២០២២
គ្មាន​នរណា​ម្នាក់​ដូច​អ្នក​នោះទេ
ខែ កក្កដា ឆ្នាំ ២០២២


« គ្មាន​នរណា​ម្នាក់​ដូច​អ្នក​នោះទេ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២

ចូរ​មក​តាម​ខ្ញុំ

នាង​អេសធើរ

គ្មាន​នរណា​ម្នាក់​ដូច អ្នកនោះទេ

ព្រះអម្ចាស់​បាន​រៀបចំ​ព្រះនាង​អេសធើរ​សម្រាប់​កិច្ចការ​ដ៏​សំខាន់​របស់​ព្រះនាង ហើយ​ទ្រង់​កំពុង​ធ្វើ​ដូច្នោះ​ដែរ​សម្រាប់​អ្នក ។

ធ្វើ​អ្វី​ម៉្យាង​ឥឡូវ​នេះ ។ ធ្វើ​អ្វី​ក៏​បាន​ដែរ ! សូម​បត់​ដៃ​របស់​អ្នក​ទៅលើ​ក្បាល បង្វិល​ជុំវិញ ឬ​ស្រែក​ចេញ​ពាក្យ​ប្លែកៗ​មួយ​ចំនួន​ដូចជា « ខ្ញុំ​ចូលចិត្ត​នំប៉័ង​ចេក ! »

ធ្វើ​រួចរាល់​ហើយ​មែន​ទេ ? ល្អ​ណាស់ ។ អ្នក​ទើបតែ​បាន​សម្រេច​នូវ​អ្វី​មួយ​ដែល​មិន​ធ្លាប់​ធ្វើ​ពីមុន​មក ។ ស្ដាប់​ទៅ​ដូចជា​ចម្លែក​មែន អ្វី​ដែល​អ្នក​ទើបតែ​ធ្វើ—សូម្បី​តែ​អ្នក​គ្រាន់តែ​គិត​អំពី​អ្វី​ម៉្យាង ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​វា​សោះ—គឺ​មិន​ធ្លាប់​បាន​ធ្វើ​បែប​នោះ​ឡើយ​តាំងពី​មុន​មក​ទេ ។ គឺ​មិន​មាន​នៅ​ទីនេះ​ឡើយ មិន​កើត​នៅ​ពេល​ជាក់លាក់​នេះ​ឡើយ និង​មិន​មែន​ដោយសារ​អ្នក​ឡើយ ។

ការធ្វើ​លំហាត់ប្រាណ​តិចតួច​កំប្លែង​បែប​នេះ គូស​បញ្ជាក់​ពី​ចំនុច​សំខាន់ ៖ គ្មាន​នរណា​ម្នាក់​ដូច​អ្នក​បេះបិទ​នោះ​ទេ ក៏​មិន​ស្ថិត​ក្នុង​កាលៈទេសៈ​ដូច​អ្នក​បេះបិទ​នោះដែរ ។ សូម្បីតែ​បងប្អូន​បង្កើត​របស់​អ្នក​ក៏​ដោយ ។ មនុស្ស​នៅក្នុង​ពិភពលោក​ទាំងអស់ គ្មាន​នរណា​ម្នាក់​មាន​ទេពកោសល្យ សមត្ថភាព មិត្តភាព គ្រួសារ អំណោយទាន​ខាងវិញ្ញាណ និង​ទស្សនវិស័យ​ផ្ទាល់ខ្លួន​រួមផ្សំ​ជាក់លាក់​ដូច​អ្នក​នោះទេ ។

ដូចជា​ព្រះនាង​អេសធើរ​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់​ដែរ អ្នក​មាន​គុណសម្បត្តិ​យ៉ាង​ពិសេស​គ្រប់គ្រាន់​« សម្រាប់​ពេល​នេះ​ឯង »​( នាងអេសធើរ ៤:១៤ )​ដើម្បី​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​សម្រាប់​សេចក្ដី​ល្អ​នៅក្នុង​ជីវិត​របស់​មនុស្ស​ទាំងអស់​ដែល​អ្នក​ស្គាល់ ។

អ្នក​មាន​រឿង​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ !

ពី​ក្មេងកំព្រា​ក្លាយ​ទៅជា​ត្រកូល​រាជវង្ស

នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​ក្នុង​ខែ​នេះ​ដែល​ជា​ផ្នែក​នៃ ចូរ​មក​តាម​ខ្ញុំ អ្នក​នឹង​រៀន​អំពី​យុវនារី​សាសន៍​យូដា​ដ៏​គួរឲ្យ​កត់សម្គាល់​ម្នាក់ ​ដែល​មាន​ឈ្មោះ​ថា អេសធើរ ។ នៅ​គ្រា​មួយ​នៃ​ជីវិត​របស់​នាងអេសធើរ​ដែល​ធ្លាប់​ជា​កូន​កំព្រា​ម្នាក់ ហើយ​ត្រូវ​បាន​ទទួល​ចិញ្ចឹម​ដោយ​សមាជិក​សាច់ញាតិ​គ្រួសារ​មួយរូប ឈ្មោះ ម៉ាដេកាយ ។ នាង​បាន​ធំឡើង​នៅ​ចំពេល​ដែល​សាសន៍​យូដា​ត្រូវ​បាន​ចាប់​ជា​ទាសករ​ដោយ​សាសន៍​ដ៏ទៃ ។

ក្នុង​នាម​ជា​ក្មេងស្រី​កំព្រា​ម្នាក់​ដែល​រស់នៅ​លើ​ទឹកដី​ចម្លែក​មួយ នាង​ប្រហែល​ជា​មិនដែល​គិតថា ថ្ងៃ​ណាមួយ​នាង​នឹង​ក្លាយ​ជា​អគ្គមហេសី​ម្នាក់​ឡើយ ។ ប៉ុន្តែ​រឿង​នោះ​ពិតជា​បាន​កើត​ឡើង​មែន​( សូម​មើល នាងអេសធើរ ២ ) ។ នាង​ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​កូនក្រមុំ​របស់​ស្ដេច​អ័ហាស៊ូរុស ។

ប៉ុន្តែ​ថ្ងៃ​មួយ​ព្រះនាង​បាន​ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏​លំបាក​មួយ ៖ ពួកសាសន៍​យូដា​ដែលជា​ប្រជារាស្រ្ត​របស់​ព្រះនាង​អេសធើរ កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​នៃ​ការបំផ្លាញ​ចោល ។ ស្ដេច​ដែលជា​ព្រះស្វាមី​របស់​ព្រះនាង បន្ទាប់ពី​ព្រះសណ្ដាប់​ការណែនាំ​របស់​ទីប្រឹក្សា​របស់​ទ្រង់​រួចហើយ បាន​ចេញ​រាជក្រឹត្យ​មួយ​ថា ពួកសាសន៍​យូដា​នៅក្នុង​ទីក្រុង​ទាំងអស់ នឹង​ត្រូវ​សម្លាប់ចោល​នៅ​ថ្ងៃ​ជាក់លាក់​មួយ ដែល​ទ្រង់​បាន​បញ្ជា ។

ឥឡូវនេះ មាន​ប្រជារាស្រ្ត​ជាច្រើន​កំពុង​រស់នៅ​ក្នុង​ទីក្រុង​នេះ ។ មាន​សាសន៍​យូដា​ជាច្រើន​កំពុង​រស់នៅ​ក្នុង​ទីក្រុង​នេះ​ផងដែរ ។ ប៉ុន្តែ​មាន​តែ​អគ្គមហេសី​អេសធើរ​តែ​ម្នាក់​គត់ ។ ហើយ​ព្រះនាង​គឺជា​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​អ្វីមួយ​បាន ដើម្បី​បញ្ឈប់​គ្រោះ​មហន្តរាយ​នេះ ។

ដូចជា​អគ្គមហេសី​អេសធើរ​ដែរ គឺ​មាន​តែ​អ្នក​ម្នាក់​គត់ ។ អ្នក​គឺជា​មនុស្ស​តែម្នាក់​គត់​ដែល​អាច​ធ្វើ​រឿង​ដែល​អ្នក​អាច​ធ្វើ​បាន—រឿង​ដែល​ព្រះអម្ចាស់​ត្រូវការ​ឲ្យ​អ្នក​ធ្វើ ។ រឿង​ដែល​អាច​នាំ​ទៅរក​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​ជា​ច្រើន ។

