ការបង្រៀនដោយអំណាច និងសិទ្ធិអំណាចពីព្រះ
ព្រះអម្ចាស់បានផ្ដល់ផ្លូវសម្រាប់ពួកបរិសុទ្ធសក្ដិសមគ្រប់រូប ដើម្បីបង្រៀនតាមមាគ៌ាទ្រង់។
យើងមានអំណរគុណហួសប្រមាណចំពោះគ្រូបង្រៀននៅទូទាំងសាសនាចក្រ ។ យើងស្រឡាញ់អ្នក ហើយមានទំនុកចិត្តដ៏ខ្លាំងទៅលើអ្នក ។ អ្នកគឺជាអព្ភូតហេតុធំមួយនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។
មានអាថ៌កំបាំងមួយ ដើម្បីក្លាយជាគ្រូបង្រៀនដំណឹងល្អដ៏ជោគជ័យ ដើម្បីបង្រៀនដោយអំណាច និងសិទ្ធិអំណាចពីព្រះ ។ ខ្ញុំសូមប្រើពាក្យ អាថ៌កំបាំង ដោយសារគោលការណ៍ដែលភាពជោគជ័យរបស់គ្រូបង្រៀនអាស្រ័យលើ អាចត្រូវបានយល់តែដោយអ្នកទាំងឡាយ ដែលមានទីបន្ទាល់ពីអ្វីដែលកើតឡើងនៅព្រឹកដ៏ស្រស់ស្អាត នៅដើមនិទាឃរដូវឆ្នាំ 1820 ។
ក្នុងចម្លើយដល់ការអធិស្ឋានដោយរាបសាររបស់ក្មេងប្រុសអាយុ 14 ឆ្នាំ ស្ថានសួគ៌ត្រូវបានបើក ។ ព្រះជាព្រះបិតាអស់កល្ប និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានលេចមក ហើយមានបន្ទូលទៅព្យាការីយ៉ូសែប ស្ម៊ីធ ។ ការរង់ចាំជាយូរនៃការផ្គុំដូចដើមនូវរឿងទាំងអស់ បានចាប់ផ្ដើម ហើយគោលការណ៍នៃវិវរណៈ ត្រូវបានស្ថាបនាឡើងនៅគ្រាកាន់កាប់ត្រួតត្រាយើងជារៀងរហូត ។ សាររបស់យ៉ូសែប និងសាររបស់យើងដល់ពិភពលោក អាចសង្ខេបជាពាក្យពីរម៉ាត់ ៖ « ព្រះមានបន្ទូល » ។ ទ្រង់មានបន្ទូលពីបុរាណ ទ្រង់មានបន្ទូលទៅយ៉ូសែប ហើយទ្រង់នឹងមានបន្ទូលទៅកាន់អ្នក ។ នេះគឺជាអ្វីដែលអ្នកខុសពីគ្រូបង្រៀនផ្សេងទៀតទាំងអស់ក្នុងពិភពលោក ។ នេះជាមូលហេតុដែលអ្នកមិនអាចបរាជ័យ ។
អ្នកត្រូវបានហៅដោយវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ ហើយត្រូវបានញែកចេញដោយសិទ្ធិអំណាចបព្វជិតភាព ។ តើវាមានន័យយ៉ាងណា ?
