« គំនិតសម្រាប់ភាពចម្រុះ ៖ គំនិតសម្រាប់ភាពចម្រុះ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« គំនិតសម្រាប់ភាពចម្រុះ ៖ គំនិតសម្រាប់ភាពចម្រុះ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
គំនិតសម្រាប់ភាពចម្រុះ
គំនិតសម្រាប់ភាពចម្រុះ
ធនធាននេះរួមមាននូវរបៀបជាច្រើនដើម្បីជួយសិស្សឲ្យចូលរួមយ៉ាងសកម្មនៅក្នុងមេរៀនទាំងឡាយ ។ សូម្បីតែមានបច្ចេកទេសបង្រៀនដ៏ប៉ិនប្រសប់យ៉ាងណាក៏ដោយ ប្រសិនបើប្រើច្រើនពេក អាចទៅជាគ្មានប្រសិទ្ធភាព ឬគួរឲ្យធុញទ្រាន់ទៅវិញ ។ ខណៈពេលដែលអ្នកមិនគួរជ្រើសរើសវិធីសាស្រ្តដោយគ្រាន់តែផ្អែកលើភាពចម្រុះដោយមិនមានគោលបំណងច្បាស់លាស់ទេនោះ សូមពិចារណាពីការផ្លាស់ប្តូររបៀបផ្សេងៗដែលអ្នកបង្រៀនក្នុងអំឡុងពេលមេរៀននីមួយៗ ។ ការប្រើប្រាស់វិធីសាស្រ្តបង្រៀនផ្សេងៗគ្នា អាចជួយសិស្សកាន់តែច្រើន ។ ទាំងនេះគឺជាសំណួរមួយចំនួនដែលត្រូវពិចារណា នៅពេលអ្នកបានជ្រើសរើសសកម្មភាពដើម្បីបញ្ចូលក្នុងបទពិសោធន៍រៀនសូត្រ ៖
-
តើសកម្មភាពនេះជួយសម្រួលដល់បទពិសោធន៍ដែលផ្ដោតសំខាន់លើព្រះគ្រីស្ទ ផ្អែកលើបទគម្ពីរ និងបទពិសោធន៍ដែលផ្ដោតលើសិស្សដែរឬទេ ? សូមមើល ការបំពាក់បំប៉នស្ដីពីការទទួលយក និងការកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា បន្ថែមទៀតអំពីកិច្ចការនេះ ។
-
តើសកម្មភាពនេះយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀន និងថ្លែងទីបន្ទាល់ដែរឬទេ ? សូមគិតពីរបៀបដែលសកម្មភាពនេះអាចនឹងជះឥទ្ធិពលដល់បរិយាកាសដែលមានគារវភាព ដែលចាំបាច់សម្រាប់ព្រះវិញ្ញាណបរិសុទ្ធដើម្បីបំពេញតួនាទីរបស់ទ្រង់ ។
-
តើវិធីសាស្ត្រនេះតំណាងឲ្យព្រះបន្ទូលដ៏ពិសិដ្ឋរបស់ព្រះយ៉ាងដូចម្ដេច ? ព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការី ចាំបាច់ត្រូវបង្ហាញតាមរបៀបដ៏ថ្លៃថ្នូរ និងបរិសុទ្ធ ។ វិធីសាស្រ្តមិនគួរបិទបាំងសារលិខិតចេញពីព្រះគម្ពីរនោះទេ ។
-
តើសិស្សគ្រប់រូបនឹងទទួលបានការប្រព្រឹត្តចំពោះដោយសេចក្តីថ្លៃថ្នូរដែរឬទេ ? សូមស្វែងរកដើម្បីចិញ្ចឹមបីបាច់អារម្មណ៍នៃសាមគ្គីភាព និងសេចក្តីស្រឡាញ់ ។ ចៀសវាងសកម្មភាពដែលអាចធ្វើឲ្យសិស្សមានអារម្មណ៍មិនស្រណុកចិត្ត បាក់ទឹកចិត្ត ឬឯកោ ។
-
តើសកម្មភាពនេះស័ក្តិសមនឹងចំណាយម៉ោងរៀនដែរឬទេ ? ពេលវេលាដែលអ្នកបានជួបជុំជាមួយសិស្សក្នុងថ្នាក់សិក្ខាសាលាគឺជាពេលវេលាដ៏មានតម្លៃ ។ សកម្មភាពអាចមានប្រសិទ្ធភាពដោយមិនចាំបាច់ចំណាយពេលច្រើនពេក ។
-
តើសកម្មភាពនេះត្រូវការពេលវេលាប៉ុន្មាន និងធនធានប៉ុន្មានដើម្បីរៀបចំ ? វាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងពេលវេលា និងធនធានដ៏មានតម្លៃរបស់អ្នកឲ្យបានល្អ ។
អ្នកអាចប្រើគំនិតទាំងនេះនៅកន្លែងជាច្រើននៅក្នុងមេរៀនទាំងមូល ។ ក្នុងករណីជាច្រើន ការផ្តល់គំរូដល់សិស្សអំពីអ្វីដែលបានស្នើឲ្យពួកគេធ្វើនឹងជួយពួកគេឲ្យកាន់តែទទួលជោគជ័យ ។ សូមប្រាកដថា អ្នកយល់ច្បាស់អំពីសកម្មភាពនោះ ហើយអាចផ្តល់នូវការណែនាំ និងគំរូកាន់តែច្បាស់ ប្រសិនបើវាមានអត្ថប្រយោជន៍ មុនពេលសិស្សចាប់ផ្តើមសកម្មភាពនោះ ។ សកម្មភាពទាំងនេះត្រូវបានរៀបចំតាមផ្នែកខាងក្រោមនេះ ៖
ដើម្បីផ្តល់មតិកែលម្អ ឬណែនាំគំនិតបន្ថែម សូមផ្ញើអ៊ីមែលទៅកាន់ CES-Manuals@ChurchofJesusChrist.org ។ រួមទាំងនៅក្នុងប្រធានបទ « គំនិតសម្រាប់ភាពចម្រុះ » ។
១. សិក្សាព្រះគម្ពីរដើម្បីយល់អំពីសាច់រឿង និងស្វែងយល់គោលការណ៍ ឬគោលលទ្ធិនៃដំណឹងល្អ
មេរៀនទាំងឡាយជាញឹកញាប់រួមបញ្ចូលនូវសកម្មភាពដែលឲ្យសិស្សសិក្សាបណ្ដុំខគម្ពីរជាវគ្គៗដើម្បីយល់អំពីបរិបទសំខាន់ៗ និងសាច់រឿងឲ្យបានល្អគ្រប់គ្រាន់ដើម្បីអាចស្វែងយល់ពីគោលការណ៍ ឬគោលលទ្ធិ ។ សកម្មភាពខាងក្រោមគឺជារបៀបមួយចំនួនដែលអ្នកអាចជួយសិស្សធ្វើកិច្ចការនេះបាន ។
ការបកស្រាយដោយប្រើគំនូរ
ប្រើគំនូរដំណឹងល្អដើម្បីពិភាក្សាដំណើររឿងមួយ ។ បង្ហាញរូបភាពមកពី Media Library របស់សាសនាចក្រ ហើយអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរទាំងឡាយដែលបានពិពណ៌នានៅក្នុងរូបភាពនោះ ។ សូមសួរសិស្សនូវសំណួរខាងក្រោម ៖
-
តើអ្នកនិពន្ធបានរួមបញ្ចូលអ្វីខ្លះពីខគម្ពីរទាំងនេះ ?
-
តើអ្វីជាការបកស្រាយសិល្បៈ ( ដែលមិនមាននៅក្នុងអត្ថបទ ) ?
-
ផ្អែកលើអ្វីដែលអ្នកបានអាន តើអ្នកនឹងផ្លាស់ប្តូរអ្វីខ្លះ ?
ការប្រែប្រួល ៖ ជំនួសឲ្យការបង្ហាញរូបភាពទាំងមូលនៅពេលចាប់ផ្តើមថ្នាក់ដើម្បីចាប់ផ្តើមការពិភាក្សា សូមបែងចែងរូបភាពជាផ្នែកៗ ។ បង្ហាញមួយផ្នែកម្តងៗ ហើយឲ្យសិស្សទាយថាមានអ្វីកើតឡើងនៅក្នុងរូបភាពទាំងមូល ។ សុំឲ្យពួកគេពិពណ៌នាអំពីអ្វីដែលពួកគេមើលឃើញ និងប៉ា់ន់ស្មានចំពោះអ្វីដែលពួកគេមិនបានមើលឃើញ ។
ការប្រែប្រួល ៖ ជ្រើសរើសរូបភាពមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ហើយដាក់វានៅលើក្តារខៀន ។ សូមអញ្ជើញសិស្សឲ្យមើលយឺតៗលើពណ៌ ការផ្ដោត និងប្លង់រូបភាព ហើយកំណត់នូវអ្វីដែលរូបភាពនីមួយៗបង្រៀនអំពី ថាតើព្រះយេស៊ូវគ្រីស្ទជានរណា ។ បន្ទាប់ពីកំណត់គោលការណ៍មួយមកពីព្រះគម្ពីរ ឬសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រហើយ នោះអ្នកអាចសួរសំណួរដូចខាងក្រោម ៖
-
តើរូបភាពរបស់ព្រះគ្រីស្ទមួយណា ដែលអ្នកមានអារម្មណ៍ថា តំណាងឲ្យគោលការណ៍ដែលអ្នកបានរកឃើញ ហើយហេតុអ្វី ?
-
តើរូបភាពមួយណារបស់ព្រះយេស៊ូវ ដែលជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃសេចក្ដីពិតនេះ ?
-
តើអ្នកចង់ឲ្យមិត្តភក្តិម្នាក់ដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលគិតអំពីសេចក្ដីពិតនេះ ?
បន្ថែមការសន្ទនាទៅនឹងរូបភាព
ចម្លងរូបភាពចេញពី ដំណើររឿងក្នុងព្រះគម្ពីរសម្រាប់កុមារ ហើយបិទភ្ជាប់វាទៅនឹងសំណៅមេរៀនសម្រាប់សិស្ស ។ បន្ថែមពាក្យក្នុងរូបពពុះៗដែលបង្ហាញពីការគិត ឬនិយាយ ដែលសិស្សអាចសរសេរនូវអ្វីដែលតួអង្គកំពុងនិយាយផ្អែកលើបទគម្ពីរ ។
ការប្រែប្រួល ៖ រួមបញ្ចូលនូវបទគម្ពីរចេញមកពី ដំណើររឿងក្នុងព្រះគម្ពីរសម្រាប់កុមារ ហើយអញ្ជើញសិស្សឲ្យប្រើប្រាស់បទគម្ពីររនេះដើម្បីសង្ខេបអ្វីដែលបានកើតឡើងនៅក្នុងរូបភាព ។ ឧទាហរណ៍ សូមមើល « មេររៀនទី ៦៨ ៖ នាងរស់ » និង « មេរៀនទី១៥១ ៖ យ៉ូណាស » ។
អ្នកអត្ថាធិប្បាយ
សូមសួរសិស្សថាតើអ្នកអត្ថាធិប្បាយធ្វើអ្វីក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡា ។ សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ ឧទាហរណ៍ មួយចំនួនគឺថាអ្នកអត្ថាធិប្បាយ ៖
-
ជួយអ្នកដទៃឲ្យយល់ពីអ្វីដែលកំពុងកើតឡើង ។
-
សួរសំណួរអំពីស្ថានភាព ( ឧទាហរណ៍ « ខ្ញុំឆ្ងល់ថាហេតុអ្វី … » ) ។
-
ចែកចាយទស្សនៈរបស់ពួកគេលើការសម្រេចចិត្ត ។
-
ចង្អុលបង្ហាញនៅពេលដែលអ្វីមួយមិនដំណើរការល្អ ហើយហេតុអ្វីបានជាវាសំខាន់ ។
-
ចង្អុលបង្ហាញនៅពេលដែលអ្វីមួយកំពុងដំណើរការល្អ និងហេតុអ្វីបានជាវាសំខាន់ ។
-
អបអរសាទរចំពោះភាពជោគជ័យ និងបង្ហាញការសោកស្តាយចំពោះការបរាជ័យ ។
សូមអញ្ជើញសិស្សឲ្យធ្វើជាអ្នកអត្ថាធិប្បាយនៃដំណើររឿងមួយនៅក្នុងព្រះគម្ពីរ ។ ពួកគេអាចអានខគម្ពីរពីរបី បន្ទាប់មកជាថ្នាក់ ឬជាក្រុមតូចៗ ពួកគេអាចចែកចាយចំណុចណាមួយនៅលើក្ដារខៀន ។ លើកទឹកចិត្តពួកគេឲ្យធ្វើឲ្យដំណើររឿងព្រះគម្ពីរមានជីវិតរស់រវើក ។
ដំណើររឿងថ្មី ឬសៀវភៅរបាយការណ៍
សូមឲ្យផ្នែកនៃខគម្ពីរដែលពួកគេនឹងសិក្សាដល់សិស្សម្នាក់ៗ ។ បន្ទាប់មកផ្តល់ឲ្យពួកគេនូវអ្វីដែលតម្រូវឲ្យមាននៅក្នុងដំណើររឿងព័ត៌មាន ឬសៀវភៅរបាយការណ៍នោះ ( នៅលើក្រដាស ឬក្តារខៀន ) ។ វាអាចរួមមាននូវតួអង្គសំខាន់ៗ សាច់រឿង មេរៀនមួយ ឬពីរដែលបានរៀន ( ដោយយោងទៅលើខគម្ពីរដែលការណ៍ទាំងនេះបានយកចេញមក ) និងរបៀបដែលវាទាក់ទងនឹងក្មេងវ័យជំទង់ ។ សូមផ្តល់ពេលឲ្យសិស្សចែកចាយជាមួយសិស្សម្នាក់ទៀតនូវអ្វីដែលពួកគេបានរៀបចំ ។
ការប្រែប្រួល ៖ នៅក្នុងក្រុមតូចមួយ សិស្សម្នាក់ៗអាចយកផ្នែកមួយនៃដំណើររឿង ឬសៀវភៅរបាយការណ៍ ៖ តួអង្គសំខាន់ៗ សាច់រឿង មេរៀន ឬការអនុវត្ត ។
កំណត់សំណួរ
បន្ទាប់ពីសិស្សអានបណ្តុំខគម្ពីរមួយហើយ សូមអញ្ជើញពួកគេឲ្យរាយបញ្ជីសំណួរដែលខគម្ពីរទាំងនោះអាចជួយឆ្លើយ ។ សូមដាក់សំណើឲ្យសិស្សសរសេរសំណួរដែលមានអត្ថន័យ ទាក់ទងទៅនឹងក្មេងវ័យជំទង់ ជាជាងសំណួរស្រាវជ្រាវបែបសាមញ្ញៗ ។ ឧទាហរណ៍ជំនួសឲ្យការសួរថា « តើអាលម៉ានិយាយថា សេចក្ដីជំនឿជាអ្វី ? តើគាត់និយាយថា អ្វីដែលមិនមែនជាសេចក្តីជំនឿ ? » សិស្សអាចសួរថា « តើខ្ញុំត្រូវធ្វើអ្វីដើម្បីដឹងដោយខ្លួនខ្ញុំថា អ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនគឺជាការពិត ? » ប្រសិនបើមានបណ្ដុំខគម្ពីរច្រើនជាងមួយសម្រាប់សិស្សសិក្សា នោះពួកគេអាចរាយបញ្ជីសំណួររបស់ពួកគេ ហើយចែកចាយជាមួយសិស្សដែលបានសិក្សាបណ្ដុំខុសៗគ្នា ។ សិស្សអាចរកមើល ហើយគិតអំពីចម្លើយចំពោះសំណួររបស់មិត្តរួមថ្នាក់របស់ពួកគេ ។
ការសម្ភាសអ្នកនិពន្ធ
សូមឲ្យសិស្សស្រមៃថា ពួកគេជាអ្នកនិពន្ធដំណើររឿងក្នុងបទគម្ពីរ ហើយមាននរណាម្នាក់សម្ភាសពួកគេអំពីអ្វីដែលពួកគេបានសរសេរ ។ សិស្សអាចអានដំណើររឿងក្នុងបទគម្ពីរ ហើយប្តូរវេនគ្នាបំពេញតួនាទីរបស់អ្នកសម្ភាស និងអ្នកនិពន្ធ ។ សំណួរមួយចំនួនដែលអ្នកសម្ភាសអាចសួរបានគឺ ៖
-
តើមានទិដ្ឋភាពអ្វីខ្លះនៃខគម្ពីរទាំងនេះ ដែលអ្នកមិនចង់ឲ្យអ្នកអានខកខាន ?