ចម្លើយ​ចំពោះ​ការអធិស្ឋាន

សំណាង​ណាស់​ដែល​អ្នក​គ្មាន​ឳកាស​ត្រូវ​ប្រឈមមុខ​នឹង​រឿង​ដែល​គ្រោះថ្នាក់ និង​គួរ​ឲ្យ​ខ្លាច​ដូច​អ្វី​ដែល​ព្រះនាង​អេសធើរ​បាន​ជួប​នោះ ។ ប៉ុន្តែ​នោះ​ពុំ​មែន​មាន​ន័យថា គោល​បំណង​របស់​អ្នក​ក្នុង​ជីវិត​នេះ​មិន​សូវ​សំខាន់​នោះទេ ។

ដូចជា​ព្រះនាង​អេសធើរ​ដែរ អ្នក​ត្រូវ​បាន​ដឹកនាំ និង​រៀបចំ​ដើម្បី​ក្លាយ​ជា​រូប​អ្នក​នៅ​ពេលនេះ ។ ហើយ​ការរៀបចំ​នោះ​នឹង​បន្ត​នៅពេល​អ្នក​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ប្រចាំថ្ងៃ​របស់​មនុស្ស​ជាច្រើន ។

ប្រាកដ​ណាស់ សូម្បីតែ​មាន​គ្រប់​ទេពកោសល្យ និង​សមត្ថភាព​របស់​អ្នក​ក៏​ដោយ វា​តែងតែ​ល្អបំផុត​ដើម្បី​សុំ​ជំនួយ​ខាងវិញ្ញាណ​ជានិច្ចកាល​ ដូចជា​ព្រះនាង​អេសធើរ​បាន​ធ្វើ​ដែរ ។

សេចក្ដី​ជំនឿ ការជឿជាក់ និង​ខ្លួន​អ្នក

ព្រះនាង​អេសធើរ​បាន​ដឹង​ថា ព្រះនាង​ត្រូវតែ​ព្យាយាម និង​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​របស់​ព្រះនាង ។ ព្រះនាង​ក៏​បាន​ដឹង​ថា ព្រះនាង​ត្រូវការ​សេចក្ដី​ជំនឿ និង​ការគាំទ្រ​បន្ថែម​ទៀត​ពី​ប្រជាជន​របស់​ព្រះនាង នៅពេល​ព្រះនាង​បាន​ស្វែងរក​ជំនួយ​ពី​ព្រះ ។ « សូម​ទៅ​ប្រមូល​ពួកសាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តមអត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំងយប់​ទាំងថ្ងៃ​អស់​រវាង ៣​ថ្ងៃ ឯខ្ញុំ និង​ពួកស្រី​បម្រើ​របស់ខ្ញុំ ក៏នឹង​តម​ដូច្នោះ​ដែរ​យ៉ាងនោះ ខ្ញុំ​នឹង​ចូលទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុសច្បាប់ ហើយ​បើខ្ញុំ​ត្រូវ​ស្លាប់ ក៏ស្លាប់​ទៅចុះ » ( នាងអេសធើរ ៤:១៦ ) ។

រូបភាព
នាង​អេសធើរ

នាង​អេសធើររចនា​ដោយ ជេមស៍ អិល ចនសុន

នៅពេល​ជីវិត​មាន​ភាពលំបាក នោះ​ភាពស្មោះត្រង់​ត្រលប់​ទៅជា​ភាពក្លាហាន​ចំពោះ​ព្រះ ។ ព្រះនាង​អេសធើរ​ត្រូវការ​គ្រប់​ជំនួយ​ទាំងអស់​ ដែល​ព្រះនាង​អាច​ទទួល​បាន ។ ព្រះនាង​មិន​ត្រឹមតែ​ត្រូវការ​ជំនួយ​ក្នុងការ​និយាយ​លួងលោម​ព្រះ​ស្វាមី​របស់​ព្រះនាង​អំពី​រាជក្រឹត្យ​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ​ព្រះនាង​ត្រូវតែ​ប្រថុយ​ជីវិត​របស់​ព្រះនាង​ផ្ទាល់​ ដោយ​ការយាង​ទៅគាល់​ស្ដេច​ដោយ​គ្មាន​ការកោះហៅ​ជាមុន ( ដែល​ប្រឆាំង​នឹង​ច្បាប់ សូម្បីតែ​ជា​អគ្គមហេសី​ក៏​ដោយ ) ។

