ឆ្នាំ ២០២៣
គោលការណ៍​ទូទៅ ជម្រើស​ជាក់លាក់
ខែ មីនា ឆ្នាំ ២០២៣


« គោលការណ៍​ទូទៅ ជម្រើស​ជាក់លាក់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

គោលការណ៍​ទូទៅ ជម្រើស​ជាក់លាក់

តើ​អ្នក​អនុវត្ត​គោលការណ៍​ទូទៅ​នៅក្នុង​ស្ថានភាព​ជាក់លាក់​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

រូបភាព
យុវនារី​នៅក្រោម​កែវ​ពង្រីក

រចនា​រូបភាព​ដោយ ចស ថាលបូត

នេះ​គឺ​ជា​ពាក្យសម្ដី​ដកស្រង់​ចំនួន​បី​មកពី​ព្យាការី​បី​រូប​ខុសៗ​គ្នា ។ សូមមើល​ថា​តើ​អ្នក​អាច​រក​ឃើញ​ប្រធានបទ​ស្រដៀងគ្នា​ដែរ​ឬ​ទេ ៖

« ចូរ​មាន​ប្រាជ្ញា​ឡើង ចុះ​តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត ? »

« យើង​ពុំ​អាច​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​អស់​នូវ​ការណ៍​ទាំងឡាយ ដែល​អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ » ។

« ខ្ញុំ​បង្រៀន​ពួកគេ​តាម​គោលការណ៍​ត្រឹមត្រូវ ហើយ​ពួកគេ​គ្រប់គ្រង​ខ្លួនឯង​ផ្ទាល់ » ។

Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៨៤ ។

វា​មើលទៅ​ហាក់​ដូចជា​ព្យាការី​ផ្ដល់​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់​ដល់​យើង រួចហើយ​ទុក​ឲ្យ​យើង​រស់នៅ​តាម​វា​ដោយ​ខ្លួនឯង ។ ពួកលោក​មិន​ផ្ដល់​សេចក្ដី​លម្អិត​គ្រប់​ចំណុច​ដល់​យើង​នោះ​ទេ ។ ដូច្នេះ តើ​យើង​ទទួល​យក​ការបង្រៀន​របស់​ពួកលោក ហើយ​អនុវត្ត​តាម​ការបង្រៀន​ទាំង​នោះ​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​អនុវត្ត​តាម​ការបង្រៀន​របស់​ព្យាការី​ដោយ​របៀប​ណា ?

ព្យាការី​ផ្ដល់​បទបញ្ញត្តិ​មកពី​ព្រះអម្ចាស់​ដល់​ពួកយើង ។ ពួកលោក​ក៏បង្រៀន​យើង​អំពី​គោលការណ៍ និង​សេចក្ដី​ណែនាំ​នានា ដែល​ជួយ​យើង​ឲ្យ​អនុវត្ត​តាម​សេចក្ដីពិត និង​បទបញ្ញត្តិ​ដ៏​អស់កល្ប​ផងដែរ—ឧទាហរណ៍​នៅក្នុង​សេចក្ដី​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ជាដើម ។

ប៉ុន្ដែ​ពេលខ្លះ សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឆ្ងល់ពី​រឿង​លម្អិត—រឿង​ជាក់លាក់​នានា ដែល​យើង​គួរតែ​ធ្វើ​ដើម្បី​រស់នៅ​តាម​គោលការណ៍ និង​បទបញ្ញតិ្ត​នៃ​ដំណឹងល្អ​ឲ្យបាន​ល្អ​បំផុត ។ ឧទាហរណ៍ សមាជិក​អាច​ឆ្ងល់​ពី​ប្រភេទ​សម្លៀក​បំពាក់​បែបណា​ឲ្យ​ប្រាកដ ដែល​បង្ហាញ​ពី​ការគោរព​យ៉ាង​សមរម្យ​ដល់​រាងកាយ​របស់​ពួកគេ ។ ឬ​ពួកគេ​អាច​ឆ្ងល់​ថា​តើ​ពួកគេ​គួរតែ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ទៅ នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​រក្សា​វា​ឲ្យ​បាន​បរិសុទ្ធ ។

គោលការណ៍​ទូទៅ​អាច​អនុវត្ត​បាន​តាម​របៀប​ជាក់លាក់​ផ្សេងៗ​គ្នា​ដោយ​មនុស្ស​ខុសៗ​គ្នា ប៉ុន្ដែ​យើង​អាច​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​បាន នៅពេល​យើង​​ជ្រើស​ជម្រើស​ផ្ទាល់ខ្លួន​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ខិត​កាន់តែ​ជិត​ព្រះ ។

គន្លង​ដ៏​មាន​ប្រយោជន៍

ប្រធាន រ័សុល អិម ណិលសុន ធ្លាប់​បាន​ពន្យល់​ពី​របៀប​ដែល​លោក​បាន​រើសយក​ជម្រើស​ក្នុង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ៖

« ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា ទីសម្គាល់ រវាង​ខ្ញុំ និង​ព្រះវរបិតា​សួគ៌​ខ្ញុំ ។ ដោយ​មាន​ការយល់​ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ ? › សំណួរ​នោះ​បាន​ធ្វើឲ្យ​ជម្រើស​របស់​ខ្ញុំ​អំពី​ថ្ងៃ​ឈប់​សម្រាក​ច្បាស់​ដូចជា​កែវ​គ្រីស្ទាល់ » ( សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៥EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ] ) ។

របៀប​ដែល​ប្រធាន ណិលសុន បាន​ឆ្លើយ​នឹង​សំណួរ​ជាក់លាក់​នេះ អាច​បង្ហាញ​យើង​ពី​គន្លង​ទូទៅ​មួយ​ក្នុង​ការធ្វើ​ការជ្រើសរើស​អំពី​បទបញ្ញត្តិ និង​គោលការណ៍​ណែនាំ​ទាំងឡាយ ។ នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​បង្ហាញ​វា​បាន ៖

អ្នក​អាច​ធ្វើ​តាម​គន្លង​នេះ​ជាមួយ​បទបញ្ញត្តិ ឬ​គោលការណ៍​ណែនាំ​ណា​ក៏បាន—ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការកម្សាន្ដ តន្ដ្រី ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ និង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៀតផង ។ វា​ត្រូវការ​កិច្ចខិតខំ​មួយ​ចំនួន ប៉ុន្ដែ​វា​នឹង​ស័ក្ដិសម​ចំពោះ​ការខិតខំ​នោះ ។

នៅពេល​អ្នក​សិក្សា​ពី​ការណ៍​ទាំង​នេះ អ្នក​អាច​អាន​អ្វី​ដែល​ព្រះគម្ពីរ និង​ព្យាការី​សម័យ​ទំនើប​បាន​ថ្លែង​អំពី​វា សញ្ជឹង​គិត រួចហើយ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ ។ បន្ទាប់​មក ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក និង​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើការ​ជ្រើសរើស​ល្អៗ ។

ចុះ​ជម្រើស​របស់​អ្នក​ផ្សេង​វិញ​នោះ ?

សូម​កត់​ចំណាំ​ថា ប្រធាន ណិលសុន មិន​បាន​ប្រាប់​យើង​ពី​ជម្រើស​ជាក់លាក់​អ្វី​ដែល​លោក​បាន​ធ្វើ​អំពី​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ។ លោក​បាន​បង្ហាញ​យើង​ពី​របៀប​ដែល​យើង​អាច​ធ្វើការ​ជ្រើសរើស​ដោយ​ខ្លួនឯង​បាន ។ អ្នក​ប្រហែល​ជា​ធ្វើការ​ជ្រើសរើស​ជា​ច្រើន​ដូច​ដែល​លោក​បាន​ធ្វើ​ពីមុន​ដែរ ។ ប៉ុន្ដែ​ចំណុច​សំខាន់​នោះ​គឺ ការព្យាយាម​ខិត​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ជម្រើស​របស់​យើង ។

ប្រសិនបើ​ប្អូនៗ​សម្គាល់​ឃើញ​នរណា​ម្នាក់​ផ្សេងទៀត​នៅក្នុង​ព្រះវិហារ មិន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដូចគ្នា​នឹង​របៀប​ដែល​អ្នក​ធ្វើ​ទេ នោះ​អ្នក​មិន​ចាំបាច់​ខ្វល់​ទៅ​កែតម្រូវ​ពួកគេ​នោះទេ ។ ដូច​ដែល រ៉េណា អ៊ី អាប៊ើតូ អតីត​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ធ្លាប់​បាន​ថ្លែង​ថា « ចូរ​យើង​ធ្វើតាម​ផ្លូវ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បង្កើន​ចិត្ត​អាណិត​អាសូរ​របស់​យើង បន្ថយ​ការចង់​វិនិច្ឆ័យ​គេ​របស់​យើង ហើយ​ឈប់​ធ្វើជា​អធិការ​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​អ្នកដទៃ » ( សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៩EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨ ] ) ។

អ្នក​អាច​ឱប​ក្រសោប​គោលការណ៍​ត្រឹមត្រូវ​ទាំងឡាយ ដែល​បាន​បង្រៀន​ដោយ​ព្យាការី​បាន ។ អ្នក​អាច​ចង្អុល​ប្រាប់​អ្នកដទៃ​ឲ្យ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ សេចក្ដី​ស្រឡាញ់ ព្រះទ័យ​អាណិត​អាសូរ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់​បាន ។ អ្នក​អាច​អាន​សេចក្ដី​ណែនាំ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន បាន ។ អ្នក​អាច​ព្យាយាម​រស់នៅ​ដោយ​ស្មោះត្រង់​ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើជា​គំរូ​ដ៏ល្អ ហើយ​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​អ្នក​បាន ។

ប្រសិនបើ​អ្នក​ផ្ដោតលើ​ការស្រឡាញ់​ព្រះ និង​ការស្រឡាញ់​មនុស្ស​ដទៃ នោះ​អ្នក​នឹង​ត្រូវបាន​ណែនាំ​ឲ្យ​ជ្រើសរើស​ជម្រើស​នានា ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក និង​មនុស្ស​ដទៃ​សប្បាយ​ចិត្ត ។