ជំពូកទី ៣
(មិថុនា–តុលា ឆ្នាំ ១៨៣០)
ព្រះទ្រង់បានបង្កើតរបស់ទាំងអស់ខាងវិញ្ញាណ មុនមានរបស់ទាំងនោះនៅលើផែនដីតាមធម្មជាតិ — ទ្រង់បានបង្កើតបុរស គឺជាសាច់ទីមួយនៅលើផែនដី — ស្ត្រីគឺជាជំនួយមួយដ៏សមចំពោះបុរស។
១ដូច្នេះផ្ទៃមេឃ និងផែនដីក៏បានធ្វើរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង។
២ហើយនៅថ្ងៃទី ៧ នោះយើងជាព្រះ បានបង្ហើយកិច្ចការរបស់យើង ព្រមទាំងរបស់ទាំងប៉ុន្មានដែលយើងបានធ្វើផង ហើយយើងក៏ឈប់ផ្អាកសម្រាកនៅថ្ងៃទី ៧ នោះ ពីគ្រប់ទាំងកិច្ចការរបស់យើង ហើយគ្រប់របស់ទាំងអស់ដែលយើងបានធ្វើនោះរួចជាស្រេច ហើយយើងជាព្រះ បានឃើញថារបស់ទាំងនោះសុទ្ធតែល្អ
៣ហើយយើងជាព្រះ បានប្រទានពរដល់ថ្ងៃទី ៧ ហើយញែកថ្ងៃនោះទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ យើងបានឈប់សម្រាកពីគ្រប់ទាំងកិច្ចការរបស់យើង ដែលយើងជាព្រះ បានបង្កើត និងបានធ្វើមក។
៤ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកថា នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានធ្វើផ្ទៃមេឃ និងផែនដី
៥និងតិណជាតិគ្រប់យ៉ាងនៅវាល មុនមាននៅលើផែនដី ព្រមទាំងរុក្ខជាតិគ្រប់យ៉ាងនៅវាល មុនដែលដុះមកផង។ ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបង្កើតគ្រប់របស់ទាំងអស់ ដែលយើងបានពោលដល់នោះខាងវិញ្ញាណ មុនមានរបស់ទាំងនោះនៅលើផែនដីតាមធម្មជាតិ។ ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះ មិនបានបង្អុរភ្លៀងមកលើផ្ទៃផែនដីទេ។ ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបង្កើតអស់ទាំងកូនចៅមនុស្ស ក៏ប៉ុន្តែពុំទាន់មានមនុស្សណានឹងភ្ជួរដីសោះ ត្បិតយើងបានបង្កើតពួកគេនៅស្ថានសួគ៌ ហើយពុំទាន់មានសាច់នៅលើផែនដីនៅឡើយទេ ឬក៏នៅក្នុងទឹក ឬនៅលើអាកាសដែរ
៦ប៉ុន្តែយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូល ហើយក៏មានចំហាយឡើងពីដីមក ហើយស្រោចស្រប់គ្រប់លើផ្ទៃដី។
៧ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ ហើយមនុស្សក្លាយជាមានព្រលឹងរស់ឡើង គឺជាសាច់ទីមួយនៅលើផែនដី ព្រមទាំងជាមនុស្សទីមួយផង ទោះជាយ៉ាងណាក៏ដោយ គង់តែមានគ្រប់របស់ទាំងអស់ មុនដែលបានបង្កើតមក ប៉ុន្តែរបស់ទាំងនោះត្រូវបានបង្កើត និងធ្វើឡើងខាងវិញ្ញាណ ស្របតាមបន្ទូលរបស់យើង។
៨ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ហើយយើងបានដាក់មនុស្សដែលយើងបានសូនឡើងឲ្យនៅទីនោះ។
៩ហើយចេញពីដី នោះយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានធ្វើឲ្យដុះគ្រប់អស់ទាំងដើមឈើតាមធម្មជាតិ ដែលគួរជាទីគាប់ដល់ចក្ខុនៃមនុស្ស ហើយមនុស្សក៏អាចមើលឃើញដើមទាំងនោះដែរ។ ហើយដើមទាំងនោះក៏ក្លាយជាមានជីវិតរស់នៅ។ ត្បិតដើមទាំងនោះ សុទ្ធតែជាវិញ្ញាណ ក្នុងកាលដែលយើងបានបង្កើតដើមឈើទាំងនោះឡើង ត្បិតដើមឈើទាំងនោះបាននៅក្នុងវិស័យ ដែលយើងជាព្រះបានបង្កើតដើមឈើទាំងនោះមក មែនហើយ គឺគ្រប់របស់ទាំងអស់ដែលយើងបានរៀបចំឡើង សម្រាប់ទុកជាការប្រើប្រាស់ដល់មនុស្ស ហើយមនុស្សបានឃើញថាល្អសម្រាប់ធ្វើជាអាហារ។ ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ ក៏ដាំដើមជីវិតនៅកណ្ដាលសួនច្បារ ព្រមទាំងដើមសម្រាប់ដឹងខុសត្រូវផង។
