យ​ម្នាក់​មើល​ការចាក់​ផ្សាយ​នោះ ។ សរុប​មក មាន​អ្នក​ចូលរួម​កម្មវិធី​នេះ​រាប់រយ​ពាន់​នាក់ ។

រូបភាព
កម្មវិធី​ជួប​ផ្ទាល់​ជាមួយ​អែលឌើរ រ៉ាសបាន, បងស្រី អូស្កាសុន និង​បងប្រុស អូវិន

ក្នុង​ការទាក់ទង​ជាមួយ​ទស្សនិកជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ស៊ិស្ទើរ បូនី អូស្ការ​សុន ប្រធាន​យុវនារី​ទូទៅ បងប្រុស ស្ទីវិន ដ័បុលយូ អូវិន ប្រធាន​យុវជន​ទូទៅ និង រូប​ខ្ញុំ—បាន​ទទួល​ការគាំទ្រ​ពី​ពិធីករ​របស់​យុវវ័យ​យើង តន្ត្រីករ និង អ្នក​ដទៃ​ទៀត—ដោយ​បាន​ឆ្លើយ​សំណួរ​នានា​ពី​យុវវ័យ​របស់​យើង ។

រូបភាព
បាវចនា​ម៉្ញូឆល​ឆ្នាំ ២០១៦

គោលបំណង​របស់​យើង​គឺ​ដើម្បី​ណែនាំ​បាវចនា​ម៉្ញូឆល​សម្រាប់​ឆ្នាំ ២០១៦ « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ដែល​ដកស្រង់​ចេញ​ពី  នីហ្វៃទី ២ ដែល​អាន​ថា ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នករាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។

តាមរយៈ​ការអាន​សំណួរ​រាប់រយ​របស់​យុវវ័យ​យើង តើ​យើង​បាន​រៀន​អ្វី​ខ្លះ ? យើង​បាន​រៀន​ថា យុវវ័យ​របស់​យើង​ស្រឡាញ់​ព្រះអម្ចាស់ គាំទ្រ​ថ្នាក់​ដឹកនាំ​ពួកគេ ហើយ​មាន​បំណង​ចង់​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ សំណួរ​គឺ​ជា​សញ្ញា​សម្គាល់​មួយ​នៃ​បំណង​ប្រាថ្នា​បន្ថែម​ទៀត នៃ​ការរៀនសូត្រ​បន្ថែម​ទៅលើ​សេចក្តី​ទាំងនោះ ដែល​មាន​ស្រាប់​នៅក្នុង​ទីបន្ទាល់​របស់​យើង ហើយ​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ឡើង​ដើម្បី « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ។

ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​យុវវ័យ​គឺ យ៉ូសែប ស៊្មីធ បាន​សួរ​សំណួរ ។ ការបង្រៀន​ជាច្រើន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​កិច្ចការ​បម្រើ​របស់​ទ្រង់​បាន​ចាប់ផ្តើម​ដោយ​សួរ​សំណួរ ។ តើ​ចាំ​ពី​សំណួរ​របស់​ទ្រង់​ដែល​បាន​សួរ​ដល់​ពេត្រុស​ទេ ៖ « តើ​ថា​ខ្ញុំ​ជា​នរណា ? » ហើយ​ពេត្រុស​ឆ្លើយ​ថា ៖ « ទ្រង់​ជា​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ។ យើង​ត្រូវ​ជួយ​គ្នា ដើម្បី​ស្វែងរក​ចម្លើយ​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ការណែនាំ​នៃ​ព្រះវិញ្ញាណ ។

នៅ​ក្នុង​ការចាក់ផ្សាយ​នោះ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​យុវវ័យ​ថា ៖

« ថ្នាក់​ដឹកនាំ​សាសនាចក្រ​នេះ​ដឹង​ពី​បញ្ហា ទុក្ខ​កង្វល់ និង ឧបសគ្គ​នានា​របស់​អ្នក ។

