ឆ្នាំ ២០២៣
របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដ្រី
ខែ មីនា ឆ្នាំ ២០២៣


« របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដ្រី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

របៀប​ដែល ព្រះអង្គ​សង្គ្រោះ បាន​ប្រព្រឹត្ត​ចំពោះ ស្ដ្រី

យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន តាមរយៈ​ការបង្ហាញ​សន្ដាន​ចិត្ត​ល្អ និង​ការគោរព​ដល់​ស្ដ្រី​នៅក្នុង​ជីវិត​យើង ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ និង​ម៉ារា អ្នកស្រុក​ម៉ាក់ដាឡា

រចនា​រូបភាព​ដោយ រ៉ូស ដាតុច ដាល

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​អំពី​រឿង​ដែល​មិន​បាន​រំពឹង​ទុក​ជា​ញឹកញាប់ ។ ( ដូច​នៅក្នុង ៖ យើង​ត្រូវ ស្រឡាញ់ ពួកសត្រូវ​របស់​យើង ហើយ អធិស្ឋាន សម្រាប់​អស់​អ្នក​ដែល​បៀតបៀន​យើង ? )

ការបង្រៀន​ទាំងនេះ​មួយ​ចំនួន​មិន​ត្រូវ​តាម​វប្បធម៌​នៅ​ជំនាន់​នោះ​ទេ ។ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​មិន​បាន​ព្យាយាម​សម្រប​ទៅតាម​ពេល​នោះ​ទេ ។ ទ្រង់​បាន​ព្យាយាម​បង្រៀន​ក្រឹត្យវិន័យ​ជាន់ខ្ពស់ និង​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ទ្រង់​បាន​ធ្វើជា​គំរូ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​មិន​កំណត់​ពី​អាយុ ភេទ ឬ​ជនជាតិ​ជាក់លាក់​ឡើយ ។

នៅ​ជំនាន់​របស់​ព្រះយេស៊ូវ ជាទូទៅ​ស្ដ្រី​ចាត់ទុក​ថា​អន់ ។ ហើយ​នៅក្នុង​វប្បធម៌​មួយ​ចំនួន​នៅ​សព្វថ្ងៃ​នេះ ស្ដ្រី​មិន​ត្រូវបាន​គេ​ប្រព្រឹត្ត​ដាក់​ដោយ​ការគោរព​ជានិច្ច​នោះ​ទេ ។ ប្រហែល​អ្នក​រស់នៅ​ក្នុង​កន្លែង​បែប​នោះ​ដែរ ។ ប្រសិនបើ​អ៊ីចឹង​មែន អ្នក​អាច​ធ្វើជា​គំរូ​មួយ​ដូចជា​ព្រះគ្រីស្ទ​សម្រាប់​សហគមន៍​របស់​អ្នក​បាន តាមរយៈ​ការមាន​ចិត្ត​ល្អ និង​ការគោរព​ដល់​មនុស្ស​គ្រប់គ្នា—រួមទាំង​ក្មេងស្រី និង​ស្ដ្រី​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក​ផងដែរ ។

រូបភាព
ស្ដ្រី​នៅ​ជំនាន់​របស់​ព្រះគ្រីស្ទ

ព្រះយេស៊ូវ​បាន​មើលថែ​ដល់​មាតា​របស់​ទ្រង់

អព្ភូតហេតុ​ដំបូង​គេ​ជា​សាធារណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​អព្ភូតហេតុ​មួយ​ដែល​បាន​ជួយ​ដល់​មាតា​របស់​ទ្រង់ ។ មាតា​ទ្រង់​ទទួល​ខុសត្រូវ​លើ​ការជួយ​ផ្គត់ផ្គង់​អាហារ​ដល់​មនុស្ស​នៅឯ​ពិធី​មង្គលការ​មួយ ។ នៅពេល​ពួកគេ​អស់​ស្រា ព្រះយេស៊ូវ​បាន​ប្រែ​ទឹក​ទៅជា​ស្រា​ទំពាំង​បាយជូរ ដើម្បី​ឲ្យមាន​ស្រា​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ ។

