សន្និសីទទូទៅ៖ ការពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់
ឱ! យើងត្រូវការសន្និសីទទូទៅអ្វីម្ល៉េះ។ សេចក្ដីជំនឿ និងទីបន្ទាល់យើងត្រូវបានពង្រឹងតាមរយៈសន្និសីទ។
អរគុណប្រធាន ម៉នសុន សម្រាប់ការបង្រៀន និងគំរូនៃការបម្រើដូចព្រះគ្រីស្ទរបស់លោក និងការអំពាវនាវរបស់លោកឲ្យយើងក្លាយជាអ្នកផ្សាយសាសនា ។ យើងអធិស្ឋានសម្រាប់លោកជានិច្ច។
ក្នុងគ្រាកាន់កាប់យើង ព្រះគ្រីស្ទបានសំដៅលើការប្រមូលពួកបរិសុទ្ធជា «សន្និសីទទូទៅរបស់យើង»។1
ទោះយើងនៅទីណាក្ដីក្នុងពិភពលោកនេះ ទោះយើងទទួលការចាក់ផ្សាយនេះតាមរបៀបណាក្ដី ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងបានប្រមូលផ្ដុំគ្នាក្នុងសន្និសីទរបស់ទ្រង់។ ខ្ញុំក៏ថ្លែងទីបន្ទាល់ដែរថា យើងនឹងឮបន្ទូលទ្រង់ ត្បិតទ្រង់បានមានបន្ទូលថា «ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា»។2
សន្និសីទតែងជាផ្នែកមួយនៃសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ ។ អ័ដាម បានប្រមូលកូនចៅខ្លួន ហើយបានព្យាករណ៍ពីរឿងដែលនឹងកើតមាន ។ ម៉ូសេ បានប្រមូលកូនចៅអ៊ីស្រាអែល ហើយបង្រៀនពួកគេពីបញ្ញត្តិដែលគាត់បានទទួល ។ ព្រះគ្រីស្ទបង្រៀនដល់ក្រុមមនុស្សទាំងនៅដែនដីបរិសុទ្ធ និងទ្វីបអាមេរិក ។ ពេត្រុស បានប្រមូលពួកអ្នកជឿក្នុងក្រុងយេរូសាឡឹម។ សន្និសីទទូទៅដំបូងនាថ្ងៃចុងក្រោយនេះបានធ្វើឡើងនៅរយៈពេលពីរខែក្រោយពីសាសនាចក្រត្រូវបានរៀបចំ ហើយវាបានបន្តរហូតដល់សព្វថ្ងៃនេះ ។
សន្និសីទនេះតែងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ ណែនាំដោយព្រះវិញ្ញាណ ។3 យើងមិនត្រូវបានផ្ដល់ឲ្យនូវប្រធានបទជាក់លាក់ឡើយ។ អស់រយៈពេលជាច្រើនសប្ដាហ៍ ជាច្រើនខែ ជួនកាលមិនបានសម្រាកនៅពេលយប់ផង យើងបានរង់ចាំព្រះអម្ចាស់។ ដោយការតមអាហារ ការធិស្ឋាន ការសិក្សា និងការសញ្ជឹងគិត យើងដឹងពីសារលិខិតដែលទ្រង់ ចង់ឲ្យយើងនិយាយ។
មនុស្សខ្លះអាចសួរ « ហេតុអ្វីបានជាការបំផុសគំនិតមិនបានកើតមានដោយងាយ ហើយឆាប់រហ័សដូច្នេះ ? » ព្រះអម្ចាស់បង្រៀន អូលីវើរ ខៅឌើរី ថា « អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ »។4 យើងដឹងពីសារលិខិតសន្និសីទ តាមរយៈព្រះវិញ្ញាណ ក្រោយពីការរៀបចំខ្លួនប្រកបដោយការអធិស្ឋាន ។
