ថ្នាក់​សិក្ខាសាលា
លូកា ២២:២៨–៣៤, ៥៤–៦១


លូកា ២២:២៨–៣៤, ៥៤–៦១

« ខ្ញុំបាន​អធិស្ឋាន​ឲ្យអ្នក ដើម្បី​មិន​ឲ្យសេចក្តីជំនឿ​របស់អ្នក​វិនាសបាត់ឡើយ »

រូបភាព
ព្រះយេស៊ូវ និង​ពេត្រុស​កំពុង​ដើរ និង​សន្ទនា

ព្រះយេស៊ូវគ្រីស្ទ​ទើបតែ​បាន​ណែនាំ​សាក្រាម៉ង់​ដល់​ពួក​សិស្ស​របស់​ទ្រង់ នៅពេល​ពួកគេ​ចាប់ផ្តើម​និយាយ​អំពី​ថាតើ​នរណា​ដែល​នឹង​ក្បត់​លោកគ្រូ និង​របៀប​ដែល​ការ​បម្រើ​អ្នក​ដទៃ​គឺ​អស្ចារ្យ​ជាង​ការឲ្យ​អ្នក​ដទៃ​មកបម្រើ​យើង ។ ចំពេល​ការសន្ទនា​ទាំងនេះ​នៅក្នុង​បន្ទប់ខាងលើ​ដែល​ព្រះយេស៊ូវ និង​ពួកសាវក​បានបរិភោគ​អាហារចុងក្រោយ ព្រះយេស៊ូវ​បានជួយ ពេត្រុស ឲ្យ​យល់​ពី​ការប្រឆាំង​ដែលគាត់​នឹង​ឆ្លងកាត់​ពេញ​មួយ​ជីវិត​របស់គាត់ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពេត្រុស​ថា គាត់​នឹង​អាច​ជួយ​អ្នក​ដទៃ​បាន លុះត្រាតែ​គាត់​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះ​មានគោលបំណង​ជួយអ្នកឲ្យ​ស្គាល់​តម្រូវការ​របស់អ្នក​ក្នុងការពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយបន្តពង្រឹង​សេចក្ដីជំនឿ​របស់អ្នកទៅ​លើទ្រង់ ។

ពង្រឹង​សមត្ថភាព​របស់​អ្នក

សូមធ្វើ​បញ្ជី​ជំនាញ ឬ​សមត្ថភាព​ដែល​នរណាម្នាក់​អាច​បាត់បង់ ប្រសិនបើ​ពួកគេ​មិនបាន​បន្ត​ប្រើប្រាស់ ឬ​ពង្រឹង​សមត្ថភាព​ទាំងនោះ​ទេ ( ឧទាហរណ៍ ជំនាញកីឡា ឬ​ជំនាញសរសេរ ) ។

  • តើ​ការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

នៅក្នុង​មេរៀន​ថ្ងៃនេះ អ្នកនឹង​រៀន​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​អ្នក​ពង្រឹង​សមត្ថភាព​របស់អ្នកឲ្យ​មាន​សេចក្តី​ជំនឿ​ទៅ​លើទ្រង់ ។

សូម​ចំណាយពេល​មួយនាទី​ដើម្បីសញ្ជឹងគិត​អំពីអ្វី​ដែលអ្នក​កំពុងធ្វើ ឬ​ចង់ធ្វើ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាចសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពីអ្វី​ដែល​អ្នកកំពុង​ធ្វើប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬ​សូម្បីតែប្រចាំខែ​ក្តី ។ សកម្មភាព​ទាំងនេះ​អាចរួម​បញ្ចូល​គោលដៅ​ណាមួយ​ដែល​អ្នក​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ននេះ ។

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​ការផ្លាស់ប្ដូរ ឬ​ការកែលម្អ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់អ្នកទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ដូច្នេះ​អ្នក​អាច​ពឹងផ្អែក​លើ​ទ្រង់​មិន​ថា​អ្នក​ជួប​នឹង​កាលៈទេសៈ​ក្នុង​ជីវិត​បែបណា​នោះទេ ។

