ថ្នាក់​សិក្ខាសាលា
វិវរណៈ ២–៣ ផ្នែក ទី ១


វិវរណៈ ២–៣ ផ្នែក ទី ១

« យើងស្គាល់អស់ទាំងការដែលឯងធ្វើ »

រូបភាព
PAINTING BY GREG Olson of Christ knocking on a door

ព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ ។ ទ្រង់ជ្រាបពីអ្វីដែលយើងកំពុងធ្វើបានយ៉ាងល្អ ហើយទ្រង់ក៏ជ្រាបពីអ្វីដែលយើងអាចធ្វើបានប្រសើរជាងមុន ដើម្បីប្រែក្លាយដូចជាទ្រង់ផងដែរ ។ នៅក្នុងសារលិខិតដាច់ដោយឡែកពីគ្នាទៅកាន់សាសនាចក្រទាំងប្រាំពីរនៅអាស៊ី យ៉ូហានបានកត់ត្រានូវព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទដែលទទួលស្គាល់កិច្ចការល្អរបស់ពួកបរិសុទ្ធ ហើយព្រមានពួកគេអំពីអ្វីដែលពួកគេត្រូវផ្លាស់ប្តូរ ។ មេរៀននេះអាចលើកទឹកចិត្តអ្នកឲ្យស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះដែលទទួលស្គាល់អំពើល្អរបស់អ្នក និងផ្ដល់ឲ្យអ្នកនូវការកែតម្រូវចាំបាច់ ។

ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ

រូបភាព
Jesus Christ depicted knocking on a door. Christ is portrayed wearing red and white robes. The painting illustrates the concept of Christ “knocking on the door,” as described in scripture. There is no doorknob depicted in the painting, symbolizing that the door must be opened from within.
  • តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ដាប់ឮការគោះទ្វារនៅផ្ទះរបស់អ្នក ហើយដឹងថាព្រះអង្គសង្គ្រោះជាអ្នកគោះទ្វារនោះ ? ហេតុអ្វីទៅ ?

នៅក្នុងសារលិខិតរបស់លោកទៅកាន់សមាជិកសាសនាចក្រនៅស្រុកឡៅឌីសេ ( ជាកន្លែងមួយដែលយ៉ូហានបានសរសេរសំបុត្រទៅ ដែលបានបង្កើតជាសាសនាចក្រមួយក្នុងចំណោមសាសនាចក្រទាំងប្រាំពីរក្នុងទ្វីបអាស៊ី ។ សូមមើល វិវរណៈ ១:១១ ) យ៉ូហានបានបញ្ចប់ដោយការអញ្ជើញមួយមកពីព្រះយេស៊ូវគ្រីស្ទ ។

សូមអាន វិវរណៈ ៣:២០ ហើយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកគិតថា វិវរណៈ ៣:២០ មានអត្ថន័យជានិមិត្តសញ្ញាអ្វីខ្លះ ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះគោះទ្វារជាជាងចូលទៅក្នុងតែម្ដង ?

  • តើអ្នកអាចបើកទ្វារទៅរកព្រះយេស៊ូវគ្រីស្ទ ហើយខំស្តាប់ឮព្រះសូរសៀងទ្រង់ឲ្យបានកាន់តែប្រសើរដោយរបៀបណា ?

  • តើអ្នកបានធ្វើអ្វីខ្លះថ្មីៗនេះ ដើម្បីឮព្រះសូរសៀងទ្រង់ ហើយបើកទ្វារ ?

ទោះជាយ៉ូហានជាអ្នកនាំសារក៏ដោយ ក៏ព្រះយេស៊ូវជាសូរសៀងនៃសារលិខិតទាំងនោះទៅកាន់សាសនាចក្រទាំងប្រាំពីរដែរ ។ នៅពេលអ្នកសិក្សាសារលិខិតនៅក្នុង វិវរណៈ ២–៣ សូមស្តាប់រកព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នក ។ សូមពិចារណាពីវិធីដែលអ្នកអាចបើកទ្វារដើម្បីអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះគង់ជាមួយអ្នក និងពង្រឹងអ្នក ។ខណៈពេលដែលសារលិខិតនីមួយៗក្នុងចំណោមសារលិខិតទាំងប្រាំពីរមានលក្ខណៈប្លែកគ្នា វាក៏មានភាពស្រដៀងគ្នាមួយចំនួនផងដែរ ។

សូមរកមើល ហើយពិចារណាគូសសម្គាល់ឃ្លាដដែលៗ « យើងស្គាល់អស់ទាំងការដែលឯងធ្វើ » នៅក្នុង វិវរណៈ ២:២, ៩, ១៣, ១៩ ; ៣:១, ៨, ១៥ ។ នៅក្នុងខគម្ពីរទាំងនេះ យ៉ូហានកត់ត្រានូវព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលតំណាងឲ្យព្រះទ័យរបស់ព្រះវរបិតាសួគ៌ផងដែរ ។

  • ហេតុអ្វីបានជាវាអាចជាការសំខាន់ក្នុងការយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ « ស្គាល់កិច្ចការ [ របស់អ្នក ] » ?

សេចក្តីពិតមួយដែលយើងនឹងរកឃើញនៅក្នុង វិវរណៈ ២–៣ គឺថា ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ នោះទ្រង់ទាំងទ្វេអាចទទួលស្គាល់កិច្ចការល្អរបស់យើង ហើយព្រមានយើងអំពីការផ្លាស់ប្តូរដែលចាំបាច់នានា ។ សូមរកមើលភស្តុតាងនៃសេចក្តីពិតនេះ នៅពេលអ្នកសិក្សាការប្រឹក្សាដល់សាសនាចក្រទាំងប្រាំពីរ ។

ការប្រឹក្សាដល់សាសនាចក្រទាំងប្រាំពីរ

រូបភាព
Map of the Mediterranean.

សូមក្រឡេកមើលផែនទីនៃសាសនាចក្រទាំងប្រាំពីរ ហើយជ្រើសរើសសាសនាចក្រយ៉ាងហោចណាស់ពីរដើម្បីសិក្សា ។ សូមរកមើលអំពើល្អដែលព្រះយេស៊ូវគ្រីស្ទទទួលស្គាល់នៅក្នុងសាសនាចក្រមួយចំនួន និងការកែតម្រូវដែលទ្រង់ប្រទានដល់សាសនាចក្រនីមួយៗ ។

  1. អេភេសូរ ( វិវរណៈ ២:១–៧ ) ៖ ពួកនីកូឡាស គឺជាក្រុមសាសនាមួយដែលបានអះអាងថា ពួកគេអាចប្រព្រឹត្តអំពើបាបខាងផ្លូវភេទដោយគ្មានការដាក់ទណ្ឌកម្ម ដោយសារព្រះគុណនៃព្រះនឹងជួយសង្គ្រោះពួកគេ ។

  2. ក្រុងស្មឺន៉ាថា ( វិវរណៈ ២:៨–១១ )

  3. ក្រុងពើកាម៉ុស ( វិវរណៈ ២:១២–១៧ ) ៖ គោលលទ្ធិរបស់បាឡាម សំដៅលើការបំពានបទបញ្ញត្តិរបស់ព្រះដើម្បីបំពេញបំណងប្រាថ្នារបស់លោកិយ ឬដើម្បីស្វែងរកកិត្តិយសរបស់មនុស្ស ( សូមមើល ពេត្រុស ទី២ ២:១៥ ) ។ សូមកត់ចំណាំនិយមន័យរបស់ នីកូឡាស ខាងលើ ។

  4. ក្រុងធាទេរ៉ា ( វិវរណៈ ២:១៨–២៩ )

  5. ក្រុងសើដេស ( វិវរណៈ ៣:១–៦ )

  6. ក្រុងភីឡាដិលភា ( វិវរណៈ ៣:៧–១៣ ) ៖ សារលិខិតនេះទទួលស្គាល់តែអំពើល្អប៉ុណ្ណោះ ។

  7. ក្រុងឡៅឌីសេ ( វិវរណៈ ៣:១៤–២២ ) ៖ សារលិខិតនេះគ្រាន់តែកែតម្រូវការមិនល្អឥតខ្ចោះប៉ុណ្ណោះ ។ សូមកត់ចំណាំថា ភាពស្ទើរៗ មានន័យថា មិនបានតាំងចិត្តពេញលេញចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ។

២. នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមសម្រាប់សាសនាចក្រនីមួយៗដែលអ្នកបានជ្រើសរើស ៖

  • តើព្រះយេស៊ូវគ្រីស្ទបានទទួលស្គាល់អំពើល្អណាខ្លះ ? តើអ្នកបានឃើញអំពើល្អស្រដៀងគ្នានេះក្នុងចំណោមសមាជិកសាសនាចក្រនៅសម័យយើងដោយរបៀបណា ?

  • តើការកែតម្រូវ ឬការប្រឹក្សាអ្វីដែលព្រះយេស៊ូវបានប្រទានដល់សាសនាចក្រដែលអ្នកបានជ្រើសរើស ? ហេតុអ្វីនេះក៏ជាការប្រឹក្សាដ៏ល្អសម្រាប់សាសនាចក្រសព្វថ្ងៃនេះផងដែរ ?

  • ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទតែមួយអង្គដែលគត់ ស័ក្តិសមដើម្បីដឹងពីអ្វីដែលយើងកំពុងធ្វើបានល្អ និងរបៀបដែលយើងត្រូវកែលម្អ ?

ការប្រឹក្សាសម្រាប់ជីវិតរបស់អ្នកផ្ទាល់

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានលើកទឹកចិត្តយើងឲ្យបើកទ្វារ ហើយអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះចូលមកក្នុងជីវិតរបស់យើង ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬទស្សនាវីដេអូ « Mrs. Patton—the Story Continues » ចាប់ពីលេខកូដម៉ោង ១៥:០៨ ដល់ ១៥:៥៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org