ជំពូកទី ៩
នគរឆ្លងពីម្នាក់ទៅម្នាក់ ដោយការបន្តឲ្យកូនចៅ កូដោបាយ និងឃាតកម្ម — អេមើរបានឃើញព្រះរាជបុត្រានៃសេចក្ដីសុចរិត — ព្យាការីជាច្រើនស្រែកហៅឲ្យប្រែចិត្ត — អំណត់អត់ និងពស់អសិរពិស បៀតបៀនដល់ប្រជាជន។
១ហើយឥឡូវនេះ ខ្ញុំ មរ៉ូណៃ បន្តបញ្ជីរបស់ខ្ញុំទៀត។ ហេតុដូច្នេះហើយ មើលចុះ ហេតុការណ៍បានកើតឡើងថា ដោយសារបក្សព័ន្ធសម្ងាត់របស់អ័គីស និងពួកមិត្តរបស់វា មើលចុះ ពួកគេបានរំលំនគររបស់អូមើរ។
២ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះអម្ចាស់ទ្រង់អាណិតអាសូរដល់អូមើរ និងពួកបុត្រាបុត្រីទាំងឡាយរបស់ទ្រង់ដែរ ដែលមិនបានស្វែងរកការបំផ្លិចបំផ្លាញទ្រង់ចោល។
៣ហើយព្រះអម្ចាស់ទ្រង់ព្រមានដល់អូមើរនៅក្នុងសុបិនមួយថា ទ្រង់ត្រូវចាកចេញពីដែនដីទៅ ហេតុដូច្នោះហើយ អូមើរបានចាកចេញពីដែនដីទៅជាមួយនឹងរាជវង្សានុវង្សរបស់ទ្រង់ ហើយបានធ្វើដំណើរអស់ជាច្រើនថ្ងៃ ហើយបានដើរកាត់តាមភ្នំស៊ិម ហើយកាត់តាមជិតកន្លែងដែលពួកសាសន៍នីហ្វៃត្រូវបំផ្លាញបង់ ហើយចាប់ពីទីនោះឆ្ពោះទៅទិសខាងកើត ហើយទៅដល់កន្លែងមួយ ដែលហៅថា អាប់ឡុម នៅជិតឆ្នេរសមុទ្រ ហើយនៅទីនោះ ទ្រង់បានបោះត្រសាល ព្រមទាំងបុត្រាបុត្រីទាំងឡាយរបស់ទ្រង់ផង និងរាជវង្សានុវង្សរបស់ទ្រង់ទាំងអស់ផង លើកលែងតែយ៉ារេឌ និងគ្រួសារលោក។
៤ហើយហេតុការណ៍បានកើតឡើងថា យ៉ារេឌត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាស្ដេចលើប្រជាជនដោយដៃនៃអំពើទុច្ចរិត ហើយទ្រង់ប្រគល់បុត្រីទៅឲ្យអ័គីសធ្វើជាប្រពន្ធ។
៥ហើយហេតុការណ៍បានកើតឡើងថា អ័គីសបានស្វែងរកជីវិតឪពុកក្មេករបស់ខ្លួន ហើយគាត់បានសូមជំនួយពីពួកអ្នកដែលគាត់បានធ្វើពិធីស្បថ ដោយសម្បថនៃពួកចាស់បុរាណ ហើយពួកគេយកបានព្រះសិររបស់ឪពុកក្មេកគាត់ នៅពេលទ្រង់អង្គុយនៅលើបល្ល័ង្កធ្វើសវនាការដល់ប្រជាជនរបស់គេ។
៦ដោយសារសង្គមសម្ងាត់ និងទុច្ចរិត បានរាលដាលយ៉ាងធំក្រៃលែង នោះវាបានធ្វើឲ្យចិត្តមនុស្សទាំងអស់ពុករលួយ ហេតុដូច្នេះហើយ យ៉ារេឌត្រូវគេធ្វើឃាតនៅលើបល្ល័ង្ករបស់ទ្រង់ ហើយអ័គីសសោយរាជ្យជំនួសទ្រង់វិញ។
៧ហើយហេតុការណ៍បានកើតឡើងថា អ័គីសបានចាប់ផ្ដើមច្រណែននឹងបុត្ររបស់ខ្លួន ហេតុដូច្នេះហើយ ទ្រង់បានឃាំងបុត្រទុកនៅក្នុងគុក ហើយឲ្យអាហារបន្តិចបន្តួច ឬក៏ពុំឲ្យសោះ រហូតដល់បុត្រស្លាប់ទៅ។
៨ហើយឥឡូវនេះ ព្រះអនុជរបស់បុត្រដែលត្រូវសុគតនោះ (ហើយលោកមាននាមថា នីមរ៉ា) ខឹងនឹងបិតាខ្លួន ដោយសារការដែលបិតាខ្លួនបានធ្វើដល់ព្រះជេដ្ឋាលោក។
៩ហើយហេតុការណ៍បានកើតឡើងថា នីមរ៉ាបានប្រមូលមនុស្សមួយចំនួនតូចមក ហើយបានរត់ចេញពីដែនដី ហើយបានមកនៅជាមួយនឹងអូមើរ។
១០ហើយហេតុការណ៍បានកើតឡើងថា អ័គីស បង្កើតបានបុត្រាទាំងឡាយទៀត ហើយពួកគេបានទទួលការគាំទ្រពីប្រជាជន ទោះបីពួកគេបានស្បថដល់ទ្រង់ថា នឹងធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង ស្របតាមអ្វីដែលទ្រង់ប្រាថ្នាក៏ដោយ។
១១ឥឡូវនេះ ប្រជាជនរបស់អ័គីស មានបំណងចង់បានកម្រៃ ដូចគ្នានឹងអ័គីសចង់បានអំណាច ហេតុដូច្នោះហើយ ពួកបុត្រារបស់អ័គីសបានឲ្យប្រាក់ដល់ពួកគេ ដោយមធ្យោបាយនេះ ពួកគេទាក់ទាញបានប្រជាជនច្រើនតាមពួកគេ។
១២ហើយក៏ចាប់ផ្ដើមមានសង្គ្រាមមួយរវាងពួកបុត្រារបស់អ័គីស និងអ័គីស ដែលអស់រយៈពេលជាច្រើនឆ្នាំ មែនហើយ នាំឲ្យមានការបំផ្លិចបំផ្លាញជិតអស់ទាំងប្រជាជននៅក្នុងនគរ មែនហើយ គឺទាំងអស់គ្នា លើកលែងតែសាមសិបនាក់ និងពួកដែលបានរត់ទៅជាមួយនឹងរាជវង្សានុវង្សរបស់អូមើរ។
១៣ហេតុដូច្នោះហើយ អូមើរត្រូវបានតាំងឡើងនៅក្នុងដែនដីកេរ្តិ៍អាកររបស់ទ្រង់វិញ។
១៤ហើយហេតុការណ៍បានកើតឡើងថា អូមើរបានចាប់ផ្ដើមមានព្រះជន្មាយុចាស់ ទោះជាយ៉ាងណាក៏ដោយ គង់តែនៅក្នុងវ័យចាស់របស់ទ្រង់ទៅហើយ នោះទ្រង់បង្កើតបានអេមើរដែរ ហើយទ្រង់បានចាក់ប្រេងតាំងអេមើរឲ្យធ្វើជាស្ដេចសោយរាជ្យជំនួសទ្រង់។
១៥ហើយក្រោយពីទ្រង់បានចាក់ប្រេងតាំងអេមើរឲ្យធ្វើជាស្ដេចស្រេចហើយ នោះទ្រង់បានឃើញសន្តិភាពមាននៅក្នុងដែនដីអស់រយៈពេលពីរឆ្នាំ ហើយទ្រង់ក៏សុគតទៅ ក្រោយពីមានព្រះជន្មាយុដ៏វែង ដែលពោរពេញដោយការសោកសៅ។ ហើយហេតុការណ៍បានកើតឡើងថា អេមើរបានសោយរាជ្យជំនួសទ្រង់ ហើយបានដើរតាមគន្លងរបស់បិតាខ្លួន។
១៦ហើយព្រះអម្ចាស់ទ្រង់បានចាប់ផ្ដើមដកពាក្យបណ្ដាសារបស់ទ្រង់ ចេញពីដែនដីជាថ្មី ហើយរាជវង្សានុវង្សរបស់អេមើរ បានចម្រើនឡើងជាខ្លាំងនៅក្នុងរាជ្យរបស់អេមើរ ហើយក្នុងរយៈពេលហុកសិបពីរឆ្នាំ ពួកគេបានក្លាយទៅជាខ្លាំងពូកែជាអតិបរមា ដរាបដល់ពួកគេមានទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ —
១៧ដោយមានគ្រប់មុខនូវផ្លែឈើ និងធញ្ញជាតិ និងព្រែ និងក្រណាត់ដ៏ល្អ និងមាស និងប្រាក់ ហើយនិងវត្ថុមានតម្លៃផ្សេងៗ។
១៨ព្រមទាំងមានគ្រប់មុខនូវសត្វពាហណៈ គោឈ្មោល និងគោញី និងចៀម និងជ្រូក និងពពែ ព្រមទាំងសត្វជាច្រើនមុខទៀតដែលមានប្រយោជន៍ សម្រាប់ជាអាហារដល់មនុស្ស។
១៩ហើយពួកគេក៏មានសេះ និងលា ហើយមានដំរី និងគូរីឡុម និងគូមុម សត្វទាំងអស់នេះ មានប្រយោជន៍ដល់មនុស្ស ហើយជាពិសេស គឺដំរី និងគូរីឡុម និងគូមុម។
