២០២១
ព្យាណូ​សម្រាប់​ប្រូហ្វីត
ខែ មីនា ឆ្នាំ ២០២១


ព្យាណូ សម្រាប់ ប្រូហ្វីត

រឿង​នេះ​កើតឡើង​នៅ​ ហ្គ្រេតធើរ អាក្រា ប្រទេសហ្គាណា ។

ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ប្រូហ្វីត មាន​គោលដៅ​សំខាន់​ពីរ ។

« តន្រ្តី គឺជា​ភាសា​មួយ​ដែល​មនុស្ស​គ្រប់​រូប​អាច​យល់​បាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ iii ) ។

រូបភាព
hands on piano keyboard

ប្រូហ្វីត​ចូលចិត្ត​តន្ត្រី​ណាស់ ។ ជា​ពិសេស​គាត់​ចូលចិត្ត​ចម្រៀង​កុមារ និង​ទំនុក​តម្កើង​របស់​សាសនាចក្រ ។ គាត់​ច្រៀង​រហ៊ឹមៗ​តាម​ចង្វាក់​ភ្លេង​ពេញ​មួយ​ថ្ងៃៗ ។ គាត់​ស្រមៃ​ថា​ខ្លួន​គាត់​អង្គុយ​នៅ​ព្យាណូ​មួយ កំពុង​លេង​ចម្រៀង​ដែល​គាត់​ចូលចិត្ត ។ គាត់​ក៏​ស្រមៃ​ថា ខ្លួន​គាត់​កំពុង​បង្រៀន​មនុស្ស​ដទៃ​ទៀត​ឲ្យ​លេង​ផងដែរ ។

មាន​បញ្ហា​តែ​មួយ​គត់ ។ គាត់​មិន​មាន​ព្យាណូ​ទេ ។

ថ្ងៃ​មួយ ប្រូហ្វីត​បាន​មាន​ការសម្ភាស​ជាមួយ​នឹង​ប៊ីស្សព​របស់​គាត់ ។

ប៊ីស្សព​បាន​សួរ​ថា « តើ​ក្មួយ​មាន​ដាក់​គោលដៅ​សម្រាប់​កម្មវិធី​កុមារ និង​យុវវ័យ​ដែរ​ឬ​ទេ ? »

ប្រូហ្វីត​បាន​តបថា « បាទ » ។ « ខ្ញុំ​ចង់​រៀន​លេង​ព្យាណូ » ។

ប៊ីស្សព​បាន​និយាយ​ថា « នោះ​គឺ​ជា​គោលដៅ​ដ៏​ល្អ​មួយ » ។

ប្រូហ្វីត​បាន​និយាយ​ថា « ហើយ​នៅ​ពេល​ខ្ញុំ​សម្រេច​គោលដៅ​នោះ​ហើយ ខ្ញុំ​មាន​គោលដៅ​មួយ​ទៀត ។ ខ្ញុំ​ចង់​បង្រៀន​មនុស្ស ២០​នាក់​ទៀត​ពី​របៀប​លេង​ផងដែរ » ។

ប៊ីស្សព​បាន​និយាយ​ថា « ក្មួយ​មាន​គោលដៅ​ដ៏​ល្អ​ពីរ » ។

ប្រូហ្វីត​បាន​និយាយ​ថា « ហើយ​ខ្ញុំ​មាន​បញ្ហា​មួយ » ។ « ខ្ញុំ​អត់​មាន​ព្យាណូ​ទេ » ។

« មែនហើយ ចាំ​មើល​ថា​យើង​អាច​ធ្វើ​អ្វី​បានខ្លះ » ។

នៅ​សាសនាចក្រ​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​នោះ ប៊ីស្សព​បាន​ប្រាប់​ប្រូហ្វីត​ថា គាត់​បាន​រក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​អាច​បង្រៀន​គាត់​បាន ។ ពួកគាត់​នឹង​យក​ព្យាណូ​មក​ឲ្យ​ប្រូហ្វីត និង​អ្នក​ផ្សេង​ទៀត​ដើម្បី​ហាត់​លេង ។ ពួកគាត់​ចង់​បង្រៀន​មនុស្ស​ជា​ច្រើន​ពី​របៀប​លេង​ព្យាណូ ។

ប៊ីស្សព​បាន​និយាយ​ទៅកាន់​មនុស្ស​គ្រប់គ្នា ។ ប្រូហ្វីត​បាន​និយាយ​ទៅកាន់​មនុស្ស​គ្រប់គ្នា ។ គ្រួសារ​របស់​ប្រូហ្វីត​បាន​និយាយ​ទៅកាន់​មនុស្ស​គ្រប់គ្នា ។ មិន​យូរ វួដ​ទាំង​មូល​បាន​និយាយ​អំពី​មេរៀន​ព្យាណូ ។ មនុស្ស​ផ្សេង​ទៀត​ក៏​និយាយ​ពី​ព្យាណូ​ផងដែរ ។

