« ដានីយ៉ែល ១ ៖ ‹ ដានីយ៉ែល … មិនព្រមឲ្យខ្លួនសៅហ្មង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ដានីយ៉ែល ១ ៖ ‹ ដានីយ៉ែល … មិនព្រមឲ្យខ្លួនសៅហ្មង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤២
ដានីយ៉ែល ១
« ដានីយ៉ែល … មិនព្រមឲ្យខ្លួនសៅហ្មង »
នៅពេលដែលយើងជួបប្រទះនូវស្ថានភាពដែលសាកល្បងនូវការតាំងចិត្តរបស់យើងក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ តើយើងសុខចិត្តចាញ់ ឬឈរយ៉ាងរឹងមាំ ? ក្នុងនាមជាអ្នកបម្រើនៅក្នុងទីលានរបស់របស់ស្តេចនេប៊ូក្នេសា ដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវបានណែនាំឲ្យធ្វើខុសក្រឹត្យវិន័យសុខភាពរបស់ព្រះអម្ចាស់ដែលបានបើកសម្តែង ប៉ុន្តែពួកលោកឈរយ៉ាងរឹងមាំ ។ មេរៀននេះអាចជួយសិស្សពង្រឹងការតាំងចិត្តរបស់ពួកគេក្នុងការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃរបស់ព្រះអម្ចាស់ ។
ការរៀបចំរបស់សិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សាទិដ្ឋភាពទូទៅសម្រាប់ « Word of Wisdom » នៅក្នុង Topics and Questions នៅក្នុងបណ្ណាល័យដំណឹងល្អ ។ សូមលើកទឹកចិត្តពួកគេឲ្យពិភាក្សាអំពីរបៀបដែលពួកគេ ឬអ្នកដទៃបានទទួលពរដោយការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃរបស់ព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងធ្វើអ្វីខ្លះ ?
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយពិពណ៌នាអំពីមនុស្សវ័យក្មេងម្នាក់ដែលចូលចិត្តទទួលយកបញ្ហាប្រឈមដើម្បីសាកល្បងអ្វីថ្មីៗ ដូចជាឧទាហរណ៍ខាងក្រោម ។ អ្នកអាចផ្លាស់ប្តូរឈ្មោះ និងសកម្មភាពដើម្បីធ្វើឲ្យវាកាន់តែទាក់ទងទៅនឹងសិស្សរបស់អ្នក ។
ម៉ាតូ គឺជាសមាជិកដែលសកម្មរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់មានឈ្មោះល្បីក្នុងការសាកល្បងអ្វីថ្មីៗ ដូច្នេះមិត្តភក្តិរបស់គាត់តែងតែផ្តល់ឲ្យគាត់នូវបញ្ហាប្រឈមដូចខាងក្រោម ៖
-
នៅពេលដែលមិត្តភក្តិម្នាក់បានដាក់ការប្រឈមឲ្យគាត់រត់ម៉ារ៉ាតុង ។ ម៉ាតូ ទទួលយកការប្រឈមនោះ ។
-
នៅពេលដែលមិត្តភក្តិម្នាក់បានដាក់ការប្រឈមឲ្យគាត់ជ្រមុជទឹកចូលទៅក្នុងបឹងទឹកកកមួយ ។ ម៉ាតូ ទទួលយកការប្រឈមនោះ ។
-
នៅពេលដែលមិត្តភក្តិម្នាក់បានដាក់ការប្រឈមមួយឲ្យណែនាំខ្លួនរបស់គាត់ទៅកាន់មនុស្សស្រីថ្មីនៅសាលារៀន ។ ម៉ាតូ ទទួលយកការប្រឈមនោះ ។
បន្ទាប់ពីអានបញ្ហាប្រឈមបន្ទាប់ សូមផ្អាក ហើយសួរសំណួរខាងក្រោម ។
-
នៅថ្ងៃមួយមិត្តភក្តិរបស់ម៉ាតូ បានដាក់ការប្រឈមឲ្យគាត់ផឹកស្រានៅឯពិធីជប់លៀងមួយ ។
-
តើអ្នកគិតថា ម៉ាតូនឹងឆ្លើយតបយ៉ាងដូចម្តេច ? ហេតុអ្វី ?
