ឆ្នាំ ២០១០-២០១៩
ភាព​រឹង​មាំ​ដើម្បី​កាន់​ខ្ជាប់
តុលា 2013


ភាព​រឹង​មាំ​ដើម្បី​កាន់​ខ្ជាប់

សមត្ថភាព​យើង​ដើម្បី​កាន់ខ្ជាប់​ដល់​ចុង​បំផុត​ក្នុង​ក្ដី​សុចរិត​នឹង​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ភាព​រឹង​មាំ​នៃ​ទីបន្ទាល់ និង​ជម្រៅ​នៃ​ការផ្លាស់​ចិត្ត​ជឿ​យើង ។

ពេល​យើង​ក្រោក​ឡើង​រាល់​ព្រឹក យើង​ឃើញ​ថ្ងៃ​ថ្មី​ដែល​ពេញ​ដោយ​ឧបសគ្គ​នៃ​ជីវិត ។ ឧបសគ្គ​នោះ​កើត​ឡើង​ក្នុង​ទម្រង់​ជា​ច្រើន​ដូចជា ៖ ឧបសគ្គ​ខាង​រូបកាយ ការខ្វះ​ខាត​​ខាង​ហិរញ្ញវត្ថុ មាន​ទំនាក់​ទំនងមិន​ល្អ ការសាកល្បង​ផ្លូវ​ចិត្ត និង​ភាព​ស្មុគស្មាញ​ខាង​ក្ដី​ជំនឿ ។

ឧបសគ្គ​ជា​ច្រើន​ដែលយើង​មាន​ក្នុង​ជីវិត​អាច​ដោះស្រាយ និង​យក​ឈ្នះ​បាន តែ ឧបសគ្គ​ផ្សេង​ទៀត​អាច​ពិបាក​យល់ និង​ពុំ​អាច​យក​ឈ្នះ​បាន​ទេ ហើយ​នឹង​អន្ទោល​តាម​ប្រាណ​ដរាប​អស់​ជីវិត ។ ពេល​យើង​ស៊ូទ្រាំ​ឧបសគ្គ​នានា យើង​អាច​ដោះស្រាយ​បាន ហើយ​យើង​បន្ត​ស៊ូទ្រាំ​ឧបសគ្គ​ដែល​ពុំ​អាច​ដោះស្រាយ​បាន ដែល​ជា​ការសំខាន់​ត្រូវ​ចាំ​ថា ភាព​រឹង​មាំ​ខាង​វិញ្ញាណ ដែល​យើង​ពង្រឹង​នឹង​ជួយ​យើង​កាន់ខ្ជាប់​យ៉ាង​ជោគជ័យ​នូវ​ឧបសគ្គ​ក្នុង​ជីវិត ។

បងប្អូន​ប្រុស​ស្រី យើង​មាន​ព្រះ​បិតា​សួគ៌​ជា​ទី​ស្រឡាញ់ ដែល​រៀបរៀង​ជីវិត​ផែនដី​ដើម្បី​យើង​អាច​រៀន​មេរៀន​ដោយ​ខ្លួន​ឯង ដែល​យើង​ត្រូវ​ចេះ​ដើម្បី​សម​នឹង​ជីវិត​អស់​កល្ប​ក្នុង​វត្តមាន​ទ្រង់ ។

វគ្គ​មួយនៃ​សាច់​រឿងពី​ជីវិត​ព្យាការី យ៉ូសែប ស្ម៊ីធ ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​នេះ ។ ព្យាការី និង​ដៃ​គូ​ប៉ុន្មាន​នាក់​ត្រូវ​ឃុំ​ក្នុង​គុក លីប៊ើធី រដ្ឋ មិសសួរី អស់​រយៈ​ពេល​ច្រើន​ខែ ។ ខណៈ​រង​ការ​លំបាក​ក្នុង​គុក ព្យាការី យ៉ូសែប អង្វរក​ព្រះ​អម្ចាស់​ដោយ​ការអធិស្ឋាន​រាបសា​ឲ្យ​ពួក​បរិសុទ្ធ​អាច​ត្រូវ​រំដោះ​ពី​ទុក​លំបាក​នេះ ។ ព្រះ​មាន​បន្ទូល​តប​ដោយ​បង្រៀន​ព្យាការី យ៉ូសែប និង​យើង​ទាំង​អស់​គ្នា​ថា ឧបសគ្គ​ដែល​យើង​ជួបប្រទះ​នឹង​ជា​រឿង​ល្អ​វិញ​បើ​យើង​កាន់​ខ្ជាប់​ដោយ​ជោគជ័យ ។ នេះ​គឺ​ជា​ចម្លើយ​ព្រះអម្ចាស់​ចំពោះ​ការអង្វរ​របស់ យ៉ូសែប ៖

