ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ៖ ព្រះគម្ពីរ​សញ្ញាចាស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ដែល​តែង​មាន​ព្រះទ័យ​យកចិត្តទុកដាក់ និង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ


« បុព្វកថា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ៖ ព្រះគម្ពីរ​សញ្ញាចាស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ដែល​តែង​មាន​ព្រះទ័យ​យកចិត្តទុកដាក់ និង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« បុព្វកថា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ៖ ព្រះគម្ពីរ​សញ្ញាចាស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ដែល​តែង​មាន​ព្រះទ័យ​យកចិត្តទុកដាក់ និង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សូម​ស្វាគមន៍​មក​កាន់​ព្រះគម្ពីរ​សញ្ញាចាស់ ៖ មេរៀន​ទី ១

បុព្វកថា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់

ព្រះគម្ពីរ​សញ្ញាចាស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ដែល​តែង​មាន​ព្រះទ័យ​យកចិត្តទុកដាក់ និង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ

Frontal head and shoulders portrait of Jesus Christ. Christ is depicted wearing a pale red robe with a white and blue shawl over one shoulder. Light emanates from His face.

ព្រះគម្ពីរ​សញ្ញាចាស់​មាន​នូវ​ការបង្រៀន និង​ទីសម្គាល់​ជាច្រើន​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​នេះ ។ ដំណើររឿង​មកពី​ព្រះគម្ពីរ​សញ្ញាចាស់​អាច​ជួយ​សិស្ស​រៀន​អំពី​ទ្រង់ និង​មើលឃើញ​ពី​របៀប​ដែល​ទ្រង់​មាន​ចំណែក​នៅក្នុង​ជីវិត​របស់​យើង ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ ដើម្បី​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់​ពួកគេ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំឮកឡើងវិញ​នូវ​ដំណើររឿង​ដែល​ពួកគេ​ចូលចិត្ត​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ដំណើររឿងនោះ​អាច​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ ឬ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ចំណុចផ្ដោត​របស់​យើង

ជា​ការចាប់ផ្ដើម​មេរៀន​នេះ សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​យកចិត្តទុកដាក់​បន្ថែម​លើ​ការស្វែងរក​ព្រះអង្គសង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ គឺ​ត្រូវ​ដាក់​រូប​ព្រះអង្គសង្គ្រោះ​ជាច្រើន​សន្លឹក​ជុំវិញ​បន្ទប់ មុន​ចាប់ផ្ដើម​រៀន ។ បន្ទាប់ពី​ថ្នាក់រៀន​ចាប់ផ្តើម អ្នក​អាច​សួរ​សិស្ស​ថា​តើ​ពួកគេ​សង្កេត​ឃើញ​មាន​រូបភាព​ព្រះអង្គសង្គ្រោះ​ប៉ុន្មាន​សន្លឹក ហើយ​ពិភាក្សា​អំពី​មូលហេតុ​ដែល​ពួកគេ​បាន ឬ​មិនបាន​សង្កេត​ឃើញ​រូបភាព​នោះ ។

របៀប​មួយ​ទៀត​ដើម្បី​ធ្វើ​បែបនេះ គឺ​ពន្យល់​សិស្ស​ថា បន្តិច​ទៀត ពួកគេ​នឹង​បាន​មើល​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​មនុស្ស​ពីរ​ក្រុម​គឺ មួយ​ពណ៌ស និង​មួយ​ពណ៌​ខ្មៅ ។ ទាំង​ពីរ​ក្រុម​នឹង​ត្រូវ​បោះ​បាល់បោះ​មួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​រាប់​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ចំនួន​នៃ​ការបោះ​បាល់​ដែល​ក្រុម​ពណ៌ស​បានធ្វើ ។

បង្ហាញ​វីដេអូ « Focus Test » ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ០:០០ ដល់ ០:២២ ។ បន្ទាប់មក​ផ្អាក​វីដេអូ​នោះ ។

1:2
  • តើ​អ្នក​បាន​រាប់​ឃើញ​បាល់​បោះ​បាន​ប៉ុន្មាន​ដង ?

