« យ៉ូស្វេ ១ ៖ ព្រះអម្ចាស់នឹងមិនធ្វើឲ្យយើងខកចិត្ត ឬបោះបង់យើងចោលឡើយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូស្វេ ១ ៖ ព្រះអម្ចាស់នឹងមិនធ្វើឲ្យយើងខកចិត្ត ឬបោះបង់យើងចោលឡើយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀនទី ៦១
យ៉ូស្វេ ១
ព្រះអម្ចាស់នឹងមិនធ្វើឲ្យយើងខកចិត្ត ឬបោះបង់យើងចោលឡើយ
ក្នុងនាមជាព្យាការីដែលបានជ្រើសរើសរបស់ព្រះអម្ចាស់ ម៉ូសេបានតែងតាំងយ៉ូស្វេដើម្បីដឹកនាំសាសន៏អ៊ីស្រាអែលទៅកាន់ដែនដីសន្យា ។ ទោះបីជាភារកិច្ចនេះហាក់ដូចជាលំបាកក៏ដោយ ព្រះអង្គសង្គ្រោះបានបញ្ជាឲ្យយ៉ូស្វេមានភាពរឹងមាំ និងមានសេចក្ដីក្លាហានដោយសន្យាថា ទ្រង់នឹងមិនធ្វើឲ្យខកចិត្ត ឬបោះបង់ព្យាការីរបស់ទ្រង់ឡើយ ( សូមមើល យ៉ូស្វេ ១:៥–៦ ) ។ មេរៀននេះអាចជួយបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់អាចជួយពួកគេឲ្យរឹងមាំ និងមានសេចក្ដីក្លាហាន នៅពេលពួកគេប្រឈមមុខនឹងឧបសគ្គទាំងឡាយ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពនានា នៅពេលយុវជនម្នាក់ត្រូវបង្ហាញសេចក្ដីក្លាហាន ។ សិស្សអាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិសម្រាប់បទពិសោធន៍ដែលពួកគេមានដែលតម្រូវឲ្យមានសេចក្ដីក្លាហាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្ដីក្លាហាននៅពេលប្រឈមមុខនឹងឧបសគ្គទាំងឡាយ
ដើម្បីចាប់ផ្ដើមថ្នាក់ សូមពិចារណាសរសេរពាក្យ សេចក្ដីក្លាហាន នៅលើក្ដារខៀន ។ នៅពេលសិស្សឆ្លើយតបទៅនឹងសំណួរខាងក្រោមនេះ សូមអញ្ជើញពួកគេឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
-
តើព្រះយេស៊ូវគ្រីស្ទជាគំរូអំពីសេចក្ដីក្លាហានយ៉ាងដូចម្ដេច ?
-
តើស្ថានភាពមួយចំនួនអ្វីខ្លះដែលក្មេងវ័យជំទង់អាចប្រឈមមុខដែលនឹងតម្រូវឲ្យមានចិត្តក្លាហាន ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរនូវឧបសគ្គមួយចំនួនដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ ឬអាចប្រឈមមុខនាពេលអនាគត ដែលតម្រូវឲ្យមានសេចក្ដីក្លាហាន ។
ស្វ័យវាយតម្លៃ អាចជួយសិស្សឲ្យវាយតម្លៃស្ថានភាពបច្ចុប្បន្នរបស់ពួកគេ និងផ្ដល់ឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធបំពេញតាមតម្រូវការបុគ្គលរបស់ពួកគេតាមរយៈមេរៀននេះ ។ របៀបមួយដើម្បីធ្វើការណ៍នេះ អាចជាការអញ្ជើញសិស្សឲ្យឆ្លើយតបទៅនឹងការជំរុញដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
នៅពេលខ្ញុំត្រូវបានសុំឲ្យធ្វើអ្វីមួយដែលមើលទៅដូចជាពិបាក ខ្ញុំតែងតែមានអារម្មណ៍ ។
-
នៅលើរង្វាស់ ១ ( ទាប ) ដល់ ៥ ( ខ្ពស់ ) តើខ្ញុំមានទំនុកចិត្តប៉ុនណាដែលថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយខ្ញុំឲ្យប្រឈមមុខនឹងឧបសគ្គរបស់ខ្ញុំដោយសេចក្ដីក្លាហាន ? ហេតុអ្វី ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមយកចិត្តទុកដាក់ទៅលើចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដែលអាចជួយអ្នកឲ្យមានសេចក្ដីក្លាហាន និងបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះអម្ចាស់គង់ជាមួយនឹងអ្នក ។
យ៉ូស្វេត្រូវបានតែងតាំងឲ្យដឹកនាំកូនចៅអ៊ីស្រាអែល
សូមពិចារណាបង្ហាញរូបភាពរបស់ម៉ូសេតែងតាំងយ៉ូស្វេ ដូចរូបនៅដើមមេរៀននេះ ( សូមមើល ចោទិយកថា ៣៤:៩ ) ។
ទោះបីជាម៉ូសេបាននៅជាមួយកូនចៅនៃអ៊ីស្រាអែលក៏ដោយ ចាប់តាំងពីការរំដោះរបស់ពួកគេពីអេស៊ីព្ទ ព្រះអម្ចាស់បានហៅយ៉ូស្វេឲ្យនាំពួកគេទៅកាន់ដែនដីសន្យា ។
-
តើយ៉ូស្វេអាចប្រឈមមុខនឹងឧបសគ្គអ្វីខ្លះក្នុងនាមជាព្យាការីរបស់ព្រះអម្ចាស់ និងអ្នកដឹកនាំកងទ័ពនៃអ៊ីស្រាអែល ?
សូមជួយសិស្សឲ្យយល់ថា យ៉ូស្វេនឹងមានការទទួលខុសត្រូវនៃការដឹកនាំខាងវិញ្ញាណនៃអ៊ីស្រាអែល ។ យ៉ូស្វេក៏ជាមេបញ្ជាការកងទ័ពផងដែរ ហើយនឹងនាំអ៊ីស្រាអែល វាយយកដែនដីពីពួកកាណានដែលបានទុំក្នុងអំពើទុច្ចរិត ( សូមមើល នីហ្វៃទី១ ១៧:៣១–៤០ ) ។ ព្រះអម្ចាស់បានសន្យាថានឹងប្រគល់ដែនដីនេះដល់អ័ប្រាហាំ និងកូនចៅដ៏សុចរិតរបស់លោក ( សូមមើល យ៉ូស្វេ ១:១–៤ ) ។
សូមអាន យ៉ូស្វេ ១:៥–៩ ដោយគូសចំណាំការសន្យា និងការណែនាំម្តងហើយម្តងទៀតពីព្រះអម្ចាស់ដែលអាចជួយយ៉ូស្វេផ្តោតអារម្មណ៍ទៅលើទ្រង់ពេលប្រឈមមុខនឹងឧបសគ្គទាំងឡាយ ។
-
តើអ្នករកឃើញអ្វីសំខាន់ខ្លះចេញពីខគម្ពីរទាំងនេះ ?
-
តើអ្នកនឹងសង្ខេបសេចក្ដីពិតដើម្បីជួយនរណាម្នាក់ឲ្យឆ្លងកាត់ឧបសគ្គដោយរបៀបណា ?
ពេលសិស្សចែកចាយសេចក្ដីពិតដែលពួកគេបានរកឃើញ សូមជួយពួកគេឲ្យដឹងថា ពេលយើងដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង យើងអាចមានភាពរឹងមាំ និងសេចក្ដីក្លាហាន ។ អ្នកអាចប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោម ដើម្បីជួយសិស្សឲ្យយល់ពីសេចក្តីពិតនេះ ។ សិស្សអាចធ្វើការជាមួយដៃគូម្នាក់ ឬក្រុមតូចមួយ ហើយបន្ទាប់មកចែកចាយនូវអ្វីដែលពួកគេបានពិភាក្សាជាមួយមិត្តរួមថ្នាក់ ។
សូមគិតអំពីស្ថានភាពលំបាកៗដែលមានរាយបញ្ជីនៅលើក្ដារខៀន និងនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
តើការមានភាពរឹងមាំ និងសេចក្ដីក្លាហាននៅពេលប្រឈមមុខនឹងឧបសគ្គទាំងនេះមានលក្ខណៈដូចម្តេច ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ដែលអាចជួយនរណាម្នាក់ឲ្យមានភាពរឹងមាំ និងសេចក្ដីក្លាហាន ? តើអ្នកដឹងការណ៍នេះបានដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៨ រកមើលរបៀបដែលព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ។
របៀបអញ្ជើញដើម្បីទទួលបានជំនួយរបស់ព្រះអម្ចាស់
សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យស្គាល់របៀបអញ្ជើញដើម្បីទទួលបានជំនួយរបស់ព្រះអម្ចាស់ នៅពេលពួកគេត្រូវមានភាពរឹងមាំ និងសេចក្ដីក្លាហាន ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនោះ ។ បន្ទាប់ពីទុកពេលសមរម្យហើយ សិស្សអាចចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយអ្នកដែលជ្រើសរើសសកម្មភាពផ្សេងទៀត ។
អ្នកអាចផ្តល់នូវសេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ដែលមាននៅក្នុងធនធានបន្ថែមទាំងឡាយសម្រាប់សិស្សដើម្បីសិក្សាអំពីសកម្មភាពនីមួយៗ ។
សកម្មភាព ក ៖ ការគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ
សូមអាន យ៉ូស្វេ ១:៧ និងបទគម្ពីរដូចខាងក្រោមមួយឬច្រើន ៖ យ៉ូហាន ១៥:១០; នីហ្វៃទី១ ៣:៧; ម៉ូសាយ ២:៤១; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:២០ ។
-
តើអ្នកឃើញភាពទាក់ទងគ្នាអ្វីខ្លះរវាងការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ និងការមានភាពរឹងមាំ និងមានសេចក្ដីក្លាហាន ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទានពរដល់យើង ដោយសារការគោរពប្រតិបត្តិតាមរបៀបណាខ្លះ ?
សកម្មភាព ខ ៖ ការត្រិះរិះពិចារណាអំពីព្រះបន្ទូលរបស់ព្រះ
សូមអាន យ៉ូស្វេ ១:៨ និងព្រះគម្ពីរដូចខាងក្រោមមួយ ឬច្រើន ៖ ធីម៉ូថេ ទី២ ៣:១៥–១៧; នីហ្វៃទី២ ៣១:២០; ៣២:៣ ។
-
តើអ្វីដែលបានជួយអ្នកការត្រិះរិះពិចារណាពីបទគម្ពីរ ?
-
តើអ្នកគិតថា ការត្រិះរិះពិចារណាពីព្រះបន្ទូលរបស់ព្រះអាចជួយអ្នកឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់យ៉ាងដូចម្ដេច ?
ការពិនិត្យមើលគោលដៅអាចជួយសិស្សឲ្យដឹងពីការរីកចម្រើនដែលពួកគេបានធ្វើ និងធ្វើការកែតម្រូវដែលចាំបាច់ចំពោះគោលដៅរបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យពិនិត្យមើលគោលដៅសិក្សាព្រះគម្ពីរដែលពួកគេប្រហែលជាបានដាក់ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យវាយតម្លៃការរីកចម្រើនរបស់ពួកគេ ហើយធ្វើការកែសម្រួលណាមួយទៅនឹងគោលដៅរបស់ពួកគេ ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមលើការរំឭកសិស្សអំពីគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេ សូមមើល « លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ—គោលដៅការសិក្សា » នៅក្នុង ជំនាញអភិវឌ្ឍគ្រូបង្រៀន [ ឆ្នាំ២០២២ ] ទំព័រ ៣១ ) ។
សូមចងចាំថា ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង
-
តើមានរបៀបណាខ្លះដែលអ្នកបានទទួលអារម្មណ៍ថាព្រះអម្ចាស់គង់នៅជាមួយអ្នកក្នុងអំឡុងពេលប្រឈមនឹងឧបសគ្គទាំងឡាយរបស់អ្នក ?
ផ្តល់ឱកាសឲ្យសិស្សគិតពិចារណាអំពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ ពួកគេអាចយាងព្រះវិញ្ញាណឲ្យជួយពួកគេមើលឃើញពីរបៀបដែលកិច្ចខិតខំរបស់ពួកគេបានបង្កើនទំនុកចិត្ត ដែលព្រះអម្ចាស់ទ្រង់នឹងគង់នៅជាមួយពួកគេ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគិតអំពីឧបសគ្គដែលអ្នកប្រឈមមុខឥឡូវនេះ ឬអាចប្រឈមមុខនៅពេលអនាគត ។
-
តើអ្នកបានរៀនអ្វីខ្លះ ឬទទួលអារម្មណ៍យ៉ាងណាចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលអាចជួយអ្នកឲ្យរឹងមាំ និងមានសេចក្ដីក្លាហាននៅពេលប្រឈមមុខនឹងឧបសគ្គទាំងឡាយ ?
-
ចេញពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តើអ្នកចង់ចងចាំអ្វីនៅពេលក្រោយដែលអ្នកមានអារម្មណ៍មិនច្បាស់អំពីសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយស្ថានភាពដ៏លំបាកមួយ ?
សូមពិចារណាចែកចាយសក្ខីភាពរបស់អ្នកថា ព្រះអម្ចាស់នឹងគោរពសេចក្ដីសន្យារបស់ទ្រង់ដោយទ្រង់គង់នៅជាមួយយើងជានិច្ច ដោយមិនធ្វើឲ្យយើងខកចិត្ត ឬបោះបង់យើងចោលឡើយ ដូចដែលទ្រង់បានសន្យាជាមួយយ៉ូស្វេដែរ ។