ថ្នាក់​សិក្ខាសាលា
លូកា ២២:៤៧–៧១; យ៉ូហាន ១៨:១–២៧


លូកា ២២:៤៧–៧១; យ៉ូហាន ១៨:១–២៧

« តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះវរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី ? »

រូបភាព
ទាហាន​ចាប់​ខ្លួន​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ​បាន​តាំងព្រះទ័យ​យ៉ាង​ពេញទំហឹង​ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ។ ការណ៍​នេះបង្ហាញឲ្យ​ឃើញ​ជាពិសេស​នៅក្នុង​ការរង​ទុក្ខ​របស់​ទ្រង់​នៅក្នុងសួនច្បារ​គែតសេម៉ានី ការចាប់​ខ្លួន​របស់ទ្រង់​ដែល បាន​កើត​ឡើងបន្ទាប់ និង​ព្រឹត្តិការណ៍​ដែលនាំ​ទៅដល់ និង​អំឡុង​ពេល​នៃ​ការឆ្កាងទ្រង់ ។ មេរៀននេះ​អាចជួយអ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ជ្រើសរើស​ឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​នៅក្នុងជីវិត​របស់​អ្នក ។

ការ​ដាក់​ឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​សំខាន់​ជាង​ឆន្ទៈ​របស់​យើង​ផ្ទាល់

រូបភាព
រូបភាព​ទ្វារ​ពីរ

សូម​ស្រមៃថា​អ្នក​កំពុង​ឈរ​នៅមុខ​ទ្វារពីរ​នោះ ។ ដោយ​ការជ្រើសរើស​ចូល​ទ្វារ​ទីមួយ នោះ​អ្នក​នឹង​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ប៉ុន្តែ​អ្នក​នឹង​ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏លំបាកៗ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ចូល​តាម​ទ្វារ​ទីពីរ នោះអ្នក​នឹង​គេច​ផុត​ពីការ​សាកល្បង ប៉ុន្តែ​អ្នក​នឹង​មិន​ធ្វើ​តាម​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​បាន​សម្រាប់​អ្នក​ឡើយ ។

  • ហេតុអ្វីបាន​ជា​មាន​មនុស្ស​អាចជ្រើសរើស​ទ្វារទីមួយ ? ទ្វារទីពីរ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ដែល​អាច​ជួយ​អ្នក​ជ្រើសរើស​ចូល​តាម​ទ្វារទីមួយ ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ការ​ជ្រើសរើស​ទ្វារ​ទីមួយ​គឺ​ស្រដៀង​នឹង​របៀប​ដែល​ទ្រង់​បាន​ជ្រើសរើស​ដើម្បី​រស់នៅ ។ នៅក្នុងមេរៀនថ្ងៃនេះ អ្នកនឹងមាន​ឱកាសអាន​អំពីជម្រើស​ដែលព្រះអង្គ​សង្គ្រោះ​បានធ្វើ​ឆ្ពោះទៅរក​ទីបញ្ចប់​នៃ​ជីវិតរមែងស្លាប់​របស់ទ្រង់ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​អ្វី​ដែល​បំផុសគំនិត​អ្នក​អំពី​សកម្មភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គេ​បាន​ក្បត់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ចាប់​ព្រះកាយ​ទ្រង់​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី

នៅក្នុង​សួនច្បារ​គែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទ​បានទូលសុំព្រះ​វរបិតាទ្រង់​ថា « សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ » ប៉ុន្តែ​ទ្រង់​បាន​បញ្ជាក់​យ៉ាងច្បាស់ថា ទ្រង់បាន​តាំង​ព្រះហឫទ័យ​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា នៅពេល​ទ្រង់មាន​បន្ទូលថា « ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។ ពែង​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ការ​រង​ទុក្ខ និង​ការ​សុគត​របស់​ទ្រង់ ។

សូមអាន យ៉ូហាន ១៨:១–៤ ដោយរក​មើល​ពីរបៀប​ដែល​ព្រះ​អង្គ​សង្គ្រោះ​បានបន្តបង្ហាញ​ពីការ​ប្តេជ្ញា​ព្រះទ័យ​របស់​ទ្រង់​ក្នុង​ការធ្វើ​តាម​ព្រះហឫ​ទ័យ​របស់​ព្រះវរ​បិតាសួគ៌ ។

សូម​ធ្វើ​បញ្ជី​នៃ​រឿង​លំបាក​មួយ​ចំនួន​ដែល​ព្រះយេស៊ូវ​បាន​ដឹង​ថា​នឹង « ត្រូវ​មក​ដល់​ទ្រង់ » នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ ប៉ុន្តែ​ទ្រង់​បាន​ទទួលយក ( ខទី ៤ ) ។

សូម​អាន យ៉ូហាន ១៨:៥–១១ ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​ហ្វូង​មនុស្ស​ជាមួយ​គ្រឿង​សស្ត្រាវុធដែល​បាន​យក​មក​ចាប់​ទ្រង់ ។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ដែល​មិន​បាន​កត់ត្រា​ដោយ​យ៉ូហាន ដែល​បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​ការតាំងចិត្ត​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវគ្រីស្ទ សូម​អាន ម៉ាថាយ ២៦:៥២–៥៤ និង លូកា ២២:៥០–៥១ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « The Savior Suffers in Gethsemane » ចាប់ពី​លេខកូដម៉ោង ៥:៥៥ ដល់ ៨:៣០ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​អំពី​ការទប់ទល់​របស់​ព្រះ​យេស៊ូវ​ជាមួយ​នឹង​ហ្វូង​មនុស្ស​ដែល​មាន​គ្រឿង​សស្ត្រាវុធ ?

  • តើ​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជួយ​ឲ្យ​អ្នក​យល់​យ៉ាងណា​អំពី​ការប្រឈមមុខ​នឹង​ការប្រឆាំង ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​អាច​ដោះស្រាយ​ស្ថានការណ៍​ទាំងនេះ​តាម​របៀប​ដែល​ទ្រង់​បាន​ធ្វើ ? តើ​ការណ៍​នេះ​បង្រៀន​អ្នក​អំពី​ទ្រង់​យ៉ាង​ដូចម្តេច ?

ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ការ​ជំនុំ​ជម្រះ

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​របស់​ព្រះ​យេស៊ូវ ទ្រង់​ត្រូវ​បាន​នាំ​ទៅ​ចំពោះ​មុខ​សម្តេច​សង្ឃ កៃផា និង​ពួក​ដឹក​នាំ​ជន​ជាតិ​យូដា​ដទៃ​ទៀត ។ ​សូមអាន លូកា ២២:៦៣–៦៥ ដើម្បី​រកមើល​អំពី​ការប្រព្រឹត្តិ​ដ៏អយុត្តិធម៌​មួយចំនួន​ដែលព្រះយេស៊ូវ​បាន​ទទួល​ពីពួកគេ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ចាប់ពី​លេខកូដ​ម៉ោង ០:០០ ដល់ ១:៣៩ ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះ​ឆន្ទៈ​ស៊ូទ្រាំ​នឹង​ការប្រព្រឹត្តិ​ដ៏​ឃោរឃៅ និង​អយុត្តិធម៌​បែបនេះ ?

នៅក្នុង​ព្រះគម្ពីរ​មរមន នីហ្វៃ និង​អ័ប៊ីណាដៃ​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​ស្ម័គ្រ​ព្រះទ័យ​ចុះ​ចូល​ចំពោះ​ការ​ប្រព្រឹត្តិ​មកលើ​ទ្រង់​បែប​នេះ ។ សូមអាន នីហ្វៃទី១ ១៩:៨–៩ និង ម៉ូសាយ ១៥:៥–៧ ដើម្បី​រកមើល​ថាតើ​ហេតុផល​អ្វីខ្លះ​ដែលពួកគេ​បាន​សរសេរ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​មេរៀន​អ្វីខ្លះ​ដែល​អ្នក​អាច​រៀន​អំពី ឬ​ពី​ព្រះយេស៊ូវគ្រីស្ទ​មកពី​ខគម្ពីរ​ទាំងនេះ ។

អ្នក​ប្រហែល​ជា​គួរ​សរសេរ​ហេតុផល​មួយ​ចំនួន​ថា​ហេតុអ្វី​បាន​ជា​ការ​យល់​ពី​មេរៀន​ទាំងនេះ​មាន​តម្លៃ ឬ​មាន​អត្ថន័យ​ចំពោះ​អ្នក​ផ្ទាល់ខ្លួន ។

មេរៀន​មួយ​ដែល​សំខាន់​ដើម្បី​យល់​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។

  • តើ​អ្នក​គិត​ថា​ព្រះយេស៊ូវ​បាន​យល់​យ៉ាង​ណា​អំពី​ព្រះវរបិតាសួគ៌​ដែល​នឹង​ធ្វើ​ឲ្យ​ទ្រង់​ចុះចូល​នឹង​ព្រះទ័យ​របស់​ទ្រង់​ទាំងស្រុង ?