អ្នកអាចសួរសិស្សថាតើសម្ពាធក្នុងការធ្វើខុសពាក្យសម្តីនៃប្រាជ្ញាវាងវៃ គឺជារឿងធម្មតានៅតំបន់របស់អ្នក ។ ពួកគេក៏អាចពិពណ៌នាអំពីស្ថានភាពដែលពួកគេអាចមានអារម្មណ៍ថាមានសម្ពាធដើម្បីធ្វើខុសច្បាប់នេះ ។ សូមពិចារណាលើកទឹកចិត្តសិស្សដែលអាចធ្វើខុសបទបញ្ញត្តិនេះឲ្យចងចាំថា ព្រះអម្ចាស់នឹងតែងតែជួយពួកគេជានិច្ច នៅពេលពួកគេត្រឡប់ទៅរកទ្រង់វិញ ហើយប្រែចិត្ត ។ សូមធានាដល់សិស្សថា ព្រះអម្ចាស់ស្រឡាញ់ពួកគេ ហើយអញ្ជើញពួកគេឲ្យបន្តខិតខំ ។
ដើម្បីវាយតម្លៃការតាំងចិត្តរបស់ពួកគេក្នុងការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ នោះសិស្សអាចឆ្លើយដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកគិតថា អ្នកនឹងឆ្លើយតបដោយរបៀបណានៅក្នុងស្ថានភាពស្រដៀងគ្នានេះ ? ហេតុអ្វី ?
-
តើអ្នកគិតថាអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេចប្រសិនបើអ្នកត្រូវបានផ្តល់ឲ្យនូវអ្វីដែលទូទៅ ដូចជា កាហ្វេ ឬតែ ?
នៅពេលអ្នកសិក្សា ដានីយ៉ែល ១ នៅថ្ងៃនេះ សូមស្ដាប់រកគំនិត និងអារម្មណ៍ដែលព្រះវរបិតាសួគ៌អាចប្រទានឲ្យអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមរកមើលរបៀបដើម្បីពង្រឹងការតាំងចិត្តរបស់អ្នកដើម្បីគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃរបស់ព្រះអម្ចាស់ ។
ដានីយ៉ែលបានគោរពតាមព្រះអម្ចាស់ ។
ប្រហែលឆ្នាំ៦០៦ មុន គ.ស នេប៊ូក្នេសា ជាស្ដេចនៃបាប៊ីឡូនបានវាយលុកក្រុងយេរូសាឡិម ហើយចាប់ពួកសាសន៍អ៊ីស្រាអែលមួយចំនួនធ្វើជាឈ្លើយនៅបាប៊ីឡូន ។ ស្តេចបានបញ្ជាឲ្យយុវវ័យអ៊ីស្រាអែលមួយចំនួនត្រូវបណ្តុះបណ្តាលសម្រាប់បម្រើនៅក្នុងគ្រួសាររបស់ទ្រង់ ។ នៅក្នុងចំណោមយុវវ័យទាំងនេះ មានយុវជនបួននាក់មានឈ្មោះ ដានីយ៉ែល, ហាណានា, មីសាអែល និង អ័សារា ។ នៅបាប៊ីឡូន ឈ្មោះរបស់ពួកគេត្រូវប្តូរទៅជា បេលថិស្សាសារ, សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ( សូមមើល ដានីយ៉ែល ១:១–៧ ) ។
ពេលសិស្សអានខគម្ពីរខាងក្រោម សូមពិចារណាផ្អាកបន្ទាប់ពីខទី ១០ ដើម្បីសួរសំណួរខាងក្រោម ។ ជាជម្រើសផ្សេងទៀត អ្នកអាចអញ្ជើញសិស្សឲ្យអានតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ពេលអ្នកបង្ហាញវីដេអូ « God Gave Them Knowledge » ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ចាប់ពីនាទីទី ០:៥២ ដល់ ៥:១៥ ដោយផ្អាកនៅនាទីទី ៤:១៨ ដើម្បីពិភាក្សាអំពីសំណួរទាំងនេះ ។
សូមអាន ដានីយ៉ែល ១:៥, ៨–១៤ ដោយរកមើលអ្វីដែលស្តេចបានបង្គាប់ដានីយ៉ែល និងមិត្តភក្តិរបស់លោកឲ្យធ្វើ ។
-
ហេតុអ្វីបានជាសំណើនេះអាចជាការលំបាកសម្រាប់ដានីយ៉ែល និងមិត្តភក្តិរបស់លោក ?
-
អ្នកគិតថា ហេតុអ្វីបានជាការមិនបរិភោគ និងផឹកគ្រឿងមួយចំនួនសមនឹងធ្វើឲ្យស្តេចក្រោធខឹង ?
អ្នកអាចរំឭកសិស្សថានៅក្នុងសម័យរបស់ដានីយ៉ែល ពួកសាសន៍អ៊ីស្រាអែលបានអនុវត្តតាមច្បាប់របស់លោកម៉ូសេ ដែលរួមបញ្ចូលទាំងការរឹតបន្តឹងរបបអាហារមួយចំនួន ( សូមមើល ចោទិយកថា ១៤ ) ។ អ្នកក៏អាចពន្យល់ថា « អាហារគ្រាប់ » សំដៅទៅលើ « អាហារដែលធ្វើពីគ្រាប់ពូជ គ្រាប់ធញ្ញជាតិ។ល។ » ( ដានីយ៉ែល ១:១២ footnote a ) ។
ពរជ័យនៃការគោរពតាមព្រះអម្ចាស់
ដើម្បីជួយសិស្សឲ្យស្វែងយល់ពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ដានីយ៉ែល និងមិត្តភក្តិរបស់លោក នោះអ្នកអាចរៀបចំសិស្សទៅជាដៃគូៗ ។ នៅពេលពួកគេអានខគម្ពីរខាងក្រោម សូមអញ្ជើញដៃគូម្នាក់ឲ្យរកមើលរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ដានីយ៉ែល និងមិត្តភក្តិរបស់លោកខាងរូបកាយ ហើយអញ្ជើញដៃគូផ្សេងទៀតឲ្យរកមើលរបៀបដែលព្រះអម្ចាស់បានប្រទានពរពួកគេខាងវិញ្ញាណ ។ បន្ទាប់មក សូមអញ្ជើញដៃគូទាំងឡាយឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ សូមឲ្យពួកគេគូសចំណាំពរជ័យខាងរូបកាយ និងខាងវិញ្ញាណតាមរបៀបពីរផ្សេងគ្នា ( ដូចជាគូសពណ៌ចំណាំដោយពណ៌ផ្សេងៗគ្នា ឬគូសបន្ទាត់ពីក្រោមមួយ និងគូសពណ៌ចំណាំផ្សេងទៀត ) ។
សូមអាន ដានីយ៉ែល ១:១៥–២០ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់ដានីយ៉ែល និងមិត្តភក្តិរបស់លោកសម្រាប់ការគោរពប្រតិបត្តិរបស់ពួកលោក ។
នៅពេលសិស្សស្វែងរកគុណលក្ខណៈ និងចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកគេអាចបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីទុកចិត្ត និងគោរពតាមទ្រង់ ។ មធ្យោបាយមួយដើម្បីជួយសិស្សធ្វើកិច្ចការនេះ គឺដោយការបង្កើតសំណួរស្វែងរក ដូចតទៅនេះ ដើម្បីឲ្យសិស្សជញ្ជឹងគិត ។
( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការបង្កើតសំណួរស្វែងរក ដើម្បីជួយសិស្សស្វែងរកគុណលក្ខណៈ និងចរិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ សូមមើល « បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ) ។
សូមអាន ខទី ១៥–២០ ម្តងទៀត ប៉ុន្តែលើកនេះ សូមជញ្ជឹងគិតនូវអ្វីដែលអ្នករៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះ ?
-
តើការយល់ដឹងនេះអាចពង្រឹងបំណងប្រាថ្នារបស់អ្នកដើម្បីទុកចិត្ត និងគោរពតាមទ្រង់ដោយរបៀបណា ?
អ្នកអាចពន្យល់ថាដូចជានៅក្នុងសម័យដានីយ៉ែល ដែរ ព្រះអម្ចាស់បានបង្ហាញច្បាប់សុខភាពសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ច្បាប់នេះត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ) ។
សកម្មភាពខាងក្រោមអាចជួយសិស្សសិក្សាពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ សូមពិចារណាផ្តល់ក្រដាស និងសម្ភារសិក្សា ព្រមទាំងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស សម្រាប់សិស្សដែលមិនអាចចូលប្រើបណ្ណាល័យដំណឹងល្អបាន ។ អ្នកអាចកំណត់ពេលវេលាដែលត្រូវចំណាយលើសកម្មភាពនេះ ដើម្បីអនុញ្ញាតឲ្យមានពេលវេលាសម្រាប់បទពិសោធន៍នៅចុងបញ្ចប់នៃមេរៀននេះ ។
សូមស្រមៃថាអ្នកត្រូវបានស្នើសុំឲ្យបង្កើតប័ណ្ណប្រកាសមួយ ដែលពិពណ៌នាអំពីអ្វីដែលពិសេសអំពីសាសនារបស់អ្នក ។ អ្នកសម្រេចចិត្តបង្កើតប័ណ្ណប្រកាសរបស់អ្នកអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ សូមប្រើធនធានមួយចំនួន ឬទាំងអស់ខាងក្រោមដើម្បីកំណត់អ្វីដែលត្រូវដាក់បញ្ចូល ៖
-
ដានីយ៉ែល ១:១៥–២០
-
« ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topics and Questions ( បណ្ណាល័យដំណឹងល្អ ) ឬ នៅក្នុងផ្នែក « ចុះចំណែក … ? » នៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្ដីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ )
-
« The Word of Wisdom: What It Is, What It Isn’t » New Era ខែសីហា ឆ្នាំ២០១៩ ទំព័រ ២៦–២៨
ត្រូវប្រាកដថាត្រូវដាក់បញ្ចូលសេចក្តីថ្លែងការណ៍នៃសេចក្តីពិតអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃនៅលើប័ណ្ណប្រកាសរបស់អ្នក ។ សេចក្តីពិតនេះអាចបានមកពីបទពិសោធន៍របស់ដានីយ៉ែល ឬពីប្រភពផ្សេងទៀត ។
សូមអញ្ជើញសិស្សឲ្យចែកចាយប័ណ្ណប្រកាសរបស់ពួកគេ និងសេចក្តីថ្លែងការណ៍នៃសេចក្តីពិតជាមួយសិស្សក្នុងថ្នាក់ ។ នៅក្នុងចំណោមសេចក្តីពិតទាំងឡាយដែលពួកគេអាចចែកចាយ សូមគូសបញ្ជាក់ដូចខាងក្រោម ៖ នៅពេលយើងរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដើម្បីគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ នោះទ្រង់នឹងប្រទានពរដល់យើងខាងរាងកាយ និងខាងវិញ្ញាណ ។
( ចំណាំ ៖ នៅក្នុងមេរៀនទី ១៦០ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១០ » សិស្សនឹងមើលត្រឡប់ក្រោយវិញនូវប័ណ្ណប្រកាសដែលពួកគេបានបង្កើត ។ វាអាចមានប្រយោជន៍ក្នុងការប្រមូលប័ណ្ណប្រកាស ឬដាក់បង្ហាញប័ណ្ណប្រកាសរហូតដល់អ្នកបង្រៀនមេរៀននោះ ដើម្បីឲ្យសិស្សអាចចូលប្រើវាបាន ) ។
អ្នកដែលមិនទាន់យល់ពីគោលបំណងនៃពាក្យសម្តីនៃប្រាជ្ញាវាងវៃនៅឡើយ អាចចាត់ទុកវាជាការរឹតបន្តឹងដែលមិនចាំបាច់ដែលសាសនាចក្រដាក់កំណត់ ។ សូមចំណាយពេលមួយនាទីដើម្បីជញ្ជឹងគិតអំពីពរជ័យដែលកើតចេញពីការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ និងលទ្ធផលនៃការធ្វើខុសច្បាប់នេះ សម្រាប់បុគ្គល ក្រុមគ្រួសារ និងសង្គម ។
-
តើអ្នកគិតថា ពាក្យសម្តីនៃប្រាជ្ញាវាងវៃបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ?
ការតាំងចិត្តឥឡូវនេះដើម្បីគោរពតាមព្រះអម្ចាស់
ដើម្បីជួយសិស្សពង្រឹងការតាំងចិត្តរបស់ពួកគេដើម្បីគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃរបស់ព្រះអម្ចាស់ អ្នកអាចអញ្ជើញពួកគេឲ្យបំពេញប្រយោគខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ នៅពេលពួកគេរៀបចំសរសេរ សូមឲ្យពួកគេពិចារណាអំពីរបៀបដែលការតាំងចិត្តរបស់ពួកគេក្នុងការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ អាចពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំចង់គោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដោយសារ …
រឿងមួយដែលខ្ញុំអាចធ្វើបាន ដែលនឹងជួយខ្ញុំគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃគឺ …
អ្នកអាចបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងពរជ័យដែលអ្នកបានឃើញមកពីការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។