ថ្នាក់​សិក្ខាសាលា
កិច្ចការ ២២–២៦


កិច្ចការ ២២–២៦

ទីបន្ទាល់​របស់​ប៉ុល

រូបភាព
ប៉ុល​កំពុង​ទូល​ទៅកាន់​ស្តេច​អ័គ្រីប៉ា ។

ប៉ុល​នឹង​មិន​នៅ​ស្ងៀម​ចំពោះ​ការប្រឈម​នឹង​ការចោទប្រកាន់​ខុសឆ្គង និង​ការបំពាន​លើ​រាងកាយ​ឡើយ ។ មិន​ថា​ត្រូវ​បាន​គេ​ដាក់​ច្រវាក់ ឬ​នាំ​មក​ចំពោះ​មុខ​ពួក​ដឹកនាំ និង​ស្ដេច​ក្ដី ប៉ុល​បាន​ចែកចាយ​ទីបន្ទាល់​ដ៏​មាន​អានុភាព​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ប៉ុល​ក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ។ 

ការចែកចាយ​ទីបន្ទាល់

តាម​ន័យ​សាសនា ឬ​ខាង​វិញ្ញាណ ការ​ធ្វើ​ទីបន្ទាល់ការ​ថ្លែងទីបន្ទាល់ ជា​ធម្មតា​សំដៅ​លើ​ការ​ចែកចាយ​ជំនឿ​ផ្ទាល់​ខ្លួន​នៃ​ចំណេះដឹង​ខាង​វិញ្ញាណ​ដែល​បាន​ប្រទាន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ធ្វើ​ទីបន្ទាល់ » និង « ទីបន្ទាល់ » ) ។

  • តើ​នៅពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​អានុភាព​នៃ​ការចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​បាន​ឮ​នរណា​ម្នាក់​ផ្សេង​ទៀត​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ? តើ​ទីបន្ទាល់​នេះ​បាន​ជះឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ស្ម័គ្រចិត្ត​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ដោយ​របៀបណា ? ហេតុអ្វី​បាន​ជា​មាន​នរណា​ម្នាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ?

  • តើ​អ្នក​មាន​សំណួរ និង​កង្វល់​អ្វីខ្លះ​អំពី​ការថ្លែង​ទីបន្ទាល់​ដល់​អ្នកដទៃ​អំពី​ជំនឿ​របស់​អ្នក ?

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​ពី​ទីបន្ទាល់​របស់​ប៉ុល​អំពី​ព្រះអង្គ​សង្គ្រោះ និង​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់ប៉ុល ។ អ្នក​ក៏​នឹង​រៀន​ផងដែរ​ពី​របៀប​ដែល​អ្នក​ដទៃ​មាន​ប្រតិកម្ម​ចំពោះ​ទីបន្ទាល់​របស់​ប៉ុល ។ នៅពេល​អ្នក​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក នៅពេល​អ្នក​មាន​ឆន្ទៈ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ទោះជា​អ្នក​គិត​ថា​ទីបន្ទាល់​របស់អ្នក​រឹងមាំ​ប៉ុនណា​ក៏ដោយ ។

ទីបន្ទាល់​របស់​សាវក​ប៉ុល

ទោះ​ជា​ត្រូវ​គេ​វាយ​ដំ ចោល​នឹង​ដុំ​ថ្ម និង​ដាក់​គុក​ដោយ​ខុស​ឆ្គង​ក៏ដោយ ក៏​ប៉ុល​បាន​ចែកចាយ​ទីបន្ទាល់​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់​ដែរ ។ នៅពេល​អ្នក​អាន​រឿង​របស់​ប៉ុល សូម​អនុវត្ត​ស្រមៃមើល​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ដំណើររឿង​នេះ ។

ការ​រៀន​ស្រមៃមើល ។ ការស្រមៃ​មើល​គឺជា​ជំនាញ​សិក្សា​ព្រះ​គម្ពីរ​ដ៏​សំខាន់​មួយ ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ថា​មាន​ទំនាក់​ទំនង​កាន់តែ​ច្រើន​ជាមួយ​នឹង​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ ។ ដើម្បី​ស្រមៃ​មើល​សូម​ស្រមៃ​ថា​អ្នក​មាន​វត្តមាន​នៅក្នុង​អំឡុង​ដំណើរ​រឿង​នោះ ។ នៅពេល​អ្នក​អាន ស្រមៃ​មើល​ទស្សនវិស័យ សំឡេង និង​អារម្មណ៍​ទាំងឡាយ​ដែល​អ្នកប្រហែល​ជា​ធ្លាប់ជួប​ប្រទះ ។

វគ្គបទ​គម្ពីរ​ខាងក្រោម​នេះ​មាន​ផ្នែក​នៃ​ទីបន្ទាល់​របស់​ប៉ុល និង​ប្រតិកម្ម​របស់​អ្នក​ទាំងឡាយណា​ដែល​បាន​ឮ​គាត់ ។ សូម​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំងអស់​ដើម្បី​អាន ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​ឥទ្ធិពល​ដោយ​ទីបន្ទាល់​របស់​លោក ប្រសិនបើ​អ្នក​បាន​មានវត្តមាន​ទៅ​ទីនោះ ។

ទីបន្ទាល់​របស់​ប៉ុល

ប្រតិកម្ម​របស់​ប្រជាជន

ទីបន្ទាល់​របស់​ប៉ុល

ប៉ុល​ត្រូវ​ជាប់​ច្រវាក់​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​របស់​លោក​នៅ​ក្រុង​យេរូសាឡិម ។ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ទៅកាន់​ប្រជាជន​ខណៈពេល​ដែល​ឈរ​នៅខាងក្រៅ បន្ទាយ​អង់តូនី ។

សូម​អាន កិច្ចការ ២២:៦–១៦ ។

ប្រតិកម្ម​របស់​ប្រជាជន

កិច្ចការ ២២:២២–២៤

ទីបន្ទាល់​របស់​ប៉ុល

ប៉ុល​ត្រូវ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​បន្ទាប់​មក​ត្រូវ​បាន​នាំ​ទៅ​មុខ​ពួក​មេដឹកនាំ​សាសន៍​យូដា ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​ទាំង​នេះ ហើយត្រូវ​បាន​គេ​ចាប់​ដាក់​គុក ។ មេទ័ព​រ៉ូម​ដែល​បាន​ចាប់​ខ្លួនប៉ុល​បានដឹង​ពី​ការផ្សំគំនិត​ក្នុងចំណោម​ក្រុមសាសន៍​យូដា​ ដើម្បី​សម្លាប់​ប៉ុល ដូច្នេះ​គាត់​បាន​បញ្ជូន​ប៉ុល​ទៅ​សេសារា ។ នៅ​សេសារា ប៉ុល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លើយ​ដោះ​សារ​ខ្លួន​ចំពោះ​មុខ​ចៅហ្វាយខេត្ត​រ៉ូម លោក​ភេលីច ។

សូម​អាន កិច្ចការ ២៤:១០–១៦ ។

ប្រតិកម្ម​របស់​ប្រជាជន

កិច្ចការ ២៤:២២–២៧

ទីបន្ទាល់​របស់​ប៉ុល

ក្រោយ​ពី​ជាប់​គុក​អស់​ពីរ​ឆ្នាំ ប៉ុល​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅហ្វាយខេត្ត​ថ្មី ហើយ​ទាមទារ​ឱកាស​ថ្លែង​ទីបន្ទាល់​នៅ​មុខ​សេសារ ។ ស្ដេច​អ័គ្រីប៉ា​បាន​រៀបចំ​ដើម្បី​ស្តាប់​សាក្សី​របស់​ប៉ុល មុន​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម ។

សូម​អាន កិច្ចការ ២៦:១–៣, ១៣–២៣ ។

ប្រតិកម្ម​របស់​ប្រជាជន

កិច្ចការ ២៦:២៤–៣១

១. សូម​ធ្វើ​លំហាត់​ខាង​ក្រោម ៖

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​បានរៀន ។ សូម​ប្រាកដ​ថា​អ្នក​រួម​បញ្ចូល​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​ចំណុច​ជាក់លាក់​អ្វី​ខ្លះ​ដែល​បង្ហាញ​ដល់​អ្នក​អំពី​ទីបន្ទាល់​របស់​ប៉ុល​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

  • តើ​អ្វី​ដែលបានធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចំពោះ​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

  • ហេតុអ្វី​បាន​ជា​អ្នកជឿ​ថា​ប៉ុល​មាន​ភាព​ក្លាហាន និង​កម្លាំង​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​បែបនេះ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​វា​សំខាន់​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់ ទោះបីជា​អ្នក​ដទៃ​អាច​បដិសេធ​វា​ក៏​ដោយ​នោះ ?

