២០២២
ការរៀបចំ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ឌូបៃ
ខែ កក្កដា ឆ្នាំ ២០២២


« ការរៀបចំ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ឌូបៃ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ការរៀបចំ​សម្រាប់ ព្រះវិហារ​បរិសុទ្ធ​ឌូបៃ

យុវវ័យ​នៅ​ទីក្រុង​ឌូបៃ និង​ប្រទេស​កាតា ចែកចាយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តីរំភើប​របស់​ពួកគេ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​នឹងត្រូវ​សាងសង់​នៅ​ក្បែរ​ពួកគេ ។

រូបភាព
យុវជន

រូបថត​របស់​សាជិន ដោយ ខារឡា ណាការីអូ

វា​គ្រាន់តែ​ជា​ពាក្យ​សាមញ្ញ​ពីរបី​ម៉ាត់​ប៉ុណ្ណោះ ប៉ុន្តែ​វា​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​នៅពេល​ត្រូវ​បាន​ប្រកាស​ដោយ​ព្យាការី​របស់​ព្រះ​ម្នាក់ ។ អំឡុងពេល​សន្និសីទ​ទូទៅ សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក​ស្ដាប់​យ៉ាង​អន្ទះសា​សម្រាប់​ការប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។ ហើយ​សម្រាប់ សាជិន និង គ្វែន នៅពេល​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​និយាយ​ពាក្យ « ទីក្រុង​ឌូបៃ អេមីរ៉ាត​អារ៉ាប់រួម » នៅក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២០ យុវវ័យ​ទាំងពីរ​អ្នក​ដឹង​ថា ជីវិត​របស់​ពួកគេ​នឹង​មិន​ដូច​មុន​ទៀត​ឡើយ ។

សូម​ជួប សាជិន មកពី​ទីក្រុង​ឌូបៃ

សាជិន ដែល​មាន​អាយុ​ដប់ពីរ​ឆ្នាំ មិន​ធ្លាប់​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ផ្ទាល់​ភ្នែក​ឡើយ ។

សាជិន​បាន​និយាយ​ថា « ម៉ាក់​របស់​ខ្ញុំ​តែងតែ​មាន​គោលដៅ​មួយ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ » ។ « សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​អាច​បន្ត​ដល់មនុស្ស​ផ្សេង​ទៀត ។ ឥឡូវនេះ​គោលដៅ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ » ។

សាជិន បាន​កើត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្ដែ​នៅពេល​ដែល​ឪពុកម្ដាយ​របស់​គាត់​បាន​លែងលះ​គ្នា គាត់​បាន​ទៅ​រស់នៅ​ជាមួយ​ម៉ាក់​របស់​គាត់​នៅ អេមីរ៉ាត​អារ៉ាប់រួម ។ « ម៉ាក់​របស់​ខ្ញុំ​ធ្វើ​ការលំបាក​យ៉ាង​លំបាក ។ គាត់​ប្រៀប​ដូចជា​វីរនារី​ដ៏​ក្លាហាន​ម្នាក់​សម្រាប់​ខ្ញុំ​អញ្ចឹង ។ សូម្បី​តែ​អំឡុងពេល​ដ៏​លំបាកៗ គាត់​មិន​ដែល​ចុះចាញ់​នោះ​ទេ » ។

រូបភាព
យុវជន និង ម្ដាយ

ម៉ាក់ និង​លោកយាយ​របស់​សាជិន​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​ឥណ្ឌា​ពីរបី​ឆ្នាំ មុន​ពេល​គាត់​កើត​មក ។ ពួកគាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​បាន​ដឹង​ថា វា​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគាត់ ។ សាជិន​បាន​ធំ​ឡើង​ទៅ​ព្រះវិហារ​ជា​មួយ​ម៉ាក់​របស់​គាត់ ហើយ​គាត់​ទើប​តែ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​រង់ចាំ​ការអនុញ្ញាត​ពី​ប៉ា​របស់​គាត់ ។

គាត់​បាន​និយាយ​ថា « ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ » ។ « ហើយ​នៅ​ពេល​ខ្ញុំ​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ និង​មាន​អំណរ​យ៉ាងខ្លាំង​នៅក្នុង​ចិត្ត » ។

ឥឡូវ សាជិន​អាច​ចែក​សាក្រាម៉ង់​នៅ​វួដ​របស់​គាត់ ហើយ​រៀបចំខ្លួន​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឌូបៃ អេមីរ៉ាត​អារ៉ាប់រួម នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​សាងសង់​រួចរាល់ ។

សាជិន​បាន​និយាយ​ថា « នៅពេល​ខ្ញុំ​បាន​ឮ​គេ​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ខ្លួនឯង​មាន​អារម្មណ៍​ថា វា​គឺ​សម្រាប់​ខ្ញុំ » « វា​គឺ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ ខ្ញុំ​ភ្ញាក់ផ្អើល ពីព្រោះ​ពួកគេ​កំពុង​សាងសាង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ចំ​កន្លែង​ដែល​យើង​រស់នៅ ! ខ្ញុំ​អាច​ជិះ​រថភ្លើង​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ ហើយ​ទៅ​ញឹកញាប់​ប៉ុណ្ណា​ក៏​បាន​ដែរ ។ ខ្ញុំ​ក៏​រំភើបចិត្ត​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​បេងហ្គាលូរូ ប្រទេស​ឥណ្ឌា ដែល​ជីតា​របស់​ខ្ញុំ​នឹង​អាច​ទៅ​បាន​ផងដែរ »។

រូបភាព
យុវជន​កាន់​រូបថត​របស់​ជីដូន​ជីតា

សាជិន​រំភើបចិត្ត​ជំនួស​ជីដូនជីតា​របស់​គាត់ ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​បេងហ្គាលូរូ ប្រទេស​ឥណ្ឌា នៅក្បែរ​ពួកលោកទាំងពីរ ។

សាជិន​ចង់​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​គាត់​ដទៃ​ទៀត​ផងដែរ ។

រូបភាព
យុវជន និង​ម្ដាយ​នៅ​មុខ​កុំព្យូទ័រ

« ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​នឹង​អាច​មាន​ភាពស័ក្ដិសម​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ ដើម្បី​ជួយ​បុព្វការីជន​របស់​ខ្ញុំ​ទាំងអស់ ។ ខ្ញុំ​មាន​ឱកាស​ដ៏​រំភើប​មួយ ដើម្បី​បម្រើ​ព្រះអម្ចាស់ ហើយ​ធ្វើ​ការណ៍​ដែល​ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ » ។

សូម​ជួប គ្វែន មកពី​ប្រទេស កាតា

រូបភាព
យុវនារី

រូបថត​របស់​គ្វែន ដោយ​គ្រីស្ទីណា ស៊្មីធ និង​ការ​ថ្លែង​អំណរគុណ​ពី​គ្រួសារ​នាង ។

ក្នុង​រយៈពេល ១៨​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​នាង គ្វែន​បាន​រស់នៅ​ក្នុង​ប្រាំ​ប្រទេស​ខុសៗ​គ្នា ៖ ស្កុតឡង់ អង់ហ្គោឡា អង់គ្លេស កាហ្សាក់ស្ថាន និង កាតា ។ ការងារ​របស់​ប៉ា​នាង​បាន​នាំ​ពួកគេ​ទៅ​ជុំវិញ​ពិភពលោក ប៉ុន្ដែ​ថ្មីៗ​នេះ ពួកគេ​ទៅ​តំបន់​មជ្ឈិម​បូព៌ា ។

បងៗ​របស់​គ្វែន​បាន​រើស​ចេញ​ពី​ផ្ទះ​អស់​ហើយ មាន​តែ​នាង​ប៉ុណ្ណោះ​ដែល​រស់នៅ​ក្នុង​ប្រទេស​កាតា​ជាមួយ​ម៉ាក់ និង​ប៉ា​របស់​នាង ។ បទពិសោធន៍​មួយ​ដែល​នាង​ពេញចិត្ត​គឺ​ការធ្វើ​ដំណើរ​ជាមួយ​យុវវ័យ​នៅក្នុង​វួដ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​កៀវ ប្រទេស​អ៊ុយក្រែន ។ មិនមាន​ព្រះវិហារ​បរិសុទ្ធ​ណា​នៅក្បែរ​នោះ​ទេ ដូច្នេះ​ពួកបរិសុទ្ធ​នៅ​មជ្ឈិម​បូព៌ា​ត្រូវតែ​ធ្វើ​ដំណើរ​តាម​យន្តហោះ ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​នានា​ក្នុង​បណ្ដា​ប្រទេស​ដទៃ​ទៀត ។

នាង​បាន​និយាយ​ថា « ខ្ញុំ​រំភើបចិត្ត​ណាស់​ចំពោះ​ការធ្វើ​ដំណើរ​របស់​យើង ហើយ​ខ្ញុំ​ចង់​យក​ឈ្មោះ​គ្រួសារ​ទៅ​ផងដែរ » ។ « ជារៀងរាល់ថ្ងៃ ខ្ញុំ​ស្វែងរក​ឈ្មោះ​គ្រួសារ​នៅលើ​ទូរសព្ទ​ខ្ញុំ នៅតាម​ផ្លូវ​ទៅសាលា និង​ពេល​ត្រលប់​មកវិញ ។ ខ្ញុំ​រក​បាន​ប្រហែល ២០០ ឈ្មោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ! »

រូបភាព
ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ប៉ុន្ដែ​មាន​បញ្ហា​តូច​មួយ ដែល​នាង​មិន​អាច​ត្រៀមទុក​ជា​មុន​បាន ។

ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក ។

យន្ដហោះ​របស់​គ្វែន​បាន​ចុះចត​នៅ​ប្រទេស​អ៊ុយក្រែន ក្នុង​ខែ មិនា ឆ្នាំ ២០២០—ចំពេល​ដែល​ពួកគេ​ចាប់ផ្ដើម​ឮ​កាន់តែ​ច្រើន​ឡើង​អំពី​ការរាតត្បាត​នៃ​វីរ៉ុស​កូវីដ-១៩ ។ ដោយ​មាន​ជំនួយ​ពី​ស្ថានសួគ៌ នោះ​ពួកគេ​បាន​ទៅដល់​ព្រះវិហារ​បរិសុទ្ធ ហើយ​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ឈ្មោះ​គ្រួសារ ដែល​គ្វែន​បាន​រៀបចំ​នោះ ។

រូបភាព
ក្រុម​យុវនារី

នាង​បាន​និយាយ​ថា « វា​មាន​អព្ភូតហេតុ​ម្ដង​ហើយ ម្ដង​ទៀត » ។ « នៅពេល​យើង​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ព្រួយ​បារម្ភ​អំពី​ជំងឺ​រាតត្បាត​នេះ ។ ប៉ុន្ដែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​សន្តិភាព និង​ការលួងលោម​ចិត្ត​យ៉ាងខ្លាំង ។ ហើយ​យើង​អាច​ហោះហើរ​ត្រលប់​ទៅ​ប្រទេស​កាតា​វិញ មុនពេល​គេ​បិទ​ព្រំដែន » ។

រូបភាព
យុវនារី​ពីរ​នាក់

ប៉ុន្ដែ​ម៉ាក់​របស់​គ្វែន ដែល​បាន​ទៅ​លេង​បង​បង្កើត​ម្នាក់​របស់​គ្វែន​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក មិន​អាច​ត្រលប់​ទៅ​ប្រទេស​កាតា​វិញ​បានទេ ។ គ្វែន និង​ប៉ា​របស់​នាង​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ នៅពេល​ប៉ា​របស់​នាង​ឆ្លង​ជំងឺ​កូវីដ ។ គ្វែន​បាន​និយាយ​ថា « គាត់​បាន​ឈឺ​ធ្ងន់​អស់​មួយ​រយៈ ហើយ​គាត់​មិន​អាច​ធ្វើ​ចលនា​បាន​ច្រើន​នោះ​ទេ » ។ « ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់ ។ ម៉ាក់​របស់​ខ្ញុំ​នៅ​មិន​ទាន់​ត្រលប់​មក​វិញ ហើយ​ខ្ញុំ​មិន​សូវ​ចេះ​ធ្វើ​ម្ហូប​ក្រៅពី​នំបុ័ង​សាំងវ៉ិច​ជាមួយ​ឈីស​អាំង​នោះទេ » ។

ប៉ុន្ដែ​គ្វែន​មាន​បទពិសោធន៍​ពិសេស​មួយ នៅពេល​បង្កើត​ព្រះវិហារ​នៅ​ផ្ទះ​ជាមួយ​ប៉ា​របស់​នាង ។

នាង​បាន​និយាយ​ថា « វា​ហាក់​ដូចជា​មាន​អារម្មណ៍​ថា អស់​អ្នក​ដែល​យើង​បាន​យក​ឈ្មោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ បាន​នៅ​ជាមួយ​ខ្ញុំ និង​ប៉ា​របស់​ខ្ញុំ » ។ « ខ្ញុំ​ពុំបាន​មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ ។ វា​គឺជា​បទពិសោធន៍​ដ៏​ទន់ភ្លន់​មួយ ។ ការទៅ​ព្រះវិហារ​បរិសុទ្ធ​មុនពេល​មាន​ជំងឺ​រាតត្បាត គឺជា​ពរជ័យ​មួយ » ។

រូបភាព
ក្រុម​យុវវ័យ​នៅ​មុខ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​ឌូបៃ អេមីរ៉ាត​អារ៉ាប់រួម​បាន​ប្រកាស​សាងសង់​មួយ​ខែ បន្ទាប់ពី​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ប្រទេស​អ៊ុយក្រែន ។ គ្វែន​រំភើប​ចិត្ត​ខ្លាំង​ណាស់ ! ហើយ​នាង​ដឹង​ថា វា​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​ប្រជាជន​ដែល​នៅក្នុង​តំបន់​របស់​នាង ។

« ខ្ញុំ​ដឹងថា មាន​ប្រជាជន​ក្នុង​តំបន់​របស់​ខ្ញុំ ដែល​មិន​អាច​ផ្គត់ផ្គង់​ថ្លៃ​ហោះហើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​បានទេ ។ ពួកគេ​បាន​រង់ចាំ​ដើម្បី​បាន​ផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប ។ វា​បង្ហាញ​ដល់​ខ្ញុំ​ថា ការ​ប្រមូលផ្ដុំ​នោះ គឺ​កំពុង​កើត​មាន​ពិតមែន ។ យើង​កំពុង​រៀបចំ​ផ្លូវ​សម្រាប់​ការយាងមក​ម្ដង​ទៀត​របស់​ព្រះគ្រីស្ទ ។

ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ

រឿង​មួយ​ដែល​គ្វែន និង​សាជិន​មាន​ដូចគ្នា​នោះ គឺថា​ព្រះវិហារ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ​រួច​ហើយ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ចំណែក​ដ៏​សំខាន់​នៃ​ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​សេចក្ដីល្អ និង​សេចក្ដី​សប្បុរស​របស់​ព្រះ ទ្រង់​កំពុង​នាំ​ពរជ័យ​នៃ​ព្រះវិហារ បរិសុទ្ធ​មក​កាន់តែ​ជិត​នឹង​បុត្រាបុត្រី​របស់​ទ្រង់ គ្រប់​ទីកន្លែង ។ »

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Go Forward in Faith »សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០ (EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១១៥ ) ។

  2. រ័សុល អិម ណិលសុន « Go Forward in Faith »សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០ ( ទំព័រ ១១៥–១៦ ) ។