« ពួក​យើង​មាន​កូន ។ ពួក​យើង​មាន​ចៅៗ ។ ជារឿយៗ យើង​ជួប​ជាមួយ​យុវវ័យ​នៅ​ទូទាំង​ពិភពលោក ។ ហើយ​យើង​កំពុង​អធិស្ឋាន​សម្រាប់​អ្នក យើង​កំពុង​និយាយ​អំពី​អ្នក​នៅក្នុង​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត ហើយ​យើង​ស្រឡាញ់​អ្នក » ។

ខ្ញុំ​ចង់​ចែកចាយ​នូវ​ចម្លើយ​មួយ​ក្នុង​ចំណោម​ចម្លើយ​ជា​ច្រើន​ដែល​យើង​បាន​ទទួល​ពី​កម្មវិធី​នោះ ។

លីសា មក​ពី ហ្គ្រេន ប្រារី អាប៊ើតា ប្រទេស កាណាដា​បាន​សរសេរ ៖ « កម្មវិធី​ជួប​ផ្ទាល់​នេះ​គឺ​អស្ចារ្យ​ណាស់ ។ កម្មវិធី​នេះ​បាន​ពង្រឹង​ទីបន្ទាល់ និង ការប្រែចិត្តជឿ​របស់​ខ្ញុំ​លើ​ដំណឹង​ល្អ ។ យើង​មាន​ពរ​ណាស់ ដែល​មាន​ថ្នាក់​ដឹកនាំ​ដ៏ បំផុស​គំនិត ដែល​ត្រូវបាន​ហៅ​ដើម្បី​បម្រើ​ក្នុង​មុខងារ​ផ្សេងៗ​ជាច្រើន » ។

លីស្ស មក​ពី ផ្លីសែន ហ្គ្រូវ យូថាហ៍ បាន​ចុះ​ផ្សាយ​លើ​ហ្វេសបុក​ថ្មីៗ​នេះ​ថា ៖ « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សេចក្តីជំនឿ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ និង ឱកាស​គាំទ្រ​ព្យាការី​របស់​ព្រះ ព្រមទាំង បុរស និង ស្ត្រី​ដែល​បម្រើ​ជាមួយ​លោក » ។

យើង​បាន​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​សព្វថ្ងៃ​នេះ ដែល​បាន​ហៅ​ដោយ​ការបំផុស​គំនិត​ដ៏​ទេវភាព ដើម្បី​បង្រៀន ដឹកនាំ​យើង ហើយ​ដែល​កំពុង​ស្រែក​ព្រមាន​ប្រាប់​យើង​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​ដែល​យើង​ជួប​រាល់​ថ្ងៃ—ដែល​កើត​ឡើង​ពី​ការឥត​ខ្វល់​ក្នុង​ការគោរព​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក កើត​ឡើង​ពី​ការសម្លុត​គំរាម​ដល់​គ្រួសារ កើត​ឡើង​ពី​ការបំពាន​លើ​សេរីភាព​សាសនា និង កើត​ឡើង​ពី​ការជំទាស់​នឹង​វិវរណៈ​នា​ថ្ងៃ​ចុងក្រោយ​នេះ ។ បងប្អូន​ប្រុស​ស្រី តើ​បងប្អូន​កំពុង​ស្តាប់​តាម​ការទូន្មាន​របស់​ពួកលោក​ឬ​ទេ ?

នៅក្នុង​សន្និសីទ ការប្រជុំសាក្រាម៉ង់ និង ថ្នាក់​កុមារ ជាច្រើន​ដង​យើង​បាន​ច្រៀង​ពាក្យ​ដ៏​ទន់ភ្លន់​ថា « នាំ​ខ្ញុំ ដឹក​ខ្ញុំ ដើរ​នៅ​ក្បែរ​ខ្ញុំ » ។ តើ​ពាក្យ​ទាំង​នោះ​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​បងប្អូន ? តើ​បងប្អូន​គិត​ពី​នរណា នៅពេល​បងប្អូន​គិត​ពី​ពាក្យ​ទាំង​នោះ ? តើ​បងប្អូន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ថ្នាក់​ដឹកនាំ​សុចរិត គឺ​ជា​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ទាំង​នោះ ដែល​មាន​កាល​ពី​អតីតកាល ហើយ​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ ដើម្បី​ដឹកនាំ​ជីវិត​បងប្អូន ដែល​ពួកលោក​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអម្ចាស់​ជាមួយ​បងប្អូន​ដែរ​ឬ​ទេ ? ពួកគាត់​អាច​នៅ​ជិតស្និទ្ធក្នុង​ផ្ទះ ។ ពួកគាត់​អាច​នៅ​ក្នុង​ក្រុម​ជំនុំ​បងប្អូន ឬ និយាយ​នៅ​លើ​វេទិកា​ពេល​សន្និសីទ​ទូទៅ ។ ពួក​សិស្ស​ទាំង​នេះ​ចែកចាយ​ជាមួយ​យើង​នូវ​ពរជ័យ​នៃ​ការមាន​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែល​ជា​ប្រមុខ​នៃ​សាសនាចក្រ​នេះ ជា​ប្រមុខ​នៃ​ព្រលឹង​របស់​យើង ដែល​បាន​សន្យា​ថា « ចូរ​សង្ឃឹម​ឡើង ហើយ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ។

ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​ចែកចាយពី​រឿង​មួយ​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ផ្ទះ​ប្រធាន​ស្ដេក​របស់​លោក​នាម ប៉ុល ស៊ី ឆាល ដើម្បី​រៀបចំ​សម្រាប់​ការ​ទទួល​នូវ​បព្វជិតភាព​មិលគីស្សាដែក ។ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ​ដល់​ប្រធាន​ស្តេក​រូប​នោះ ដែល​កាល​គ្រា​នោះ​គាត់​ពុំ​បាន​ដឹង​ថា គាត់​កំពុង​បង្រៀន​ក្មេង​ប្រុស​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់ ដែល​ថ្ងៃ​ខាង​មុខ​បាន​ក្លាយ​ជា​ព្យាការី​របស់​ព្រះ​ឡើយ ។១០

ខ្ញុំ​មាន​ឱកាស​ផ្ទាល់​ខ្លួន​ជាច្រើន ដើម្បី​រៀន​ពី​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​គឺ​ប្រធាន ម៉នសុន ។ ខ្ញុំ​គ្មាន​មន្ទិល​សង្ស័យ​ក្នុង​គំនិត ឬ ក្នុង​ចិត្ត​ខ្ញុំ​ឡើយ ថា​លោក​គឺ​ជា​ព្យាការី​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ខ្ញុំ​គឺ​ជា​អ្នក​ទទួល​ដ៏​រាបសា នៅពេល​លោក​បាន​ទទួល​វិវរណៈ ហើយ​ធ្វើ​តាម​វិវរណៈ​នោះ ។ លោក​បាន​បង្រៀន​យើង​ឲ្យ​ឈោង​ទៅ​ជួយ ការពារ​គ្នា ហើយ​សង្គ្រោះ​គ្នា​ទៅវិញ​ទៅមក ។ ការបង្រៀន​នេះ​ក៏​បាន​បង្រៀន​នៅ​ឯ​ទឹក​មរមន​ផងដែរ ។ អស់​អ្នក​ដែល​មាន​បំណង « ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ » ដែល​មាន​បំណង « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក » « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ » និង « ឈរ​ជា​សាក្សី​ដល់​ព្រះ » ។១១

ខ្ញុំ​ឈរ​នៅ​ថ្ងៃនេះ ក្នុង​នាម​ជា​សាក្សី​ម្នាក់​របស់​ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​ពួកយើង ព្រមទាំង​ដឹកនាំ​អ្នក​បម្រើ​ទ្រង់ បងប្អូន និង រូបខ្ញុំ ដើម្បី​បំពេញ​នូវ​គោលបំណង​ដ៏​មហិមា​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។១២

