ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ ភាគ ១


ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ ភាគ ១

ព្រះយេស៊ូវគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី

រូបភាព
ព្រះគ្រីស្ទ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

នៅក្នុង​សួន​ច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លងកាត់​ការរងទុក្ខ​ដែលយើងមិនអាច​យល់​បាន​ដែល​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ នេះ​ជា​មេរៀន​ទី​មួយ​ផ្នែក​ទីពីរ​នៃ​មេរៀន​នេះ អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី និង​សារៈសំខាន់​ខាង​គោលលទ្ធិ​របស់​វា ។ គោលបំណង​នៃ​មេរៀននេះ​គឺ​ដើម្បី​ជួយ​អ្នកឲ្យ​យល់​កាន់តែច្បាស់​អំពី​អ្វី​ដែល​បានកើតឡើង​នៅក្នុងសួនច្បារ​គែតសេម៉ានី និង​របៀបដែល​វាគឺ​ជាទង្វើ​នៃ​សេចក្តីស្រឡាញ់​សម្រាប់​អ្នក ។ នៅក្នុងមេរៀនបន្ទាប់ អ្នក​នឹង​សិក្សាពី​គោលលទ្ធិ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀន​ពីរបៀប​ដែលអ្នក​អាចទទួល​បានកម្លាំង និង​ជំនួយពី​ព្រះអង្គសង្គ្រោះ ។

តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​ម្នាក់ៗ ?

ប្រធាន ដាល្លិន អេក អូក​បាន​ចែកចាយ​ផ្នែក​នៃ​ការសន្ទនា​ដែល​លោក​មាន​ជាមួយ​សមាជិក​សាសនាចក្រ ។ សូម​មើល​វីដេអូ « What Has Our Savior Done for Us? » ចាប់ពី​លេខកូដ​ម៉ោង ០:០០ ដល់ ០:៣៤ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
ប្រធាន ដាល្លិន អេក អូក

កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ជួប​ស្រី្ត​ម្នាក់​ដែល​បាន​និយាយ​ថា មិត្ត​ភក្តិ​របស់​នាង​បាន​សូម​នាងឲ្យ​ត្រឡប់​មក​ព្រះវិហារ​វិញ ក្រោយពី​នាងបាន​អសកម្ម​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នាង​ពុំ​គិត​ឃើញ​ពីហេតុផលដែល​នាង​គួរ​តែ​ត្រឡប់​មក​ព្រះវិហារ​វិញ​នោះទេ ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់នាង ខ្ញុំ​បាន​និយាយ​ថា « ពេលប្អូន​គិត​ពិចារណាពី​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​ប្អូន នោះ​ប្អូន​នឹង​មាន​ហេតុផល​ជាច្រើន​ដើម្បី​ត្រឡប់​មក​ដើម្បី​ថ្វាយបង្គំ និង​បម្រើ​ទ្រង់វិញ » ។ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ឮ​នាង​ឆ្លើយ​ថា « តើ​ទ្រង់​បាន​ធ្វើ​អ្វី ខ្លះ​សម្រាប់​ខ្ញុំ ? »

( ដាល្លិន អេក អូក « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥ )

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់ស្រ្តី​នេះ​យ៉ាងណា​ដែរ ?

ព្រះយេស៊ូវគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី

រូបភាព
ដើម​អូលីវ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី​ក្នុង​ប្រទេស​អ៊ីស្រាអែល

បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​ទទួលទាន​អាហារ​បុណ្យ​រំលង​ហើយ រៀបចំ​សាក្រាម៉ង់ ហើយបាន​យាងទៅភ្នំ​ដើមអូលីវ ដើម្បី​ចែកចាយ​ការបង្រៀន​ចុងក្រោយ​របស់ទ្រង់​ជាមួយ​ពួកសាវក​របស់ទ្រង់ ទ្រង់បាន​យាងទៅ​មួយភ្លែត​ជាមួយពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅកាន់​សួនច្បារ​គែតសេម៉ា ។ ពាក្យ គែតសេម៉ានី មាន​ន័យ​ថា « កិន​យកប្រេង » ។ គោល ការ​គ្រឹះ​សំខាន់ៗ​មួយចំនួន​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​បានធ្វើឡើង​នៅ​សួនច្បារ​គែតសេម៉ានី ។ នៅពេល​អ្នក​សិក្សា​ពី​ព្រឹត្តិការណ៍​ទាំងនេះ សូម​គិត​អំពី​របៀប​ដែល​ការយល់ដឹង​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ។

វគ្គបទគម្ពីរ​ខាងក្រោម​ពិពណ៌នា​អំពីព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​បានកើតឡើង​ដែលជា​ផ្នែក​នៃ​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុងសួនច្បារ​គែតសេម៉ានី ។ សូម​ពិចារណា​ចម្លង​តារាង​ខាងក្រោម​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ហើយ​បំពេញ​វា​នៅពេល​អ្នក​សិក្សា​ខគម្ពីរ​នោះ ។ សូម​ពិចារណា​ផង​ដែរ​អំពី​ការគូសបញ្ជាក់​ពាក្យ និង​ឃ្លា​សំខាន់ៗ​ពី​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

បន្ថែមពី​លើ​ការអាន​ខគម្ពីរ​ខាងក្រោម​នេះ អ្នក​ក៏គួរមើល « The Savior Suffers in Gethsemane » ចាប់ពី​លេខ​កូដម៉ោង ០:០០ ដល់ ៥:៥២ ផងដែរ ( មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​ស្រមៃមើល​ថា​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ ។

សូមអាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។

តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

សូមអាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។

ម៉ាថាយ ២៦:៣៦–៣៩

តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

សូមអាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។

ម៉ាថាយ ២៦:៤០–៤៦

តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

សូមអាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។

លូកា ២២:៣៩–៤៤

តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

សូមអាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។

ម៉ូសាយ ៣:៧

តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

សូមអាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០–១១

តើអ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

១. សូម​ឆ្លើយសំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​គំនិត អារម្មណ៍ ឬ​ចំណាប់​អារម្មណ៍​អ្វីខ្លះ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ ?

  • តើ​ពាក្យ ឬ​ឃ្លា​ជាក់លាក់​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​លេចធ្លោ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី​ទៅ ?

  • តើ​ខគម្ពីរ​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​អ្វី​ខ្លះ​អំពី​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​អ្នក ?

តម្លៃ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មានតម្លៃ​របស់ព្រះ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ពីរបៀប​ដែល​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏គ្មាន​ទីបញ្ចប់​របស់ទ្រង់​ចំពោះ​យើង ។ សូម​ទស្សនាវីដេអូ « Abide in My Love » ចាប់ពីម៉ោង ១១:៣៣ ដល់ ១៤:០២ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សូម​យើង​ពិចារណា​អំពីតម្លៃ​នៃសេចក្ដី​ស្រឡាញ់​ដ៏មាន​តម្លៃ​របស់​ព្រះ ។ ព្រះយេស៊ូវ​បាន​បើក​សម្តែង​ថា ដើម្បី​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ប្រោសលោះ​យើងពី​សេចក្ដីស្លាប់ ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ នោះ​ការរងទុក្ខ​របស់​ទ្រង់​បាន​បណ្ដាលឲ្យទ្រង់ « គឺជាព្រះដែល​មហិមា​លើអ្វីៗ​ទាំង​អស់ ត្រូវញ័រ​ដោយ​សារតែ​ការ​ឈឺចាប់ ហើយ​ត្រូវច្រួច​លោហិត​ចេញពីគ្រប់​រន្ធញើស ហើយត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូបកាយ និងវិញ្ញាណផង—ហើយ​ដើម្បី​កុំឲ្យ [ ទ្រង់ ] ត្រូវផឹកពែង​ល្វីង ហើយ​រួញខ្លាច » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ ] ។ ការរងទុក្ខ​របស់​ទ្រង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង គឺ​មាន​ទំហំ​មហិមា​ជាង​មនុស្ស​ដែលមាន​ជីវិត​រមែង​ស្លាប់​នេះ​អាច​ទ្រាំទ្រ​បាន ។ ម្ល៉ោះហើយ ដោយសារតែ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​ព្រះ​វរបិតា​ទ្រង់ និង​ចំពោះយើង នោះ​ទ្រង់​បានស៊ូទ្រាំ ជាលទ្ធផល អាច​ផ្ដល់ដល់​យើងទាំង​ជីវិតអមតៈ និង​ជីវិត​ដ៏នៅ​អស់​កល្ប​ជានិច្ច ។

