« ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ ៖ ‹ ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ ៖ ‹ ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ មេរៀនទី ១៧៧
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់
« ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ »
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនជួយយើងធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការផ្គត់ផ្គង់ខ្លួនយើង និងផ្ដល់ពរដល់អ្នកដទៃ ។ ការរៀនដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួនកាលនៅវ័យក្មេងនាំឲ្យមានសមត្ថភាពកាន់តែខ្លាំងនៅពេលដល់វ័យមជ្ឈិមវ័យ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីមូលហេតុដែលការស្ថាបនាភាពខ្លួនទីពឹងខ្លួនមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។
ការរៀបចំសិស្ស ៖ ពិចារណាស្នើសុំសិស្សឲ្យធ្វើអ្វីមួយដោយខ្លួនឯងដែលអ្នកដទៃធ្លាប់បានធ្វើសម្រាប់ពួកគេកាលពីមុន ។ ឧទាហរណ៍ ពួកគេអាចរៀបចំអាហារ បោកគក់ បង់ប្រាក់សម្រាប់អ្វីដែលឪពុកម្តាយរបស់ពួកគេជាធម្មតាបង់ប្រាក់ឲ្យ ឬជួសជុលអ្វីមួយនៅក្នុងផ្ទះរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យើងរីកចម្រើនតាមរយៈការធ្វើសកម្មភាព
មុនពេលចាប់ផ្តើមថ្នាក់ សូមពិចារណាចែកច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ពីប៊ីស្សព វ៉តឌែល ឲ្យទៅសិស្សម្នាក់ និងច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ពី ប្រធានបទ និង សំណួរ ឲ្យទៅសិស្សម្នាក់ផ្សេងទៀត ។ សូមអញ្ជើញពួកគេឲ្យអានសេចក្ដីថ្លែងការណ៍ទាំងនេះ ហើយរៀបចំដើម្បីចែកចាយអ្វីដែលពួកគេរៀនអំពីព្រះអង្គសង្គ្រោះ និងរបៀបដែលពួកគេនឹងពន្យល់អំពីភាពខ្លួនទីពឹងខ្លួនតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ ។
សូមពិចារណាចាប់ផ្តើមមេរៀននេះដោយបង្ហាញរូបភាពកូនបក្សីខាងក្រោម ហើយបង្ហាញសំណួរខាងក្រោម ។ អ្នកអាចរៀបចំសិស្សជាក្រុមតូចៗ ដើម្បីពិភាក្សាសំណួរដោយបង្ហាញរូបភាព និងសំណួរម្តងមួយៗ ហើយផ្តល់ពេលដល់សិស្សដើម្បីពិភាក្សាសំណួរនីមួយៗ ។
-
តើអាចមានអ្វីកើតឡើងចំពោះបក្សីនេះ ប្រសិនបើមេ និងបារបស់វាអនុញ្ញាតឲ្យវានៅក្នុងសំបុកជារៀងរហូត ដោយតែងតែផ្តល់អាហារដល់វានោះ ?
-
តើការណ៍នេះអាចប្រៀបធៀបទៅនឹងការរីកចម្រើន និងការអភិវឌ្ឍរបស់យើងនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើងដោយរបៀបណាខ្លះ ?
សូមជួយសិស្សឲ្យយល់ថាការរីកចម្រើនរបស់យើងភាគច្រើនអាស្រ័យលើឆន្ទៈរបស់យើងក្នុងការរៀនសូត្រ និងទទួលខុសត្រូវចំពោះការរីកចម្រើនរបស់យើងផ្ទាល់ ។ អ្នកអាចថ្លែងទីបន្ទាល់អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងក្នុងខិតខំរបស់យើងដើម្បីរីកចម្រើន ។
ភាពខ្លួនទីពឹងខ្លួន
សូមពិចារណាសរសេរ ភាពខ្លួនទីពឹងខ្លួន នៅលើក្ដារខៀន ហើយដាក់បង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍នេះ ហើយរៀបចំពន្យល់ពីអ្វីដែលពួកគេរៀនអំពីព្រះអង្គសង្គ្រោះ និងអត្ថន័យនៃភាពខ្លួនទីពឹងខ្លួន ។ ប្រសិនបើអ្នកបានផ្តល់សេចក្តីថ្លែងការណ៍ទាំងនេះដល់សិស្សមុនចូលរៀន សូមអញ្ជើញពួកគេឲ្យចែកចាយការយល់ដឹងរបស់ពួកគេ មុនពេលបើកការពិភាក្សាដល់សិស្សផ្សេងទៀតនៅក្នុងថ្នាក់ ។
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល នៃគណៈប៊ីស្សពជាអធិបតីបានថ្លែង ៖
ព្រះអម្ចាស់ពុំរំពឹងឲ្យយើងធ្វើច្រើនជាងដែលយើងអាចធ្វើនោះទេ ប៉ុន្តែទ្រង់រំពឹងឲ្យយើងធ្វើអ្វីដែលយើងអាចធ្វើបាននៅពេលយើងអាចធ្វើវាបាននោះ ។ ដូចដែលប្រធាន ណិលសុន បានរំឭកយើងកាលពី សន្និសីទទូទៅមុនថា « ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ » ។
…ការត្រៀមខ្លួនខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួនមានន័យថា « គឺជាការជឿថាតាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង » ។ ( « There Was Bread » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៤៣ )
នៅក្នុង ប្រធានបទ និង សំណួរ នៅក្នុងបណ្ណាល័យដំណឹងល្អថ្លែង ៖
ព្រះអង្គសង្គ្រោះអញ្ជើញយើងទាំងអស់គ្នាឲ្យធ្វើសកម្មភាព ឈរដោយឯករាជ្យ និងប្រែក្លាយដូចជាទ្រង់ ។ ទ្រង់នឹងជួយយើង ។ … របៀបរបស់ទ្រង់ រួមទាំងការរៀនសូត្រ និងការរស់នៅតាមគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន—« សមត្ថភាព ការតាំងចិត្ត និងការខិតខំផ្គត់ផ្គង់នូវភាពចាំបាច់នៃជីវិត និងគ្រួសារ » ( Providing in the Lord’s Way: Summary of a Leader’s Guide to Welfare [ ឆ្នាំ២០០៩ ] ) ។ ( Topic and Questions « Self-reliance » នៅក្នុងបណ្ណាល័យដំណឹងល្អ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញមកពីសេចក្តីថ្លែងការណ៍ទាំងនេះ ?
-
តើអ្នកនឹងរៀបរាប់ភាពទីពឹងខ្លួនតាមពាក្យពេចន៍របស់អ្នកផ្ទាល់ដោយរបៀបណា ?
នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេទៅនឹងសំណួរមុន សូមពិចារណាសរសេរអ្វីដែលពួកគេនិយាយនៅលើក្ដារខៀន នៅជិតនឹង ភាពខ្លួនទីពឹងខ្លួន ។ សូមជួយពួកគេយល់ថា ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ជួយយើងប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាបង្ហាញការណែនាំ និងសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីបំណងប្រាថ្នា និងការខិតខំរបស់ពួកគេផ្ទាល់ដើម្បីប្រែក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ។
សូមជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងពិពណ៌នាអំពីអត្ថន័យយ៉ាងណាសម្រាប់ក្មេងជំទង់ក្នុងការបង្កើនសមត្ថភាពរបស់ពួកគេក្នុងផ្នែកខាងក្រោម ?
ចំណេះដឹងអំពីដំណឹងល្អ
តម្រូវការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត
ការអប់រំ និងការងារ
តម្រូវការខាងរាងកាយ
តម្រូវការខាងសតិអារម្មណ៍ និងខាងសង្គម
-
តើការស្ថាបនាសមត្ថភាពរបស់អ្នកនៅក្នុងផ្នែកណាមួយនៃផ្នែកទាំងនេះនឹងផ្តល់ពរជ័យដល់ជីវិតរបស់អ្នកនៅលើផែនដីនិងការរីកចម្រើនដ៏អស់កល្បរបស់អ្នកយ៉ាងដូចម្ដេច ?
គំរូអំពីភាពខ្លួនទីពឹងខ្លួន
វាអាចមានប្រយោជន៍សម្រាប់សិស្សក្នុងការមើលឃើញពីរបៀបដែលបុគ្គលនៅក្នុងបទគម្ពីរត្រូវបានប្រទានពរតាមរយៈការខិតខំរបស់ពួកគេក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួនដើម្បីបំពេញតម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ពួកគេ ។
សូមពិចារណាដាក់បង្ហាញសេចក្តីណែនាំ សេចក្ដីយោង និងសំណួរដូចខាងក្រោមនេះ ។ អ្នកអាចបំបែកសិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយអញ្ជើញសិស្សម្នាក់ៗឲ្យអានសេចក្ដីយោងមួយខុសៗគ្នា ។ បន្ទាប់មក សិស្សអាចសង្ខេបទៅកាន់ក្រុមរបស់ពួកគេនូវអ្វីដែលពួកគេបានអាន ហើយចែកចាយការយល់ដឹងរបស់ពួកគេពីសំណួរដែលភ្ជាប់មកជាមួយ ។
អានដំណើររឿងព្រះគម្ពីរមួយខាងក្រោម ហើយជញ្ជឹងគិតពីសំណួរដែលភ្ជាប់មកជាមួយ ។
ម៉ូសេ ៤:២៣–២៥; ៥:១ ( លោកអ័ដាម និងនាងអេវ៉ា កំពុងចាកចេញពីសួនច្បារអេដែន )
-
តើការដែលព្រះតម្រូវឲ្យលោកអ័ដាម និងនាងអេវ៉ាធ្វើការដើម្បីទទួលបានអាហាររបស់ពួកលោក បានផ្ដល់ពរដល់ពួកលោកលើសពីការដែលព្រះបានធ្វើឲ្យផែនដីបង្កើតផលដោយឯកឯងសម្រាប់ពួកលោកដោយរបៀបណា ?
លោកុប្បត្តិ ៦:១៤–១៦ ( ណូអេត្រូវការការពារសម្រាប់គ្រួសាររបស់លោកពីទឹកជំនន់ )
-
តើការរំពឹងឲ្យណូអេធ្វើទូកធំបានផ្ដល់ពរដល់លោក ជាងការដែលព្រះគ្រាន់តែប្រទានឲ្យដោយអព្ភូតហេតុដោយរបៀបណា ?
និក្ខំមនំ ១៩:១៩–២០ ( ម៉ូសេស្វែងរកសេចក្តីណែនាំមកពីព្រះអម្ចាស់នៅក្នុងទីរហោស្ថាន )
-
តើការរង់ចាំម៉ូសេឡើងភ្នំមុនពេលព្រះបានប្រទានវិវរណៈបន្ថែមទៀតដល់លោកបានផ្ដល់ពរដល់ម៉ូសេយ៉ាងដូចម្ដេច ?
នៅពេលក្រុមទាំងអស់បានធ្វើការចែកចាយរួចហើយ អ្នកអាចបង្ហាញវីដេអូ « All I Needed » ( ១:៤៤ ) ដើម្បីជួយសិស្សមើលឃើញពីគំរូនៅសម័យទំនើបនៃបុគ្គលដែលស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
គំរូរបស់ព្រះយេស៊ូវគ្រីស្ទ
វាអាចងាយស្រួលក្នុងការបំភ្លេចថា ព្រះយេស៊ូវគ្រីស្ទធ្លាប់ជាយុវជនម្នាក់ ។ ព្រះគម្ពីរសញ្ញាថ្មីមានជំពូកមួយចំនួនអំពីការប្រសូតដោយអព្ភូតហេតុរបស់ទ្រង់ និងជំពូកជាច្រើនអំពីព្រះជន្មពេញវ័យរបស់ទ្រង់ ។ ទោះជាយ៉ាងណា យើងអាចរៀនបន្តិចអំពីរបៀបដែលទ្រង់បានចំណាយពេលក្នុងយុវវ័យរបស់ទ្រង់ ។