គោលការណ៍នេះពិតសម្រាប់សមាជិកសាសនាចក្រទាំងអស់ ពេលយើងរៀបចំខ្លួនចូលរួមក្នុងសន្និសីទវួដ ស្តេក និងសន្និសីទទូទៅ។ យើងសិក្សាក្នុងគំនិតនូវអ្វីដែលយើងប្រាថ្នាចង់បានពីព្រះវរបិតា ហើយយើងអធិស្ឋានដើម្បីយល់ ហើយអនុវត្តអ្វីដែលយើងត្រូវបានបង្រៀន។ ពេលសន្នសីទមកដល់ យើងបោះបង់សកម្មភាពផ្សេងទៀត « [ដោយ] ទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះ [ដើម្បី] ស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ »។5 រួចយើងប្រមូលគ្រួសារយើងស្ដាប់បន្ទូលព្រះអម្ចាស់ ដូចជារាស្ត្រស្ដេចបេយ៉ាមីន បានធ្វើ។6
កុមារ និងយុវ័យក៏រាប់បញ្ចូលដែរ។ យើងខុសធ្ងន់ណាស់ បើយើងគិតថា សន្និសីទគឺជាអ្វីមួយខាងគំនិត និងខាងវិញ្ញាណដែលពួកគេមិនអាចយល់បាននោះ។ ខ្ញុំសូមសន្យានឹងសមាជិកសាសនាចក្រវ័យក្មេងថា បើអ្នកស្ដាប់ នោះអ្នកនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណក្នុងចិត្តអ្នក។ ព្រះអម្ចាស់នឹងប្រាប់អ្នកពីអ្វីដែលទ្រង់ចង់ឲ្យអ្នកធ្វើក្នុងជីវិតអ្នក ។
ក្នុងសន្និសីទ យើងអាចទទួលបន្ទូលព្រះអម្ចាស់ដែលមានន័យសម្រាប់តែយើងម្នាក់គត់។ មានសមាជិកម្នាក់បានថ្លែងថា ៖ «ពេលខ្ញុំស្ដាប់សុន្ទរកថាលោក ខ្ញុំមានភាពអស្ចារ្យណាស់។... វាជាវិវរណៈផ្ទាល់មកពីព្រះអម្ចាស់សម្រាប់គ្រួសារខ្ញុំ។ ក្នុងជីវិតខ្ញុំ ខ្ញុំពុំធ្លាប់ជួបការបំផុសគំនិតខ្លាំងបែបនេះពីព្រះវិញ្ញាណដូចដែលព្រះវិញ្ញាណមានបន្ទូលមកខ្ញុំនៅប៉ុន្មាននាទីនោះឡើយ»។
ម្នាក់ទៀតពោលថា « ខ្ញុំពុំធ្លាប់មានអារម្មណ៍អស្ចារ្យបែបនេះពីមុនឡើយ ដែលមានសុន្ទរកថាមួយកំពុងនិយាយមកកាន់ខ្ញុំនោះ » ។
ការណ៍នេះអាចកើតមាន ដោយសារព្រះវិញ្ញាណដឹកនាំបន្ទូលព្រះអម្ចាស់ចូលក្នុងចិត្តអ្នកដើម្បីឲ្យអ្នកយល់ ។7 ពេលខ្ញុំធ្វើការកត់ចំណាំក្នុងសន្និសីទ ខ្ញុំមិនកត់អត្ថន័យទាំងស្រុងដែលអ្នកនិយាយលើកឡើងនោះទេ ខ្ញុំកត់នូវការដឹកនាំផ្ទាល់ខ្លួនដែលព្រះវិញ្ញាណប្រទានដល់ខ្ញុំវិញ។
រឿងដែលបានលើកឡើងមិនសំខាន់ដូចអ្វីដែលយើងបានឮហើយទទួលអារម្មណ៍ឡើយ ។8 នោះជាហេតុផលដែលយើងខិតខំដើម្បីមានសន្និសីទក្នុងបរិយាកាសមួយដែលសំឡេងតូចរហៀងនៃព្រះវិញ្ញាណអាចស្ដាប់ឮច្បាស់ ទទួលអារម្មណ៍ ហើយយល់ ។
ឱ! យើងត្រូវការសន្និសីទទូទៅអ្វីម្ល៉េះ។ សេចក្ដីជំនឿ និងទីបន្ទាល់យើងត្រូវបានពង្រឹងតាមរយៈសន្និសីទ។ ហើយពេលយើងបានប្រែចិត្តជឿ នោះយើងពង្រឹងគ្នាឲ្យឈរយ៉ាងរឹងមាំក្នុងកណ្ដាលព្រួញភ្លើងនៃថ្ងៃចុងក្រោយនេះ ។9
ក្នុងពេលបច្ចុប្បន្ននេះ ភាគច្រើន សាសនាចក្រមិនបានជួបនូវបញ្ហាយល់ខុស និងការបៀតបៀនដ៏អាក្រក់ដែលពួកបរិសុទ្ធជំនាន់មុនបានជួបឡើយ។ វានឹងមិនបែបនេះជានិច្ចនោះទេ ។ ពិភពលោកកំពុងរំកិលខ្លួនចេញពីព្រះអម្ចាស់យ៉ាងលឿនខ្លាំងជាងមុន។ មារសត្រូវបានអនុវត្តអំណាចវាលើផែនដីនេះ ។ យើងមើល ស្ដាប់ អាន សិក្សា ហើយចែកចាយពាក្យពួកព្យាការី ដើម្បីព្រមានជាមុន និងការពារ ។ ឧទាហរណ៍ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បានផ្ដល់ឲ្យពីមុនយើងជួបបញ្ហាគ្រួសារនាពេលនេះ ។ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » បានរៀបចំជាមុនសម្រាប់ពេលដែលយើងត្រូវការបំផុត ។
យើងប្រហែលជាមិនដឹងរាល់ហេតុផលដែលពួកព្យាការី និងអ្នកនិយាយក្នុងសន្និសីទលើកឡើងនូវប្រធានបទជាក់លាក់ក្នុងសន្និសីទនោះឡើយ តែព្រះអម្ចាស់ជ្រាបដឹង ។ ប្រធាន ហារ៉ូល ប៊ី លី បានបង្រៀនថា ៖ «សុវត្ថិភាពតែមួយគត់ដែលយើងមានក្នុងនាមជាសមាជិកសាសនាចក្រនេះគឺ...ការស្ដាប់តាមបន្ទូល និងបញ្ញត្តិដែលព្រះអម្ចាស់នឹងប្រទាន តាមរយៈព្យាការីទ្រង់ ។... នឹងមានរឿងខ្លះដែលត្រូវការភាពអត់ធ្មត់ និងសេចក្ដីជំនឿ ។ អ្នកប្រហែលជាមិនចូលចិត្តអ្វីដែលអ្នកមានសិទ្ធិអំណាចក្នុងសាសនាចក្រនិយាយ ។ វាប្រហែលជាផ្ទុយពីគំនិត [ផ្ទាល់ខ្លូន] របស់អ្នក ។ វាប្រហែលជាផ្ទុយពីគំនិតរបស់សង្គម ។ វាប្រហែលជាជ្រៀតជ្រែកជីវិតសង្គមរបស់អ្នកខ្លះៗ ។ តែបើអ្នកស្ដាប់រឿងទាំងនេះ ដូចជាវាមកពីព្រះឱសផ្ទាល់របស់ព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់ និងសេចក្ដីជំនឿ នោះការសន្យានឹងកើតមានថា ‹ ទ្វារស្ថាននរកនឹងពុំឈ្នះអ្នកឡើយ... ហើយព្រះអម្ចាស់នឹងកំចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រដើម្បីសេចក្ដីល្អដល់អ្នក និងសិរីល្អដល់ព្រះនាមទ្រង់ › (គ. និង ស. 21:6)» ។10