នៅពេល​យើង​ឈាន​ទៅមុខ ដោយ​ជ្រើស​ធ្វើ​តាម​ការប្រឹក្សា និង ការព្រមាន​ពី​ថ្នាក់​ដឹកនាំ​របស់​យើង នោះ​យើង​ជ្រើសរើស​ធ្វើ​តាម​ព្រះអម្ចាស់ ខណៈ​ដែល​ពិភពលោក​នេះ​កំពុង​ងាក​ដើរ​ទៅ​ទិសដៅ​ផ្សេង ។ យើង​ជ្រើសរើស​កាន់​ខ្ជាប់​នឹង​ដំបង​ដែក​ជានិច្ច ធ្វើ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ដើម្បី​បាន​ពោរពេញ​ដោយ « សេចក្តី​អំណរ​ជា​អតិបរមា » ។១៣

ការលើក​ឡើង​នូវ​សំណួរ​ថ្ងៃនេះ​គឺ​ច្បាស់លាស់​ថា ៖ តើ​បងប្អូន​កំពុង​ឈរ​យ៉ាង​រឹងមាំ ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ពិភពលោក​ដ៏​ខ្មៅ​ងងឹត​នេះ​ឬ​ទេ ប្រយោជន៍​ឲ្យ​បងប្អូន​អាច​ផ្សាយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ?

ទំនាក់​ទំនង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ មិន​ថា​ថ្នាក់​ដឹកនាំ​មាន​វ័យ​យ៉ាង​ណា នៅ​ជិត ឬ​ឆ្ងាយ​យ៉ាងណា ឬ​មក​ប៉ះ​ដល់​ជីវិត​យើង​នៅ​ពេល​ណា​នោះ​ទេ ឥទ្ធិពល​របស់​ពួកគេ​ឆ្លុះ​បញ្ចាំង​ពី​ពាក្យ​របស់​កវី អេដវីន ម៉ាខាំ ដែល​បាន​ពោល​ដូច​នេះ ៖

វា​ជា​ជោគវាសនា​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​បងប្អូន​នឹង​គ្នា ៖

[គ្មាន​នរណា] ម្នាក់​ដើរ​ក្នុង​ជីវិត​នេះ​តែ​ម្នាក់​ឯង​ឡើយ ៖

អ្វីៗ​ដែល​បាន​ធ្វើ​សម្រាប់​មនុស្ស​ដទៃ

នឹង​កើត​មាន​ក្នុង​ជីវិត​យើង​វិញ ។១៤

ស្សាខែល អាស្សាដ មិត្តភក្តិ​របស់​ខ្ញុំ បងប្រុស​គាត់ និង មិត្ត​របស់​គាត់​នៅក្នុង​ប្រទេស បាគីស្ថាន បាន​ផ្ញើរ​ការគាំទ្រ​របស់​គាត់​ដល់​ខ្ញុំ ។ បងប្អូន​ទាំងអស់​គ្នា​ក៏​បាន​គាំ​ទ្រ​ខ្ញុំ​ដែរ ។ នៅពេល​យើង​ជួយ​លើក​ស្ទួយ​គ្នា យើង​ឃើញ​ភស្តុតាង​នៃ​ពាក្យ​ដ៏​មាន​អំណាច​ទាំងនេះ ៖ « [ គ្មាន​នរណា ] ម្នាក់​ដើរ​ក្នុង​ជីវិត​នេះ​តែ​ម្នាក់​ឯង​ឡើយ » ។

លើស​ពី​នេះ​ទៅ​ទៀត យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​ជា​ព្រះអម្ចាស់​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ដំណើរ​រឿង​មួយ​ចេញ​ពី​ព្រះគម្ពីរ ដែល​បំផុស​គំនិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ជានិច្ច​នោះ​គឺ​នៅពេល​ព្រះយេស៊ូវគ្រីស្ទ យាង​ដើរ​លើ​ទឹក​ទៅ​ជួប​ពួក​សិស្ស​របស់​ទ្រង់ ដែល​កំពុង​ជិះ​ទូក​នៅលើ​សមុទ្រ​កាលីឡេ ។ អ្នក​ទាំង​នេះ​គឺ​ជា​អ្នកដឹកនាំ ដែល​ទើប​តែ​បាន​ហៅ​ដូច​ជា​យើង ដែល​នៅលើ​វេទិកា​ថ្ងៃ​នេះ ។ ដំណើរ​រឿង​នេះ​កត់ត្រា​នៅក្នុង​គម្ពីរ​ម៉ាថាយ ៖

« ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ ។

« ដល់​យាម​បួន​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស ។

« កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នេះ​ក៏​ភ័យ​វល់…រួច​គេ​ស្រែក​ឡើង ដោយ​សេចក្តី​តក់ស្លុត ។

« តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ » ។១៥

ពេត្រុស​បាន​ឮ​ពី​ការហៅ​ដ៏​លើក​ទឹកចិត្ត​នោះ​ពី​ព្រះអម្ចាស់ ។

« ពេត្រុស​ទូល​តប​ថា ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង » ។

« ហើយ [ ព្រះយេស៊ូវ ] មាន​ព្រះបន្ទូល​ថា ចូល​មក​ចុះ » ។១៦

ពិត​ជា​ក្លាហាន​មែន ។ ពេត្រុស​គឺ​ជា​អ្នក​នេសាទ​ត្រី ហើយ​លោក​បាន​ដឹង​អំពី​គ្រោះថ្នាក់​នៃ​សមុទ្រ​នោះ ។ ប៉ុន្តែ​លោក​បាន​តាំងចិត្ត​ធ្វើ​តាម​ព្រះយេស៊ូវ—ទោះ​យប់​ឬ​ថ្ងៃ​ក្តី ទោះ​នៅ​លើ​ទូក ឬ នៅលើ​ដី​គោក​ក្តី ។

ខ្ញុំ​អាច​គិត​ស្រមៃ​ថា​ពេត្រុស​ផ្លោះ​ចេញ​ពី​គែម​ទូក ដោយ​មិន​បង្អង់​ចាំ​ការអញ្ជើញ​ជា​លើកទី​ពីរ​ឡើយ ហើយ​បាន​ចាប់ផ្តើម​ដើរ​នៅ​លើ​ទឹក ។ ពិតណាស់ ព្រះគម្ពីរ​ចែង​ថា « ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ » ។១៧ នៅពេល​ខ្យល់​បោកបក់​កាន់តែ​ខ្លាំង ហើយ​ពេល​រលក​កួច​នៅ​ក្បែរ​ជើង​លោក នោះ​ពេត្រុស​បាន​ប្រែ​ជា​មាន​ចិត្ត​ភ័យ « ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក [ ឡើង ] ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ។

« ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​របស់​ទ្រង់ ទៅ​ចាប់​គាត់​ភ្លាម » ។១៨

វា​ជា​មេរៀន​ដ៏​មាន​អានុភាព​មួយ ។ ព្រះអម្ចាស់​ទ្រង់​គង់​នៅ​ទីនោះ​សម្រាប់​គាត់ គឺ​ដូច​ជា​ទ្រង់​គង់​នៅ​ទីនោះ​សម្រាប់​បងប្អូន និង ខ្ញុំ ។ ទ្រង់​បាន​ឈោង​ព្រះហស្ត​របស់​ទ្រង់ ព្រមទាំង​ទាញ​ពេត្រុស​មក​រក​ទ្រង់ ហើយ​ទៅ​រក​ទីសុវត្ថិភាព ។

