ឆ្នាំ ២០១០-២០១៩
កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការ​ចែកចាយ​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ដួងចិត្ត​បងប្អូន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការ​ចែកចាយ​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ដួងចិត្ត​បងប្អូន

នៅ​កន្លែង​ណា​ក្នុង​ផែនដីនេះ​ទេ មាន​ឱកាស​ច្រើន​រាប់មិនអស់​ដើម្បី​ចែកចាយ​ដំណឹងល្អ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

កាល​ពី​ខែ​មុន ពួក​ដប់ពីរ​នាក់​ត្រូវ​បាន​អញ្ជើញ​ដោយ​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន ឲ្យ​ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​ទៅចូលរួម​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​រ៉ូម ប្រទេសអ៊ីតាលី ។ ពេល​កំពុង​ធ្វើ​ដំណើរទៅ ខ្ញុំ​បាន​គិត​អំពី​សាវក​ប៉ុល និង​ការ​ធ្វើ​ដំណើរ​របស់​គាត់ ។ នៅ​ជំនាន់​គាត់ ដើម្បី​ចេញ​ពី​ទីក្រុង​យេរូសាឡិម​ទៅកាន់​ទីក្រុង​រ៉ូម ត្រូវ​ចំណាយ​ពេលប្រហែល ៤០ ថ្ងៃ ។ សព្វថ្ងៃ ដោយ​ជិះនៅ​លើ​យន្ដហោះ​សំណប់ចិត្ត​ខ្ញុំ​មួយ វា​ចំណាយពេល​តិច​ជាង ៣ ម៉ោង ។

អ្នក​ប្រាជ្ញ​ខាង​គម្ពីរ​ប៊ីប​ជឿ​ថា ប៉ុល​ស្ថិត​នៅ​ក្នុង​ទីក្រុង​រ៉ូម នៅពេល​គាត់​សរសេរ​សំបុត្រ​ជា​ច្រើន ដែល​ជា​គន្លឹះ​ដើម្បី​ពង្រឹង​ដល់​សមាជិក​សាសនាចក្រ​នា​ជំនាន់នោះ និង​ជំនាន់​បច្ចុប្បន្ន​ផងដែរ ។

ប៉ុល និង​សមាជិក​ដទៃទៀត​ក្នុង​សាសនាចក្រ​ពី​បុរាណ ជា ពួក​បរិសុទ្ធ​ជំនាន់​ដើមបាន​ស្គាល់​ច្បាស់​ពី​ការ​ពលិកម្ម ។ មាន​មនុស្ស​ជាច្រើន​ត្រូវ​គេ​បៀតបៀន​យ៉ាង​ដំណំ រហូត​ដល់​ស្លាប់ ។

កាលពី ២០០ ឆ្នាំ​មុន សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយក៏ ជួប​បទពិសោធន៍​នៃ​ការ​បៀតបៀន​តាម​ទម្រង់​ផ្សេងៗ​ផងដែរ ។ ប៉ុន្តែ​ទោះជា​មាន​ការ​បៀតបៀន​ក្ដី ( ហើយ​ពេល​ខ្លះ​ដោយ​សារ​តែ​វា ) នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​បន្ដ​រីកចម្រើន ហើយ​ឥឡូវ​មាន​នៅ​ទូទាំង​សាកលលោក ។

មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ

ទោះជា​យ៉ាងណា ពីមុន​យើង​ដុត​នំ បាច​ផ្កា​អបអរ​សាទរ​ខ្លួន​យើង​ចំពោះ​ជោគជ័យ​ដ៏​អស្ចារ្យ​​នេះ យើង​ត្រូវ​យល់​ពី​ការ​រីកចម្រើន​របស់​សាសនាចក្រ និង​សារៈសំខាន់​របស់​វា​ផងដែរ ។

មាន​មនុស្ស​ប្រហែលជា​ជាង​ប្រាំ​ពីរ​កោដ​នាក់​នៅ​ក្នុង​ពិភពលោក បើប្រៀប​ទៅនឹង​សមាជិក ១៦ លាន​នាក់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ — ជា​ហ្វូង​មួយ​ដ៏​តូចណាស់ ។

នៅ​ពេល​នេះ ចំនួនគ្រឹស្ដសាសនិក​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ពិភពលោក​មាន​ការ​ថយចុះ ។

ទោះជា​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់ — ខណៈ​ដែល​សមាជិក​ភាព​ទូទៅ​បន្ដ​រីកចម្រើន— ក៏​មានមនុស្ស​ជា​ច្រើន​ពុំ​បាន​ទាមទារ​យក​ពរជ័យ​នៃ​ការ​ចូលរួម​ជា​ទៀងទាត់​ក្នុង​សាសនាចក្រ​ដែរ ។

