ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ទី ៥ ៖ ការទន្ទេញ​វគ្គ​បទគម្ពីរ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ


« ការអនុវត្ត​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ទី ៥ ៖ ការទន្ទេញ​វគ្គ​បទគម្ពីរ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការអនុវត្ត​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ទី ៥ ៖ ការទន្ទេញ​វគ្គ​បទគម្ពីរ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ មេរៀន​ទី ៧៦

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥

ការទន្ទេញ​វគ្គ​បទគម្ពីរ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ

ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស ហើយ​ចាប់ផ្តើម​ទន្ទេញ​វគ្គបទគម្ពីរ​ចំណេះចំណានខាង​គោលលទ្ធិ ។ កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជា​ធនធាន​ដ៏​មាន​ប្រយោជន៍ ។ បញ្ជី​នៃ​វគ្គបទគម្ពីរ​អាច​រក​បាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ ទន្ទេញ

អ្នក​អាច​ចាប់ផ្តើម​បង្រៀន​ដោយ​ជួយ​សិស្ស​មើលឃើញ​ពី​តម្លៃ​នៃ​ការទន្ទេញ​សេចក្តីយោង​នៃ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ វិធី​មួយ​ក្នុង​ការធ្វើ​កិច្ចការ​នេះ គឺ​ដោយ​ការសួរ​សំណួរ​ខាងក្រោម ។

  • តើ​អ្វី​ជា​រឿង​ដំបូង​ដែល​អ្នក​ចងចាំ​ដែល​បានទន្ទេញ ? តើ​អ្នក​នៅតែ​ចាំ​ពី​វា​ដែរឬទេ ?

  • តើ​អ្នក​ធ្លាប់​ទន្ទេញ​បទគម្ពីរ​ដែរឬទេ ? តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ក្នុង​ការទន្ទេញ​បទគម្ពីរ​នោះ ?

  • តើ​អ្នក​អាច​គិត​អំពី​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រំឭក​បទគម្ពីរ​ពី​ការចងចាំ​ដែរ​ឬទេ ?

ប្រសិនបើ​ចាំបាច់ សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដក​ស្រង់​បទគម្ពីរ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន ដូចជា​ពេល​សាតាំង​ល្បួង​ទ្រង់ ( សូម​មើល ម៉ាថាយ ៤:៤, ៧, ១២ ) នៅពេល​ទ្រង់​ត្រូវបាន​សួរ​សំណួរ​ពិបាក ( សូម​មើល ម៉ាថាយ ៩:១៣; ១៥:៤, ៧–៩; ម៉ាកុស ១០:៧–៨ ) ហើយ​នៅ​ពេល​ដែល​ទ្រង់​បង្រៀន​ពួក​នីហ្វៃ ( សូម​មើល​នីហ្វៃទី៣ ២២; ២៤–២៥ ) ។

ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ចាំ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​ពិចារណា​ធ្វើ​ដូច​ខាងក្រោម ឬ​ជ្រើសរើស​សកម្មភាព​ទន្ទេញ​ផ្សេង​ទៀត​ពី « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ឡើងវិញ » នៅក្នុង​ឧបសម្ព័ន្ធ ។

បង្ហាញ​បញ្ជី​មួយ​អំពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ដែល​សិស្ស​បាន​សិក្សា​កន្លងមក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​ចង់​ទន្ទេញ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​កិច្ចការ​ខាងក្រោម ។

សរសេរ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ( ប្រហែល​ជា​សរសេរ​ដោយ​ប្រើ​ខ្មៅដៃ ) ។ បន្ទាប់មក អាន​វា​ឲ្យ​ឮៗ​ទៅ​កាន់​ខ្លួន​អ្នក ។ បន្ទាប់ពី​អាន​រួច លុប ឬ​ឆូត​ពាក្យ ឬ​លេខ​មួយ ឬពីរ​ចេញ ។ អាន​វា​ឲ្យ​ឮៗ​ម្តងទៀត ។ សូម​បន្ត​ធ្វើដូចគ្នា​បែបនេះ​ឡើងវិញ​រហូត​ទាល់តែ​អ្នក​បាន​លុប​ពាក្យ និង​លេខ​ទាំង​អស់​ចេញ ។ បន្ទាប់មក មើលថា​តើ​អ្នក​អាច​សរសេរ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ចេញពី​ការចងចាំ ។

ប្រសិនបើ​មាន​ពេល​គ្រប់គ្រាន់ សិស្ស​អាច​ធ្វើ​ដូចគ្នា​បែបនេះ​ឡើងវិញ​ជាមួយ​នឹង​វគ្គ​បទគម្ពីរ​មួយ​ទៀត ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ

វា​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការមាន​ឱកាស​ជា​ច្រើន​ដើម្បី​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ការរំឭក​ឡើងវិញ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលការណ៍​កាន់តែ​ស៊ីជម្រៅ​ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រើ​វា​នៅពេល​ចាំបាច់ ។ សូម​ពិចារណា​រំឭក​ឡើងវិញ​នូវ​គោលការណ៍​ដោយ​ប្រើ​សកម្មភាព​រំឭក​ឡើងវិញ​មួយ​ដែល​បាន​ស្នើ​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ឡើងវិញ » នៅក្នុង​ឧបសម្ព័ន្ធ​នេះ ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងឡាយ​មាន​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

ផ្ដល់​ឲ្យ​សិស្ស​នូវ​ស្ថានភាព​មួយ​ដែល​ជួយ​ពួកគេ​ដោះស្រាយ​សំណួរ​អំពី​គុណតម្លៃ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ និង​សារៈសំខាន់​នៃ​ការមើល​ឃើញ និង​ការប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​តាម​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ ។ ថ្មីៗ​នេះ សិស្ស​បាន​រៀន​សេចក្ដីពិត​អំពី​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​យើង ( សូម​មើល លោកុប្បត្ដិ ១:២៦–២៧ ) របៀប​ដែល​ព្រះអម្ចាស់​ទត​ឃើញ​យើង ( សូម​មើល សាំយូអែល ទី១ ១៦:៧ ) និង​របៀប​ដែល​រាស្ដ្រ​របស់​ព្រះអម្ចាស់​គួរតែ​រួបរួម​គ្នា ( សូម​មើល ម៉ូសេ ៧:១៨ ) ។

អ្នក​អាច​ចែកចាយ​សាច់រឿង​ខាងក្រោម ឬ​អ្នក​អាច​សម្រប​សាច់រឿង​ទាំងនោះ​ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ ។ ជម្រើស​មួយទៀត​គឺ​ត្រូវ​ប្រើ​វីដេអូ « Bullying—Stop It ( ១០:២២ ) » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ បង្ហាញ​វីដេអូ​ចាប់​ពី​នាទី​ទី ០:០០ ដល់ ៦:៥០ ។ បន្ទាប់មក​ផ្អាក​វីដេអូ​នោះ ហើយ​បន្ត​សកម្មភាព​មេរៀន ។

10:23

សូម​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ៖

ចូ ជា​ម្នាក់​នៅក្នុង​ក្រុម​មិត្តភក្តិ​ដែល​តែងតែ​មិនមាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដទៃ​នៅ​សាលា និង​តាម​បណ្តាញ​សង្គម ។ ពួកគេ​គិត​ថា​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​គ្រាន់​តែ​ជា​ការលេងសើច និង​សប្បាយ​ប៉ុណ្ណោះ ។ ថ្ងៃមួយ ចូ បាន​ឃើញ​ប្អូនស្រី​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើ​បាប ។ គាត់​អាច​មើល​ឃើញ​ថា ប្អូន​ស្រី​គាត់​ឈឺ​ចាប់​ប៉ុនណា ។ គាត់​បារម្ភ​ពី​របៀប​ដែល​ការសម្លុត ធ្វើបាប​អាច​ប៉ះពាល់​ដល់​នាង។ ការឃើញ​ប្អូនស្រី​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើបាប​បណ្តាល​ឲ្យ ចូ ដឹង​អ្វីមួយ​ដែល​គាត់​មិន​បាន​មើលឃើញ​ពី​មុន​មក ។ គាត់​ទទួល​ស្គាល់​ពី​របៀប​ដែល​គាត់ និង​មិត្ត​របស់​គាត់​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​បែបនោះ ។ គាត់​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ហើយ​ឆ្ងល់​ថា​គាត់​គួរ​ធ្វើ​អ្វី​ឥឡូវ​នេះ ។

  • តើ​ការសម្រេចចិត្ត​ពិបាក​អ្វីខ្លះ​អំពី​របៀប​ដែល​គាត់​គួរ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដែល ចូ ប្រហែលជា​ពិចារណា​ធ្វើ ? ហេតុអ្វី​បាន​ជា​វា​ពិបាក​ក្នុង​ការធ្វើការ​ផ្លាស់ប្តូរ​ទាំងនេះ ?

ដើម្បី​ជួយ​សិស្ស​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ចំពោះ​សាច់រឿង​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ។

ជ្រើសរើស​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដែល​អ្នក​គិត​ថា​អាច​មាន​ប្រយោជន៍​សម្រាប់ ចូ ។ បំពេញ​សកម្មភាព​ខាងក្រោម​ដែល​ត្រូវ​នឹង​គោលការណ៍​ដែល​អ្នក​បាន​ជ្រើសរើស ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ ចូ ដឹង ។ សូម​គិត​អំពី​ការបង្រៀន​នៃ​បទគម្ពីរ​ដូចជា លោកុប្បត្តិ ១:២៦–២៧ និង សាំយូអែល ទី១ ១៦:៧ ដែល​អាច​ជួយ​គាត់​មើល​ឃើញ​ខ្លួន​គាត់ និង​អ្នក​ដទៃ​ទៀត​បាន​កាន់តែ​ត្រឹមត្រូវ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូម​ធ្វើ​បញ្ជី​នៃ​បទគម្ពីរ ឬ​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល ចូ អាច​សិក្សា​បាន​ដើម្បី​ជួយ​គាត់​ជ្រើសរើស​ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្តូរ ។

អ្នក​អាច​ចូល​ទៅ​កាន់​ផ្ទាំង​សន្និសីទ​ទូទៅ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សូម​ចូល​ទៅ​កាន់ « ប្រធានបទ » ហើយ​ជ្រើសរើស​ប្រធានបទ​ដែល​ទាក់ទង​នឹង​ស្ថានភាព​របស់ ចូ ដូចជា​សេចក្តី​សប្បុរស សេចក្តី​មេត្តាករុណា គំរូ ឬ​ការប្រែចិត្ត ។ រកមើល​តាមរយៈ​សុន្ទរកថា​មួយ ហើយ​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ដែល​អាច​ពង្រឹង ឬណែនាំ​ដល់ ចូ ។

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការស្វែងរក​បទគម្ពីរ​មួយ អ្នក​អាច​ពិនិត្យ​មើល​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

ដើម្បី​បង្ហាញ​ពី​អ្វី​ដែល ចូ អាច​ធ្វើ​បាន សូម​បង្កើត​ស្លាក​គំនូរ​ដំណើរ​រឿង​មួយ​ដែល​មាន​រូបភាព​ពី​បី​ទៅ​ប្រាំមួយ​រូប ដែល​បង្ហាញ​ពី​របៀប​ដែល​គាត់​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​ផ្នែក​នៃ​ស្លាក​គំនូរ​ដំណើររឿង​របស់​អ្នក សូម​ពិចារណា​ពី​របៀប​ដែល ចូ អាច​ប្រើ​ចំណេះដឹង​របស់​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ស្តាប់​មិត្តភក្តិ​របស់​ពួកគេ ។

ប្រសិនបើ​អ្នក​បង្ហាញ​វីដេអូ អ្នក​អាច​បង្ហាញ​វីដេអូ​ដែល​មិន​ទាន់​បង្ហាញ​ពី​នាទី​ទី ៦:៥១ ដល់ ១០:២៣ ។ អ្នក​អាច​សុំ​សិស្ស​ឲ្យ​រកមើល​របៀប​ដែល​យុវវ័យ​បាន​ទទួល​អត្ថប្រយោជន៍ ឬ​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។

10:23

ប្រសិនបើ​អ្នក​ប្រើ​សាច់រឿង​នោះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​រឿង​ដែល​នៅ​សេសសល់​ជា​ក្រុម​តូចៗ ។ អញ្ជើញ​ក្រុម​ឲ្យ​មក​មើល​ផ្នែក​ពីរ​ខាងក្រោម​នៃ​រឿង​នោះ ៖

  • ការឆ្លើយតប​របស់ ចូ ទៅកាន់​មនុស្ស​ដែល​គាត់​មិនមាន​ចិត្ត​សប្បុរស​ជាមួយ

  • ការឆ្លើយតប​របស់ ចូ ទៅ​កាន់​មិត្ត​របស់​គាត់

សូម​ទុកពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​បំពេញ​សាច់រឿង​នេះ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​អ្វីមួយ​នៅ​ថ្ងៃ​នេះ ដើម្បី​អនុវត្ត​គោលការណ៍​មួយ ឬ​ច្រើន​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ចំពោះ​ស្ថានភាព​ដែល​ពួកគេ​កំពុង​ប្រឈម ឬ​នឹង​ប្រឈម ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​សិស្ស​ដែល​មាន​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន នៅពេល​ពួកគេ​ស្វែងរក​ការណែនាំ ។