ថ្នាក់​សិក្ខាសាលា
កិច្ចការ ២២–២៣, ២៦–២៨


កិច្ចការ ២២–២៣, ២៦–២៨

ព្រះអម្ចាស់​ទ្រង់​គង់​នៅ​ជាមួយ​ប៉ុល

រូបភាព
ព្រះគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​បាន​បង្ហាញ​ព្រះកាយ​ចំពោះ ប៉ុល នៅក្នុង​គុក ។

ពេល​កំពុង​ជាប់​ច្រវាក់ និង​ហ៊ុំព័ទ្ធ​ដោយ​សាសន៍​យូដា​ដែល​ចង់​សម្លាប់​លោក ប៉ុល​បានឈរ​នៅលើ​កាំជណ្តើរ​នៃ​បន្ទាយ​អង់តូនី​ក្នុង​ក្រុង​យេរូសាឡិម ហើយ​បានថ្លែង​ទីបន្ទាល់​យ៉ាង​ក្លាហាន​អំពី​ការប្រែចិត្ត​របស់លោក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​ពី​គេ​ចាប់​ប៉ុល ដាក់​គុក ព្រះអង្គ​សង្គ្រោះ​បាន​យាងមក​ជួប​លោក ហើយ​បាន​សន្យា​ថា​ប៉ុល​នឹង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​នៅ​ក្រុង​រ៉ូម ។ ក្រោយ​មក ប៉ុល​បាន​ជួប​ប្រទះ​នឹង​ការ​សាកល្បង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នេះ​ហាក់​ដូច​ជា​មិន​អាច​សម្រេច​បាន ។ មេរៀន​នេះ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​សម្រាប់ កិច្ចការ កិច្ចការ ២២–២៣, ២៦–២៨ ហើយ​មាន​គោលបំណង​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់​ទាំងទ្វេ នៅពេល​អ្នក​ខិតខំ​បម្រើ​ទ្រង់​ទាំង​ទ្វេ ។ 

តើ​នរណា​ដែល​អ្នក​ទុកចិត្ត ?

តើ​អ្នក​នឹង​ទុក​ចិត្ត​នរណា​ដើម្បី​ធ្វើតាម​ចំណុច​ដូច​ខាង​ក្រោម​នេះ ហើយ​ហេតុ​អ្វី ?

  • សូម​ជ្រើសរើស​អ្វី​ដែល​អ្នកស្លៀក​ពាក់

  • សូម​ជ្រើសរើស​កន្លែង​ដែល​អ្នក​រស់នៅ

  • រក្សា​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ពួកគេ​ជានិច្ច

  • នៅជាមួយ​អ្នក​ក្នុង​គ្រា​លំបាក

សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​រឿង​ទាំងនេះ​មួយណា​សំខាន់​ជាងគេ​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​វា​ជួយ​អ្នក​ឲ្យ​មាន​មនុស្ស​ក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​ចំណាយ​ពេល​សញ្ជឹង​គិត​ថាតើ​អ្នក​ទុកចិត្ត​លើ​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​កម្រិត​ណា ។ តើ​អ្នក​ជឿ​ថា​ទ្រង់​ទាំងទ្វេ​នឹង​រក្សា​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ទ្រង់​ទាំងទ្វេ​ចំពោះ​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​ជឿ​ថា​ពួកទ្រង់​ទាំងទ្វេនឹង​នៅ​ជាមួយ​អ្នក​ក្នុង​គ្រាលំបាក​ដែរ​ឬ​ទេ ? តើ​អ្នក​ជឿ​ទុក​ចិត្ត​ទ្រង់​ទាំងទ្វេ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ទ្រង់ទាំងទ្វេ​ដឹកនាំ​អ្នក​រាល់ថ្ងៃ​ដែរ​ឬ​ទេ ? ហេតុអ្វី​ត្រូវការ ឬ​ហេតុអ្វី​មិន​ត្រូវការ ? នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​ដំណើររឿង​ដែល​អាច​ជួយ​អ្នក​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់​ទាំងទ្វេ នៅពេល​អ្នក​ខិតខំ​បម្រើ​ទ្រង់​ទាំងទ្វេ ។

ប៉ុល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ

បន្ទាប់​ពី​ដំណើរ​ទៅធ្វើជាអ្នកផ្សព្វ​ផ្សាយ​សាសនាជា​លើក​ទី​បី​របស់​លោក ប៉ុល​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ ពួក​ក្រុម​យូដា​ដែល​ចង់​សម្លាប់​លោក​បាន​ទាញ​លោក​ចេញពី​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​បាន​ពួក​ទាហាន​រ៉ូម​ជួយ​សង្រ្គោះ ។ គេ​នាំ​គាត់​ទៅ​កាន់​ជណ្ដើរ​នៃ​បន្ទាយ​អង់តូនី ហើយ​បាន​អនុញ្ញាត​ឲ្យ​និយាយ ( សូមមើល កិច្ចការ ២១ ) ។ ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​លោក និង​អំពី​ការណែនាំ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាសន៍​ដទៃ ។ សាសន៍​យូដា​មាន​ការខឹង​សម្បារ​ម្តងទៀត ហើយ​ប៉ុល​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​បន្ទាយ​វិញ ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក ( សូមមើល កិច្ចការ ២២; ២៣:១–១០ ) ។

សូម​អាន កិច្ចការ ២៣:១១ ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល និង​បាន​ធ្វើ​សម្រាប់​ប៉ុល ។ លើសពី​នេះ អ្នក​ក៏​អាច​មើល​វីដេអូ « Be of Good Cheer » ( ១:៣២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ពី​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល និង​បាន​ធ្វើ​នៅក្នុង​ខគម្ពីរ​នេះ ?

  • តើ​នៅ​ពេលណា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ពី​សេចក្ដីពិត​មួយ​ក្នុង​ចំណោម​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ?

សេចក្ដី​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ

បទពិសោធន៍​របស់​ប៉ុល​គឺ​ជា​គំរូ​មួយ​ពី​ព្រះអង្គ​សង្គ្រោះ​បំពេញ​ការសន្យា​របស់​ទ្រង់​ដើម្បី​គង់នៅ​ជាមួយ​ពួក​សាវក នៅពេល​ពួកគេ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។

១. សូម​ធ្វើ​កិច្ចការដូច​ខាង​ក្រោម ៖

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​បង្កើត​តារាង​មួយ​ដូច​តារាង​ខាងក្រោម​នេះ ។ នៅក្នុង​មេរៀន​នេះ​ទាំងមូល សូម​រាយបញ្ជី​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះអម្ចាស់​នៅ​ផ្នែក​ខាងឆ្វេង​នៃ​តារាង និង​សេចក្ដី​សន្យា​ដែល​បាន​សម្រេច​ទាំងនោះ​នៅ​ខាងស្តាំ ។

សេចក្ដី​សន្យា​ទាំងឡាយ

ការសម្រេច​សេចក្ដី​សន្យា​ទាំងឡាយ

សេចក្ដី​សន្យា​ទាំងឡាយ

ព្រះយេស៊ូវ​នឹង​គង់​ជាមួយ​ពួក​សាវក នៅពេល​ពួកគេ​ផ្សាយ​ដំណឹង​ល្អ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។

ប៉ុល​នឹង​ថ្លែង​ទីបន្ទាល់​នៅ​ក្រុង​រ៉ូម ( សូមមើល កិច្ចការ ២៣:១១ ) ។

ការសម្រេច​សេចក្ដី​សន្យា​ទាំងឡាយ

ព្រះយេស៊ូវ​បាន​យាង​មក​ឯ​ប៉ុល​ នៅ​ក្នុង​បន្ទាយ​បន្ទាប់​ពី​ប៉ុល​បាន​ផ្សព្វផ្សាយ ( សូមមើល កិច្ចការ ២៣:១១ ) ។

ព្រះ​អង្គ​សង្គ្រោះ​បាន​ធ្វើ​សេចក្ដី​សន្យា​បន្ថែម​ទៀត​ដល់​ពួក​សាវក​របស់​ទ្រង់ ។

សូម​អាន ម៉ាថាយ ១០:១៨–២០ និង ម៉ាកុស ១៦:១៧–១៨ ។ សូម​ស្វែងរក​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​សរសេរ​វា​នៅក្នុង​ជួរឈរ​ខាងឆ្វេង​នៃ​តារាង​របស់អ្នក ។