ទីមួយ វាមានន័យថា អ្នកស្ថិតនៅក្នុងកិច្ចការរបស់ព្រះ ។ អ្នកជាភ្នាក់ងារទ្រង់ ហើយអ្នកត្រូវបានទទួលសិទ្ធិអំណាច និងអំណាចដើម្បីជាតំណាងទ្រង់ ហើយធ្វើកិច្ចការជំនួសទ្រង់ ។ ក្នុងនាមជាភ្នាក់ងារទ្រង់ អ្នកមានសិទ្ធិទទួលជំនួយទ្រង់ ។ អ្នកត្រូវសួរខ្លួនឯងថា « តើព្រះអង្គសង្គ្រោះនឹងមានបន្ទូលអ្វីខ្លះ បើទ្រង់កំពុងបង្រៀនក្នុងថ្នាក់រៀនខ្ញុំថ្ងៃនេះ ហើយតើទ្រង់នឹងមានបន្ទូលដោយរបៀបណា » ? អ្នកត្រូវធ្វើដូច្នោះ ។
ការទទួលខុសត្រូវនេះ អាចបណ្ដាលឲ្យមានអារម្មណ៍មិនសក្ដិសមខ្លះៗ ឬការភ័យខ្លាចផងដែរ។ ផ្លូវមិនលំបាកទេ។ ព្រះអម្ចាស់បានផ្ដល់ផ្លូវសម្រាប់ពួកបរិសុទ្ធសក្ដិសមគ្រប់រូប ដើម្បីបង្រៀនតាមមាគ៌ាទ្រង់។
ទីពីរ អ្នកត្រូវបានហៅឲ្យផ្សាយដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ។ អ្នកមិនត្រូវបង្រៀនចេញពីគំនិត ឬទស្សនៈផ្ទាល់ខ្លួនផ្សំនឹងគម្ពីរទេ ។ ដំណឹងល្អគឺជា « ព្រះចេស្ដានៃព្រះដល់សេចក្ដីសង្គ្រោះ » 1 ហើយមានតែតាមដំណឹងល្អប៉ុណ្ណោះ ដែលយើងត្រូវបានសង្គ្រោះ ។
ទីបី អ្នកត្រូវបានបញ្ជាឲ្យបង្រៀនគោលការណ៍នៃដំណឹងល្អ នៅពេលវាមានក្នុងគម្ពីរក្នុងសាសនាចក្រ ដើម្បីបង្រៀនប្រសាសន៍ពួកសាវក និងព្យាការីបច្ចុប្បន្ន និងបង្រៀនពីអ្វីដែលព្រះវិញ្ញាណបង្រៀនដល់អ្នក ។
ដូច្នេះ តើយើងចាប់ផ្ដើមត្រង់កន្លែងណា ?
ទំនួលខុសត្រូវដំបូង និងសំខាន់បំផុតរបស់យើង គឺរស់នៅឲ្យមានព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដឹកនាំ និងដៃគូយើង ។ នៅពេល ហៃរុម ស៊្មីធ បានព្យាយាមចូលរួមក្នុងកិច្ចការថ្ងៃចុងក្រោយនេះ នោះព្រះអម្ចាស់មានបន្ទូលថា « មើលចុះ នេះជាកិច្ចការរបស់អ្នក គឺកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង មែនហើយ ឲ្យអស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក » ។2 នេះគឺជាចំនុចចាប់ផ្ដើម ។ ព្រះអម្ចាស់បានប្រឹក្សាដល់ហៃរ៉ុម ដូចគ្នានឹងការប្រឹក្សាដែលទ្រង់បានប្រទានដល់ពួកបរិសុទ្ធគ្រប់ជំនាន់ដែរ ។