សូមអាន លូកា ២:៥២ ដោយរកមើលកន្លែងដែលព្រះអង្គសង្រ្គោះបានធំលូតលាស់ឡើង និងរីកចម្រើនកាលនៅជាយុវជន ។
សូមពិចារណាចាត់តាំងសិស្សជាក្រុមតូចៗនូវផ្នែកមួយក្នុងចំណោមផ្នែក ( ខាងបញ្ញា ខាងរូបកាយ ខាងវិញ្ញាណ ខាងសង្គម ) ពី ខទី ៥២ ដើម្បីផ្តោតលើការពិភាក្សាខាងក្រោម ។
រិះរកគំនិតថ្មីជាមួយក្រុមរបស់អ្នកអំពីរបៀបដែលក្មេងជំទង់មួយចំនួន ៖
-
អាចពឹងផ្អែកលើអ្នកដទៃជាងអ្វីដែលពួកគេត្រូវការនៅកិច្ចការនោះ ។
-
អាចបង្កើនសមត្ថភាពរបស់ពួកគេនៅក្នុងកិច្ចការនោះ ។
ឧទាហរណ៍មួយចំនួនដែលសិស្សគិតអាចរួមបញ្ចូលការពឹងផ្អែកលើនរណាម្នាក់ដើម្បីធ្វើកិច្ចការផ្ទះជាក្រុមទាំងអស់ ( ខាងបញ្ញា ) ការពឹងផ្អែកលើឪពុកម្តាយធ្វើការងារផ្ទះ ( ខាងរូបកាយ ) ការរំពឹងថាអ្នកដឹកនាំយុវវ័យនឹងបង្រៀនមេរៀនថ្ងៃអាទិត្យទាំងអស់ ( ខាងវិញ្ញាណ ) ឬការរំពឹងថា អ្នកដទៃនឹងរៀបចំផែនការសកម្មភាពដើម្បីជួបជុំគ្នា ( ខាងសង្គម ) ។
ចែកចាយអ្វីដែលអ្នកបានរៀន
សូមផ្តល់ឱកាសឲ្យសិស្សគិត និងចែកចាយនូវអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍អំពីភាពខ្លួនទីពឹងខ្លួន ។ មានរបៀបមួយដើម្បីធ្វើការណ៍នេះបាន គឺតាមរយៈសកម្មភាពខាងក្រោម ។ សិស្សអាចបំពេញវារៀងៗខ្លួន ឬជាមួយសិស្សដទៃទៀត ។
សូមស្រមៃថា អ្នកដឹកនាំម្នាក់បានសុំឲ្យអ្នកចែកចាយអ្វីដែលអ្នកបានរៀនក្នុងថ្នាក់សិក្ខាសាលានៅសប្តាហ៍នេះជាមួយនឹងយុវវ័យនៅក្នុងវួដរបស់អ្នក ។ សរសេរអ្វីដែលអ្នកបានរៀនអំពីភាពខ្លួនទីពឹងខ្លួនដោយប្រើចំណុចដូចខាងក្រោម ៖
-
ការពិពណ៌នាអំពីអត្ថន័យនៃភាពខ្លួនទីពឹងខ្លួន
-
ហេតុផលដែលការស្ថាបនាភាពខ្លួនទីពឹងខ្លួនគឺសំខាន់ចំពោះព្រះវរបិតាសួគ៌ក្នុងផែនការរបស់ទ្រង់សម្រាប់យើង
-
ឧទាហរណ៍ផ្ទាល់ខ្លួន ឬក្នុងបទគម្ពីរអំពីនរណាម្នាក់ដែលបង្ហាញពីភាពខ្លួនទីពឹងខ្លួន
-
វិធីមួយដែលក្មេងជំទង់អាចកាន់តែមានភាពខ្លួនទីពឹងខ្លួននៅក្នុងផ្នែកណាមួយនៃជីវិតរបស់ពួកគេ ។
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ឲ្យស្ម័គ្រចិត្តចែកចាយអ្វីដែលពួកគេបានសរសេរ ។ អ្នកអាចលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យកត់ត្រាការយល់ដឹងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ នៅពេលពួកគេបានស្ដាប់ឮពីមិត្តរួមថ្នាក់របស់ពួកគេ ។