« បុត្រ​យើង​អើយ ចូរ​មាន​សេច​ក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេច​ក្ដី​លំបាក​របស់​អ្នក​នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ។1

ព្រះ​បិតា​សួគ៌​បាន​រៀបចំ​ដំណើរ​ជីវិត​ជា​ការសាកល្បង​លក្ខណៈ​បុគ្គល​យើង ។ យើង​ត្រូវ​បាន​ភ្លក់រស់​ជាតិ​​ទាំង​ឥទ្ធិពល​ល្អ និង​អាក្រក់ ហើយ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ជ្រើសរើស​ដោយ​ក្រម​សីលធម៌​សម្រាប់​ខ្លួន​យើង​ថា មាគ៌ា​ណា​ដែល​យើង​នឹង​ទៅ ។ ដូច​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​គឺ សាំយូអែល ពី​បុរាណ​បង្រៀន​ថា « អ្នក​រាល់​គ្នា​មាន​សេរីភាព អ្នក​រាល់​គ្នា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វីៗ​ដើម្បី​ខ្លួន​ឯង ត្បិត​មើល​ចុះ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​អ្នក​នូវ​ការ​ចេះ​ដឹង ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » ។2

ព្រះ​បិតា​សួគ៌​ក៏​ព្រះ​តម្រិះ​ផង​ដែរ​ថា ព្រោះ​តែ​ភាព​រមែង​ស្លាប់ យើង​នឹង​ពុំ​ធ្វើ​ជម្រើស​ត្រឹមត្រូវ ឬ​សុចរិត​ជានិច្ច​ទេ ។ ដោយ​ហេតុ​តែ​យើង​ពុំ​គ្រប់​លក្ខណ៍ និង​ព្រោះ​យើង​មាន​កំហុស យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​ទ្រង់​វិញ ។ ជំនួយ​ចាំបាច់​ត្រូវ​បាន​ផ្ដល់​តាម​ការបង្រៀន គំរូ និង​ពលិកម្ម​នៃ​ព្រះ​គ្រីស្ទ ។ ពលិកម្ម​ធួន​នៃ​ព្រះ​សង្គ្រោះ​ធ្វើ​ឲ្យ​ក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​នៅ​ជីវិត​ខាង​មុខ​កើត​មាន​តាម​រយៈ​គោលការណ៍​នៃ​ការប្រែចិត្ត ។ បើ​យើង​ប្រែចិត្ត​ដោយ​ស្មោះ និង​ឥត​លាក់​លៀម នោះ​ដង្វាយ​ធួន​អាច​ជួយ​យើង​ឲ្យ​ស្អាត​ស្អំ កែប្រែ​និស្ស័យ និង​ស៊ូទ្រាំ​ឧបសគ្គ​ដោយ​ជោគជ័យ ។

ប្រកាន់​ខ្ជាប់ គឺ​ជា​គោលការណ៍​សំខាន់​ក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វា​សំខាន់​ព្រោះ​គុណ​សម្បត្តិ​នៃ​អនាគត​អស់​កល្ប​យើង​ទាក់ទង​នឹង​សមត្ថភាព​កាន់ខ្ជាប់​ក្នុង​ក្ដី​សុចរិត ។

