ជំពូកទី ៧
អូរៃហាសោយរាជ្យនៅក្នុងសេចក្ដីសុចរិត — នៅកណ្ដាលការដណ្ដើមរាជ្យ និងការទាស់ទែងគ្នា នោះនគរស៊ូល និងកូហូរ ត្រូវបានរៀបចំឡើង — ពួកព្យាការីកាត់ទោសដល់សេចក្ដីទុច្ចរិត និងការថ្វាយបង្គំរូបព្រះរបស់ប្រជាជន បន្ទាប់មកពួកគេប្រែចិត្ត។
១ហើយហេតុការណ៍បានកើតឡើងថា អូរៃហាបានអនុវត្តសេចក្ដីជំនុំជំរះនៅលើដែនដី ដោយនូវសេចក្ដីសុចរិតអស់មួយជីវិតរបស់ទ្រង់ គឺអស់ពេលដ៏យូរ។
២ហើយទ្រង់មានបុត្រាបុត្រីទាំងឡាយ មែនហើយ ទ្រង់មានបុត្រាបុត្រីសាមសិបមួយនាក់ ក្នុងចំណោមនោះ មានបុត្រាម្ភៃបីនាក់។
៣ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បង្កើតបាន គិប ផងក្នុងកាលទ្រង់មានព្រះជន្មាយុចាស់ទៅហើយ។ ហើយហេតុការណ៍បានកើតឡើងថា គិប សោយរាជ្យជំនួសទ្រង់ ហើយគិប បង្កើតបានកូរីហូរ។
៤ហើយកាលកូរីហូរមានអាយុសាមសិបពីរឆ្នាំ លោកបានបះបោរប្រឆាំងនឹងបិតាលោក ហើយបានឆ្លងទៅនៅលើដែនដីនីហូរ ហើយលោកមានកូនប្រុស និងកូនស្រីទាំងឡាយ ហើយពួកគេបានក្លាយទៅជាស្រស់ល្អដ៏លើសលប់ ហេតុដូច្នោះហើយ កូរីហូរបានទាក់ទាញមនុស្សជាច្រើនទៅតាមលោក។
៥ហើយកាលលោកប្រមូលបានកងទ័ពមួយហើយ នោះលោកបានឡើងមកដែនដីម៉ូរ៉ុន គឺជាទីដែលស្ដេចគង់ ហើយបានចាប់ទ្រង់ធ្វើជាឈ្លើយ ដែលបានសម្រេចនូវពាក្យដែលបងរបស់យ៉ារេឌបាននិយាយថា ពួកគេនឹងត្រូវនាំទៅក្នុងការជាប់ឃុំឃាំង។
៦ឥឡូវនេះ ដែនដីម៉ូរ៉ុន ជាទីដែលស្ដេចគង់នៅជិតដែនដីដែលពួកសាសន៍នីហ្វៃហៅថា ដែនដីចោលស្ងាត់។
៧ហើយហេតុការណ៍បានកើតឡើងថា គិប រស់នៅក្នុងការជាប់ឃុំឃាំង ហើយប្រជាជនរបស់ទ្រង់ផង នៅក្រោមកូរីហូរ ជាបុត្ររបស់ទ្រង់ រហូតដល់លោកមានព្រះជន្មាយុចាស់ខ្លាំង ក៏ប៉ុន្តែ គិប មានបុត្រមួយនាម ស៊ូល ក្នុងកាលទ្រង់មានព្រះជន្មាយុចាស់ទៅហើយ គឺនៅក្នុងពេលទ្រង់ត្រូវជាប់ឃុំឃាំងនៅឡើយ។
៨ហើយហេតុការណ៍បានកើតឡើងថា ស៊ូលខឹងនឹងព្រះជេដ្ឋារបស់លោក ហើយស៊ូលបានក្លាយជាខ្លាំងពូកែ ហើយបានក្លាយជាបុរសម្នាក់ដែលមានកម្លាំងខ្លាំងពូកែ ហើយលោកក៏ពូកែខាងការជំនុំជំរះផង។
៩ហេតុដូច្នោះហើយ លោកបានទៅភ្នំអេប្រាអិម ហើយលោកបានរំលាយចេញពីភ្នំនោះ ហើយធ្វើដាវទាំងឡាយពីដែក សម្រាប់ពួកអ្នកដែលលោកបានទាក់ទាញមកជាមួយលោក ហើយបន្ទាប់ពីលោកបានប្រដាប់អាវុធឲ្យពួកគេដោយដាវហើយ នោះលោកបានត្រឡប់ទៅទីក្រុងនីហូរវិញ ហើយបានច្បាំងជាមួយព្រះជេដ្ឋារបស់លោក គឺកូរីហូរ ដោយមធ្យោបាយនេះ លោកយកបាននគរ ហើយបានថ្វាយនគរទៅ គិប ជាបិតាលោក។
១០ហើយឥឡូវនេះ ដោយសារការដែលស៊ូលបានធ្វើ នោះបិតាលោកបានប្រគល់នគរឲ្យលោក ហេតុដូច្នេះហើយ ទ្រង់បានចាប់ផ្ដើមសោយរាជ្យជំនួសបិតាលោក។
១១ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានអនុវត្តសេចក្ដីជំនុំជំរះដោយនូវសេចក្ដីសុចរិត ហើយទ្រង់បានពង្រីកនគររបស់ទ្រង់ពាសពេញលើអស់ទាំងផ្ទៃដែនដី ត្បិតប្រជាជនមានចំនួនដ៏ច្រើនលើសលប់។
១២ហើយហេតុការណ៍បានកើតឡើងថា ស៊ូលក៏បង្កើតបានបុត្រាបុត្រីទាំងឡាយ។
១៣ហើយកូរីហូរបានប្រែចិត្តចំពោះអំពើអាក្រក់ជាច្រើន ដែលលោកបានប្រព្រឹត្ត ហេតុដូច្នោះហើយ ស៊ូលបានប្រទានអំណាចដល់លោកនៅក្នុងនគរ។
១៤ហើយហេតុការណ៍បានកើតឡើងថា កូរីហូរមានកូនប្រុស និងកូនស្រីជាច្រើន។ ហើយក្នុងចំណោមកូនប្រុសរបស់កូរីហូរ នោះមានម្នាក់ឈ្មោះ ណូអេ។
១៥ហើយហេតុការណ៍បានកើតឡើងថា ណូអេបានបះបោរប្រឆាំងនឹងស៊ូល ដែលជាស្ដេច ព្រមទាំងប្រឆាំងនឹងឪពុកខ្លួន គឺកូរីហូរ ផង ហើយបានទាក់ទាញបងរបស់ខ្លួន គឺកូហូរទៅជាមួយ ហើយបងប្អូនទាំងអស់របស់លោក និងមនុស្សជាច្រើនផង។
១៦ហើយលោកបានធ្វើចម្បាំងនឹងស៊ូលដែលជាស្ដេចក្នុងចម្បាំងនោះ លោកយកបានដែនដី ដែលជាកេរ្តិ៍អាករដំបូងរបស់ពួកគេ ហើយលោកបានក្លាយទៅជាស្ដេចលើផ្នែកនៃដែនដីនោះ។
១៧ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានធ្វើចម្បាំងជាថ្មីនឹងស៊ូល ដែលជាស្ដេច ហើយទ្រង់ចាប់បានស៊ូលដែលជាស្ដេច ហើយនាំទ្រង់យកទៅជាឈ្លើយទៅឯម៉ូរ៉ុន។
១៨ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលទ្រង់រៀបនឹងប្រហារលោក នោះពួកបុត្រារបស់ស៊ូលបានលបចូលទៅក្នុងដំណាក់របស់ណូអេនៅពេលយប់ ហើយបានសម្លាប់ទ្រង់ចោលទៅ ហើយបានទម្លាយទ្វារគុក ហើយបាននាំបិតាពួកគេចេញមក ហើយបានលើកទ្រង់ដាក់លើបល្ល័ង្កក្នុងនគររបស់ទ្រង់ផ្ទាល់។
១៩ហេតុដូច្នោះហើយ បុត្រនៃណូអេ បានកសាងនគររបស់ទ្រង់ឡើងជំនួសបិតាទ្រង់វិញ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេពុំមានអំណាចអ្វីទៅលើស៊ូលដែលជាស្ដេចទៀតឡើយ ហើយប្រជាជនដែលនៅក្រោមរាជ្យរបស់ស្ដេចស៊ូលបានចម្រើនឡើងជាខ្លាំង ហើយបានក្លាយទៅជាខ្លាំងពូកែ។
២០ហើយប្រទេសត្រូវបានបែងចែក ហើយមាននគរពីរ គឺនគររបស់ស៊ូល និងនគររបស់កូហូរ ដែលជាបុត្ររបស់ណូអេ។
២១ហើយកូហូរ ដែលជាបុត្ររបស់ណូអេ បានបញ្ជាប្រជាជនរបស់ទ្រង់ឲ្យទៅច្បាំងនឹងស៊ូល នៅក្នុងចម្បាំងនោះ ស៊ូល បានវាយឈ្នះពួកគេ ហើយបានសម្លាប់កូហូរ។
២២ហើយឥឡូវនេះ កូហូរមានបុត្រម្នាក់ ដែលមានឈ្មោះថា នីមរ៉ូឌ ហើយនីមរ៉ូឌបានព្រមប្រគល់នគររបស់កូហូរទៅឲ្យស៊ូល ហើយលោកបានទទួលការប្រោសប្រណីនៅក្នុងព្រះនេត្រនៃស៊ូល ហេតុដូច្នោះហើយ ស៊ូលបានប្រទានការប្រោសប្រណីដ៏ច្រើនដល់លោក ហើយលោកបានធ្វើតាមទំនើងចិត្តខ្លួននៅក្នុងនគររបស់ស៊ូល។
២៣ហើយនៅក្នុងរាជ្យរបស់ស៊ូល មានពួកព្យាការីមកក្នុងចំណោមប្រជាជន ដែលត្រូវបានព្រះអម្ចាស់ចាត់ឲ្យមកព្យាករថា អំពើទុច្ចរិត និងការថ្វាយបង្គំរូបព្រះនៃប្រជាជន កំពុងតែនាំបណ្ដាសាមួយមកដល់ដែនដីនេះ ហើយពួកគេនឹងត្រូវបំផ្លាញចោល បើសិនជាពួកគេពុំប្រែចិត្តទេ។
២៤ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានជេរប្រមាថពួកព្យាការី ហើយបានចំអកឡកឡឺយដាក់ពួកគេ។ ហើយហេតុការណ៍បានកើតឡើងថា ស្ដេចស៊ូលបានអនុវត្តសេចក្ដីជំនុំជំរះដល់អស់អ្នកទាំងឡាយណា ដែលបានជេរប្រមាថពួកព្យាការី។
២៥ហើយលោកបានអនុវត្តច្បាប់មួយទូទៅអស់ទាំងដែនដី ដែលប្រទានអំណាចទៅពួកព្យាការីថា ពួកគេអាចទៅទីណាក៏ដោយតាមតែគេចង់ ហើយដោយហេតុនេះ ប្រជាជនត្រូវបាននាំមកដល់ការប្រែចិត្ត។
២៦ហើយពីព្រោះប្រជាជនបានប្រែចិត្តពីអំពើទុច្ចរិតទាំងឡាយ និងការថ្វាយបង្គំរូបព្រះរបស់ពួកគេ នោះព្រះអម្ចាស់ទ្រង់បានលើកលែងជីវិតឲ្យពួកគេ ហើយពួកគេបានចាប់ផ្ដើមចម្រើនឡើងនៅលើដែនដីទៀត។ ហើយហេតុការណ៍បានកើតឡើងថា ស៊ូលមានបុត្រាបុត្រីទាំងឡាយ ក្នុងកាលទ្រង់មានព្រះជន្មាយុចាស់ទៅហើយ។
២៧ហើយអស់មានសង្គ្រាមទៀតនៅក្នុងជីវិតស៊ូល ហើយទ្រង់បាននឹកចាំដល់ការណ៍ដ៏ធំទាំងឡាយដែលព្រះអម្ចាស់ទ្រង់បានធ្វើដើម្បីពួកអយ្យកោរបស់ទ្រង់ ក្នុងការនាំពួកគេឆ្លងកាត់ទីជម្រៅដ៏ធំមកដល់ដែនដីសន្យា ហេតុដូច្នោះហើយ ទ្រង់បានអនុវត្តសេចក្ដីជំនុំជំរះ ដោយនូវសេចក្ដីសុចរិតអស់មួយជីវិតទ្រង់៕