ម្យ៉ាង​វិញ​ទៀត មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​ក្នុង​ផែនដីនេះ​ទេ មាន​ឱកាស​ច្រើន​រាប់មិនអស់​ដើម្បី​ចែកចាយ​ដំណឹងល្អ នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប សិក្សាជាមួយ រស់នៅ ឬ ធ្វើការ​ប្រាស្រ័យទាក់ទងជាមួយ ។

អំឡុង​ឆ្នាំ​មុន​នេះ ខ្ញុំ​មាន​ឱកាស​ដ៏​រំភើប​ដើម្បី​ចូលប្រឡូក​នឹង​សកម្មភាព​ផ្សព្វផ្សាយសាសនា​របស់​សាសនាចក្រ​ទូទាំង​ពិភពលោក ។ ជាញឹកញាប់ ខ្ញុំ​ពិចារណា និង​អធិស្ឋាន​អំពី​ការ​បង្គាប់​ដ៏​អស្ចារ្យ​របស់ព្រះអង្គសង្គ្រោះ​ដល់​ពួក​សិស្ស​របស់​ទ្រង់— ពួកយើង ជា​កូនចៅ​របស់​ទ្រង់​—​ថា « ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ​ចុះ » ។

ខ្ញុំ​អធិស្ឋាន​អំពី​សំណួរ​ថា « ក្នុង​នាមជា​សមាជិក និង​ជា​សិស្ស​របស់​ព្រះគ្រីស្ទ តើ​យើង​អាច​បំពេញ​តាម​ការបង្គាប់​ដ៏​អស្ចារ្យ​នោះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​ល្អ​ប៉ុណ្ណា ? »

ថ្ងៃ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​សំណួរ​ដូច​គ្នា​នេះ​នៅ​ក្នុង​ចិត្ត និង​គំនិត​បងប្អូន ។

អំណោយ​ទាន​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយសាសនា

ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា « សមាជិក​គ្រប់រូប​គឺ ជា​អ្នកផ្សព្វផ្សាយសាសនា !» អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ។

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ— ទាំង​ជំនាន់​មុន​ក៏​ដូចជា​ជំនាន់​យើង​ដែរ— បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្ដិ និង​អ្នក​ស្គាល់​ដោយ​ក្លៀវក្លា និង​ពេញ​ដោយ​អំណរ ។ ដួងចិត្ត​របស់ពួកគេ​ត្រូវ​បាន​ឆេះរោល​ដោយ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចង់​ឲ្យ​អ្នក​ដទៃ​ដកពិសោធន៍​នូវ​អំណរ​ដូច​ដែល​ពួកគេ​មាន​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះ ។

សមាជិក​មួយ​ចំនួន​ក្នុង​សាសនាចក្រ​​ហាក់​ដូចជា​មានអំណោយ​ទាន​សម្រាប់​កិច្ចការនេះ ។ ពួកគេ​ចូលចិត្ត​ធ្វើជា​សារទូត​ដំណឹងល្អ ។ ពួកគេ​បម្រើ​ដោយ​មោះមុត និង​រីករាយ ហើយ​ដឹកនាំ​កិច្ចការ​នោះ​ក្នុង​នាមជា​សមាជិក​ផ្សព្វផ្សាយសាសនា ។

ទោះជា​យ៉ាងណា មានអ្នកដទៃទៀត​មាន​ការ​ស្ទាក់ស្ទើរ​ខ្លាំង ។ នៅពេល​កិច្ចការ​ផ្សព្វផ្សាយសាសនា​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​សាសនាចក្រ មាន​មនុស្សជា​ច្រើន​ឈ្ងោក​មុខ​ចុះ​​រហូត​ដល់​បាំង​នៅ​ពី​ក្រោយ​ខ្នង​គេ កែវភ្នែក​របស់ពួកគេ​សម្លឹង​ទៅលើ​គម្ពីរ ឬ​បិទ​ភ្នែក​សញ្ជឹងគិត​ដើម្បី​មិន​មើល​ទៅ​សមាជិក​ដទៃទៀត ។

ហេតុអ្វី? ប្រហែលជា​យើង​មានអារម្មណ៍​សោកស្ដាយ​ដោយ​ពុំ​បាន ចែកចាយ​ដំណឹងល្អ​ឲ្យ​បាន​ច្រើន ។ ប្រហែលជាយើង​មិន​ដឹង​ពី​របៀប​ធ្វើ​កិច្ចការ​នេះ ។ ឬ​យើង​អាច​មានអារម្មណ៍​ខ្លាច​មិន​ចង់​ចេញ​ពី​ក្រៅ​តំបន់​ស្រណុក​សុខ​ស្រួល​របស់​យើង ។

ខ្ញុំ​យល់​ការណ៍​នេះ ។

ប៉ុន្ដែ​សូម​ចងចាំ​ថា ព្រះអម្ចាស់​ពុំ​ដែល​តម្រូវ​ឲ្យមានកិច្ចការ​ផ្សព្វផ្សាយសាសនា​ដ៏​ល្អ​ឥត​ខ្ចោះឡើយ ។ ប៉ុន្តែ « ព្រះអម្ចាស់​តម្រូវ​ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម » ។