ខ្ញុំ​បាន​ត្រូវការ​ព្រះអង្គ​សង្គ្រោះ និង ការសង្គ្រោះ​ពី​ព្រះហស្ត​ទ្រង់​ជា​ច្រើន​លើក​ច្រើន​គ្រា ។ ខ្ញុំ​ត្រូវការ​ទ្រង់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជាង​ពេល​មុនៗ​ទាំងអស់ ដូច​ជា​បងប្អូន​គ្រប់​គ្នា​ដែរ ។ ខ្ញុំ​មាន​អារម្មណ៍​ទុក​ចិត្ត នៅពេល​លោត​ចេញ​ពី​គែម​ទូក អាច​និយាយ​ប្រៀបធៀប​ថា ចូល​ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​ខ្ញុំ​មិន​ស្គាល់ ដោយ​គ្រាន់តែ​ដឹង​ថា​ខ្ញុំ​ពុំ​អាច​ធ្វើ​ការណ៍​នោះ​ដោយ​ខ្លួន​ឯង​បាន​ឡើយ ។

នៅពេល​យើង​ពិភាក្សា​គ្នា​អំឡុង​កម្មវិធី​ជួប​ផ្ទាល់ ជា​រឿយៗ​ព្រះអម្ចាស់​ជួយ​យើង​តាមរយៈ​ក្រុមគ្រួសារ និង ថ្នាក់​ដឹកនាំ​យើង ដោយ​អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់—គឺ​ដូច​ជា​ទ្រង់​បាន​ឈោង​ជួយ​សង្គ្រោះ​ពេត្រុស​ដែរ ។

បងប្អូន​ក៏​មាន​ឱកាស​ជាច្រើន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអញ្ជើញ​ឲ្យ « មក​រក​ព្រះគ្រីស្ទ » ផងដែរ ។១៩ តើ​នោះ​មិនមែន​ជា​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ទេ​ឬ​អី ? ការហៅ​អាច​ជា​ការឲ្យ​ទៅ​សង្គ្រោះ​សមាជិក​គ្រួសារ ទៅ​បម្រើ​បេសកកម្ម ត្រឡប់​មក​ព្រះវិហារ​វិញ ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ដូច​ដែល​យើង​បាន​ស្តាប់​ឮ​ពី​យុវវ័យ​របស់​យើង​នៅក្នុង​កម្មវិធី​ជួបផ្ទាល់ នោះ សុំ​មក​ចុះ សុំ​មក​ជួយ​ឆ្លើយ​សំណួរ​ខ្ញុំ​ផង ។ នៅពេល​កំណត់​មក​ដល់ យើង​ម្នាក់ៗ​នឹង​ស្តាប់​ឮ​ការហៅ « ចូរ​មក​ផ្ទះ​វិញ » ។

ខ្ញុំ​សុំ​អធិស្ឋាន​ថា យើង​នឹង​ឈោង​ដៃ— គឺ​ឈោង​ដៃ​យើង​ទៅ ហើយ​ចាប់​ព្រះហស្ត​របស់​ព្រះអង្គសង្គ្រោះ ដែល​ទ្រង់​កំពុង​លាត​មក​កាន់​យើង ជារឿយៗ តាមរយៈ​ថ្នាក់​ដឹកនាំ​ដែល​បាន​ហៅ​ដ៏​ទេវភាព​របស់​ទ្រង់ និង សមាជិក​គ្រួសារ—ហើយ​ស្តាប់​តាម​ការហៅ​របស់​ទ្រង់​ឲ្យ​ត្រឡប់​មក​វិញ ។

ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ខ្ញុំ​ស្រឡាញ់​ទ្រង់ ហើយ​ខ្ញុំ​ដឹង​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ​ថា ទ្រង់​ស្រឡាញ់​ពួក​យើង​គ្រប់​គ្នា ។ ទ្រង់​គឺ​ជា​អង្គ​គំរូ​ដ៏​អស្ចារ្យ​បំផុត ហើយ​ជា​អ្នក​ដឹកនាំ​ដ៏​ទេវភាព​នៃ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​ឱឡារិក​អំពី​ការណ៍​នេះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។