ឆ្នាំ ២០២៣
យើង​អាច​ប្រែចិត្ត​បាន
ខែ មីនា ឆ្នាំ ២០២៣


« យើង​អាច​ប្រែចិត្ត​បាន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

ខ្ញុំ​អាច​ធ្វើ គ្រប់​ទាំងអស់ បាន​ដោយសារ ព្រះគ្រីស្ទ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ពង្រឹង​ពួកគេ ដើម្បី​ធ្វើ​រឿង​លំបាកៗ ( សូមមើល ភីលីព ៤:១៣ ) ។

យើង​អាច​ប្រែចិត្ត​បាន

រូបភាព
យុវជន​ម្នាក់

ទោះបីជា​ខ្ញុំ​បាន​ជ្រមុជ​ទឹក ពេល​ខ្ញុំ​អាយុ​ប្រាំបី​ឆ្នាំ​ក្ដី ក៏​ខ្ញុំ​មិន​បាន​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​ជានិច្ច​នោះ​ដែរ ។ ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​ចាប់ផ្ដើម​ដើរលេង​ជាមួយ​មិត្ត​មួយ​ក្រុម ហើយ​យើង​ចាប់ផ្ដើម​ធ្វើ​រឿង ដែល​ខ្ញុំ​ដឹង​ថា​មិនល្អ​ទេ ។

ក្រោយពី​បងស្រី​របស់​ខ្ញុំ​បាន​រៀបការ​ហើយ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រឡប់​មក​ព្រះវិហារ​វិញ ។ ខ្ញុំ​បាន​រៀន​អំពី​សារៈសំខាន់​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ និង​ការប្រព្រឹត្ត​ដាក់​រាងកាយ​របស់​ខ្ញុំ​ឲ្យបាន​ល្អ ។

ប៉ុន្ដែ​ថ្ងៃមួយ ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើបាប​ដ៏ធ្ងន់ធ្ងរ​មួយ​ទៀត ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​មាន​ព្រះវិញ្ញាណ ឬ​អំណាច​បព្វជិតភាព​ជាមួយ​ខ្ញុំ​បាន​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ស័ក្ដិសម​យ៉ាងខ្លាំង ហើយ​បាន​គិត​ថា ខ្ញុំ​មិន​អាច​បំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ​នៅ​ព្រះវិហារ​បាន​ទេ ដូចជា​ការប្រសិទ្ធពរ និង​ការចែក​សាក្រាម៉ង់​ជាដើម ។

ប៉ុន្ដែ​ដំណឹងល្អ​បាន​បង្រៀន​ខ្ញុំ​ថា យើង​អាច​ប្រែចិត្ត​បាន​ជានិច្ច ។ វា​ពិបាក​ដើម្បី​ទៅជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ ហើយ​សារភាព​ពី​អំពើបាប​របស់​ខ្ញុំ ។ វា​ពិបាក​ដែល​ដឹង​ថា សមាជិក​ផ្សេងទៀត​អាច​ឃើញ​ខ្ញុំ​ដើរទៅ​ការិយាល័យ​របស់​ប៊ីស្សព ។ ប៉ុន្ដែ​ខ្ញុំ​ចង់​បាន​សេចក្ដី​សុខសាន្ដ​របស់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ចង់​ប្រែចិត្ត ។

ប៊ីស្សព​របស់​ខ្ញុំ​បាន​ពោល​ពាក្យ​អធិស្ឋាន​ជាមួយ​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​អស់​អ្នក​ដែល​ខិតខំ​ប្រែចិត្ត​ជានិច្ច ហើយ​ថា​ខ្ញុំ​អាច​សះស្បើយ​ពី​កំហុស​របស់​ខ្ញុំ​បាន ។ ឥឡូវ​នេះ ខ្ញុំ​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ និង​អធិស្ឋាន ហើយ​ខ្ញុំ​ដឹង​ថា វា​ជួយ​ខ្ញុំ​ឲ្យ​ទប់ទល់​ទៅនឹង​ការល្បួង​បាន ។

ប្រសិនបើ​ដំណើរការ​នៃ​ការប្រែចិត្ត​ពិបាក​សម្រាប់​បងប្អូន នោះ​បងប្អូន​គួរតែ​នឹកចាំ​ដល់​អំណោយទាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​ដ៏អព្ភូតហេតុ​របស់​ទ្រង់​ជានិច្ច ។ យើង​ទាំងអស់​គ្នា​មាន​អំពើបាប ហើយ​ធ្វើ​ខុស ហើយ​យើង​នឹង​មិន​ទទួល​បាន​ភាពល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ​ទេ ។ ប៉ុន្តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះលោហិត​ដែល​ទ្រង់​បាន​ស្រក់​សម្រាប់​ពួកយើង នោះ​យើង​អាច​ប្រែចិត្ត​បាន​ជានិច្ច ។ ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ឆ្ពោះ​ទៅមុខ​ទៅរក​ភាពល្អ​ឥតខ្ចោះ​បាន ។

ខិនណិត ប៊ី ប្រទេស​តុងហ្គា