ឆ្នាំ ២០១០-២០១៩
បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​បងប្អូន​ជានិច្ច
ខែ មេសា 2016


បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​បងប្អូន​ជានិច្ច

តាមរយៈ​អំណាច​ញែកចេញ​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការ​ផ្ដាច់​បាប​របស់​យើង​ជានិច្ច ។

ឃ្លា​ដ៏​ល្អ​មួយ​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ប្រើ​នៅ​ក្នុងការ​បង្រៀន​របស់​ទ្រង់​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ គឺ​ជា​ប្រធានបទ​ដ៏​ផ្ទួន​គ្នា​មួយ​នៃ​ការ​សិក្សា និងការ​ពិចារណា​របស់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មកនេះ ។

នៅក្នុង​ទេសនកថា​ចុង​ក្រោយ​ដ៏​បំផុសគំនិត​ខាង​វិញ្ញាណ​របស់​ទ្រង់​ទៅកាន់​ប្រជាជន​ដែល​ទ្រង់​បាន​បម្រើ និង​ស្រឡាញ់ ស្ដេច​បេនយ៉ាមីន​បាន​ពិពណ៌នា​អំពី​សារសំខាន់​នៃការ​ស្គាល់​សិរីល្អ​របស់​ព្រះ និង​ការ​ភ្លក់​រសជាតិ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ការ​ទទួល​ការ​ផ្ដាច់បាប និងការ​ចងចាំ​ពី​ភាព​មហិមា​របស់​ព្រះ​ជានិច្ច ព្រមទាំង​ការ​អធិស្ឋាន​ជា​ប្រចាំ និងការ​ឈរ​ដោយ​ខ្ជាប់​ខ្ជួន​នៅក្នុង​សេចក្ដីជំនឿ ។ ទ្រង់​ក៏​បាន​សន្យា​ផងដែរ​ថា តាមរយៈ​ការ​ធ្វើ​រឿង​ទាំងនេះ « អ្នក​រាល់គ្នា​នឹង​បាន​អរ​រីករាយ​ជានិច្ច ហើយ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​អ្នក​ជានិច្ច  » ។

សារលិខិត​របស់​ខ្ញុំ​ផ្ដោត​ទៅលើ​គោលការណ៍​នៃ​ការទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​យើង​ជានិច្ច ។ សេចក្ដីពិត​ដែល​បាន​បង្ហាញ​នៅក្នុង​ឃ្លា​នេះ អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ភាព​ជាសិស្ស​របស់​យើង​កាន់តែ​រឹងមាំ ។ ខ្ញុំ​អធិស្ឋាន​សូម​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុសគំនិត ហើយ​ស្អាង​យើង នៅពេល​យើង​ពិចារណា​ជាមួយ​គ្នា​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏​សំខាន់​នេះ ។

ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ

នៅក្នុង​ជីវិត​រមែង​ស្លាប់​យើង​ជួប​នឹង​ការ​កើត​ខាង​រូបកាយ និង​ឱកាស​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ។ យើង​ត្រូវ​បាន​ដាស់តឿន​ដោយ​ពួកព្យាការី និង​ពួកសាវក​ឲ្យ​ភ្ញាក់​ដឹងខ្លួន​នៅ​ចំពោះ​ព្រះ « កើត​សារ​ជា​ថ្មី » ហើយ​កើត​ជា​ថ្មី​នៅក្នុង​ព្រះគ្រីស្ទ ដោយ​ការ​ទទួល​នូវ​ពរជ័យ​ដែល​មាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង ។ « បុណ្យ​គុណ​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះម៊ែស៊ី​ដ៏​បរិសុទ្ធ » អាច​ជួយ​យើង​យក​ឈ្នះ​លើ​ទំនោរ​អត្មានិយម និង​ការ​ផ្ដោត​តែលើ​ខ្លួន​ឯង​នៃ​ធម្មជាតិ​មនុស្ស រួច​ប្រែទៅ​ជា​មិន​សូវ​គិត​ពី​ខ្លួន​ឯង ហើយ​កាន់តែ​មាន​ក្ដីមេត្តា និង​បរិសុទ្ធ ។ យើង​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​រស់នៅ​តាម​ដូច្នោះ ដើម្បី​យើង​អាច « ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ [ ព្រះអម្ចាស់ ] នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។

ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​បព្វជិតភាព

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សង្ខេប​យ៉ាង​ច្បាស់​ពី​តួនាទី​សំខាន់​នៃ​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ « ការ​ត្រូវ​បាន​កើត​ជា​ថ្មី​កើត​មាន​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ​តាម​ពិធីបរិសុទ្ធ » ។ សេចក្ដីថ្លែង​ដ៏​ឈ្លាសវៃ​នេះ គូស​បញ្ជាក់​អំពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៅក្នុង​ដំណើរ​ការ​នៃ​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ។ ទ្រង់​គឺ​ជា​តួអង្គ​វិញ្ញាណ ហើយ​ថ្លែង​សាក្សី​អំពី​សេចក្ដីពិត​ទាំងអស់ ។ នៅក្នុង​បទគម្ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ជា​អង្គ​លួងលោម​ចិត្ត គ្រូបង្រៀន និង​ជា​អង្គ​ផ្ដល់​វិវរណៈ។ បន្ថែម​ពី​លើ​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​ញែកឲ្យ​បរិសុទ្ធ ដែល​សម្អាត និង​ដុត​បញ្ឆេះ​ស្នឹម និង​សេចក្ដីអាក្រក់​ចេញ​ពី​ព្រលឹង​មនុស្ស​ដូចជា​ដោយ​ភ្លើង ។

ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ គឺ​សំខាន់​នៅក្នុង​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ និង​នៅក្នុង​ដំណើរការ​នៃ​ការ​មក​រក​ទ្រង់ ហើយ​ស្វែងរក​ការ​កើតជា​ថ្មី​ខាង​វិញ្ញាណ ។ ពិធីបរិសុទ្ធ​នានា គឺ​ជា​សកម្មភាព​ដ៏​ពិសិដ្ឋ​ដែល​មាន​គោលបំណង​ខាង​វិញ្ញាណ មាន​សារៈសំខាន់​ដ៏​អស់កល្ប ហើយ​ទាក់ទង​ទៅនឹង​ក្រឹត្យវិន័យ និង​មាត្រា​របស់​ព្រះ ។ គ្រប់​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ទាំងអស់ និង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ត្រូវ​តែ​មានការ​អនុញ្ញាត​ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​កូន​សោបព្វ​ជិតភាព​ជា​ចាំបាច់ ។

ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និងភាព​លើក​តម្កើង​ឡើង ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់ គឺ​មាន​ន័យ​ច្រើនជាង​ទម្លាប់ ឬ​ពិធី​ជា​និមិត្តសញ្ញា ។ តែ​វា​បង្កើត​ជា​ច្រក​ផ្លូវ​ដែល​មាន​ការ​អនុញ្ញាត ដែល​តាមច្រក​ផ្លូវ​នោះ ពរជ័យ និង​អំណាច​នានា​នៃ​ស្ថានសួគ៌ អាច​ចាក់​ស្រោច​មក​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ។

« ហើយ​បព្វជិតភាព​ដែល​ធំ​ជាង​គេ​ចាត់ចែង​ដំណឹង​ល្អ ហើយ​កាន់​កូន​សោ​នៃ​សេចក្តី​អាថ៌កំបំាង​ទំាងឡាយ​នៃ​នគរ គឺ​ជា​កូនសោ​នៃ​ចំណេះ​វិជ្ជា​ពី​ព្រះ ។

« ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទំាងឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ ។

« បើសិន​ជា​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ទេ នោះ​អំណាច​នៃ​ព្រះ​ពុំ​អាច​បាន​សម្តែង​ដល់​មនុស្ស​នៅ​ក្នុង​សាច់​ឈាម​បាន​ឡើយ » ។

ពិធីបរិសុទ្ធ​ដែល​បាន​ទទួល និង​គោរព​ដោយ​សេចក្ដី​សុចរិត គឺ​សំខាន់​ក្នុងការ​ទទួល​បាន​អំណាច​នៃ​ព្រះ និង​ទទួល​គ្រប់​ពរជ័យ​ដែល​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ការ​ទទួល​បាន និង​ការទទួល​ការផ្ដាច់​បាប​តាមរយៈ​ពិធីបរិសុទ្ធ​នានា

ដើម្បី​យល់​កាន់តែ​ច្បាស់​ពីដំណើរ​ការ​ដើម្បី​យើង​អាច​ទទួល​បាន និង ទទួល​ការ​ផ្ដាច់​បាប​របស់​យើង​ជានិច្ច នោះ​យើង​ចាំបាច់​ត្រូវ​យល់​ជា​មុន​សិន​អំពី​ទំនាក់ទំនង​ដែល​ពុំ​អាច​ផ្ដាច់​បាន​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នានា ដែល​ផ្ដល់​ជា​ច្រក​ផ្លូវ​ទៅកាន់​អំណាច​នៃ​ស្ថានសួគ៌ ៖ ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច ការដាក់ដៃ​លើ​ប្រគល់​អំណោយ​ទាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពិធីសាក្រាម៉ង់ ។

ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច​ដើម្បី​ផ្ដាច់​បាប « គឺ​ជា​ពិធីបរិសុទ្ធ​ដំបូង​នៃ​ដំណឹង​ល្អ » របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ត្រូវ​តែ​ធ្វើឡើង​ជា​មុន​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដោយ​ការ​ប្រែចិត្ត​ដ៏​ស្មោះ ។ ពិធីបរិសុទ្ធ​នេះ « គឺ​ជា​ទីសម្គាល់ និង​បទបញ្ញត្តិ​មួយ​ដែល​ព្រះ​បាន​ដាក់​សម្រាប់ [ កូនចៅ​របស់​ទ្រង់ ] ដើម្បី​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់ » ។ពិធីបុណ្យ​ជ្រមុជ​ទឹក ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​អើរ៉ុន ។ នៅក្នុង​ដំណើរការ​នៃ​ការ​មក​រក​ព្រះអង្គសង្គ្រោះ និង​ការ​កើត​ជាថ្មី​ខាង​វិញ្ញាណ ពិធីបុណ្យ​ជ្រមុជ​ទឹក​ផ្ដល់​ជា​ការ​សម្អាតពី​អំពើ​បាប​ដ៏​ចាំបាច់​ដំបូងគេ​​ចេញ​ពី​ព្រលឹង​របស់​យើង ។

សេចក្ដីសញ្ញា​បុណ្យ​ជ្រមុជ​ទឹក រួមមាន​នូវ​ការ​តាំងចិត្ត​គ្រឹះ​ចំនួន​បី ៖ (១) មាន​ឆន្ទៈ​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ (២) ចង​ចាំ​ទ្រង់​ជានិច្ច ហើយ (៣) រក្សា​ព្រះបញ្ញត្តិ​ទំាងឡាយ​របស់​ទ្រង់ ។ ពរជ័យ​ដែល​បាន​សន្យា​មកពីការ​គោរពតាម​សេចក្ដីសញ្ញា​នេះ គឺ « ថា [ យើង ] នឹង​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង [ យើង ] ជា​ដរាប » ។ ដូច្នេះ ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​ជា​ការ​រៀបចំ​ដ៏​សំខាន់​ដើម្បី​ទទួល​ឱកាស​ដែល​បាន​អនុញ្ញាត​ដើម្បី​មាន​ភាព​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​មកពី​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ។

« ពិធីបុណ្យ​ជ្រមុជ​ទឹក [ ដោយ ] ទឹក … ត្រូវ​តែមាន​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ព្រះវិញ្ញាណ​មក​តាម​ពី​ក្រោយ​ដើម្បី​ឲ្យ​បាន​ពេញលេញ » ។ ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​នីកូដេម ថា « បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ។

សេចក្ដីថ្លែង​ចំនួន​បី​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ គូស​បញ្ជាក់​អំពី​ទំនាក់ទំង​ដ៏​សំខាន់​រវាង​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច​ដើម្បី​ការ​ផ្ដាច់បាប និង​ការ​ដាក់ដៃ​លើ​ដើម្បី​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សេចក្ដីថ្លែង​ទី ១ ៖ « ពិធីបុណ្យ​ជ្រមុជ​ទឹក គឺ​ជា​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​មួយ រៀបចំ​ដើម្បី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ វា​ជា​ច្រក​ផ្លូវ និង​កូនសោ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បម្រើ » ។

សេចក្ដីថ្លែង​ទី ២ ៖ « ប្រសិន​បើ​អ្នក​ពុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ផ្ដាច់​បាប ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ គឺ​អ្នក​ដូចជា​ជ្រមុជទឹក​ឲ្យ​បាវ​ខ្សាច់​ដូច្នោះ​ដែរ ។ ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ទឹក គឺ​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ពាក់​កណ្ដាល ហើយ​វា​ពុំ​ល្អ​ទេ បើ​គ្មាន​ពាក់​កណ្ដាល​ទៀត--ដែល​ជា​ពិធី​បុណ្យជ្រមុជ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្ដីថ្លែង​ទី ៣ ៖ « ពិធីបុណ្យ​ជ្រមុជ​ទឹក​បើ​គ្មាន​ពិធីបុណ្យ​ជ្រមុជ​ដោយ​ភ្លើង​ទេ វា​ពុំ​មាន​ន័យ​អ្វី​ឡើយ ។ ពិធី​ទាំងពីរ​នេះ​គឺ​ជា​ទំនាក់ទំនង​ដ៏​ចាំបាច់ និង​ពុំ​អាច​ផ្ដាច់​បាន » ។

ភាព​ទាក់ទង​ដ៏​ខ្ជាប់ខ្ជួន​នៅក្នុង​គោលការណ៍​នៃ​ការ​ប្រែចិត្ត ពិធីបរិសុទ្ធ​នៃ​ពីធីបុណ្យ​ជ្រមុជ​ទឹក និង​ការ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពរជ័យ​ដ៏​រុងរឿង​នៃ​ការ​ផ្ដាច់បាប គឺ​ត្រូវ​បាន​គូស​បញ្ជាក់​ក្នុង​បទគម្ពីរ​ដដែលៗ ។

នីហ្វៃ​បាន​ប្រកាស​ថា « ដ្បិត​ទ្វារ​ដែល​អ្នក​រាល់គ្នា​ត្រូវ​ចូល​នោះ គឺជា​ការ​ប្រែចិត្ត និង​បុណ្យជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក​គឺជា​ការ​ផ្ដាច់​បាន​ទាំងឡាយ​របស់​អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​ប្រកាស​ថា « ឥឡូវ​នេះ​គឺជា​បញ្ញត្តិ​ថា ៖ ចូរ​ប្រែ​ចិត្ត​ចុះ ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែន​ដីអើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​យើងចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែក​ចេញ​ជាបរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ »។

ការ​ដាក់​ដៃលើ​ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​ពិធីបរិសុទ្ធ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ នៅក្នុង​ដំណើរការ​នៃ​ការ​មក​រក​ព្រះអង្គសង្គ្រោះ និង​ការ​កើតជា​ថ្មី​ខាង​វិញ្ញាណ ការ​ទទួល និងការ​ញែកជា​បរិសុទ្ធ​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង បង្កើត​ជា​លទ្ធភាព​នៃ ការ​សម្អាត​ជា​បន្តបន្ទាប់ នូវ​អំពើបាប​ពី​ព្រលឹង​របស់​យើង ។ ពរជ័យ​ប្រកប​ដោយ​អំណរ​នេះ គឺ​សំខាន់​ណាស់ ដោយសារ​តែ « គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ » ។

ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់ យើង​ត្រូវ​បាន​ប្រទានពរ​ទាំង​ដោយ ការ​សម្អាត​ពី​អំពើបាប​ជា​ដំបូង ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ដោយ ការ​សម្អាត​ពី​អំពើបាប​ជា​បន្ដបន្ទាប់ ដែល​កើត​មាន​តាមរយៈ​ភាព​ជា​ដៃគូ និង​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ—ដែល​ជា​សមាជិក​ទីបី​នៃ​ក្រុមព្រះ ។

ចូរ​ពិចារណា​អំពី​របៀប​ដែល​កសិករ​ម្នាក់​ពឹង​អាស្រ័យ​ទៅលើ​លំនាំ​មិន​ផ្លាស់ប្ដូរ​នៃ​ការ​ដាំដុះ និង​ការ​ច្រូតកាត់ ។ ការ​យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ការ​សាបព្រោះ និងការ​ប្រមូលផល គឺជា​ប្រភព​ដ៏​ខ្ជាប់ខ្ជួន​មួយ​នៃ​គោលបំណង ហើយ​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត និង​សកម្មភាព​ទាំង​អស់​ដែល​កសិករ​ធ្វើ​នៅ​គ្រប់​រដូវ​ក្នុង​ឆ្នាំ​នោះ ។​ ដូចគ្នា​នេះ​ដែរ ទំនាក់ទំនង​ដែល​មិន​អាច​ផ្ដាច់​បាន​រវាង​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការ​ពន្លិច​សម្រាប់ការ​ផ្ដាច់បាប និង​ការ​ដាក់ដៃ​លើ​ដើម្បី​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គួរតែ​ជះឥទ្ធិពល​ទៅ​លើ​គ្រប់​ទិដ្ឋភាព​នៃ​ភាព​ជា​សិស្ស​របស់​យើង​ក្នុង​គ្រប់​រដូវ​នៃ​ជីវិត​របស់​យើង ។

ពិធីសាក្រាម៉ង់ គឺ​ជា​ពិធីបរិសុទ្ធ​ទីបី​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​នូវ​អំណាច​របស់​ព្រះ ។ ដើម្បី​យើង​អាច​រក្សា​ខ្លួន​យើង​កាន់តែ​បាន​ពេញលេញ​មិន​ឲ្យ​ប្រឡាក់​ខាង​លោកិយ យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ចេញ​ទៅ​ដំណាក់​នៃ​ការ​អធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​យើង​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​ថា និមិត្តរូប​នៃ​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអម្ចាស់ ជា​នំប៉័ង និង​ទឹក គឺ​ត្រូវបាន​ប្រទានពរ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ។ « ឱ ព្រះអង្គ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះអង្គ​ដោយ​នូវ​ព្រះនាម នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវគ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ [ ឬ ទឹក​នេះ ] ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំងអស់​ណា ដែល​ទទួល​ទាន នំប៉័ង [ ឬ ទឹក ] នេះ » ។ ដើម្បី​ញែក​ចេញ​គឺ​ធ្វើ​ឲ្យ​បរិសុទ្ធ និង​ពិសិដ្ឋ ។ និមិត្ត​សញ្ញា​សាក្រាម៉ង់ ត្រូវ​ញែក​ចេញ​ក្នុងការ​ចងចាំ​ពី​ភាពបរិសុទ្ធ​របស់​ព្រះគ្រីស្ទ ពីការ​ពឹងផ្អែក​ទាំងស្រុង​របស់​យើង​ទៅលើ​ដង្វាយធួន​របស់​ទ្រង់ និង​ការទទួលខុស​ត្រូវ​របស់​យើង​ដើម្បី​គោរព​តាម​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដើម្បី​យើង​អាច « ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ [ ទ្រង់ ] នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។

ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ គឺ​ជា​ការអញ្ជើញ​ដ៏​ពិសិដ្ឋ និង​ដដែលៗ​ឲ្យ​ប្រែចិត្ត​ដោយ​ស្មោះ និង​រំឭក​ជា​ថ្មី​ខាង​វិញ្ញាណ ។ ទង្វើ​នៃ​ការ​ទទួលទាន​សាក្រាម៉ង់​ផ្ទាល់ ពុំ​បាន​ផ្ដាច់​បាប​ទេ ។ ប៉ុន្តែ​នៅពេល​យើង​រៀបចំ​ដោយ​យក​ចិត្តទុក​ដាក់ និង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ការ​សន្យា​នឹង​មាន​ចំពោះ​យើង​ថា យើង​អាច​មាន​ព្រះវិញ្ញាណ​ព្រះអម្ចាស់​គង់​នៅជា​មួយ​យើងជានិច្ច ។ ហើយ​តាមរយៈ​អំណាច​ញែកចេញ​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការ​ផ្ដាច់​បាប​របស់​យើងជានិច្ច ។

យើង​ពិតជា​ត្រូវ​បាន​ប្រទានពរ​រៀង​រាល់​សប្ដាហ៍​ដោយ​សារ​តែ​ឱកាស​ដើម្បី​វាយ​តម្លៃ​ទៅលើ​ជីវិត​របស់​យើង តាមរយៈ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ រំឭក​សេចក្ដីសញ្ញា​របស់​យើង និង​ដើម្បី​ទទួល​ការ​សន្យា​នៃ​សេចក្ដីសញ្ញា​នេះ ។

បាន​ជ្រមុជទឹក​ម្ដងទៀត

ពេល​ខ្លះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បង្ហាញ​ពី​ការប្រាថ្នា​ថា ពួកគេ​អាច​ទទួល​បុណ្យជ្រមុជទឹក​ម្ដងទៀត--ហើយ​អាច​បាន​ស្អាត និង​សក្ដិសម​ដូចជា​ថ្ងៃ​ដែល​ពួកគេ​បានទទួល​ពិធីបរិសុទ្ធ​ដំណឹងល្អ​នៃ​ការ​សង្គ្រោះ​ដំបូង​របស់​ពួកគេ ។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ដោយ​ស្មោះ​ថា ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ពុំ​ចង់​ឲ្យ​យើង​មាន​បទពិសោធន៍​អារម្មណ៍​នៃ​ការ​រំឭក​ខាង​វិញ្ញាណ​ភាព​ស្រស់​ថ្លា និង​ការ​ស្ដារឡើង​វិញ​តែម្ដង​ដូច្នោះ​នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ ពរជ័យ​នៃ​ការ​ទទួល​បាន និង​ទទួលការ​ផ្ដាច់បាប​របស់​យើង​ជានិច្ច តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ជួយ​យើង​យល់​ថា ពិធីបុណ្យ​ជ្រមុជទឹក​គឺ​ជា​ចំណុច​នៃការ​ចេញ​ដំណើរ​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង វា​ពុំ​មែនជា​គោលដៅ​មួយ​ដែល​យើង​គួរតែ​ប្រាថ្នា​មក​លេង​ម្ដង​ហើយ​ម្ដងទៀត​នោះទេ ។

ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយការ​ពន្លិច ការ​ដាក់ដៃ​លើ​ដើម្បី​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ពិធីសាក្រាម៉ង់ គឺ​ពុំ​មែនជា​ព្រឹត្តការណ៍​មិន​ទាក់ទង និង​ដាច់​ដោយ​ឡែក​នោះ​ទេ តែ​ជា​ធាតុ​នៅក្នុង​លំនាំ​ដែល​ទាក់ទង និង​បន្ថែម​ពីលើ​គ្នា​ក្នុង​ដំណើរ​ទៅរក​ការ​ប្រោសលោះ ។ ពិធីបរិសុទ្ធ​បន្ដបន្ទាប់​នីមួយៗ​លើក​កម្ពស់ និង​ពង្រីក​គោលបំណង​ខាង​វិញ្ញាណ​បំណងប្រាថ្នា និង​ការធ្វើ​កិច្ចការ​របស់​យើង ។ ផែនការ​របស់​ព្រះវរបិតា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ផ្ដល់​ព្រះគុណ​ដែល​ចាំបាច់​ដើម្បី​ដើរ​ឆ្ពោះទៅមុខ និង​រីកចម្រើន​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ​ឆ្ពោះ​ទៅកាន់​ជោគ​វាសនា​ដ៏​អស់កល្បជានិច្ច​របស់​យើង ។

ការសន្យា និង​ទីបន្ទាល់

យើង​គឺ​ជា​មនុស្ស​លោក​ពុំ​ល្អ​ឥតខ្ចោះ ដែល​កំពុង​ព្យាយាម​រស់នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ស្របតាម​ផែនការ​ដ៏​ឥតខ្ចោះ​នៃ​ការ​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតាសួគ៌ ។ តម្រូវការ​ក្នុង​ផែនការ​របស់​ទ្រង់ គឺ​រុងរឿង​ប្រកប​ដោយ​ក្ដីមេត្តា ហើយ​ប្រិតប្រៀង ។ ជួន​កាល​យើង​អាច​នឹង​មាន​អារម្មណ៍​ពេញ​ដោយការ​តាំងចិត្ត ហើយ​ពេល​ខ្លះ​ទៀត​មាន​អារម្មណ៍​ថា​ពុំ​ល្អ​គ្រប់គ្រាន់​ទេ ។ យើង​អាច​នឹង​ងឿង​ឆ្ងល់​ថា តើ​យើង​អាច​បំពេញ​តាម​បទបញ្ញត្តិ​ខាង​វិញ្ញាណ ដើម្បី​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​ទ្រង់​នៅថ្ងៃ​ចុង​ក្រោយ​បាន​យ៉ាង​ដូចម្ដេច ។

ដោយ​មាន​ជំនួយ​មកពី​ព្រះអម្ចាស់ និង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី « បង្រៀន [ យើង ] គ្រប់​ការណ៍​ទាំងអស់ » ប្រាកដ​ណាស់ យើង​អាច​ត្រូវ​បាន​ប្រទានពរ​ដើម្បី​ដឹង​ពី​លទ្ធភាព​ខាង​វិញ្ញាណ​របស់​យើង ។ ពិធីបរិសុទ្ធ​នានា អញ្ជើញ​ឲ្យ​គោលបំណង និង​ព្រះចេស្ដា​ខាង​វិញ្ញាណ​កើត​មាន​ក្នុង​ជីវិត​របស់​យើង នៅពេល​យើង​ព្យាយាម​កើត​ជាថ្មី​ម្ដងទៀត ហើយ​ប្រែក្លាយ​ជា​បុរស​ស្ត្រី​នៃ​ព្រះគ្រីស្ទ ។ ភាព​ទន់ខ្សោយ​របស់​យើង​អាច​ត្រូវ​បាន​ពង្រឹង ហើយ​ភាព​មានកម្រិត​របស់​យើង​អាច​ត្រូវ​បាន​យកឈ្នះ ។

ទោះ​ជា​គ្មាន​គ្នា​យើង​ណា​ម្នាក់​អាច​សម្រេច​បានភាព​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ​ក្ដី ក៏​យើង​អាច​ប្រែក្លាយ​ជា​គ្មានទោស និង​មាន​ភាពសក្ដិសម​កាន់តែ​ច្រើន​ឡើង នៅពេល​យើង « ត្រូវ​បាន​សម្អាត​ដោយ​លោហិត​នៃ​កូនចៀម » ។ ខ្ញុំ​សន្យា និង​ថ្លែងទីបន្ទាល់​ថា យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ច្រើនឡើង​ទៅលើ​ព្រះអង្គសង្គ្រោះ ហើយ​មាន​ការ​អះអាង​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង នៅពេល​យើង​ព្យាយាម​ទទួល​បាន​ការ​ផ្ដាច់​បាប​របស់​យើង​ជានិច្ច ហើយ​ទីបំផុត​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះព្រះអម្ចាស់​នៅថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។