ឆ្នាំ ២០២៣
ការក្លាយជា​ជើងឯក​ដ៏ពិត​ម្នាក់
ខែ មីនា ឆ្នាំ ២០២៣


« ការក្លាយជា​ជើងឯក​ដ៏ពិត​ម្នាក់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

ការក្លាយជា ជើងឯក ដ៏ពិត​ម្នាក់

ហ្វីលីព គឺជា​ជើងឯក​ដ៏ខ្លាំង​បំផុត​ម្នាក់​នៅក្នុង​ពិភពលោក​នេះ​ខាង​ក្បាច់គុន ដូចជា ការ៉ាតេ​យូដូ និង MMA ក្បាច់គុន​ចម្រុះ ។ ប៉ុន្ដែ​ការបម្រើ​បេសកកម្ម​គឺជា​អាទិភាព​ទីមួយ​របស់​គាត់ ។

រូបភាព
យុវជន​កំពុង​ហាត់​ក្បាច់គុន

រូបថត​ដោយ ស្សឺលី ប្រ៊ីតូ

ហ្វីលីព អេហ្វ មកពី​ទីក្រុង​ប៉ារ៉ា ប្រទេស​ប្រេស៊ីល មិន​មែន​ជា​យុវជន​វ័យ ១៨ ឆ្នាំ​ទូទៅ​ធម្មតា​នោះ​ទេ ។ គាត់​បាន​ចូល​ប្រកួត​ក្នុង​ការប្រកួត​ប្រជែង​ដែល​មាន​វិជ្ជាជីវៈ​ជាច្រើន​ផ្នែក​ក្បាច់គុន​ចម្រុះ ( MMA ) យូដូ និង​ការ៉ាតេដូ ។ ហើយ​គាត់​ពូកែ​ណាស់​ក្នុង​ជំនាញ​របស់​គាត់ ។ គាត់​បាន​ឈ្នះ​ការប្រកួត​ប្រជែង International Iron Man MMA ។ គាត់​គឺជា​ជើងឯក​ថ្នាក់​ជាតិ​នៅ​ទីក្រុង​ប៉ារ៉ា​ពីរ​ដង ជា​ជើងឯក​មេដាយ​ប្រាក់​នៅ​ប្រទេស​ប្រេស៊ីល និង​ជា​ជើងឯក​មេដាយ​ប្រាក់​ផ្នែក​យូដូ​ថ្នាក់​អន្ដរជាតិ ។ ហើយ​គាត់​គឺជា​ជើងឯក​ថ្នាក់​ជាតិ​នៅ​ទីក្រុង​ប៉ារ៉ា ១០ ដង ជា​ជើងឯក​នៅ​ប្រទេស​ប្រេស៊ីល ១០ ដង ជា​ជើងឯក​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ជា​ជើងឯក Pan-American និង​ជា​ជើងឯក​លំដាប់​ពិភពលោក​ផ្នែក​ការ៉ាតេដូ ៣ ដង ។ អស្ចារ្យ​មែន !

រូបភាព
យុវជន​ជាមួយ​នឹង​ពានរង្វាន់ និង​មេដាយ

មូលហេតុ​សម្រាប់​ជោគជ័យ​របស់​គាត់

ហ្វីលីព បាន​ហ្វឹកហាត់​តាំងពី​គាត់​អាយុ​ប្រាំពីរ​ឆ្នាំ​ម្ល៉េះ ។ ប៉ុន្ដែ​គាត់​ជឿ​លើ​មូលហេតុ​ដ៏ធំ​បំផុត​មួយ​សម្រាប់​ជោគជ័យ​របស់​គាត់ គឺ​ព្រះ ។ គាត់​និយាយ​ថា « ខ្ញុំ​តែងតែ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអម្ចាស់​ជានិច្ច » ។

អំឡុង​ការប្រកួត​ជើងឯក​ការ៉ាតេដូ Pan-American របស់​គាត់​លើក​ក្រោយ​នេះ ហ្វីលីព មិន​សូវមាន​ទំនុកចិត្ត​ខ្លាំង​ទេ ។ ប៉ុន្ដែ​ក្រោយមក ប៉ា​របស់​គាត់​បាន​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​គាត់ ។ « បន្ទាប់ពី​ការប្រសិទ្ធពរ​នោះ គំនិត​ខ្ញុំ​បាន​ភ្លឺស្វាង​ឡើង ហើយ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃ​នោះ ។ ការប្រកួត​ចុងក្រោយ​ពីរ​ដែល​ខ្ញុំ​បាន​ឈ្នះ ខ្ញុំ​សល់​ពេល​តែ​មួយ​វិនាទី​ទៀត​តែ​ប៉ុណ្ណោះ ។ គ្រប់គ្នា​គិត​ថា វា​មិន​អាច​ទៅរួច​ទេ ។ ខ្ញុំ​បាន​បញ្ចេញ​ក្បាច់​ដែល​មិន​បាន​រំពឹង​ទុក​មួយ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈ្នះ ហើយ​សម្រាប់​ខ្ញុំ ទាំងអស់​នេះ​កើតឡើង​ដោយសារតែ​ពរជ័យ​របស់​ប៉ា​ខ្ញុំ » ។

