ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី ៧


វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី ៧

កិច្ចការ ១–២៨

រូបភាព
ក្រុមយុវនារី​កំពុង​រីករាយ​នៅ​ប្រទេស​ហ្គាណា ។

មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់ ព្រមទាំង​ការរៀន​សូត្រ និង​ការរីក​ចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធន៍ អំឡុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

តើ​មនុស្ស​អាច​ផ្លាស់ប្តូរ​បាន​ដែរ​ឬទេ ?

សូម​ស្រមៃថា មិត្តរបស់អ្នក​ប្រាប់អ្នកថា មាន​រឿង​ដែលគាត់​ចង់ផ្លាស់ប្តូរ​អំពីខ្លួនគាត់ ប៉ុន្តែគាត់​គិតថា គាត់មិន​អាច​ធ្វើការ​ផ្លាស់ប្តូរ​ទាំងនោះ​បានទេ ។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ?

  • តើ​វា​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ជីវិត​របស់​អ្នក ដើម្បី​ដឹង​ថា អ្នក​អាច​ផ្លាស់ប្តូរ​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សញ្ជឹង​គិត​លើ​រឿង​នានា​ចេញពី​គម្ពីរ​កិច្ចការ ដែល​បង្ហាញ​ពី​របៀប​ដែល​មនុស្ស​អាច​ផ្លាស់ប្តូរ​បាន​កាន់តែ​ប្រសើរ​ឡើង នៅពេល​ពួកគេ​មក​រក​ព្រះគ្រីស្ទ ហើយ​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ។

បើចាំបាច់ សូមពិចារណា​ពិនិត្យមើល​ឧទាហរណ៍​មួយ ឬច្រើន​នៅ​ខាងក្រោម​នេះ ។

  1. មនុស្ស​ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ ៖ កិច្ចការ ២:១៤, ៣៦–៤៧

  2. មនុស្ស​កំរៀវ​សាសន៍​អេធីយ៉ូពី ៖ កិច្ចការ ៨:២៦–៤០

  3. សុល ( ដែល​បាន​ក្លាយ​ជា​ប៉ុល ) ៖ កិច្ចការ ៩:១–២២

  4. កូនេលាស ៖ កិច្ចការ ១០:១–៨, ២៤–២៥, ៤៤–៤៨

  5. អ្នក​យាម​គុក​ដែល​យាម​ប៉ុល និង​ស៊ីឡាស ៖ កិច្ចការ ១៦:២៥–៣៦

១. សូមឆ្លើយ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ដោយ​ប្រើ​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ទាំង​នេះ ឬ​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​ចេញពី​គម្ពីរ​កិច្ចការ សូម​រៀបចំ​ចម្លើយ​មួយ​ដើម្បី​ប្រាប់​មិត្តភក្ដិ​របស់​អ្នក​ដែល​មិន​ជឿ​ថា​គាត់​អាច​ផ្លាស់​ប្ដូរបាន ។ សូម​បញ្ចូល​អ្វី​ដូច​ខាងក្រោម​នេះ ៖

  • ភស្ដុតាង​នៃ​មនុស្ស​ម្នាក់ ឬ​មនុស្ស​ជាច្រើន​នាក់​ដែល​បាន​ផ្លាស់ប្តូរ​ដោយ​មាន​ជំនួយ​របស់​ព្រះអង្គសង្គ្រោះ ។

  • របៀប​ដែល​ព្រះអង្គ​សង្គ្រោះ និង​អ្នកបម្រើ​ដែល​ទ្រង់​បាន​ចាត់​មក បាន​ជួយ​ក្នុង​ការប្រែចិត្ត​ជឿ ។

  • អ្វី​ដែល​មនុស្ស​ម្នាក់ ឬ​មនុស្ស​ជាច្រើន​បាន​ធ្វើ​ដើម្បី​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​អ្នក​បម្រើ​របស់​ទ្រង់ ។

ការប្រែចិត្ត​ជឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​សញ្ជឹង​គិត​ពី​ការ​ប្រែចិត្ត​ជឿ​របស់​អ្នក​ផ្ទាល់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​អំពី​ការអញ្ជើញ​ឲ្យ​ផ្លាស់ប្តូរ ឬ​កែលម្អ​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះអម្ចាស់ នៅពេល​អ្នក​បាន​សិក្សា​គម្ពីរ​កិច្ចការ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ជំរុញ​អ្នក​ឲ្យ​ស្រឡាញ់ និង​ធ្វើតាម​ទ្រង់​កាន់តែ​ពេញលេញ ?

  • ក្នុងរយៈពេល​មួយខែ​ចុងក្រោយ​នេះ តើ​មាន​ការផ្លាស់ប្តូរ​អ្វីខ្លះ ដែល​អ្នកមាន​អារម្មណ៍​ថា​ស្ងើចសរសើរ​ចំពោះ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ ? តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​អ្នក​ចំពោះ​ការខិតខំ​របស់​អ្នក​យ៉ាង​ដូចម្តេច​ខ្លះ ? តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដែល​នាំឲ្យ​មាន​ភាពខុសគ្នា​ដ៏ធំ​បំផុត ?

  • តើ​មានអ្វីខ្លះ​ដែលធ្វើឲ្យ​ពិបាកក្នុង​ការទទួលយក​ការអញ្ជើញ​ឲ្យ​ផ្លាស់ប្តូរ និង​កែលម្អ ? តើអ្នកអាច​ស្វែងរកជំនួយ​បន្ថែមពី​ព្រះវរបិតាសួគ៌​ដោយ​របៀបណា ?

សូមបន្តស្វែងរក​ការបំផុស​គំនិតពី​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នកសិក្សា​មេរៀននេះ ។ សូម​ព្យាយាម​កំណត់​នូវអ្វី​ដែលទ្រង់​ចង់ឲ្យ​អ្នកធ្វើ​ដើម្បី​ផ្លាស់ប្តូរ ហើយ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ។ សូម​ជ្រើសរើស​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាង​ក្រោម​នេះ​ដើម្បី​យក​មកបំពេញ ពេល​អ្នក​សញ្ជឹង​គិត​អំពី​របៀបដើម្បី​ខិត​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

២. សូម​បំពេញសកម្មភាព ក ឬ ខ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារបស់អ្នក ។

សកម្មភាព ក ៖ គោលការណ៍ និងពិធីបរិសុទ្ធ​ដំបូង​ទាំងឡាយ​នៃដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ

នៅក្នុង​គម្ពីរ​កិច្ចការ មនុស្ស​ជាច្រើន​បានទទួល​ជំនួយពី​ស្ថានសួគ៌ ដើម្បី​ផ្លាស់ប្តូរ ហើយ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង តាមរយៈ​ការទទួលយក​គោលការណ៍ និង​ពិធីបរិសុទ្ធ​ដំបូង​ទាំងឡាយ​នៃដំណឹងល្អ ។

សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ពន្យល់ពី​របៀបដែល​គោលការណ៍ និងពិធីបរិសុទ្ធ​ទាំងនេះ​ជួយយើងឲ្យ​ប្រែចិត្ត​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ ។

ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ការផ្ដាច់បាប ពិធីដាក់​ដៃលើ​សម្រាប់​អំណោយទាន​ជាព្រះវិញ្ញាណបរិសុទ្ធ និងការបន្ត​មានសេចក្ដីជំនឿ​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យ​ការប្រែចិត្ត​ជឿមាន​ភាពពេញលេញ ។ មនុស្ស​ខាង​សាច់​ឈាម​ម្នាក់​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ជា​មនុស្ស​ថ្មី​ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​បរិសុទ្ធ កើត​ជា​ថ្មី​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ( កូរិនថូស ទី២ ៥:១៧; ម៉ូសាយ ៣:១៩ ) ។

( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ប្រែចិត្តជឿ ប្រែចិត្តជឿ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org )

សូម​សញ្ជឹង​គិត​ពី​ដំណើរ​រឿង​ដែល​អ្នក​បាន​ជ្រើសរើស​ដែល​បង្ហាញ​ពី​ការផ្លាស់ប្តូរ​របស់​នរណាម្នាក់​ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ ។

សូមគិតអំពី​ចម្លើយរបស់អ្នក​ចំពោះសំណួរ​ខាងក្រោមនេះ ៖

  • តើ​គោលការណ៍ និង​ពិធីបរិសុទ្ធ​ដំបូង​នៃ​ដំណឹងល្អ​មាន​តួនាទី​អ្វី​នៅក្នុង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ?

  • តើ​គោលការណ៍ និង​ពិធីបរិសុទ្ធ​ដំបូង​នៃ​ដំណឹងល្អ​បាន​ជួយ​អ្នក ឬ​អ្នក​ដទៃ​ឲ្យ​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង​ឡើង​យ៉ាង​ដូចម្ដេច ?

សូម​ស្រមៃ​ថា ពួកអ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​មូលដ្ឋាន​សុំជំនួយ​ពី​អ្នក ដើម្បី​ជួយ​ដល់​នរណាម្នាក់​ដែល​ពួកគេ​កំពុង​បង្រៀន ។ ពួកគេចង់ឲ្យ​អ្នកចែកចាយពី​របៀបដែល​គោលការណ៍ និង​ពិធីបរិសុទ្ធ​ដំបូងនៃ​ដំណឹងល្អ​អាច​ជួយពង្រឹង​ការប្រែចិត្តជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញជំនួយ​របស់ទ្រង់ឲ្យ​ធ្វើការផ្លាស់ប្តូរ​ចាំបាច់​នានានៅក្នុង​ជីវិតរបស់យើង ។ សូម​សរសេរ​ការពន្យល់​មួយ​ទៅកាន់បុគ្គលនេះ ដូចជា​អ្នកកំពុង​និយាយ​ដោយផ្ទាល់​ជាមួយពួកគេ​ដូច្នោះ​ដែរ ។ សូម​ប្រើឧទាហរណ៍​យ៉ាងហោចណាស់​មួយចេញពី​គម្ពីរ​កិច្ចការ និងបទពិសោធន៍​ផ្ទាល់ខ្លួនណាមួយ​ដែល​អ្នកយល់​ថាមាន​ប្រយោជន៍ ។

សកម្មភាព ខ ៖ ការសិក្សា​ព្រះគម្ពីរ និង​ការប្រែចិត្តជឿ

សកម្មភាពដ៏សំខាន់​មួយដែល​យើងអាចធ្វើបាន ដើម្បីពង្រឹង​ការប្រែចិត្តជឿ​របស់យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ការសិក្សា​ព្រះគម្ពីរឲ្យ​បាន​ជាប់លាប់ ។ សូម​គិត​អំពី​របៀប​ដែល​ដំណើរ​រឿង​ខាង​ក្រោម​ចេញ​ពី​គម្ពីរ​កិច្ចការ បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ក្នុង​ការ​ប្រែចិត្ត​ជឿ ។

សូម​សញ្ជឹងគិតពី​របៀបដែល​ការសិក្សាព្រះគម្ពីរ​បានជួយក្នុង​ការប្រែចិត្តជឿ​របស់អ្នក​ទៅលើ​ព្រះអង្គសង្គ្រោះ ។

សូមស្រមៃ​ថា អ្នកដឹកនាំ​យុវជន ឬអ្នកដឹកនាំ​យុវនារី​របស់​អ្នក​បាន​សូមឲ្យ​អ្នកជួយ​យុវជន​នៅក្នុងវួដ ឬសាខា​របស់​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរ ហើយ​ពង្រឹង​ការប្រែចិត្តជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើអ្នកអាច​បង្កើតធនធាន​អ្វីខ្លះ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ ? សូម​ចំណាយពេល​ពីរបីនាទីដើម្បី​គូសបញ្ជាក់​ធនធាន​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ វា​អាចជា​វីដេអូ អត្ថបទ សុន្ទរកថា គេហទំព័រ ឬធនធាន​ផ្សេងទៀត ។

ធនធានរបស់អ្នក​អាចរួមមាន​ឧទាហរណ៍​ណាមួយ​ខាងក្រោម ៖

  • ឧទាហរណ៍​មួយ​មកពី​គម្ពីរ​កិច្ចការ ឬ​បទគម្ពីរ​មួយ​ចេញពី​គម្ពីរ​ផ្សេង​ទៀត ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ ។

  • ឧទាហរណ៍ ឬ​គំរូ​នៃ​ជំនាញ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ដែល​អ្នក​ប្រើ​ដែល​ជួយ​ដល់​អ្នក ឬ​ការពិពណ៌នា​អំពី​របៀប​ដែល​អ្នក​សិក្សា ។

  • ការពិពណ៌នា​អំពីបទពិសោធន៍មួយ​ដែល​ការសិក្សា​ព្រះគម្ពីរបានជួយអ្នក ឬនរណាម្នាក់​ដែលអ្នក​ស្គាល់ឲ្យ​កាន់​តែប្រែចិត្ត​ជឿ​លើ​ព្រះអង្គសង្គ្រោះ ។

  • ទីបន្ទាល់ផ្ទាល់ខ្លួន​របស់អ្នក​អំពី​អំណាចនៃ​ការសិក្សា​ព្រះគម្ពីរ ។

សូម​ស្វែងរក​ជំនួយ​ពីព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​សរសេរ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​អ្នកមាន​អារម្មណ៍ថា អ្នក​ត្រូវតែ​ធ្វើ ដើម្បី​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ។ ព្រះអង្គសង្គ្រោះ​នឹង​ជួយ​ដល់​អ្នក នៅពេល​អ្នក​ខិតខំ​ធ្វើ​តាម​ចំណាប់អារម្មណ៍​ទាំងនេះ ។ សូម​ពិចារណាចែកចាយ​ចំណាប់​អារម្មណ៍​របស់អ្នក​ជាមួយ​ឪពុក ឬ​ម្តាយ ឬអ្នកដឹកនាំ​សាសនាចក្រ​ដែល​គួរឲ្យ​ទុកចិត្ត​ម្នាក់ ។ សូមឲ្យ​ពួកគេជួយ​អ្នក​តាមដានចំណាប់​អារម្មណ៍​ទាំងនេះ ។