ថ្នាក់​សិក្ខាសាលា
កិច្ចការ ២៧–២៨


កិច្ចការ ២៧–២៨

ធ្វើ​តាម​ព្យាការី

រូបភាព
ព្យុះ​មហាសមុទ្រ​ខ្មៅ​ងងឹត​ព្រម​ជាមួយនឹង​ពន្លឺ និង​រលក​នា​ពេលយប់

បន្ទាប់​ពី​ត្រូវ​បាន​គេ​បៀតបៀន រំលោភបំពាន និង​ដាក់​គុក​ទាំងមិន​ពិត​នៅ​ក្រុង​យេរូសាឡិម និង​សេសារា​មក នោះ​សាវក​ប៉ុល​បាន​សុំ​ប្តឹង​ឧទ្ធរណ៍​ករណី​របស់​លោក​ទៅ​ចំពោះ​មុខ​សេសារ​ក្នុង​ក្រុង​រ៉ូម ។ នៅ​តាម​ផ្លូវ​របស់លោក​ទៅ​ក្រុងរ៉ូម ប៉ុល និង​អ្នក​ដែល​នៅជាមួយ​លោក​បានជួប​ប្រទះ​នឹង​ព្យុះ​ដ៏​កំណាច​មួយ ការលិច​សំពៅ និង​បញ្ហាផ្សេងៗ​ជាច្រើន ។ នៅក្នុង​កាលៈទេសៈ​ទាំងនេះ ប៉ុល​បាន​ផ្ដល់​ដំបូន្មាន និង​ការ​ព្រមាន​ដ៏​បំផុសគំនិត​ដើម្បី​រក្សា​មនុស្ស​គ្រប់​រូប​ឲ្យ​មាន​សុវត្ថិភាព ។ មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ។

ការធ្វើ​តាម​ព្យាការី

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​អំពី​ដំបូន្មាន​ឬ​ការព្រមាន​របស់ព្យាការី​ដកស្រង់ពី​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០១១ ) ។

« សូមបង្ហាញ​សេចក្តីស្រឡាញ់​ដល់សមាជិក​គ្រួសារ​របស់អ្នក​ជារៀងរាល់ថ្ងៃ » ( ទំព័រ​១៤ ) ។

« ការអប់រំ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ក្នុងការ​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។… ការអប់រំដែលអ្នក​ទទួលបាននឹងមាន​សារៈប្រយោជន៍​ដល់អ្នកក្នុង​អំឡុងពេល​ជីវិតរមែងស្លាប់ និងនៅក្នុង​ជីវិតបន្ទាប់ទៀត » ( ទំព័រ៩ ) ។

« សូមកុំចូលរួមទស្សនា ឬចូលរួមក្នុងអ្វី​ដែលថោកទាប អសីលធម៌ ហិង្សា ឬ​អាសគ្រាម​តាមរូបភាព​ណាមួយ​ក៏ដោយ » ( ទំព័រ ១១ ) ។

« ប្រសិនបើ​មិត្តភក្តិរបស់អ្នក​ទទូចឲ្យអ្នកធ្វើនូវ​អ្វី​ដែល​ខុសឆ្គង ចូរធ្វើជាមនុស្សម្នាក់​ដែល​ក្រោកឈរ​ឡើង​សម្រាប់​ភាពត្រឹមត្រូវ ទោះបីជាអ្នក​ត្រូវឈរតែ​ម្នាក់ឯង​ក៏ដោយ » ( ទំព័រ​១៦ ) ។

  • តើ​អ្នក​បាន​ឃើញ​មនុស្ស​បង្ហាញ​ឥរិយាបថ​ខុស​គ្នា​អ្វី​ខ្លះ​អំពី​ការធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ?

  • ហេតុអ្វី​បាន​ជា​យុវវ័យ​មួយ​ចំនួន​អាច​មិន​ជ្រើសរើស​ស្ដាប់​បង្គាប់​តាម​ដំបូន្មាន​របស់​ព្យាការី ?

