ឆ្នាំ ២០២៣
ព្រះអង្គ​សង្គ្រោះ​ជ្រាបពី​របៀប​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ជំងឺ​មហារីក
ខែ មីនា ឆ្នាំ ២០២៣


« ព្រះអង្គ​សង្គ្រោះ​ជ្រាបពី​របៀប​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ជំងឺ​មហារីក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

ខ្ញុំ​អាច​ធ្វើ​គ្រប់​ទាំងអស់​បាន​ដោយសារ​ព្រះគ្រីស្ទ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ពង្រឹង​ពួកគេ ដើម្បី​ធ្វើ​រឿង​លំបាកៗ ( សូមមើល ភីលីព ៤:១៣ ) ។

ព្រះអង្គ​សង្គ្រោះ​ជ្រាបពី​របៀប​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ជំងឺ​មហារីក

រូបភាព
យុវនារី

ជីវិត​របស់​ខ្ញុំ​សាមញ្ញ​ណាស់ រហូតដល់​រដូវ​រងារ​ក្នុង​ឆ្នាំ ២០២០ ។ យើង​បាន​គិត​នៅពេល​នោះ​ថា ខ្ញុំ​បាន​ឈឺ​ដោយសារ​ការឆ្លង​មេរោគ​មួយ ដូច្នេះ​ខ្ញុំ​បាន​លេប​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា ។ ក្រោយមក ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​ជាប់ អស់​កម្លាំង ហើយ​សន្លប់ ។ ភ្លាមៗ​បន្ទាប់ពី​នោះមក ខ្ញុំ​បាន​ដឹងខ្លួន​នៅ​ម៉ោង​ប្រហែល ១០ យប់ ដោយ​គិត​ថា វា​ព្រឹក​ហើយ ហើយ​ក៏​ចាប់ផ្ដើម​រៀបចំ​ខ្លួន​ទៅ​សាលារៀន ។

ពេល​បងស្រី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា វា​នៅ​យប់​នៅឡើយ​ទេ ខ្ញុំ​ក៏បាន​រត់​ទៅ​បន្ទប់​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ទាំង​ភ័យ​ស្លន់ស្លោ ។ ម៉ាក់​ខ្ញុំ​បាន​ស្ទាប​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្ដៅខ្លួន​យ៉ាងខ្លាំង ។ យើង​បាន​ទៅជួប​វេជ្ជបណ្ឌិត​នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ធ្វើ​តេស្ដ​ជាច្រើន ។

នៅ​យប់​នោះ ឪពុក​ម្ដាយ​របស់​ខ្ញុំ​មក​បន្ទប់​ខ្ញុំ​ទាំង​យំ​សស្រាក់ ។ ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម ហើយ​ថា​យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ដឹងពី​ចម្លើយ​បន្ថែម​ទៀត ។ ខ្ញុំ​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ពេញ​មួយ​យប់ ហើយ​ចាប់ផ្ដើម​ការព្យាបាល​ដោយ​ប្រើ​គីមី​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​នោះ ។

ការព្យាបាល​របស់​ខ្ញុំ​នឹង​បន្ដ​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៀត ប៉ុន្ដែ​វា​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​បាន​ល្អ​ជាងមុន​បន្ដិច​ហើយ ។ ថ្មីៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ជាងមុន​បន្ដិច ហើយ​សង្ឃឹម​ថា​នឹង​អាច​ទៅ​សាលារៀន​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ ។ តែ​វា​មិន​ងាយស្រួល​នោះទេ ។ ជាតិ​គីមី​មាន​ផលប៉ះពាល់​យ៉ាងច្រើន រួមទាំង​ស្ថានភាព​ឆ្អឹង​ដែល​គេ​ហៅថា avascular necrosis ជា​ជំងឺ​ពុកឆ្អឹង​ដោយសារ​ខ្វះ​ឈាម ដែល​វា​ធ្វើឲ្យ​ខ្ញុំ​ពិបាក​ដើរ ។

រូបភាព
យុវនារី​នៅក្នុង​មន្ទីរពេទ្យ

ថ្វីបើ​មាន​រឿង​ទាំងអស់​នេះ​កើតឡើង​ក្ដី—ប្រហែល​ដោយសារ​តែ​រឿង​ទាំងនេះ​ហើយ—ទើប​ខ្ញុំ​មាន​អារម្មណ៍​ខិត​ជិត​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​កាន់តែ​ខ្លាំង​ឡើង ។ ឥឡូវ​នេះ ខ្ញុំ​មាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ធ្លាប់​គិត​អំពី​ដង្វាយធួន​របស់​ទ្រង់​ថាជា​អ្វីមួយ ដែល​យើង​ត្រូវការ​តែ​ពេល​យើង​ធ្វើ​ខុស​ប៉ុណ្ណោះ ។ នោះ​គឺជា​មួយ​ផ្នែក​នៃ​ដង្វាយធួន ប៉ុន្ដែ​ការទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​ក៏ជា​អ្វីមួយ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​លែង​សូវ​មាន​អារម្មណ៍​ឯកោ​ផងដែរ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មកលើ​ព្រះអង្គ​ទ្រង់​នូវ​រាល់​ទុក្ខ​វេទនា និង​អំពើបាប​របស់​យើង​ទាំងអស់ ដែល​មាន​ន័យ​ថា ទ្រង់​ជ្រាប​យ៉ាងច្បាស់​ពី​របៀប​ជួយ​ខ្ញុំ កាល​ខ្ញុំ​ជួប​នឹង​ជំងឺ​មហារីក​គ្រាប់​ឈាម​នេះ ។ ការឆ្លងកាត់​ការសាកល្បង​នានា​អាច​មាន​អារម្មណ៍​ថា​ឯកោ​យ៉ាងខ្លាំង ប៉ុន្ដែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ នោះ​យើង​អាច​មាន​ការលួងលោម ដោយ​ដឹង​ថា ទ្រង់​ពិតជា​យល់ពី​អ្វី​ដែល​យើង​កំពុង​ឆ្លងកាត់ ។

រូប៊ី អេច រដ្ឋ​យូថាហ៍ ស.រ.អា.