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ ដោយ​ពិចារណា​អំពី​របៀប​ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​មាន​ភាពក្លាហាន​ក្នុងការថ្លែង​ទីបន្ទាល់ ដូច​ប៉ុល​បានធ្វើ ។

ខណៈ​ពេល​ដែល​សង្កត់​ធ្ងន់​ថា​ការ​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​នឹង​អ្នក​ដទៃ​មិន​ចាំ​បាច់​ត្រូវ​ការ​ល្អ​ឥត​ខ្ចោះនោះទេ ហើយ​អាច​អនុវត្ត​បាន​អែលឌើរ ឌៀថើរ•អេហ្វ​អុជដូហ្វ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បាន​ចែកចាយ​ដូច​តទៅ​នេះ ។

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្សម្នា​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ …

សូម​យល់​ថា​វា​ពុំ​មែនជា​កិច្ចការ​របស់​យើង​ដើម្បី​ផ្លាស់ប្រែ​មនុស្ស​នោះទេ ។ នោះ​គឺ​ជា​តួនាទី​របស់​ព្រះវិញ្ញាណបរិសុទ្ធ ។ តួនាទី​របស់​អ្នក​គឺ​ចែកចាយ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​អ្នក ហើយ​រស់នៅ​តាម​ដោយ​ខ្ជាប់ខ្ជួន​នឹង​ជំនឿ​របស់​ខ្លួន ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ )

២.​សូម​បំពេញ​សកម្មភាព​ដូច​តទៅនេះ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ៖

សូម​គូស​ជួរឈរ​ពីរ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ នៅក្នុង​ជួរ​ឈរ​មួយ សូម​សញ្ជឹងគិត និង​កត់ត្រា​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក រួមទាំង​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​បាន​ពង្រឹង និង​ស្ថាបនា​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ទាំងទ្វេ ។ នៅ​ក្នុង​ជួរ​ឈរ​ផ្សេង​ទៀត សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​អំពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​នេះ​ជាមួយ​អ្នក​ដទៃ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ដូច​ជា​ប៉ុល​បាន​ធ្វើ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​ជា​គំរូ​នៃ​ការ​ចែកចាយ​ទីបន្ទាល់​ដោយ​របៀប​ណា​ដោយ​មិន​គិត​ពី​ការ​ឆ្លើយតប ឬ​ប្រតិកម្ម​របស់​អ្នក​ដទៃ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៥–២៦ ) ។

  • អ្នក​អាច​នឹង​មាន​អារម្មណ៍​ស្ទាក់ស្ទើរ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ តើ​វា​អាច​ជួយ​អ្នក​ឲ្យ​គិត​ពី​អារម្មណ៍​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ដោយ​របៀបណា ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​រៀន​បន្ថែម​ទៀត​អំពី​អ្វី​ជា​ទីបន្ទាល់ និង​របៀប​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​នៅ​ឯណា ?

សម្រាប់​ជំនួយ​នៅក្នុង​ការយល់ដឹង​ថាតើ​ទីបន្ទាល់​ជា​អ្វី និង​របៀប​ដើម្បី ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ផ្តាល់ សូម​អាន Gospel Topics article « Testimony » (topics.ChurchofJesusChrist.org ) ។

សម្រាប់​ឧទាហរណ៍​អំពី​របៀប​ដែល​អ្នក​ដទៃ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ សូម​ពិចារណា​មើល​វីដេអូ « Increase Your Testimony » ( ៤:៥៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​មាន​ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់​ខ្ញុំ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

ចូរ « ក្លាហានក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៧៩ ] គឺ​ជា​ការសាកល្បង​ដ៏​សាមញ្ញ និង​ចាំបាច់​រវាង​អ្នក​ដែល​នឹង​គ្រង​ពរជ័យ​នគរ​សេឡេស្ទាល និង​អ្នក​ដែល​ស្ថិត​នៅ​កម្រិត​ទាប​ជាង​គឺ នគរទេរេសស្ទ្រាល ។…

ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​យើង​អំពី​ព្រះយេស៊ូវ​គឺ​ជា​អ្វី​មួយ​ដែល​ជួយ​យើង​ឲ្យ​ស័ក្តិសម​បាន​ព្រះគុណ​ព្រះអង្គសង្គ្រោះ និង​ចូល​ក្នុង​នគរសេឡេស្ទាល ។

( ឃ្វីនថិន អិល ឃុក « Valiant in the Testimony of Jesus » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៣ )

តើ​ខ្ញុំ​អាច​ចែកចាយ​ទីបន្ទាល់​របស់ខ្ញុំ​តាម​របៀប​សាមញ្ញ​ធម្មតា​ដោយ​របៀបណា ?

សម្រាប់​ឧទាហរណ៍​អំពី​របៀប​ចែកចាយ​ទីបន្ទាល់​របស់អ្នក​តាមរបៀប ធម្មតា និងសាមញ្ញ សូម​ពិចារណា​មើល​វីដេអូ « Sharing Your Beliefs » ( ២:០២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​ក៏​អាច​ពិចារណា​ការស្រាវជ្រាវ​នៅលើ​គេហទំព័រ « Share the Gospel: Share Online » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgឬ​អាន​អត្ថបទ « Ministering Principles: How to Share Testimony More Naturally » ( Ensign ខែ មីនា ឆ្នាំ ២០១៩ ទំព័រ ៨–១១ ) ។