  • តើ​អ្វីខ្លះ​អាច​ជា​ផល​វិបាក​មកពី​ការ​មិន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ?

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​ផ្ទាល់​ឆ្លើយ​តប​នឹង​ដំបូន្មាន និង​ការ​ណែនាំ​របស់​ព្យាការី ។ នៅពេល​អ្នកសិក្សា កិច្ចការ ២៧ សូម​ស្វែងរក​ការបំផុស​គំនិតពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ទទួលបាន​ចំណាប់​អារម្មណ៍ ដែល​នឹងជួយ​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់អ្នក​ក្នុង​ការធ្វើតាម​ការទូន្មាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ។

ដំបូន្មាន​របស់​ព្យាការី​ប៉ុល

ពេលធ្វើ​ដំណើរទៅកាន់​ក្រុងរ៉ូម​ដើម្បីប្តឹង​ឧទ្ធរណ៍រឿងក្តី​របស់​លោក​នៅចំពោះ​មុខ​សេសារ ប៉ុល​បានផ្តល់​ដំបូន្មាន និងការព្រមាន​ដើម្បីរក្សា​សុវត្ថិភាពអ្នកដំណើរ​ក្នុងការ​ធ្វើដំណើរ​របស់ពួកគេ ។

១. សូមឆ្លើយ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​បំពេញសកម្មភាព​ខាងក្រោមដោយ​អានព័ត៌មាន​នៅផ្នែក​ខាងលើ​ការេ​នីមួយៗ​ជាមុន​សិន ។ បន្ទាប់មក សូមអានខគម្ពីរ​ដែលភ្ជាប់មក​ជាមួយ​នៅក្នុង កិច្ចការ ២៧ ។ សូម​សង្ខេបដំណើររឿង​នេះ​នៅចំកណ្តាល​ប្រអប់​នីមួយៗ​ដោយ​គូរ​រូបភាពសាមញ្ញ ឬសរសេរ​សេចក្តីសង្ខេប​នៃពាក្យ​សម្ដី និង​សកម្មភាពរបស់ប៉ុល ។ សូម​ប្រាកដថា​បាន​រួម​បញ្ចូល​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ដំបូន្មាន​របស់​ប៉ុល​ផង​ដែរ ។

ដំណើររបស់ប៉ុល​ទៅកាន់​ក្រុងរ៉ូម

ទាហាន​រ៉ូម៉ាំង​បាន​នាំ​ប៉ុល និង​អ្នក​ទោស​ផ្សេង​ទៀត​ឡើង​លើសំពៅ​ដែល​មាន​មនុស្ស​ជិត ៣០០ នាក់ ។ ការធ្វើ​ដំណើរ​របស់​ពួកគេ​មានភាព​យឺតយ៉ាវ ពិបាក និង​គ្រោះថ្នាក់ ដោយសារ​វា​ជិតផុត​រដូវ​ស្លឹកឈើ​ជ្រុះ ជាពេល​ដែល​ខ្យល់ព្យុះខ្លាំង​បាន​កើតឡើង​ជាញឹកញាប់ ។

សូម​អាន កិច្ចការ ២៧:៩–១៣ ។

អំឡុង​ពេលព្យុះ​ដ៏គួរ​ឲ្យ​ភ័យខ្លាច​មួយ គេ​មានបំណង​ជួសជុល​សំពៅ​នោះ និង​លើក​ទំនិញ​ចេញ ។

សូម​អាន កិច្ចការ ២៧:២០–២៦ ។

បន្ទាប់ពី ១៤ ថ្ងៃដែល​មានព្យុះដ៏គួរឲ្យ​ភ័យខ្លាចនោះ ពួក​គេ​បាន​ព្យាយាម​រក​មធ្យោបាយ​ដ៏​គ្រោះថ្នាក់​ដើម្បី​បាន​ទៅ​ដល់​ដី​គោក ។ ក្រុមនាវិកបានទម្លាក់យុថ្កា ហើយចង់បោះបង់​ចោល​សំពៅ​នោះ ព្រោះពួកគេគិតថា​សំពៅ​នឹង​ត្រូវ​ខូច​ខាត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​វា​បាន​បុក​នឹង​ថ្ម ។

