ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៦–៨ ៖ « នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក »


« លោកុប្បត្តិ ៦–៨ ៖ ‹ នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ៦–៨ ៖ ‹ នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ មេរៀន​ទី ២០

លោកុប្បត្តិ ៦–៨

« នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក »

The Old Testament prophet Noah standing on a log as he preaches to a group of assembled people. The people are laughing and mocking Noah. The partially completed ark is visible in the background.

ព្រះ​បាន​បង្គាប់​យើង​ដោយ​ក្តី​ស្រឡាញ់​ឲ្យ​គោរពតាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ បទបញ្ញត្តិ​ខ្លះ​អាច​ពិបាក​យល់ ប៉ុន្តែ​វា​សម្រាប់​ជាអត្ថប្រយោជន៍​របស់​យើង​ជានិច្ច ។ គ្រួសារ​របស់​ណូអេ​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួចផុត​ពី​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន ដោយ​អព្ភូតហេតុ ដោយសារ​ពួកគេ​គោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ​ឲ្យ​ធ្វើ​ទូកធំ​មួយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា ហើយ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​ពី​របៀប​ដែល​បទបញ្ញត្តិ​ជាក់លាក់​មួយ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង និង​បំណងប្រាថ្នា​របស់​ទ្រង់​ដើម្បី​ការពារ​យើង ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ

សូម​ពិចារណា​ចាប់ផ្ដើម​មេរៀន​ដោយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​មូលហេតុ​ដែល​ព្រះវរបិតា​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង​នៅ​ស្ថានសួគ៌ ប្រទាន​ឲ្យ​យើង​នូវ​បទបញ្ញត្តិ​ទាំងឡាយ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ គឺ​ត្រូវ​បង្ហាញ​រូបភាព​ខាងក្រោម​នេះ និង​បង្កើត​ការពិភាក្សា​ដោយ​ប្រើ​សំណួរ​ដូច​ខាងក្រោម​នេះ ។ របៀប​មួយ​ទៀត គឺ​ត្រូវ​ឲ្យ​សិស្ស​ចែកចាយ​វិន័យ​ដែល​ឪពុកម្ដាយ​របស់​ពួកគេ​បានដាក់ ដើម្បី​រក្សា​កូនៗ​របស់​ពួកគាត់​ឲ្យ​មាន​សុវត្ថិភាព ។

A young man Starting a campfire at Burraston Ponds, Utah
A group of little boys and girls play together outside.

សូម​ស្រមៃ​ថា អ្នក​កំពុងមើលថែ​កូន​ក្មេង​តូចៗ​មួយ​ក្រុម​ធំ​នៅ​ទីលាន​បោះ​ជំរំ​នេះ ។

  • តើ​អ្នក​អាច​ដាក់​វិន័យ​ជាក់លាក់​អ្វីខ្លះ ដល់​ក្មេងៗ​ដើម្បី​រក្សា​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព ?

  • ប្រសិនបើ​ក្មេងៗ​ខឹង​នឹង​អ្នក​ចំពោះ​ការដាក់​វិន័យ​នេះ តើ​អ្នក​នឹង​ពន្យល់​អ្វីខ្លះ​ដល់​ពួកគេ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រៀបធៀប​ស្ថានភាព​នេះ​ទៅ​នឹង​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ។

    បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​អារម្មណ៍​ផ្ទាល់ខ្លួន​របស់ពួកគេ​អំពី​ព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ដោយ​ប្រើ​ការបំផុស​គំនិត​ដូច​ខាងក្រោម​នេះ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានសរសេរ ។

  • តើអ្នក​គិត​ថា ហេតុអ្វី​ព្រះ​ចង់​ឲ្យ​អ្នក​ផ្ទាល់ គោរពតាម​បទបញ្ញត្តិ​របស់​ទ្រង់ ?

  • តើ​អ្នក​ស្ម័គ្រចិត្ត​គោរពតាម​អ្វី​ដែល​ព្រះ​បានបង្គាប់ ទោះបី​ជា​អ្នក​មិន​យល់​ពី​មូលហេតុ​នៃ​បទបញ្ញត្តិ​នោះ​ដោយ​របៀប​ណា ? ហេតុអ្វី ?

ប្រជាជន​នៅ​សម័យ​ណូអេ

សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​ណូអេ ដែល​មាន​នៅ​ខាងដើម​មេរៀន​នេះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានដឹង​រួច​ហើយ​អំពី​គំនិត​ដូច​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​វគ្គ​បទគម្ពីរ​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើ​ ប្រសិនបើ​ចាំបាច់ ។

  • ស្ថានភាព​ខាង​វិញ្ញាណ​របស់​ប្រជាជន​នៅ​សម័យ​ណូអេ និង​ជាលទ្ធផល​នូវ​អ្វី​ដែល​ព្រះ​បានធ្វើ ( សូម​មើល ម៉ូសេ ៨:១៧, ២០, ២២, ២៨–២៩ )

  • អ្វី​ដែល​ព្រះ​បានបញ្ជា​ឲ្យ​ណូអេ​ធ្វើ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​គោរពប្រតិបត្តិ ( សូមមើល ម៉ូសេ ៧:៤៣ )

ពេល​សិស្ស​បន្ត​សិក្សា សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​យល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ។ អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះ​ធ្វើ រួមទាំង​ទឹក​ជំនន់ គឺ​ត្រូវ​បានជំរុញចិត្ត​ដោយ​ក្តីស្រឡាញ់ ( សូមមើល នីហ្វៃទី២ ២៦:២៤ ) ។ សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទទួល​រងទុក្ខ​សម្រាប់​អំពើបាប​របស់​មនុស្ស​ដែល​បានស្លាប់​នៅក្នុង​ទឹក​ជំនន់​ដើម្បី​ឲ្យ​ពួកគេ​អាច​រៀន និង​ប្រែចិត្ត​ក្នុង​ពិភព​វិញ្ញាណ ( សូម​មើល ម៉ូសេ ៧:៣៨–៤០; ពេត្រុស ទី១ ៣:១៨–២០ ) ។ ផងដែរ ជម្រើស​របស់​ព្រះ​ដែល​បានបញ្ជូន​ទឹក​ជំនន់​បានការពារ​កូន​វិញ្ញាណ​ដទៃ​ទៀត​របស់​ទ្រង់​មិន​ឲ្យ​កើត​ក្នុង​កាលៈទេសៈ​ដ៏​គ្រោះថ្នាក់ និង​ទុច្ចរិត​បែប​នេះ​ឡើយ ( សូម​មើល យ៉ូហាន ថេលើរ នៅក្នុង Journal of Discourses ១៩:១៥៨–១៥៩ ) ។

ទូកធំ

សូម​ពិចារណា​ចែក​ក្រដាស​ដល់​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ទុក​ពេល​ខ្លី​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​នេះ​រួម​គ្នា ។ ( សូម​ប្រុងប្រយ័ត្ន ដើម្បី​សន្សំ​ពេលវេលា​បន្ទាប់ពី​សកម្មភាព​នេះ ដើម្បី​ឲ្យ​សិស្ស​ពិភាក្សា​អំពី​អ្វីដែល​ពួកគេ​រៀន និង​ភ្ជាប់​វា​ទៅ​ជីវិត​របស់​ពួកគេ ) ។

  1. សូម​អាន លោកុប្បត្ដិ ៦:១៤–២២; ៧:១–១២,​២៣; ៨:១៣–១៧ ដោយ​រកមើល​អ្វី​ដែល​ដំណើររឿង​នេះ​បង្រៀន​អំពី​ព្រះ និង​អ្វី​ដែល​យើង​អាច​រៀន​មកពី​ណូអេ ។

  2. សូម​គូរ​គំនូរ​ដ៏​សាមញ្ញ​មួយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។

  3. ដាក់​បញ្ចូល​ជាមួយ​នឹង​គំនូរ​របស់​អ្នក​នូវ​រឿង​មួយ​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ និង​រឿង​មួយ​ដែល​អ្នក​បាន​រៀន​ពី​គំរូ​របស់​ណូអេ ។

សូម​អញ្ជើញ​ក្រុម​ឲ្យ​បង្ហាញ និង​ពន្យល់​ពី​គំនូរ​របស់​ពួកគេ​( ទោះបី​ជា​វា​មិន​ពេញលេញ​ក៏​ដោយ ) ទៅ​កាន់​ក្រុម​មួយ​ផ្សេង​ទៀត ។ បន្ទាប់​មក សូម​អញ្ជើញ​ក្រុម​នានា​ឲ្យ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះ និង​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គំរូ​របស់ ណូអេ ។

សេចក្ដី​ពិត​មួយ​ដែល​សិស្ស​អាច​ស្គាល់​នៅក្នុង​ដំណើររឿង​នេះ​គឺ នៅពេល​យើង​គោរព​តាម​ព្រះអម្ចាស់​ដោយ​សេចក្ដី​ជំនឿ ទ្រង់​នឹង​ប្រទាន​ពរ និង​ការពារ​យើង ។

សូម​ពិចារណា​ដាក់​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម និង​អញ្ជើញ​ក្រុម​នានា​ឲ្យ​អាន ហើយ​ពិភាក្សា​អំពី​របៀប​ដែល​វា​អនុវត្ត​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃនេះ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​ចែកចាយ​នូវ​ហេតុផល​មួយចំនួន​ដែល​ណូអេ និង​គ្រួសារ​គាត់​ត្រូវការ​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ​ដើម្បី​បំពេញ​ព្រះបញ្ញត្តិ​ក្នុងការសង់​ទូកធំ ។

Portrait of President Spencer W. Kimball. He is holding an open book in his hands.

មកទល់​ពេល​នេះ មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ពី​ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់​នោះ​ទេ ។ ប្រជាជន​របស់ [ ណូអេ ] បាន​ចំអក ហើយ​ហៅ​គាត់​ថា ជា​មនុស្ស​ល្ងង់ខ្លៅ ។ គ្មាន​នរណា​ស្ដាប់​ការផ្សាយ​ដំណឹងល្អ​របស់​លោក​ទេ ។ ការព្រមាន​របស់​លោក​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​រឿង​មិន​សមហេតុ​ផល ។ គ្មាន​ព្រឹត្តិការណ៍​ណាមួយ​ពីមុន​មក​បានបង្ហាញ​ថា ធ្លាប់​មាន​ទឹក​ជន់​លិច​ដ៏​ខ្លាំង​មួយ [ ឬ​ទឹក​ជំនន់ ]​អាច​ពន្លិច​ផែនដី​បាន​នោះ​ទេ ។ ឱ​នោះ​ជា​រឿង​ឆ្កួតលីលា​ដែល​សាងសង់​ទូកធំ​នៅ​លើ​ដី​ស្ងួត​ដែល​ព្រះអាទិត្យ​កំពុង​ជះ​រស្មី រីឯ​ជីវិត​នានា​កំពុង​រីកលូតលាស់​ជា​ធម្មតា​នោះ ! ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១៤០–១៤១ )

  • តើ​ព្រះ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់​មួយ​ចំនួន​ដែល​មនុស្ស​មិន​អើពើ ឬ​សើច​ចំអក​នៅ​សព្វថ្ងៃនេះ​មាន​អ្វីខ្លះ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះ និង​ព្យាការី​របស់​ទ្រង់​ដែល​អាច​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះអម្ចាស់​ទោះ​ជា​មាន​ការប្រឆាំង​ក៏​ដោយ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទបញ្ញត្តិ​ដែល​ពួកគេ​ជឿ​ថា ជា​ការការពារ​ពេញ​ដោយ​ក្តី​ស្រឡាញ់​មកពី​ព្រះ ។

ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ​ក្នុង​ជីវិត​របស់​យើង

សូម​ពិចារណា​ដាក់បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ រួម​ជាមួយ​នឹង​ការជញ្ជឹងគិត​ផ្ទាល់ខ្លួន​ដូចខាងក្រោម ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​ចែកចាយ​មេរៀន​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​យើង​អាច​រៀន​ក្នុង​ជីវិត​របស់​យើង ។

Official portrait of President Thomas S. Monson, 2008.

ណូអេមាន​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​ដើម្បី​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ ។ សូម​ឲ្យ​យើង​ធ្វើ​ដូចគ្នា​នេះ​ដែរ ។ សូម​ឲ្យ​យើង​ចងចាំ​ថា ព្រះ​ប្រាជ្ញា​របស់​ព្រះ​ជាញឹកញាប់​លេចឡើង​ហាក់ដូចជា​ភាពឆ្កួត​លីលា​ដល់​មនុស្ស ប៉ុន្តែ​មេរៀន​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​រមែងស្លាប់​គឺ​ថា នៅ​ពេល​ព្រះ​មាន​ព្រះបន្ទូល ហើយ​យើង​គោរព​ប្រតិបត្តិ​តាម យើង​នឹង​ធ្វើ​អ្វី​ដែល​ត្រូវ​ជានិច្ច ។ ( « Models to Follow » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៦១ )

សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ ៖

  1. អារម្មណ៍​របស់​អ្នក​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន ម៉នសុន​ទាក់ទង​ទៅ​នឹង​ស្ថានភាព ឬ​បទបញ្ញត្តិ​ក្នុង​ជីវិត​របស់​អ្នក ។

  2. អ្វី​ដែល​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

  3. អ្វី​ដែល​អ្នក​ជឿ​ថា ព្រះ​វរបិតាសួគ៌​ចង់​ឲ្យអ្នក​ធ្វើតាម​គំរូ​របស់​ណូអេ អំពី​ការគោរព​ប្រតិបត្តិ​ដ៏​ស្មោះត្រង់ ។

អ្នក​អាច​បញ្ចប់​មេរៀន​នេះ ដោយ​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​គំរូ​របស់​ណូអេ នៅក្នុង លោកុប្បត្តិ ៧:៥ ហើយ​ធ្វើ​សេចក្ដីយោង​បទគម្ពីរ​ជាមួយនឹង​គំរូ​ពី​ព្រះជន្ម​មុនផែនដី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ូសេ ៤:២ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​សិស្ស​របស់​អ្នក​ចំពោះ​ការខិតខំ​ដ៏​ស្មោះ​ត្រង់​របស់​ពួកគេ​ដើម្បី​ធ្វើ​តាម​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ។