« ម៉ូសេ ៨ ៖ ការធ្វើតាមព្រះអង្គសង្គ្រោះក្នុងពិភពលោកដ៏ទុច្ចរិត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ម៉ូសេ ៨ ៖ ការធ្វើតាមព្រះអង្គសង្គ្រោះក្នុងពិភពលោកដ៏ទុច្ចរិត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ មេរៀនទី ១៩
ម៉ូសេ ៨
ការធ្វើតាមព្រះអង្គសង្គ្រោះក្នុងពិភពលោកដ៏ទុច្ចរិត
ព្រះអម្ចាស់បានហៅណូអេឲ្យធ្វើជាព្យាការីនៅគ្រាមួយដែលមនុស្សទាំងនោះត្រូវបានពិពណ៌នាថា « សុទ្ធតែអាក្រក់ជានិច្ច » ( ម៉ូសេ ៨:២២ ) ។ ទោះជាស្ថិតនៅក្នុងចំណោមសេចក្ដីទុច្ចរិតដ៏ច្រើនក្ដី ក៏ណូអេនិងពួកកូនប្រុសរបស់លោកបានជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទដែរ ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមព្រះអង្គសង្គ្រោះកាន់តែប្រសើរឡើង ទោះជាកំពុងរស់នៅក្នុងពិភពលោកដ៏ទុច្ចរិតមួយក្ដី ។
ការរៀបចំខ្លួនរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីឧបសគ្គ ឬការលំបាកដែលពួកគេប្រឈមមុខនៅក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ សូមអញ្ជើញពួកគេឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយនូវអ្វីដែលបានជួយពួកគេឲ្យយកឈ្នះលើពិភពលោកនេះ ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរស់នៅក្នុងពិភពលោកនេះ ប៉ុន្តែមិនមែនជារបស់ផងលោកិយឡើយ
សូមចាប់ផ្តើមថ្នាក់ដោយបង្ហាញសិស្សនូវទឹកមួយធុង និងវត្ថុស្ងួតតូចមួយ ។
-
តើវត្ថុមួយអាចនៅស្ងួតដដែលបានទេ ប្រសិនបើវាត្រូវបានគេដាក់ចូលទៅក្នុងទឹកមួយធុង ? ដោយរបៀបណាទៅ ?
បន្ទាប់ពីសិស្សបានមានឱកាសចែកចាយគំនិតរបស់ពួកគេហើយ សូមដាក់វត្ថុនោះនៅក្នុងថង់ប្លាស្ទិច ឬធុងបិទជិត ហើយដាក់វានៅក្នុងធុងទឹកនោះ ។
-
តើវត្ថុសម្រាប់ប្រើក្នុងមេរៀននេះអាចទាក់ទងនឹងការខិតខំរបស់យើងដើម្បីរក្សាភាពសុចរិតក្នុងពិភពលោកដ៏អាក្រក់ដោយរបៀបណា ?
