ឆ្នាំ ២០១០-២០១៩
រហូត​ដល់​យើង​ជួប​គ្នា​ម្ដង​ទៀត
តុលា 2013


រហូត​ដល់​យើង​ជួប​គ្នា​ម្ដង​ទៀត

សូម​ឲ្យ​យើង​បង្ហាញ​នូវ​សណ្ដាន​ចិត្ត​ល្អ​កាន់​តែ​ច្រើន​ចំពោះ​គ្នា​ទៅវិញ​ទៅមក ហើយ​សូម​ឲ្យ​យើង​រីករាយ​ក្នុង​ការធ្វើ​កិច្ចការ​ព្រះ​ជានិច្ច ។

បងប្អូន​ប្រុសស្រី ដួង​ចិត្ត​ខ្ញុំ​បាន​ពោរពេញ នៅ​ពេល​យើង​មក​ដល់​ការ​បញ្ចប់​នៃ​សន្និសីទ​ទូទៅ​ក្នុង​សាសនាចក្រ​ដ៏​អស្ចារ្យ​នេះ ។ យើង​បាន​ទទួល​ទាន​ខាង​វិញ្ញាណ នៅ​ពេល​យើង​ស្ដាប់​ការប្រឹក្សា និង​ទីបន្ទាល់​នៃ​អ្នក​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​សម័យ​ប្រជុំ​នីមួយៗ ។

យើង​មាន​ពរ​ដើម្បី​ជួប​គ្នានៅទីនេះ ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ដ៏​អស្ចារ្យ​ដោយ​ក្ដី​សុខសាន្ដ និង​សុវត្ថិភាព ។ យើង​បាន​ថត​ចម្លង​សន្និសីទ​នេះ ដើម្បី​ឆ្លង​គ្រប់​ទ្វីប ទៅ​ដល់​មនុស្ស​គ្រប់​ទីកន្លែង ។ ទោះ​ជា​យើង​នៅ​ឆ្ងាយ​គ្នា​ខាង​រូបកាយ​ពី​អ្នក​រាល់គ្នា​ច្រើន​ក្ដី ក៏​យើង​ដឹង​ពី​អារម្មណ៍​អ្នក​ដែរ ។

ចំពោះ​បងប្អូន​ប្រុស​យើង ដែល​ដោះលែង​នៅ​សន្និសីទ​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដោយ​អស់​ពី​ចិត្ត​ចំពោះ​ការបម្រើ​ដ៏​លះបង់​ដែល​បងប្អូន​បាន​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​សាសនាចក្រ ។ មាន​មនុស្ស​ជា​ច្រើន​បាន​ពរ​តាមរយៈ​ការបរិច្ចាគ​របស់​អ្នក​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ចម្រៀង​រោងឧបោសថ និង​ក្រុម​ចម្រៀង​ដទៃទៀត ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ ។ តន្ត្រី​ពិរោះ​ណាស់ ហើយ​បាន​បន្ថែម​យ៉ាង​អស្ចារ្យ​នឹង​ព្រះវិញ្ញាណ​ដែល​យើង​បាន​ទទួល​ក្នុង​សម័យប្រជុំ​នីមួយៗ ។

ខ្ញុំ​អរគុណ​អ្នករាល់​គ្នា​ចំពោះ​ការ​អធិស្ឋាន​របស់​អ្នក​ជំនួស​ខ្ញុំ និងអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​អ្នក​កាន់​តំណែង​ទូទៅ​ក្នុង​សាសនាចក្រ​ទាំងអស់ ។ ពួក​យើង​ត្រូវ​បាន​ពង្រឹង​តាម​រយៈ​នោះ ។

សូម​ឲ្យ​ព្រះពរ​នៃ​ស្ថានសួគ៌​ស្ថិត​នៅ​នឹង​អ្នក ។ សូម​ឲ្យ​គេហដ្ឋាន​យើង​បាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់ សេចក្ដី​ល្អ និង​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូម​ឲ្យ​អ្នក​បន្ដ​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​អ្នក​អំពី​ដំណឹងល្អ ដើម្បី​វា​ការពារ​ដល់​អ្នក​ទប់ទល់​នឹង​ការ​ធ្វើ​ទុក្ខ​របស់​មារសត្រូវ ។

ឥឡូវ​សន្និសីទ​បញ្ចប់​ហើយ ។ នៅពេល​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​ឲ្យ​មាន​សុវត្ថិភាព ។ សូម​ព្រះវិញ្ញាណ​ដែល​យើង​បាន​ទទួល​នៅ​ទីនេះ នឹង​នៅ​ជាមួយ​យើង ពេល​យើង​ទៅ​ធ្វើ​កិច្ចការ​នានា​របស់​យើង​ប្រចាំ​ថ្ងៃ​នោះ ។ សូម​ឲ្យ​យើង​បង្ហាញ​នូវ​សណ្ដានចិត្ត​ល្អ​កាន់​តែ​ច្រើន​ចំពោះ​គ្នា​ទៅវិញ​ទៅមក ហើយ​សូម​ឲ្យ​យើង​រីករាយ​ក្នុងការ​ធ្វើ​កិច្ចការ​ព្រះ​ជានិច្ច ។

បងប្អូន​ប្រុសស្រី​ខ្ញុំ​អើយ សូមឲ្យ​ព្រះ​ប្រទានពរ​អ្នក ។ សូម​ឲ្យភាព​សុខសាន្ដ​ដែល​ទ្រង់​បាន​សន្យា​គង់​នៅ​នឹង​អ្នក​នា​ពេល​នេះ និង​ជានិច្ច​តទៅ ។ ខ្ញុំ​សូម​លា​អ្នក​សិន​ហើយ រហូត​ដល់​យើង​ជួប​គ្នា​ម្ដង​ទៀត ក្នុង​ពេល​ប្រាំ​មួយ​ខែ​ក្រោយ ។ ក្នុង​នាម​នៃ​ព្រះ​អង្គ​សង្គ្រោះ​យើង ជា​ព្រះយេស៊ូវ​គ្រីស្ទ ជា​អម្ចាស់ អាម៉ែន ។