ព្រះបន្ទូល​ឆ្លើយតប​របស់​ព្រះយេស៊ូវ​ទៅកាន់​មាតា​ទ្រង់​នៅក្នុង​ការសន្ទនា​នោះ អាច​ស្ដាប់​តាម​ភាសា​អង់គ្លេស​ទៅ​រាង​គំរោះគំរើយ​ចំពោះ​ត្រចៀក​នៅ​សម័យ​ទំនើប​របស់​យើង ៖ « មាតា​អើយ តើ​ការនោះ​អំពល់​អ្វី​ដល់​យើង ? » ( យ៉ូហាន ២:៤ ) ។ ប៉ុន្ដែ យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សួរ​ទៅកាន់​មាតា​របស់​ទ្រង់​ពី​អ្វី​ដែល​មាតា​ទ្រង់​ត្រូវការ ៖ « មាតា​អើយ តើ​មាតា​ចង់​ឲ្យ​ទូលបង្គំ​ធ្វើ​អ្វី​សម្រាប់​មាតា ? » ។ ហើយ​ការហៅ​នរណាម្នាក់​ថា « មាតា » នៅពេល​នោះ​គឺជា​ងារ​ពេញ​ដោយ​ការគោរព ។ ទ្រង់​មាន​បន្ទូល​យ៉ាង​សំខាន់​ថា « មាតា​ទូល​បង្គំ​អើយ អ្វី​ក៏ដោយ​ដែល​មាតា​សុំ​ខ្ញុំ​ដោយ​សេចក្ដី​ជំនឿ ទូល​បង្គំ​នឹង​ផ្ដល់​ដល់​មាតា » ។

ក្រោយមក​ប្រហែល​បី​ឆ្នាំ​បន្ទាប់​ពីនោះ ។ នៅ​មុនពេល​ទ្រង់​សុគត​នៅលើ​ឈើឆ្កាង​បន្ដិច រឿង​ចុងក្រោយ​បង្អស់​មួយ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ គឺ​ការប្រាកដ​ព្រះទ័យ​ថា​មាតា​របស់​ទ្រង់​មាន​គេ​ថែទាំ ។

« ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា ! រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​សិស្ស​នោះ​ថា នុ៎ះ​ន៏ ម្តាយ​អ្នក ! តាំងពី​នោះ​មក សិស្ស​នោះ​ក៏​នាំយក​គាត់​ទៅ​នៅ​ផ្ទះ​ខ្លួន » ( យ៉ូហាន ១៩:២៦–២៧ ) ។

ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដ្រី​ឋានៈ​តូចទាប​ដោយ​ការគោរព

យើង​មាន​គំរូ​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ មកពី​ព្រះអង្គ​សង្គ្រោះ​ដែល​ប្រព្រឹត្ត​ចំពោះ​ស្ដ្រី​ដោយ​ការគោរព ជា​ស្ដ្រី​ដែល​សង្គម​ស្អប់ខ្ពើម ។

នៅ​ជំនាន់​របស់​ព្រះអង្គ​សង្គ្រោះ សាសន៍​យូដា​ភាគច្រើន​បាន​មើលងាយ​ប្រជាជន​សាសន៍​សាម៉ារី ។ ប៉ុន្ដែ​នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួប​នឹង​ស្ដ្រី​សាសន៍​សាម៉ារី​នៅឯ​មាត់​អណ្ដូង នោះ​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ព្រះទ័យ​អាណិត​អាសូរ និង​ការគោរព ។ លើសពី​នោះ គឺ​ទាល់តែ​បាន​សន្ទនា​ជាមួយ​នឹង​នាង​ហើយ ទើប​ទ្រង់​បាន​បើក​សម្ដែង​ព្រះអង្គ​ទ្រង់​ថាជា​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​សន្យា​តាម​ក្រោយ ! ( សូមមើល យ៉ូហាន ៤ ) ។

នៅក្នុង​ស្ថានភាព​មួយ​ទៀត ស្ដ្រី​ម្នាក់​ត្រូវបាន​គេ​ចាប់​បាន​ក្នុង​អំពើបាប​ដ៏ធ្ងន់ធ្ងរ​មួយ ។ ស្របតាម​ច្បាប់​សាសន៍​យូដា នាង​នឹង​ត្រូវ​គេ​ចោល​នឹង​ថ្ម​រហូត​ដល់​ស្លាប់ ។ នៅពេល​អ្នកដឹកនាំ​បាន​នាំ​ស្ដ្រី​រូបនេះ​មកកាន់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​សួរ​សំណួរ​មួយ​ទៅកាន់​ពួកគេ ដែល​បាន​បណ្ដាល​ឲ្យ​ពួកគេ​ផ្អាក ហើយ​គិត​សិន ។ ពួកគេ​មិន​បាន​ចោល​ថ្ម​ទៅនាង​នោះ​ទេ ។ បន្ទាប់មក​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​នាង​ឲ្យ​ប្រែចិត្ត ដោយ​មាន​បន្ទូល​ថា « ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១១ ) ។

ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ស្ដ្រី​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ

ក្រោយពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​ទ្រង់​បាន​ទៅជួប​នឹង ម៉ារា អ្នកស្រុក​ម៉ាក់ដាឡា មុនគេ ជាស្ដ្រី​ដែល​បាន​ទួញយំ​នៅឯ​ផ្នូរ​របស់​ទ្រង់ ( សូមមើល យ៉ូហាន ២០:១១–១៨ ) ។ ស្ដ្រី​ផ្សេងទៀត—ចូអាន ក៏ដូចជា ម៉ារា ជា​ម្ដាយ​របស់​យ៉ាកុប—គឺ​នៅក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដែល​បាន​ដឹង​ពី​ព្រះអម្ចាស់​ដែល​បាន​រស់​ឡើងវិញ ។ ទេវតា​បាន​អញ្ជើញ​ពួកគាត់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន អំពី​អ្វី​ដែល​ពួកគាត់​បាន​ឃើញ ។ ( សូម​មើល លូកា ២៤:១–១០ ) ។

រូបភាព
ស្ដ្រី​នៅ​ជំនាន់​របស់​ព្រះគ្រីស្ទ

យើង​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់​បាន

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​បាន ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដីពី​ការគោរព​ដល់​ស្ដ្រី ?

ព្យាការី​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន មាន​ការអនុវត្ត​ជាច្រើន​ទាក់ទង​ទៅនឹង​ចំណុច​នេះ ។ លោក​បាន​ចិញ្ចឹម​កូនស្រី​ប្រាំបួន​នាក់ និង​កូនប្រុស​ម្នាក់​ជាមួយ​នឹង​ភរិយា​របស់​លោក ឌេនហ្សែល ។ ក្រោយពី​គាត់​បាន​ស្លាប់​ទៅ លោក​បាន​រៀបការ​នឹង វែនឌី ណិលសុន ។

លោក​បាន​បង្រៀន​ថា « យើង​គោរព​ដល់​បងប្អូន​ស្រី​ទាំងអស់—មិនមែន​ត្រឹមតែ​ក្នុង​ក្រុមគ្រួសារ​ផ្ទាល់​របស់​យើង​នោះ​ទេ ប៉ុន្ដែ​គឺ​បងប្អូន​ស្ដ្រី​ដ៏អស្ចារ្យ​ទាំងអស់​នៅក្នុង​ជីវិត​របស់​យើង » ។

សូម​ធ្វើឲ្យ​ខែ​នេះ​ជា​ខែ​មួយ​ដែល​ពេញ​ទៅដោយ​ចិត្ត​ក្លាហាន មាន​ក្ដីស្រឡាញ់ និង​ចិត្តល្អ​ដូច​ព្រះគ្រីស្ទ ទៅកាន់​ស្ដ្រី​នៅក្នុង​ជីវិត​របស់​យើង ។ ប្អូនៗ​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក​នេះ គឺ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ម្ដង​មួយៗ !

កំណត់​ចំណាំ

  1. សូមមើល ម៉ាថាយ ៥:៤៣–៤៤ ។

  2. ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ យ៉ូហាន ២:៤ ( នៅក្នុង យ៉ូហាន ២:៤ ) ។

  3. រ៉ូប៊ឺត និង ម៉ារី ឡាន់ « The Savior’s Respect for Women » Ensign ខែ មីនា ឆ្នាំ ២០១៥​ទំព័រ ៥១ ។

  4. សូមមើល អិម រ័សល បាឡឺដ « Women of Righteousness » Ensign ខែ មេសា ឆ្នាំ ២០០២ ទំព័រ ៦៦ ។

  5. រ័សុល អិម ណិលសុន « Our Sacred Duty to Honor Women » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ១៩៩៩ ( Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៩ ) ។