ដើម្បីជួយសិស្សវាយតម្លៃសមត្ថភាពបច្ចុប្បន្នរបស់ពួកគេក្នុងការរស់នៅដោយសុចរិតនៅក្នុងពិភពលោកដ៏ទុច្ចរិត សូមពិចារណាបង្ហាញសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតថាតើសេចក្ដីថ្លែងការណ៍នីមួយៗពិតយ៉ាងណាសម្រាប់ពួកគេ ។
វាពិបាកសម្រាប់ខ្ញុំក្នុងការទប់ទល់នឹងការល្បួងរបស់ពិភពលោក ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំដឹងថាខ្ញុំអាចបែរទៅរកជំនួយដើម្បីបន្តមានភាពស្មោះត្រង់នៅក្នុងពិភពលោកដ៏ទុច្ចរិតនេះ ។
ខ្ញុំចំណាយពេលជារៀងរាល់ថ្ងៃដើម្បីស្វែងយល់បន្ថែមទៀត និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សូមរំឭកសិស្សថា ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់យើងនូវអ្វីដែលយើងគួរតែធ្វើ ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។ សូមអញ្ជើញសិស្សឲ្យស្វែងរកការបំផុសគំនិត ដើម្បីដឹងពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបន្តនៅសុចរិតក្នុងពិភពលោកដែលកាន់តែទុច្ចរិតនេះ ។
ពិភពលោកដ៏ទុច្ចរិត
នៅពេលព្រះអម្ចាស់នាំយកហេណុក និងទីក្រុងរបស់លោកទៅកាន់ស្ថានសួគ៌ ( សូមមើល ម៉ូសេ ៧:៦៩ ) មធូសាឡាជាកូនប្រុសដ៏សុចរិតរបស់ហេណុក បន្តនៅលើផែនដី ( សូមមើល ម៉ូសេ ៨:២ ) ។ ចៅប្រុសរបស់មធូសាឡា ឈ្មោះណូអេ និងកូនប្រុសរបស់ណូអេបីនាក់ « បានដើរជាមួយនឹងព្រះ » ( ម៉ូសេ ៨:២៧ ) ខណៈដែលមនុស្សដែលនៅសេសសល់លើផែនដីជាច្រើនបានជ្រើសរើសភាពទុច្ចរិត ។
សូមបង្ហាញសេចក្តីណែនាំ និងតារាងខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យចម្លងតារាងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សអាចបំពេញតារាងជាក្រុមតូចៗ ។
សូមអាន ម៉ូសេ ៨:១២–២២, ២៨–២៩ ដោយរកមើលស្ថានភាពខាងវិញ្ញាណរបស់មនុស្សនៅសម័យរបស់ណូអេ ។
បន្ទាប់មកកំណត់ភាពស្រដៀងគ្នារវាងលក្ខខណ្ឌខាងវិញ្ញាណនៅសម័យរបស់ណូអេ និងលក្ខខណ្ឌដែលយើងឃើញនៅសម័យយើង ។
|
ស្ថានភាពខាងវិញ្ញាណរបស់មនុស្សជាច្រើននៅសម័យរបស់ណូអេ |
ភាពស្រដៀងគ្នារវាងសម័យណូអេ និងសម័យរបស់យើង |
សូមអញ្ជើញក្រុមឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយក្រុមផ្សេងទៀត ។ សូមលើកទឹកចិត្តសិស្សឲ្យបន្ថែមអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេចែកចាយទៅក្នុងតារាងផ្ទាល់ខ្លួនរបស់ពួកគេ ។
ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចចង្អុលបង្ហាញភាពស្រដៀងគ្នាដូចខាងក្រោមនេះ ៖
១. ដូចជាចៅស្រីរបស់ណូអេ ដែរ មនុស្សខ្លះសព្វថ្ងៃនេះបាត់បង់ពរជ័យដែលព្រះប្រទានឲ្យពួកគេតាមរយៈសេចក្តីសញ្ញាអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ( សូមមើល ខទី ១២–១៥ ) ។
២. មនុស្សខ្លះនៅសព្វថ្ងៃនេះក៏ជំទាស់នឹងព្យាការី ហើយបដិសេធដំបូន្មានរបស់លោកផងដែរ ( សូមមើល ខទី ១៨–២០ ) ។
សូមពិនិត្យមើលឡើងវិញនូវ ម៉ូសេ ៨:១៦–១៧ ដើម្បីមើលពីអ្វីដែលព្រះអម្ចាស់បានប្រាប់ ណូអេថានឹងកើតឡើង ប្រសិនបើប្រជាជនមិនប្រែចិត្តនោះទេ ។
-
តើព្រះអម្ចាស់បានប្រទានពេលវេលាប៉ុន្មានដល់ប្រជាជនដើម្បីប្រែចិត្ត ?
-
តើការណ៍នេះអាចបង្រៀនយើងអ្វីខ្លះអំពីនិស្ស័យនៃព្រះ ?