សូម​គិត​អំពី​ពេល​មួយ​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើ​តាម​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​បាន ជំនួស​ឲ្យ​ការ​ពេញចិត្ត​ផ្ទាល់ខ្លួន ។

  • តើ​អ្វី​ជា​ការ​ពិបាក​ក្នុង​ការ​ជ្រើស​រើស​ព្រះរាជ​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​ជាង​អ្វី​ដែល​អ្នក​ចង់​បាន ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល​ដោយ​ការ​ជ្រើសរើស​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ទោះបី​ជា​វា​លំបាក​យ៉ាងណាក៏ដោយ​នោះ ?

ប្រធាន រ័សុល អិម ណិលសុន បាន​សួរ​សំណួរ​ជា​បន្តបន្ទាប់​អំពី​ឆន្ទៈ​របស់យើង​ក្នុង​ការចុះចូល​តាម​ព្រះ​ឆន្ទៈរបស់ព្រះ ។ សូម​ចំណាយពេល​ខ្លះ​ដើម្បី​សញ្ជឹងគិត​ពី​របៀប​ដែលអ្នក​អាចឆ្លើយ​សំណួរទាំងនេះ​ដោយស្មោះត្រង់ ។ សូម​គិតអំពី​អ្វីដែលត្រូវការ​សម្រាប់អ្នក​ដើម្បី​អាចឆ្លើយ​ថា បាទ/ចាស ចំពោះ​សំណួរនីមួយៗ ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូលទ្រង់ បទបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះសូរសៀង​របស់​ទ្រង់​មាន​អាទិភាព​លើស​សំឡេង​ដទៃ​ទៀតដែរ​ឬ​ទេ ? តើ​បងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ មាន​អាទិភាព​ជាង​មហិច្ឆិតា​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បី​ទុក​ឲ្យ​ព្រះទ័យ​ទ្រង់លេប​ដណ្ដប់​ឆន្ទៈ​របស់​បងប្អូន​ដែរ​ឬ​ទេ ?

( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ )

១. សូមឆ្លើយ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ផ្អែកលើអ្វី​ដែលអ្នកបាន​រៀនអំពី​ការចុះចូល​របស់ព្រះ​អង្គ​សង្គ្រោះ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះវរ​បិតាទ្រង់ សូម​សរសេរប្រយោគ​មួយចំនួន​អំពីអ្វីដែល​អ្នក​ចង់ចងចាំ ធ្វើ ឬ​ប្រែក្លាយ ។ សូម​ពិចារណា​ពីការបំផុសគំនិត​ដូច​ខាង​ក្រោមនេះ​ដើម្បីជួយអ្នក​កត់ត្រាគំនិត និង​បំណងប្រាថ្នា​របស់អ្នក ។

  • ខ្ញុំ​ចង់​ចងចាំ​ថា ព្រះអង្គសង្គ្រោះ …

  • ដូចជា​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​អាចធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​សួគ៌​ដោយ …

  • គុណលក្ខណៈមួយ ដែលខ្ញុំ​នឹង​ព្យាយាម​អភិវឌ្ឍ ដើម្បីប្រែ​ក្លាយឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ គឺ …

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ពី​ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​ចុះចូល​តាម​ព្រះវរបិតាសួគ៌ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​បង្រៀនថា ភាពស្លូតបូត​របស់ព្រះអង្គ​សង្គ្រោះ គឺជា​គុណលក្ខណៈ​សំខាន់​ដែល​អនុញ្ញាតឲ្យ​ទ្រង់ដាក់​ព្រះឆន្ទៈ​របស់ទ្រង់​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ភាព​ខ្ជាប់ខ្ជួន​នៃ​ព្រះទ័យ​ចុះចូល និង​ការគ្រប់គ្រង​ខ្លួន​ឯង​ដោយ​រឹងប៉ឹង​របស់​ព្រះអម្ចាស់​គឺ​ជា​ការបំផុស​គំនិត និង​ជា​ការណែនាំ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។ នៅពេល​ក្រុម​អ្នក​យាម​ព្រះវិហារ​បរិសុទ្ធ និង​ពួកទាហាន​រ៉ូម​ដែល​មាន​គ្រឿង​សស្ត្រាវុធ​បាន​មក​ដល់​សួន​ច្បារ​គែតសេម៉ានី ដើម្បី​ចាប់​ខ្លួន​ព្រះយេស៊ូវ នោះ​ពេត្រុស​បាន​ដក​ដាវ​របស់​លោក ហើយ​បាន​កាត់​ស្លឹក​ត្រចៀក​ខាង​ស្តាំ​របស់​អ្នក​បម្រើ​នៃ​សម្តេច​សង្ឃ​ម្នាក់ [ សូមមើល យ៉ូហាន ១៨:១០ ] ។ បន្ទាប់​មក ព្រះអង្គ​សង្គ្រោះ​បាន​ពាល់​ស្លឹក​ត្រចៀក​របស់​អ្នក​បម្រើ​នោះ រួច​បាន​ព្យាបាល​គាត់ [ សូមមើល លូកា ២២:៥១ ] ។ សូម​កត់​សម្គាល់​ថា ទ្រង់​បាន​ជួយ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ដែល​នឹង​ប្រុង​ចាប់​ទ្រង់ ដោយ​ប្រើប្រាស់​ព្រះចេស្តា​សួគ៌ា​ដូចគ្នា​នោះ ដែល​អាច​រារាំង​ពី​ការចាប់​ព្រះកាយ​ទ្រង់ និង​ត្រូវ​គេ​ឆ្កាង​បាន ។