តើប្រធាន លី បានដឹងពីអ្វីដែលយើងនឹងជួបនៅសម័យយើងដោយរបៀបណា? លោកដឹង ព្រោះលោកជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ។ ហើយបើយើងស្ដាប់ ហើយគោរពដល់ពួកព្យាការីនៅពេលនេះ រួមទាំងអ្នកឡើងនិយាយក្នុងសន្និសីទនេះ យើងនឹងត្រូវបានពង្រឹង ហើយការពារ។
ពរដ៏ធំបំផុតនៃសន្និសីទទូទៅកើតមានចំពោះយើងក្រោយពីសន្និសីទនេះបានបញ្ចប់។ សូមចាំពីលំនាំដែលបានកត់ត្រាជាញឹកញាប់ក្នុងបទគម្ពីរថា៖ យើងជួបជុំគ្នាស្ដាប់បន្ទូលព្រះអម្ចាស់ ហើយរស់នៅ តាមបន្ទូលទាំងនោះ ពេលយើងត្រឡប់ទៅផ្ទះយើងវិញ។
បន្ទាប់ពីស្ដេច បេនយ៉ាមីន បានបង្រៀនដល់រាស្ត្រទ្រង់ «ទ្រង់បានឲ្យហ្វូងមនុស្សត្រឡប់ទៅវិញ ហើយពួកគេក៏ត្រឡប់ជាមួយគ្រួសារគេទៅកាន់ផ្ទះគេរៀងៗខ្លួន»។11 ក្នុងជំនាន់ស្តេច លិមហៃ ទ្រង់បានធ្វើដូចគ្នា។12 ក្រោយពីបង្រៀន ហើយបម្រើដល់ប្រជាជនក្នុងព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍មក ព្រះគ្រីស្ទមានបន្ទូលទៅប្រជាជននោះថា «ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះអ្នកវិញចុះ ហើយពិចារណាគិតអំពីរឿងទាំងឡាយដែលយើងបាននិយាយ ហើយចូរសូមដល់ព្រះវរបិតាដោយនូវនាមយើង ដើម្បីឲ្យអ្នករាល់គ្នាអាចយល់ ហើយប្រុងប្រៀបចិត្តគំនិតរបស់អ្នកចាំថ្ងៃស្អែក ហើយយើងនឹងយាងមកជួបអ្នកទៀត»។13
យើងទទួលយកការអញ្ជើញរបស់ព្រះគ្រីស្ទ ពេលយើងគិត ហើយអធិស្ឋានដើម្បីយល់ពីអ្វីដែលបានបង្រៀន រួចទៅធ្វើតាមព្រះទ័យទ្រង់។ សូមចាំពាក្យរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ថា៖ « គំនិតខ្ញុំបានផ្លាស់ប្ដូរពេលខ្ញុំចេញពីសន្និសីទទូទៅ ហើយត្រឡប់ទៅផ្ទះវិញ...មានផ្នែកជាច្រើនក្នុងជីវិតខ្ញុំដែលខ្ញុំអាចកែប្រែ ។ ខ្ញុំបានធ្វើជាបញ្ជីមួយពីចំណុចទាំងនោះ ហើយចង់ចេញទៅអនុវត្តភ្លាមៗ បន្ទាប់ពីខ្ញុំបញ្ចប់វា » ។14 ថ្មីៗនេះ ប្រធាន ម៉នសុន បានថ្លែងថា៖ « ខ្ញុំលើកទឹកចិត្តអ្នកឲ្យអានសុន្ទរកថា... ហើយគិតពីសារលិខិតដែលមាននៅក្នុងនោះ។ ក្នុងជីវិតខ្ញុំផ្ទាល់ ខ្ញុំបានរកឃើញថា ខ្ញុំបានទទួលយ៉ាងច្រើនពីការបង្រៀនដ៏បំផុសគំនិតទាំងនេះ ពេលខ្ញុំសិក្សាវាឲ្យស៊ីជម្រៅថែមទៀត » ។15