១០ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបណ្ដាលឲ្យមានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចសួនច្បារនោះ ហើយហូរបែកពីនោះ ហើយក្លាយទៅជាបួនមុខ។
១១ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានហៅឈ្មោះទន្លេទី១ថា ពិសុន ហើយទន្លេនោះហូរព័ទ្ធស្រុកហាវីឡាទាំងមូល ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតឲ្យមានមាសជាច្រើន
១២ហើយមាសដែលមកស្រុកនោះជាមាសយ៉ាងល្អ ហើយក៏មានទាំងប្ដេល្លាម និងត្បូងអូនីក្សផង។
១៣ហើយឈ្មោះទន្លេទី២ នោះត្រូវបានហៅថា គីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស។
១៤ហើយឈ្មោះទន្លេទី៣ គឺហ៊ីដេកែល ជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ។ ហើយទន្លេទី៤ គឺអ៊ើប្រាត។
១៥ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានយកមនុស្សទៅ ហើយដាក់គេនៅក្នុងសួនច្បារអេដែន ឲ្យធ្វើការហើយថែរក្សាសួនច្បារនោះ។
១៦ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានបញ្ជាដល់បុរសថា ៖ ផ្លែឈើទាំងអស់នៅក្នុងសួនច្បារ នោះអ្នកអាចបរិភោគបានតាមចិត្ត
១៧ប៉ុន្តែផលពីដើមដឹងខុសត្រូវ នោះអ្នកមិនត្រូវបរិភោគឡើយ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចជ្រើសរើសសម្រាប់ខ្លួនផ្ទាល់ ត្បិតការណ៍នោះត្រូវបានប្រទានដល់អ្នកហើយ ប៉ុន្តែចូរចងចាំថា យើងបានហាមឃាត់ ត្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នោះអ្នកនឹងត្រូវស្លាប់ជាមិនខានឡើយ។
១៨ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលទៅព្រះរាជបុត្រាបង្កើតតែមួយរបស់យើងថា វាមិនល្អទេដែលបុរសនេះត្រូវនៅតែម្នាក់ឯង ហេតុដូច្នោះហើយ យើងនឹងធ្វើឲ្យមានជំនួយមួយដ៏សមចំពោះគាត់។
១៩ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានយកដីមកសូននូវគ្រប់ទាំងសត្វជើងបួននៅវាល និងគ្រប់ទាំងសត្វហើរលើអាកាសផង ហើយបានបញ្ជាដល់សត្វទាំងនោះឲ្យមកឯអ័ដាម ដើម្បីឲ្យដឹងថាគាត់នឹងហៅដូចម្ដេច ហើយសត្វទាំងនោះក៏មានព្រលឹងរស់ដែរ ត្បិតយើងជាព្រះ បានផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងសត្វទាំងនោះ ហើយបានបញ្ជាថា ឈ្មោះណាក៏ដោយដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសម្រេចជាឈ្មោះរបស់សត្វនោះឯង។
២០ហើយអ័ដាមបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច ប៉ុន្តែចំពោះអ័ដាមវិញ នោះមិនឃើញមានជំនួយណាមួយដ៏សមចំពោះគាត់សោះ។
២១ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានធ្វើឲ្យអ័ដាមដេកលង់លក់ទៅ ហើយគាត់ក៏ដេកលក់ ហើយយើងបានយកឆ្អឹងជំនីរគាត់មួយ ហើយភ្ជិតសាច់ទៅវិញ
២២ហើយរីឯឆ្អឹងជំនីរដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានយកពីបុរសមក នោះយើងបានធ្វើជាស្ត្រីមួយ ហើយនាំនាងទៅឯបុរស។
២៣ហើយអ័ដាមក៏ថា ៖ ឥឡូវនេះ ខ្ញុំដឹងហើយថានេះជាឆ្អឹងពីឆ្អឹងខ្ញុំ ហើយជាសាច់ពីសាច់ខ្ញុំ នាងនឹងត្រូវបានហៅថា « ស្ត្រី » ពីព្រោះ នាងត្រូវបានយកចេញពីបុរសមក។
២៤ហេតុដូច្នេះហើយ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ហើយទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរ នោះនឹងត្រូវជាសាច់តែមួយសុទ្ធ។
២៥ហើយគេទាំងពីរនាក់នៅខ្លួនអាក្រាតទទេ គឺបុរសនិងប្រពន្ធគាត់ ហើយឥតមានសេចក្ដីខ្មាសអៀនឡើយ ៕