ព្រះយេស៊ូវ​គ្រីស្ទ​យល់​អំពី​តម្រូវការ​របស់យើង ហើយនឹង​ជួយយើង

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​សិស្ស​ទ្រង់​អំពី​នគរ​នៅពេល​អនាគត​ដែល​កំពុង​រង់ចាំ​ពួកគេ ដោយសារ​ពួកគេ​បាន​បន្ត​ដើរ​ជាមួយ​ទ្រង់​ដោយ​ស្មោះត្រង់ ( សូមមើល លូកា ២២:២៨–៣០ ) ។ ទោះ​ជា​យ៉ាង​ណា ព្រះអម្ចាស់​ក៏​បាន​ជួយ​ស៊ីម៉ូន ពេត្រុស ត្រៀម​ខ្លួន​ចំពោះ​ដំណើរ​ខាងផ្លូវ​វិញ្ញាណ​ដ៏​លំបាក​ដែល​គាត់​នឹង​ប្រឈម​មុខ​ក្នុង​ពេល​ឆាប់ៗ​នេះ ។

សូម​អាន លូកា ២២:៣១–៣៤ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ជួយ​ពេត្រុស​ឲ្យ​យល់ ។

ដើម្បី​យល់​កាន់តែច្បាស់​អំពី​អត្ថន័យ​ដែល​សាតាំង​ចង់ « រែង [ ពេត្រុស ] ដូចជា​អង្ករ » ( ខទី ៣១ ) សូម​អាន​ការពន្យល់​នៅក្នុងផ្នែក « ជម្រើស ៖ ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? នាចុងបញ្ចប់​នៃ​មេរៀន ។

  • តើ​អ្នក​កត់​សម្គាល់ឃើញ​អ្វីខ្លះ​អំពី​ការយល់ឃើញ​របស់​ព្រះអង្គ​សង្រ្គោះ​អំពីពេត្រុស ? តើ​វា​ខុស​ពី​ការ​ពេត្រុស​មើលឃើញ​ខ្លួនគាត់​យ៉ាង​ដូចម្តេច ?

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ទំនាក់ទំនង​របស់​ពេត្រុស​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​ក៏​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • បន្ទាប់​ពី​ពេត្រុស​បាន​ប្រកាស​ពី​សេចក្ដី​ជំនឿ និង​ភក្ដីភាព​របស់​គាត់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ តើ​ព្រះអង្គ​សង្គ្រោះ​បាន​បើក​សម្ដែង​ថា​ពេត្រុស​នឹង​ធ្វើ​អ្វី ?

រូបភាព
ពេត្រុស​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ

នៅ​យប់​នោះ ពេល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ចាប់​ព្រះកាយ ហើយ​នាំ​ទៅ​ផ្ទះ​របស់​សម្តេច​សង្ឃ​ដើម្បី​កាត់ទោស ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ ( សូមមើល លូកា ២២:៥៤ ) ។

សូមអាន លូកា ២២:៥៥–៦២ ដើម្បី​រៀន​ពី​របៀប​ដែល​ការព្យាករណ៍​របស់​ព្រះយេស៊ូវ​អំពីពេត្រុស​ត្រូវបាន​បំពេញ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ពី​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ពេត្រុស ដែល​នាំ​ឲ្យ​អ្នក​មាន​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

ដូចជា​ព្រះអង្គសង្គ្រោះ​បានជួយ​ពេត្រុស​ឲ្យ​យល់​ពី​បំណងប្រាថ្នា​របស់​សាតាំង ( សូមមើល លូកា ២២:៣១ ) ប្រធាន រ័សុលអិម ណិលសុន បានព្រមាន​យើងថា « មារសត្រូវ​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​វា​ទៅ​លើ​សេចក្ដីជំនឿ​មក​លើ​យើង និង​ក្រុមគ្រួសារ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ » ( រ័សុលអិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ លោក​ក៏​បាន​បង្រៀន​ថា « មារសត្រូវ​កំពុង​បង្កើន​ការ​ខិតខំ​របស់​វា​ដើម្បី​រំខាន​ដល់ទីបន្ទាល់ ហើយ​រារាំង​កិច្ចការ​របស់​ព្រះអម្ចាស់ » ( រ័សុល អិម ណិលសុន « We Can Do Better and Be Bette » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ) ។

  • តើ​សាតាំង​កំពុង​ស្វែង​រក​វិធី​ណា​ខ្លះ​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ថ្ងៃ​នេះ ?