-
តើអ្នកនឹងនិយាយថាអ្វីជាចំណុចសំខាន់របស់អ្នក ឬចំណុចមួយនៃចំណុចសំខាន់ទាំងឡាយរបស់អ្នក ?
-
តើអ្នកសង្ឃឹមថា អ្នកអានអាចយកវាទៅប្រើក្នុងជីវិតរបស់ពួកគេដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។ សូមប្រើមតិរបស់ពួកគេដើម្បីបញ្ជាក់សេចក្តីពិតដ៏សំខាន់ ។
ការផ្គូផ្គង
សូមផ្តល់សេចក្តីយោងបទគម្ពីរជាច្រើននៅក្នុងជួរឈរមួយ និងសេចក្តីពិតដែលត្រូវគ្នានៅក្នុងលំដាប់លំដោយលាយឡំគ្នានៅក្នុងជួរឈរផ្សេងមួយទៀត ។ សិស្សអាចសិក្សា និងផ្គូផ្គង ។
សេចក្តីពិតដ៏សំខាន់ៗសម្រាប់ជីវិតរបស់យើង
នៅពេលសិស្សកំពុងសិក្សាជំពូកបទគម្ពីរដែលបញ្ចូលនូវសេចក្ដីពិតជាច្រើន ដែលពួកគេអាចរកឃើញ អ្នកអាចឲ្យពួកគេចាប់ផ្ដើមដោយការសិក្សាដោយខ្លួនពួកគេផ្ទាល់ ។ សិស្សម្នាក់ៗអាចសម្រេចចិត្តថាអ្វីដែលពួកគេជឿគឺជាសេចក្តីពិត ឬគំនិតសំខាន់បំផុតចំនួនបី ឬបួននៅក្នុងបណ្ដុំនេះ ហើយសរសេរវាទុក ។ បន្ទាប់មក អ្នកអាចដាក់សិស្សជាក្រុមៗដែលមានគ្នាពីរនាក់ និងប្រៀបធៀបសេចក្តីពិតដែលពួកគេបានរកឃើញ ។ សិស្សមួយគូៗកំណត់នូវអ្វីដែលពួកគេមានអារម្មណ៍ថា ជាសេចក្ដីពិតសំខាន់បំផុតចំនួនពីរសម្រាប់ជីវិតរបស់ពួកគេ ហើយកត់ត្រាសេចក្តីពិតទាំងនោះ ។ ចំណាំ ៖ គំនិតទាំងនេះអាចខុសពីគំនិតបួនពីខាងដើម ។ រួចហើយសិស្សមួយគូៗចូលរួមនឹងគូផ្សេងទៀតដើម្បីបង្កើតក្រុមដែលមានគ្នាបួននាក់ សិស្សទាំងបួននាក់ចែកចាយ និងប្រៀបធៀបគំនិតរបស់ពួកគេ ហើយធ្វើការជាក្រុមតែមួយដើម្បីកំណត់ពីសេចក្តីពិតមួយដែលសំខាន់ជាងគេបំផុតនៅក្នុងអត្ថបទនេះសម្រាប់ពួកគេ ។
រូបភាពនៃបន្ទាត់ពេលវេលា
សូមបង្ហាញរូបភាពមួយចំនួនដែលតំណាងឲ្យដំណើររឿងបទគម្ពីរដែលសិស្សនឹងសិក្សា ។ បង្ហាញខគម្ពីរដែលសិស្សនឹងអាន ។ សូមអញ្ជើញសិស្សឲ្យដាក់រូបភាពតាមលំដាប់លំដោយដែលត្រឹមត្រូវ ។
គំនូសតាងឌីយ៉ាក្រាមនៃសាច់រឿង
សូមជួយសិស្សឲ្យស្គាល់គោលលទ្ធិ ឬគោលការណ៍ដែលបានបង្រៀននៅក្នុងដំណើររឿងព្រះគម្ពីរដោយមានគំនូសតាងដ្យាក្រាម ។ កំណត់ធាតុផ្សេងៗគ្នានៃភាគនៅក្នុងសាច់រឿង រួមមានដូចខាងក្រោមនេះ ៖
-
ស្ថានភាពចាប់ផ្តើម ៖ ការណ៍នេះអាចរួមបញ្ចូលទាំងអ្នកដែលជាប់ទាក់ទង កាលៈទេសៈចាប់ផ្តើម ក៏ដូចជាកន្លែង និងពេលដែលវាកំពុងកើតឡើង ។
-
ការកើនឡើងការប៉ះទង្គិច ឬសកម្មភាព ៖ កំណត់ការផ្លាស់ប្តូរដែលជះឥទ្ធិពលដល់ជីវិតរបស់បុគ្គលនៅក្នុងដំណើររឿងនេះ ។
-
គ្រាដ៏ពិសេស ៖ ការណ៍នេះគឺជាចំណុចសំខាន់នៃដំណើររឿងនេះ ។ ជារឿយៗមានការផ្លាស់ប្តូរដ៏ធំមួយ ដូចជាមនុស្សម្នាក់ដែលយកឈ្នះលើឧបសគ្គ ឬមានពេលវេលានៃការរកឃើញថ្មី ។
-
សកម្មភាពនៅជិតចុងបញ្ចប់ ៖ ទាំងនេះគឺជាលទ្ធផលពីគ្រាដ៏ពិសេស នៅពេលដែលសកម្មភាពថយចុះ ។
-
ដំណោះស្រាយ ៖ ការណ៍នេះពិពណ៌នាអំពីការយល់ដឹងថ្មីដែលមនុស្សមាន ដោយសារបទពិសោធន៍របស់ពួកគេ ។
សរសេរសេចក្ដីយោងបទគម្ពីរសម្រាប់ផ្នែកនៃគំនូសតានីមួយៗនៃសាច់រឿងនៅលើក្តារខៀន ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរសម្រាប់ផ្នែកនៃគំនូសតាងនីមួយៗ ហើយគូររូបភាពនៃអ្វីដែលពួកគេកំពុងអាន ឬសរសេរបញ្ជីនៃព្រឹត្តិការណ៍សំខាន់ៗ ។ នៅពេលសិស្សបញ្ចប់ជំហានចុងក្រោយ សូមអញ្ជើញពួកគេឲ្យមើលដំណើររឿងទាំងមូល ហើយសរសេរសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតដែលពួកគេបានរៀន ។
រូបផ្គុំ
សូមបង្កើតល្បែងផ្គុំរូបសាមញ្ញមួយពីរូបភាពដែលតំណាងឲ្យបណ្ដុំខគម្ពីរ ។ សរសេរសេចក្ដីយោងបទគម្ពីរនៅខាងក្រោយបំណែកនីមួយៗ ។ អ្នកអាចដាក់សិស្សជាក្រុមៗ ហើយក្រុមនីមួយៗមានល្បែងផ្គុំរូបមួយផ្នែកៗ ។ សិស្សសិក្សាសេចក្តីយោង ហើយរៀបចំសង្ខេបខគម្ពីររបស់ពួកគេ ។ នៅពេលដែលក្រុមចែកចាយសេចក្ដីសង្ខេបរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ពួកគេអាចបិទបំណែកទាំងនោះដាក់លើក្ដារខៀន ដើម្បីបង្កើតរូបភាពពេញលេញ ។
ក្រុមអ្នកអានសាច់រឿង
សម្រាប់ដំណើររឿងដែលមានការសន្ទនាច្រើន សូមរៀបចំខគម្ពីរទាំងឡាយទៅជានាដកថាមួយ ដើម្បីឲ្យសិស្សម្នាក់ៗអាចស្វែងរកផ្នែករបស់ពួកគេបានយ៉ាងឆាប់រហ័ស ។ ប្រើអ្នកនិទានរឿងដើម្បីអានខគម្ពីរដែលមិនមែនជាការសន្ទនា ។ អ្នកអាចចម្លងខគម្ពីរ ហើយគូសចំណាំផ្នែកនីមួយៗដោយប្រើហ្វឺតគូសចំណាំពណ៌ផ្សេងៗគ្នា ។ កំណត់ចំណាំ ៖ សូមចងចាំថា សមាជិកនៃក្រុមព្រះគួរត្រូវបានតំណាងឲ្យដោយមានការគោរពដ៏ខ្ពង់ខ្ពស់បំផុត ។ ប្រសិនបើសមាជិកនៃក្រុមព្រះ រួមទាំងព្រះយេស៊ូវគ្រីស្ទផងដែរ មាននៅក្នុងដំណើររឿងក្នុងបទគម្ពីរ ដែលអ្នកចង់ធ្វើសកម្មភាពនេះ សូមឲ្យអ្នកអត្ថាធិប្បាយអានព្រះបន្ទូលរបស់ទ្រង់ ។
ការអានបទគម្ពីរ
មានរបៀបជាច្រើនដើម្បីអានបទគម្ពីរនៅក្នុងថ្នាក់ ។ របៀបនីមួយៗអាចបម្រើក្នុងគោលបំណងផ្សេងៗពីគ្នា ។ សូមពិចារណាពីតម្រូវការនៃថ្នាក់របស់អ្នក នៅពេលជ្រើសរើសវិធីសាស្ត្រអាន ។
-
ការអានដោយស្ងៀមស្ងាត់ ៖ សិស្សអាចអានដោយស្ងៀមស្ងាត់ក្នុងចិត្តរៀងៗខ្លួន ។ ការធ្វើបែបនេះអាចធ្វើឲ្យសិស្សមានពេលដើម្បីជញ្ជឹងគិតអំពីបទគម្ពីរ ហើយអានតាមល្បឿនរបស់ពួកគេផ្ទាល់ ។
-
ការអានជាគូ ឬជាក្រុម ៖ ការធ្វើបែបនេះអនុញ្ញាតឲ្យសិស្សចូលរួមកាន់តែច្រើន និងមានអារម្មណ៍មិនសូវខ្លាចចំពោះការអានឲ្យឮៗ ។
-
គ្រូបង្រៀន ឬសំឡេងដែលបានថតទុក ៖ គ្រូបង្រៀនអាចអានអត្ថបទ ឬ ចាក់សំឡេងដែលបានថតទុកនោះ ហើយអញ្ជើញសិស្សឲ្យអានតាម ។
-
ការអានឲ្យឮៗ ៖ អាចអញ្ជើញសិស្សក្នុងថ្នាក់ទាំងមូលឲ្យអានខគម្ពីរទាំងនោះជាមួយគ្នា ។ សិស្សស្ម័គ្រចិត្ដជាច្រើននាក់អាចអានឮៗទៅកាន់សិស្សក្នុងថ្នាក់ ឬអាចអញ្ជើញទុកមុន និងផ្តល់ពេលវេលាដើម្បីរៀបចំខ្លួនដើម្បីអាន ។ សូមធានាដល់សិស្សថាពួកគេអាច « រំលង » ប្រសិនបើពួកគេមិនមានអារម្មណ៍ស្រណុកចិត្តដើម្បីអាន ។
សិក្សាបទគម្ពីរឲ្យស៊ីជម្រៅ
សូមរៀបចំសំណួរជាច្រើនអំពីខគម្ពីរបណ្តាក់គ្នានៅក្នុងព្រះគម្ពីរនៅលើសន្លឹកក្រដាសដាច់ដោយឡែក ។ សូមបំបែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ ក្រុមនីមួយៗបញ្ជូនសិស្សម្នាក់ឲ្យឡើងទៅខាងមុខជាកន្លែង ដែលអ្នកផ្តល់ឲ្យសំណួរដំបូងដល់ពួកគេ ។ បន្ទាប់មកសិស្សត្រឡប់ទៅក្រុមរបស់ពួកគេវិញ ជាកន្លែងដែលពួកគេធ្វើការរួមគ្នាដើម្បីស្វែងរកចម្លើយ ។ នៅពេលដែលពួកគេបានរកឃើញចម្លើយហើយ ពួកគេបញ្ជូនសិស្សផ្សេងដើម្បីទៅទទួលសំណួរបន្ទាប់ដើម្បីឆ្លើយ ។ ប្រសិនបើថ្នាក់តូច សិស្សអាចធ្វើសកម្មភាពនេះជាលក្ខណៈបុគ្គល ។
ការធ្វើត្រាប់តាម
សូមរៀបចំថ្នាក់រៀនតាមរបៀបមួយដែលតំណាងឲ្យការធ្វើត្រាប់តាមដំណើររឿងដែលត្រូវអានក្នុងបទគម្ពីរនៅថ្ងៃនោះ ។ ឧទាហរណ៍ ប្រសិនបើអានអំពី នាងរស់ សញ្ញាផ្សេងនៅខាងមុខបន្ទប់ អាចបង្ហាញពីទឹកដីរបស់ ម៉ូអាប់ និងទឹកដីយូដា ។ សិស្សអាចចាប់ផ្តើមនៅក្នុងទឹកដីរបស់ម៉ូអាប់ ហើយក៏ពាក់ស្លាកឈ្មោះដែលមានន័យថា ន៉ាអូមី, នាងរស់, អ័រប៉ា, អេលីម៉ាលេច និងមនុស្សផ្សេងទៀតនៅក្នុងរឿងនេះ ។ ក្រោយមកពួកគេអាចបង្ហាញថា មនុស្សណាដែលបានប្តូរលំនៅទៅយូដា ហើយសិស្សអាចសិក្សាពីមូលហេតុ ។
សញ្ញាឈប់
សូមផ្ដល់សេចក្តីពិតសំខាន់ដល់សិស្ស ។ សូមអានខគម្ពីរមួយចំនួនឲ្យពួកគេស្ដាប់យឺតៗ ហើយសុំឲ្យពួកគេលើកដៃឡើង ឬនិយាយថា « ឈប់ » នៅពេលពួកគេដឹងពីអ្វីមួយនៅក្នុងខគម្ពីរដែលជួយបង្រៀនពីសេចក្ដីពិតនោះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានសម្គាល់ឃើញ ។
ការសង្ខេបរបស់សិស្ស
ពីមុនចូលរៀន សូមផ្តល់ឲ្យសិស្សម្នាក់ ឬច្រើននាក់នូវបរិបទ ឬខ្លឹមសារអំពីបទគម្ពីរដែលអ្នកចង់ឲ្យពួកគេសង្ខេបសម្រាប់សិស្សក្នុងថ្នាក់ ។ អ្នកអាចបោះពុម្ព និងចែកចាយអ្វីៗទាំងនេះនៅមួយថ្ងៃមុនថ្ងៃចូលរៀន ឬប្រគល់ឲ្យសិស្សនៅពេលពួកគេចូលរៀន ។ សូមអញ្ជើញពួកគេឲ្យរៀបចំដើម្បីចែកចាយសេចក្ដីសង្ខេប នៅពេលហៅតាមពេលវេលាសមស្របនៅក្នុងថ្នាក់ ។
បកស្រាយខម្ពីរមួយ
បន្ទាប់ពីសិស្សអានបណ្តុំបទគម្ពីរមួយដែលប្រហែលជាពិបាកដើម្បីយល់ហើយ នោះអ្នកអាចឲ្យពួកគេជ្រើសរើសខគម្ពីរមួយដើម្បី « បកស្រាយ » ឬសរសេរឃ្លានីមួយៗតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ ។ ប្រសិនបើចាំបាច់ សូមជួយពួកគេឲ្យអនុវត្តស្វែងរកនិយមន័យ ឬការប្រើប្រាស់បទគម្ពីរ និងឧបករណ៍សិក្សាព្រះគម្ពីរផ្សេងទៀត ដើម្បីយល់ពាក្យ និងឃ្លាពិបាកៗ ។
ខុស ឬត្រូវ
សូមសរសេរសេចក្តីថ្លែងការណ៍ខុស ឬត្រូវជាច្រើនអំពីព័ត៌មានលម្អិតសំខាន់ៗក្នុងបណ្ដុំបទគម្ពីរ ។ ជាដំបូង សូមអញ្ជើញសិស្សឲ្យចង្អុលបង្ហាញថាតើពួកគេយល់ស្រប ឬមិនយល់ស្របទៅនឹងសេចក្ដីថ្លែងការណ៍នោះ ។ អញ្ជើញពួកគេឲ្យស្វែងរកភស្តុតាង ឬប្រឆាំងនឹងសេចក្តីថ្លែងការណ៍នោះ នៅពេលពួកគេសិក្សាបណ្ដុំបទគម្ពីរ ។ បន្ទាប់មក សិស្សសរសេរសេចក្ដីថ្លែងការណ៍ដែលមិនត្រឹមត្រូវឡើងវិញឲ្យបានត្រឹមត្រូវ នៅពេលពួកគេអានវគ្គបទគម្ពីរ ។
ការប្រែប្រួល ៖ សរសេរសេចក្តីថ្លែងការណ៍មួយចំនួនអំពីប្រធានបទនៃមេរៀនដែលសំខាន់ដើម្បីសិស្សយល់ដឹង ។ រួមបញ្ចូលសេចក្តីថ្លែងការណ៍មិនពិតមួយចំនួនផងដែរ ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យទាយថាតើវាពិត ឬមិនពិត ។ បន្ទាប់មក សិស្សអាចស្វែងរកខគម្ពីរពីមេរៀននេះ ដើម្បីរកមើលថាតើវាត្រឹមត្រូវ ឬអត់ ។ បន្ទាប់ពីសកម្មភាពនេះ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់ពីធ្វើសកម្មភាពហើយ សូមប្រាកដថាសិស្សយល់ច្បាស់ថាសេចក្ដីថ្លែងការណ៍មួយណាដែលពិត និងសេចក្ដីថ្លែងការណ៍មួយណាដែលមិនពិត ។
ប្រើរូបថត
សូមអញ្ជើញសិស្សឲ្យជ្រើសរើសរូបថតដែលសំខាន់សម្រាប់ពួកគេ ។ រូបថតនេះអាចនៅលើទូរសព្ទរបស់ពួកគេ ឬពួកគេអាចយកមកពីផ្ទះក៏បាន ។ សូមអញ្ជើញពួកគេឲ្យរៀបចំខ្លួនដើម្បីចែកចាយដូចខាងក្រោមនេះ ៖
-
សាវតារដែលពិពណ៌នាពីអ្វីដែលបានកើតឡើងដែលនាំឲ្យមានរូបថតនោះ ។
-
ចំណុចសំខាន់ ឬគោលបំណងនៃរូបថត
-
ព័ត៌មានលម្អិតមួយចំនួនដែលមានសារៈសំខាន់សម្រាប់ពួកគេ
បន្ទាប់ពីសិស្សចែកចាយរួចហើយ ពួកគេអាចអានបណ្តុំបទគម្ពីរសម្រាប់មេរៀននោះ ហើយរៀបចំកិច្ចការបីដូចគ្នាដែលទាក់ទងនឹងបណ្ដុំបទគម្ពីរនោះ ។
ការនឹកគិតក្នុងចិត្ត
សូមអញ្ជើញសិស្សឲ្យស្រមៃគិតអំពីដំណើររឿងបទគម្ពីរមួយ ឬផ្នែកនៃអត្ថបទដែលបានសិក្សា ។ សិស្សអាចបិទភ្នែករបស់ពួកគេ ហើយផ្តោតលើការស្រមៃក្នុងចិត្តពីរូបភាពដែលគ្រូបង្រៀនបានពិពណ៌នា ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យស្រមៃថាពួកគេនៅជាមួយកូនចៅអ៊ីស្រាអែល នៅពេលដែលពួកគេជាប់នៅចន្លោះសមុទ្រក្រហម ហើយកងទ័ពរបស់ផារ៉ោន កំពុងមកវាយប្រហារពួកគេ ។ តើពួកគេនឹងមានអារម្មណ៍បែបណា ? តើ « បង្គោលពពក » ដែលបានរារាំងកងទ័ពរបស់ពួកសាសន៍អេស៊ីព្ទពីជំរំនៃអ៊ីស្រាអែលមានរូបរាងបែបណា ( សូមមើល និក្ខមនំ ១៤:១៩–២០ ) ។ តើវាមានសភាពបែបណានៅពេល « ព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ ១ យប់នោះ » ? ( និក្ខមនំ ១៤:២១ ) ។ អ្នកអាចនិយាយថា « ស្រមៃថាអ្នកកំពុងដើរនៅ ‹ កណ្ដាលសមុទ្រតាមដីគោក ហើយមានទឹក [ គឺ ] …ជាកំផែងនៅខាងស្ដាំ [ អ្នក ] និងខាងឆ្វេង [ អ្នក ] › ( និក្ខមនំ ១៤:២២ ) ។ តើមនុស្សនៅជុំវិញអ្នកមានប្រតិកម្មយ៉ាងណា ? តើពួកគេកំពុងនិយាយអ្វី ឬតើពួកគេដើរដោយស្ងៀមស្ងាត់ឬ ? តើអ្នកនិយាយអ្វីអំពីនាយប់នោះនៅក្នុងជំរំរបស់អ្នក ? សូមបន្តសួរសំណួរដែលជួយសិស្សឲ្យស្រមៃឃើញអំពីស្ថានភាពនោះ ។
រូបភាពនៃបណ្ដុំវាក្យសព្ទ
សូមអញ្ជើញសិស្សឲ្យស្វែងរកពាក្យ និងឃ្លាដែលពួកគេមានអារម្មណ៍ថាមានសារៈសំខាន់នៅក្នុងវគ្គបទគម្ពីរ ។ សូមបង្កើតរូបភាពនៃបណ្ដុំវាក្យសព្ទ ដែលមានពាក្យ និងឃ្លាដែលទូទៅបំផុត ឬសំខាន់បំផុតដែលពួកគេអាចរកឃើញ ។ ទំហំនៃពាក្យអាចបង្ហាញពីកម្រិតនៃសារៈសំខាន់របស់ពាក្យ ។
២. ធ្វើឲ្យការយល់ដឹងកាន់តែស៊ីជម្រៅជាមួយនឹងសម្រង់សម្តី និងបទគម្ពីរទាំងឡាយ
មេរៀនទាំងឡាយជាញឹកញាប់នឹងរួមបញ្ចូលនូវវគ្គបទគម្ពីរជាច្រើនពីគម្ពីរបមាណីយ ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលការណ៍ ឬគោលលទ្ធិដែលពួកគេកំពុងសិក្សា ។ វាក៏នឹងមានមេរៀនដែលរួមបញ្ចូលសម្រង់សម្ដីជាច្រើនពីថ្នាក់ដឹកនាំសាសនាចក្រ ។ សកម្មភាពខាងក្រោមនេះគឺជារបៀបមួយចំនួនដែលអ្នកអាចជួយសិស្សឲ្យសិក្សាបទគម្ពីរ ឬសម្រង់សម្តីទាំងឡាយ ហើយផ្តល់ឲ្យពួកគេនូវឱកាសមួយដើម្បីស្វែងរកសេចក្តីពិតសម្រាប់ខ្លួនឯង ។
បង្កើតទីតាំងសិក្សា
ការបង្កើតទីតាំងសិក្សានៅទូទាំងថ្នាក់រៀន ។ ទីតាំងនីមួយៗអាចរួមបញ្ចូលការណែនាំដែលបិទនៅលើជញ្ជាំង ឬតុ ។ ការណែនាំទាំងនេះអាចរួមបញ្ចូលបទគម្ពីរ ឬសម្រង់សម្តីដើម្បីអាន និងសំណួរ ឬសកម្មភាពផ្សេងទៀតដែលត្រូវបំពេញ ។ សិស្សអាចឆ្លាស់វេនគ្នាក្នុងក្រុមតូចៗ ដោយពិភាក្សាអំពីអ្វីដែលពួកគេបានរៀននៅទីតាំងនីមួយៗ ។ ពួកគេក៏អាចធ្វើវារៀងៗខ្លួន និងធ្វើតាមល្បឿនរបស់ពួកគេផ្ទាល់ ។ អ្នកអាចមានសន្លឹកក្រដាសធំមួយនៅទីតាំងនីមួយៗសម្រាប់ក្រុមនីមួយៗ ឬសិស្សម្នាក់ដើម្បីកត់ត្រាចម្លើយរបស់ពួកគេ ។ ពួកគេអាចអាន និងគិតពិចារណាពីអ្វីដែលអ្នកដទៃបានសរសេរ ។
បង្កើតលេខយោងរបស់អ្នកផ្ទាល់
សូមអញ្ជើញសិស្សឲ្យបន្ថែមលេខយោងទៅក្នុងបទគម្ពីរដែលពួកគេកំពុងសិក្សា ។ លេខយោងទាំងនេះអាចបន្ថែមដោយការបង្កើតតំណភ្ជាប់រវាងវគ្គបទគម្ពីរដែលកំពុងសិក្សា និងបទគម្ពីរផ្សេងទៀត និងសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ។ សិស្សអាចសរសេរសេចក្តីយោងឆ្លងនៅក្នុងរឹមទំព័ររបស់ពួកគេ ឬប្រើមុខងារតំណភ្ជាប់ក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ពួកគេអាចចែកចាយសេចក្តីយោងបន្ថែមជាច្រើនតាមដែលអាចធ្វើទៅបាន ដែលផ្តល់ការយល់ដឹងបន្ថែមលើប្រធានបទ ។ ការប្រែប្រួល ៖ សិស្សអាចប្រើស្លាកនៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីភ្ជាប់បទគម្ពីរផ្សេងៗ និងសម្រង់ពីមេរៀនមួយ ។
កំណត់និយមន័យ
សូមអញ្ជើញសិស្សកំណត់និយមន័យពាក្យ ឬគោលគំនិតដែលពិបាកយល់ ។ សូមឲ្យពួកគេស្វែងរកធនធានទាំងឡាយរួមមានព្រះគម្ពីរ និងឧបករណ៍សិក្សាព្រះគម្ពីរផ្សេងៗ ( Topical Guide, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, ប្រធានបទ និង សំណួរ ) ដើម្បីជួយពួកគេស្វែងយល់បន្ថែមអំពីពាក្យនោះ ។ សូមឲ្យពួកគេឲ្យនិយមន័យពាក្យ ឬឃ្លាតាមពាក្យពេចន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។
កំណត់ចំណាំដែលមានទម្រង់ផ្សេងៗ
នៅពេលសិស្សសិក្សា សូមផ្តល់ឲ្យក្រដាសដែលមានរូបពពុះៗដែលបង្ហាញពីការគិត ឬផ្នែកដែលពួកគេអាចសរសេរអ្វីដែលពួកគេរកឃើញ ។
អ្នកជំនាញ
សូមដាក់សិស្សជាក្រុមតូចៗ ហើយចាត់ប្រធានបទមួយឲ្យក្រុមនីមួយៗដើម្បីរៀន ។ ផ្តល់ពេលឲ្យក្រុមទាំងឡាយសិក្សាប្រធានបទ ដើម្បីឲ្យសមាជិកក្រុមនីមួយៗក្លាយជាអ្នកជំនាញលើប្រធានបទរបស់ក្រុមពួកគេ ។ ពួកគេអាចប្រើសេចក្ដីយោងបទគម្ពីរ សេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬធនធានផ្សេងទៀតដែលអ្នកផ្ដល់ឲ្យ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមរៀបចំសិស្សជាក្រុមថ្មី ដើម្បីឲ្យក្រុមនីមួយៗបញ្ចូល « អ្នកជំនាញ » លើប្រធានបទផ្សេងគ្នា ។ បន្ទាប់មក សិស្សនឹងចែកចាយអ្វីដែលពួកគេបានរៀនពីប្រធានបទរបស់ពួកគេ ។
ការភ្ជាប់នឹងដើម្បីកម្លាំងនៃយុវជន
បន្ទាប់ពីសិស្សបានសិក្សាវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មួយ ហើយបានរកឃើញសេចក្ដីពិតនៃដំណឹងល្អហើយ សូមអញ្ជើញពួកគេឲ្យស្វែងរកសេចក្ដីថ្លែងការណ៍ពីផ្នែកមួយ ឬផ្នែកនានានៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ដែលពង្រឹងដល់សេចក្តីពិតដែលពួកគេបានរកឃើញចេញពីបណ្ដុំបទគម្ពីរ ។
មួយបន្ទាត់ម្ដងៗ
សូមឲ្យសិស្សសរសេរបទគម្ពីរឡើងវិញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេមួយបន្ទាត់ម្តងៗ ឬមួយប្រយោគម្តងៗ ។ ពួកគេគួរតែទុកចន្លោះរវាងបន្ទាត់ ឬប្រយោគនីមួយៗ ។ សិស្សអាចសិក្សាដោយយកចិត្តទុកដាក់ និងគិតពិចារណាលើពាក្យនីមួយៗនៅក្នុងឃ្លា ឬប្រយោគនោះ ។ ពួកគេក៏អាចស្វែងរកសេចក្តីយោងឆ្លង ឬព័ត៌មានបណ្ណាល័យដំណឹងល្អផ្សេងទៀតអំពីឃ្លានោះ ។ បន្ទាប់មកធ្វើដូចគ្នាជាមួយនឹងឃ្លាបន្ទាប់នៃវគ្គបទគម្ពីរនោះ ។ គំរូមួយពីការណ៍នេះអាចរកបាននៅឯ « Fear Not » ដើម្បីកម្លាំងនៃយុវជន ខែកុម្ភៈ ឆ្នាំ២០២១ ទំព័រ ៣២ ។
ផែនទីគំនិត
សូមអញ្ជើញសិស្សឲ្យបង្កើតផែនទីគំនិតក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេដូចអត្ថបទខាងលើ ។ ពួកគេអាចសរសេរគោលការណ៍ ឬគោលលទ្ធិដែលពួកគេបានរកឃើញនៅក្នុងប្រអប់កណ្តាល ។ បន្ទាប់មកសូមឲ្យពួកគេស្វែងរកបទគម្ពីរបន្ថែម ឬសម្រង់ដែលបន្ថែមដល់ការយល់ដឹងរបស់ពួកគេ ។ ពួកគេអាចបន្ថែមការយល់ដឹងរបស់ពួកគេអំពីប្រធានបទនោះនៅក្នុងប្រអប់ខាងក្រៅ ។ សូមអញ្ជើញសិស្សឲ្យពង្រីកផែនទីគំនិតរបស់ពួកគេដោយបន្ថែមប្រអប់ និងភ្ជាប់ប្រអប់នោះទៅនឹងអ្វីដែលពួកគេកំពុងរៀនជាបន្ត ។
គំនិតត្រួតស៊ីគ្នា
សូមអញ្ជើញសិស្សឲ្យជ្រើសរើសប្រធានបទពីរ ឬច្រើនពីមេរៀនដែលមានលក្ខណៈស្រដៀងគ្នាខ្លះ និងខុសគ្នាខ្លះ ។ បង្កើតដ្យាក្រាមមួយដែលស្រដៀងនឹងរូបភាពខាងលើ ដែលសិស្សអាចរៀបចំអ្វីដែលការណ៍ទាំងនេះមានជារួម និងអ្វីដែលខុសគ្នាអំពីប្រធានបទទាំងពីរ ។ ការណ៍នេះអាចត្រូវបានធ្វើជាមួយបុគ្គលពីរនាក់នៅក្នុងដំណើររឿងមួយ ( ឧទាហរណ៍ យ៉ាកុប និងអេសាវ ) ឬប្រធានបទពីរ ( ឧទាហរណ៍ ពិធីបុណ្យរំលង និងពិធីសាក្រាម៉ង់ ) ។
ការចែកចាយការយល់ដឹង
សូមផ្តល់ឲ្យសិស្សនូវទំព័រចម្លងនៃបណ្ដុំបទគម្ពីរ ហើយឲ្យពួកគេសរសេរឈ្មោះរបស់ពួកគេនៅផ្នែកខាងលើ ។ សូមទុកពេលឲ្យពួកគេមួយទៅពីរនាទីដើម្បីអានបណ្ដុំនោះ ហើយសរសេរការយល់ដឹងដែលពួកគេបានរៀនពីការសិក្សារបស់ពួកគេ ។
ឧទាហរណ៍ សិស្សអាចគូសចំណាំលេខយោង ចែកចាយសម្រង់ប្រសាសន៍របស់ព្យាការី គូសបន្ទាត់ពីក្រោមឃ្លាសំខាន់ៗ គូសរង្វង់ពាក្យពិសេសៗ សរសេរគោលការណ៍ និងចែកចាយទីបន្ទាល់របស់ពួកគេ និងការយល់ដឹងផ្សេងទៀតនៅក្នុងរឹមទំព័រ ។
បន្ទាប់ពីអស់ពេលហើយ សូមឲ្យពួកគេហុចក្រដាសរបស់ពួកគេទៅសិស្សថ្មី ដើម្បីសរសេរការយល់ដឹងផ្សេងៗ ។ បន្ទាប់ពីសិស្សពីរបីនាក់បានធ្វើហើយ សូមឲ្យពួកគេប្រគល់ក្រដាសរបស់ពួកគេទៅសិស្សដើមវិញ ។ ការប្រែប្រួល ៖ ជំនួសឲ្យបណ្ដុំបទគម្ពីរ ក្រដាសនីមួយៗអាចមានសំណួរផ្សេងៗដែលពួកគេអាចអនុវត្ដបានដែលទាក់ទងនឹងបណ្ដុំនោះ ។ សិស្សជាច្រើនអាចឆ្លើយសំណួរដោយប្រើព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីទាំងឡាយ ហើយចែកចាយទីបន្ទាល់របស់ពួកគេអំពីប្រធានបទនោះ ។
ជ្រើសរើសសម្រង់ព្រាវៗ
សូមដាក់សម្រង់មួយចំនួនដែលបង្រៀនពីសេចក្តីពិតមកពីមេរៀននៅក្នុងមួក ឬកាបូប ។ អញ្ជើញអ្នកស្ម័គ្រចិត្តឲ្យលូកយកសម្រង់មួយចេញពីមួក ហើយចែកចាយពីរបៀបដែលវាទាក់ទងនឹងសេចក្ដីពិតដែលពួកគេកំពុងរៀន និងពីអត្ថន័យរបស់វាចំពោះពួកគេ ។ ត្រូវប្រាកដថាទុកពេលឲ្យពួកគេអាន និងរៀបចំចែកចាយ ។ ការប្រែប្រួល ៖ នៅពេលដែលសិស្សបានចែកចាយហើយ ពួកគេប្តូរសម្រង់ ហើយស្វែងរកដៃគូថ្មីដែលពួកគេនឹងចែកចាយសម្រង់ថ្មីជាមួយ ។
បទគម្ពីរក្នុងតង្កៀប
សូមជ្រើសរើសសេចក្ដីយោងបទគម្ពីរចំនួន ១៦ ហើយសរសេរសេចក្ដីយោងនីមួយៗនៅលើបន្ទាត់ទាំង ១៦ ក្នុងជួរឈរខាងក្រៅដង្កៀប ។ អញ្ជើញសិស្សជាដៃគូ ឬក្រុមតូចៗឲ្យអានបទគម្ពីរដែលគូជាមួយគ្នានៅក្នុងតង្កៀបនីមួយៗ ហើយកំណត់ថាតើសេចក្តីយោងមួយណាដែលពួកគេគិតថាមានអត្ថន័យបំផុតចំពោះយុវវ័យសព្វថ្ងៃនេះ ។ ( វាអាចនឹងមានប្រយោជន៍ដើម្បីបញ្ជាក់ថាបទគម្ពីរទាំងអស់មានសារៈសំខាន់ ។ សិស្សមិនធ្វើការសម្រេចចិត្តថាខគម្ពីរមួយណាល្អជាងមួយណានោះទេ ពួកគេគ្រាន់តែស្វែងរកខគម្ពីរមួយដែលពួកគែមានអារម្មណ៍ថាមានអត្ថន័យបំផុតសម្រាប់ពួកគេនៅថ្ងៃនេះ ) ។ វគ្គបទគម្ពីរដែលពួកគេជ្រើសរើសនៅតង្កៀបបន្ទាប់ ។ សិស្សបន្តពិភាក្សាអំពីបទគម្ពីរនីមួយៗរហូតដល់ពួកគេរកឃើញបទគម្ពីរមួយដែលពួកគេយល់ថាមានអត្ថន័យបំផុត ហើយពិភាក្សាអំពីមូលហេតុ ។ សិស្សអាចចែកចាយបទគម្ពីរទាំងនេះជាមួយសិស្សក្នុងថ្នាក់ ។ ឧទាហរណ៍នៃគំនិតនេះ សូមមើលសកម្មភាពសិក្សាបន្ថែមនៅក្នុង « មេរៀនទី ១០៩ ៖ បុព្វកថាទៅកាន់សុភាសិត » ។
ជម្រើសសកម្មភាពសិក្សាសម្រាប់សិស្ស
សូមធ្វើបញ្ជីសកម្មភាពសិក្សាចំនួនប្រាំមួយ ។ បន្ទាប់ពីសិស្សបានរកឃើញសេចក្តីពិតពីបណ្តុំបទគម្ពីរមួយហើយ សូមប្រើរបៀបជ្រើសរសើដោយចៃដន្យឲ្យសិស្សជ្រើសរើសសកម្មភាពមួយដែលត្រូវធ្វើ ( គ្រាប់ឡុកឡាក់ យកកាត រើសយកក្រដាសមួយសន្លឹក ម៉ាស៊ីនបង្កើតលេខចៃដន្យ ) ។
ឧទាហរណ៍អាចរួមមានដូចតទៅ ៖
-
ចែកចាយដំណើររឿងមួយចេញពីព្រះជន្មរបស់ព្រះយេស៊ូវ ដែលទ្រង់បានបង្រៀន ឬបង្ហាញសេចក្តីពិត ។
-
ស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិ ឬវគ្គបទគម្ពីរផ្សេងទៀតអំពីសេចក្តីពិតនោះ ។
-
ស្វែងរកឧទាហរណ៍ពីដំណើររឿងក្នុងបទគម្ពីរអំពីនរណាម្នាក់ដែលរស់នៅតាមសេចក្ដីពិតនោះ ។
-
ស្វែងរកសេចក្តីថ្លែងការណ៍មួយពីថ្នាក់ដឹកនាំសាសនាចក្រដែលបង្រៀនពីសេចក្ដីពិតនោះ ។
-
ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដែលបានទទួលពរជ័យដោយសារសេចក្ដីពិតនោះ ។
-
ចែកចាយគំនិតមួយអំពីរបៀបដែលយើងអាចរស់នៅតាមសេចក្តីពិតនេះ ។ ស្វែងរកវគ្គបទគម្ពីរដែលបង្រៀនអំពីគំរូដែលអ្នកចែកចាយ ។
ការសិក្សារបៀបដូចពស់
នៅលើតុ ឬកៅអីនីមួយៗ សូមដាក់កាតដែលមានការណែនាំដូចជា « អានវគ្គបទគម្ពីរ ឬសម្រង់មួយ » ឬ « ឆ្លើយសំណួរពីមេរៀន » ។ សិស្សអាចប្តូរកៅអី ហើយធ្វើតាមការណែនាំនៅលើកាតនោះ ។
ចង្កោមប្រធានបទ
សូមអញ្ជើញសិស្សឲ្យបង្កើតដ្យាក្រាមដូចនេះ ដែលចាប់ផ្តើមដោយសេចក្ដីពិតសំខាន់ៗ ឬប្រធានបទនៅចំកណ្តាល ។ បន្ទាប់មក សិស្សគូសបន្ទាត់ទៅរង្វង់ខាងក្រៅ ហើយដាក់ស្លាកវាជាមួយនឹងបទគម្ពីរ សេចក្ដីពិត ឬមូលដ្ឋានគ្រឹះនៃប្រធានបទសំខាន់ៗ ។ ឧទាហរណ៍ សិស្សអាចកត់ត្រាការអញ្ជើញរបស់អ្នកនិពន្ធទំនុកដំកើងឲ្យ « ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា » នៅកណ្ដាលរង្វង់ដែលមានសេចក្តីយោង « ទំនុកដំកើង ១៣៦ » ។ បន្ទាប់មក ពួកគេអាចសរសេរនៅខាងក្រៅរង្វង់នូវមូលហេតុពីទំនុកដំកើង ដើម្បីអរព្រះគុណដល់ព្រះអម្ចាស់ ។
ផ្អាកវីដេអូ
សូមប្រើវីដេអូដែលសាសនាចក្របានផលិតដែលបង្ហាញ ឬបង្រៀនអំពីគោលការណ៍នៃដំណឹងល្អ ។ ផ្អាកនៅពេលផ្សេងៗគ្នាដើម្បីបង្កើតការចាប់អារម្មណ៍ ឬដើម្បីជួយសិស្សវិភាគអ្វីដែលពួកគេកំពុងមើល ។ អ្នកអាចសួរសិស្សនូវសំណួរដូចខាងក្រោមនេះ ៖
-
« តើអ្នកអាចកំពុងគិត ឬមានអារម្មណ៍យ៉ាងណា ឬតើសំណួរអ្វីដែលអ្នកអាចមានប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះ ? »
-
« តើអ្នកបានសិក្សាបទគម្ពីរអ្វីនៅថ្ងៃនេះ ដែលអាចជួយ ?
-
« តើអ្នកសង្ឃឹមថាបុគ្គលរូបនេះអាចយល់អ្វីខ្លះអំពីសេចក្តីពិតដែលយើងបានសិក្សាថ្ងៃនេះ ? »
-
« តើអ្នកមើលឃើញខ្លួនឯងនៅកន្លែងណាក្នុងដំណើររឿងនេះនៅសព្វថ្ងៃនេះ ? »
៣. ចែកចាយអ្វីដែលពួកគេកំពុងរៀន
ពេញមួយមេរៀន អ្នកអញ្ជើញសិស្សឲ្យចែកចាយគំនិត និងការយល់ដឹងរបស់ពួកគេ ។ នៅពេលសិស្សពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់ទៅកាន់ដៃគូ ក្រុមតូចមួយ ឬសិស្សក្នុងថ្នាក់ នោះជាញឹកញាប់ពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធឲ្យមានទីបន្ទាល់កាន់តែជ្រាលជ្រៅនៃអ្វីគ្រប់យ៉ាងដែលពួកគេកំពុងបង្ហាញ ។ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ពាក្យសម្ដី និងចំណាប់អារម្មណ៍របស់ពួកគេក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្ត និងគំនិតនៃអស់អ្នកដែលកំពុងស្ដាប់ផងដែរ ។ ការចែកចាយវាសំខាន់ ប៉ុន្តែវាក៏អាចជាការលំបាកសម្រាប់សិស្សក្នុងការធ្វើវាដែរ ដោយហេតុផលមួយចំនួន ។ សូមចងចាំថាត្រូវធ្វើឲ្យសិស្សមានអារម្មណ៍ថា ពួកគេមានសុវត្ថិភាពក្នុងការ « រំលង »បាន ប្រសិនបើពួកគេមិនស្រណុកចិត្តក្នុងការចែកចាយ ។ គំនិតខាងក្រោមអាចជួយសិស្សចែកចាយនូវអ្វីដែលពួកគេកំពុងរៀន ។
វិភាគវគ្គបទគម្ពីរ
សូមសរសេរខគម្ពីរមួយនៅកណ្តាលក្រដាសធំមួយ ( ជាជម្រើស អ្នកអាចដាក់បង្ហាញវានៅលើក្ដារខៀន ) ។ ត្រូវប្រាកដថា វាមានទំហំធំល្មមដើម្បីឲ្យសិស្សគ្រប់រូបអាចមើលឃើញ ។ សិស្សអាចចំណាយពេលពីរបីនាទីសួរសំណួរជាច្រើនអំពីខគម្ពីរតាមដែលពួកគេអាចធ្វើបាន ។ បន្ទាប់មក ទុកពេលពីរបីនាទីឲ្យពួកគេស្រាវជ្រាវព្រះគម្ពីរ ឬបណ្ណាល័យដំណឹងល្អដើម្បីឆ្លើយសំណួរទាំងនោះ ។ ជាជម្រើសមួយផ្សេងទៀត បទគម្ពីរអាចត្រូវបានបោះពុម្ពនៅលើក្រដាស ហើយសិស្សអាចធ្វើសកម្មភាពដូចគ្នានេះរៀងៗខ្លួន ។
ក្តារខៀនបណ្តុំគំនិត
សិស្សអាចសរសេរនៅលើក្ដារខៀន ឬប្រើកូនក្រដាសកត់ចំណាំបកបិទបាន ឬសន្លឹកក្រដាសតូចៗដើម្បីបិទលើក្ដារខៀន ដើម្បីចែកចាយគំនិតរបស់ពួកគេអំពីរបៀបដើម្បីអនុវត្តសេចក្ដីពិតនៃដំណឹងល្អ ។ ក្តារខៀនបណ្តុំគំនិតអាចមានរូបភាពធំមួយអំពីអ្វីដែលទាក់ទងនឹងប្រធានបទ ។ ឧទាហរណ៍ ប្រសិនបើអ្នកសិក្សានេហេមា អ្នកអាចគូរជញ្ជាំងធំមួយដូចដែលនេហេមាកំពុងសាងសង់ ។ សិស្សអាចសរសេររឿងមួយ ឬច្រើនដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យពួកគេធ្វើ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ហើយមិនត្រូវរំខាន ឬភ័យខ្លាច ស្រដៀងទៅនឹងនេហេមា នៅពេលលោកសាងសង់ជញ្ជាំងជុំវិញព្រះវិហារបរិសុទ្ធដែរ ។
ស្គាល់អ្នកស្ដាប់របស់អ្នក
សូមឲ្យសិស្សជ្រើសរើសអ្នកស្ដាប់គោលដៅម្នាក់ ហើយចែកចាយអ្វីដែលពួកគេកំពុងរៀនតាមរបៀបដែលអ្នកស្ដាប់នោះយល់ ។ សិស្សអាចធ្វើសកម្មភាពនេះជាមួយដៃគូ ឬជាក្រុម ។ វាអាចមានប្រសិទ្ធភាពក្នុងការផ្តល់ឲ្យសិស្សនូវជម្រើសជាច្រើន ហើយអនុញ្ញាតឲ្យពួកគេជ្រើសរើសអ្នកស្ដាប់ដែលពួកគេចង់បង្រៀន ។ នេះគឺជាជម្រើសមួយចំនួនដែលអ្នកអាចជ្រើសរើសបាន ៖
-
មិត្តដែលមានជំនឿផ្សេងនៅក្នុងបេសកកម្មរបស់អ្នក
-
កុមារនៅក្នុងថ្នាក់អង្គការបឋមសិក្សា
-
មិត្តម្នាក់នៅសាលា
-
សមាជិកគ្រួសាររបស់អ្នក
បន្តការសន្ទនា
មុននឹងមានការពិភាក្សារួមគ្នាក្នុងថ្នាក់ វាអាចជួយដើម្បីលើកទឹកចិត្តសិស្សឲ្យស្តាប់គ្នាដោយយកចិត្តទុកដាក់ ។ គំនិតខាងក្រោមអាចត្រូវបានផ្តល់ឲ្យសិស្សមុនពេលពិភាក្សា ។ ការណ៍នេះអាចជួយពួកគេឲ្យស្តាប់គ្នាទៅវិញទៅមកដោយយកចិត្តទុកដាក់ និងបង្កើតការពិភាក្សាដែលមានការលើកតម្កើង ដោយរួមបញ្ចូលសិស្សជាច្រើននៅក្នុងការពិភាក្សា ។ អ្នកអាចដាក់បង្ហាញវា ឬផ្តល់ឲ្យសិស្សនូវសំណៅមេរៀនអំពីគំនិតទាំងនេះ ។
បន្ថែមទៅលើការសន្ទនា—ចែកចាយនូវអ្វីដែលអ្នកចូលចិត្តអំពីសេចក្ដីថ្លែងការណ៍របស់មិត្តរួមថ្នាក់ ហើយបន្ទាប់មកបន្ថែមគំនិតផ្ទាល់ខ្លួនរបស់អ្នកដូចជា ៖
-
« វារំឭកខ្ញុំអំពី … »
-
« ខ្ញុំយល់ស្រប ព្រោះ …»
-
« ត្រូវ ! គំរូមួយទៀតគឺនៅពេលដែល … »
-
« នោះជាគំនិតល្អណាស់ … » ។
សរុបសេចក្ដី—សូមរៀបរាប់ឡើងវិញនូវអ្វីដែលមិត្តរួមថ្នាក់របស់អ្នកបាននិយាយ ហើយបន្ទាប់មកសូមផ្តល់យោបល់បន្ថែមពីលើនោះ ។
-
« ខ្ញុំឮអ្នកនិយាយថា … »
-
« ដូច្នេះ បើខ្ញុំស្តាប់អ្នកមិនច្រឡំទេ … »
-
« ខ្ញុំចូលចិត្តនូវអ្វីដែលអ្នកបាននិយាយ … »
សួរសំណួរ—សូមសួរសំណួរសិស្សម្នាក់ទៀតអំពីអ្វីដែលពួកគេបាននិយាយ ។
-
« តើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពីចំណុចនោះបានឬទេ ? »
-
« ខ្ញុំពុំប្រាកដថាខ្ញុំយល់ … ទេ ? »
-
« ខ្ញុំយល់ពីគំនិតរបស់អ្នកហើយ តែចុះបើ … យ៉ាងម៉េចដែរ ? »
-
« តើអ្នកធ្លាប់បានគិតអំពី … ទេ ? »
ហុចក្រដាស
សូមប្រើសំណៅមេរៀននេះដើម្បីបង្កើតសេចក្តីណែនាំជាបន្ត ដែលអាចរួមមានបទគម្ពីរ ឬសម្រង់សម្តីដើម្បីអាន និងសំណួរដែលត្រូវឆ្លើយ ។ ត្រូវប្រាកដថាមានចន្លោះគ្រប់គ្រាន់ទុកឲ្យសិស្សសរសេរចម្លើយរបស់ពួកគេ ។ សូមឲ្យសំណៅមួយដល់សិស្សម្នាក់ៗ ហើយអញ្ជើញពួកគេឲ្យសរសេរឈ្មោះរបស់ខ្លួននៅផ្នែកខាងលើ ។ សិស្សឆ្លើយសំណួរទីមួយ រួចបត់ក្រដាសដើម្បីបិទចម្លើយរបស់ពួកគេ ។ ពួកគេហុចក្រដាសនោះទៅសិស្សម្នាក់ទៀតដែលឆ្លើយសំណួរ ឬប្រធានបទបន្ទាប់ ។ សិស្សម្នាក់ៗបត់ក្រដាសដើម្បីបិទលើចម្លើយរបស់ពួកគេ ហើយហុចវាទៅឲ្យសិស្សម្នាក់ទៀត ។ នៅចុងបញ្ចប់នៃការប្តូរវេនគ្នានេះ ត្រូវប្រគល់ក្រដាសទាំងនោះទៅសិស្សដែលជាម្ចាស់ដើមវិញ ដែលជាអ្នកអាននូវអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេបានសរសេរ ។
រៀបចំដើម្បីចែកចាយ
សូមចែកចាយសំណួរសំខាន់មួយ ដែលអ្នកចង់ឲ្យសិស្សឆ្លើយ ។ ត្រូវប្រាកដថាត្រូវចែកចាយវាពីរបីនាទីមុនពេលអញ្ជើញពួកគេឲ្យឆ្លើយសំណួរ ។ ឧទាហរណ៍ អ្នកអាចនិយាយថា « ក្នុងរយៈពេលពីរបីនាទីចាប់ពីឥឡូវនេះ ខ្ញុំចង់ឲ្យប្អូនៗមួយចំនួនចែកចាយគំនិតរបស់ប្អូនៗអំពី ។ សូមគិតអំពីអ្វីដែលប្អូនៗចង់ចែកចាយ នៅពេលយើងសិក្សាវគ្គបទគម្ពីរខាងក្រោមនេះ » ។ បន្ទាប់មកអ្នកអាចអញ្ជើញសិស្សឲ្យចែកចាយជាមួយដៃគូ ឬក្រុមមួយជាមុនសិន ។
ការបោះឆ្នោតរបស់សិស្សក្នុងថ្នាក់
ធ្វើការបោះឆ្នោតមួយចំណោមសិស្សរបស់អ្នកដោយផ្តល់ឲ្យពួកគេនូវក្រដាសតូចមួយ ។ សិស្សអាចឆ្លើយជាអនាមិក រួចដាក់ក្រដាសរបស់ពួកគេក្នុងធុងដូចជាប្រអប់ ឬមួក ។ អ្នកអាចប្រមូលគំនិតរបស់ពួកគេអំពីគោលការណ៍ សំណួរ ឬការសម្រេចចិត្តដែលនរណាម្នាក់អាចធ្វើនៅក្នុងសាច់រឿងមួយ ។ ជាជម្រើសមួយផ្សេងទៀត ប្រសិនបើសិស្សមានទូរសព្ទឆ្លាតវៃប្រើ អ្នកអាចប្រើកម្មវិធីបោះឆ្នោតដែលមិនគិតថ្លៃ និងងាយស្រួលប្រើ ។ ផ្តល់ឲ្យសិស្សនូវកិច្ចការសិក្សា និងតំណភ្ជាប់ការបោះឆ្នោតទៅកាន់សំណួរមួយ ហើយឲ្យពួកគេឆ្លើយតបដោយប្រើទូរសព្ទរបស់ពួកគេ ។ បន្ទាប់មក អ្នកអាចបង្ហាញចម្លើយនៅក្នុងថ្នាក់ ។
ឃ្លាដែលមានអានុភាព
សូមប្រើឃ្លាដែលមានអានុភាពដើម្បីបង្ហាត់សិស្សរបស់អ្នកឲ្យចែកចាយ និងជំរុញឲ្យមានការពិភាក្សានៅក្នុងថ្នាក់ ។
ការធ្វើបែបនេះគឺជាវិធីដ៏មានប្រយោជន៍សម្រាប់ថ្នាក់ ដែលស្ងប់ស្ងាត់ ឬមិនច្បាស់អំពីរបៀប ឬអ្វីដែលត្រូវចែកចាយ ។ បង្ហាញបញ្ជីឃ្លាខាងក្រោម ដើម្បីជួយសិស្សគ្រោងនូវអ្វីដែលពួកគេអាចចែកចាយ ។ សូមឲ្យពួកគេសិក្សាបណ្ដុំបទគម្ពីរ ហើយរៀបចំចែកចាយដោយប្រើឃ្លាដែលមានអានុភាពមួយ ឬច្រើន ។ សម្របសម្រួលការពិភាក្សា ឬឲ្យសិស្សដឹកនាំការពិភាក្សានោះ ។
-
ខគម្ពីរដែលខ្ញុំស្រឡាញ់គឺ …
-
ឃ្លាដែលខ្ញុំបានយល់ច្បាស់គឺ …
-
អ្វីដែលបានរៀនពីមេរៀននេះគឺ …
-
គោលការណ៍ដែលខ្ញុំបានរកឃើញគឺ …
-
ពាក្យដែលខ្ញុំចាប់អារម្មណ៍ ឬភាន់ច្រឡំគឺ …
-
អ្វីមួយដែលក្មេងវ័យជំទង់ត្រូវដឹងពីនេះគឺ …
-
អ្វីមួយដែលខ្ញុំដឹងថាជាការពិតគឺ …
-
អ្វីមួយដែលខ្ញុំមិនច្បាស់អំពីគឺ …
-
រឿងមួយដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរធ្វើជាមួយការណ៍នេះនៅថ្ងៃនេះគឺ …
-
រឿងមួយដែលខ្ញុំរៀនអំពីព្រះអង្គសង្គ្រោះនៅក្នុងនេះគឺ …
ប័ណ្ណចូលរួម
ចែកប័ណ្ណដែលសិស្សអាចលើកឡើងជាចម្លើយផ្ទាល់ភ្នែកចំពោះសំណួរដែលអ្នកសួរ ។ សិស្សអាចប្រើប័ណ្ណនេះដើម្បីបង្ហាញចម្លើយរបស់ពួកគេ ឬនៅពេលពួកគេត្រៀមខ្លួនរួចរាល់ដើម្បីចែកចាយ ឬពិភាក្សាអំពីគំនិតរបស់ពួកគេ ។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃប្រភេទប័ណ្ណចូលរួម ៖
-
ប័ណ្ណបៃតងគឺសម្រាប់ត្រូវ ក្រហមគឺសម្រាប់ខុស ។
-
សូមសរសេរ « នៅតែគិត » នៅម្ខាង និង « រួចរាល់ដើម្បីចែកចាយ » នៅម្ខាងទៀត ។
-
ប័ណ្ណដែលមានលេខ ឬអក្សរដែលតំណាងឲ្យជម្រើសផ្សេងៗដែលមានរាយនៅលើក្តារខៀន ។ សិស្សទាំងអស់ចង្អុលទៅលេខ ឬអក្សរសម្រាប់ចម្លើយរបស់ពួកគេ ដើម្បីអ្នកអាចមើលឃើញការឆ្លើយតបរបស់ពួកគេ ហើយជ្រើសរើសសិស្សឲ្យឆ្លើយតប ។
-
សូមសរសេរប័ណ្ណដែលមានចម្លើយជាច្រើននៅម្ខាង ( សូមមើលឧទាហរណ៍ខាងក្រោម ) ។ នៅពេលអញ្ជើញសិស្សឲ្យឆ្លើយតប នៅកណ្តាលផ្នែកខាងលើគឺជាទីតាំងរបស់ពួកគេ ។ បន្ទាប់មកអ្នក ឬសិស្សអាចហៅសិស្សដោយផ្អែកលើឥរិយាបថដែលពួកគេកំពុងបង្ហាញ ។
ដំណើរដើមទងនៃសាច់រឿង
សូមឲ្យសាច់រឿងដែលមិនពេញលេញទៅសិស្ស ហើយអញ្ជើញពួកគេឲ្យបន្ថែមព័ត៌មានលម្អិតទាំងឡាយដើម្បីធ្វើឲ្យវាកាន់តែទាក់ទង និងអាចប្រដូចបាន ។ ឧទាហរណ៍ អ្នកអាចនិយាយអ្វីមួយដូចខាងក្រោម ៖ « ចូរយើងបង្កើតសាច់រឿងមួយអំពីនរណាម្នាក់ដែលមានអាយុស្របាលប្អូន ដែលមានឈ្មោះថា ជូលៀ ដែលកំពុងប្រឈមនឹងឧបសគ្គក្នុងជីវិត ។ តើការណ៍ទាំងនេះអាចជាអ្វីខ្លះ ? » នៅពេលសិស្សចែកចាយ សូមជួយពួកគេណែនាំព័ត៌មានលម្អិតដើម្បីធ្វើឲ្យ ជូលៀ ឬឈ្មោះផ្សេងទៀត ដែលអ្នកបានជ្រើសរើស ហាក់ដូចជាមនុស្សពិតប្រាកដ ។ អ្នកក៏អាចបន្ថែមព័ត៌មានលម្អិតសំខាន់ៗដែលមានឥទ្ធិពលលើការពិភាក្សាដូចជា សំណួរសំខាន់ៗរបស់ ជូលៀ ជាដើម ។ នៅពេលសិស្សចែកចាយគំនិត វាអាចមានអត្ថប្រយោជន៍ក្នុងការសួរសំណួរដូចជា ៖ « តើសាច់រឿងនេះមានអារម្មណ៍ថាពិត និងទាក់ទងនឹងអ្នកដែរឬទេ ? តើយើងអាចធ្វើដូចម្តេចដើម្បីធ្វើឲ្យសាច់រឿងនេះមានអារម្មណ៍ថាទាក់ទងនឹងយើងច្រើនជាងនេះ ? » បន្ទាប់មក សិស្សអាចស្វែងរកសេចក្តីពិតតាមរយៈមេរៀនដែលអាចជួយបុគ្គលនៅក្នុងសាច់រឿងនេះ ។
ការប្រែប្រួល ៖ អ្នកអាចសរសេរប្រធានបទ ឬសេចក្តីពិតនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យបង្កើតសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេ ហើយសរសេរវានៅលើក្រដាស ។ អ្នកអាចផ្លាស់ប្តូរសាច់រឿងទាំងនេះ ហើយឲ្យសិស្សឆ្លើយតបដោយប្រើអ្វីដែលពួកគេបានរៀន ។
ការប្រែប្រួល ៖ អញ្ជើញសិស្សឲ្យចែកចាយទស្សនៈផ្សេងៗគ្នា ដែលមនុស្សអាចមានអំពីសេចក្តីពិតនៅក្នុងមេរៀននេះ ។ ឧទាហរណ៍ « មនុស្សមួយចំនួនប្រហែលជាគិតថាជីវិតនឹងល្អប្រសើរ បើពួកគេមិនចាំបាច់ត្រូវគោរពថ្ងៃឈប់សម្រាកជាថ្ងៃដ៏បរិសុទ្ធនោះ » ។ ឬ « មនុស្សមួយចំនួនប្រហែលជាគិតថាព្រះវិហារបរិសុទ្ធស្អាត ប៉ុន្តែពួកគេមិនមានបំណងប្រាថ្នាខ្លាំងក្លាដើម្បីធ្វើពិធីបរិសុទ្ធនៅខាងក្នុងនោះឡើយ » ។ សូមសួរសិស្សថាហេតុអ្វីបានជាមនុស្សមួយចំនួនគិត ឬមានអារម្មណ៍បែបនេះ ។ បន្ទាប់មក សិស្សអាចចែកចាយពីរបៀបដែលព្រះគម្ពីរ ឬសេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំនៃសាសនាចក្រ ដែលពួកគេបានសិក្សាក្នុងមេរៀននេះអាចជួយនរណាម្នាក់ដែលមានអារម្មណ៍បែបនេះ ។
សាច់រឿងឆ្លើយឆ្លងសារជាអក្សរ
សូមបង្កើតសាច់រឿងដែលចាប់ផ្តើមដោយសារជាអក្សរតែមួយ ប៉ុន្តែកុំបង្ហាញដល់សិស្សអំពីកាលៈទេសៈដែលនាំឲ្យមានសារជាអក្សរនោះ ។ អ្នកអាចផ្តល់ឲ្យសិស្សម្នាក់ៗនូវគំរូអត្ថបទទទេដូចជាខាងក្រោម ហើយអញ្ជើញពួកគេឲ្យបង្កើតការសន្ទនានៃការឆ្លើយឆ្លងគ្នាជាសារជាអក្សរ ។
ការបង្កើតមិត្តភាពឲ្យបានលឿន
ការជួយសិស្សឲ្យមានអារម្មណ៍មានទំនុកចិត្តក្នុងការចែកចាយជាមួយគ្នាទៅវិញទៅមក ចាប់ផ្តើមដោយការជួយពួកគេឲ្យស្គាល់មិត្តរួមថ្នាក់របស់ពួកគេ ។ សកម្មភាពនេះអាចជួយសិស្សឲ្យស្គាល់គ្នា ក៏ដូចជាចែកចាយអ្វីមួយអំពីបទគម្ពីរដែរ ។ រៀបចំសិស្សជាដៃគូដោយរៀបចំកៅអីជាពីរជួរទល់មុខគ្នា ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរដែលបានផ្ដល់ឲ្យ ហើយឆ្លើយសំណួរមួយដែលអ្នកបានរៀបចំអំពីវគ្គបទគម្ពីរនោះ ។ អញ្ជើញគូដែលនៅទល់មុខគ្នាឲ្យឆ្លើយសំណួរមិត្តភាពដែលអ្នកបានរៀបចំ ដែលអាចជួយពួកគេស្គាល់គ្នាទៅវិញទៅមកឲ្យកាន់តែច្បាស់ ហើយបន្ទាប់មកចែកចាយចម្លើយដែលពួកគេបានរៀបចំទាក់ទងនឹងសារលិខិតក្នុងព្រះគម្ពីរ ។ សូមអញ្ជើញសិស្សឲ្យប្តូរដៃគូ ហើយធ្វើដំណើរការនេះឡើងវិញជាច្រើនដងដោយប្រើសំណួរ និងវគ្គបទគម្ពីរផ្សេងៗ ។ ដើម្បីឲ្យសិស្សធ្វើការជាមួយគ្រប់ដៃគូ សិស្សដែលអង្គុយនៅកៅអីជ្រុងមួយមិនប្តូរវេនគ្នាទេ ។
ក្ដារខៀនបិទក្រដាសកត់ចំណាំ
ដាក់សំណួរពីរបីនៅលើក្ដារខៀនឲ្យសិស្សឆ្លើយ ឬខគម្ពីរដែលពួកគេអាចចែកចាយការយល់ដឹងអំពីខគម្ពីរនោះ ។ សិស្សម្នាក់ៗសរសេរឈ្មោះរបស់ពួកគេនៅលើកូនក្រដាសកត់ចំណាំបកបិទបាន ហើយដាក់វានៅជាប់នឹងសំណួរ ឬខគម្ពីរដែលពួកគេស្ម័គ្រចិត្តឆ្លើយ ឬផ្តល់យោបល់អំពី ។
ការប្រែប្រួល ៖ ពណ៌ទាំងឡាយអាចបង្ហាញពីអ្វីដែលសិស្សចង់ចែកចាយដូចជា ការយល់ដឹង សំណួរ សេចក្តីយោងឆ្លងជាដើម ។
ថតរូប
សូមអញ្ជើញសិស្សឲ្យជ្រើសរើសវត្ថុមួយនៅក្នុងថ្នាក់រៀន ឬរូបភាពមួយនៅលើទូរសព្ទរបស់ពួកគេ ដែលអាចប្រើដើម្បីជួយបង្រៀនគោលការណ៍ ឬគោលលទ្ធិ ។ អញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេនឹងបង្រៀននរណាម្នាក់ពីអ្វីដែលពួកគេបានរៀនដោយប្រើវត្ថុ ឬរូបភាពនោះ ។ សកម្មភាពនេះប្រហែលជាល្អបំផុតនៅពេលបង្រៀនគោលការណ៍ ឬគោលលទ្ធិដែលងាយតំណាងឲ្យដោយប្រើវត្ថុ ឬរូបភាពដែលអាចរកបាន ។
សរសេរមុនពេលអ្នកចែកចាយ
ផ្តល់ពេលវេលាឲ្យសិស្សកត់ត្រាចម្លើយចំពោះសំណួរសំខាន់ៗនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលអញ្ជើញពួកគេឲ្យឆ្លើយឮៗ ។
៤. បង្កើតតំណាងនៃអ្វីដែលពួកគេបានរៀន
មេរៀនទាំងឡាយជារឿយៗអញ្ជើញសិស្សឲ្យធ្វើអ្វីមួយ ដើម្បីបង្ហាញអំពីអ្វីដែលពួកគេបានសិក្សា ។ ការណ៍នេះអាចទាក់ទងនឹងការប្រើជំនាញច្នៃប្រឌិត ។ សកម្មភាពខាងក្រោមគឺជារបៀបមួយចំនួនដើម្បីជួយសិស្សធ្វើកិច្ចការនេះបាន ។
កំណាព្យតាមតួអក្សរដំបូង
សូមប្រើតួអក្សរដំបូងនៃឈ្មោះ ទីតាំង ឬគោលលទ្ធិ ហើយឲ្យសិស្សបង្កើតកំណាព្យមួយដោយប្រើអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។ ឧទាហរណ៍ សិស្សអាចសរសេរកំណាព្យតាមតួអក្សរដំបូងដោយប្រើពាក្យជំនឿ (Faith)ដូចខាងក្រោម ៖
F – ធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ
A – ធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ
I – បញ្ចូលសំណួរ ឬកង្វល់របស់យើងនៅក្នុងការអធិស្ឋានរបស់យើង
T – ទុកចិត្តលើពួកព្យាការីរបស់ព្រះ
H – សង្ឃឹមថាទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់
ការបង្កើតកម្មវិធី
សិស្សរចនាកម្មវិធីផ្ទាល់ខ្លួនរបស់ពួកគេនៅលើក្រដាសមួយ ។ កម្មវិធីនោះអាចបង្ហាញពីសេចក្តីពិតដែលបង្រៀននៅក្នុងបទគម្ពីរដែលបានសិក្សា ហើយបញ្ចូលសកម្មភាព រូបភាព បទគម្ពីរ ឬសម្រង់ ដែលអាចជួយនរណាម្នាក់អនុវត្តវាទៅក្នុងជីវិតរបស់ពួកគេ ។
Chiasmus ( លំដាប់ពាក្យ )
លំដាប់ពាក្យ គឺជារូបភាពនៃការនិយាយដែលពាក់កណ្តាលប្រយោគ កថាខណ្ឌ ឬការសរសេរពាក់កណ្ដាលទីពីរឆ្លុះបញ្ចាំង និងនិយាយឡើងវិញតាមលំដាប់បញ្ច្រាសនៅពាក់កណ្តាលទីមួយ ។ សារលិខិតដ៏សំខាន់គឺមាននៅកណ្ដាល ( សូមមើល លោកុប្បត្តិ ៩:១២–១៧ ឬ អាលម៉ា ៣៦ ជាគំរូ ) ។ អញ្ជើញសិស្សឲ្យបង្កើតលំដាប់ពាក្យពីអ្វីដែលពួកគេសិក្សា ។ សិស្សអាចដាក់សេចក្ដីពិតដែលសំខាន់នៅកណ្តាល ហើយបន្ថែមនៅជួរខាងលើ និងខាងក្រោមវាជាមួយនឹងបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍របស់ព្យាការីដែលគាំទ្រ ដល់សេចក្តីពិត នោះ ។ វាអាចមើលទៅស្រដៀងនឹងខាងក្រោមនេះ ៖
ក – អ្វីដែលសិស្សមានអារម្មណ៍អំពីសេចក្តីពិត ឬបទពិសោធន៍ដែលពួកគេមានជាមួយវា ។
ខ - អ្វីដែលសិស្សយល់អំពីសេចក្តីពិត
គ – សេចក្តីពិត ឬគោលការណ៍នៃដំណឹងល្អ
គ – សេចក្តីពិត ឬគោលការណ៍នៃដំណឹងល្អ
ខ – ការយល់ដឹងបន្ថែមអំពីសេចក្តីពិត
ក – បទពិសោធន៍បន្ថែមដែលសិស្សមានជាមួយនឹងសេចក្តីពិតនេះ និងរបៀបដែលពួកគេមានអារម្មណ៍អំពីវា
ការសិក្សារឿងកំប្លែង
សូមឲ្យគំរូសៀវភៅកំប្លែងដែលមិនទាន់បានសរសេរមួយដល់សិស្ស ឬឲ្យពួកគេបង្កើតគំរូនៅលើក្រដាសមួយ ។ សិស្សអានបណ្តុំបទគម្ពីរ ហើយបង្កើតរឿងកំប្លែងដែលបង្ហាញពីសាច់រឿងក្នុងបណ្ដុំនោះ ។ ឲ្យពួកគេប្រើប្រអប់ចុងក្រោយដើម្បីចែកចាយនូវអ្វីដែលពួកគេមានអារម្មណ៍ថាជាសេចក្តីពិតដ៏មានតម្លៃបំផុតដើម្បីរៀនពីដំណើររឿងនោះ ។ ពួកគេអាចចែកចាយរឿងកំប្លែងរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ ជាជម្រើសមួយផ្សេងទៀត ពួកគេអាចប្រើសកម្មភាពនេះដើម្បីបង្ហាញពីការអនុវត្តនៃសេចក្ដីពិត ឬគោលការណ៍នៅក្នុងសម័យទំនើប ។
បង្កើតគម្រោងមេរៀន
សូមបង្កើតគម្រោងដែលសិស្សអាចប្រើដើម្បីរៀបចំមេរៀន សុន្ទរកថា សារលិខិតខ្លីមួយ ឬរបៀបដើម្បីចែកចាយវគ្គបទគម្ពីរ ។ អ្នកអាចផ្តល់គំរូនៃគម្រោងមេរៀនដែលមិនទាន់បានសរសេរមួយ ដែលសិស្សកត់ត្រាការរកឃើញរបស់ពួកគេ ។ អ្នកអាចណែនាំសិស្សឲ្យរួមបញ្ចូលព័ត៌មានផ្សេងៗគ្នានៅក្នុងប្រអប់នីមួយៗ ។ ឧទាហរណ៍ សិស្សអាចសរសេរចំណងជើងនៅក្នុងប្រអប់ទីមួយ សង្ខេបខគម្ពីរសំខាន់ៗនៅក្នុងប្រអប់បន្ទាប់នោះ រាយបញ្ជីឧទាហរណ៍ ឬដំណើររឿងផ្ទាល់ខ្លួននៅក្នុងប្រអប់វែងទាំងបី និងសរសេរទីបន្ទាល់នៅក្នុងប្រអប់ចុងក្រោយ ។
បង្កើតខិត្តប័ណ្ណ
សូមផ្តល់ឲ្យសិស្សម្នាក់ៗនូវក្រដាសមួយសន្លឹក ហើយអញ្ជើញពួកគេឲ្យបត់វាទៅជាបីភាគ ។ សិស្សអាចបង្កើតទំព័រចំណងជើងដែលមានគោលការណ៍ ឬគោលលទ្ធិដែលពួកគេបានកំណត់ ។ សិស្សអាចបង្កើតទំព័រជាលំដាប់លំដោយ ដែលមានចំណងជើងរង និងព័ត៌មានលម្អិតពីអ្វីដែលពួកគេកំពុងរៀន ។ អ្នកអាចអញ្ជើញពួកគេឲ្យរក្សាទុកចន្លោះនៅផ្នែកខាងក្រោយខិត្តប័ណ្ណដើម្បីសរសេរគោលដៅ ឬផែនការណាមួយដែលពួកគេដាក់ក្នុងអំឡុងមេរៀននេះ ។
ផ្នែកផាត់ពណ៌
បោះពុម្ពទំព័រដែលបានចម្លងនៃបណ្ដុំបទគម្ពីរ ហើយចែកខ្មៅដៃពណ៌ដើម្បីគូសចំណាំបទគម្ពីរ ។ កំណត់ប្រភេទដូចជា « ពរជ័យដែលបានសន្យា » « កិច្ចការនៃសេចក្តីជំនឿ » ឬ « បទបញ្ញត្តិ » ។ ប្រភេទនីមួយៗអាចចាត់តាំងឲ្យមានពណ៌មួយ ។ សូមអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរ ហើយគូសចំណាំប្រភេទទៅតាមពណ៌នៅពេលរកឃើញវា ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានគូសចំណាំ និងបានរៀនចេញពីសកម្មភាពនេះ ។
វាយតម្លៃផែនការ
អ្នកអាចប្រើកម្មវិធីរៀបចំក្រាហ្វិក ដើម្បីជួយសិស្សវាយតម្លៃផែនការរបស់ពួកគេ ។ សិស្សឆ្លើយសំណួរនៅក្នុងផ្នែកនីមួយៗនៃក្រាហ្វិក ។ អ្នកអាចមើលឃើញឧទាហរណ៍ពីគំនិតនេះនៅក្នុង « មេរៀនទី ១០៥ ៖ ទំនុកដំកើង ៦១–៨៦ » ។
តារាងលំហូរ
សិស្សអាចបង្កើតក្រាហ្វិកដែលបង្ហាញពីទំនាក់ទំនងរវាងការសម្រេចចិត្ត ឬគោលគំនិតផ្សេងៗនៅក្នុងមេរៀន ។ ឧទាហរណ៍ តារាងដូចខាងក្រោមអាចប្រើប្រាស់ដើម្បីបង្ហាញពីកន្លែងដែលសេចក្ដីជំនឿ ឬសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទអាចដឹកនាំទៅរក ។
ការសាងសង់ដោយដៃ
សូមចែកឲ្យសិស្សនូវសម្ភារដែលពួកគេអាចប្រើបាន ដូចជាដុំឈើ ឬដុំថ្ម ឬដីឥដ្ឋពណ៌ដើម្បីបង្កើតអ្វីមួយដែលតំណាងឲ្យអ្វីដែលពួកគេបានសិក្សា ។ ឧទាហរណ៍ សិស្សអាចបង្កើតថ្មចំនួន ១២ ដុំនៅពេលពួកគេសិក្សា យ៉ូស្វេ ៤ ។ នៅក្នុងដំណើររឿងនេះ កូនចៅអ៊ីស្រាអែលបានដំឡើងថ្ម ១២ ដុំនៅទន្លេយ័រដាន់ទុកជាអនុស្សាវរីយ៍ដើម្បីចងចាំថា ព្រះអម្ចាស់បានប្រទានផ្លូវសម្រាប់ពួកគេឆ្លងទន្លេលើដីគោក ។ សិស្សអាចដាក់ស្លាកថ្មនីមួយៗជាមួយនឹងអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ ដែលពួកគេមានអារម្មណ៍ថាពួកគេគួរតែចងចាំ ។
ការរចនារូបភាព
សិស្សអាចស្វែងរករូបភាពនៅលើទូរសព្ទរបស់ពួកគេ ឬនៅក្នុងបណ្ណាល័យដំណឹងល្អដែលទាក់ទងនឹងសេចក្តីពិត ។ ពួកគេអាចបង្កើតការរចនាជាឌីជីថល និងចែកចាយវានៅក្នុងថ្នាក់ ។ ពួកគេក៏អាចចែកចាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមានការពន្យល់ផងដែរ ។ សម្រាប់សិស្សដែលគ្មានទូរសព្ទ នោះពួកគេអាចប្រមូលរូបភាពមកពីទស្សនាវដ្តីសាសនាចក្រដូចជា លីអាហូណា ដើម្បីកម្លាំងនៃយុវជន ឬ ប្រិយមិត្ត ។
ដឹង—ឆ្ងល់—រៀន
សិស្សបែងចែកក្រដាសមួយសន្លឹកជាបីជួរឈរ ។ នៅក្នុងជួរឈរទីមួយ ពួកគេសរសេរនូវអ្វីដែលពួកគេដឹងរួចទៅហើយអំពីប្រធានបទមួយ ។ នៅជួរឈរបន្ទាប់ ពួកគេសរសេរអ្វីដែលគេឆ្ងល់ ឬចង់ដឹង ។ ជួរទីបីគឺត្រូវបំពេញជាមួយនឹងអ្វីដែលសិស្សបានរៀន ក្នុងអំឡុងពេល និងក្រោយមេរៀន ។ អ្នកអាចអញ្ជើញពួកគេឲ្យស្វែងរកអ្វីដែលបានជួយពួកគេរៀន ឬជះឥទ្ធិពលលើអារម្មណ៍របស់ពួកគេក្នុងអំឡុងពេលមេរៀននេះ ។
សំបុត្រសម្រាប់អនាគត
សិស្សអាចសរសេរសំបុត្រមួយច្បាប់ទៅកាន់ខ្លួនឯង ដើម្បីបើក និងអាននៅពេលជាក់លាក់ណាមួយ ( ក្នុងបេសកកម្ម ការរៀបការ និងការមានកូនដំបូង ) ។ ជម្រើសមួយទៀតអាចជាការឲ្យសិស្សសរសេរសំបុត្រទៅសមាជិកគ្រួសាររបស់ពួកគេនាពេលអនាគត ។ ឬពួកគេអាចសរសេរសំបុត្រមួយច្បាប់ទៅសិស្សដែលនឹងមកថ្នាក់សិក្ខាសាលានាពេលអនាគត ហើយពន្យល់ពីអ្វីដែលពួកគេបានរៀន និងរបៀបដែលពួកគេទទួលអារម្មណ៍អារម្មណ៍ពីវា ។
បង្កើត meme
សិស្សម្នាក់ៗកំណត់គោលការណ៍មួយចេញពីការសិក្សារបស់ពួកគេ ហើយបង្កើតឃ្លាស្រួលចាំ ដែលបង្ហាញពីគោលការណ៍នោះ ។ សូមឲ្យពួកគេគូរផងដែរនូវរូបភាពដែលបង្ហាញពីគោលការណ៍នោះ ។ សូមប្រាកដថាពួកគេបញ្ចូលសេចក្ដីយោងបទគម្ពីរ ។ សូមឲ្យពួកគេចែកចាយ និងពន្យល់ពី meme របស់ពួកគេ ។ អ្នកអាចបង្ហាញគំរូមួយចំនួនចេញពីទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន នាពេលថ្មីៗនេះ ។
ធ្វើផែនការដើម្បី « ទៅហើយធ្វើ »
សិស្សអាចបង្កើតផែនការមួយដើម្បីធ្វើសកម្មភាពដ៏សុចរិតប្រកបដោយប្រសិទ្ធភាពចេញពីអ្វីដែលពួកគេរៀន និងទទួលអារម្មណ៍នៅក្នុងមេរៀននេះ ។ ដើម្បីធ្វើដូច្នេះ អ្នកអាចឲ្យពួកគេកំណត់នូវអ្វីដែលពួកគេចង់ធ្វើ ហើយបង្កើតជំហានជាក់លាក់អំពីរបៀបដែលពួកគេនឹងសម្រេចផែនការរបស់ពួកគេ ។ ការណ៍នេះអាចរួមបញ្ចូលការកំណត់ឧបសគ្គដែលពួកគេអាចប្រឈមមុខ និងជំហានជាក់លាក់ដើម្បីដោះស្រាយឧបសគ្គទាំងនេះ ។ នៅពេលសិស្សបង្កើតផែនការរបស់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យបំបែកវាទៅជាជំហានតូចៗ ។ ការផ្លាស់ប្តូរបន្តិចបន្តួចចំពោះកិច្ចការដែលពួកគេធ្វើជារៀងរាល់ថ្ងៃអាចជួយឲ្យពួកគេមានអារម្មណ៍ថាទទួលបានជោគជ័យញឹកញាប់ជាងមុន ។
ធ្វើផែនការ « មែកធាងការសម្រេចចិត្ត »
សិស្សអាចប្រើមែកធាងការសម្រេចចិត្តមួយដើម្បីជួយអនុវត្តគោលការណ៍នៃដំណឹងល្អដោយសរសេរពីគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រេចចិត្តផ្សេងៗ ។ ពួកគេអាចចាប់ផ្តើមជាមួយនឹងសំណួរមួយអំពីគោលការណ៍នៃដំណឹងល្អ ហើយបន្ទាប់ពីបានសរសេរគុណសម្បត្តិ និងគុណវិបត្តិ សូមវាយតម្លៃជម្រើសរបស់ពួកគេក្នុងការសម្រេចចិត្តនោះ ។ សូមបង្កើតមែកធាងដាច់ដោយឡែកសម្រាប់សំណួរ និងការសម្រេចចិត្តនីមួយៗនៅក្នុងផែនការនោះ ។
ឧទាហរណ៍ ៖ រៀបចំផែនការសិក្សាព្រះគម្ពីរ ។
សំណួរ ៖
-
តើខ្ញុំនឹងសិក្សាព្រះគម្ពីររបស់ខ្ញុំនៅពេលណា ? ( ធ្វើមែកធាងការសម្រេចចិត្តមួយ ) ។
-
តើខ្ញុំនឹងសិក្សាព្រះគម្ពីររបស់ខ្ញុំនៅឯណា ? ( ធ្វើមែកធាងការសម្រេចចិត្តមួយទៀត ) ។
-
តើខ្ញុំនឹងចំណាយពេលប៉ុន្មានដើម្បីសិក្សាព្រះគម្ពីររបស់ខ្ញុំ ? ( ធ្វើមែកធាងការសម្រេចចិត្តទីបី ) ។
នៅចុងបញ្ចប់នៃដំណើរការនេះ ការសម្រេចចិត្តទាំងបីរួមគ្នាបង្កើតជាផែនការ ឬគោលដៅ ជាមួយនឹងជំហានជាក់លាក់ដើម្បីសម្រេចវា ។
វគ្គទំនុកតម្កើងថ្មី
សិស្សអាចជ្រើសរើសទំនុកតម្កើងមួយអំពីសេចក្ដីពិតមួយដែលបានសិក្សានៅក្នុងមេរៀននេះ ។ អញ្ជើញពួកគេឲ្យបង្កើតវគ្គថ្មីនៃទំនុកតម្កើងចេញពីអ្វីដែលពួកគេបានសិក្សា ។ សិស្សអាចជ្រើសរើសវគ្គថ្មីមួយចំនួនដើម្បីបង្ហាញ និងច្រៀង ។
ការរៀនសូត្រដែលផ្តោតលើការធ្វើគម្រោង
សិស្សអាចបង្កើតគម្រោងមេរៀនជាច្រើន ដែលពួកគេនឹងបន្ថែមខ្លឹមសារនៅក្នុងមេរៀន និងសប្តាហ៍ជាបន្តបន្ទាប់ ។ គម្រោងមេរៀននេះអាចជាកំណាព្យ ទំនុកតម្កើង វីដេអូ គម្រោងសិល្បៈ ឬកិច្ចការច្នៃប្រឌិតផ្សេងទៀតដែលពួកគេបង្កើតក្នុងមេរៀនជាបន្តបន្ទាប់ ។ ឧទាហរណ៍ សិស្សអាចធ្វើគម្រោងមួយអំពីព្រះចេស្ដារបស់ព្រះអម្ចាស់ដើម្បីជួយសង្រ្គោះ នៅពេលពួកគេសិក្សាអំពីរបៀបដែលទ្រង់បានជួយសង្រ្គោះកូនចៅអ៊ីស្រាអែលនៅក្នុងគម្ពីរនិក្ខមនំ ។ ឬពួកគេអាចធ្វើគម្រោងមួយអំពីអារម្មណ៍នៃការសរសើរ និងការថ្វាយបង្គំចំពោះព្រះអម្ចាស់ នៅពេលពួកគេសិក្សាទំនុកដំកើង ។
សរសេរសេចក្ដីបញ្ចប់ឡើងវិញ
បន្ទាប់ពីសិក្សាដំណើររឿងក្នុងព្រះគម្ពីរ នៅពេលបុគ្គលម្នាក់ធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ ឬមិនសុចរិត សូមអញ្ជើញសិស្សឲ្យសរសេរចុងបញ្ចប់នៃដំណើររឿងក្នុងព្រះគម្ពីរនោះឡើងវិញ ដែលហាក់ដូចជាបុគ្គលនោះបានធ្វើការសម្រេចចិត្តល្អជាង ឬផ្សេងគ្នា ។ សិស្សក៏អាចធ្វើដូចនេះជាមួយនឹងដំណើររឿង ឬឧទាហរណ៍ក្នុងសម័យទំនើបផងដែរ ។
រូបមន្ត
សិស្សបង្កើតរូបមន្តដោយប្រើអ្វីដែលពួកគេកំពុងរៀន ។ អ្នកអាចចាប់ផ្តើមដោយការបង្ហាញពួកគេនូវឧទាហរណ៍នៃរូបមន្តដែលរួមបញ្ចូលគ្រឿងផ្សំ ការវាស់វែង និងការណែនាំ ។ បន្ទាប់មកជួយសិស្សធ្វើតាមលំនាំនោះ ដើម្បីរៀបចំអ្វីដែលពួកគេកំពុងរៀន ។ ពួកគេអាចដាក់ចំណងជើងរូបមន្តរបស់ពួកគេ « របៀបធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏មានឥទ្ធិពល » « របៀបធ្វើតាមព្យាការី » ឬ « របៀបដើម្បីសិក្សាព្រះគម្ពីរឲ្យកាន់តែមានប្រសិទ្ធភាព » ។ បន្ទាប់មក សិស្សរួមបញ្ចូលនូវអ្វីដែលពួកគេមានអារម្មណ៍ថាជាធាតុដ៏សំខាន់ដោយប្រើបទគម្ពីរ និងសម្រង់សម្តីទាំងឡាយ ។ ឧទាហរណ៍ នៅពេលសិក្សា របាក្សត្រទី២ ១៤–១៦ សិស្សអាចសរសេររូបមន្តសម្រាប់ការខិតខំរក និងការស្វែងរកព្រះអម្ចាស់ ។ សូមលើកទឹកចិត្តពួកគេឲ្យមានគំនិតច្នៃប្រឌិតក្នុងរូបមន្តរបស់ពួកគេ ។ ពួកគេអាចគូររូបភាពដែលតំណាងឲ្យផលិតផលសម្រេចនៃរូបមន្តនោះ ។
ដើរតួសម្ដែង
សូមឲ្យសិស្សធ្វើសកម្មភាពតាមស្ថានភាពជាសម្មតិកម្ម ឬតាមសាច់រឿងជីវិតពិតដែលអាចមាន ។ មានរបៀបជាច្រើនដើម្បីធ្វើកិច្ចការនេះ ។ អ្នកអាចឲ្យសិស្សស្ម័គ្រចិត្តមកខាងមុខក្ដារខៀន ដើម្បីសម្ដែងតាមសាច់រឿងនោះ ។ សិស្សក៏អាចសម្ដែងជាគូ ឬជាក្រុមតូចៗ ។ ឬអ្នកអាចសម្ដែងក្នុងផ្នែកមួយ ជាមនុស្សម្នាក់ដែលមានសំណួរ ហើយឲ្យថ្នាក់ទាំងមូលដោះស្រាយសំណួរ ឬកង្វល់របស់អ្នក ។
វីដេអូខ្លី
អញ្ជើញសិស្សឲ្យរៀបចំផែនការវីដេអូខ្លីមួយ ។ ពួកគេអាចបង្កើតនាដកថាមួយ ហើយសម្រេចចិត្តពីរបៀបបង្ហាញអ្វីមួយដែលពួកគេបានរៀនចេញពីមេរៀននេះ ។ ប្រសិនបើអាចធ្វើបាន ហើយប្រសិនបើមានពេល នោះសិស្សអាចបង្កើតវីដេអូ ហើយចែកចាយវានៅក្នុងថ្នាក់ ។
ការប្រែប្រួល ៖ សិស្សអាចរៀបចំគម្រោងវីដេអូមួយដើម្បីពន្យល់អំពីគោលលទ្ធិ ឬទិដ្ឋភាពសំខាន់នៃដំណឹងល្អក្នុងរយៈពេល ៦០ វិនាទី ។
ការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយសង្គម
សូមអញ្ជើញសិស្សឲ្យបង្កើតការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែកចាយពីជំនឿ ឬបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងនឹងគោលការណ៍ដែលបានពិភាក្សានៅក្នុងថ្នាក់ ។ ការណ៍នេះអាចជាអ្វីមួយដែលពួកគេចុះផ្សាយតាមអនឡាញ ឬអ្វីមួយដែលពួកគេបង្កើតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ឬពួកគេអាចស្រមៃថា មាននរណាម្នាក់បានចុះផ្សាយសំណួរទាក់ទងនឹងអ្វីដែលបានសិក្សានៅក្នុងថ្នាក់ ហើយបង្កើតការឆ្លើយតបដោយប្រើចំណេះដឹងដែលពួកគេបានរៀន ។ ឬសិស្សអាចសិក្សាការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗរបស់ថ្នាក់ដឹកនាំសាសនាចក្រ ហើយសរសេរចម្លើយ ឬកំណត់ចំណាំដែលលើកទឹកចិត្តនៅលើការចុះផ្សាយនោះ ។ ចំពោះអត្ថបទមួយដែលជួយសិស្សបង្កើតការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអត្ថន័យ សូមមើល « Social Media: Power to Change Lives » For the Strength of Youth ខែមេសា ឆ្នាំ២០២២ ទំព័រ ៨–៩ ។
ការដាក់បង្ហាញរូបភាព
សូមដាក់សិស្សជាក្រុមដើម្បីប្រើបទគម្ពីរ សម្រង់ និងធនធានសិក្សាផ្សេងទៀត ដើម្បីបង្កើតផ្ទាំងរូបភាព ឬការដាក់បង្ហាញលើជញ្ជាំងសម្រាប់ថ្នាក់រៀន ។ ផ្ទាំងរូបភាព ឬការដាក់បង្ហាញទាំឡាយរបស់ពួកគេអាចរួមបញ្ចូលបទគម្ពីរសំខាន់ៗ សំណួរដែលដំណើរឿងបទគម្ពីរអាចឆ្លើយ សេចក្ដីពិតដ៏អស់កល្ប និងរូបភាពជាដើម ។ សិស្សអាចប្ដូរទីតាំងគ្នាដើម្បីមើលស្នាដៃរបស់ក្រុមផ្សេងទៀត ។
សរសេរអត្ថបទមួយសម្រាប់ទស្សនាវដ្តីសាសនាចក្រ
សិស្សអាចស្រមៃថា ពួកគេកំពុងសរសេរអត្ថបទខ្លីមួយក្នុងទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ប្រិយមិត្ត ឬ លីអាហូណា ដោយចែកចាយអ្វីដែលពួកគេបានសិក្សា និងរបៀបដែលវាអាចជួយយុវវ័យជុំវិញពិភពលោក ។ អ្នកអាចបង្ហាញអត្ថបទមួយជាឧទាហរណ៍ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្ថែមរូបភាព គំនូសតាង និងព័ត៌មានក្រាហ្វិក ។