នៅ​ក្នុង  នីហ្វៃ​ទី 2 31 ព្យាការី នីហ្វៃ បង្រៀន​ថា ក្រោយ​ទទួល​ពិធី​បរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ នៃ​បុណ្យ​ជ្រមុជ​ទឹក ដែល​ព្រះ​គ្រីស្ទ​ទទួល និង​ក្រោយ​មក ទទួល​អំណោយ​ទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ យើង​ត្រូវ « ឈាន​ទៅ​មុខ ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត [ ហើយ​ខណៈ​នោះ ] មើល​ចុះ នោះ​ព្រះ​វរ​បិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។3

ដូច្នេះ ដើម្បី​ទទួល​បាន​ពរជ័យ​មហិមា​បំផុត​ពី​ព្រះ​បិតា​សួគ៌ ដែល​ជា​ជីវិត​អស់​កល្ប យើង​ត្រូវ​តែ​បំពេញ​កិច្ចការ​ពីធី​បរិសុទ្ធ ហើយ​បន្ត​រក្សា​ក្ដី​សញ្ញា​ដែល​ទាក់​ទង ។ យើង​អាច​និយាយ​ម៉្យាង​ទៀត​ថា យើង​ត្រូវ​តែ​កាន់​ខ្ជាប់​ដោយ​ជោគជ័យ ។

សមត្ថភាព​យើង​ដើម្បី​កាន់ខ្ជាប់​ដល់​ចុង​បំផុត​ក្នុង​ក្ដី​សុចរិត​នឹង​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ភាព​រឹង​មាំ​នៃ​ទីបន្ទាល់ និង​ជម្រៅ​នៃ​ការផ្លាស់​ចិត្ត​ជឿ​យើង ។ ពេល​ទី​បន្ទាល់​យើង​រឹង​មាំ ហើយ​យើង​ពិត​ជា​ផ្លាស់​ចិត្ត​ជឿ​លើ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​មែន​នោះ ជម្រើស​យើង​នឹង​ត្រូវ​បំផុស​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជម្រើស​នឹង​ផ្ដោត​លើ​ព្រះ​គ្រីស្ទ ហើយ​វា​នឹង​គាំទ្រ​បំណង​កាន់​ខ្ជាប់​ក្នុង​ក្ដី​សុចរិត ។ បើ​ទី​បន្ទាល់​យើង​ខ្សោយ ហើយ​ការផ្លាស់​ចិត្ត​ជឿ​រាក់​កំភែល គ្រោះថ្នាក់​កាន់តែ​ធំ ដែល​យើង​នឹង​ត្រូវ​ទាក់ចិត្ត​ដោយ​សណ្ដាប់​ខុស​ឆ្គង​នៃ​លោកិយ​ឲ្យ​ធ្វើ​ជម្រើស​ខុស ។

ខ្ញុំ​សូម​ចែកចាយ​បទ​ពិសោធន៍ ដែល​បង្ហាញ​ពី​កិច្ច​ខិត​ខំ​តម្រូវ​ឲ្យ​មាន ដើម្បី​កាន់​ខ្ជាប់​ខាង​សាច់ឈាម ហើយ​ប្រដូច​វា​ទៅ​នឹង​កិច្ច​ខិតខំ​តម្រូវ​ឲ្យ​មាន​ដើម្បី​កាន់​ខ្ជាប់​ខាង​វិញ្ញាណ ។ ក្រោយ​ត្រឡប់​ពី​បេសកកម្ម​វិញ ខ្ញុំ​មាន​ឱកាស​លេង​បាល់​បោះ​ឲ្យ​គ្រូ​បង្វឹក​ដ៏​​ល្បី​ម្នាក់ និង​គួរ​ឲ្យ​គោរព ជា​អ្នក​និពន្ធ​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ក្នុង​រដ្ឋ កាលីហ្វូញ៉ា ។ គ្រូ​បង្វឹក​រូប​នោះ​ហ្មត់ចត់​ណាស់​ពី​សុខភាព​កីឡាករ​ពី​មុន​ដល់​រដូវ​កាល​លេង​បាល់​បោះ ។ ការហ្វឹកហ្វឺន​ផ្នែក​លក្ខន្តិក​មួយ​មុន​គ្នា​យើង​ណា​ម្នាក់​ចាប់​កាន់​បាល់​អនុវត្ត​គឺ​ត្រូវ​រត់​ប្រណាំង​លើ​ភ្នំ​ក្បែរ​សាលា​ដោយ​ប្រើ​វេលា​ជាក់​លាក់ និង​ចំណេញ​ពេល ។ ខ្ញុំ​ចាំ​ពី​ការប្រឹងប្រែង​រត់​ដំបូង​របស់​ខ្ញុំ ដែល​ក្រោយ​ត្រឡប់​ពី​បេសកកម្ម​វិញ ៖ ខ្ញុំ​គិត​ថា ខ្ញុំ​ច្បាស់ជា​ស្លាប់​មិន​ខាន ។

ខ្ញុំ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ហ្វឹកហ្វឺន ដើម្បី​ទី​បំផុត​សម្រេច​បាន​ពេល​កំណត់ ដែល​គ្រូ​បង្វឹក​ដាក់​គោលដៅ ។ វា​ជា​អារម្មណ៍​អស្ចារ្យ ពុំ​គ្រាន់​តែ​អាច​រត់​ទៅ​ទិសដៅ​ទេ តែ​បន្ថែម​ល្បឿន​ទៅ​ដល់​ខ្សែ​ផ្ដាច់​ព្រ័ត្រ​ទៀត​ផង ។

ដើម្បី​បាន​ជោគ​ជ័យ​ក្នុងការ​លេង​បាល់​បោះ អ្នក​ត្រូវ​មាន​សុខភាព​ល្អ ។ ការមាន​សុខភាព​រូបកាយ​ល្អ​បង្កើត​តម្លៃ ហើយ​តម្លៃ​នោះ​ជា​ការបូជា ស្មារតី​លះបង់ និង​ការដាក់​វិន័យ​ខ្លួន ។ ការកាន់ខ្ជាប់​ខាង​វិញ្ញាណ​ក៏​បង្កើត​តម្លៃ ។ វា​ជា​តម្លៃ​ដូច​គ្នា ៖ ការបូជា ស្មារតី​លះបង់ ការដាក់​វិន័យ​ខ្លួន ។

ទី​បន្ទាល់​គឺ​ដូច​ជា​រាងកាយ​អ្នក ដែល​ត្រូវ​មាន​សុខភាព​ល្អ បើ​អ្នក​ចង់​កាន់ខ្ជាប់ ។ តើ​យើង​រក្សា​ទី​បន្ទាល់​យើង​ឲ្យ​រឹងមាំ​ដូចម្ដេច ? យើង​ពុំ​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​សណ្ឋាន​ដូច​បាល់​បោះ ដោយ​ការមើល​ទូរទស្សន៍​ធម្មតា​នោះ​ទេ ។ ស្រដៀង​គ្នា​ដែរ យើង​នឹង​ពុំ​មាន​សក្ខីភាព​រឹងមាំ ដោយ​ការ​មើល​សន្និសីទ​ទូទៅ​តាម​ទូរទស្សន៍​ធម្មតា​នោះ​ទេ ។ យើង​ត្រូវ​សិក្សា និង​រៀន​សូត្រ​ពី​គោលការណ៍​គ្រឹះ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ហើយ​យើង​ត្រូវ​ធ្វើ​អស់​ពី​សមត្ថភាព​រស់​នៅ​តាម​វា ។ នោះ​ជា​របៀប​ក្លាយ​ជា​សិស្ស​ព្រះ​គ្រីស្ទ ហើយ​ជា​របៀប​យើង​សាង​ទី​បន្ទាល់​នៃ​ការកាន់ខ្ជាប់ ។

ពេល​ជួប​ប្រទះ​ទុក្ខ​វេទនា​ក្នុង​ជីវិត ហើយ​បំណង​យើង គឺ​ត្រូវ​ត្រាប់​តាម​លក្ខណៈ​នៃ​ព្រះគ្រីស្ទ ដែល​វា​សំខាន់​ដើម្បី​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ ។ ការត្រៀម​ខ្លួន​ខាង​វិញ្ញាណ​មាន​ន័យ​ថា យើង​បាន​ពង្រឹង​ការអត់ធន់​ខាង​វិញ្ញាណ ឬ​ភាព​រឹង​មាំ — ដែល​យើង​នឹង​រឹងប៉ឹង​ខាង​វិញ្ញាណ ។ យើង​នឹង​រឹងប៉ឹង​ខាង​វិញ្ញាណ ដែល​យើង​នឹង​ជ្រើស​ផ្លូវ​ត្រូវ​ជានិច្ច ។ យើង​នឹង​ពុំ​បែរ​ចេញ​ក្នុង​បំណង និង​សមត្ថភាព​រស់​តាម​ដំណឹង​ល្អ​យើង​នោះ​ទេ ។ មាន​អ្នក​និពន្ធ​អនាមិក​ថ្លែង​​ថា « អ្នក​ត្រូវ​ប្រែ​ដូច​ជា​ថ្ម​ក្នុង​ទន្លេ ដែល​ពុំ​អាច​ហូរ​នាំ​ទៅ » ។

ពី​ព្រោះ​យើង​ប្រឈម​មុខ​ឧបសគ្គ​រាល់​ថ្ងៃ វា​សំខាន់ ដែល​យើង​ខិត​ខំ​ខាង​ការ​អត់​ធន់​ខាង​វិញ្ញាណ​រាល់​ថ្ងៃ​ដែរ ។ ពេល​ យើង​ពង្រឹង​ការអត់ធន់​ខាង​វិញ្ញាណ នោះ​សណ្ដាប់​ខុស​ឆ្គង​នៃ​លោកិយ ក៏​ដូច​ជា​ឧបសគ្គ​ប្រចាំ​ថ្ងៃ​ផ្ទាល់​ខ្លួន នឹង​ជា​ឥទ្ធិពល​អវិជ្ជមាន​តូច​តាច​ប៉ុណ្ណោះ​លើ​សមត្ថភាព​កាន់ខ្ជាប់​ក្នុង​ក្ដី​សុចរិត ។

គំរូ​អស្ចារ្យ​មួយ​នៃ​ការ​អត់ធន់​ខាង​វិញ្ញាណ​កើត​ពី​ប្រវត្តិ​គ្រួសារ​ផ្ទាល់​ខ្លួន​យើង ។ ចំណោម​រឿង​ច្រើន​ពី​បុព្វការីជន យើង​នឹង​អាច​ឃើញ​គំរូ ដែល​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​នៃ​ការកាន់ខ្ជាប់ ។

រឿង​មួយ​ក្នុង​ប្រវត្តិ​គ្រួសារ​ខ្ញុំ​បង្ហាញ​ពី​គោលការណ៍​នេះ ។ ជីតា​ទួត​ខ្ញុំ យ៉ូសែប វ៉តសុន ម៉េណេស កើត​នៅ​ឆ្នាំ 1856 នៅ ហ៊ុល យ៉កសៀរ ប្រទេស អង់គ្លេស ។ គ្រួសារ​គាត់​ចូល​សាសនាចក្រ​នៅ​ប្រទេស អង់គ្លេស ហើយ​ផ្លាស់​ទី​លំនៅ​ទៅ​ទីក្រុង សលត៍ លេក ។ គាត់​រៀបការ​នឹង អែមីលី ឃីប នៅ​ឆ្នាំ 1883 ហើយ​ពួកគាត់​មាន​កូន​ប្រាំ​បី​នាក់ ។ តាទួត យ៉ូសែប ត្រូវ​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ក្នុង​ខែ មិថុនា ឆ្នាំ 1910 កាល​វ័យ 53 ឆ្នាំ ។ ដោយ​មាន​ការគាំទ្រ​ពី​ភរិយា និង​កូន​ទាំង​ប្រាំ​បី​នាក់ គាត់​ត្រឡប់​ទៅ​បម្រើ​នៅ​ដែន​ដី​កំណើត​ប្រទេស អង់គ្លេស​វិញ ។

ពេល​កំពុង​បម្រើ​ដោយ​ស្មោះត្រង់​បាន​ជិត​ពីរ​ឆ្នាំ គាត់​បាន​ជិះ​កង់​ជា​មួយ​ដៃគូ​គាត់​ទៅ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង គ្លូសែស្ទើរ ប្រទេស អង់គ្លេស ហើយ​កង់​គាត់​បាន​ធ្លាយ ។ គាត់​ចុះ​ពី​លើ​កង់​ពិនិត្យ​មើល​កន្លែង​ធ្លាយ ។ ពេល​គាត់​ឃើញ​ថា វា​ធ្លាយ​ធំ ហើយ​ចំណាយ​ពេល​ជួសជុល នោះ​គាត់​ប្រាប់​ដៃគូ​ឲ្យ​ទៅ​មុន ហើយ​ចាប់​ផ្ដើម​ថ្នាក់ ហើយ​គាត់​នឹង​ទៅ​ដល់​ឆាប់ៗ​នេះ ។ គ្រាន់​តែ​និយាយ​ចប់​ភ្លាម គាត់​ដួល​ទៅ​លើ​ដី ។ គាត់​បាន​អស់​ជីវិត​មួយ​រំពេច​ដោយ​គាំង​បេះដូង ។

តាទួត យ៉ូសែប វ៉តសុន ម៉េណេស ពុំ​ដែល​ឃើញ​ភរិយា និង​កូន​ទាំង​ប្រាំ​បី​នាក់​ទៀត​ក្នុង​ជីវិត​គាត់​ឡើយ ។ គេ​អាច​ដឹក​សព​គាត់​ត្រឡប់​មក​ទីក្រុង សលត៍ លេក វិញ ហើយ​ប្រារព្វ​បុណ្យ​នៅ​សាល​ប្រជុំ​ចាស់ វ៉ធើរលូ ។ សេចក្ដី​ថ្លែង​ក្នុង​បុណ្យ​សព​ដោយ​អែលឌើរ អានថូនី  ដបុលយូ អាយវិនស៍ នៃ​កូរ៉ុម​សាវក​ដប់​ពីរ​នាក់ បង្រៀន​យើង​ពី​សារសំខាន់​នៃ​មេរៀន​ជីវិត មរណភាព និង​ការកាន់ខ្ជាប់​ថា ៖ « នេះ​ជា​អ្វី​ដែល​ដំណឹង​ល្អ​ផ្ដល់​ឲ្យ — ពុំ​មែន​រួច​ខ្លួន​ពី​ក្ដី​ស្លាប់​ទេ តែ​មាន​ជ័យជំនះ​លើ​វា​តាម​រយៈ​ក្ដី​សង្ឃឹម​ក្នុង​ការរស់​ឡើង​វិញ ។  … វា​កើត​ឡើង​ចំពោះ [ យ៉ូសែប ម៉េណេស ] ។  …វា​ជា​ការ​ស្រាកស្រាន្ត ហើយ​វា​ជា​ការបំពេញ​ចិត្ត និង​ក្ដី​អំណរ ដើម្បី​ដឹង​ថា មនុស្ស​ដែល​ប្ដូរ​ជីវិត​គេ​ក្នុង​ក្ដី​សុចរិត ក្នុង​ក្ដី​ជំនឿ គឺ​ពិត​ចំពោះ​សេចក្ដី​ជំនឿ » ។4

ប្រវត្តិ​គ្រួសារ​នេះ​បំផុស​ខ្ញុំ​ឲ្យ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​តាម​គំរូ​នៃ​ការកាន់ខ្ជាប់ និង​ការអត់ធន់​ខាង​វិញ្ញាណ​ដែល​តា​ទួត​ខ្ញុំ​បាន​ធ្វើ ។ ខ្ញុំ​ត្រូវ​បំផុស​ដោយ​ក្ដី​ជំនឿ​យាយ​ទួត​ខ្ញុំ អែមីលី ដែល​បន្ទាប់​ពី​តា​ទួត យ៉ូសែប ទទួល​មរណភាព​ទៅ គាត់​ត្រូវ​លី​បន្ទុក​មួយ​ដ៏​ធ្ងន់ ។ ទី​បន្ទាល់​គាត់​រឹងមាំ និង​ការប្រែ​ចិត្ត​ជឿ​គាត់​បំពេញ​ដោយ​ការចំណាយ​ពេល​ក្នុង​ជីវិត​ពិត​ចំពោះ​ក្ដី​ជំនឿ ដែល​គាត់​ត្រូវ​បីបាច់​កូន​ទាំង​ប្រាំ​បី​នាក់​ដោយ​ខ្លួន​ឯង ។

សាវក ប៉ុល ថ្លែង​ថា « ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង » ។5 ការ​ប្រណាំង​ដែល​ដាក់​នៅ​មុខ​យើង​លើ​ផែនដី គឺ​ការប្រណាំង​ការកាន់ខ្ជាប់ ដែល​ពេញ​ដោយ​ឧបសគ្គ ។ ឧបសគ្គ​ក្នុង​ការប្រណាំង​នេះ​គឺ​ជាឧបសគ្គ ដែល​យើង​ប្រទះ​កាល​បើក​ភ្នែក​ឡើង​ភ្លាម​នៅ​ពេល​ព្រឹក ។ យើង​មក​ផែនដី​នេះ​ដើម្បី​រត់​ប្រណាំង ហាត់​ពត់​សិទ្ធិ​ជ្រើស​រើស​ក្រម​សីលធម៌ និង​ជ្រើស​រវាង​ត្រូវ និង​ខុស ។ ដើម្បី​បញ្ចប់​ការប្រណាំង និង​ត្រឡប់​ទៅ​ព្រះ​បិតា​សួគ៌​វិញ​ដោយ​កិត្តិយស និង​ជោគជ័យ យើង​ត្រូវ​បង្កើត​តម្លៃ​នៃ​ការបូជា ស្មារតី​លះបង់ និង​ការដាក់​វិន័យ​ខ្លួន ។ យើង​ត្រូវ​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ ។ យើង​ត្រូវ​ពង្រឹង​ការអត់​ធន់​ខាង​វិញ្ញាណ ។ យើង​ត្រូវការ​ទី​បន្ទាល់​រឹង​មាំ ដែល​នាំ​ទៅ​ការប្រែ​ចិត្ត​ជឿ​ពិត និង​ជា​លទ្ធផល​រក​ឃើញ​សន្តិភាព​ក្នុង​ចិត្ត​ដោយ​ខ្លួន​យើង និង​ភាព​រឹងមាំ​ចាំបាច់​ត្រូវ​កាន់ខ្ជាប់​ទោះ​ជា​ឧបសគ្គ​ណា​ដ៏​ដោយ ។

ដូច្នេះ មិន​ថា​ឧបសគ្គ​ណា ដែល​អ្នក​បើក​ភ្នែក​ឡើង​ជួប​ប្រទះ​នៅ​ពេល​ព្រឹក​នោះ​ទេ សូម​ចាំ​ថា — ដោយ​ភាព​រឹងមាំ​ខាង​វិញ្ញាណ​ដែល​អ្នក​ពង្រឹង រួម​ចំណែក​ដោយ​ជំនួយ​ពី​ព្រះ នៅ​ទី​បញ្ចប់​នៃ​ការប្រណាំង អ្នក​នឹង​អាច​រីករាយ​ការជឿជាក់ ដែល​សាវក ប៉ុល សម្ដែង​ថា ៖

« ត្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ​ក៏​បាន​មក​ដល់​ហើយ ។

« ខ្ញុំ​បាន​ត​យុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ ៖

« ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បម្រុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ » ។6

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់ និង​សាក្សី​នៃ​ភាព​ពិត​នៃ​ព្រះ​បិតា​សួគ៌​ជា​ទី​ស្រឡាញ់ និង​ផែនការណ៍​មហិមា និង​អស់កល្ប​ទ្រង់ ដែល​បាន​នាំ​យើង​មក​ផែនដី​ពេល​នេះ ។ សូម​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បំផុស​យើង​ឲ្យ​ពង្រឹង​ភាព​រឹងមាំ​ដើម្បី​កាន់ខ្ជាប់​ដោយ​ខ្លួន​យើង ។ ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។