២០២២
ព្រះវិហារ​បរិសុទ្ធ និង​ដំណើរ​ដ៏​អស់កល្ប​របស់​ក្មួយ
ខែ កក្កដា ឆ្នាំ ២០២២


« ព្រះវិហារ​បរិសុទ្ធ និង​ដំណើរ​ដ៏​អស់កល្ប​របស់​ក្មួយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ព្រះវិហារ​បរិសុទ្ធ និង ដំណើរ​ដ៏​អស់កល្ប របស់​ក្មួយ

យើង​បាន​ទទួល​ពរជ័យ​យ៉ាងណា ដែល​បាន​ដឹកនាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់ ។

រូបភាព
យុវវ័យ​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

រូបថត​ដោយ ណូអែល ម៉ាគឡាហ្គ

ក្មួយៗ​កំពុង​តែ​នៅលើ​ដំណើរ​មួយ ។ ការណ៍​នេះ​បាន​ចាប់ផ្ដើម​ជា​យូរ​មកហើយ នៅពេល​ក្មួយៗ​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ក្នុង​នាម​ជា​បុត្រា ឬ​បុត្រី​ខាងវិញ្ញាណ​របស់ទ្រង់ ។ ឥឡូវនេះ ក្មួយៗ​នៅលើ​ផែនដី​នេះ​ជាមួយនឹង​វិញ្ញាណ​របស់ក្មួយៗ​ដែល​បាន​ដាក់​នៅក្នុង​រូបកាយ​ខាង​សាច់ឈាម ដើម្បី​រៀន​គ្រប់​ការណ៍​ទាំងអស់​ដែល​ចាំបាច់ ដើម្បី​ត្រលប់​ទៅកាន់​ព្រះវរបិតាសួគ៌​វិញ​នៅ​ថ្ងៃមួយ និង​មាន​ភាពសក្ដិសម​សម្រាប់​គ្រប់​ពរជ័យ​ទាំងអស់​ដែល​ទ្រង់​មាន​សម្រាប់​បុត្រា​បុត្រី​របស់ទ្រង់ ។ រឿង​ដ៏​អស្ចារ្យ​បំផុត​មួយចំនួន​ដែល​ក្មួយៗ​នឹង​រៀន​នៅលើ​ដំណើរ​ដ៏​អស់កល្ប​នេះ គឺ​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​នៅ​ជុំ​វិញ​ពិភពលោក

នៅពេល​ខ្ញុំ​កើត​នៅក្នុង​ឆ្នាំ ១៩២៨ កាល​នោះ​មាន​ព្រះវិហារ​បរិសុទ្ធ​តែ​ប្រាំពីរ​ប៉ុណ្ណោះ ។ ឥឡូវ​យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ដ៏​អស្ចារ្យ​ជាច្រើន​នៅ​ពាសពេញ​ពិភពលោក ។ ហើយ​នឹង​មាន​កាន់តែ​ច្រើន​ថែមទៀត ! ព្រះវិហារ​បរិសុទ្ធ​នាំ​សេចក្ដី​អំណរ និង​អំណាច​ដែល​យើង​ត្រូវការ​សម្រាប់​ដំណើរ​ដ៏​អស់កល្ប​របស់យើង ។

គ្មាន​អគារ​ផ្សេងទៀត​ណា​ដែល​នៅលើ​ផែនដី​នេះ—ទោះបីជា​អគារ​ដែល​ឡូយ​អស្ចារ្យ​បំផុត​ក្ដី—ក៏​មិន​មាន​អ្វី​ដូច​ព្រះវិហារ​បរិសុទ្ធ​មាន​ដែរ ។ ព្រះអង្គ​សង្រ្គោះ​មាន​បន្ទូល​ទៅ​ពេត្រុស​ថា គាត់​នឹង​ទទួល​បាន​អំណាច និង​សិទ្ធអំណាច ដូច្នេះ « បើ​អ្នក​នឹង​ចងទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចងទុក​នៅលើ​ស្ថានសួគ៌​ដែរ »​( ម៉ាថាយ ១៦:១៩ ) ។ នោះ​ជា​សេចក្តីថ្លែងការណ៍​ដ៏​ធំ​មួយ ! ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ឧទ្ទិស និង​ញែកចេញ​ដោយ​អំណាច​នៃ​បព្វជិតភាព​ឲ្យ​ទៅជា​ទី​សម្រាប់​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នានា ។ ពិធីបរិសុទ្ធ​ទាំងនេះ​គឺ​មាន​ប្រសិទ្ធភាព​ទាំង​សងខាង​នៃ​វាំងនន ។

សេចក្ដី​អំណរ​នៃ​ក្រុមគ្រួសារ​ដ៏​អស់កល្ប

ភរិយា​របស់ខ្ញុំ បាបារ៉ា បាន​ទទួល​មរណភាព​ជិត​បួន​ឆ្នាំ​កន្លង​មកហើយ ។ ប៉ុន្តែ​ដោយសារ​យើង​បាន​ចូល​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ហើយ​បាន​ផ្សារភ្ជាប់​ជា​ស្វាមី និង​ភរិយា​ដោយ​អំណាច​នៃ​បព្វជិតភាព យើង​បាន​ផ្សារភ្ជាប់​នឹង​គ្នា​ជាមួយនឹង​កូន​ប្រាំពីរ​នាក់ ចៅ ៤៣​នាក់ និង​ចៅទួត​លើសពី ១០០​នាក់​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។ នេះ​គឺជា​ការណ៍​ដ៏អស្ចារ្យ​ណាស់​នៃ​ព្រះវិហារ​បរិសុទ្ធ ! សេចក្ដី​អំណរ​បាន​បំពេញ​ដួងចិត្ត​ខ្ញុំ​ដោយសារ​គ្រួសារ​ខ្ញុំ​នឹង​រស់នៅ​ជាមួយ​គ្នា​ជារៀងរហូត ។ ហើយ​គ្រួសារ​របស់​ក្មួយៗ​អាច​ធ្វើបាន​ដូចគ្នា​ផងដែរ ។

នៅពេល​ក្មួយៗ​ឈានដល់​អាយុ​ដូចខ្ញុំ ក្មួយៗ​មិន​សូវ​ចាប់អារម្មណ៍​លើ​ការ​មាន​លុយច្រើន ឬ​បើក​ឡាន​ឡូយ​ទៀតទេ ។ អ្វី​ដែល​មាន​តម្លៃ​បំផុត​នៅក្នុង​ជីវិត​របស់​ក្មួយៗ​នោះ​គឺ​គ្រួសារ​របស់​ក្មួយៗ—មិន​ត្រឹមតែ​គ្រួសារ​ដែល​ក្មួយៗ​មាន​នៅទីនេះ​ទេ ប៉ុន្ដែ​គ្រួសារ​របស់​ក្មួយៗ​ដែល​នៅក្នុង​ភាព​អស់កល្ប​ផងដែរ ។

អំណាច​នៃ​សេចក្ដីពិត​ដែល​បាន​ស្ដារឡើង​វិញ

ក្មួយៗ​ដឹងថា​ក្មួយៗ​គឺជា​អ្នកណា—ជា​បុត្រា ឬ​បុត្រី​ម្នាក់​របស់​ព្រះ​ដែល​មាន​សក្ដានុពល​គ្មាន​ដែនកំណត់ ។ ក្មួយៗ​ដឹងថា​ក្មួយៗ​មកពី​ណា ហេតុអ្វី​ក្មួយៗ​នៅ​ទីនេះ និង​អ្វី​ដែល​នឹង​កើតឡើង​នៅ​ផែនដី​នេះ​នាពេល​ខាងមុខ ។

ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​សេចក្ដីពិត​ទាំងនេះ​ចេញមកពី​លទ្ធផល​ដ៏​គួរឲ្យ​កត់សម្គាល់​របស់​ក្មេងប្រុស​ម្នាក់​ដែល​បាន​លុត​ជង្គង់ ហើយ​អធិស្ឋាន​នៅក្នុង​ព្រៃឈើ​មួយ ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​យាងមក​ជួប​យ៉ូសែប ស្ម៊ីធ ហើយ​មួយ​ជំហាន​ម្តងៗ ពរជ័យ​នៃ​ដំណឹងល្អ​ត្រូវបាន​ស្ដារឡើង​វិញ ។

ខ្ញុំ​មាន​ការដឹងគុណ​យ៉ាងខ្លាំង​ចំពោះ​យ៉ូសែប ស្ម៊ីធ ។ ការយល់ដឹង​របស់​យើង​អំពី​ផែនការ​របស់ព្រះ​ត្រូវបាន​ស្ដារឡើង​វិញ តួនាទី​ដ៏​សំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​គ្រប់​សារៈសំខាន់​ដ៏​អស់កល្ប​នៃ​ក្រុមគ្រួសារ និង​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​បាន​ចាប់ផ្ដើម​ឡើង​ដោយ​លោក ។ យើង​នឹង​បន្ត​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ និង​ប្រកាស​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មីៗ​ទុកជា​សារ​ដ៏​អស្ចារ្យ នៃ​ការស្ដារឡើងវិញ​ដែល​កំពុង​បន្ត​គ្របដណ្ដប់​លើ​ផ្ទៃ ផែនដី ។

សេចក្ដី​ពិត​ដែល​បាន​ស្ដារឡើង វិញ ជាពិសេស​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បាន​ដាក់​ជីវិត​ទៅក្នុង​ទស្សនៈវិស័យ និង​ផ្ដល់​ឲ្យ​យើង​នូវ​អំណាច​ដើម្បី​ជួយ​យើង​នៅលើ​ដំណើរ​ដ៏​អស់កល្ប​របស់​យើង ។

សូម​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ក្លាយ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ជីវិត​របស់​ក្មួយៗ

វា​ប្រហែលជា​ពិបាក​ឲ្យ​ក្មួយៗ​គិតថា អ្វី​ដែល​ក្មួយៗ​អាច​ធ្វើបាន​នៅ​ថ្ងៃនេះ នឹង​ធ្វើឲ្យ​មាន​ភាព​ខុសប្លែក​គ្នា​យ៉ាងខ្លាំង​នៅក្នុង​​ឆ្នាំ​ខាង​មុខៗ ឬ​បន្ទាប់ពី​ជីវិត​នេះ ។ ប៉ុន្តែ​សូម​ចងចាំ​ពី​ដំណើរ​ដ៏​អស់កល្ប​ដែល​ក្មួយៗ​កំពុង​ដើរ​នៅលើ​នេះ ។ នៅពេល​ក្មួយៗ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ នោះ​ក្មួយៗ​ឈាន​ជំហាន​ដ៏​សំខាន់ៗ​នៅលើ​ដំណើរ​មួយ​នេះ ។

ក្មួយៗ​អាច​ជួយ​អស់​អ្នក​ដែល​បាន​ទទួល​មរណភាព​ឈាន​ទៅមុខ​នៅលើ​ដំណើរ របស់​ពួកគេ ដោយ​ការធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​សម្រាប់​ខ្លួនពួកគេ​នៅក្នង​ព្រះវិហារ​បរិសុទ្ធ​បាន ។ ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ​ជាច្រើន​ដង កាល​ខ្ញុំ​នៅវ័យ​ប៉ុន​ក្មួយៗ ។ ខ្ញុំ​ចងចាំ​ដល់​គ្រា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស ៦០​នាក់​ជាង ។ ខ្ញុំ​ស្ទើរតែ​មិនអាច​ដក​ដង្ហើម​បាន​នៅ​ចន្លោះ​ពេល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក !

ប្រសិនបើ​ក្មួយៗ​មាន​ឱកាស​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​ទៅ​ធ្វើ​វា ! សូម​ទៅ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​ក្មួយៗ​អាច​ធ្វើ​ទៅ​បាន ។ សូម​កុំ​ជាប់​ជំពាក់​ក្នុង​រឿង​ដែល​អាច​ឆក់យក​ពេលវេលា​ដ៏​ច្រើន​របស់​ក្មួយៗ ហើយ​បំបែរ​ក្មួយៗ​ចេញពី​អ្វី​ដែល​ពិត និង​អស់កល្ប​ឡើយ ។ សូម្បី​ប្រសិនបើ​ក្មួយៗ​រស់នៅ​ឆ្ងាយពី​ព្រះវិហារ​បរិសុទ្ធ​ក៏ដោយ សូម​ផ្ដោត​ទៅលើ និង​រៀបចំ​ខ្លួន​របស់​ក្មួយៗ​ឥឡូវ​នេះ ដើម្បី​មាន​ភាព​ស័ក្ដិសម​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​រៀបចំ​ខ្លួន​ឥឡូវ​នេះ​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ

ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដំបូង​បំផុត​ដែល​ក្មួយៗ​ទទួល​សម្រាប់​ខ្លួន​របស់​ក្មួយៗ គឺ​អំណោយទាន​ពិសិដ្ឋ ។ នេះ​គឺជា​អំណោយទាន​មួយ​នៃ​អំណាច​បព្វជិតភាព​ ដែល​មាន​សម្រាប់ គ្រប់ បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។ យើង​អាច​ទទួល​បាន​អំណាច​នេះ ដោយ ការ​ទទួល​យក ពិធី​បរិសុទ្ធ​នានា និង ការរក្សា សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​រៀងរាល់​ថ្ងៃ​នៃ​ជីវិត​របស់​យើង ។

ក្មួយៗ​អាច​រៀបចំ​ខ្លួន​សម្រាប់​អំណោយទាន​ពិសិដ្ឋ​របស់​ក្មួយៗ និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ផ្សេងទៀត ដោយ​ការសញ្ជឹងគិត ការអធិស្ឋាន និង​ការរៀនសូត្រ​អំពី​ព្រះវិហារបរិសុទ្ធ ។ ប្រសិនបើ​ឪពុកម្ដាយ ឬ​ជីដូនជីតា​របស់​ក្មួយៗ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​ប្រាប់​ពួកគាត់​ថា​វា​គឺជា​ពរជ័យ​ដ៏​រុងរឿង​ណាស់ ។ ប៊ីស្សព​របស់​ក្មួយៗ និង​ពួកអ្នក​ដឹកនាំ​ផ្សេងទៀត​នឹង​ជួយ​ក្មួយៗ​ផងដែរ ។ ខ្ញុំ​សង្ឈឹម​ថា ក្មួយៗ​នឹង​ស្វែងរក​មិត្ត​ល្អៗ​ដែល​គាំទ្រ​ដល់​ក្មួយៗ ។ ក្មួយៗ​នឹង​មាន​អំណរគុណ​នៅពេល​ថ្ងៃ​នោះ​មកដល់​សម្រាប់​ក្មួយៗ​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ក្មួយៗ​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​គ្រប់​ការសន្យា​ដ៏អស្ចារ្យ​ទាំងឡាយ និង​ពរជ័យ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ប្រទាន​ដល់​ក្មួយៗ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្រៀន​ពួកសិស្ស​របស់​ទ្រង់

ព្រះគ្រីស្ទ​កំពុង​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ដោយ ចាស្ទីន ខាន់ស៍

ដំណើរ​នេះ​កំពុង​បន្ត

គោល​បំណង​ក្នុង​ជីវិត​នេះ​គឺ​ដើម្បី​រៀបចំ​ខ្លួន​របស់​យើង​សម្រាប់​ជីវិត​បន្ទាប់ ។ ផែនការ​ដ៏​ធំមហិមា​របស់​ព្រះវរបិតាសួគ៌​គឺ​មិន​បញ្ចប់​ត្រឹម​ការ​ស្លាប់​នេះ​ទេ ដោយសារ​វិញ្ញាណ​របស់​ក្មួយៗ​មិន​ចេះ​ស្លាប់​នោះទេ ។ វា​នឹង​បន្ត​ទៅ​ពិភព​វិញ្ញាណ ដើម្បី​បន្ត​រៀនសូត្រ បម្រើ និង​រង់ចាំ​ការរស់ឡើង​វិញ ។ បន្ទាប់មក គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ទូល​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ( សូមមើល អេសាយ ៤៥:២៣ ) ។ ដោយសារ​ដង្វាយធួន និង​ការរស់ឡើង​វិញ​របស់​ទ្រង់ នោះ​រូបកាយ និង​វិញ្ញាណ​របស់​យើង​នឹង​បាន​រួបរួមគ្នា​សារជាថ្មី ហើយ​ដំណើរ​របស់​យើង​នឹង​បន្ត​រហូត​ដល់​អស់កល្ប​ជានិច្ច ។ នេះ​ជា​ពរជ័យ​ដ៏​រុងរឿង​អ្វីម៉្លេះ​ទេ​សម្រាប់​ពួកយើង​ទាំងអស់គ្នា !

និយាយ​ឲ្យ​អស់ទៅ គ្រប់​អ្វីទាំងអស់​ដែល​ផ្ដល់ឲ្យ​នូវ​ភាពអស់កល្ប និង​មាន​សារសំខាន់ គឺ​ត្រូវបាន​ផ្ដោត​ទៅលើ​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ចំណេះដឹង និង​សេចក្ដី​ជំនឿ​របស់​ក្មួយៗ​ទៅលើ​ទ្រង់​នឹង​រីកចម្រើន នៅពេល​ក្មួយៗ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្មួយៗ​នឹង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​និរន្តរ៍​របស់​ទ្រង់​ចំពោះ​ក្មួយៗ ហើយ​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​អំណរ និង​អំណាច​ខាងវិញ្ញាណ​ពេញ​មួយ​ជីវិត​របស់​ក្មួយៗ ។