បើ​បងប្អូន​សប្បាយចិត្ត​ធ្វើកិច្ចការ​ផ្សព្វផ្សាយសាសនា សូម​បន្ដ​ឈរ​ជា​គំរូ​ដល់​អ្នកដទៃ ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន ។

ទោះជា​យ៉ាងណា បើ​បងប្អូន​មានអារម្មណ៍​ថា​បងប្អូន​ពិបាក​នៅពេល​ត្រូវ​ចែកចាយ​សារលិខិត​ដំណឹងល្អ ខ្ញុំ​សូម​ផ្ដល់​យោបល់​ពី​រឿង​ប្រាំ​យ៉ាង ដែល​មិនធ្វើ​ឲ្យ​បងប្អូន​សោកសៅ ដែល​មនុស្ស​គ្រប់រូប​អាច​ធ្វើ ដើម្បី​រួមចំណែក​នៅក្នុង​ការបង្គាប់​ដ៏​មហិមា​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល​បាន​ទេ ?

យោបល់​សាមញ្ញ​ប្រាំ​យ៉ាង

ទីមួយ ខិត​ទៅជិត​ព្រះ ។ បទបញ្ញតិ្តធំ​ទីមួយ គឺ​ស្រឡាញ់​ព្រះ ។ វា​គឺ​ជា​មូលហេតុ​ចម្បង​មួយថាហេតុអ្វី​បានជា​យើង​នៅ​លើ​ផែនដី​នេះ ។ ចូរ​សួរ​ខ្លួន​បងប្អូន​ថា « តើ​ខ្ញុំ​ពិតជា​ជឿ​ទៅលើ​ព្រះវរបិតាសួគ៌​ដែរឬទេ ? »

« តើ​ខ្ញុំ​ស្រឡាញ់ និង​ទុកចិត្ត ទ្រង់​ដែរ​ឬទេ ? »

កាល​ណា​បងប្អូន​ខិតទៅ​កាន់តែជិត​នឹង​ព្រះវរបិតាសួគ៌​យើង នោះ​ពន្លឺ និង​អំណរ​របស់ទ្រង់ នឹង​ចែងចាំង​ពី​ក្នុង​ខ្លួន​បងប្អូន ។ អ្នកដទៃ​នឹង​កត់សម្គាល់​ថា មាន​អ្វី​មួយ​ពិសេស និងប្លែក​អំពី​បងប្អូន ។ ហើយ​ពួក​គេ​នឹង​សួរ​អំពី​រឿងនោះ ។

ទីពីរ បំពេញ​ដួងចិត្ត​បងប្អូន​ដោយ​ក្ដី​ស្រឡាញ់​ដល់​អ្នកដទៃ ។ នេះគឺជា​ព្រះបញ្ញត្តិ​ធំជាង​គេ​បំផុត​ទីពីរ ។ ព្យាយាម​ដើម្បីមើល​ទៅ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​បងប្អូន​ជា​កូន​របស់ព្រះ​ពិត ។ ផ្ដល់​ការ​ងារបម្រើ​ដល់​ពួកគេ — មិន​ថា​ពួកគេ​មាន​ឈ្មោះ​នៅលើ​បញ្ជី​ផ្ដល់​ការងារ​បម្រើ​របស់​បងប្អូន​ថា​ជា​​បងប្អូនប្រុសស្រី​ដែល​ផ្ដល់​ការងារបម្រើ​ឬអត់​នោះទេ ។

សើច​ជាមួយ​ពួកគេ ។ រីករាយ​ជាមួយ​ពួកគេ ។ យំ​ជាមួយ​ពួកគេ ។ គោរព​ពួកគេ ។ ព្យាបាល លើក​ស្ទួយ និង​ពង្រឹង​ពួកគេ ។

ព្យាយាម​ធ្វើ​តាម​គំរូ​អំពី​ក្ដី​ស្រឡាញ់​នៃ​ព្រះគ្រីស្ទ ហើយ​មាន​ក្ដីមេត្តាចំពោះ​ពួកគេ— ទោះ​ជា​ពួកគេ​ពុំ​មានចិត្តល្អ​នឹង​បងប្អូន ចំអក​ដាក់​បងប្អូន ឬ​ចង់​ធ្វើ​ទុក្ខ​បងប្អូន​ក្ដី ។ ស្រឡាញ់​ពួកគេ ហើយ​ប្រព្រឹត្ត​នឹង​ពួកគេ​ក្នុង​នាមជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។