២០ម្ល៉ោះហើយ ព្រះអម្ចាស់ទ្រង់បានចាក់ព្រះពរទាំងឡាយរបស់ទ្រង់ មកលើដែនដីនេះ ដែលជាដែនដីជម្រើសលើអស់ទាំងដែនដីឯទៀត ហើយទ្រង់បានបញ្ជាថា អស់អ្នកណាដែលយកបានដែនដីនេះ គឺយកវាបានសម្រាប់ព្រះអម្ចាស់ បើពុំនោះសោតទេ ពួកគេនឹងត្រូវ បំផ្លាញចោល កាលណាពួកគេទុំសុសនៅក្នុងអំពើទុច្ចរិត ត្បិតចំពោះពួកនោះហើយដែល ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងចាក់ទៅលើអ្នកទាំងនោះ នូវភាពពោរពេញនៃសេចក្ដីខ្ញាល់របស់យើង។
២១ហើយអេមើរបានអនុវត្តសេចក្ដីជំនុំជំរះ ដោយនូវសេចក្ដីសុចរិតអស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានបុត្រាបុត្រីជាច្រើន ហើយទ្រង់បង្កើតបានកូរីអានទុម ហើយទ្រង់បានចាក់ប្រេងតាំងកូរីអានទុមឲ្យសោយរាជ្យជំនួសទ្រង់។
២២ហើយបន្ទាប់ពីទ្រង់បានចាក់ប្រេងតាំងកូរីអានទុមឲ្យសោយរាជ្យជំនួសទ្រង់ហើយ នោះទ្រង់មានព្រះជន្មាយុរស់នៅបួនឆ្នាំ ហើយទ្រង់បានឃើញសន្តិភាពនៅលើដែនដី មែនហើយ ហើយទ្រង់ថែមទាំងបានឃើញព្រះរាជបុត្រានៃសេចក្ដីសុចរិត ហើយបានសប្បាយ ហើយរុងរឿងនៅក្នុងសម័យរបស់ទ្រង់ ហើយទ្រង់បានសុគតទៅដោយសុខសាន្ត។
២៣ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមបានដើរតាមគន្លងរបស់បិតាខ្លួន ហើយបានស្ថាបនាទីក្រុងធំៗជាច្រើន ហើយបានបង្រៀននូវអ្វីៗដែលល្អដល់ប្រជាជនទ្រង់អស់មួយជីវិតទ្រង់។ ហើយហេតុការណ៍បានកើតឡើងថា ទ្រង់គ្មានបុត្រាបុត្រីសោះ រហូតដល់ទ្រង់មានព្រះជន្មាយុចាស់ជាខ្លាំង។
២៤ហើយហេតុការណ៍បានកើតឡើងថា ភរិយាទ្រង់បានសុគតទៅក្នុងព្រះជន្មាយុមួយរយពីរឆ្នាំ។ ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមបានយកភរិយាមួយនៅក្នុងព្រះជន្មាយុចាស់របស់ទ្រង់ គឺជាស្ត្រីក្រមុំម្នាក់ ហើយបង្កើតបានបុត្រាបុត្រីទាំងឡាយ ហេតុដូច្នោះហើយ ទ្រង់មានព្រះជន្មរស់ដល់ជន្មាយុមួយរយសែសិបពីរឆ្នាំ។
២៥ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បង្កើតបានកុម ហើយកុមសោយរាជ្យជំនួសទ្រង់ ហើយទ្រង់សោយរាជ្យបានសែសិបប្រាំបួនឆ្នាំ ហើយទ្រង់បង្កើតបានហេត ហើយទ្រង់ក៏បង្កើតបានបុត្រាបុត្រីទាំងឡាយទៀត។
២៦ហើយប្រជាជនបានរាលដាលពាសពេញលើអស់ទាំងផ្ទៃដែនដី ហើយបានចាប់ផ្ដើមមានអំពើទុច្ចរិតដ៏ធំនៅលើផ្ទៃដែនដីទៀត ហើយ ហេត បានចាប់ផ្ដើមឱបក្រសោបផែនការសម្ងាត់ទាំងឡាយទៀត ដូចជំនាន់ដើមដើម្បីបំផ្លាញបិតាខ្លួនចោល។