សូម​អាន កិច្ចការ ២៧:៣០–៣៦ ។

ក្រោយ​ពី​ធ្វើឲ្យ​សំពៅ​ស្រាល​បន្ថែម​ទៀត ពួកគេ​បាន​ព្យាយាម​សំចត​សំពៅនោះ ។

សូម​អាន កិច្ចការ ២៧:៤១–៤៤ ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការបង្រៀន​របស់​ប៉ុល ប្រសិន​បើ​អ្នក​នៅ​លើ​សំពៅ​នោះ ? ហេតុអ្វី ?

  • តើអ្នករៀនសេចក្តីពិតអ្វីខ្លះចេញពីអ្វីដែលអ្នកបានសិក្សា ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្យាការី​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ទំនុក​ចិត្ត​លើ​ការ​ប្រឹក្សា និង​ការ​បង្រៀន​របស់​ពួកលោក ?

ព្រះអម្ចាស់​បាន​បង្រៀន​ថា តាមរយៈ​ព្យាការី នោះ​យើង​នឹង​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨ ) ហើយ​ថា​ការព្រមាន​របស់​ទ្រង់​នឹង​មក​ជាញឹក​ញាប់​តាមរយៈ​ព្យាការី​ដែល​ទ្រង់​បាន​ជ្រើសរើស ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:១–៤ ) ។ នៅជំនាន់របស់យើង យើងគាំទ្រ​ដល់សមាជិក​ទាំងអស់​នៃ​គណៈប្រធាន​ទីមួយ និងកូរ៉ុម​នៃពួកសាវក​ដប់ពីរ​នាក់ ថា​ជាព្យាការី អ្នកមើលឆុត និងជា​អ្នកទទួល​វិវរណៈ ។ សូមចំណាយពេល​មួយភ្លែតដើម្បី​សញ្ជឹងគិតពី​មូលហេតុ​ដែល​ព្រះអម្ចាស់ឈោង​មក​ជួយ​ពួកយើង​តាមរយៈ​ព្យាការី និងអ្វីដែលបង្ហាញ​អំពី​ព្រះទ័យ​របស់ទ្រង់​ចំពោះយើង ។

  • តើ​អ្នក​បានរៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ចេញពី​ការ​ទូន្មាន និង​ការ​ព្រមាន​ដែល​ទ្រង់​ប្រទាន​តាមរយៈ​ព្យាការី​របស់​ទ្រង់ ?

  • តើ​អ្នក ឬ​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​មាន​បទពិសោធន៍​អ្វី​ខ្លះ​ក្នុង​ការ​ជ្រើសរើស​ថា​តើ​ត្រូវ​ធ្វើ​តាម ឬ​មិន​ធ្វើតាម​ដំបូន្មាន​ពី​ព្យាការី​ឬ​អត់​នោះ ?

សូមចំណាយពេល​ពីរបីនាទី​ដើម្បីស្វែងរក និង​សិក្សា​ដំបូន្មានថ្មីៗ ឬការព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់យើង​តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ។ កន្លែងមួយចំនួន​ដែលត្រូវស្រាវជ្រាវ​អាច​រួមមាន សុន្ទរកថា​ក្នុង​សន្និសីទ​ទូទៅ ថ្មីៗ ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ឬ​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ អ្នក​អាច​រួម​បញ្ចូល​សេចក្ដី​ថ្លែងការណ៍​ពី​ព្យាការី ដែល​មាន​នៅ​ខាងដើម​មេរៀន​បាន ។

២. សូម​សរសេរ​សេចក្តីសង្ខេប​ខ្លីៗអំពីអ្វី​ដែលអ្នក​បានរកឃើញ ហើយ​ឆ្លើយសំណួរ​ខាងក្រោម​នេះ ៖

  • តើ​ដំបូន្មាន​មក​ពី​ព្យាការី​របស់​ព្រះអម្ចាស់នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់ ការ​បារម្ភ​និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

  • ប្រសិនបើ​អ្នក​បាន​ធ្វើតាម​ដំបូន្មាន​នេះ​នៅក្នុង​ជីវិត​របស់អ្នក តើ​ព្រះវរបិតាសួគ៌​បាន​ប្រទានពរ​អ្នក​ចំពោះ​ការគោរព​ប្រតិបត្តិ​របស់​អ្នក​យ៉ាង​ដូចម្ដេច​ដែរ ?