  • តើអ្វី​បានជួយ​អ្នកពង្រឹង​សេចក្ដីជំនឿ​របស់អ្នកទៅលើ​ព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ពី​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

សេចក្តីជំនឿ​របស់អ្នក​នឹង​រីកចម្រើន​ឡើង ពុំមែន​កើតមក​ពី​ភាពចៃដន្យ​នោះទេ ប៉ុន្តែ​មកពី​ជម្រើសវិញ ។

របៀប​ដែល​យើង​រស់នៅ​នឹង​បង្កើន ឬ បន្ថយ​សេចក្តី​ជំនឿ​របស់យើង ។ ការអធិស្ឋាន ការគោរពប្រតិបត្តិ សេចក្តីទៀងត្រង់ ភាពបរិសុទ្ធ​ក្នុង​គំនិត និង​ទង្វើ ព្រមទាំង ភាពមិន​អាត្មានិយម​បង្កើន​នូវ​សេចក្តីជំនឿ ។ ប្រសិនបើ​គ្មាន​ចំណុច​ទាំងនេះទេ នោះ​សេចក្តីជំនឿ​នឹង​ថមថយ ។ ហេតុអ្វី​ព្រះអង្គសង្គ្រោះ​បាន​ថ្លែង​ទៅ​ពេត្រុសថា « ខ្ញុំបាន​អធិស្ឋាន​ឲ្យអ្នក ដើម្បី​មិន​ឲ្យ​សេចក្តីជំនឿ​របស់អ្នក​វិនាសបាត់ឡើយ » ។ ( លូកា ២២:៣២ ) ។ ដោយសារ​មាន​មារសត្រូវ​ម្នាក់​ដែល​ត្រេកអរ​ក្នុងការ​បំផ្លាញ​សេចក្តីជំនឿ​របស់យើង ! ចូរ​កុំ​ស្រាកស្រាន្ដ​ក្នុងការ​ការពារ​សេចក្ដីជំនឿ​របស់​អ្នកឡើយ ។

( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៦ )

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វី​នៅ​ថ្ងៃ​នេះ​អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ចង់​បាន​សម្រាប់​អ្នក ?

  • តើ​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ចាប់ផ្តើម ឬ​បន្ត​ធ្វើ ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​គិត​ថា​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រទានពរ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

លូកា ២២:៣១ ។ តើ​ព្រះអង្គសង្គ្រោះ​មាន​ន័យយ៉ាងណា នៅពេល​ទ្រង់បាន​ប្រាប់​ពេត្រុសថា សាតាំងចង់ « រែង [ អ្នក ] ដូចជាអង្ករ » ?

ការរែងអង្ករ ដែលជា​គ្រាប់​ធញ្ញជាតិ​ដ៏​មាន​តម្លៃ​ត្រូវ​បានបំបែក​ចេញពី​ផ្នែក​ដែល​អត់ប្រយោជន៍​របស់រុក្ខជាតិ ។ ព្រះយេស៊ូវ​បាន​ប្រើ​ការប្រៀបធៀប​នេះ​ដើម្បី​ជួយ​ពេត្រុស ( និង​យើង​ម្នាក់ៗ ) ឲ្យ​ស្គាល់​ការខិតខំ​របស់​សាតាំង​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​យើង ហើយ​រារាំង​យើង​ពី​ការធ្វើ​ជា​ចំណែក​ដ៏​សំខាន់​នៃ​នគរ​ព្រះ ។

តើ​អ្វី​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​ខ្ញុំ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

សេចក្ដីជំនឿ​របស់យើង​ផ្តោតលើ​ព្រះ ជាព្រះវរបិតា​របស់យើង និង​ព្រះរាជបុត្រា​របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង ។ សេចក្ដីជំនឿ​ត្រូវពង្រឹង​ដោយ​ចំណេះដឹង​របស់យើង ថា​ភាពពេញលេញ​នៃ​ដំណឹងល្អ​ត្រូវបានស្ដារឡើងវិញ​នៅលើ​ផែនដី​នេះ ថា​ព្រះគម្ពីរមរមន​គឺជា​ព្រះបន្ទូលរបស់ព្រះ ហើយថា​ព្យាការី និង​សាវកទាំងឡាយ​នា​ពេលសព្វថ្ងៃនេះ កាន់​កូនសោទាំងឡាយ​នៃ​បព្វជិតភាព ។ យើង​រក្សានូវ​សេចក្ដី​ជំនឿ​របស់យើង ពង្រឹង​សេចក្ដីជំនឿ​របស់យើង អធិស្ឋាន​ទូលសូម​ឲ្យ​សេចក្ដីជំនឿ​កើនឡើង និង​ធ្វើអ្វីៗទាំងអស់​ជាមួយ​អំណាច​របស់យើង​ដើម្បី ការពារ និង​រក្សា​សេចក្ដីជំនឿ​របស់យើង ។ …