តើ​អ្នក​មើលឃើញ​ការជឿជាក់ និង​សេចក្ដី​ជំនឿ​របស់​ព្រះនាង​ដែរ​ទេ ? វា​មាន​អត្ថប្រយោជន៏​ដើម្បី​អាន​ជា​លើក​ទីពីរ​នូវ​ពាក្យ​ដែល​ព្រះនាង​អេសធើរ​បាន​និយាយ ៖ « បើខ្ញុំ​ត្រូវ​ស្លាប់ ក៏ស្លាប់​ទៅចុះ » ។ ពាក្យ​ដ៏​មាន​ឥទ្ធិពល​ទាំងនេះ​ក៏ត្រូវ​បាន​និយាយ​ដោយ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទៅកាន់​ស្ដេច​នេប៊ូក្នេសា​ផងដែរ នៅពេល​ពួកគេ​បាន​បដិសេដ​ក្នុងការ​ថ្វាយបង្គំ​រូបមាស​របស់​ស្ដេច ។

សូម្បីតែ​នៅពេល​ដែល​ទ្រង់​បាន​គំរាម​បោះ​ពួកគេ​ចូល​ទៅក្នុង​ឡភ្លើង​ដោយសារ​ការមិន​គោរព​តាម​ក៏ដោយ ក៏​ពួកគេ​បាន​និយាយ​ដោយ​ក្លាហាន​ថា « បើ​ជា​យ៉ាងនោះ​មែន នោះ​ព្រះ​នៃ​យើងខ្ញុំ ដែល​យើងខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ ។

«តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើងខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូបមាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ » ( ដានីយ៉ែល ៣:១៧–១៨, ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

« តែ​បើ​មិន​ជួយ​ទេ » និង « បើខ្ញុំ​ត្រូវ​ស្លាប់ ក៏ស្លាប់​ទៅចុះ » គឺជា​ប្រយោគ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ជំនឿ ។ ជំនឿ​ដ៏​មាន​ឥទ្ធិពល​បែប​នេះមាន ​មិនថា​លទ្ធផល​បែប​ណា​នោះទេ ។ ភាព​ក្លាហាន​របស់​ព្រះនាង​អេសធើរ​ទីបំផុត​បាន​សង្គ្រោះ​​ប្រជារាស្រ្ត​របស់​ព្រះនាង ! សូម្បីតែ ព្រះនាង​បាន​ដឹង​តាំង​ពី​ដំបូង ដូច​ដែល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​ដែរ ថា​អំឡុងពេល​ដែល​លទ្ធផល​នៃ​ការជ្រើសរើស​សេចក្ដី​ជំនឿ​មិន​តែងតែ​ប្រាកដ​នោះ​ទេ តែការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ គឺ​តែងតែ​ជា​ជម្រើស​ត្រឹមត្រូវ​ជានិច្ច ។

អ្នក​ប្រហែលជា​មាន​គ្រាខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ នៅពេល​ដែល​ការជ្រើសរើស​ផ្លូវ​សុចរិត​ប្រហែលជា​មាន​ការពិបាក ។ គ្មាន​ពួកយើង​ណាម្នាក់​ដែល​គេចផុត​ពី​ការសាកល្បង​ដ៏​វិលវល់​នៃ​ភាព​ខាង​សាច់ឈាម​នោះ​ឡើយ ។ ប៉ុន្ដែ​ដូចគ្នា​នេះ​ដែរ អ្នក​អាច​ជ្រើសរើស​ដើម្បី​ក្លាយ​ដូចជា​ព្រះនាង​អេសធើរ​បាន ។ សូម​ជ្រើសរើស​សេចក្ដី​សុចរិត ហើយ​ឲ្យ​លទ្ធផល​មក​តាមក្រោយ​ចុះ ។

ទីបញ្ចប់ អ្នក​គឺជា អ្នក តែ​ម្នាក់​គត់​នៅ​ទី​នេះ—និង​« សម្រាប់​ពេល »​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​កន្លែង​ប្រសើរ​ជាងនេះ គឺ​នៅ​ពេល​នេះ​ឯង ។