គណៈប្រធានទីមួយ បានថ្លែងទៅកាន់គ្រូបង្រៀនបច្ចុប្បន្នថា ៖ « ចំណែកដ៏សំខាន់នៃការបម្រើរបស់អ្នក នឹងជាការរៀបចំខាងវិញ្ញាណប្រចាំថ្ងៃរបស់អ្នក រួមមានការអធិស្ឋាន ការសិក្សាគម្ពីរ និងការគោរពបញ្ញត្តិ ។ យើងលើកទឹកចិត្តអ្នកឲ្យបូជាខ្លួនអ្នកក្នុងការរស់នៅតាមដំណឹងល្អ ដោយមានគោលបំណងកាន់តែខ្លាំងជាងមុន » ។3
វាសំខាន់ដែលគណៈប្រធានទីមួយ ពុំនិយាយថា ចំណែកដ៏សំខាន់បំផុតនៃការបម្រើរបស់អ្នក គឺជាការរៀបចំមេរៀនគេឲ្យល្អ ឬឲ្យចេះស្ទាត់នូវវិធីបង្រៀនផ្សេងៗនោះ ។ ប្រាកដណាស់ អ្នកត្រូវឧស្សាហ៍រៀបចំមេរៀននិមួយៗ ហើយព្យាយាមរៀនរបៀបដែលអ្នកអាចបង្រៀន ដើម្បីជួយដល់សិស្សឲ្យអនុវត្តសិទ្ធិជ្រើសរើសរបស់គេ ហើយអនុញ្ញាតឲ្យដំណឹងល្អ ចាក់ចូលក្នុងចិត្តពួកគេ ប៉ុន្តែចំណែកដំបូង និងសំខាន់បំផុតនៃការបម្រើអ្នក គឺការរៀបចំខាងវិញ្ញាណផ្ទាល់ខ្លួនអ្នក ។ នៅពេលអ្នកធ្វើតាមការប្រឹក្សានេះ គណៈប្រធានទីមួយបានសន្យាថា ៖ « ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវធ្វើ ។ ទីបន្ទាល់អ្នកនឹងរីកចម្រើន ការផ្លាស់ប្រែចិត្តជឿអ្នក នឹងមានកាន់តែខ្លាំង ហើយអ្នកនឹងត្រូវបានពង្រឹងឲ្យប្រឈមនឹងឧបសគ្គនានានៃជីវិត » ។4
តើពរជ័យដ៏អស្ចារ្យអ្វីខ្លះ ដែលគ្រូបង្រៀនប្រាថ្នាចង់បាន ?
បន្ទាប់មក ព្រះអម្ចាស់បានបញ្ជាថា មុនពេលយើងព្យាយាមប្រកាសបន្ទូលទ្រង់ យើងត្រូវស្វែងរកឲ្យបានបន្ទូលជាមុនសិន ។5អ្នកត្រូវក្លាយជាបុរសស្ត្រីដែលយល់ដឹងច្រើន ដោយការស្រាវជ្រាវបទគម្ពីរ និងដោយការរក្សាវាទុកក្នុងចិត្តអ្នក ។ បន្ទាប់មក នៅពេលអ្នកសូមជំនួយព្រះ នោះទ្រង់ប្រទានពរអ្នកជាមួយនឹងព្រះវិញ្ញាណ និងបន្ទូលទ្រង់ ។ អ្នកនឹងមានអំណាចនៃព្រះដើម្បីផ្លាស់ប្រែចិត្តមនុស្ស ។
ប៉ុលប្រាប់យើងថា ដំណឹងល្អមកកាន់មនុស្សតាមរបៀបពីរយ៉ាង គឺតាមព្រះបន្ទូល និងតាមអំណាច ។6 ព្រះបន្ទូលនៃដំណឹងល្អ ត្រូវបានសរសេរក្នុងគម្ពីរ ហើយយើងអាចទទួលបានព្រះបន្ទូល តាមរយៈការស្រាវជ្រាវដោយឧស្សាហ៍ ។ អំណាចនៃដំណឹងល្អ កើតមានក្នុងជីវិតនៃអ្នក ដែលរស់នៅ ដោយមានព្រះវិញ្ញាណជាដៃគូពួកគេ ហើយដែលធ្វើតាមការបំផុសគំនិតដែលពួកគេទទួលបាន ។ មនុស្សមួយចំនួនយកចិត្តទៅលើតែការទទួលព្រះបន្ទូល ហើយគេក្លាយជាអ្នកជំនាញក្នុងការផ្ដល់ព័ត៌មាន ។ អ្នកខ្លះទៀត ធ្វេសប្រហែលក្នុងការរៀបចំរបស់ពួកគេ ហើយសង្ឃឹមថា ព្រះអម្ចាស់នឹងជួយពួកគេ ។ អ្នកមិនអាចរំពឹងឲ្យព្រះវិញ្ញាណជួយអ្នកចាំបទគម្ពីរ និងគោលការណ៍នានា ដែលអ្នកពុំបានសិក្សា ឬពិចារណាឡើយ ។ ដើម្បីបង្រៀនដំណឹងល្អដោយជោគជ័យ អ្នកត្រូវតែមានទាំងព្រះបន្ទូល និងអំណាចនៃដំណឹងល្អ ក្នុងជីវិតអ្នក ។
អាលម៉ា យល់គោលការណ៍ទាំងនេះ នៅពេលគាត់អរសប្បាយនឹងបុត្រានៃម៉ូសាយ និងរបៀបដែលពួកគេបង្រៀនដោយអំណាច និងសិទ្ធិអំណាចពីព្រះ ។ យើងអានថា ៖
« ពួកគេបានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ ។
« ប៉ុន្តែនេះពុំទាន់អស់នៅឡើយទេ ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និងការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណ … នៃវិវរណៈ » ។7
បន្ទាប់មក អ្នកត្រូវរៀនស្ដាប់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនគោលការណ៍នេះទៅអ្នកផ្សាយសាសនា ។ ខ្ញុំនឹងដកស្រង់ប្រសាសន៍អែលឌើរ ហូឡិន ប៉ុន្តែបានយកពាក្យ អ្នកផ្សព្វផ្សាយសាសនា និងសាសនាគន់ការី ជំនួសដោយពាក្យ គ្រូបង្រៀន និងសិស្សថា ៖ « ទីពីរ ទំនួលខុសត្រូវតែមួយគត់របស់ [ គ្រូបង្រៀន ] ដែលត្រូវស្ដាប់ព្រះវិញ្ញាណ គឺជាការទទួលខុសត្រូវ ដែលគាត់ត្រូវស្ដាប់ [ សិស្ស ] ពួកគាត់ ។ …បើយើងស្ដាប់ដោយត្រចៀកខាងវិញ្ញាណ … នោះ [ សិស្សយើង ] នឹងប្រាប់យើង នូវមេរៀនដែលពួកគេត្រូវការស្ដាប់ ! » ។
អែលឌើរ ហូឡិន បានបន្ដថា ៖ « ភាពពិតនៃបញ្ហាគឺ [ គ្រូបង្រៀន ] នៅតែផ្ដោតទៅលើការផ្ដល់មេរៀនងាយៗ និងដដែលៗ ជាជាងផ្ដោតទៅលើ [ សិស្ស ] របស់ពួកគេម្នាក់ៗ » ។ 8
បន្ទាប់ពីអ្នកបានរៀបចំខ្លួន និងមេរៀនអស់ពីលទ្ធភាពយើងហើយ នោះអ្នកត្រូវទុកឲ្យព្រះវិញ្ញាណជាអ្នកដឹកនាំ ។ ពេលមានការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវហ៊ានទុកគម្រោងមេរៀន និងការកត់ចំណាំអ្នកមួយអន្លើរ ហើយចាប់ចំណុចដែលការបំផុសពីព្រះវិញ្ញាណបានផ្ដល់មកអ្នកវិញ ។ នៅពេលអ្នកធ្វើដូចនេះ មេរៀនដែលអ្នកផ្ដល់ឲ្យគឺមិនក្លាយជាមេរៀនអ្នកទេ ប៉ុន្តែវាក្លាយជាមេរៀនរបស់ព្រះអង្គសង្គ្រោះ ។