  • ប្រសិនបើ​អ្នក​បាន​ព្រងើយ​កន្តើយ ឬ​មិន​គោរព​តាម​ដំបូន្មាន​នេះ​តាម​របៀប​ណាមួយ ហេតុអ្វី​បាន​ជា​ព្រះអង្គសង្គ្រោះ​ដ៏​មាន​សេចក្តី​ស្រឡាញ់​អាច​អញ្ជើញ​អ្នក​ឲ្យ​ចាប់ផ្តើម​ធ្វើ​តាម​ដំបូន្មាន​នេះ ? តើ​វា​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង​ដោយ​របៀប​ណា ?

ការធ្វើតាម​ដំបូន្មានរបស់​ព្យាការីនៅ​ក្នុងជីវិត​របស់អ្នក

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​ដំបូន្មាន និង​ការព្រមាន​របស់​ព្យាការី​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ស្វែងរកការ​បំផុស​គំនិត​ពីព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យ​ស្គាល់​របៀបដែល​ព្រះអម្ចាស់​បង្ហាញថា ទ្រង់​សព្វព្រះហឫទ័យ​នឹង​ការគោរព​ប្រតិបត្តិ​របស់អ្នក​តាម​ព្យាការី​ទាំងឡាយ​របស់ទ្រង់ ក៏ដូចជារបៀប​ដែលទ្រង់អាច​ជំរុញ​អ្នកឲ្យ​ប្រសើរឡើង ។ សូម​សរសេរ​គំនិត និង​ចំណាប់​អារម្មណ៍​ដែល​កើត​ឡើង​ក្នុង​ចិត្ត ហើយ​តាំង​ចិត្ត​ធ្វើ​តាម​វា ។ វាអាចមាន​ប្រយោជន៍ក្នុង​ការចែកចាយ​ចំណាប់​អារម្មណ៍​របស់អ្នកជាមួយ​សមាជិក​គ្រួសារជិតស្និទ្ធ ឬអ្នកដឹកនាំ​សាសនាចក្រ​ដែលគួរឲ្យ​ទុកចិត្ត ហើយអញ្ជើញ​ពួកគាត់​ឲ្យ​ជួយអ្នក​តាមដាន​ចំណាប់​អារម្មណ៍​ទាំងនោះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​មាន​ឥទ្ធិពល​លើ​ខ្ញុំ​យ៉ាង​ណា​ខ្លះ ?

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​នូវ​បទពិសោធន៍​ដូច​ខាង​ក្រោម ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ជម្រើស​នៃ​ការ​មិន​ទទួល​យក​ការ​ទូន្មាន​របស់​ព្យាការី ប្ដូរ​ជំហរ​ដែល​យើង​ឈរ ។ វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ច្រើន ។ ការបរាជ័យ​ក្នុង​ការធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​នាំ​ឲ្យ​អំណាច​ដើម្បី​ទទួល​បាន​ដំបូន្មាន​ដ៏​បំផុស​គំនិត​ត្រូវ​ទន់​ខ្សោយ​នៅពេល​ខាង​មុខ ។ គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​សម្រេច​ចិត្ត​ជួយ​ណូអេ​ ឲ្យ​សាងសង់​ទូក​ធំ​គឺ​ជា​គ្រា​ដំបូង​ដែល​លោក​បាន​សូម ។ គ្រប់​ពេល​ដែល​លោក​បានទូល​សូម​ពី​រឿង​នោះ គ្រប់​ពេល​ដែល​លោក​ខកខាន​មិន​បាន​ឆ្លើយតប នឹង​ធ្វើ​ឲ្យ​ការញាណ​ដឹង​ពី​ព្រះវិញ្ញាណ​ថយចុះ ។ ដូច្នេះ​ហើយ​គ្រប់​ពេល ការស្នើសូម​របស់​លោក​ហាក់បី​ដូចជា​កាន់តែ​ល្ងិតល្ងង់ រហូត​ដល់​ភ្លៀង​បាន​បង្អុរ​ចុះ​មក ។ បន្ទាប់មក វា​យឺត​ពេល​ទៅ​ហើយ ។