  • តើ​សេចក្ដី​សន្យា​ទាំង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

ប៉ុល​បន្ត​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

សូម​អាន​ការសង្ខេប​ខាងក្រោម​នេះ ហើយ​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​ទទួល​អាម្មណ៍ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​របស់​ប៉ុល ។ បន្ទាប់មក សូម​អាន​ខគម្ពីរ​ដែល​បាន​រាយបញ្ជី​បន្ទាប់ពី​ស្ថានភាព​នីមួយៗ ដើម្បី​មើល​ពី​របៀប​ដែល​ប៉ុល​បានប្រព្រឹត្ត និង​របៀប​ដែល​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះអម្ចាស់​បាន​បំពេញ ។ សូម​បន្ថែម​សេចក្ដី​សន្យា​ដែល​បានបំពេញ​ដែល​អ្នក​រកឃើញ​នៅ​ខាងស្តាំ​នៃ​តារាង​ក្នុងសៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

  1. ប៉ុល​ត្រូវ​បាន​កាត់ទោស​នៅ​ចំពោះមុខ​អភិបាល​ក្រុង​រ៉ូម និង​ស្តេច​ជាច្រើន​អង្គ កិច្ចការ ២៦:១–២, ២២–២៣ ។

  2. ប៉ុល​ត្រូវ​បាន​បញ្ជូន​តាម​សំពៅ​ទៅកាន់​ក្រុង​រ៉ូម ប៉ុន្តែ​ត្រូវបាន​ជាប់​នៅក្នុង​ព្យុះ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ដែល​សំពៅ​របស់ពួកគេហៀប​នឹង​លិច កិច្ចការ ២៧:២២, ២៥, ៤១, ៤៤ ។

  3. ប៉ុល​បាន​ជាប់​នៅលើ​កោះ​មួយ​ ជាកន្លែងដែល​សត្វពស់​បាន​ចឹក​លោក កិច្ចការ ២៨:៤–៦ ។

  4. ទីបំផុត​ប៉ុល​បាន​មក​ដល់​ក្រុង​រ៉ូម កិច្ចការ ២៨:១៦, ៣០–៣១ ។

អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​ដំណើរ​រឿង​ទាំងនេះ​នៅក្នុង​មេរៀន​ក្រោយៗ ។

  • តើ​សេចក្ដី​សន្យា​អ្វី​ខ្លះ​ ដែល​អ្នក​ឃើញ​ថា​បាន​បំពេញ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ចំពោះ​អ្នក​ ដែល​ព្រះយេស៊ូវគ្រីស្ទ​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​នោះ ?

  • តើ​ការដឹង​ថា​ព្រះអង្គ​សង្គ្រោះ​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ និង​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការស្តាប់ និង​ធ្វើ​តាមទ្រង់​ដោយ​របៀបណា ?

ទោះបីជា​ព្រះ​អញ្ជើញ​យើង​ឲ្យ​ខិតខំ​បម្រើ​ទ្រង់​ក៏ដោយ ក៏​ទ្រង់​មិនរំពឹង​ថា​យើង​ល្អ​ឥតខ្ចោះ​មុន​ពេល​ដែល​ទ្រង់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​យើង​ដែរ ។ ទោះបីជា​ប៉ុល​បាន​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើនក៏​ដោយ ( សូមមើល កូរិនថូស ទី២ ១១:២៣–២៧ ) ហើយ​មិន​ល្អឥត​ខ្ចោះ ( សូមមើល ធីម៉ូថេ ទី១ ១:១៥ ) ក៏ព្រះ​នៅតែ​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​ប៉ុល​ដែរ ។

សេចក្ដី​សន្យា​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក

សូម​គិត​អំពី​សេចក្ដី​សន្យា​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ចំពោះ​អ្នក ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។

សេចក្តី​សន្យា​ដ៏​ធំ​ ហើយ​វិសេសបំផុត​ ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ឲ្យ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ពុំ​អាច​រាប់ ឬ​ពិពណ៌នា​ទាំង​ស្រុង​បាន​ឡើយ ។ ប៉ុន្តែសូម្បី​តែ​ផ្នែក [ មួយ ] នៃបញ្ជី​ពរជ័យដែល​បាន​សន្យា … គួរតែ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ « ឆ្ងល់​យ៉ាង​អស្ចារ្យ » និង « ដួល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ​វរបិតា » នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ។

( ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩១ )

ធនធាន​ខាងក្រោម​មាន​សេចក្ដី​សន្យា​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដល់​យើង ។

សូម​ជ្រើសរើស​ធនធាន​ទាំងនេះ​មួយ​ចំនួន​ដើម្បី​សិក្សា ។ នៅពេល​អ្នក​ស្វែងយល់​ពី​សេចក្ដី​សន្យា​នានា សូម​បន្ថែម​វា​ទៅ​ផ្នែក​ខាងឆ្វេង​នៃ​តារាង​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​សេចក្ដី​សន្យា​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក ?

សូម​មើលបញ្ជី​សេចក្ដី​សន្យាទាំងឡាយ​ដែលអ្នកបានស្គាល់ ។ សូម​ស្វែងរក​អានុភាព​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​អ្នក​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​បំពេញ​សេចក្ដី​សន្យា​ទាំងនោះ​នៅក្នុង​ជីវិត​របស់អ្នក ។ នៅ​ក្នុង​ជួរ​ឈរ​ខាង​ស្ដាំ​នៃ​តារាង​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក សូម​បន្ថែម​ការ​ពិពណ៌នា​ខ្លី​មួយ​អំពី​របៀប​ដែល​ទ្រង់​ទាំងទ្វេ​បាន​បំពេញ​សេចក្ដី​សន្យា​មួយ​ក្នុង​ចំណោម​សេចក្ដី​សន្យាទាំងឡាយ ឬ​សេចក្ដី​សន្យា​បន្ថែម​ទៀត​ណាមួយ​ដែល​អ្នក​គិតដល់ ។ ឧទាហរណ៍ ការ​មាន​អារម្មណ៍​ថា​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំពេញ​សេចក្ដី​សន្យា​ដែល​បានធ្វើ​នៅក្នុង​ការអធិស្ឋាននៃពិធី​សាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤:៣; ៥:២ ) ។ អ្នក​ក៏​អាច​សរសេរ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ទាំងទ្វេ​ចំពោះ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ផង​ដែរ ។

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​គំរូ​ទាំងនេះ​អាច​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ទាំងទ្វេ​នាពេល​អនាគត ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុ​អ្វី​បាន​ជា​យើង​គួរ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ?

អែលឌើរ ស្ទែនលី ជី អេលីស នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់ ៖

រូបភាព
រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ស្ទេនលី ជី. អ៊ីលីស ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

បងប្អូន​ប្រុស​ស្រី យើង​អាច​មានសេចក្ដី​ជំនឿ​ដើម្បី​ទុក​ចិត្ត​ទ្រង់ ! ទ្រង់​ចង់​ប្រទាន​អ្វី​ដែល​ល្អ​បំផុត​ដល់​យើង ( សូម​មើល ម៉ូសេ ១:៣៩ ) ។ ទ្រង់​នឹង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់យើង ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១២:១០ ) ។ ​ទ្រង់​នឹង​រក្សា​សេចក្ដី​សន្យា​ទ្រង់ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៨ ) ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​រក្សា​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ទ្រង់ ( សូម​មើល អាលម៉ា ៣៧:១៦ ) ។ ទ្រង់​ត្រាស់​ដឹង​គ្រប់​អ្វី​ទាំងអស់ ! ហើយ​សំខាន់​បំផុត​គឺ​ទ្រង់​ស្គាល់​អ្វី​ដែល​ល្អ​បំផុត ( សូម​មើល អេសាយ ៥៥:៨–៩ ) ។

( ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៣ )

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចង់​ខិតខំ​បម្រើ​ព្រះ ?

