២០២២
អ្វី​យ៉ាង​ធំ
ខែ កក្កដា ឆ្នាំ ២០២២


« អ្វី​យ៉ាង​ធំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

ពង្សាវតារក្សត្រ ទី២ ៥

អ្វី​យ៉ាង​ធំ

ជា​លទ្ធផល កិច្ចការ​តូចតាច និង​ងាយ​គឺជា​រឿង​ធំដុំ​ណាស់ ។

ឧទាហរណ៍​ថា អ្នក​មាន​បញ្ហា​សុខភាព ដែល​មិន​អាច​ព្យាបាល​បាន ។ មាន​មនុស្ស​ម្នាក់​ប្រាប់​អ្នក​អំពី​បុរស​ម្នាក់​ដែល​អាច​ព្យាបាល​អ្នក​បាន ។ គាត់​រស់នៅ​ឆ្ងាយ​ណាស់​ប៉ុន្តែ​អ្នក​បាន​សរសេរ​សំបុត្រ​ទៅ​គាត់ ហើយ​បន្ទាប​មក​ធ្វើ​ដំណើរ​ទៅ ​ជួប​គាត់ ហើយ​ស្ដាប់​ពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ ។

នៅពេល​អ្នក​ទៅ​ដល់​ផ្ទះ​របស់​គាត់ ជំនួយការ​របស់​គាត់​បាន​ចេញ​មក ហើយ​និយាយ​ថា​ចៅហ្វាយ​របស់​គាត់​ប្រាប់​ឲ្យ​អ្នក​ទៅ​មុជ​ទឹក​នៅក្នុង​ទន្លេ​ដែល​នៅ​ក្បែរ​នោះ ។

ជំនួយការ​នោះ​បាន​បែរ​ខ្នង​ទៅ​វិញ ហើយ​អ្នក​មាន​អារម្មណ៍​ខកចិត្ត ។ អ្នក​គិត​ថា « ខ្ញុំ​ធ្វើ​ដំណើរ​​ឆ្ងាយ​យ៉ាង​នេះ​ដើម្បី ​តែ​ធ្វើ​បែប​នោះឬ ? »

ការ​រំពឹង​ទុក

នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ណាម៉ាន់ ។ គាត់​ជា​មេទ័ព​ស៊ីរី—ជា​បុរស​ដែល​មនុស្ស​គ្រប់គ្នា​គោរព រួមទាំង​មាន​ការទទួលខុសត្រូវ​ជា​ច្រើន​ផងដែរ ។ ប៉ុន្ដែ​គាត់​បាន​កើត​រោគ​ឃ្លង់ ដែល​ជា​ជំងឺ​សើរស្បែក​ដ៏​កាច​សាហាវ​មួយ ។

ទោះបីជា​គាត់​មិនមែន​ជា​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ គាត់​បាន​ឮ​ពី​អ្នក​បម្រើ​ស្រី​ម្នាក់​ដែល​មកពី​អ៊ីស្រាអែល​និយាយពី​ព្យាការី​អេលីសេ ។ ណាម៉ាន់​បាន​ជឿ​លើ​ទីបន្ទាល់​របស់​នាង​អំពី​អេលីសេ និង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ។ ដូច្នេះ​គាត់​បាន​ទៅ​ជួប​អេលីសេ។ នៅពេល​ណាម៉ាន់​មក​ដល់​ផ្ទះ​អេលីសេ​ហើយ អេលីសេ​បាន​បញ្ជូន​អ្នក​នាំសារ​ម្នាក់ ទៅ​ប្រាប់​ណាម៉ាន់​ឲ្យ​ទៅ​ងូតទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរដង ដើម្បី​បាន​ជា​សះស្បើយ ។

រូបភាព
ណាម៉ាន់​កំពុង​ស្ដាប់​អ្នក​បម្រើ

រចនា​រូបភាព​ដោយ ខូរី អេចបឺត

ណាម៉ាន់​ខឹង​ណាស់ ។ គាត់​រំពឹងថា គាត់​បាន​ជួប​អេលីសេ ហើយ​អេលីសេ​នឹង​ដាក់​ដៃ​របស់​គាត់​លើ​ដំបៅ​ឃ្លង់​នោះ ហើយ​បួងសួង​ដល់​ព្រះ ឲ្យ​ជា​ដោយ​អព្ភូតហេតុ ។ គាត់​ថែមទាំង​បាន​គិត​ថា មាន​ទន្លេ​ល្អ​ជាង​នេះ​ផ្សេងទៀត​នៅ​ឯ​ផ្ទះ​ដែល​គាត់​អាច​លាង​ខ្លួន​បាន ។

ណាម៉ាន់​មាន ការ​រំពឹង​ទុក​ជា​ច្រើន ។ គាត់ បាន​រំពឹង ថា​អេលីសេ​នឹង​ចេញ​មក ជួប​គាត់ ។ នេះ​ប្រហែល​ជា​មក​ពី​ណាម៉ាន់​មាន​ឋានៈ​ខ្ពង់ខ្ពស់ ហើយ​ធ្លាប់​ទទួល​បាន​ការគោរព​យ៉ាង​ច្រើន ។ គាត់​ក៏ បាន​រំពឹង​ថា​មាន​អព្ភូតហេតុ ឬ​មាន​ដំណោះស្រាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ចំពោះ​ជំងឺ​របស់​គាត់ ជា​ជាង​វិធី​ដែល​គាត់​បាន​ទទួល ។ ប្រហែល​ការណ៍​នេះ​មក​ពី​ដំណើររឿង​ទាំងឡាយ​ដែល​គាត់​បាន​ឮ​អំពី​អេលីសេ ។ ដូច្នេះ​បទពិសោធន៍​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ខឹង​យ៉ាងខ្លាំង ។

ការបន្ទាបខ្លួន

ប៉ុន្តែ​រឿង​របស់​ណាម៉ាន់​មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណោះ​ទេ ។ អ្នក​បម្រើ​របស់​គាត់​ម្នាក់​បាន​ផ្ដល់​ការណែនាំ​ដ៏​ឈ្លាសវៃ​មួយ​ចំនួន ៖

« បើសិន​ជា​ហោរា​នោះ បាន​ប្រាប់​ឲ្យ​លោក ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាលម៉ាន​ទៅ​ទៀត ? » ( ពង្សាវតារក្សត្រ ទី២ ៥:១៣ ) ។

ណាម៉ាន់​បាន​ដឹង​ថា អ្នក​បម្រើ​និយាយ​ត្រូវ ។ ប្រសិនបើ​ព្យាការី​សុំ​ឲ្យ​គាត់​ធ្វើ​កិច្ចការ​ដែល​ធំ គាត់​នឹង​ធ្វើ​វា ។ ចុះ​ហេតុអ្វី​មិន​ធ្វើ​កិច្ចការ​ដែល​ងាយ ? គាត់​បាន​បន្ទាបខ្លួន​របស់​គាត់ ។ គាត់​បាន​លាង​ខ្លួន​ប្រាំពីរ​ដង​នៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ហើយ​បាន​ជា​សះស្បើយ ។

រូបភាព
ណាម៉ាន់​លាង​ខ្លួន​នៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់

កិច្ចការ​តូច​តាច និង​ងាយ

ជួន​កាល​ព្រះអម្ចាស់​ប្រហែល​ជា​សុំឲ្យ​មនុស្ស​ម្នាក់​ធ្វើ​ការ​« អ្វី​យ៉ាង​ធំ » ។ ប៉ុន្តែ​នោះ​មិនមែន​ជា​របៀប​ដែល​ព្រះអម្ចាស់​តែងតែ​ធ្វើការ​នោះ​ទេ ។ ភាគ​ច្រើន​ទ្រង់​ប្រើ « កិច្ចការ​តូច​តាច និង​ងាយ » ដើម្បី​នាំ « កិច្ចការ​ដ៏​ធំៗ » នៅក្នុង​ជីវិត​របស់​យើង​( អាលម៉ា ៣៧:៦ ) ។

ពេលខ្លះ​ការរំពឹងទុក​របស់​យើង ឬ​អំនួត​របស់​យើង​ប្រហែល​ធ្វើ​ឲ្យ​យើង​គិត​ថា មាគ៌ា​របស់​ព្រះអម្ចាស់​ងាយ​ពេក ឬ​តូចតាច​ពេក​ឲ្យ​សម​នឹង​ពេលវេលា​របស់​យើង ( សូម​មើល នីហ្វៃទី១ ១៧:៤០–៤១ ) ។ ប៉ុន្តែ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ទាំងនេះ និង​បន្ទាបខ្លួន​របស់​យើង​បាន ។ ទ្រង់​ស្រឡាញ់​យើង ហើយ​សព្វព្រះទ័យ​ប្រទានពរ​ដល់​យើង និង​ជួយ​យើង​ឲ្យ​ក្លាយ​កាន់​តែ​ដូច​ជា​ទ្រង់ ( សូម​មើល ម៉ូសេ ១:៣៩ ) ។

នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​កិច្ចការ​តូចតាច និង​ងាយ ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ ដើម្បី​កាន់​តែ​ខិត​ទៅ​ជិត​ទ្រង់ ហើយ​ទទួល​ព្រះពរ​ពី​ទ្រង់ ។

អ្នក​ប្រហែល​ជា​អាច​នឹក​ឃើញ​បន្ថែម​ទៀត ។

ដូច្នេះ នៅពេល​អ្នក​ជួប​ប្រទះ​រឿង​ដែល​តូចតាច និង​ងាយ សូម​យកចិត្ត​ទុកដាក់ ។ វា​អាច​ជា​គោលការណ៍​ណែនាំ​នៅ​ក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ដំបូន្មាន​មួយ​ចំនួន​នៅ​ក្នុង​សុន្ទរកថា​សន្និសីទ ឬ​កិច្ចការ​ដែល​ប៊ីស្សព​បាន​សុំ​ប្អូនៗ​ឲ្យ​ធ្វើ ។ មិន​ថា​កិច្ចការ​នោះ​ជា​អ្វី​ក៏​ដោយ សូម​នឹកចាំ​ពី​ណាម៉ាន់ ហើយ​សូម​ធ្វើ​វា ។ វា​ប្រហែល​ជា​កិច្ចការ​តូចតាច ប៉ុន្តែ​ពរជ័យ​នឹង​ធំ​មហិមា ។