គ្រប់​ពេល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​បាន​ជ្រើស​រើស​ពន្យារ​ពេល​ធ្វើ​តាម​ពាក្យ​ទូន្មាន​ដ៏​បំផុស​គំនិត ឬ​សម្រេច​ចិត្ត​ថា ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ត្រូវ​ការ​ពាក្យ​ទូន្មាន​ទាំងនេះ នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ដាក់​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ហើយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​តាម​ការ​ទូន្មាន​របស់​ព្យាការី ខ្ញុំ​ទទួល​អារម្មណ៍​បញ្ជាក់​នៅក្នុង​ការ​អធិស្ឋាន ហើយ​ធ្វើ​តាម​វា នោះ​ខ្ញុំ​បាន​ឃើញថា ខ្ញុំ​បាន​ឆ្ពោះទៅ​ទី​សុវត្ថិភាព​ហើយ ។

( ហិនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ )

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ដោយសារ​ព្រះអម្ចាស់​មាន​ព្រះទ័យ​សណ្ដោស ទ្រង់​ហៅ​ពួក​អ្នក​បម្រើ​ឲ្យ​ព្រមាន​ដល់​មនុស្ស​ទូទៅ​អំពី​គ្រោះថ្នាក់ ។ ការហៅ​ព្រមាន​នោះ​កាន់តែ​ពិបាក និង​កាន់តែ​សំខាន់ ដោយសារ​តម្លៃ​ដ៏​ប្រពៃ​ពី​ការព្រមាន​នោះ​គឺ​អំពី​គ្រោះថ្នាក់ ដែល​ប្រជាជន​មិន​ទាន់​បាន​គិត​ថា​មាន​ពិត​នៅឡើយ ។

( ហិនរី ប៊ី អាវរិង « A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ )

កិច្ចការ ២៧:៩ ។ តើ « បុណ្យ​តមបាន​កន្លង​ហើយ » មាន​ន័យ​យ៉ាង​ណា ?

« បុណ្យ​តម » ប្រហែល​ជា​សំដៅ​ទៅ​លើ​ថ្ងៃ​បរិសុទ្ធ​របស់​ពួក​សាសន៍​យូដា​ដែល​ហៅថា ថ្ងៃ​នៃ​ដង្វាយធួន ដែល​បាន​កំណត់​តាំង​ពី​ដើម​រដូវ​នោះ ក្នុង​អំឡុង​ពេល​ដែល​ជា​ទូទៅ​វា​គ្មាន​សុវត្ថិភាព​ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ​មេឌី​ទែរ៉ាណេ​ឡើយ ដោយសារមាន​ព្យុះ​ធំៗ​ណាស់ ។ ជា​ធម្មតា ថ្ងៃ​នៃ​ដង្វាយ​ធួន​ចាប់ផ្ដើម​នៅ​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា ។

កិច្ចការ ២៧:២៨ ។ តើ​មួយ « ព្យាម » មាន​ទំហំ​ប៉ុន្មាន ?

ព្យាម គឺជា​ចម្ងាយ​ពីម្រាមដៃ​វែង​បំផុតនៃ​ដៃ​ម្ខាងទៅ​ម្រាមដៃ​វែង​បំផុត​នៃដៃ​ម្ខាងទៀត នៅពេល​លាតសន្ធឹង​ដៃ​ចេញ ។ មួយ​ព្យាម​មាន​ប្រវែង​ប្រហែល​បួន​ហត្ថ ។