« ត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
ត្រៀមខ្លួន ធ្វើជា អ្នកផ្សព្វផ្សាយសាសនា
តើអ្នកដឹងថា អ្នកបានរៀបចំខ្លួនជាស្រេចដើម្បីបម្រើបេសកកម្មដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានរំឭកយើងអំពីសារៈសំខាន់នៃកិច្ចការផ្សព្វផ្សាយសាសនា ហើយបានលើកទឹកចិត្តយុវជន និងយុវនារីឲ្យរៀបចំខ្លួនដើម្បីបម្រើ ។១ ការធ្វើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងត្រូវការការខិតខំធ្វើការ ប៉ុន្ដែវាក៏ដូចគ្នាចំពោះ ការប្រែក្លាយជា អ្នកផ្សព្វផ្សាយសាសនាផងដែរ !
ពេលខ្លះការរៀបចំខ្លួនសម្រាប់បេសកកម្មអាចមានអារម្មណ៍ស្មុគស្មាញ ដោយសារវាហាក់ដូចជាមានរឿងជាច្រើនក្រៃលែងដែលត្រូវធ្វើ ៖
« ខ្ញុំត្រូវសន្សំប្រាក់ » ។
« ខ្ញុំគួរតែសិក្សា ប្រកាសដំណឹងល្អរបស់យើង » ។
« តើខ្ញុំចម្អិនអាហារ ឬបោកខោអាវសម្រាប់ខ្លួនឯងដោយរបៀបណាទៅ ? »
« ខ្ញុំគួរតែណាត់ជួបជាមួយប៊ីស្សពរបស់ខ្ញុំ » ។
« តើខ្ញុំមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីចែកចាយដំណឹងល្អទេ ? »
គំនិត និងកង្វល់ទាំងនេះមានពិតមែន ។ ប៉ុន្ដែ វាជាការល្អបំផុតដើម្បីផ្ដោតលើគោលបំណងធំជាងនេះសម្រាប់ការបម្រើរបស់អ្នក ។
មូលហេតុរបស់អ្នក
វាមានប្រយោជន៍ដើម្បីសួរខ្លួនឯងថា ៖ « ហេតុអ្វី បានជាខ្ញុំចង់បម្រើបេសកកម្ម ? »
ប្រហែលអ្នកមានអារម្មណ៍ថា វាគឺជាកាតព្វកិច្ចរបស់អ្នក ។ ប្រហែលអ្នករីករាយនឹងរស់នៅទីកន្លែងថ្មីមួយ ឬរៀនភាសាថ្មីមួយ ។ ប្រហែលអ្នកចង់ចែកចាយទីបន្ទាល់របស់អ្នកអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឬគោលលទ្ធិនៃក្រុមគ្រួសារដ៏អស់កល្បជានិច្ច ។ ឬប្អូនៗជឿដូចដែលប្រធាន ណិលសុន បានថ្លែងថា « មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ » ។២
មូលហេតុមួយចំនួនសម្រាប់ការបម្រើបេសកកម្មគឺប្រសើរជាងមូលហេតុផ្សេងទៀត ហើយវាមានមូលហេតុល្អលើសពីមួយដើម្បីចេញទៅបម្រើ ។ នៅចុងបញ្ចប់ មូលហេតុរបស់អ្នកគួរតែផ្ដោតលើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញ ។ សូមគិតអំពីមូលហេតុរបស់អ្នក ហើយប្រសិនបើវានឹងជួយអ្នកឲ្យបម្រើព្រះអម្ចាស់ « ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » របស់អ្នកដែរឬអត់ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ ) ។ ហើយប្រសិនបើអ្នកមិនមានបំណងប្រាថ្នាបម្រើទេ អ្នកអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ឲ្យជួយអ្នកទទួលបានបំណងប្រាថ្នានោះ ។
ទីបន្ទាល់របស់អ្នក
« តើខ្ញុំមានទីបន្ទាល់អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? ហើយតើខ្ញុំជឿថា ទ្រង់បានហៅខ្ញុំឲ្យបម្រើពិតមែនឬទេ ? »
គោលបំណងរបស់អ្នកផ្សព្វផ្សាយសាសនាគឺដើម្បីអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ ។ ប្រសិនបើអ្នកកំពុងអញ្ជើញមនុស្សឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះវាសំខាន់ដើម្បីមានទីបន្ទាល់របស់អ្នកផ្ទាល់ ។
ទីបន្ទាល់របស់អ្នកមិនចាំបាច់ល្អឥតខ្ចោះនោះទេ អ្នកនឹងមានឱកាសដើម្បីស្ថាបនាវាជានិច្ច ។ អ្វីដែលសំខាន់បំផុតនោះគឺមូលដ្ឋានគ្រឹះ ៖ ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចមកស្គាល់ទ្រង់ដោយខ្លួនឯងបាន តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ការអធិស្ឋានទៅព្រះវរបិតាសួគ៌នៅក្នុងព្រះនាមរបស់ទ្រង់ និងការខិតខំរស់នៅដូចជាទ្រង់ ។
ការធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យម្នាក់មិនមានន័យថា អ្នកតែងតែពូកែនិយាយរកមនុស្សទូទៅ ឬចាំគ្រប់បទគម្ពីរនោះទេ ( ប៉ុន្ដែអ្នកអាចខិតខំកែលម្អជំនាញរបស់អ្នកបានជានិច្ច ) ។ ដរាបណាអ្នកទុកចិត្តលើព្រះអម្ចាស់ ជឿលើទ្រង់ ហើយស្ម័គ្រចិត្តធ្វើកិច្ចការរបស់ទ្រង់ នោះទ្រង់នឹងលើកតម្កើងកិច្ចខិតខំរបស់អ្នក ហើយជួយអ្នកឲ្យក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាពម្នាក់ ។
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរបស់អ្នក
« តើខ្ញុំបានរៀបចំខ្លួនដើម្បីទៅព្រះវិហារបរិសុទ្ធហើយឬនៅ ? »
មុនពេលអ្នកបម្រើបេសកកម្ម អ្នកនឹងទទួលបានអំណោយទានពិសិដ្ឋរបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ ប្រសិនបើអ្នកមិនទាន់ទទួលបានអំណោយទានពិសិដ្ឋទេនោះ ។
ពរជ័យនៃព្រះវិហារបរិសុទ្ធគឺជា « មូលដ្ឋានគ្រឹះមួយ ជាទិដ្ឋភាពនៃការរៀបចំខ្លួនទទួលការហៅឲ្យធ្វើកិច្ចការនេះ ប៉ុន្តែជាញឹកញាប់ត្រូវបានមើលរំលង » ។ ហើយ « ភាពស័ក្ដិសមផ្ទាល់ខ្លួនគឺជាតម្រូវការដ៏សំខាន់បំផុតតែមួយគត់ ដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ » ។៣ នៅពេលអ្នករៀបចំខ្លួន និងមានភាពស័ក្ដិសមដើម្បីទៅព្រះវិហារបរិសុទ្ធ ហើយចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយនឹងព្រះ នោះអ្នកក៏កំពុងរៀបចំខ្លួនឯងដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាសម្រាប់ទ្រង់ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣៣; ១០៩:២២ ) ។
នៅទីបំផុត អ្នកអាចចូលរៀនថ្នាក់រៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ។ ប៉ុន្ដែនៅពេលទន្ទឹមគ្នានេះ អ្នកអាចធ្វើការសិក្សា និងរៀបចំខ្លួនរបស់អ្នកបាន ។ ប្រធាន ណិលសុន បានផ្ដល់អនុសាសន៍ឲ្យអានបទគម្ពីរ និងប្រធានបទដំណឹងល្អមួយចំនួន ដែលអ្នកអាចសិក្សាបាន ដើម្បីរៀនអំពីព្រះវិហារបរិសុទ្ធ ។៤ អ្នកក៏អាចរៀនសូត្របន្ថែមទៀតនៅលើគេហទំព័រ temples.ChurchofJesusChrist.org ផងដែរ ។
ភាពស័ក្ដិសម និងការរៀបចំខ្លួន
ជាថ្មីម្ដងទៀត មានផ្នែកជាច្រើនទាក់ទងនឹងការរៀបចំខ្លួនសម្រាប់បេសកកម្ម ។ មែនហើយ អ្នក គួរតែ សន្សំប្រាក់ រក្សាខ្លួនឯងឲ្យមានសុខភាពល្អ ហើយរៀនជំនាញគោលៗដូចជា ការប៉ះខោអាវ ឬការចម្អិនអាហារជាដើម ។ អ្នកនៅតែអាចមានគោលដៅទាំងនោះដដែល ។
ប៉ុន្ដែសូមកុំឲ្យសេចក្ដីលម្អិតសន្ធប់លើអ្នកឡើយ ។ ការរៀបចំខ្លួនដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបាន គឺការរៀបចំដែលអនុញ្ញាតឲ្យអ្នកមានភាពស័ក្ដិសម និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។
ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ តានតឹង ឬមិនប្រាកដប្រជាអំពីការបម្រើ នោះវាជារឿងធម្មតាទេ ។ គ្រាន់តែចាំថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកជោគជ័យ ! នៅពេលអ្នកទុកចិត្តលើទ្រង់ ហើយធ្វើតាមការណែនាំពីព្រះវិញ្ញាណ នោះទ្រង់នឹងជួយអ្នកឲ្យរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន ។