ថ្នាក់​សិក្ខាសាលា
វិវរណៈ ១


វិវរណៈ ១

« វិវរណៈនៃព្រះយេស៊ូវគ្រីស្ទ »

រូបភាព
Actor portraying Jesus Christ is standing on a hillside as the sun rises over the horizon.

ដោយសារការប្រើនិមិត្តសញ្ញារបស់វា ជួនកាលគម្ពីរវិវរណៈអាចហាក់ដូចជាចម្លែក ឬច្របូកច្របល់ ។ វាជាការពិតដែលគម្ពីរវិវរណៈពោរពេញទៅដោយនិមិត្តសញ្ញាដែលធ្វើឲ្យផ្នែកខ្លះពិបាកយល់ ។ ទោះជាយ៉ាងណាក៏ដោយ សារលិខិតជាច្រើននៅក្នុងគម្ពីរវិវរណៈ គឺជាសេចក្តីពិតដ៏សាមញ្ញអំពីរឿងដូចជា តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ព្រឹត្តិការណ៍ជុំវិញការយាងមកជាលើកទីពីរ និងជ័យជម្នះចុងក្រោយនៃសេចក្តីល្អលើអំពើអាក្រក់ ។ គម្ពីរនេះត្រូវបានសរសេរដោយសាវកយ៉ូហាន ហើយត្រូវបានផ្ញើទៅកាន់ក្រុមជំនុំចំនួនប្រាំពីរនៃសាសនាចក្រនៅអាស៊ីតូច ( ប្រទេសតួកគីសម័យបច្ចុប្បន្ន ) ។ ដូចមនុស្សជាច្រើនសព្វថ្ងៃនេះដែរ អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ស្មោះត្រង់ទាំងនេះបានរងទុក្ខដោយសារជំនឿរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានលួងលោមដោយសារលិខិត និងរូបភាពដែលបានសរសេរដោយយ៉ូហាន ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់អំពីនិមិត្តសញ្ញាមួយចំនួននៅក្នុងគម្ពីរវិវរណៈ និងអ្វីដែលវាអាចបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ 

ការនិមិត្តរបស់យ៉ូហាន

រូបភាព
Book of Revelation Transparencies
  • តើអ្នកឃើញអ្វីកំពុងកើតឡើងនៅក្នុងរូបភាពនេះ ?

  • តើអ្នកមានសំណួរអ្វីខ្លះអំពីរូបភាពនេះ ?

ដោយសារវាជា « វិវរណៈនៃព្រះយេស៊ូវគ្រីស្ទ » ( វិវរណៈ ១:១ ) ពេលខ្លះគម្ពីរនេះត្រូវបានគេហៅថា « អ័ប៉ូកាលិព្ស » ដែលចេញពីភាសាក្រិកមានន័យថា « បើកសម្ដែង ឬបើកឲ្យឃើញ » ពីអ្វីដែលលាក់កំបាំង ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « វិវរណៈរបស់យ៉ូហាន » ) ។

គម្ពីរនេះគឺជាការបើកសម្តែងមួយរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងសិទ្ធិអំណាច ព្រះចេស្តា និងតួនាទីដ៏ឧត្តមរបស់ទ្រង់នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតា ។ គម្ពីរនេះក៏បើកសម្តែងជាច្រើនផងដែរអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍នានារហូតដល់ការយាងមកជាលើកទីពីរ និងសហស្សវត្សរ៍ ។

សាវកយ៉ូហាន ដែលជាសិស្សសំណព្វរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាអ្នកសរសេរគម្ពីរនេះ ។ យ៉ូហានបានសរសេរគម្ពីរចេញពីកោះប៉ាតម៉ុស នៅគ្រាដែលពួកគ្រីស្ទានកំពុងជួបប្រទះនឹងការបង្រៀនខុសឆ្គង ភាពព្រងើយកន្តើយ និងការបៀតបៀនដ៏ខ្លាំងក្លា ( សូមមើល វិវរណៈ ១:៩ ; ២:៤, ១០, ១៤–១៥ ; ៣:១៦ ; ៦:៩ ) ។

ព្រះគម្ពីរមរមនបញ្ជាក់ថា យ៉ូហានត្រូវបានតែងតាំងពីមុនកំណើតលោកិយមកម៉្លេះ ដើម្បីសរសេរការណ៍នានាដែលបានកត់ត្រានៅក្នុងគម្ពីរវិវរណៈ ( សូមមើល នីហ្វៃទី១ ១៤:១៨–២៧ ; អេធើរ ៤:១៦ ) ។

សូមអាន វិវរណៈ ១:១–៣ ហើយកត់ចំណាំអ្វីដែលយ៉ូហានបានបង្រៀនអំពីវិវរណៈដែលគាត់បានទទួល ។ ( សូមកត់ចំណាំថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ចែងថា « មានពរហើយ អ្នកណា ដែលមើល និងអស់អ្នកណាដែលស្ដាប់ ហើយយល់ នូវពាក្យទាំងឡាយនៃការព្យាករណ៍នេះ » ) ។

  • តើមានអ្វីដែលអ្នកចាប់អារម្មណ៍នៅក្នុងខគម្ពីរទាំងនេះ ?

  • តើយ៉ូហាននិយាយថាមនុស្សម្នាក់ត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានពរជ័យតាមរយៈខ្លឹមសារនៃគម្ពីរវិវរណៈ ?

សូមអានការបកប្រែដោយយ៉ូសែប ស្មីធ នៃ វិវរណៈ ១:៤–៨ ហើយរកមើលអ្វីដែល យ៉ូហាន ចង់ឲ្យពួកបរិសុទ្ធដឹង និងទទួលអារម្មណ៏អំពីព្រះយេស៊ូវគ្រីស្ទ ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកបានរកឃើញអ្វីខ្លះនៅក្នុង វិវរណៈ ១:៤–៨ ដែលយ៉ូហានចង់ឲ្យពួកបរិសុទ្ធស្គាល់ និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ?

  • តើសេចក្ដីពិតណាមួយអំពីព្រះយេស៊ូវគ្រីស្ទនឹងមានប្រយោជន៍ដល់ពួកបរិសុទ្ធ ដែលកំពុងរងការបៀតបៀនទាំងនេះ ?

  • តើសេចក្ដីពិតទាំងនេះអាចមានប្រយោជន៍យ៉ាងណាចំពោះអ្នក នៅពេលអ្នកប្រឈមមុខនឹងឧបសគ្គក្នុងជីវិត ?

និមិត្តសញ្ញានៃការនិមិត្តរបស់យ៉ូហាន

នៅក្នុងការនិមិត្តរបស់លោក យ៉ូហានបានឮព្រះសូរសៀងរបស់ព្រះគ្រីស្ទ ( សូមមើល វិវរណៈ ១:១០–១១ ) ។ ពេលលោកបែរទៅរកព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ លោកបានឃើញរូបភាពជានិមិត្តសញ្ញា ដែលស្រដៀងនឹងរូបភាពដែលបានបង្ហាញនៅដើមមេរៀននេះដែរ ។

ពេញមួយព្រះគម្ពីរ ព្យាការីបានប្រើនិមិត្តសញ្ញាដើម្បីពង្រឹងការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ និមិត្តសញ្ញាអាចជាឧបករណ៍បង្រៀនដ៏មានប្រសិទ្ធភាព ព្រោះមនុស្សដែលមានភាសា វប្បធម៌ និងជំនាន់ផ្សេងៗគ្នាក៏អាចយល់បានដែរ ។ និមិត្តសញ្ញាក៏អាចទំនាក់ទំនងសារផ្សេងៗជាច្រើនផងដែរ ។ លើសពីនេះ និមិត្តសញ្ញាអាចបង្កើនការយល់ដឹងដោយការបំផុសគំនិត និងអារម្មណ៍ដែលពិបាកប្រាស្រ័យទាក់ទងតាមរយៈពាក្យសម្ដីតែមួយមុខ ។

  • តើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកប៉ុណ្ណាដែរ ក្នុងការយល់ពីអត្ថន័យនៃនិមិត្តសញ្ញានៅក្នុងព្រះគម្ពីរ ?

  • សូមគិតអំពីនិមិត្តសញ្ញាមួយចំនួនដែលបានប្រើនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដើម្បីពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ( ដូចជាកូនចៀម នំប៉័ង ទឹក ថ្ម និងអ្នកគង្វាល ) ។ តើនិមិត្តសញ្ញាទាំងនេះជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីទ្រង់ដោយរបៀបណា ?

សូមអាន វិវរណៈ ១:១២–១៨ ហើយរកមើលព័ត៌មានលម្អិត និងនិមិត្តសញ្ញាបន្ថែមទៀតនៅក្នុងការនិមិត្តរបស់យ៉ូហានអំពីព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុងតារាងខាងក្រោមនេះ អ្នកនឹងឃើញនិមិត្តសញ្ញាមួយចំនួនដែលបានលើកឡើងក្នុងការនិមិត្តរបស់យ៉ូហាន ។ របៀបដ៏មានតម្លៃមួយដើម្បីយល់ពីនិមិត្តសញ្ញានៅក្នុងបទគម្ពីរគឺការប្រើបទគម្ពីរផ្សេងទៀត ។

សូមចម្លងតារាងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ( កុំបារម្ភអំពីការសរសេរព្រះគម្ពីរ ) ។ បន្ទាប់មក សូមអានបទគម្ពីរនៅជ្រុងខាងស្តាំនៃតារាង ហើយសរសេរអត្ថន័យដែលអាចជានិមិត្តសញ្ញាដែលអ្នករកឃើញ ។

និមិត្តសញ្ញានៅក្នុងការនិមិត្តរបស់យ៉ូហាន

និមិត្តសញ្ញា

អត្ថន័យដែលអាចមាន

១. ជើងចង្កៀងមាស៧ ( វិវរណៈ ១:១២ )

១. សូមមើល វិវរណៈ ១:២០ ; នីហ្វៃទី៣ ១៨:២៤

២. ព្រះហស្តស្តាំរបស់ព្រះអង្គសង្គ្រោះ ( វិវរណៈ ១:១៦–១៧ )

២. សូមមើល និក្ខមនំ ១៥:១៦ ; អេសាយ ៤១:១០

៣. ផ្កាយ៧ ( វិវរណៈ ១:១៦ )

៣. សូមមើល វិវរណៈ ១:២០ ; ការបកប្រែដោយ យ៉ូសែប ស្មីធ, វិវរណៈ ១:២០ ( នៅក្នុង វិវរណៈ ១:២០ , )

៤. ដាវមុខ២ដ៏មុត ( វិវរណៈ ១:១៦ )

៤. សូមមើល ហេព្រើរ ៤:១២ ; ហេលេមិន ៣:២៩–៣០

៥. កូនសោនៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ( វិវរណៈ ១:១៨ )

៥. សូមមើល នីហ្វៃទី២ ៩:១០–១៣

ដោយគិតអំពីសិរីល្អរបស់ព្រះយេស៊ូវ និងអត្ថន័យដ៏មានសក្តានុពលនៃនិមិត្តសញ្ញានៅក្នុងការនិមិត្តរបស់យ៉ូហាន សូមក្រឡេកទៅមើលរូបភាពដែលបានបង្ហាញនៅដើមមេរៀន ។

  • តើអ្នកនឹងពន្យល់យ៉ាងដូចម្ដេចថារូបភាពនេះតំណាងឲ្យអ្វី ?

  • តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនអំពីទំនាក់ទំនងរវាងព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមដ៏ស្មោះត្រង់របស់ទ្រង់ ?