ថ្នាក់​សិក្ខាសាលា
រ៉ូម ១


រ៉ូម ១

« ខ្ញុំ​គ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ »

រូបភាព
យុវជន​ពាក់​វ៉ែនតា អង្គុយ​អាន​គម្ពីរ​នៅ​ខាងក្រៅ ។ ( ផ្ដេក )

នៅពេល​ខ្លះ យើង​ទាំងអស់​គ្នា​នឹង​ត្រូវក្រោកឈរ​ដើម្បី​ការពារជំនឿ​របស់យើង ។ កាល​ថ្លែងទៅកាន់​ពួកបរិសុទ្ធដែល​រស់នៅក្នុង​ក្រុង​រ៉ូម ប៉ុលបានប្រកាសថា លោក « គ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ » ( រ៉ូម ១:១៦ ) ។ ការ​ខ្នះខ្នែង​របស់​លោក​ក្នុង​ការ​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​គឺជា​ភស្តុតាង​ស្រាប់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​កុំ​ឲ្យ​មាន​សេចក្តីខ្មាស នៅពេល​គេ​ស្គាល់​អ្នក​ថា​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

តើអ្នកដឹងអ្វីខ្លះហើយ ?

សូម​ស្រមៃថា អ្នកប្រាប់មិត្តម្នាក់ក្នុងចំណោម​មិត្ត​របស់​អ្នកដែល មានសេចក្ដី​ជំនឿ​ជានិកាយ​គ្រីស្ទាន​ផ្សេង​ទៀត​ថា អ្នក​កំពុងសិក្សាព្រះ​គម្ពីរសញ្ញាថ្មី​នៅក្នុងថ្នាក់សិក្ខាសាលា ។ នាង​ប្រាប់​អ្នក​ថា នាង​ស្រឡាញ់​ព្រះគម្ពីរ​សញ្ញា​ថ្មី ប៉ុន្តែ​ពេលខ្លះ​លំបាក​យល់​អំពី​សំបុត្រទាំង​នោះ​ណាស់ ។ នាងសួរអ្នកពីអ្វី​ដែលអ្នកដឹង​អំពីសំបុត្រ​ទាំង​នោះ ។ សូម​ធ្វើ​លំហាត់​ខាងក្រោមដើម្បីមើលថា តើអ្នកអាច​ឆ្លើយ​នឹងនាងបានល្អប៉ុនណា ។

សូម​ធ្វើ​លំហាត់​នៅក្នុងសៀវភៅកំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក ។ ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។

  1. តើ​អ្វី​ទៅជា​សំបុត្រ ?

    1. ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​សាសនាចក្រ​ដែល​ធ្វើ​ឡើង​ដោយ​ព្យាការី

    2. សុន្ទរកថា​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ត្រូវ​បាន​ប្រមូល​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំកន្លង​មក

    3. សំបុត្រផ្សេងៗដែល​សរសេរដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទៅកាន់​ពួកបរិសុទ្ធ

  2. តើអ្នកណា​ដែលត្រូវបាន​ផ្តល់កិត្តិយស​សម្រាប់​ការសរសេរ​សំបុត្រចំនួន ១៤ ក្នុងចំណោម ២១ សំបុត្រដែល​រួមបញ្ចូល​នៅក្នុងព្រះ​គម្ពីរសញ្ញាថ្មី ?

    1. ពេត្រុស

    2. ប៉ុល

    3. លូកា

  3. តើ​សំបុត្រ​ទាំង ១៣ ដំបូង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​របៀប​ណា ?

    1. តាម​កាលប្បវត្តិ ( នៅពេល​ដែល​សំបុត្រ​ទាំងនោះ​ត្រូវបាន​សរសេរ )

    2. តាម​សារៈសំខាន់

    3. តាម​ប្រវែង

  4. តើនរណាជាអ្នកនិពន្ធផ្សេងទៀតនៃសំបុត្រ​ទាំងនេះ ?

    1. យ៉ាកុប ពេត្រុស យ៉ូហាន និង​យូដាស​

    2. យ៉ាកុប ពេត្រុស យ៉ូហាន និង​ស្ទេផាន

    3. យ៉ាកុប ពេត្រុស យ៉ូហាន និង​ធីម៉ូថេ

សំបុត្រទៅកាន់សាសន៍​រ៉ូម

គម្ពីរ​រ៉ូម​គឺជា​សំបុត្រ​មួយ​ដែល​ប៉ុល​បាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម កាល​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ជិតដល់​ទី​បញ្ចប់ ។ ក្រុង​រ៉ូម—ជា​រាជធានី​នៃ​អាណាចក្រ​រ៉ូម—ត្រូវ​បាន​ជោគជាំ​ទៅ​ដោយ​ទស្សនៈ​លោកិយ ហើយ​ជា​កន្លែង​មួយ​ដែល​ពិបាក​ក្នុងការផ្សាយ​ដំណឹងល្អ​ឬ​រស់នៅតាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូមឲ្យ​ពង្រឹង​សេចក្ដី​ជំនឿរបស់​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​ដល់​របស់​លោក ដើម្បី​បញ្ជាក់ ហើយ​ការពារ​ការ​បង្រៀន​របស់​លោក និង​ដើម្បី​លើក​កម្ពស់​ដល់​សាមគ្គីភាព​រវាង​សមាជិក​សាសនាចក្រ​សាសន៍​យូដា និងសាសន៍ដទៃ ។

នៅពេល​អ្នក​សិក្សា រ៉ូម ១ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​លើកទឹកចិត្ត​អ្នក នៅពេល​អ្នក​តស៊ូ​ប្រឹងប្រែង​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ឡើយ

សូមមើល « Preparation of Joseph F. Smith: True Blue, Through and Through » ( ១:៣១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ដំណើររឿង​នេះ​ក៏​មាន​នៅក្នុង Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១០៤ ផងដែរ ។

សូមអាន រ៉ូម ១:១៥–១៧ ដោយ​រកមើល​អ្វី​ដែល​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ និង ប៉ុល មាន​ដូចគ្នា ។ សូម​ពិចារណា​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​យល់​ឃើញ​ថា​មាន​អត្ថន័យ ។

អ្នក​ប្រហែល​ជា​បាន​គូស​ចំណាំ​ពាក្យ « ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ» » នៅ​ក្នុង រ៉ូម ១:១៦ ។

  • តាមអ្វីដែលអ្នកបានរៀនអំពីប៉ុលនៅក្នុងគម្ពីរ​កិច្ចការ តើលោកបានបង្ហាញយ៉ាងដូចម្ដេចថា លោក​គ្មាន​សេចក្តីខ្មាស​ដែលត្រូវបានគេ​ស្គាល់​ថា​ជា​គ្រីស្ទាន​នោះ ?

  • តើ​យុវវ័យ​អាច​ប្រឈមមុខ​នឹង​ស្ថានភាព​អ្វីខ្លះ​នៅ​សព្វថ្ងៃ​នេះ ដែល​ពួកគេ​ត្រូវ​ក្រោក​ឈរ​ដើម្បីការពារ​ហើយ​គ្មាន​សេចក្ដីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ?

ប៉ុល​បាន​ដឹង​ថា ក្រុង​រ៉ូម​ជា​កន្លែង​ពិបាក​រស់នៅ និង​ពិបាក​ផ្សព្វផ្សាយ​ដំណឹង​ល្អណាស់ ។ លោកក៏​ប្រឈមមុខ​នឹង​ការប្រឆាំងពី​អ្នកដែល​យល់​ខុស ឬ​បដិសេធ​ការបង្រៀន​របស់លោក​ផងដែរ ។ ទោះយ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុល​នៅតែ​មាន​ចិត្ត​ចង់​ទៅ​ក្រុង​រ៉ូម ហើយ​ផ្សាយ​នៅ​ទី​នោះ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដែរ ( សូមមើល រ៉ូម ១:១៥ ) ។

សូម​គិត​អំពី​បទពិសោធន៍​ដែល​អ្នក​មាន​ឱកាស​ដើម្បី​ក្រោកឈរ​ការពារ ឬ​ចែកចាយ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​ប៉ុល​ដែរ ។ សូម​ធ្វើបញ្ជីសង្ខេបនៅក្នុងសៀវភៅ​កំណត់ហេតុ​របស់អ្នក ។ សូម​រួមបញ្ចូលគំនិត និងអារម្មណ៍ទាំងឡាយ​របស់អ្នក​អំពី​ចិត្ត​ចង់​ចែកចាយ​សេចក្ដី​ជំនឿ​របស់​អ្នក​នៅក្នុង​ស្ថានភាព​ទាំងនោះ ។

  • ហេតុ​អ្វី​បាន​ជា​យុវវ័យ​ម្នាក់​អាច​មាន​អារម្មណ៍​ខ្មាសអៀន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រីស្ទាន​នោះ ? តើពួកគេអាចធ្វើអ្វី​បាន ប្រសិនបើ​ពួកគេមាន​គំនិត ឬ​អារម្មណ៍​ទាំងនោះ ?

គំរូ​ចេញពី​ព្រះគម្ពីរ និង​គំរូ​សម័យ​ទំនើប

សូម​ពិនិត្យ​មើល​គំរូ​ពីរ​ខាងក្រោម​នៃ​បុគ្គល​ដែល​គ្មាន​សេចក្តី​ខ្មាស​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​អំពី​សេចក្តី​ជំនឿ​របស់​ពួក​លោក​ទៅ​លើ​ព្រះអម្ចាស់ ។ សូម​គិត​អំពី​ស្ថានភាព​ដែល​ពួកលោក​ធ្លាប់ជួប​ហើយ​រកមើល​ភាព​ស្រដៀងគ្នា​រវាង​ជីវិតរបស់ពួកលោក និងជីវិត​របស់​អ្នក ។

  • នៅពេល​អ្នក​ដទៃ​វិនិច្ឆ័យ​អ្នក ៖ ស្ត្រី​ដែល​លាង​ព្រះបាទា​ព្រះ​យេស៊ូវទាំង​ទឹកភ្នែក ( លូកា ៧:៣៦–៥០ )

  • នៅពេល​អ្នក​ត្រូវ​ក្រោក​ឈរ​ការពារ​នៅ​ចំពោះ​មុខ​មិត្ត​ភក្តិ​របស់​អ្នក ៖ អ័ប៊ីណាដៃ និង អាលម៉ា ( ម៉ូសាយ ១៣:១–៩; ១៧:១–៤; ១៨:១–៣ )

  • នៅពេល​អ្នក​ចែកចាយ​ដំណឹងល្អ ៖ ធែរិន ប៊ីងហាំ និង ប្រ៊ែនឌិន មីកអ៊ិន ( « Same Jersey » [ ៥:០១ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​អ្នក​ចាប់​អារម្មណ៍​លើ​អ្វីខ្លះ​អំពី​គំរូ​ទាំងនេះ ?

  • តើ​បុគ្គល​ទាំងនេះ​បង្ហាញ​ថា ពួកគាត់​គ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​នរណា​ជា​គំរូ​ក្នុង​ជីវិត​របស់​អ្នក​នៃ​ការ​គ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ? តើ​ពួកគេ​បាន​បង្ហាញ​សេចក្ដី​ជំនឿ​ពួកគេ​តាម​របៀប​ណា ?

រ៉ូម ១:១៥–១៧ ប្រាប់​យើង​ថា ការ​សាទរ​របស់​ប៉ុល​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​បាន​មក​ពី​ការ​យល់​ដឹង​របស់​លោក​ថា « [ ដំណឹង​ល្អ ] គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ » ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។ ម្យ៉ាង​ទៀត ដោយសារ​ប៉ុល​បាន​ដឹង​ថា គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយ​គ្មាន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ដូច្នេះ​ហើយ​លោក​ចង់​ចែកចាយ​វា​ជាមួយ​មនុស្ស​គ្រប់​គ្នា ។

១. សូម​ឆ្លើយសំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការ​ចងចាំ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ចំពោះ​អ្នក​អាច​ជួយ​អ្នក​ឲ្យ​គ្មាន​សេចក្តីខ្មាស​ចំពោះ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀបណា ?

  • ខណៈ​ពេល​ដែល​អាច​នឹង​មាន​ពេល​ខ្លះ​ដែល​យើង​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ការពារ​សេចក្ដី​ជំនឿ​របស់​យើង​តាម​របៀប​ដ៏​ធំ ឬ​ដ៏​អស្ចារ្យ​នានា នោះ​ភាគច្រើន​នៃ​ពេល​ដែល​សេចក្ដី​ជំនឿ​របស់​យើង​ត្រូវ​បាន​បង្ហាញ​យ៉ាង​ល្អ​បំផុត​គឺ​តាមរយៈ​របៀប​តូចតាច និង​សាមញ្ញ ( សូម​មើល អាលម៉ា ៣៧:៦–៧ ) ។ តើ​ការ « គ្មាន​សេចក្ដីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ » អាច​មើល​ទៅ​ដូច​ជាយ៉ាងណា ស្តាប់​ទៅ​យ៉ាង​ណា​ដែរ ឬ​មាន​អារម្មណ៍​យ៉ាងណា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់អ្នក ?

  • សូមបញ្ចប់ប្រយោគ​ដូច​តទៅ​នេះ ៖ ខ្ញុំគ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទទេ​ពីព្រោះ …

ចម្លើយ​គឺ ( ១ ) គ, ( ២ ) ខ, ( ៣ ) គ, ( ៤ ) ក

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​ចែកចាយ​ទីបន្ទាល់​របស់ខ្ញុំ​តាម​របៀប​សាមញ្ញ​ធម្មតា​ដោយ​របៀបណា ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ខ្ញុំ​ដឹង​ថា ពួក​យើង​មួយ​ចំនួន​រួសរាយ​ជាង​អ្នក​ដទៃ ។ នោះ​គឺ​វា​មិន​ថ្វី​ទេ ។ តាមវិធី​របស់​យើង​រៀង​ៗ​ខ្លួន ព្រះអម្ចាស់​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​អាច​អញ្ជើញ​អ្នក​ដទៃ ឲ្យ​មក​មើល ហើយ ​មក​ជួយ បាន ។ បន្ទាប់មក ព្រះនឹងធ្វើកិច្ចការសង្គ្រោះរបស់ទ្រង់ ហើយ​ពួកគេនឹង មកស្នាក់នៅ ។

ខ្ញុំសូមណែនាំរឿង​ប្រាំយ៉ាងដែលអ្នកណាក៏​អាចធ្វើបាន ដើម្បីចូលរួមក្នុង​បេសកកម្មដ៏អស្ចារ្យ​របស់ព្រះអង្គសង្គ្រោះ ដើម្បីជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

  1. ខិត​ទៅជិត​ព្រះ ។…

  2. បំពេញ​ដួងចិត្ត​បងប្អូន​ដោយសេច​ក្ដី​ស្រឡាញ់​ដល់​អ្នកដទៃ ។

  3. ព្យាយាម​ដើរ​នៅលើ​ផ្លូវ​នៃភាព​ជាសិស្ស ។

  4. ចែកចាយ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​បងប្អូន ។

  5. ទុកចិត្ត​ទៅលើ​ព្រះ​ដើម្បី​ធ្វើ​អព្ភូតហេតុ​របស់​ទ្រង់ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Sharing the Gospel in Normal and Natural Ways » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ដើម្បីស្វែងយល់បន្ថែមអំពីការណែនាំទាំងនេះ សូម​អាន​អត្ថបទខ្លីរបស់អែលឌើរ អុជដូហ្វ « Sharing the Gospel in Normal and Natural Ways » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។