ទីបី ព្យាយាម​ដើរ​នៅលើ​ផ្លូវ​នៃភាព​ជាសិស្ស ។ នៅពេល​ក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះព្រះ និង​កូនចៅ​របស់​ទ្រង់​មានកាន់តែ​ខ្លាំង នោះ​ការ​តាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ខ្លាំង​ផងដែរ ។

បងប្អូន​រៀន​អំពី​ផ្លូវ​របស់​ទ្រង់ ដោយ​ការ​ទទួល​ទាន​ព្រះបន្ទូល​ទ្រង់ ព្រមទាំង​ផ្ទៀងស្ដាប់ ហើយ​អនុវត្ត​ការ​បង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក​បច្ចុប្បន្ន ។ បងប្អូន​កាន់តែមានទំនុកចិត្ត និង​ភាព​ក្លាហាន​ដើម្បីធ្វើតាម​ផ្លូវ​របស់ទ្រង់ នៅពេលបងប្អូន​ទូល​នឹង​ព្រះវរបិតាសួគ៌​ដោយ​ដួងចិត្ត​ងាយ​ប្រដៅ ។

ដើរ​នៅលើ​ផ្លូវ​នៃភាព​ជា​សិស្ស​ត្រូវ​មាន​ការ​ហាត់រៀន— ជារៀងរាល់​ថ្ងៃ បន្ដិចម្ដងៗ « មួយ​ព្រះគុណ​ម្ដងៗ » ១០ « មួយ​បន្ទាត់​ម្តងៗ » ។ ១១ ពេល​ខ្លះ​ដើរពីរជំហាន​ទៅមុខ និង​មួយជំហាន​ថយក្រោយ ។

រឿង​ដ៏​សំខាន់​គឺ​ថា​បងប្អូន​មិន​ចុះចាញ់ បងប្អូន​បន្ដ​ព្យាយាម​ដើម្បី​ធ្វើ​វា​ឲ្យ​ត្រឹមត្រូវ ។ ទីបំផុត បងប្អូន​នឹង​បាន​ល្អប្រសើរ កាន់តែ​សប្បាយ ហើយ ដោយ​ស្មោះ ។ នោះ​ការនិយាយ​នឹង​អ្នកដទៃ​អំពី​ជំនឿ​របស់​បងប្អូន នឹង​ក្លាយជារឿង​ធម្មតា និង​សាមញ្ញ ។ តាមពិត ដំណឹងល្អ​នឹង​ជា​ផ្នែក​មួយ​ដែល​មានតម្លៃ​ដ៏​សំខាន់​ក្នុង​ជីវិត​បងប្អូន រហូត​ដល់​បងប្អូន​នឹង​មានអារម្មណ៍​មិន​ស្រណុក បើ មិននិយាយ​អំពី​វា​ជាមួយ​នឹង​អ្នក​ដទៃ ។ រឿង​នោះ​អាច​នឹង​មិន​កើត​មាន​ភ្លាមៗ​នោះទេ— វា​គឺ​ជា​ការ​ខិតខំ​ពេញ​មួយជីវិត ។ ប៉ុន្តែ​វា​នឹង​កើត​មានឡើង ។

ទីបួន ចែកចាយ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​បងប្អូន ។ ខ្ញុំ​មិន​បាន​សុំ​ឲ្យ​បងប្អូន​ទៅ​ឈរ​នៅ​តាម​ដងផ្លូវ ហើយ​​មាន​មេក្រូប្រកាស​អំពី​ខ​ទាំង​ឡាយ​ក្នុង​គម្ពីរ​មរមន​ទេ ។ អ្វី​ដែល​ខ្ញុំ​សុំ​ពី​បងប្អូន​គឺ​ថា បងប្អូន​តែង​ស្វែងរក​ឱកាស​ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់​បងប្អូនតាម​ធម្មតា ហើយ​ទាក់ទងដោយ​សាមញ្ញ​ជាមួយ​មនុស្ស​ទូទៅ —ទាំង​ដោយ​ផ្ទាល់ និង​តាម​អ៊ិនធើរណិត ។ ខ្ញុំ​សុំ​ឲ្យ​បងប្អូន « ឈរ​ជា​សាក្សី » ១២នៃ​ព្រះចេស្ដា​នៃ​ដំណឹងល្អ​នៅ​គ្រប់ពេល— និង​នៅពេល​ចាំបាច់ សូម​ប្រើជាវាចា ។ ១៣

ដោយសារ « ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រះចេស្ដា​នៃព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ… » បងប្អូន​អាច​មាន​ទំនុក​ចិត្ត ភាព​ក្លាហាន និង​រាបសារ នៅពេល​បងប្អូន​ចែកចាយ​វា ។១៤ ទំនុកចិត្ត ភាព​ក្លាហាន និង​ភាព​រាបសារ មើល​ទៅ​ហាក់ដូចជា​ជា​ឥរិយាបទ​ដែល​ពុំ​អាច​មាន​ក្នុង​ខ្លួន​មនុស្ស តាម​ពិត​វា​ពុំ​ដូច្នោះទេ ។ វា​ឆ្លុះបញ្ចាំង​អំពី​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​កុំ​ឲ្យ​លាក់​តម្លៃ​នៃ​ដំណឹងល្អ និង​គោលការណ៍​ទាំងឡាយ​នៅ​ក្រោម​ថាំង ប៉ុន្តែ​ចូរ​ឲ្យ​ពន្លឺ​បងប្អូន​បាន​ចែងចាំង​ឡើង ដើម្បី​ឲ្យ​កិច្ចការ​ល្អ​របស់​បងប្អូន អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះវរបិតា​សួគ៌​របស់​បងប្អូន ។១៥

មាន​របៀប​ធម្មតា និង​សាមញ្ញ​ជាច្រើន​ដើម្បី​ធ្វើ​រឿង​នេះ ចាប់តាំង​ពី​ទង្វើល្អៗ​ប្រចាំថ្ងៃ​ដើម្បី​ធ្វើទីបន្ទាល់​ផ្ទាល់ខ្លួន​នៅ​លើ YouTube, Facebook, Instagram ឬ Twitter ដើម្បី​ជា​ការ​សន្ទនា​សាមញ្ញៗ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប ។ ឆ្នាំ​នេះ​យើង​រៀន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​នៅ​ក្នុង​ផ្ទះ​របស់​យើង និង​នៅ​សាលា​ថ្ងៃ​អាទិត្យ ។ ឱ​នោះ​ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិតខាង​ឲ្យ​មក​ព្រះវិហារ និង​មក​ផ្ទះ​របស់​បងប្អូន​ដើម្បី​រៀន​អំពី​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹង​បងប្អូន ។ ចែកចាយ​ជាមួយ​ពួកគេ​នូវ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដែល​ពួកគេ​អាច​រកបាន​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ បើ​បងប្អូន​ស្គាល់​មនុស្ស​វ័យ​ក្មេង និង​គ្រួសារ​របស់​ពួកគេ សូម​ឲ្យសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ទៅពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មក ហើយ​មើល​ពី​របៀប​ដែល​យុវជន​របស់​យើង​ព្យាយាម​រស់នៅ​តាម​គោលការណ៍​ទាំងនេះ​យ៉ាង​ដូចម្ដេច ។

បើ​មនុស្ស​ម្នាក់​សួរ​អំពី​ចុង​សប្ដាហ៍​របស់​បងប្អូន​បានធ្វើអ្វី ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​អំពី​អ្វី​ដែល​បងប្អូន​មានបទពិសោធន៍​នៅ​ព្រះវិហារ ។ សូម​ប្រាប់​អំពី​កុមារ​តូចៗ​ដែល​ឈរ​នៅ​ខាង​លើ​វេទិកា​ពី​មុខ​ក្រុមជំនុំ ហើយ​ច្រៀង​ចម្រៀង​ដោយ​ក្លៀវក្លា​អំពី​របៀប​ដែល​ពួកគេ​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ ។ និយាយ​អំពី​ក្រុម​យុវវ័យ​ដែល​ចំណាយ​ពេល​ជួយ​ដល់​មនុស្ស​ជរា​ដែល​នៅ​ផ្ទះ​ដើម្បី​ប្រមូល​ព័ត៌មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន ។ និយាយ​អំពី​ការផ្លាស់ប្ដូរ​ថ្មីៗ​នៅក្នុង​កាលវិភាគ​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​របស់​យើង និង​របៀប​ដែល​វា​ប្រទានពរ​ដល់​គ្រួសារ​របស់​បងប្អូន ។ ឬ​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​គូស​បញ្ជាក់​ថា នេះគឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​យើង​គឺជា​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ ក៏​ដូចជា​សមាជិក​សាសនាចក្រ​ពី​បុរាណ​ដែល​ត្រូវ​បាន​ហៅ​ថា ពួកបរិសុទ្ធផងដែរ ។

តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្ស​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ « មក ហើយ​មើល » ។១៦ បន្ទាប់​មក​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ មក ហើយ​ជួយ ។ មាន​ឱកាស​ជាច្រើន​សម្រាប់​មនុស្ស​ដើម្បី​ជួយ​នៅក្នុង​សាសនាចក្រ​របស់​យើង ។

មិន​អធិស្ឋានសម្រាប់​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ស្វែងរក​មនុស្ស​ជម្រើស​ប៉ុណ្ណោះ​នោះទេ ។​ សូម​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ​ដោយ​អស់​ពី​ដួងចិត្ត​បងប្អូន ដើម្បី​បងប្អូន​នឹង​រកឃើញ​អ្នកទាំងឡាយ​ដែល​នឹង មក ហើយ​មើល មក ហើយជួយ និង មក​ហើយ​នៅ ។ ហៅ​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង​ឲ្យ​ចូលរួម​ជាមួយបងប្អូន ។ ពួកគេ​ដូចជា​ពួក ទេវតា ចាំ​ត្រៀម​ជួយ !

នៅពេល​បងប្អូន​ចែកចាយ​ដំណឹងល្អ ជាដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​ធ្វើ​ដោយ​ក្ដី​ស្រឡាញ់ និង​អត់ធ្មត់ ។ បើ​យើង​ទំនាក់ទំនង​នឹង​មនុស្ស​ដោយ​រំពឹង​ថា​ពួកគេ​នឹង​មក​ភ្លាម រួច​ពាក់អាវ​ជ្រមុជទឹក ហើយ​សួររក​ទិសដៅ​ទៅកាន់​អាងជ្រមុជទឹក​ដែល​នៅជិតបំផុត នោះ​យើង​កំពុង​តែ​ធ្វើ​ខុស​ហើយ ។

មនុស្ស​មួយចំនួន​ដែល​មក​មើល នឹង ប្រហែលជា​មិន​ចូលរួម​ក្នុង​សាសនាចក្រទេ មនុស្ស​មួយចំនួន​នឹង​ចូលរួម​នៅ​ពេល​ក្រោយ ។ នោះ​គឺ​ជា​ជម្រើស​របស់​ពួកគេ ។ ប៉ុន្តែ​នោះ​ពុំ​ផ្លាស់ប្ដូរ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ពួកគេ​ឡើយ ។ ហើយ​វា​មិនផ្លាស់ប្ដូរ​ការខិតខំ​ដ៏​ក្លៀវក្លា​របស់​យើង​ដើម្បី​បន្ដ​អញ្ជើញ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ មក ហើយ​មើល មក​ហើយ​ជួយនិង មក​ហើយ នៅ​នោះទេ។

ទីប្រាំ ទុកចិត្ត​ទៅលើ​ព្រះ​ដើម្បី​ធ្វើ​ការ​អព្ភូតហេតុ​របស់​ទ្រង់ ។ យល់​ថា​វា​ពុំ​មែនជា​កិច្ចការ​របស់​យើង​ដើម្បី​ផ្លាស់ប្រែ​មនុស្ស​នោះទេ ។ នោះ​គឺ​ជា​តួនាទី​របស់​វិញ្ញាណបរិសុទ្ធ ។ តួនាទី​របស់​បងប្អូន​គឺ​ចែកចាយ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​បងប្អូន ហើយ​រស់នៅ​តាម​ដោយ​ខ្ជាប់ខ្ជួន​នឹង​ជំនឿ​របស់​បងប្អូន ។

ដូច្នេះ​សូមកុំ​បាក់ទឹកចិត្ត​ឡើយ បើ​មនុស្ស​ម្នាក់​ពុំ​ទទួល​យក​សារលិខិត​ដំណឹងល្អ​ភ្លាមៗ​នោះ ។ វា​ពុំ​មែន​ជា​ការ​បរាជ័យ​ផ្ទាល់​ខ្លួន​ទេ ។

នោះ​គឺ​រវាង​បុគ្គល​ម្នាក់​នោះ និង​ព្រះវរបិតាសួគ៌ ។

តួនាទី​បងប្អូនគឺ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង ជា​កូនចៅ​របស់​ទ្រង់ ។

ជឿ ស្រឡាញ់ និង ធ្វើ ។

ធ្វើ​តាម​ផ្លូវ​នេះ ព្រះនឹង​ធ្វើ​ការ​អព្ភូតហេតុ​តាមរយៈ​បងប្អូន​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ។

យោបល់​ទាំង​ប្រាំ​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​តាំង​ពី​បុរាណកាល ។ ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​គឺ​មាន​ចំណែក​សំខាន់​មួយ​ក្នុង​ជីវិត​របស់​បងប្អូន និង​បងប្អូន​ជា​នរណា និង​អ្វី​ដែល​បងប្អូន​ធ្វើ ។ ហេតុដូច្នោះហើយ សូម​អញ្ជើញ​អ្នកដទៃ​ឲ្យ មក ហើយ​មើលនិង មក ហើយ​ជួយនោះ​ព្រះ​នឹង​ធ្វើ​កិច្ចការ​សង្គ្រោះ​របស់ទ្រង់ ហើយ​ពួកគេ​នឹង​មក ហើយ​នៅ ។

ប៉ុន្តែ​ចុះ​បើ​វា​លំបាក​វិញ ?

« ប៉ុន្តែ » បងប្អូនអាច​សួរ « ចុះ​តើ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​អស់នេះ ហើយ​មនុស្ស​នៅ​តែ​មិន​សូវ​ឆ្លើយ​តប​ទៀត​វិញ ? ចុះ​បើ​ពួកគេ​រិះគន់​សាសនាចក្រ​វិញ​នោះ ? ចុះ​បើ​ពួកគេ​មិន​រាប់​អាន​ខ្ញុំ​នោះ ?

បាទ រឿង​នោះ​អាច​កើត​មាន​ឡើង ។ តាំង​ពី​បុរាណកាល​មក ពួកសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ ជាញឹកញាប់​ត្រូវ​គេបៀតបៀន ។១៧ សាវក​ពេត្រុស​បាន​ថ្លែង​ថា « ​ត្រូវ​អរ​សប្បាយ … ដោយ​ព្រោះ​អ្នក​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ » ។១៨ ពួក​បរិសុទ្ធ​ជំនាន់​មុន អរសប្បាយ « ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្តី​ដំនៀល ដោយ​ព្រោះ​ព្រះនាម​ទ្រង់ » ។១៩

សូម​ចងចាំថា ព្រះអម្ចាស់​ធ្វើ​កិច្ចការ​តាម​របៀប​ដ៏​អាថ៌កំបាំង ។ វាអាច​ថា​តាមរយៈ​ការ​ឆ្លើយតបក្នុង​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​​ចំពោះ​ការ​បដិសេធ នោះ​ដួងចិត្ត​រឹងរូស​អាច​ត្រូវ​បាន​បន្ទន់ ។

ក្នុងនាមជា​សាវក​ម្នាក់​របស់ព្រះអម្ចាស់ យេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​មាន ទំនុក​ចិត្ត ធ្វើជា​ទីបន្ទាល់​រស់​អំពី​តម្លៃ​នៃ​ដំណឹងល្អ ដោយ ភាព​ក្លាហាន ដើម្បី​តែងតែ​ទទួល​ស្គាល់​ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដោយ រាបសារ ដើម្បី​ជួយ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់​ជា​ការ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះវរបិតាសួគ៌ និង​កូនចៅ​របស់​ទ្រង់ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ បងប្អូន​នឹង​រីករាយ​នៅ​ក្នុង​ការ​ដឹង​ថា បងប្អូន​មាន​ចំណែក​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រមូល​វង្សអ៊ីស្រាអែល​ដែល​បាន​ទាយទុក​មក​ជា​យូរ រៀបចំ​សម្រាប់​ការ​យាងមក​របស់​ព្រះគ្រីស្ទ « បំពាក់​ដោយ​ព្រះចេស្តា និង សិរី​ល្អ​ជា​ខ្លាំង ជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ​ទាំងអស់ » ។២០

ព្រះវរបិតាសួគ៌​ស្គាល់​បងប្អូន ។ ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ។ សូម​ព្រះ​ប្រទានពរ​ដល់​បងប្អូន ។ កិច្ចការ​នេះ​ត្រូវ​បាន​តែងតាំង​ពី​ទ្រង់ ។ បងប្អូន​អាចធ្វើ​វា​បាន ។ យើង​ទាំងអស់​គ្នា​អាចធ្វើ​កិច្ចការ​នេះ​រួម​គ្នា​បាន ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ព្យាការី នីហ្វៃ ដ៏អស្ចារ្យ បាន​ឃើញ​ក្នុង​ការ​និមិត្ត​ថា ទោះជា​សាសនាចក្រ​នៃ​កូនចៀម​នៃ​ព្រះ​នឹង​រីករាយ « ពាសពេញ​នៅលើ​ផ្ទៃ​ផែនដី » ក្ដី ដោយសារ​តែ​អំពើទុច្ចរិត​នៅក្នុង​ពិភពលោក នោះ ចំនួន​សរុប​នឹង « មាន​ចំនួន​តិច » (នីហ្វៃទី ១ ១៤:១២សូមមើល​ផងដែរ លូកា ១២:៣២ ) ។

  2. ឧទាហរណ៍ ការសិក្សា​ថ្មី​មួយ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ភូ បាន​រកឃើញ​ថា នៅក្នុង​សហរដ្ឋ « ភាគ​រយ​នៃ​មជ្ឈិមវ័យ ( អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ) ដែល​ពិពណ៌នា​ថា​ខ្លួន​ពួកគេ​ជា​គ្រីស្ទាន បាន​ធ្លាក់​ចុះ​មកនៅ​ជិត​ប្រាំ​បី​ភាគរយ គ្រាន់តែ​ប្រាំពីរ​ឆ្នាំ ចាប់​ពី ៧៨.៤% ក្នុង … ឆ្នាំ ២០០៧ មកដល់ ៧០.៦% ក្នុង​ឆ្នាំ ២០១៤ ។ ក្នុង​រយៈពេល​ដូចគ្នានោះ អត្រាភាគរយ​នៃ​ជនជាតិ​អាមេរិក​ដែល​មិន​ចូលរួម​នឹង​សាសនា— ដែល​ពិពណ៌នា​ថា​ខ្លួន​ពួកគេ​ជា​មនុស្ស​ឥតសាសនា អ្នក​មិនជឿ​ព្រះ ឬ ‹ ដែល​គ្មាន​ជឿ​អ្វី​ជា​ប្រាកដ ›— បាន​លោត​ឡើង​ច្រើនជាង​ប្រាំ​មួយ​កន្តក់សញ្ញា ចាប់ពី ១៦.១% ទៅដល់ ២២.៨% » (« America’s Changing Religious Landscape» Pew Research Center ថ្ងៃទី ១២ ខែ​ឧសភា ឆ្នាំ ២០១៥, pewforum.org) ។