… ភាពស្លូតបូត​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​ការឆ្លើយ​តប​ដ៏មាន​វិន័យ​របស់​ទ្រង់ ការគ្រប់គ្រង​ខ្លួន​ឯង​ដ៏​រឹងប៉ឹង និង​ការគ្មាន​ព្រះទ័យ​ប្រើប្រាស់​ព្រះចេស្តា​ដែល​គ្មាន​ព្រំដែន​របស់​ទ្រង់​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ព្រះអង្គ​ឡើយ ។

( ដេវីឌ អេ បែដណា « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៣ )

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចង់​ថ្វាយ​ឆន្ទះ​របស់​ខ្ញុំ​តាម​ព្រះ ?

អែលឌើរ នែល អេ ម៉ាក់ស្វែល ឆ្នាំ (១៩២៦-២០០៤) នៃ​កូរ៉ម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

ពួកយើងជាច្រើន … គិតខុសថា ដោយអនុញ្ញាតឲ្យ​ឆន្ទៈ​របស់​យើងត្រូវ​បានលេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះ នោះ​យើងបាត់​បង់​លក្ខណៈបុគ្គល​របស់យើង ( សូមមើល ម៉ូសាយ ១៥:៧ ) ។ ពិតណាស់ អ្វីដែល​យើងព្រួយបារម្ភ​នោះគឺ​ការមិន​បោះ​បង់ខ្លួន​ឯង​នោះទេ ប៉ុន្តែ​ជារឿង​អាត្មានិយម—ដូចជា​តួនាទី​របស់យើង ពេលវេលា​របស់យើង ភាពលេចធ្លោ​របស់យើង និង​ទ្រព្យសម្បត្តិ​របស់យើង ។ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​យើង​ត្រូវ​បាន​ណែនាំ​ដោយ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បំភ្លេច​ខ្លួន​យើង ( សូមមើល លូកា ៩:២៤ ) ។ ទ្រង់​គ្រាន់​តែ​សុំ​ឲ្យ​យើង​បំភ្លេច​ខ្លួន​ចាស់​របស់​យើង​ដើម្បី​ស្វែងរក​ខ្លួន​ថ្មីប៉ុណ្ណោះ ។ វា​មិនមែន​ជាសំណួរ​នៃ​ការបាត់បង់​អត្តសញ្ញាណ​នោះទេ ប៉ុន្តែ​ជា​ការស្វែងរក​អត្តសញ្ញាណ​ពិត​របស់គាត់ ! …

… ការចុះចូល​ឆន្ទៈ​របស់​មនុស្ស​ម្នាក់​គឺ​ពិត​ជា​រឿង​ផ្ទាល់​ខ្លួន​ជាពិសេស ដែល​យើង​ត្រូវ​ដាក់​នៅលើ​អាសនៈ​របស់ព្រះ ។ វត្ថុ​ផ្សេងៗ​ជាច្រើន​ដែល​យើង « ថ្វាយ » បងប្អូន ប្រុស ស្រី តាមពិតគឺ​ជា​អ្វីៗ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ឬ​បាន​ឲ្យ​យើង​ខ្ចី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទៅទីបំផុត នៅពេល​អ្នក​នឹង​ខ្ញុំ ចុះចូល​ខ្លួន​យើង ដោយ​ការទុក​ឲ្យ​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​យើង ត្រូវ​បានលេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះ នោះ​យើង​កំពុង​ថ្វាយ​អ្វីមួយ​ទៅ​ឲ្យ​ទ្រង់​ហើយ ! វា​គឺ​ជា​ទ្រព្យ​សម្បត្តិ​តែមួយគត់ ដែល​យើង​បាន​ថ្វាយ​ពិតប្រាកដ !

( នែល អេ ម៉ាក់ស្វែល « Swallowed Up in the Will of the Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៣, ២៤ )