បន្ថែមពីលើការអញ្ជើញយើងឲ្យមានការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ព្រះវរបិតាចង់ឲ្យយើងសិក្សាជាទៀងទាត់ ហើយអនុវត្តនូវអ្វីដែលយើងបានរៀនក្នុងសន្និសីទ។ ខ្ញុំថ្លែងទីបន្ទាល់ថា អ្នកដែលដាក់ទំនុកចិត្តខ្លួនលើព្រះអម្ចាស់ ហើយស្ដាប់តាមការប្រឹក្សានេះដោយជំនឿ នឹងទទួលបានកម្លាំងអស្ចារ្យដើម្បីប្រទានពរដល់ខ្លួនឯង និងគ្រួសារជាច្រើនជំនាន់នាអនាគត។
ព្រះវរបិតាបានប្រទានផ្លូវឲ្យ។ នៅសន្និសីទនេះ 97 ភាគរយនៃសាសនាចក្រអាចស្ដាប់ឮសារលិខិតទាំងនេះជាភាសាខ្លួន។ មានសមាជិករាប់លាននាក់ក្នុង 197 ប្រទេសនឹងទស្សនាសន្និសីទនេះជា 95 ភាសា។ តែពីរឬបីថ្ងៃប៉ុណ្ណោះ សារលិខិតនេះនឹងមាននៅ LDS.org ជាភាសាអង់គ្លេស ហើយក្នុងមួយសប្ដាហ៍ សារលិខិតទាំងនេះនឹងផ្ដើមមានជា 52 ភាសា។ ឥឡូវនេះយើងទទួលបានទស្សនាវដ្ដីសាសនាចក្រក្នុងបីសប្ដាហ៍ក្រោយពីសន្នសីទទូទៅ។ យើងពុំចាំបាច់រង់ចាំជាច្រើនខែសម្រាប់សុន្ទរកថាទាំងនោះមកដល់តាមប្រេសណីយ៍ឡើយ។ តាមកុំព្យូទ័រ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត យើងអាចអាន ស្ដាប់ មើល ហើយចែកចាយការបង្រៀននៃពួកព្យាការី។ នៅគ្រប់ពេល គ្រប់ទីកន្លែង យើងអាចពង្រីកចំណេះដឹងយើង ពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់យើង ការពារគ្រួសារយើង ហើយនាំពួកគេទៅផ្ទះដោយសុវត្ថិភាព។
សារលិខិតនៃសន្និសីទនេះក៏នឹងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាមអ៊ិនធើរណែតសម្រាប់យុវវ័យផងដែរ។ ឪពុកម្ដាយ អ្នកអាចចូលយកមេរៀនសម្រាប់យុវវ័យដោយខ្លួនឯងនៅ LDS.org។ សូមស្វែងរកអ្វីដែលកកូនអ្នកកំពុងរៀន ហើយឲ្យវាក្លាយជាប្រធានបទក្នុងការសិក្សាផ្ទាល់ខ្លួនអ្នក ការពិភាក្សាជាគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ការប្រឹក្សាជាគ្រួសារ និងការសម្ភាសន៍ផ្ទាល់ជាមួយនឹងកូនអ្នកម្នាក់ៗស្ដីពីអ្វីដែលគេចង់ឲ្យបង្រៀន ។
ខ្ញុំលើកទឹកចិត្តសមាជិកទាំងអស់ឲ្យប្រើធនធានលើវិបសាយសាសនាចក្រ និងកម្មវិធីសម្រាប់ទូរស័ព្ទ។ វាកំពុងបន្តកែលំអរ ដើម្បីវាងាយស្រួលប្រើ ហើយសមស្របនឹងជីវិតអ្នក។ នៅ LDS.org អ្នកនឹងឃើញធនធានដើម្បីជួយអ្នកសិក្សាដំណឹងល្អ ពង្រឹងផ្ទះ និងគ្រួសារអ្នក និងបម្រើក្នុងការហៅអ្នក។ អ្នកក៏អាចរកឃើញបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងធនធានដើម្បីជួយអ្នកក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ រួមទាំងការចែកចាយដំណឹងល្អដែរ។ ឪពុកម្ដាយអាចដឹកនាំក្នុងការរៀបចំកូនចៅខ្លួនសម្រាប់បុណ្យជ្រមុជទឹក បព្វជិតភាព បេសកកម្មពេញម៉ោង និងព្រះវិហារបរិសុទ្ធ ។ វាអាចជួយយើងឲ្យដើរនៅលើផ្លូវត្រង់ ហើយចង្អៀតឆ្ពោះទៅរកពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ហើយសក្ដិសមសម្រាប់ពរជ័យនៃជីវិតអស់កល្ប។
នៅសន្និសីទខែ មេសា ក្នុងការប្រជុំបព្វជិតភាពទូទៅ ឪពុកខ្ញុំបានប្រាប់ខ្ញុំឲ្យគូររូបទ័ពម្នាក់បំពាក់ដោយគ្រឿងសឹក ដើម្បីបង្រៀនខ្ញុំពីការពាក់គ្រឿងសឹកទាំងមូលនៃព្រះ និងការការពារខាងវិញ្ញាណដែលវានឹងនាំមក។
បន្ទាប់ពីសន្និសីទនោះបានបញ្ចប់ មានឪពុកម្នាក់បានប្រាប់គ្រួសារគាត់ពីអ្វីដែលគាត់បានរៀន។ បានបំផុសគំនិតដល់កូនប្រុសពៅរបស់គាត់ ចាសុន ឲ្យស្រាវជ្រាវក្នុង LDS.org ដើម្បីឮសារលិខិតដោយផ្ទាល់។ ប៉ុន្មានថ្ងៃក្រោយមក គាត់បានចូលរួមក្នុងរាត្រីជួបជុំក្រុមគ្រួសារដើម្បីចែកចាយមេរៀនជាមួយនឹងបងប្អូនប្រុសស្រីគាត់។ នេះគឺរូបគាត់៖
សារលិខិតសាមញ្ញមួយក្នុងសន្និសីទ ដែលបំផុសដោយព្រះអម្ចាស់ ដែលបានទទួលដោយកុមារម្នាក់ ត្រូវបានង្រៀនដល់គ្រួសារមួយតាមរបៀបផ្ទាល់ខ្លួនដ៏អស្ចារ្យ។ ខ្ញុំស្រឡាញ់ប្រដាប់បាំងដើមទ្រូងនៃសេចក្ដីសុចរិតរបស់គាត់។ ខ្ញុំស្រឡាញ់ខែលនៃសេចក្ដីជំនឿរបស់គាត់ ដើម្បីការពារព្រួញរបស់មារសត្រូវ ។ ទាំងនេះជាពរជ័យនៃសន្និសីទ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ខ្ញុំសូមថ្លែងសាក្សីពិសេសរបស់ខ្ញុំថា ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយឈរជាសិរសារនៃសាសនាចក្រនេះ។ នេះជាសន្និសីទទូទៅរបស់ទ្រង់។ ខ្ញុំសន្យានឹងអ្នកក្នុងព្រះនាមទ្រង់ថា បើអ្នកអធិស្ឋានដោយចិត្តស្មោះស ដើម្បីស្ដាប់សំឡេងរបស់ព្រះវរបិតាអ្នកក្នុងសារលិខិតសន្និសីទនេះ អ្នកនឹងរកឃើញថា ទ្រង់បានមានបន្ទូលមកកាន់អ្នកដើម្បីជួយពង្រឹងអ្នក ហើយនាំអ្នកទៅវត្តមានទ្រង់វិញ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។