« ផែនការនៃសេចក្តីសង្គ្រោះ ៖ ព្រះអង្គសង្គ្រោះគឺជាតួអង្គសំខាន់នៃផែនការរបស់ព្រះវរបិតា » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« ផែនការនៃសេចក្តីសង្គ្រោះ ៖ ព្រះអង្គសង្គ្រោះគឺជាតួអង្គសំខាន់នៃផែនការរបស់ព្រះវរបិតា » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់ ៖ មេរៀនទី ២
ផែនការនៃសេចក្តីសង្រ្គោះ
ព្រះអង្គសង្គ្រោះគឺជាតួអង្គសំខាន់នៃផែនការរបស់ព្រះវរបិតា
មុនជីវិតនៅលើផែនដីរបស់យើង យើង « បានស្រែកអរសាទរ » ( យ៉ូប ៣៨:៧ ) ខណៈពេលយើងបានដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌ សម្រាប់ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ។ ព្រះយេហូវ៉ាត្រូវបានជ្រើសរើសធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ដែលផ្តល់ឲ្យយើងនូវផ្លូវដើម្បីត្រឡប់ទៅរកព្រះវរបិតា ហើយប្រែក្លាយដូចជាទ្រង់ ។ មេរៀននេះអាចជួយសិស្សយល់ពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ និងតួនាទីដ៏សំខាន់នៃព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំរបស់សិស្ស ៖ អញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ និងតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះក្នុងដំណើរការរីកចម្រើនទៅរកភាពអស់កល្បរបស់យើង ។ សិស្សអាចកត់ត្រានូវចំណុចសំខាន់ៗនៃផែនការនៃសេចក្ដីសង្គ្រោះដែលពួកគេស្គាល់ ហើយអនុវត្តការពន្យល់ចំណុចសំខាន់ៗទាំងនោះដល់សមាជិកគ្រួសារ ឬមិត្តភក្ដិ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយសំណួរជីវិត
ដើម្បីចាប់ផ្ដើមថ្នាក់ សូមពិចារណាបង្ហាញ និងចែកចាយដូចខាងក្រោម ។
មិត្តរបស់អ្នក យ៉ូណាថាន មករកអ្នក ហើយសួរថា ៖
-
តើយើងមកពីណា ?
-
តើជីវិតនេះមានគោលបំណងអ្វី ?
-
តើមានអ្វីកើតឡើង បន្ទាប់ពីយើងស្លាប់ទៅ ?
សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីអ្វីដែលពួកគេបានដឹងរួចហើយអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ សកម្មភាពកំណត់ហេតុការសិក្សាខាងក្រោម គឺជាវិធីមួយដែលអ្នកអាចធ្វើបែបនេះបាន ។ សូមប្រាកដថា សិស្សយល់ថា ពួកគេនឹងមានឱកាសអនុវត្តការឆ្លើយសំណួររបស់យ៉ូណាថាន នៅពេលក្រោយបានក្នុងមេរៀននេះ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោម ដើម្បីជួយអ្នកឲ្យជញ្ជឹងគិតអំពីអ្វីដែលអ្នកបានយល់រួចហើយអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
តើអ្នកមានទំនុកចិត្តកម្រិតណាលើសមត្ថភាពរបស់អ្នកក្នុងការឆ្លើយសំណួររបស់យ៉ូណាថាន ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីផែនការរបស់ព្រះវរបិតាសួគ៌ ?
នៅថ្ងៃនេះ ខណៈពេលអ្នកកំពុងសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយបង្កើនការយល់ដឹងរបស់អ្នកអំពីផែនការរបស់ព្រះវរបិតាសួគ៌ និងតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គសំខាន់នៃផែនការនៃសុភមង្គលរបស់ព្រះវរបិតា
ការជួយសិស្សឲ្យស្វែងយល់ពីព្រះបរមងារ និងបុគ្គលិកលក្ខណៈផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទ អាចបង្កើនទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់បាន ។ ដើម្បីជួយសិស្សយល់ពីតួនាទីដ៏សំខាន់ដែលព្រះយេស៊ូវគ្រីស្ទមាននៅក្នុងផ្នែកនីមួយៗនៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ នោះអ្នកអាចបង្ហាញរូបភាពដូចខាងក្រោម ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីអ្វីដែលរូបភាពនេះបង្រៀនអំពីព្រះអង្គសង្គ្រោះ ។
( ដើម្បីផ្ដល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់គ្រូបង្រៀនអំពីការស្វែងយល់ព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ សូមមើល ៖ « សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីអ្វីដែលរូបភាពនេះបង្រៀនហើយ អ្នកអាចបង្ហាញសេចក្ដីថ្លែងការណ៍ពីប្រធាន ដាល្លិន អេក អូក ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានពន្យល់អំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ៖
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើងម្នាក់ៗ ? ទ្រង់បានធ្វើអ្វីៗទាំងអស់ដែលចាំបាច់សម្រាប់ការធ្វើដំណើរនៅក្នុងជីវិតរមែងស្លាប់របស់យើង ឆ្ពោះទៅកាន់ជោគវាសនាដែលបានគ្រោងទុកនៅក្នុងផែនការរបស់ព្រះវបិតាសួគ៌របស់យើង ។ … ព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គសំខាន់ ។ ( « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » លីអាហូណា ខែឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥ )
-
តើអ្នកនឹងសង្ខេបការបង្រៀនរបស់ប្រធាន អូក ជាសេចក្តីថ្លែងការណ៍នៃសេចក្តីពិតដោយរបៀបណា ?
សូមជួយសិស្សឲ្យស្វែងរកសេចក្តីពិត ដូចជា ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គសំខាន់នៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ និងការរីកចម្រើនដ៏នៅអស់កល្បជានិច្ចរបស់យើង ។ វាអាចមានប្រយោជន៍ដើម្បីសរសេរសេចក្តីពិតនេះនៅលើក្តារខៀន ។
ផែនការរបស់ព្រះវរបិតាសួគ៌ និងតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះ
សកម្មភាពខាងក្រោមនេះមានគោលបំណងដើម្បីជួយសិស្សយល់កាន់តែស៊ីជម្រៅអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ និងតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការនោះ ។ សិស្សដែលយល់ច្បាស់ជាពិសេសអំពីផែនការនៃសេចក្ដីសង្គ្រោះ អាចត្រូវបានអញ្ជើញឲ្យប្រើឧបករណ៍សិក្សាបទគម្ពីររបស់ពួកគេ ដើម្បីស្វែងរកវគ្គបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ដើម្បីឆ្លើយសំណួរនៅលើក្ដារខៀនចំនួនបីពី យ៉ូណាថាន ។
ប្រសិនបើសិស្សត្រូវការការណែនាំបន្ថែម សូមពិចារណាផ្តល់សំណៅមេរៀនដែលមានចំណងជើងថា « ផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ » ដល់ពួកគេមួយច្បាប់ ។ អាចអញ្ជើញពួកគេឲ្យសិក្សាសំណៅមេរៀននោះជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ ។ វិធីមួយដើម្បីធ្វើបែបនេះ គឺបែងចែកសំណៅមេរៀននោះជាបីផ្នែក ហើយដាក់ផ្នែកទាំងឡាយនៅជុំវិញបន្ទប់ ។ សិស្សអាចឆ្លាស់គ្នាតាមទីតាំងនីមួយៗនៅក្នុងបន្ទប់ជាលក្ខណៈបុគ្គល ឬជាមួយក្រុមរបស់ពួកគេ នៅពេលពួកគេសិក្សាផែនការនៃសេចក្ដីសង្គ្រោះ ។
សូមបង្ហាញការណែនាំខាងក្រោម ដើម្បីជួយណែនាំសិស្សនៅពេលពួកគេសិក្សា ។
ខណៈពេលអ្នកកំពុងសិក្សាអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ សូមស្វែងរកដូចខាងក្រោម ៖
-
របៀបដែលព្រះយេស៊ូវគ្រីស្ទដើរតួនាទី យ៉ាងសំខាន់នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
សេចក្តីពិតដែលអ្នកអាចចែកចាយជាមួយ យ៉ូណាថាន ដើម្បីជួយឆ្លើយសំណួររបស់គាត់ ។
សូមកត់ត្រាការយល់ដឹងរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ក្រោយពីសិស្សបានបញ្ចប់ការសិក្សាហើយ សូមផ្តល់ឱកាសឲ្យពួកគេចែកចាយការស្វែងយល់ និងការយល់ដឹងដែលពួកគេទទួលបាន ។ សិស្សអាចអនុវត្តការចែកចាយអ្វីដែលពួកគេបានរៀន តាមរយៈការសម្ដែង តាមរបៀបដែលពួកគេនឹងឆ្លើយសំណួរទាំងបីរបស់យ៉ូណាថាន ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យពិភាក្សាសំណួរខាងក្រោមជាមួយដៃគូ ឬជាថ្នាក់ផងដែរ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ?
-
តើសេចក្តីពិត ឬការបង្រៀនអ្វីខ្លះដែលអ្នកអាចចែកចាយជាមួយយ៉ូណាថាន ដែលអាចជួយឆ្លើយសំណួររបស់គាត់បាន ?
សូមគិតអំពីអ្វីដែលអ្នកបានរៀន
សូមពិចារណាបញ្ចប់មេរៀនដោយអញ្ជើញសិស្សឲ្យគិតពិចារណាដោយស្ងាត់ស្ងៀមអំពីអារម្មណ៍របស់ពួកគេអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្ដីសង្គ្រោះ ។ អញ្ជើញពួកគេឲ្យពិចារណារាល់សកម្មភាពដែលពួកគេត្រូវបានបំផុសគំនិតឲ្យធ្វើ ។ ពួកគេអាចកត់ត្រាការយល់ដឹង និងចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។