ថ្នាក់​សិក្ខាសាលា
ម៉ាកុស ៥:២៤–៣៤; ម៉ាថាយ ៩:២០–២២


ម៉ាកុស ៥:២៤–៣៤; ម៉ាថាយ ៩:២០–២២

ការទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ

រូបភាព
A woman lying on the ground as she reaches for the hem of the garment of Jesus Christ.

នៅតាមផ្លូវទៅប្រោសកូនស្រីរបស់យ៉ៃរ៉ុស ព្រះយេស៊ូវបានប្រោសស្ដ្រីម្នាក់ដែលមានបញ្ហាធ្លាក់ឈាមឲ្យជា ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់ពីរបៀបទាញយកព្រះចេស្តារបស់ព្រះអង្គសង្គ្រោះទៅក្នុងជីវិតរបស់អ្នក តាមរយៈការអនុវត្តសេចក្តីជំនឿរបស់អ្នកនៅលើទ្រង់ ។

ហាត់ពត់លុតដំខាងវិញ្ញាណ

សូមចំណាយពេលឈរមួយនាទី ហើយធ្វើលំហាត់ប្រាណពត់ខ្លួន ។ នៅពេលអ្នកធ្វើលំហាត់ប្រាណហើយ សូមឆ្លើយសំណួរទាំងនេះនៅក្នុងចិត្តរបស់អ្នក ៖

  • តើអ្នកមានអារម្មណ៍ថាមានភាពខុសប្លែកគ្នានៅក្នុងខ្លួនអ្នកដែរឬទេ ?

  • តើអ្នកគិតថា ការហាត់ប្រាណពត់ខ្លួនជាប្រចាំអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក ?

ការហាត់ពត់លុតដំខ្លួនមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។ នៅពេលអត្តពលករពត់ខ្លួន ពួកគេប្រកួតបានល្អប្រសើរជាង ហើយមិនសូវងាយរងរបួសឡើយ ។ ដូចគ្នានេះដែរ នៅពេលសិស្សហាត់ពត់លុតដំគំនិតរបស់ពួកគេ ហើយសិក្សាលើសពីទម្លាប់សិក្សាជាប្រចាំរបស់ពួកគេ នោះពួកគេពង្រឹងដល់ការរៀនសូត្ររបស់ពួកគេ ។

  • តើការហាត់ពត់លុតដំខាងវិញ្ញាណមានន័យយ៉ាងណាចំពោះអ្នក ?

ស្រដៀងទៅនឹងអត្ថប្រយោជន៍នៃការហាត់ពត់លុតដំខាងរាងកាយផងដែរ ជីវភាពខាងវិញ្ញាណរបស់យើងរីកចម្រើនឡើង នៅពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះអង្គសង្គ្រោះ ហើយទាញយកព្រះចេស្តារបស់ទ្រង់ ។ នៅក្នុងមេរៀនថ្ងៃនេះ អ្នកនឹងរៀនអំពីស្ត្រីម្នាក់ដែលមានសេចក្ដីជំនឿដ៏អស្ចារ្យទៅលើព្រះយេស៊ូវគ្រីស្ទ ហើយនាងបានឈោងដៃរបស់នាងទៅរកព្រះអង្គសង្រ្គោះ ហើយទទួលបានព្រះចេស្តារបស់ទ្រង់ដើម្បីបានប្រោសឲ្យជា ។នៅតាមផ្លូវទៅព្យាបាលកូនស្រីរបស់បុរសម្នាក់ឈ្មោះ យ៉ៃរ៉ុស មានមនុស្សជាច្រើនបានដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាកុស ៥:២២–២៤ ) ។ ក្នុងចំណោមហ្វូងមនុស្សទាំងនោះ មានស្ត្រីដែលមានជំងឺម្នាក់ ។

សូមអាន ម៉ាកុស ៥:២៥–២៦ ដោយរកមើលស្ថានភាពស្ត្រីនោះ និងតម្រូវការរបស់នាង ។

ព្រះគម្ពីរមិនបានកំណត់ពីលក្ខណៈនៃ « បញ្ហាធ្លាក់ឈាម » របស់ស្ត្រីនោះទេ ( ម៉ាកុស ៥:២៥ ) ។ យើងដឹងថា វារំខានដល់ជីវិតរបស់នាងតាមរបៀបជាច្រើន ។ នាង « បានចំណាយអ្វីៗទាំងអស់ដែលនាងមាន » ដើម្បីស្វែងរកការព្យាបាលពីគ្រូពេទ្យ ( ម៉ាកុស ៥:២៦ ) ។ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ មនុស្សម្នាក់ដែលមានជំងឺធ្លាក់ឈាម គឺត្រូវបានចាត់ទុកថាពុំស្អាតស្អំតាមតម្រា ( សូមមើល លេវីវិន័យ ១៥:១៩–៣៣ ) ។ ការណ៍នេះទំនងជាមានន័យថា ស្ត្រីនោះត្រូវបានគេផាត់ចេញពីសង្គមតាមរបៀបមួយចំនួនក្នុងអំឡុងពេល ១២ ឆ្នាំដែលនាងមានជំងឺនោះ ។

  • តើអ្នកមានអារម្មណ៍ថា អ្នកត្រូវការជំនួយអ្វីខ្លះពីព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ?

សូមអាន ម៉ាកុស ៥:២៧–២៩ ដោយរកមើលនូវអ្វីដែលស្ត្រីម្នាក់នេះបានធ្វើ ដើម្បីទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ( សូមមើលផងដែរ ម៉ាថាយ ៩:២០–២២ ) ។ ឃ្លាថា « ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ » សំដៅលើការពុះពាររបស់នាងដើរកាត់ហ្វូងមនុស្សដើម្បីឲ្យនាងអាចពាល់ព្រះពស្ត្រព្រះភូសារបស់ព្រះយេស៊ូវ ( ម៉ាកុស ៥:២៧ ) ។

អ្នកក៏អាចមើលវីដេអូ « Jesus Heals a Woman of Faith » ( ១:៣៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ហើយអានតាមនៅក្នុងព្រះគម្ពីររបស់អ្នក ។

  • តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីអ្វីដែលស្ត្រីម្នាក់នេះបានធ្វើ ដើម្បីទទួលបានព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ?

  • នៅក្នុងដំណើររឿងនេះ ស្ត្រីនោះពិតជាបានឈោងដៃរបស់នាងទៅពាល់ព្រះអង្គសង្រ្គោះពិតមែន ។ តើមានវិធីណាខ្លះដែលអ្នកអាច « ហាត់ពត់លុតដំ » ខ្លួនរបស់អ្នក ហើយឈោងទៅរកព្រះអង្គសង្គ្រោះ ?

  • តើអ្នកជឿថា ព្រះអង្គសង្រ្គោះអាចព្យាបាលអ្នកបានដែរឬទេ ទោះបីអ្នកមិនអាចពាល់ទ្រង់ដោយផ្ទាល់ក្ដី ? តើហេតុអ្វី ?

សូមអាន ម៉ាកុស ៥:៣០–៣៤ ដោយរកមើលការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះចំពោះទង្វើនៃសេចក្ដីជំនឿរបស់ស្ត្រីរូបនេះ ។ ពាក្យ ព្រះចេស្តា នៅក្នុង ខទី ៣០ មានន័យថា « អំណាច » ឬ « កម្លាំង » ។

  • តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ?

ថ្វីបើ យ៉ៃរ៉ុស ចង់នាំព្រះយេស៊ូវទៅផ្ទះរបស់គាត់ជាបន្ទាន់ដើម្បីប្រោសកូនស្រីរបស់គាត់ក៏ដោយ ក៏ព្រះយេស៊ូវបានឈប់ ហើយជួយស្ត្រីនេះសិនដែរ ។

  • តើការណ៍នេះបង្រៀនអ្វីដល់អ្នក អំពីព្រះអង្គសង្គ្រោះ ?

  • តើការណ៍នេះជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នក ដើម្បីងាកទៅរកជំនួយពីទ្រង់សម្រាប់តម្រូវការរបស់អ្នកដោយរបៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បានអនុវត្តដំណើររឿងនេះចំពោះជីវិតរបស់យើងផ្ទាល់ ។ អ្នកគួរមើលវីដេអូ « Drawing the Power of Jesus Christ into Our Lives » ចាប់ពីលេខកូដម៉ោង ១១:៣០ ដល់ ១៣:២០ ឬអានអត្ថបទខាងក្រោម ។ នៅពេលអ្នកមើលវីដេអូនេះ សូមរកមើលគោលការណ៍ដែលប្រធាន ណិលសុន បានបង្រៀនអំពីការទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ។