  3. ពាក្យ ដំណឹងល្អមាន​ន័យ​ថា « សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង » ។ ដំណឹង​ល្អគឺថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​ឥតខ្ចោះ​ដែល​នឹង​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់​ពី​ផ្នូរ ហើយ​ឈោង​ទៅ​បុគ្គល​ម្នាក់ៗ​តាម​កិច្ចការ​របស់​គេ » ។ ដង្វាយធួន​នេះ​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ការតែងតាំង​របស់​ទ្រង់​កាល​ពី​ពិភព​មុន​ជីវិត​រមែង​ស្លាប់ បានបន្ដ​មក​ដល់ដំណើរ​ជីវិត​រមែង​ស្លាប់ ហើយ បាន​បញ្ចប់​ដោយ​ការ​រស់ឡើងវិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ កំណត់ត្រា​គម្ពីរ​ប៊ីប​អំពី​ជីវិត​រមែង​ស្លាប់ ការងារ​បម្រើ និង​ពលិកម្ម​របស់​ទ្រង់ ត្រូវ​បាន​ហៅថា​ដំណឹងល្អ ៖ ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន ។

  4. ម៉ាថាយ ២៨:១៩ ។

  5. « ហើយ​ជា​ថ្មី​ទៀត មិត្ត​ទាំងឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ទុក​ពាក្យ​ទាំងនេះ​ឲ្យ​អ្នក​ពិចារណា​មើល​ក្នុង​ចិត្ត » (គោលលទ្ធិ និង សេចក្ដី សញ្ញា ៨៨:៦២) ។

    ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួច​ហើយ អ្នក​ត្រូវ​សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹម​ត្រូវ ហើយ​បើ​សិន​ជា​ត្រឹមត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួលខ្មាញ់​ខាង​ក្នុង ហេតុដូច្នោះហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ » ( គ. និង ស. ៩:៨ ) ។

  6. ប្រធាន ដាវីឌអូ មិកឃេ បាន​លើក​ទឹកចិត្ត​ដល់ « សមាជិក​គ្រប់រូប [ ធ្វើជា ] អ្នក​ផ្សព្វផ្សាយសាសនា » នៅពេល​លោក​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​បេសកកម្ម​ប្រទេសអើរ៉ុប​ចាប់​ពី​ឆ្នាំ ១៩២២-២៤ ហើយ​លោក​ចែក​ចាយ​សារលិខិត​ដូចគ្នា​ជាមួយ​នឹង​សាសនាចក្រ​នៅ​ក្នុង​សន្និសីទ​ទូទៅនៅ​ដើម​ឆ្នាំ ១៩៥២ ( សូមមើល « Every Member a Missionary’ Motto Stands Firm TodayChurch News, ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៥, news.ChurchofJesusChrist.org) ។

  7. គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤ ។

  8. សូមមើល ម៉ាថាយ​២២:៣៧–៣៨ ។

  9. សូមមើល ម៉ាថាយ ២២:៣៩

  10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:១២ ។

  11. អេសាយ ២៨:១០

  12. ម៉ូសាយ ១៨:៩ ។

  13. គំនិត​នេះ​ជាញឹកញាប់​ត្រូវ​បាន​កំណត់​ចំពោះ​ពួកបរិសុទ្ធ​ហ្វ្រង់សេ​នៃ​សាស៊ីស៊ី សូមមើល​ផងដែរ យ៉ូហាន ១០:៣៦–៣៨ ។

  14. រ៉ូម ១:១៦

  15. សូមមើល ម៉ាថាយ ៥:១៥–១៦ ។

  16. យ៉ូហាន ១:៤៦បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  17. សូមមើល យ៉ូហាន ១៥:១៨ ។

  18. ពេត្រុស​ទី ១ ៤:១៣ កំណែថ្មី​បទដ្ឋាន​អង់គ្លេស សូមមើល​ផងដែរ ខ ១–១៩ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​អ្នក​ដើរតាម​ព្រះគ្រីស្ទ​គួរ​មើល​ទៅ​ការ​រងទុក្ខ​ដើម្បី​ប្រយោជន៍​ដំណឹងល្អ​ដោយ​របៀបណា ។

  19. កិច្ចការ ៥:៤១ ។

  20. គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៤ ។