វា​ជា​និមិត្តរូប​ដ៏​រំជួលចិត្ត​ដែល « ព្រះលោហិត [ បាន ] ចេញ​មក​ពី​គ្រប់​រន្ធ​ញើស » [ ម៉ូសាយ ៣:៧ ] ពេល​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ជា​កន្លែង​គាប​ប្រេង​អូលីវ ។ នៅជំនាន់​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ផលិត​ប្រេង​អូលីវ ដំបូង ត្រូវ​យក​ផ្លែអូលីវ​មកកិន​នឹង​ផ្ទាំង​ថ្មធំមួយ ។ ផ្លែអូលីវ « កិន » នោះ​ត្រូវយក​ទៅដាក់​នៅក្នុង​កន្ត្រក​វេញ​ដែល​ដាក់គរ​ពីលើគ្នា ។ ទម្ងន់​របស់​វា​គាប​ចេញជា​ប្រេង​ដំបូង ហើយ​ល្អបំផុត ។ បន្ទាប់មក​សង្កត់​បន្ថែមដោយការដាក់​ធ្នឹម ឬ​ដុំឈើ​ធំ​មួយ​សង្កត់​ពីលើ​កន្ត្រក​ដែល​ដាក់​គរ​គ្នា​នោះ ដែល​គាប​បាន​ប្រេង​បន្ថែម​ទៀត ។ ទីបំផុត ដើម្បី​គាបយក​ដំណក់​ប្រេង​ចុងក្រោយ គឺ​ត្រូវ​ដាក់​ថ្ម​ជាច្រើន​សង្កត់​លើ​ធ្នឹម​នៅ​ចុងម្ខាង ដើម្បី​បង្កើត​ជា​កម្លាំង​សម្ពាធ​សង្កត់​ឲ្យ​ខ្លាំង ។ មែនហើយ ប្រេងនឹង​ចេញមកជា​ពណ៌ក្រហម​ដូចវាហូរចេញ​មក​កាលពីដំបូងដែរ ។

ខ្ញុំ​គិត​អំពី​ដំណើរ​រឿង​របស់​ម៉ាថាយ​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​ទ្រង់​បានចូល​ទៅ​សួនច្បារ​គែតសេ​ម៉ានី​នាយប់ដ៏​សំខាន់​នោះ—ដែលទ្រង់ « ចាប់តាំង​មាន​ព្រះហឫ​ទ័យព្រួយ ហើយ​តប់​ប្រមល់​ជាខ្លាំង ។ …

« កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទម្លាក់​អង្គ ផ្កាប់​ព្រះភក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែកុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » [ ម៉ាថាយ ២៦:៣៧, ៣៩ ] ។

បន្ទាប់មក កាលខ្ញុំ​ស្រមៃ​ឃើញ​ថា​សម្ពាធ​មាន​កាន់តែ​ធ្ងន់ធ្ងរ នោះ​ទ្រង់​បាន​ទូល​អង្វរ​ជា​លើក​ទីពីរ​សូម​ការ​សម្រាលទុក្ខ ហើយ​ទីបំផុត​បាន​សូម​ជា​លើក​ទីបី ដែល​វា​ប្រហែល​ការឈឺ​ចាប់​នេះ​ដល់​កំពូលរបស់​ទ្រង់​ហើយ​មើល​ទៅ ។ ទ្រង់​បាន​ស៊ូទ្រាំការ​រងទុក្ខ​រហូត​សេចក្ដីយុត្តិធម៌​ត្រូវ​បាន​ស្កប់ស្កល់​ដល់​ដំណក់​ចុង​ក្រោយ ។ ការណ៍​នេះ​ទ្រង់​បាន​ប្រោសលោះ​បងប្អូន និង​រូប​ខ្ញុំ ។

សេចក្ដីស្រឡាញ់​របស់​ព្រះ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ណាស់​ហ្ន៎ !

( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥១ )

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​មកពី​សេចក្តី​ថ្លែងការណ៍​នេះ ដែល​លេចធ្លោ​ចំពោះ​អ្នក ?

  • តើ​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​អ្នក​ផ្ទាល់​យ៉ាង​ដូចម្ដេច ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៩៤ ) បានថ្លែង​ទីបន្ទាល់ថា ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ហើយ​ក្រោយ​មក​នៅ​កាល់វ៉ារី « គឺជាទង្វើ​នៃសេចក្ដី​ស្រឡាញ់​ដ៏ធំបំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែលបាន​កត់ត្រាទុក » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៩៤ ) ។

២. ដោយប្រើអ្វីដែលអ្នកបានរៀនថ្ងៃនេះ សូមកត់ត្រាចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ដែលជាផ្នែក​នៃ​សុន្ទរកថា​របស់ប្រធាន អូក នៅដើម​មេរៀន​នេះ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​អ្វីទៅ​ជា​សារៈសំខាន់​នៃ​គែតសេម៉ានី ?

រូបភាព
ការគាប​អូលីវ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ពាក្យ គែតសេម៉ានី Gethsemane មក​ពី​ពាក្យ​ដើម​ពីរ​នៃ​ភាសា​ហេព្រើរ ៖ ពាក្យ gath មាន​ន័យ​ថា « សង្កត់ » និង​ពាក្យ shemen មាន​ន័យ​ថា « ប្រេង » ជាពិសេស​គឺ​ប្រេង​អូលីវ ។

នៅ​ទីនោះ អូលីវ​ត្រូវបាន​សង្កត់​ដោយ​ទម្ងន់​នៃ​រង្វង់​កង់​ថ្ម​ដ៏ធ្ងន់ ដើម្បី​ច្របាច់​យក​ប្រេង​ដ៏មានតម្លៃ​ចេញពី​ផ្លែ​អូលីវ ។ ដូច្នេះ​ព្រះគ្រីស្ទ​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី​គឺ​ពិត​ជា​ត្រូវ​បាន​សង្កត់​នៅក្រោម​ទម្ងន់​នៃ​អំពើ​បាប​របស់​ពិភពលោក​នេះ ។ ទ្រង់​បាន​ស្រក់​ដំណក់​ឈាម​ធំៗ—« ប្រេង » នៃ​ព្រះជន្ម​របស់​ទ្រង់—ដែល​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស ។ …

… សូមចាំថា ដូចជា​ដើម​អូលីវ​ដែរ ដែលត្រូវ​យកមក​គាប​យកប្រេង​ដើម្បី​អុច​បំភ្លឺ ដូច្នេះ​ព្រះអង្គសង្គ្រោះ​ក៏​ត្រូវបាន​គាប​ដូច្នោះ​ដែរ ។ ព្រះ​ប្រោស​លោះ​របស់យើង​បាន​បង្ហូរ​ព្រះលោហិត​ពី​គ្រប់​រន្ធញើស ។ នៅថ្ងៃដ៏​រីករាយ​នៃបេសកកម្ម​របស់អ្នក នៅពេល​ដែល​ពែង​នៃ​សេចក្តី​រីករាយ​របស់អ្នកបាន​កន្លងផុត​ទៅ សូម​ចង​ចាំពែង​នៃភាពជូរចត់​របស់ទ្រង់ ដែលធ្វើឲ្យ​ការណ៍នោះ​អាចធ្វើទៅបាន ។ ហើយនៅ​ពេល​ការ​សាកល្បងដែល​ឈឺ​ចាប់​ធ្លាក់​មក​លើ​អ្នក ចូរ​នឹកឃើញ​ដល់​សួនច្បារ​គែតសេម៉ានី ។

( រ័សុល អិម ណិលសុន « Why This Holy Land? » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៩ ទំព័រ ១៧–១៨ )

តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយ​បានថ្លែង ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

នៅ​ក្រោម​ផែនការ​នៃ​ព្រះវបិតា​សួគ៌​របស់​យើង [ ព្រះយេស៊ូវ​គ្រីស្ទ ] « បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី » ( គោលទ្ធិ និង​ សេចក្តី​សញ្ញា ១៤:៩ ) ដើម្បី​ឲ្យ​យើង​ម្នាក់ៗ​អាច​ដកពិសោធន៍​ក្នុងជីវិត​រមែង​ស្លាប់​នេះ ដែល​ចាំបាច់​ដើម្បី​ស្វែងរក​ជោគ​វាសនា​ដ៏ទេវភាព​របស់​យើង ។ ដោយជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា នោះ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​សេចក្តី​ស្លាប់​ដើម្បី​ធានា​ឲ្យ​យើង​ម្នាក់ៗ​ទទួល​បាន​នូវ​អតមភាព ។ ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្តល់​ឲ្យ​យើង​ម្នាក់ៗ​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ​ដោយ​ស្អាតស្អំ ។ បទបញ្ញត្តិ និង​សេចក្តី​សញ្ញា​របស់​ទ្រង់​បង្ហាញ​ផ្លូវ​ដល់​យើង ហើយ​បព្វជិតភាព​របស់​ទ្រង់​ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​ឡាយ​ដែល​ចាំបាច់​ដើម្បី​ឈាន​ដល់​ជោគវាសនា​នោះ ។ ហើយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ស្ម័គ្រ​ព្រះទ័យ​មក​ដកពិសោធន៍​រាល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងអស់ ដើម្បី​ទ្រង់​អាច​ដឹង​ពី​របៀប​ពង្រឹង​យើង​កាល​ដែល​យើង​មាន​ទុក្ខលំបាក ។

ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​អ្វីៗ​ទាំង​អស់​នេះ ពីព្រោះ​ទ្រង់​ស្រឡាញ់​កូនៗ​ទាំងអស់​របស់​ព្រះ ។ សេចក្តី​ស្រឡាញ់​គឺ​ជា​កម្លាំងជំរុញ​សម្រាប់​អ្វីៗ​ទាំងអស់ ហើយ​កម្លាំង​ជំរុញ​នេះ​មាន​តាំងពី​ដើម​ដំបូង​មក​ហើយ ។

( ដាល្លិន អេក អូក « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៧ )