២០២២
ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​ជួប​គាត់​ម្ដង​ទៀត
ខែ កក្កដា ឆ្នាំ ២០២២


« ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​ជួប​គាត់​ម្ដង​ទៀត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

បាវចនា និង ខ្ញុំ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​រស់នៅ​តាម​ពាក្យពេចន៍​នៃ​បាវចនា​របស់​ក្រុម​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន

ខ្ញុំ ដឹងថា ខ្ញុំនឹង ជួប គាត់​ម្ដង​ទៀត

« ខ្ញុំ​នឹង​សម​ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​ឋិតថេរ​នៃ​ដំណឹងល្អ » ។

រូបភាព
យុវជន

ខ្ញុំ​ជឿថា​ព្រះ​ប្រទាន​ដល់​យើង​នូវ​ក្រុមគ្រួសារ ដើម្បី​យើង​អាច​ជួយ​ពង្រឹង និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ ព្រះអម្ចាស់​ក៏​ប្រទាន​ដល់​យើង​នូវ​ក្រុមគ្រួសារ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ឯកោ​ផងដែរ ។ ប៉ុន្ដែ​នៅពេល​ដែល​ប៉ា​របស់ខ្ញុំ​បាន​ទទួល​មរណភាព​ទៅ ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់ ។ ប៉ា​និង​ខ្ញុំ​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​បាត់បង់​គំរូ​ដ៏​ឥតឈប់​ឈរ​របស់​គាត់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​មានតែ​យំ​ប៉ុណ្ណោះ ។

ប៉ុន្ដែ​នៅ​យប់​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន ។ នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​នៅ​ឯកោ​នោះ​ទេ ។ ខ្ញុំ​ដឹងពី​ផែនការ​នៃ​សេចក្តីសង្រ្គោះ ។ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ​នឹង​អាច​ជួប​ប៉ា​របស់​ខ្ញុំ​ម្តង​ទៀត ។ ការយល់ដឹង​ដែល​ថា ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជានិរន្តន៍ គឺ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ ។ ហើយ​ខ្ញុំ​ដឹងថា យើង​អាច​ក្លាយជា​គ្រួសារ​ដ៏​អស់កល្ប​មួយ ដោយសារ​ប៉ាម៉ាក់​របស់​ខ្ញុំ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួចហើយ ។

នៅពេល​ខ្ញុំ​គ្រប់​អាយុ ១២ ឆ្នាំ ខ្ញុំ​បាន​រៀប​ផែនការ​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ជាលើក​ដំបូង ។ ប៉ុន្ដែ​ព្រះវិហារ​បរិសុទ្ធ​បាន​បិទ​ដោយសារ​ជំងឺ​រាតត្បាត ។ ខ្ញុំ​ពិតជា​ទន្ទឹង​រង់ចាំ​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង ដើម្បី​ទទួល​អារម្មណ៍​នៃ​សេចក្ដី​អំណរ​នៅ​ទីនោះ​ណាស់ ។

នៅពេល​បងប្រុស​របស់​ខ្ញុំ​បាន​ផ្សារភ្ជាប់​នឹង​ភរិយា​របស់​គាត់ ខ្ញុំ​បាន​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​ទោះបីជា​នៅ​ខាងក្រៅ​ក៏ដោយ ក៏​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។ ដូច្នេះ​ខ្ញុំ​អាច​ស្រមៃ​ថា តើ​ពេល​បាន​ចូលទៅ​ខាងក្នុង​មាន​អារម្មណ៍​បែប​ណា​ទៅ ។ គ្រួសារ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដែល​យើង​អាច​រីករាយ​នៅក្នុង​ផែនការ​ដ៏​ឥតខ្ចោះ ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​យើង ។

ខ្ញុំ​ក៏​បាន​រៀន​មកពី​ការបង្រៀន​របស់​ព្យាការី​ទាំងឡាយ​ថា ខ្ញុំ​អាច​ចុះ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ រាល់​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​សំខាន់​ចាំបាច់​ណាស់ ។ ខ្ញុំ​បាន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ខ្ញុំ​ចង់​ប្រើវា​ខ្លាំងណាស់ ។ ហើយ​ខ្ញុំ​ដឹងថា ថ្ងៃណាមួយ​នៅពេល​ខ្ញុំ​បាន​ផ្សារភ្ជាប់​ជាមួយ​អនាគត​ភរិយា​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​អាច​មាន​គ្រួសារ​ដ៏​អស់កល្ប​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ផងដែរ ។

អ្នក​និពន្ធ​រស់​នៅ​ក្នុង​ទីក្រុង​គុយលីកាន ប្រទេស​ម៉ិកស៊ិក ។