ស៊ីស្ទើរ អេឡេន អិល ជែក អតីត​ប្រធាន​សមាគមសង្គ្រោះ​ទូទៅ​បានពន្យល់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​ស៊ីស្ទើរ អេឡេន អិល ជែក អតីត​ប្រធាន​សមាគមសង្គ្រោះ​ទូទៅ​ចាប់ពី​ឆ្នាំ ១៩៩០-១៩៩៧ ។

ក្នុងនាម​ខ្ញុំ​ជា​ម្តាយ​វ័យក្មេង​ម្នាក់ ខ្ញុំ​ចាំ​ថា​បាន​និយាយ​ទៅ​កូន​ប្រុសពៅ​របស់ខ្ញុំ ដែល​មាន​ឈ្មោះ​ថា ហ្គ័ឌិន​នៅពេល​ដែល​គាត់​បាន​ធ្លាក់​ពី​លើ​កង់​របស់គាត់ ហើយ​គាត់​មិន​ត្រឹមតែ​រលាត់​ជង្គង់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាត់បង់​ទំនុកចិត្ត​ផង​ដែរ​ថា « ម៉ាក់​នៅជិត​កូន​ទេ » ។ ខ្ញុំ​ឱប​គាត់​បណ្តើរ និយាយ​លួងលោម​គាត់​បណ្តើរ​ថា « ម៉ាក់​នៅ​ជិត​កូន​ទេ » ។ តើ​នេះ​មិន​រំឭក​យើង​អំពី​ព្រះអម្ចាស់ ដែល​ទ្រង់​គង់នៅ​ជាមួយ​យើង​ជានិច្ច​ទេ​ឬ ? ( សូម​មើល ម៉ាថាយ ២៨:២០ ) ទ្រង់​មិន​គ្រាន់​តែគង់​នៅ​ព្រះវិហារ ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ពេល​យើង​លុត​ជង្គង់​នៅជិត​គ្រែ​របស់​យើង​នោះ​ទេ ។ ទ្រង់ « គង់​នៅទីនេះ » នៅពេល​ដែល​យើង​រស់នៅ​តាម​ការបង្រៀន​របស់ទ្រង់ ។

( អេឡេន អិល ជែក « Ponder the Path of Thy Feet » Liahona ឬ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ១០០ )

កិច្ចការ ២៣:១១ ។ ព្រះអម្ចាស់​បាន​ជ្រាប​ពី​ការលះបង់ និង​ការសាកល្បង​របស់​ប៉ុល ហើយ​នៅ​ជាមួយ​ទ្រង់ ។ តើ​ទ្រង់​នឹង​ធ្វើ​ដូចគ្នា​ចំពោះ​ខ្ញុំ​ទេ ?

ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះទូទៅ​បាន​បង្រៀន ៖

រូបភាព
រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ស៊ីស្ទើរ ហ្សារ៉ុន អូប៊ែង ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ព្រះ​ស្រឡាញ់បងប្អូន ។ ព្រះអម្ចាស់​ដឹង​ថា​បងប្អូន​ព្យាយាម​ខ្លាំង​ប៉ុនណា ។ បងប្អូន​កំពុង​រីកចម្រើន ។ សូម​បន្ត​ឆ្ពោះ​ទៅ​មុខ ។ ទ្រង់​មើល​ឃើញ​ការ​លះបង់​លាក់​កំបាំង​របស់​បងប្អូន​ទាំងអស់ ហើយ​រាប់​វា​ជា​សេចក្ដីល្អ​របស់​បងប្អូន និង​សេចក្ដី​ល្អ​នៃ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។ ការងារ​របស់​បងប្អូន​ពុំ​ឥតប្រយោជន៍​ឡើយ ។ បងប្អូន​មិន​ឯកោឡើយ ។ ព្រះនាមទ្រង់គឺ អេម៉ាញ៉ូអែល មានន័យ​ថា « ព្រះអង្គ​គង់​ជាមួយ​នឹង​យើង​ខ្ញុំ » ។ ទ្រង់​ពិតជា​គង់នឹង​បងប្អូន ។

( ហ្សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៥–៧៦ )

តើ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់​អំពី​ព្រឹត្តិការណ៍​នៅក្នុង​កិច្ចការ ២២–២៣, ២៦–២៨ យ៉ាងដូចម្តេច ?

សូមមើល​វីដេអូ « Chapter 63: Paul Finishes His Mission » ( ២:៣២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។