ការធ្វើតាមព្រះអង្គសង្គ្រោះនៅក្នុងពិភពលោកដ៏ទុច្ចរិត ។
ដើម្បីជួយសិស្សឲ្យមានសង្ឃឹមថា ពួកគេអាចធ្វើតាមព្រះអង្គសង្គ្រោះនៅក្នុងពិភពលោកដ៏ទុច្ចរិតនេះ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយពីរបៀបយកឈ្នះលោកិយដ៏ធ្លាក់នេះ ៖
ដោយសារព្រះយេស៊ូវគ្រីស្ទបានឈ្នះលោកិយដ៏ធ្លាក់នេះ ហើយដោយសារទ្រង់បានធួននឹងអំពើបាបយើងម្នាក់ៗ នោះយើងក៏អាចឈ្នះពិភពលោកដែលមានអំពើបាបដ៏ជោគជាំ ដែលអត្មានិយម និងដែលគួរឲ្យនឿយហត់នេះផងដែរ ។ ( « ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ )
-
តើអ្នកនឹងប្រើអ្វីចេញពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ដើម្បីជួយនរណាម្នាក់ដែលមានអារម្មណ៍ភ័យខ្លាចដោយសារអំពើទុច្ចរិតដែលនៅជុំវិញពួកគេ ?
សូមពិចារណាសរសេរសេចក្តីថ្លែងការណ៍មិនពេញលេញនៃសេចក្តីពិតដូចខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យចាប់ផ្ដើមគិតអំពីរបៀបផ្សេងៗដែលពួកគេអាចបំពេញសេចក្តីថ្លែងការណ៍មិនពេញលេញនេះបាន ។
ខ្ញុំអាចជ្រើសរើសធ្វើតាមព្រះអង្គសង្គ្រោះក្នុងពិភពលោកដ៏ទុច្ចរិតនេះដោយ …
ដើម្បីជួយសិស្សឲ្យរកឃើញរបៀបដែលពួកគេអាចធ្វើតាមព្រះអង្គសង្គ្រោះនៅក្នុងពិភពលោកដ៏ទុច្ចរិតនេះ សូមផ្តល់ការណែនាំដូចខាងក្រោម និងច្បាប់ចម្លងនៃសំណៅមេរៀនដែលភ្ជាប់មកជាមួយនេះ ។ សិស្សអាចធ្វើការជាក្រុម ។ ពួកគេអាចសិក្សាធនធាននេះជាមួយគ្នា ឬសមាជិកក្រុមអាចជ្រើសរើសវគ្គបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ផ្សេងៗដើម្បីសិក្សាដាច់ដោយឡែកពីគ្នា ហើយបន្ទាប់មកជួបជុំគ្នាដើម្បីពិភាក្សា ។
ដោយជ្រើសរើសពីធនធានខាងក្រោម សូមធ្វើបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីអ្វីដែលយើងអាចធ្វើដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ទោះបីជាមានអំពើទុច្ចរិត និងការល្បួងជុំវិញយើងក៏ដោយ ។
បន្ទាប់ពីក្រុមមានពេលគ្រប់គ្រាន់ដើម្បីសិក្សា និងបង្កើតបញ្ជីហើយ សូមពិចារណាឲ្យក្រុមនីមួយៗសរសេររឿងមួយដែលពួកគេបានរកឃើញដើម្បីបំពេញសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតនេះ ។ ឧទាហរណ៍ ចេញពី ម៉ូសេ ៨:១៣, ២៣–២៤ សិស្សអាចរកឃើញ ការស្ដាប់តាមព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ ការជឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និងការធ្វើសេចក្តីសញ្ញាជាមួយព្រះ ។
សិស្សពីរបីនាក់អាចចែកចាយពីមូលហេតុដែលរឿងដែលពួកគេសរសេរមានសារៈសំខាន់ចំពោះពួកគេ ។
សូមពិចារណាបង្ហាញវីដេអូ « Sharing Your Light » ( ២:៥៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ យុវនារីម្នាក់ធ្វើតាមព្រះអង្គសង្គ្រោះ មិនថាមនុស្សជុំវិញនាងធ្វើការជ្រើសរើសយ៉ាងណានោះទេ ។
ការផ្អាក និងការគិតពិចារណាពីសាវតាដ៏ពិសេសរបស់សិស្សអាចអញ្ជើញឲ្យមានស្មារតីដូចព្រះគ្រីស្ទ ស្មារតីនៃការចេះសង្កេត ស្រឡាញ់ និងយល់ចិត្តចំពោះទំនាក់ទំនងរបស់អ្នកជាមួយពួកគេ ។ ឧទាហរណ៍ ដោយផ្អែកលើបទពិសោធន៍ជីវិតរបស់ពួកគេ សិស្សខ្លះអាចឆ្លើយតបនឹងសំណួរខាងក្រោមខុសពីអ្នក ។ សូមស្វែងយល់ពីទស្សនៈរបស់ពួកគេ សូមឆ្លើយតបដោយក្ដីស្រឡាញ់ និងការយល់ចិត្ត ហើយសរសើរដល់ការខិតខំរបស់ពួកគេដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ។ ( សម្រាប់ការបណ្តុះបណ្តាលបន្ថែមលើការបង្កើនការយល់ដឹងរបស់អ្នកអំពីកាលៈទេសៈពិសេសរបស់សិស្ស សូមមើល « ព្យាយាមស្គាល់ពួកគេ—យល់ពីកាលៈទេសៈ តម្រូវការ និងចំណុចខ្លាំងរបស់ពួកគេ » នៅក្នុងជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
សូមជញ្ជឹងគិតអំពីអ្វីដែលអ្នកបានធ្វើ ដើម្បីជួយអ្នកឲ្យយកឈ្នះលើអំពើទុច្ចរិតដែលនៅជុំវិញអ្នក ។ សកម្មភាពទាំងនេះអាចជារឿងតូចតាច និងសាមញ្ញដែលអ្នកធ្វើជាប្រចាំ គោលដៅដែលអ្នកខិតខំធ្វើនៅក្នុងកម្មវិធីកុមារ និងយុវវ័យ ឬបទពិសោធន៍ផ្សេងទៀត ។
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីជួយអ្នកឲ្យដើរតាមព្រះអង្គសង្គ្រោះបានកាន់តែល្អប្រសើរ ហើយយកឈ្នះលើអំពើទុច្ចរិតជុំវិញអ្នក ?
-
តើមានឧបសគ្គអ្វីខ្លះដែលអ្នកបានជួបក្នុងការខិតខំរបស់អ្នក ? បើដូច្នេះ តើអ្នកបានធ្វើអ្វី ឬអ្នកអាចធ្វើអ្វីដើម្បីយកឈ្នះលើឧបសគ្គទាំងនោះ ? តើអ្នកមានដំបូន្មានអ្វីខ្លះសម្រាប់អ្នកដទៃ ?
ផែនការដើរតាមព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំ
សូមជួយសិស្សឲ្យគិតពីវិធីមួយចំនួនដែលពួកគេអាចដើរតាមព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចធ្វើដូចនេះបានដោយការអញ្ជើញពួកគេឲ្យឆ្លើយតបសំណួរដូចខាងក្រោមនេះ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅកន្លែងណាមួយដែលពួកគេនឹងមើលឃើញចម្លើយនោះជាញឹកញាប់ ឬចែកចាយផែនការរបស់ពួកគេជាមួយមិត្តភក្តិ សមាជិកគ្រួសារ ឬថ្នាក់ដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្ត ។ ការណែនាំទាំងនេះអាចរំឭកសិស្សអំពីអ្វីដែលពួកគេបានរៀន និងចង់ធ្វើ ។
-
តើអ្នកបានទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះនៅថ្ងៃនេះ ?
-
តើការធ្វើតាមចំណាប់អារម្មណ៍ទាំងនេះបង្កើនសមត្ថភាពរបស់អ្នកដើម្បីធ្វើតាមព្រះអង្គសង្រ្គោះ និងយកឈ្នះលើពិភពលោកដោយរបៀបណា ?
សូមពិចារណាបញ្ចប់ដោយមានទីបន្ទាល់របស់សិស្សអំពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ និងអំពីរបៀបដែលការធ្វើតាមព្រះអង្គសង្គ្រោះអាចជួយពួកគេយកឈ្នះលើពិភពលោកនេះ ។ អ្នកក៏គួរចែកចាយទីបន្ទាល់របស់ខ្លួនផងដែរ ។