២៧ហើយហេតុការណ៍បានកើតឡើងថា លោកបានទម្លាក់បិតាខ្លួនពីបល្ល័ង្ក ព្រោះលោកបានសម្លាប់ទ្រង់ចោលដោយដាវរបស់លោកផ្ទាល់ ហើយលោកបានសោយរាជ្យជំនួសទ្រង់។
២៨ហើយមានពួកព្យាការីមកលើដែនដីទៀត ដោយស្រែកហៅឲ្យពួកគេប្រែចិត្ត — ថាពួកគេត្រូវរៀបចំផ្លូវថ្វាយព្រះអម្ចាស់ បើពុំនោះសោតទេ នឹងមានបណ្ដាសាមួយនៅលើផ្ទៃដែនដី មែនហើយ គឺមានអំណត់ដ៏ធំមួយ នៅក្នុងនោះ ពួកគេនឹងត្រូវបំផ្លាញបង់ បើសិនជាពួកគេពុំប្រែចិត្តទេ។
២៩ប៉ុន្តែប្រជាជនមិនជឿតាមពាក្យពេចន៍របស់ពួកព្យាការីទេ តែពួកគេបានបណ្ដេញពួកព្យាការីចេញវិញ ហើយមានខ្លះ ត្រូវពួកគេបោះទៅក្នុងរណ្ដៅ ហើយទុកឲ្យពួកគេវិនាសបង់។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើការណ៍អស់ទាំងនេះ ស្របតាមបញ្ជារបស់ស្ដេចហេត។
៣០ហើយហេតុការណ៍បានកើតឡើងថា ក៏ចាប់ផ្ដើមមានអំណត់មួយយ៉ាងធំនៅលើដែនដី ហើយបណ្ដាជនបានចាប់ផ្ដើមត្រូវបំផ្លាញយ៉ាងឆាប់រហ័ស ដោយសារអំណត់ ដោយព្រោះគ្មានភ្លៀងនៅលើផ្ទៃផែនដី។
៣១ហើយមានពស់អសិរពិសទាំងឡាយ បានចេញមកផងនៅលើផ្ទៃដែនដី ហើយបានចឹកមនុស្សជាច្រើន។ ហើយហេតុការណ៍បានកើតឡើងថា ហ្វូងសត្វរបស់ពួកគេបានចាប់ផ្ដើមរត់គេចពីសត្វពស់អសិរពិស ឆ្ពោះទៅដែនដីដែលនៅទិសខាងត្បូង ដែលពួកសាសន៍នីហ្វៃហៅថា សារ៉ាហិមឡា។
៣២ហើយហេតុការណ៍បានកើតឡើងថា សត្វជាច្រើនត្រូវវិនាសនៅតាមផ្លូវ ទោះជាយ៉ាងណាក៏ដោយ គង់តែមានខ្លះបានរត់ចូលទៅដែនដី ដែលនៅទិសខាងត្បូង។
៣៣ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបញ្ជាឲ្យពស់ឈប់ដេញតាមពួកសត្វទាំងនេះទៀត ប៉ុន្តែពស់ទាំងនោះត្រូវឃាំងផ្លូវកុំឲ្យមនុស្សអាចឆ្លងបានថា បើសិនជាអ្នកណាខិតខំឆ្លងកាត់ ត្រូវស្លាប់ដោយពស់អសិរពិស។
៣៤ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានទៅតាមផ្លូវនៃពួកសត្វ ហើយបានបរិភោគសាកសពរបស់ពួកសត្វ ដែលបានវិនាសនៅតាមផ្លូវ រហូតដល់ពួកគេបានបរិភោគអស់សាកសពទាំងនោះ។ ឥឡូវនេះ កាលប្រជាជនបានឃើញថា ពួកគេត្រូវស្លាប់ នោះពួកគេបានចាប់ផ្ដើមប្រែចិត្តពីអំពើទុច្ចរិតទាំងឡាយរបស់គេ ហើយអំពាវនាវដល់ព្រះអម្ចាស់។
៣៥ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានបន្ទាបខ្លួនគ្រប់គ្រាន់នៅចំពោះព្រះអម្ចាស់ហើយ នោះទ្រង់បានចាត់ឲ្យមានភ្លៀងមកលើផ្ទៃផែនដី ហើយប្រជាជនបានចាប់ផ្ដើមមានកម្លាំងឡើងវិញ ហើយបានចាប់ផ្ដើមមានផ្លែឈើនៅស្រុកផ្នែកខាងជើង និងនៅអស់ទាំងស្រុកជុំវិញ។ ហើយព្រះអម្ចាស់ទ្រង់បានបង្ហាញព្រះចេស្ដារបស់ទ្រង់ដល់ពួកគេ ដោយរក្សាពួកគេពីអំណត់៕