រូបភាព
យុវជន​ម្នាក់​លោត​ធាក់​តាម​ក្បាច់គុន

ប៉ា​របស់​គាត់​បាន​ផ្ដល់​ការប្រសិទ្ធពរ​ជាច្រើន​ដល់​គាត់​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ។ ហ្វីលីព ដឹង​ថា ការទទួល​បាន​ពរជ័យ​មិនមែន​មាន​ន័យ​ថា គាត់​នឹង​ឈ្នះ​រហូត​នោះ​ទេ ប៉ុន្ដែ​គាត់​ជឿ​ថា ព្រះអម្ចាស់​អាច​ជួយ​គាត់​ឲ្យ​បន្ដ​ផ្ចង់​អារម្មណ៍ ហើយ​អភិវឌ្ឍ​ទេពកោសល្យ​របស់​គាត់​ឲ្យបាន​កាន់តែ​ប្រសើរ ។ ហ្វីលីព និយាយ​ថា « ការណ៍​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង ។ ខ្ញុំ​ដឹង​ថា មិន​ថា​លទ្ធផល​ទៅជា​យ៉ាងណា​នោះ​ទេ វត្តមាន​នៃ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅតែ​មាន​ជានិច្ច » ។

គ្រួសារ​របស់​គាត់​ទាំងមូល​ក៏​ផ្ដល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផងដែរ ។ នៅឯ​ការប្រកួត​ប្រជែង MMA មួយ ហ្វីលីព​បាន​ឃើញ​គ្រួសារ​របស់​គាត់​នៅកន្លែង​អង្គុយ​មើល​ការប្រកួត ។ « ពួកគេ​ទាំងអស់​គ្នា​អង្គុយ​នៅ​ទីនោះ​ស្រែក​ហ៊ោ​ឈ្មោះ​របស់​ខ្ញុំ ។ ខ្ញុំ​ឡើង​គាំង » ។ គាត់​បន្ថែម​ថា « ខ្ញុំ​ពិតជា​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ឪពុក និង​ម្ដាយ​របស់​ខ្ញុំ ដែល​បាន​បង្ហាញ​ផ្លូវ​ត្រូវ​ដល់​ខ្ញុំ » ។

រូបភាព
ក្រុមគ្រួសារ​កំពុង​ដើរ​នៅ​ខាងក្រៅ

ហ្វីលីព មាន​អារម្មណ៍​ថា ការដើរ​តាម​ផ្លូវត្រូវ​បាន​ជួយ​ដល់​គាត់​នៅក្នុង​វិស័យ​កីឡា​របស់​គាត់ ។ មិត្ត​របស់​គាត់​ឧស្សាហ៍​សើច​ចំអក​ដាក់​គាត់ ពេល​គាត់​មិន​ធ្វើ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ។ ប៉ុន្ដែ ហ្វីលីព មិន​សោកស្ដាយ​ឡើយ ។ « គឺ​ដូចជា​ដំណឹងល្អ​នាំមក​នូវ​ពរជ័យ​ដែរ នៅក្នុង​វិស័យ​កីឡា វា​នាំមក​នូវ​សមិទ្ធផល ! ទាំង​ការមិន​ទៅ​ជប់លៀង​ជាមួយ​មិត្តភក្ដិ​របស់​ខ្ញុំ និង​ការបរិភោគ​អាហារ​ត្រឹមត្រូវ​ជះ​ឥទ្ធិពល​លើ​លទ្ធផល​នេះ » ។

រូបភាព
គ្រួសារ​នៅឯ​តុ​អាហារ

ការសម្រេច​ចិត្ត​ដើម្បី​បម្រើ​បេសកកម្ម

ឥឡូវ​នេះ​គាត់​អាយុ ១៨ ឆ្នាំ​ហើយ ហ្វីលីព មាន​ឱកាស​ជាច្រើន ។ ថ្មីៗ​នេះ គាត់​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​សាលា​ក្បាច់គុន​ចម្រុះ MMA ដ៏ល្បីល្បាញ​មួយ ហើយ​គាត់​ទទួល​បាន​សំណើ​មកពី​អ្នកគ្រប់គ្រង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​នេះ ។ ប៉ុន្ដែ​គាត់​ចង់​បម្រើ​បេសកកម្ម​សិន ។

គាត់​ពោល​ថា « សម្រាប់​ខ្ញុំ វា​គឺជា​ជម្រើស​ដ៏ងាយស្រួល ។ ការធ្វើ​តាម​ព្រះអម្ចាស់​គឺជា​អាទិភាព​ដំបូង​គេ​បង្អស់ ។ អ្វីៗ​ផ្សេងទៀត​អាច​រង់ចាំ​បាន ដោយសារ​ទ្រង់​តែងតែ​ប្រទាន​ពរជ័យ​ដល់​យើង​ជានិច្ច ពេល​យើង​គោរព​ប្រតិបត្តិ​តាម » ។

បងប្រុស​របស់ ហ្វីលីព ឈ្មោះ ហ៊ូញរ ដែល​ទើប​ត្រឡប់​មកពី​បេសកកម្ម​នាពេល​ថ្មីៗ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​ចិត្ត​របស់​គាត់ ។ គាត់​បាន​ប្រាប់​ហ្វីលីព​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការបម្រើ​បេសកកម្ម​នោះ​ទេ ហើយ​ថា​គាត់​គួរតែ​ទៅ​បម្រើ ទោះជា​មាន​មនុស្ស​ជាច្រើន​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​មិនឲ្យ​ទៅ​ក៏ដោយ ។

ហើយ មាន មនុស្ស​ប្រាប់​ហ្វីលីព​ថា គាត់​គួរតែ​នៅផ្ទះ ។ បងប្អូន​ជាច្រើន​នៅក្នុង​រង្វង់​គ្រួសារ​សាច់ឆ្ងាយ​របស់​គាត់​ពុំមែន​ជា​សមាជិក​សាសនាចក្រ​ទេ ។ ហ្វីលីព និយាយ​ថា « ពួកគាត់​មិន​យល់​ថា ការបម្រើ​បេសកកម្ម​មាន​តម្លៃ​ជាង​ការមាន​បាន និង​ការល្បីល្បាញ​នោះទេ ។ ខ្ញុំ​គ្រាន់តែ​ព្យាយាម​បង្រៀន​ដំណឹងល្អ ពេល​គ្រា​ទាំងនោះ​មកដល់​ប៉ុណ្ណោះ » ។ ហើយ​គ្រា​ទាំងនោះ​មួយ បាន​នាំ​ទៅរក​បទពិសោធន៍​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏មាន​អានុភាព​មួយ ។

បងប្អូន​ជីដូន​មួយ​របស់​ហ្វីលីព បាន​ស្លាប់​នាពេល​ថ្មីៗ​នេះ ហើយ​ពូ​របស់​ហ្វីលីព បាន​ទួញសោក​នឹង​មរណភាព​របស់​កូនប្រុស​គាត់ ។ ហ្វីលីព បាន​ប្រាប់​ពូ​របស់​គាត់​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ក្រោយ​មក ពូ​របស់​គាត់​បាន​ឱប​គាត់ ហើយ​បាន​សុំទោស​ដែល​បាន​ប្រាប់​គាត់​មិន​ឲ្យ​ទៅ​បេសកកម្ម ។ ហ្វីលីព ចាំ​ថា « គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​អំណោយទាន​ក្នុង​ការប៉ះ​ដល់​ដួងចិត្ត​មនុស្ស​ទូទៅ ហើយ​ថា​ខ្ញុំ​ត្រូវ​ទៅ​បម្រើ ។ វា​គឺជា​គ្រា​ដ៏ពិសេស​មួយ​សម្រាប់​ខ្ញុំ ពេល​មនុស្ស​ម្នាក់​ដែល​មិន​ដឹង​ពី​បេសកកម្ម​សោះ តែ​បាន​យល់ពី​គោលបំណង​ដ៏ពិត​ប្រាកដ​នៃ​បេសកកម្ម » ។

មាន​ពេល​ជាច្រើន​លើក​ដែល ហ្វីលីព មិន​ប្រាកដ​ខ្លួនឯង​អំពី​បេសកកម្ម​ដែរ ។ « ខ្ញុំ​អាន​ព្រះគម្ពីរ​ខ្ញុំ​រាល់ថ្ងៃ ហើយ​នៅ​យប់​មួយ ខ្ញុំ​មាន​ការសង្ស័យ​ជាច្រើន​អំពី​ជម្រើស​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​គិត​ថា ‹ តើ​ខ្ញុំ​គួរតែ​នៅ​ផ្ទះ ហើយ​ចូល​ប្រកួត​ឲ្យ​បាន​យូរ​ជាងនេះ​បន្ដិច​ទៀត​ឬ ? › ប៉ុន្ដែ​ក្រោយមក ខ្ញុំ​អាន​ក្នុង​ព្រះគម្ពីរ​មរមន​អំពី​ពួកសាសន៍​នីហ្វៃ ដែល​ចាប់ផ្ដើម​ប្រែជា​លែង​មាន​អំណរគុណ ហើយ​ចាប់​មាន​សេចក្ដី​ឆ្មើងឆ្មៃ ។ យ៉ាកុប​បាន​បង្រៀន​ពួកគេ​ថា ពួកគេ​ត្រូវ​ដាក់​ព្រះអម្ចាស់​ទីមួយ ។ [ សូមមើល យ៉ាកុប ២:១២–២១ ] ។ នៅ​គ្រា​នោះ ខ្ញុំ​មិនមាន​ការសង្ស័យ​អំពី​ជម្រើស​របស់​ខ្ញុំ​ឡើយ » ។

រូបភាព
យុវជន​កំពុង​អាន​ព្រះគម្ពីរ

« ថ្ងៃនេះ​ខ្ញុំ​ដឹងពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រឡប់​មកពី​បេសកកម្ម​របស់​ខ្ញុំ​វិញ ហើយ​ទទួល​បាន​ពរជ័យ​តាម​របៀប​ផ្សេងៗ ។ វា​អាចជា​ការប្រកួត MMA ឬ​អ្វីមួយ​ផ្សេងទៀត ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ព្រះ​ប្រទាន​អ្វី​ដែល​យើង​ត្រូវការ​ដល់​យើង » ។

អំណាច​នៃ​ការប្រែចិត្ត​ជឿ​ជារៀង​រាល់ថ្ងៃ

ហ្វីលីព មិន​មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំង និង​មាន​ទំនុកចិត្ត​អំពី​បេសកកម្ម—ឬ​សាសនាចក្រ​ជានិច្ច​នោះទេ ។ គាត់​និយាយ​ថា « ខ្ញុំ​ក៏មាន​គ្រា​នៅក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​មិន​រឹងមាំ​នៅក្នុង​ដំណឹងល្អ​ដែរ ហើយ​វា​តែង​មាន​អារម្មណ៍​ថា​ដូចជា​បាត់​អ្វីមួយ​អ៊ីចឹង ។ បងប្អូន​ស្គាល់​មនុស្ស​ដែល​គ្រាន់តែ​ទៅ​ព្រះវិហារ ហើយ​មិន​ធ្វើអ្វី​ផ្សេងទៀត​ទេ ? មនុស្ស​អ៊ីចឹង​គឺ​ខ្ញុំ​នេះ​ហើយ » ។ ក្រោយពី​និយាយ​ជាមួយ​បងប្រុស និង​ប៊ីស្សព​របស់​គាត់​អំពី​ការបម្រើ​បេសកកម្ម​ហើយ គាត់​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​អធិស្ឋាន និង​អាន​ព្រះគម្ពីរ​របស់​គាត់​ជារៀង​រាល់ថ្ងៃ ។

« ខ្ញុំ​គិត​ថា អ្វី​ដែល​បាន​ជួយ​ខ្ញុំ​គឺ​ការប្រែចិត្ត​ជឿ​ជារៀង​រាល់ថ្ងៃ ។ ខ្ញុំ​បាន​ធំឡើង​នៅក្នុង​សាសនាចក្រ ហើយ​អស់​មួយ​រយៈ ខ្ញុំ​មិនបាន​ស្វែងរក​ការប្រែចិត្ត​ជឿ​នោះទេ ដោយសារ​ខ្ញុំ​ធំឡើង​នៅក្នុង​ផ្ទះ​មួយ​ដែល​មាន​ជំនឿ ហើយ​គិត​ថា វា​ល្អ​គ្រប់គ្រាន់​ហើយ ។ តែ​ឥឡូវ​នេះ ខ្ញុំ​ខំប្រឹង​ដើម្បី​មាន​ទីបន្ទាល់​មួយ​ជា​រៀង​រាល់ថ្ងៃ » ។

រូបភាព
យុវជន​ជាមួយ​គ្រូបង្វឹក​ក្បាច់គុន

ជើងឯក​ដោយសារ​តែ​ព្រះអម្ចាស់

ហ្វីលីព ដឹង​ថា ការជ្រើសរើស​ផ្លូវ​ត្រូវ​មិន​មែន​មាន​ន័យ​ថា គាត់​នឹង​ឈ្នះ ឬ​ឲ្យ​អ្វីៗ​ដំណើរការ​តាម​បំណង​របស់​គាត់​ជានិច្ច​នោះ​ទេ ។ « ខ្ញុំ​ចាំ​ថា​បាន​ទៅ​ការប្រកួត​ប្រជែង​មួយ ដោយ​គិត​ថា ខ្ញុំ​បាន​រៀបចំ​ខ្លួន​ជាស្រេច​ហើយ តែ​ខ្ញុំ​បាន​ចាញ់​នៅ​ទឹក​ទីមួយ ។ ពេល​មួយ​ទៀត ខ្ញុំ​បាន​នៅ​ផ្ទះ​ដោយសារ​បាន​រង​របួស ។ ខ្ញុំ​ចាំ​ថា​បាន​ក្រោក​ពី​ព្រលឹម សម្លឹង​មើលទៅ​ពិដាន ហើយ​គិត​ថា តើ​ទាំងអស់​នេះ​ស័ក្ដិសម​នឹង​ការខិតខំ​របស់​ខ្ញុំ​ដែរ​ឬទេ ។ ពេលខ្លះ​ខ្ញុំ​គ្រាន់តែ​ចង់​ងាកក្រោយ ហើយ​ចូល​គេង​វិញ​ប៉ុណ្ណោះ ប៉ុន្ដែ​ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ចេញទៅ​ហ្វឹកហាត់ ។ ការក្លាយជា​ជើងឯក​ម្នាក់ គឺ​ហួសពី​ការឈ្នះ​ទៅ​ទៀត ។ វា​គឺជា​អ្នក​ដែល​យកឈ្នះ​ជា​រៀង​រាល់ថ្ងៃ យកឈ្នះ​លើ​កំហុស យកឈ្នះ​លើ​ការសាកល្បង​ទាំងឡាយ » ។

ព្រះអង្គ​សង្រ្គោះ​គឺជា​ការជំរុញ​ទឹកចិត្ត​របស់ ហ្វីលីព ដើម្បី​យកឈ្នះ​លើ​គ្រប់​ផ្នែក​ទាំងអស់​នៅក្នុង​ជីវិត​នេះ ។ « ប្រសិនបើ​យើង​ចង់​ក្លាយ​ដូចជា​ទ្រង់ នោះ​យើង​ត្រូវ​ធ្វើ​អ្វី​ដែល​ទ្រង់​ធ្វើ តែងតែ​ព្យាយាម​ឈរ​រឹងមាំ​ជានិច្ច ពង្រឹង​ខ្លួន​យើង ហើយ​គិត​ដល់​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ។ ការណ៍​នោះ​បំផុស​គំនិត​ខ្ញុំ​នៅក្នុង​សកម្មភាព​របស់​ខ្ញុំ​ជារៀង​រាល់ថ្ងៃ គឺ​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។ នៅពេល​ខ្ញុំ​ឃើញ​អ្វីមួយ​ដែល​ខ្ញុំ​អាច​ផ្លាស់ប្ដូរ​បាន នោះ​ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ទូលសូម​ការអភ័យទោស ដោយ​ព្យាយាម​ធ្វើឲ្យ​បាន​ប្រសើរ​ជាងមុន​ជានិច្ច ។ ជើងឯក​ដ៏ពិត​ម្នាក់​គឺជា​បុគ្គល​ដែល​ដួល​ច្រើន​ដង​ច្រើន​សា ហើយ​ទោះជា​នៅ​កណ្ដាល​ភាពស្មុគស្មាញ​ក្ដី ក៏​គាត់​ក្រោក​ឡើង ហើយ​បន្ដ​ដើរ​ទៅមុខ​ដែរ » ។

ហ្វីលីព ថ្លែង​ថា « ខ្ញុំ​គឺជា​ជើងឯក​ដោយសារ​តែ​ព្រះអម្ចាស់ ។ ប្រសិនបើ​មិន​ដោយសារ​ទ្រង់​ទេ នោះ​ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នឹង​ទៅដល់​ទីណា​ហើយ​ទេ ។ ប៉ុន្ដែ​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា ខ្ញុំ​នឹង​មិនមាន​អ្វី​ទាំងអស់​ដែល​ខ្ញុំ​មាន​នៅពេល​នេះឡើយ ។ ការរស់នៅ​តាម​ដំណឹងល្អ​បាន​ធ្វើឲ្យ​ខ្ញុំ​ក្លាយជា​ជើងឯក​ក្នុង​ជីវិត​នេះ និង​ខាង​វិស័យ​កីឡា​ផងដែរ » ។