… អ្នក​បាន​ជ្រមុជ​ខ្លួន​នៅក្នុង​គ្រប់​រឿង​អ្វីៗ​ដែល​បាន​ជួយ​កសាង​ស្នូល​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក ៖ អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ អ្នក​អធិស្ឋាន អ្នក​ពិចារណា​អំពី​ព្រះគម្ពីរ អ្នក​ប្រែចិត្ត អ្នក​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​អ្នក​បម្រើ​អ្នកដទៃ ។

( នែល អិល អាន់ឌើរសិន « Trial of Your Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៩–៤០ )

តើអ្វី​អាច​បំផ្លាញ​សេចក្ដីជំនឿ​របស់​ខ្ញុំ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

អាម៉េឌ អេស ខ័របីត ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ បានបង្រៀន ៖

រូបភាព
អាម៉េឌ អេស ខ័របីត

មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ ចេតនា​គិតវែង​ឆ្ងាយ ឬ មើល​អ្វី​ដែល​ផ្ទុយ​ពីធាតុ​ពិត​របស់​បងប្អូន ជាពិសេស​រូបអាសគ្រាម នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​លើព្រះ​គ្រីស្ទ​របស់​បងប្អូន​ចុះខ្សោយ ហើយ​បើគ្មាន​ការប្រែចិត្ត​ទេ វា​អាច​នឹងត្រូវ​បំផ្លាញចោល ។

( អាម៉េឌ អេស ខ័របីត « បងប្អូន​អាច​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ! » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦២ )

លូកា ២២:៣២ ។ តើ​យើង​អាចរៀន​អ្វីខ្លះ​អំពី​ការប្រែចិត្ត​ពី​ការយល់ដឹង​ពី​សេចក្តីថ្លែងការណ៍​របស់ព្រះ​អង្គសង្គ្រោះ​ដែល​បង្ហាញថា​ពេត្រុស​មិនទាន់​បាន​ប្រែចិត្ត​ពេញលេញ​នៅឡើយ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

គួរឲ្យ​ចាប់អារម្មណ៍ សាវក​ដ៏​អស្ចារ្យ​នេះ​បាន​និយាយ និង​បាន​ដើរ​ជាមួយ​លោកគ្រូ បាន​ឃើញ​អព្ភូតហេតុ​ជាច្រើន ហើយ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​ពី​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ តែ​សូម្បី​តែ ពេត្រុស​ក៏​ត្រូវការ​ការណែនាំ​បន្ថែម​ពី​ព្រះយេស៊ូវ អំពី​អំណាច​នៃ​ការប្រែចិត្ត​ជឿ និង​ការធ្វើ​ឲ្យ​បរិសុទ្ធ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពី​កាតព្វកិច្ច​របស់​លោក ក្នុង​ការបម្រើ​ដោយ​ស្មោះត្រង់ ។

លក្ខណៈ​គ្រឹះ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង​ជា​អចិន្ត្រៃ ក្នុង​ចរិត​ធម្មជាតិ​របស់​យើង ដែល​ការផ្លាស់ប្ដូរ​នេះ​អាចកើតឡើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ការប្រែចិត្តជឿ​ពិត​នាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ការជឿ ក្នុង​ដួងចិត្ត និង​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ឲ្យ​ទទួលយក និង​គោរព​តាម​ព្រះហឫទ័យ​ព្រះ ( សូមមើល កិច្ចការ ៣:១៩; នីហ្វៃទី៣ ៩:២០ ) ហើយ​រួមទាំង​មនសិការ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

( ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–១០៧ )