នៅពេលអ្នកឧទ្ទិសខ្លួនរស់នៅតាមដំណឹងល្អ ដោយមានគោលបំណងកាន់តែខ្លាំងជាងមុន ហើយស្រាវជ្រាវគម្ពីរ រក្សានៅក្នុងដួងចិត្ត នោះព្រះវិញ្ញាណបរិសុទ្ធដដែល ដែលបានបើកសម្ដែងពាក្យទាំងនេះទៅដល់ពួកសាវក និងព្យាការីពីបុរាណ នឹងថ្លែងទីបន្ទាល់មកអ្នកពីសេចក្ដីពិតវិញ ។ ជាសំខាន់ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងវាជាថ្មីដល់អ្នក ។ នៅពេលការណ៍នេះកើតឡើង ពាក្យដែលអ្នកអានឈប់ជាពាក្យរបស់នីហ្វៃ ឬប៉ុល ឬអាលម៉ាទៀតហើយ តែវាក្លាយជាពាក្យរបស់អ្នក ។ បន្ទាប់មក នៅពេលអ្នកបង្រៀន នោះព្រះវិញ្ញាណបរិសុទ្ធ នឹងអាចនាំអ្វីគ្រប់យ៉ាងមកកាន់ការចងចាំរបស់អ្នក ។ ប្រាកដណាស់ « ត្បិតសេចក្ដីដែលអ្នកត្រូវនិយាយ នោះនឹងបានប្រទានដល់អ្នក នៅម៉ោងនោះ គឺនៅវេលានោះឯង » ។9 នៅពេលរឿងនេះកើតឡើង អ្នកនឹងឃើញថាអ្នកបាននិយាយអ្វីដែលអ្នកពុំបានត្រៀមទុក ។ បើអ្នកនឹងយកចិត្តទុកដាក់ នោះអ្នកនឹងរៀនអ្វីមួយ ពីរឿងដែលអ្នកនិយាយ ពេលអ្នកបង្រៀន ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បានមានប្រសាសន៍ថា « ខ្ញុំតែងតែដឹង នៅពេលណាខ្ញុំកំពុងនិយាយក្រោមការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្ញុំតែងតែរៀនអ្វីមួយពីអ្វីដែលខ្ញុំបាននិយាយ » ។10 សូមចងចាំថា គ្រូម្នាក់ក៏ជាសិស្សម្នាក់ដែរ ។
ទីបញ្ចប់ អ្នកត្រូវតែឈរធ្វើជាសាក្សីឯករាជ្យម្នាក់ នៃរឿងនានា ដែលអ្នកបង្រៀន ហើយមិនមែនជាការបន្ទរពាក្យទាំងឡាយក្នុងសៀវភៅ ឬគំនិតរបស់អ្នកដទៃទេ ។ នៅពេលអ្នកទទួលទានបន្ទូលនៃព្រះគ្រីស្ទ ហើយព្យាយាមរស់នៅតាមដំណឹងល្អ ដោយមានគោលបំណងកាន់តែខ្លាំងជាងមុន នោះព្រះវិញ្ញាណបរិសុទ្ធ នឹងបង្ហាញដល់អ្នកថា រឿងដែលអ្នកកំពុងបង្រៀនជាការពិត ។ នេះគឺជាវិញ្ញាណនៃវិវរណៈ ហើយវិញ្ញាណនេះ នឹងនាំសារលិខិតរបស់អ្នកទៅកាន់ដួងចិត្តនៃអ្នកទាំងឡាយ ដែលមានបំណង និងមានឆន្ទៈទទួលយកវា ។
ឥឡូវ ចូរយើងបញ្ចប់ត្រង់កន្លែងយើងបានចាប់ផ្ដើម — គឺក្នុងព្រៃពិសិដ្ឋ ។ ព្រោះអ្វីដែលបានកើតឡើងនៅព្រឹកនិទាឃរដូវដ៏ស្រស់ថ្លានោះ ពុំកន្លងទៅយូរប៉ុន្មានទេ អ្នកមានសិទ្ធិបង្រៀនដោយអំណាច និងសិទ្ធិអំណាចនៃព្រះ ។ ខ្ញុំថ្លែងជាសាក្សីពីកិច្ចការដ៏ឧឡារិក និងឯករាជ្យនេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។