ប្រូហ្វីត​បាន​ប្រាប់​ប៊ីស្សព​ថា « មិត្ត​ខ្ញុំ​ជា​ច្រើន​ដែល​មិន​មែន​ជា​សមាជិក​ក៏​ចង់​រៀន​ផងដែរ » ។

ប៊ីស្សព​បាន​និយាយ​ថា « យើង​ពិត​ជា​ស្វាគមន៍​ពួកគេ » ។ « ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នឹង​ឲ្យ​សៀវភៅ​មួយ​ក្បាល​ដល់​ក្មួយ ហើយ​ជួយ​ក្មួយ​រៀន​មេរៀន​ទាំងនោះ ។ ហើយ​បន្ទាប់​ពី​ក្មួយ​រៀន ក្មួយ​អាច​ជួយ​ពួកគាត់​បង្រៀន​អ្នក​គ្រប់​គ្នា​ផ្សេង​ទៀត » ។

« នេះ​គឺជា​គោលដៅ​ទីពីរ​របស់​ខ្ញុំ ! » ប្រូហ្វីត​បាន​និយាយ ។

មិន​យូរ​ប៉ុន្មាន ប្រូហ្វីត​បាន​ហាត់​ព្យាណូ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ គាត់​ចូលចិត្ត​រៀន​ពី​អត្ថន័យ​នៃ​សទ្ទសញ្ញា​ភ្លេង​នីមួយៗ និង​ឮ​សទ្ទសញ្ញា​ភ្លេង​ទាំង​នោះ​រួម​គ្នា​បង្កើត​ជា​ចម្រៀង​មួយ ។ មិត្ត​ពីរ​នាក់​របស់​គាត់​មក​ពី​ព្រះវិហារ ឈ្មោះ​ខេវិន និង អាឡិចហ្សានឌ័រ ក៏​កំពុង​តែ​រៀន​ផងដែរ ។ មួយ​ខែ​ក្រោយ​មក ក្មេង​ប្រុស​ទាំង​បី​នាក់​ចាប់​ផ្ដើម​បង្រៀន​ផងដែរ ។

រៀងរាល់​ថ្ងៃ ក្មេង​ប្រុស​ទាំង​នោះ​បង្រៀន​ថ្នាក់​ព្យាណូ​នៅ​អគារ​សាសនាចក្រ ។ ពី​ដំបូង​មាន​សិស្ស​ប្រហែល ១០​នាក់ បន្ទាប់​មក ២០​នាក់ បន្ទាប់​មក​ទៀត ៥០​នាក់ !

« វា​សប្បាយ​ណាស់ ! » ខេវិន​បាន​និយាយ​នៅ​ថ្ងៃ​មួយ ពេល​ចប់​ថ្នាក់ ។

អាឡិចហ្សានឌ័រ​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​រីករាយ ដោយសារ​យើង​កំពុង​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន » ។

ប្រូហ្វីត​បាន​ងក់ក្បាល ។ គោលដៅ​របស់​គាត់​បាន​កំពុង​ជួយ​ដល់​មនុស្ស​ជា​ច្រើន​រួច​ទៅ​ហើយ ។

ប៉ុន្តែ​មាន​អ្វី​មួយ​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ប្រូហ្វីត​សប្បាយ​ចិត្ត ។ កាលដែល​សិស្ស​ផ្សេងៗ​ទៀត​ហាត់​ចម្រៀង​ថ្នាក់​កុមារ ពួកគេ​ក៏​កំពុង​រៀន​អំពី​ព្រះវរបិតាសួគ៌​ផងដែរ ។ ពួកគេ​ខ្លះ​បាន​សួរ​ប្រូហ្វីត​ថា​បើ​ពួកគេ​អាច​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ​បាន ។

ហើយ​តាម​ពិត​ទៅ មនុស្ស​មួយ​ចំនួន​ដែល​ពី​ដំបូង​ឡើយ បាន​រៀន​អំពី​សាសនាចក្រ​ដោយសារ​តែ​មេរៀន​ព្យាណូ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ទី​បំផុត ។

ប្រូហ្វីត​បាន​និយាយ​ថា « ឥឡូវ​នេះ យើង​ទាំងអស់​គ្នា​ចូលរួម​ជាមួយ​គ្នា ហើយ​ច្រៀង​ចម្រៀង​ដែល​យើង​ចូលចិត្ត​នៅក្នុង​ការប្រជុំ​នានា » ។

រូបភាព
Friend Magazine, 2021/03-04 Mar/Apr

រចនា​រូបភាព​ដោយ វ៉យលែត ឡេម៉េ