  • តើ​អ្នក​បានសង្កេតឃើញ​មាន​អ្វី​ផ្សេងទៀត​កើតឡើង​នៅក្នុង​វីដេអូ​នេះ​ដែរ​ឬ​ទេ ? បើ​ឃើញ តើ​ជា​អ្វី ?

    សូម​ចាក់​វីដេអូ​ដែល​នៅ​សល់ ( វីដេអូ​នេះ​ជា​ការហ្វឹកហាត់​ការបោះបាល់​ដដែលៗ ) ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វីមួយ​ដែល​ពួកគេ​អាច​មិន​បាន​ឃើញ​កាលពី​លើក​ដំបូង ។

  • តើ​អ្នក​បានសង្កេត​ឃើញ​អ្វី​ដែល​អ្នក​មិន​បាន​ឃើញ​កាលពី​លើក​ដំបូង​ដែរ​ឬ​ទេ ?

    បើ​ចាំបាច់ អ្នក​អាច​លើកឡើង​ថា ស្ត្រី​ចំណាស់​ម្នាក់​បាន​ដើរ​កាត់​កន្លែង​លេង អ្នកចម្បាំង​និនចា​ពាក់​ពណ៌​ខ្មៅ​បាន​ជំនួស​អ្នកលេង​ម្នាក់ កំលោះៗ​ខ្លះ​ពាក់​មួក ហើយ​ខ្លះ​ទៀត​បានបោះ​បាល់ឱប​ជំនួស​ឲ្យ​បាល់បោះ ។

  • ហេតុអ្វី​បានជា​អ្នក​មិនបាន​មើលឃើញ​ទង្វើ​ទាំងនោះ​ពេល​មើល​នៅលើក​ដំបូង ?

  • តើ​ការណ៍​នេះ​អាច​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​នរណាម្នាក់​អាចនឹង​ដកពិសោធន៍​ពេល​អាន​ដំណើររឿង​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​យ៉ាងដូចម្ដេច ?

មិនថា​ចាប់ផ្តើម​មេរៀន​ដោយ​ប្រើ​វិធីសាស្រ្ត​ណា​នោះ​ទេ សូម​ប្រាកដ​ថា វិធីសាស្រ្ត​នោះ​ច្បាស់​ចំពោះ​សិស្ស ព្រោះ​បើ​យើង​មិន​យកចិត្តទុកដាក់​ទេ យើង​អាចនឹង​ផ្តោត​លើ​រឿង​ផ្សេងទៀត ហើយ​មើល​រំលង​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញាចាស់​មាន ដើម្បី​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ម៉ៃឃើល ធី រីងវូដ នៃ​ពួកចិតសិបនាក់ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​យើង​អាន​ព្រះគម្ពីរ​សញ្ញាចាស់ ។

អែលឌើរ ម៉ៃឃើល រីងវូដ

យើង​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​ក៏​ជា​ហេតុនាំ​ឲ្យ​មាន​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​ដែរ ។

ពី​មួយ​ជំពូក​ទៅ​មួយ​ជំពូក [ នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ] យើង​រកឃើញ​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង [ ព្រះ​យេស៊ូវ​គ្រីស្ទ ] ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​យើង ។ ( « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដល់​ម៉្លេះ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៨–៨៩ )

  • យោង​តាម​អែលឌើរ រីងវូដ តើ​ព្រះគម្ពីរ​សញ្ញាចាស់​បង្ហាញ​យើង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ?

សិស្ស​អាច​គិត​ឃើញ​នូវ​សេចក្ដីពិត​ស្រដៀង​ទៅ​នឹង ៖

យើង​គឺជា​ចំណុចផ្ដោត​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ជា​ហេតុផល​ដែល​មាន​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ ។

ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​របស់​យើង ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​គិត និង​យល់​អំពី​សេចក្ដីពិត​ទាំងនេះ និង​មូលហេតុ​ដែល​សេចក្តីពិត​អាច​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ឯកសារ​ស្វ័យ​វាយតម្លៃ​ខាងក្រោម​ដោយ​ខ្លួនឯង ។ ពួកគេ​អាច​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​មួយ​បាន ។

សូម​គិត​អំពី​បទពិសោធន៍​ណា​មួយ​ដែល​អ្នក​ធ្លាប់​មាន​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

  • តើ​បទពិសោធន៍​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញាចាស់​មាន​លក្ខណៈ​ដូចម្ដេច ?

  • ប្រសិនបើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ តើ​បទពិសោធន៍​ទាំង​នោះ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ?

ខណៈពេល​អ្នក​កំពុង​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ជំនួយ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ចូល​ទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់​អ្នក ។

ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់

សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ចែកចាយ​រឿង​ដែល​ពួកគេ​បាន​ដឹង​រួច​ហើយ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។ បើ​ចាំបាច់ អ្នក​អាច​ចែកចាយ​ថា ព្រះគម្ពីរ​សញ្ញាចាស់​ចាប់ផ្តើម​ជាមួយ​ដំណើររឿង​អំពី​ការបង្កើត​ពិភពលោក និង​អំពី​លោក​អ័ដាម និង​នាង​អេវ៉ា ។ វា​ទាក់ទង​អំពី​ដំណើររឿង​របស់​ព្យាការី និង​មនុស្ស​ជាច្រើន ដែល​ភាគច្រើន​រស់នៅ​ក្នុង និង​ជុំវិញ​ប្រទេស​អ៊ីស្រាអែល ហើយ​បញ្ចប់​នៅ​ប្រហែល​ឆ្នាំ ៤០០ មុន​ម.គ. ។ បន្ទាប់មក សូម​ពន្យល់​អ្វី​ខាងក្រោម​នេះ​ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​អ្នកផ្ទាល់ ។

ខណៈពេល​អ្នក​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ វា​នឹង​សំដៅ​ទៅ​លើ​ព្រះអម្ចាស់ ឬ​ព្រះយេហូវ៉ា ។ វា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ព្រះយេហូវ៉ា​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះយេហូវ៉ា​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ ខណៈពេល​អ្នក​រៀន​អំពី​ព្រះយេហូវ៉ា អ្នក​ក៏​រៀន​អំពី​ព្រះវរបិតាសួគ៌ ដែល​បាន​ដឹកនាំ និង​ប្រទាន​អំណាច​ដល់​ទ្រង់​ផងដែរ ។

សូម​បង្ហាញ​រូបភាព​បីបួន​នៅក្នុង​លំនាំ​រាង​ជា​រង្វង់​ដែល​ពិពណ៌នា​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ( វា​អាចនឹង​មាន​ប្រយោជន៍​ក្នុង​ការរៀបចំ​ខ្លួន​អ្នក​មុន​ចូល​រៀន ដោយ​រំឭក​សង្ខេបៗ​ឡើងវិញ​នូវ​ដំណើររឿង​ដែល​បាន​បង្ហាញ ) ។ នៅ​ចំកណ្ដាល​រូបភាព​ទាំងនេះ សូម​ដាក់​រូបភាព​ព្រះយេ​ស៊ូវគ្រីស្ទ ។ អ្នក​អាច​ជ្រើសរើស​ប្រើ​រូបភាព​ដូច​ខាងក្រោម ។

ម្យ៉ាងវិញទៀត អ្នក​អាច​បង្ហាញ​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​ដោយ​ខ្លួនឯង​ដល់​ដំណើររឿង​ទាំងឡាយ​ដែល​បង្ហាញ​ពី​ការទាក់ទង និង​ក្តីស្រឡាញ់​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ សិស្ស​អាច​សរសេរ​ចំណងជើង​សាមញ្ញៗ​សម្រាប់​ដំណើររឿង​ទាំងនោះ​ដែល​និយាយ​អំពី​​ព្រះអង្គសង្គ្រោះ ។

Old Testament Lesson 1

ដំណើររឿង​ទាំងឡាយ​ត្រូវបាន​រាយ​បញ្ចីខាងក្រោម ដោយ​ចាប់ផ្តើម​ពី​កំពូល ហើយ​ដំណើរការ​តាម​ទិស​ទ្រនិច​នាឡិកា ។

  • យ៉ូសែប​នៅ​អេស៊ីព្ទ ( លោកប្បត្តិ ៣៧:២៣–២៨; ៣៩:១–៥ ) ។ បន្ទាប់ពី​យ៉ូសែប​បាន​ចែកចាយ​ក្ដីសុបិន​របស់​លោក​ជាមួយ​គ្រួសារ​លោក បងប្អូន​របស់​យ៉ូសែប បាន​ឃុបឃិត​ប្រឆាំង​នឹង​លោក ។

  • ម៉ូសេ​ញែក​សមុទ្រ​ក្រហម ( និក្ខមនំ ១៤:១០, ១៣–១៦, ២១–២២ ) ។ កូនចៅ​នៃ​អ៊ីស្រាអែល​បាន​ភៀសខ្លួន​ចេញ​ពី​អេស៊ីព្ទ នៅពេល​កងទ័ព​របស់​ផារ៉ោន ចូល​មក​វាយប្រហារ និង​ចាប់​ពួកគេ​ធ្វើជា​ទាសករ​ម្ដងទៀត ។

  • ពស់​ភ្លើង​នៅលើបង្គោល ( ជនគណនា ២១:៤–៩ ) ។ បន្ទាប់ពី​ព្រះអម្ចាស់​បាន​រំដោះ​ពួក​អ៊ីស្រាអែល​ពី​អេស៊ីព្ទ ហើយ​បាន​ប្រទាន​នំបុ័ង​មកពី​ស្ថានសួគ៌​ដោយ​អព្ភូតហេតុ ពួក​អ៊ីស្រាអែល​បានត្អួញត្អែរ​ទាស់​នឹង​ព្រះ ។

  • ដាវីឌ និង​កូលីយ៉ាត ( សាំយ៉ូអែល ទី១ ១៧:៤៣–៤៩ ) ។ កូលីយ៉ាត​ដែល​ជា​អ្នកចម្បាំង​ភីលីស្ទីន​បាន​ដាក់​សំណើ​ឲ្យ​ពួក​អ៊ីស្រាអែល​បញ្ជូន​អ្នកប្រយុទ្ធ​ដ៏​ពូកែ​បំផុត​របស់​ខ្លួន​មក​ប្រយុទ្ធ​នឹង​គាត់ ។ ដាវីឌ​ស្ម័គ្រចិត្ត​ប្រកួត​ជាមួយ​គាត់ ។

  • ឡ​ភ្លើង ( ដានីយ៉ែល ៣:៤–៦, ១២–១៣, ១៦–២៥ ) ។ ស្ដេច​នេប៊ូក្នេសា​ដំឡើង​រូប​មាស​មួយ ហើយ​ហៅ​ពួក​អ្នក​ត្រួតត្រា​ប្រចាំ​ទឹកដី​របស់​ទ្រង់​មក​ជុំគ្នា​ដើម្បី​ឧទ្ទិស​ដល់​រូប​នោះ ។

  • រូង​សិង្ហ ( ដានីយ៉ែល ៦:៧, ១០, ១៦–២៣ ) ។ ដារីយុស​បាន​តាំង​ដានីយ៉ែល ជា​អ្នក​ត្រួតត្រា​នៅ​បាប៊ីឡូន ។ ពួក​អ្នក​ត្រួតត្រា​ឯទៀត​បាន​ឃុបឃិត​ប្រឆាំងនឹង​គាត់ ដើម្បី​ឲ្យ​ស្តេច​លែង​សព្វព្រះទ័យ​នឹង​គាត់​ទៀត ។

សូម​ពិចារណា​រៀបចំ​សិស្ស​ជា​គូៗ ឬ​ក្រុម​តូចៗ ។ សិស្ស​អាច​ជ្រើសរើស​ដំណើររឿង​មួយ ឬ​ច្រើន អាន​ខគម្ពីរ​ដែល​ទាក់ទង និង​ពិភាក្សា​សំណួរ​ខាងក្រោម ។

  • តើ​ដំណើររឿង​នេះ​បង្ហាញ​ពី​ក្តីស្រឡាញ់ ឬ​ការចូលរួម​ចំណែក​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្ដេច ?

  • តើ​ការយល់ដឹង​អំពី​ដំណើររឿង​តាម​របៀប​នេះ​អាច​មានប្រយោជន៍​យ៉ាងណា​ចំពោះ​អ្នក ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​មិត្តរួមថ្នាក់​នូវ​ការយល់ដឹង​ដែល​បាន​ទទួល​ពី​ការពិភាក្សា​របស់​ពួកគេ ។

ប្រសិនបើ​សិស្ស​មិន​រៀបរាប់​អំពី​វា​ទេ សូម​ពន្យល់​ថា ការសិក្សា​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ចូលរួម​ចំណែក​នៅក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អាច​ជួយ​យើង​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ទ្រង់​បាន​ចូលរួម​ចំំណែក​ក្នុង​ជីវិត​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ និង​ជួយ​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គំនិត និង​បទពិសោធន៍​របស់​ពួកគេ ប្រសិនបើ​បទពិសោធន៍​នោះ​មិន​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​ទេ ។

ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់

ការណ៍​នេះ​អាច​ជា​ឱកាស​ល្អ​មួយ​ដើម្បី​រំឭក​សិស្ស​អំពី​គោលដៅ​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​ពួកគេ​ពិនិត្យ កែសម្រួល ឬ​បង្កើត​គោលដៅ​សិក្សា​ព្រះគម្ពីរ ។ អ្នក​អាច​សួរ​សិស្ស បើ​មាន​ពួកគេ​ណាម្នាក់​ចង់​ចែកចាយ​គោលដៅ​របស់​ពួកគេ​ជាមួយ​មិត្តរួមថ្នាក់ ដើម្បី​ជួយ​បង្កើត​គំនិត​សម្រាប់​អ្នកដទៃ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាថ្នាក់ ឬ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ។

  • តើ​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ​ដែល​អ្នក​គិត​ថា អាច​ជួយ​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់​អ្នក ?

  • ហេតុអ្វី​បានជា​ការទទួល​បាន​បទពិសោធន៍ និង​ការស្គាល់​នូវ​ក្ដីស្រឡាញ់ និង​ការទំនាក់ទំនង​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុង​ជីវិត​របស់​អ្នក គឺជា​ពរជ័យ​ដល់​អ្នក ?

ដើម្បី​ជួយ​សិស្ស​ក្នុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំ​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គូសចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ឬ​កត់ចំណាំ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ រាល់ពេល​ពួកគេ​ឃើញ​ភស្តុតាង​នៃ​ក្តីស្រឡាញ់ ឬ​ការទាក់ទង​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បុត្រាបុត្រី​របស់​ទ្រង់ ។ សូម​ពិចារណា​បញ្ចប់​ដោយ​ការថ្លែងទី​បន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​អាច​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បាន​សេចក្តីជំនឿ​លើ​ការមាន​ទំនាក់ទំនង​របស់​ទ្រង់​ទាំងទ្វេ​នៅ​ក្នុង​ជីវិត​របស់​យើង ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ។ ការណ៍នេះ​អាច​ជួយ​គ្រួសារ​របស់​ពួកគេ​បាន នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ ។