ឆ្នាំ ២០១០-២០១៩
ការកាន់​ខ្ជាប់​ជានិច្ច
តុលា 2013


ប្រកាន់​ខ្ជាប់​ជានិច្ច

សូម​ឲ្យ​យើង​កាន់​ខ្ជាប់​ជានិច្ច​នឹង​ដំបង​ដែក ដែល​នាំ​យើង​ទៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បិតា​សួគ៌ ។

ឪពុក​ខ្ញុំ​អាច​ចាំ​ពី​ថ្ងៃ និង​វេលា​ដែល​គ្រួសារ​គាត់ — លោក​តា លោក​យាយ និង​កូន​បួន​នាក់ — បាន​ចេញ​ពី​សាសនាចក្រ មាន​ច្រើន​នាក់​ពុំ​ត្រឡប់​មក​វិញ​ឡើយ ។ គាត់​មាន​វ័យ​ 13​ ឆ្នាំ ជា​ឌីកុន​ម្នាក់ ​នៅ​ជំនាន់​នោះ​ គ្រួសារ​ចូល​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​នៅ​ពេល​ព្រឹក បន្ទាប់​មក​មាន​ប្រជុំ​សាក្រាម៉ង់​ពេល​រសៀល ។ នា​រដូវ​ផ្ការីក​ដ៏​ឆើត​មួយ បន្ទាប់​ពី​ត្រឡប់​មក​ផ្ទះ​វិញ​ពីការ​​ថ្វាយ​បង្គំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ និង​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជុំ​គ្នា​ហើយ នោះ​លោក​យាយ​បាន​ងាក​ទៅ​លោក​តា សួរ​ថា « បង តើ​បង​គិត​ថា យើង​គួរ​ទៅ​ប្រជុំ​សាក្រាម៉ង់​នៅ​រសៀល​នេះឬទេ ឬ​យើង​គួរ​នាំ​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​ខេត្តវិញ » ?

គំនិត​ដែល​ថា គួរ​ទៅ​ ឬ​មិន​ទៅការ​​ប្រជុំ​សាក្រាម៉ង់ ឪពុក​ខ្ញុំ​ពុំ​ដែល​នឹក​ដល់​​ទេ តែ​គាត់ និង​បងប្អូន​ជំទង់​បី​នាក់​របស់​គាត់ បាន​​អង្គុយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ។ នា​រសៀល​ថ្ងៃ​អាទិត្យ​នោះ ការធ្វើ​ដំណើរ​ទៅ​ខេត្ត អាច​ជា​សកម្មភាព​គ្រួសារ​ដ៏​សប្បាយ​មួយ តែ​ការសម្រេច​ចិត្ត​តូច​នោះ បាន​ក្លាយ​ជា​ការ​ចាប់​ផ្ដើម​ទិស​ដៅ​ថ្មី​មួយ ដែល​ទីបំផុត​ បាន​នាំ​គ្រួសារ​គាត់​ចេញ​ពី​សាសនាចក្រ​ ដែល​ជា​ទី​សុវត្ថិភាព សន្ដិសុខ និង​ពរជ័យ ហើយ​បាន​នាំ​ទៅ​មាគ៌ា​ទីទៃ​មួយ​ផ្សេង​វិញ ។

មេរៀន​មួយ​នៅ​ជំនាន់​យើង​កាល​នោះ ដល់​អ្នកដែល​អាច​ត្រូវ​ល្បួង​ឲ្យ​ជ្រើស​ផ្លូវ​ទីទៃ ព្យាការី​ព្រះគម្ពីរ​មរមន លោក​លីហៃ ចែក​ចាយ​ការនិមិត្ត​មួយ​ជាមួយ​គ្រួសារ​ដែល​លោក « បាន​ឃើញ​ក្រុម​មនុស្ស​ជា​ច្រើន​ឥត​គណនា ពួក​គេ​ជា​ច្រើន​នាក់​ក្នុង​ចំណោម​នោះ កំពុង​តែ​ប្រជ្រៀត​ទៅ​មុខ ដើម្បី​ពួកគេ​អាច​ទៅ​ដល់​ផ្លូវ ដែល​នាំ​ទៅ​ដើម​ឈើ​ដែល [ លោក ] ឈរ​ជិត​នោះ ។

« ហើយ … ពួកគេ​បាន​ទៅ​មុខ ហើយ​ចាប់ផ្ដើម​ដើរ​នៅ​លើ​ផ្លូវ ដែល​នាំ​ទៅ​ដល់​ដើម​ឈើ​នោះ ។

« ហើយ … មាន​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​ដ៏​ធំ …  ដរាប​ដល់​ធ្វើ​ឲ្យ​ពួកគេ ដែល​បាន​ដើរ​នៅ​លើ​ផ្លូវ​នោះ​ត្រូវ​ធ្លាក់​វង្វេង​ផ្លូវ​ខ្ចាតខ្ចាយ​បាត់​អស់​ទៅ » ។1

បន្ទាប់​មក លីហៃ បាន​ឃើញ​ក្រុម​ទី​ពីរ​ដែល « កំពុង​តែ​ប្រជ្រៀត​ទៅ​មុខ ហើយ​ពួកគេ​បាន​ចេញ​មក​ចាប់​ចុង​ដំបង​ដែក ហើយ​ពួកគេ​ប្រជ្រៀត​ពុះពារ​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​ទៅ​មុខ ដោយ​ដើរ​សួ​តាម​ដំបង​ដែក​រហូត​ដល់​ពួកគេ​ទៅ​ដល់ ហើយ​ទទួល​ទាន​ផ្លែ​ឈើ​នោះ » ។ ជា​អកុសល « បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ហើយ នោះ​ពួកគេ​ក៏​សម្លឹង​មើល​ជុំ​វិញ​ខ្លួន ហាក់​បី​ដូច​ជា​ពួក​គេ​មាន​ការខ្មាស់​អៀន​ចំពោះ​ខ្លួន » ពី​ព្រោះ​តែ « អគារ​ដ៏​ធំ ហើយ​ទូលាយ​មួយ » ដែល « នៅ​ក្នុង​អាកប្បកិរិយា​ចំអក​ឡកឡឺយ ហើយ​ចង្អុល​ដៃ​ខ្លួន​ទៅ​រក​ពួក​អ្នក​ដែល​បាន​ទៅ​ដល់ ហើយ​កំពុង​តែ​ទទួល​ទាន​ផ្លែ​ឈើ​នោះ » ។ ក្រោយ​មក​មនុស្ស​ទាំង​នេះ « បាន​ធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ ហើយ​វង្វេង​បាត់​អស់​ទៅ » ។2 គេ​ពុំ​អាច ឬ​ប្រហែល​ពុំ​ចង់​កាន់​ខ្ជាប់​ដរាប​ចុង​បំផុត​ឡើយ ។

យ៉ាង​ណា​ក៏​ដោយ មាន​ក្រុម​ទី​បី ដែល​ពុំ​គ្រាន់​តែ​សម្រេច​បាន​ផ្លែ​ឈើ​ជីវិត​ទេ គេ​ទាំង​ពុំ​បាន​ឃ្លាត​ឆ្ងាយ​ទៀត​ផង ។ ព្រះគម្ពីរ​ចែង​ពី​រឿង​នេះ​ថា គេ​បាន​ប្រជ្រៀត​គ្នា « ទៅ​មុខ ដោយ​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច រហូត​ដល់​ពួកគេ​បាន​មក​ដល់ ហើយ​ដួល​ចុះ ហើយ​បរិភោគ​ផ្លែ​ឈើ​នោះ​ទៅ » ។3 ដំបង​ដែក​ ជា​តំណាង​ឲ្យ​ក្រុម​មនុស្ស​នេះ ជា​សុវត្ថិភាព និង​សន្ដិសុខ​មួយ​គត់ ដែល​គេ​អាច​រក​បាន ហើយ​គេ​បាន​កាន់​ខ្ជាប់​ជានិច្ច គេ​បដិសេធ​មិន​បោះ​បង់​ចោល សូម្បី​ជា​រឿង​សាមញ្ញៗ ដូច​ជា​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ក្តី ។

អែលឌើរ ដេវីឌ  អេ បែដណា បង្រៀន​ពី​ក្រុម​មនុស្ស​នេះ​ថា ៖ « ឃ្លា​គន្លឹះ​នៃ​ខ​គម្ពីរ​នេះ​គឺ ‹ កាន់​ខ្ជាប់​ជានិច្ច › ទៅ​នឹង​ដំបង​ដែក ។ … ប្រហែល​ជា​មនុស្ស​ក្រុម​ទី​បី​នេះ​អាន និង សិក្សា ហើយ ស្រាវជ្រាវ​បន្ទូល​នៃ​ព្រះគ្រីស្ទ ដោយ​ជាប់​លាប់ ។ … នេះ​ជា​ក្រុម​ដែល​អ្នក និង​ខ្ញុំ​គួរ​ខ្នះខ្នែង​ចូល​រួម » ។4

យើង​ទាំង​អស់​គ្នា ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​ព្រះ​សព្វ​ថ្ងៃ បាន​ធ្វើសេច​ក្ដី​សញ្ញា​ធ្វើ​តាម​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​គោរព​បទ​បញ្ញត្តិ​ព្រះ ។ កាល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក យើង​សន្យា​ឈរ​ជា​សាក្សី​នៃ​ព្រះ​សង្គ្រោះ5 ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ និង​អ្នក​ខ្វះខាត6 ដើម្បី​រក្សា​បទបញ្ញត្តិ និង​ប្រែចិត្ត ជា​ចាំបាច់ ដូច​សាវក​ប៉ុល បង្រៀន​ថា « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ [ ខ្វះ ] មិន​ដល់​សិរី​ល្អ​នៃ​ព្រះ » ។7

រាល់​សប្ដាហ៍ យើង​មាន​ឱកាស​ចូល​ប្រជុំ​សាក្រាម៉ង់ ដែល​យើង​អាច​រំឭកសេច​​ក្ដី​សញ្ញា​ទាំង​នេះ ដោយ​ការទទួល​ទាន​នំប៉័ង និង​ទឹក ។ ទង្វើ​សាមញ្ញ​នេះ ធ្វើ​ឲ្យ​យើង​ប្ដេជ្ញា​ខ្លួន​សារ​ជា​ថ្មី ដើម្បី​ធ្វើ​តាម​ព្រះ​គ្រីស្ទ និង​ប្រែចិត្ត ​ពេល​យើង​ធ្លាក់​ម្ដងៗ ។ ព្រះ​សន្យា​នឹង​យើង​ថា ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​ទ្រង់​ធ្វើ​ជា​មគ្គុទេសន៍ និង​ការថែរក្សាដល់​យើង ។

ពី ប្រកាស​ដំណឹង​ល្អ​របស់​យើង អ្នក​ផ្សាយ​សាសនា​បង្រៀន​ថា វិររណៈ និង​ទី​បន្ទាល់​កើត​មាន​ នៅ​ពេល​យើង​ចូល​រួម​ការប្រជុំ​សាសនាចក្រ ៖ « ពេល​យើង​ចូល​រួម​ក្នុង​ការបម្រើ​សាសនាចក្រ និង​ថ្វាយ​បង្គំ​រួម​គ្នា យើង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​ធ្វើ​ទំនាក់​ទំនង​ជា​ថ្មី​ជាមួយ​មិត្ត​ភ័ក្តិ និង​គ្រួសារ​យើង ។ សេចក្ដី​ជំនឿ​របស់​យើង​ ត្រូវ​បាន​ពង្រឹង ​នៅ​ពេល​យើង​សិក្សា​បទគម្ពីរ និង​រៀន​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ‍» ។8

គេ​អាច​សួរ​ថា ហេតុ​អ្វី​យើង​មាន​ការប្រជុំ​បី​ដាច់​ពី​គ្នា​នៅ​ថ្ងៃ​អាទិត្យ ហើយ​ហេតុអ្វី​ត្រូវ​ចូល​រួមនីមួយៗ ? ចូរ​មើល​ដោយ​សង្ខេប​ៗ​ទៅ​លើ​ការប្រជុំ​ទាំង​បី​នេះ ៖

  • ការប្រជុំ​សាក្រាម៉ង់​ផ្ដល់​ឱកាស​ឲ្យ​រួម​ចំណែក​ក្នុង​ពិធីការ​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ។ យើង​រំឭកសេច​​ក្ដី​សញ្ញា ទទួល​បាន​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​បន្ថែម​ទៀត និង​មាន​ពរជ័យ​បន្ថែម​ពី​ការណែនាំ និងការ​​ស្អាង​ឡើង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

  • ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ធ្វើ​ឲ្យ​យើង « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ »9 ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់អាច​ស្អាង​ឡើង ហើយ​ត្រេក​អរ​ជា​មួយ​គ្នា ។10 អំណាច​អស្ចារ្យ និង​ភាព​សុខ​សាន្ត​ផ្ទាល់​ខ្លួន​កើត​មាន ពេល​យើង​យល់​ពី​គោល​លទ្ធិ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

  • ការប្រជុំ​បព្វជិតភាព ជា​ពេល​សម្រាប់​បុរស និង​យុវជន « រៀន​ពី​ករណីយ​កិច្ច [ របស់​គេ ] »11 ហើយ  « ត្រូវ​បាន​ណែនាំ​កាន់តែ​ល្អ »12 និង​ការប្រជុំ​ថ្នាក់​សមាគម​សង្គ្រោះ ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​នៃ​សាសនាចក្រ « បង្កើន​ក្ដី​ជំនឿ​ខ្លួន … ពង្រឹង​គ្រួសារ [ របស់​គេ ] និង​គេហដ្ឋាន ហើយ​ជួយ​អ្នក​ខ្វះខាត » ។13

ដូច​គ្នា​នេះ​ដែរ យុវនារី និង​កុមារ​របស់​យើង ក៏​មាន​ការប្រជុំ​គេ​រៀងៗខ្លួន ហើយ​ថ្នាក់​ដែល​គេ​ត្រូវ​បាន​បង្រៀន​ដំណឹង​ល្អ ​គេ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ទំនួល​ខុស​ត្រូវ​សំខាន់​ដែល​នឹង​មាន ។ ក្នុង​ការប្រជុំ​នីមួយៗ​ដាច់​គ្នា​នេះ តែ​មាន​ទំនាក់ទំនង​គ្នា យើង​រៀន​ពី​គោលលទ្ធិ មាន​អារម្មណ៍​ព្រះ​វិញ្ញាណ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​ដែល​អាច​មាន​ការលើក​លែង​ដោយ​ព្រោះ​តែ​ចម្ងាយ​ផ្លូវ សោហ៊ុយ ឬ​សុខភាព នោះ​យើង​គួរ​ខិត​ខំចូល​រួម​ការប្រជុំ​ថ្ងៃ​អាទិត្យ​ទាំង​អស់ ។ ខ្ញុំ​សូម​សន្យា​ពី​ពរជ័យ​នៃ​អំណរ​ដ៏​ធំ និង​ភាព​សុខសាន្ត ដែល​នឹង​កើតមាន​មក​ពី​ការថ្វាយ​បង្គំ អំឡុង​​​ការប្រជុំ​ថ្ងៃ​អាទិត្យ​ទាំង​បី​ម៉ោង ។

គ្រួសារ​យើង​បាន​តាំង​ចិត្ត​ចូល​ការប្រជុំ​ថ្ងៃ​អាទិត្យ ។ យើង​ឃើញ​ថា វា​ពង្រឹង​ក្ដី​ជំនឿ​យើង ហើយ​ធ្វើ​ឲ្យ​យើង​យល់ដឹង​កាន់តែ​ជ្រៅ​ពី​ដំណឹង​ល្អ ។ យើង​ដឹង​ថា យើង​មាន​អារម្មណ៍​ល្អ​លើ​ការសម្រេច​ចិត្ត​យើង​ដើម្បី​ចូល​ការប្រជុំ​សាសនាចក្រ ជា​ពិសេស​ពេល​យើង​មក​ផ្ទះ​វិញ និង​បន្ត​រក្សា​ថ្ងៃ​ឈប់​សម្រាក ។ ទោះ​ជា​ពេល​វិស្សមកាល ឬ​ដំណើរ​កម្រាន្ត យើង​ក៏​ចូល​ការប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​អាទិត្យ​ដែរ ។ កូន​ស្រី​យើង​ម្នាក់​សរសរ​សំបុត្រ​មក​និយាយ​ថា នាង​ចូល​ព្រះ​វិហារ​ក្នុង​ទីក្រុង​មួយ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ ហើយ​បាន​បន្ថែម​ថា « មែន​ហើយ ប៉ា កូន​ចូល​រួម​ការប្រជុំ​ថ្ងៃ​អាទិត្យ​ទាំង​បី​ម៉ោង » ។ យើង​ដឹង​ថា នាង​បាន​ពរជ័យ​សម្រាប់​ការសម្រេច​ចិត្ត​សុចរិត​នាង ។

យើង​មាន​ជម្រើស​ជា​ច្រើន​ពី​របៀប​រក្សា​ថ្ងៃ​ឈប់​សម្រាក ។ វា​តែងតែ​មាន​សកម្មភាព « ល្អ » ខ្លះ​ដែល​អាច និង​គួរ​លះបង់​ វា​ជា​ជម្រើស​កាន់តែ​ប្រសើរ​នៃ​ការចូលរួម​ប្រជុំ​សាសនាចក្រ ។ នេះ​ជា​របៀប​មួយ​ពិត​ដែល​បច្ចាមិត្ត « បញ្ឆោត​ព្រលឹង [ យើង ] ហើយ​នាំ [ យើង​ដោយ​ប្រុង​ប្រយ័ត្ន ] ចុះ​ទៅ​ស្ថាន​នរក » ។14 វា​ប្រើ​សកម្មភាព « ល្អ » ជំនួស​ឲ្យ​សកម្មភាព « ល្អ​ជាង » ឬ « ល្អ​បំផុត » ។15

ការកាន់​ខ្ជាប់​ជានិច្ច​នឹង​ដំបង​មាន​ន័យ​ថា ទោះ​ជា​ទីណា​ក៏​ដោយ យើង​ចូល​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ដូចជា ៖ សាក្រាម៉ង់ សាលាថ្ងៃ​អាទិត្យ បព្វជិតភាព និង​សមាគម​សង្គ្រោះ ។ កូនៗ និង​យុវវ័យ​យើង​ចូល​រៀន​ក្នុង​ថ្នាក់​រៀងៗ​ខ្លួន ​ក្នុង​ថ្នាក់​បឋម​សិក្សា ថ្នាក់​យុវជន និងថ្នាក់​​យុវនារី ។ យើង​ពុំ​គួរ​រើស ឬ​ជ្រើស​យក​ការប្រជុំ​ណា​មួយ​ដើម្បី​ចូល​រួម​ឡើយ ។ យើង​កាន់​ខ្ជាប់​យ៉ាង​សាមញ្ញ​នឹង​បន្ទូល​នៃ​ព្រះ​ដោយ​ការថ្វាយ​បង្គំ និង​ចូល​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ។

ការកាន់​ខ្ជាប់​ជានិច្ច​នឹង​ដំបង​មាន​ន័យ​ថា យើងខិត​ខំ​រក្សា​បទបញ្ញត្តិ​ព្រះ ដោយ​អធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​រាល់​ថ្ងៃ ហើយ​សិក្សា​គម្ពីរ​ជា​ប្រចាំ ។

ការកាន់​ខ្ជាប់​ជានិច្ច​ជា​ផ្នែក​នៃ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ដូច​បាន​បង្រៀន​ក្នុង​ព្រះគម្ពីរ​មរមន ។ យើង​អនុវត្ត​​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ ប្រែចិត្តពី​បាប ផ្លាស់​ប្ដូរ​ដួង​ចិត្ត​យើង ហើយ​លំដាប់​នោះ សូម​ធ្វើ​តាម​ទ្រង់​ចុះ​ទៅ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ ហើយ​ទទួល​អំណោយ​បញ្ជាក់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ដើរ​តួ​ជា​មគ្គុទេសន៍ និង​អ្នក​លួង​ចិត្ត ។ ហើយ​ដូច​នីហ្វៃ​បង្រៀន​ថា « ជឿន​ទៅ​មុខ ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ » ដរាប​ដល់​អស់​ជីវិត ។16

បងប្អូន​ប្រុស​ស្រី យើង​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា ។ យើង​មាន​ឆន្ទៈ​ធ្វើ និង​រក្សា​សេច​ក្ដី​សញ្ញា ហើយ​ពរជ័យ​ដែល​បាន​សន្យា​នឹង​បាន​ទទួល « គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​វរ​បិតា​យើង​មាន » ។17 ពេល​យើង​កាន់​ខ្ជាប់​ជានិច្ច​នឹង​ដំបង​ដោយ​ការរក្សាសេច​​ក្ដី​សញ្ញា នោះ​យើង​នឹង​ត្រូវ​ពង្រឹង​ឲ្យ​តតាំង​នឹង​ការល្បួង និង​ហានិភ័យ​នៃ​លោកិយ ។ យើង​នឹង​អាច​កាច់​ចង្កូត​ជីវិត​រមែង​ស្លាប់​នេះ​ជាមួយ​នឹង​ឧបសគ្គ​ទាំង​អស់ ​ដរាប​យើង​ទៅ​ដល់​ដើម​ឈើ​មាន​ផ្លែ « ដ៏​ពិសេស ហើយ​គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែ​ណាៗ​ទាំង​អស់ » ។18

ឪពុក​ខ្ញុំ​មាន​សំណាង​រៀបការ​នឹង​នារី​ល្អ​ម្នាក់​ដែល​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ត្រឡប់​មក​សាសនាចក្រ​វិញ ហើយ​ផ្ដើម​រីកចម្រើន​ម្ដង​ទៀត​លើ​មាគ៌ា​នោះ ។ ជីវិត​ពេញ​ដោយ​ជំនឿ​គេ​ ប្រទាន​ពរ​ដល់​កូនៗ ចៅៗ​ជំនាន់​ក្រោយ ហើយ​ឥឡូវ​ដល់​ចៅ​ទួត ។

គ្រាន់​តែ​​ការសម្រេច​ចិត្ត​ចូល ឬ​ពុំ​ចូលការ​​ប្រជុំ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​តែ​ម្ដង ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​គ្រួសារ​ដូនតា​ខ្ញុំ ដូច្នេះ​ការសម្រេច​ចិត្ត​រាល់​ថ្ងៃ​របស់យើង ​នឹង​មាន​ឥទ្ធិពល​លើ​ជីវិត​តាម​របៀប​ផ្សេងៗ ។ មើល​ទៅ​វា​ហាក់​ដូច​ជាជា​​ការសម្រេច​ចិត្ត​តូច​មួយ ទោះ​ជា​ចូល ឬ​ពុំ​ចូល​ប្រជុំ​សាក្រាម៉ង់​ក្ដី តែ​វា​នាំ​ឲ្យ​មាន​ផល​កើត​ឡើង​ដែល​នឹក​ស្មាន​មិន​ដល់ សូម្បី​តែ​ភាព​អស់កល្ប​ក្តី ។

សូម​ឲ្យ​យើង​ជ្រើសរើស​មានភាព​​​ឧស្សាហ៍ ហើយ​ទទួល​បាន​ពរជ័យ​មហិមា និង​ការការពារ​ដែល​កើត​ពី​ការប្រជុំ​គ្នា និង​ការរក្សាសេច​ក្ដី​សញ្ញា ។ សូម​ឲ្យ​យើង​កាន់​ខ្ជាប់​ជានិច្ច​នឹង​ដំបង​ដែក ដែល​នាំ​យើង​ទៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បិតា​សួគ៌​ នៅ​ក្នុង​ការអធិស្ឋាន​របស់​ខ្ញុំ​ក្នុង​ព្រះ​នាម​ពិសិដ្ឋ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។