រូបភាព
Official portrait of President Russell M. Nelson taken January 2018

តើបងប្អូនចងចាំរឿងក្នុងព្រះគម្ពីរប៊ីបអំពីស្ត្រីម្នាក់ដែលបានរងទុក្ខអស់រយៈពេល ១២ ឆ្នាំដោយមានបញ្ហាធ្លាក់ឈាមទេ ? [ សូមមើល លូកា ៨:៤៣–៤៤ ] ។ នាងបានអនុវត្តសេចក្ដីជំនឿដ៏អស្ចារ្យទៅលើព្រះអង្គសង្គ្រោះ ដោយប្រកាសថា « បើគ្រាន់តែពាល់ព្រះពស្ត្រព្រះភូសា ទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ » [ ម៉ាកុស ៥:២៨ ] ។

ស្ត្រីដ៏ស្មោះត្រង់ និងផ្ដោតយកចិត្តទុកដាក់រូបនេះត្រូវការហាត់ពត់លុតដំខ្លួនឲ្យបានច្រើនតាមដែលនាងអាចធ្វើទៅបាន ដើម្បីនាងអាចទទួលបានព្រះចេស្ដារបស់ទ្រង់ ។ ការហាត់ពត់លុតដំខាងរាងកាយរបស់នាង គឺជានិមិត្តរូបនៃការហាត់ពត់លុតដំខាងវិញ្ញាណរបស់នាងផងដែរ ។ …

នៅពេលបងប្អូនឈោងទៅរកព្រះចេស្ដារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន ដោយកម្លាំងដូចគ្នានឹងកម្លាំងរបស់មនុស្សលង់ទឹកម្នាក់ខំតោងចាប់ ហើយដង្ហក់រកខ្យល់ នោះព្រះចេស្ដាមកពីព្រះយេស៊ូវគ្រីស្ទនឹងជារបស់បងប្អូន ។ នៅពេលព្រះអង្គសង្គ្រោះជ្រាបថា បងប្អូនពិតជាចង់ឈោងទៅរកទ្រង់—ពេលទ្រង់អាចញាណដឹងពីបំណងប្រាថ្នាដ៏ខ្លាំងបំផុតនៃដួងចិត្តរបស់បងប្អូនថា បងប្អូនចង់ទាញយកព្រះចេស្ដារបស់ទ្រង់ដាក់ក្នុងជីវិត—នោះបងប្អូននឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងច្បាស់ពីអ្វីដែលបងប្អូនចាំបាច់ត្រូវធ្វើ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ ] ។

នៅពេលបងប្អូនហាត់ពត់លុតដំខាងវិញ្ញាណលើសពីអ្វីៗដែលបងប្អូនធ្លាប់ធ្វើពីមុនមក នោះព្រះចេស្ដារបស់ទ្រង់នឹងចាក់ស្រោចមកលើបងប្អូន ។

( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១–៤២ )

  • តើអ្នកបានរកឃើញគោលការណ៍អ្វីខ្លះចេញពីក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ?

  • តើអ្នកគិតថា គោលការណ៍ទាំងនេះអាចជួយអ្នកឲ្យហាត់ពត់លុតដំខាងវិញ្ញាណ ដើម្បីទាញយកព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?

  • តើអ្នកបានដកពិសោធន៍គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់អ្នកផ្ទាល់នៅពេលណា?

១. សូមសញ្ជឹងគិតអំពីតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ហើយឆ្លើយយ៉ាងហោចណាស់ចំពោះសំណួរបីខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញថាការទទួលបានជំនួយពីព្រះអង្គសង្គ្រោះគឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់អ្នក ?

  • តើជីវិតរបស់អ្នកនឹងមានភាពខុសប្លែកយ៉ាងណា បើអ្នកទាញយកព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទបានញឹកញាប់ជាងនេះនោះ ?

  • តើឧបសគ្គអ្វីខ្លះដែលអ្នកត្រូវយកឈ្នះ នៅពេលអ្នកឈោងទៅរកព្រះអង្គសង្គ្រោះដោយសេចក្ដីជំនឿ ?

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្គាល់ការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីឈោងទៅរកព្រះអង្គសង្គ្រោះ ?

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?

ម៉ាថាយ ៩:២០ ។ តើអ្វីទៅជាសារៈសំខាន់អំពីស្ត្រីដែលពាល់ជាយព្រះពស្ត្រព្រះភូសារបស់ព្រះអង្គសង្គ្រោះ ?

« ជាយព្រះពស្ត្រព្រះភូសារបស់ទ្រង់ » សំដៅទៅលើ « ផ្នែកសំខាន់មួយនៃសម្លៀកបំពាក់សាសន៍អ៊ីស្រាអែល » ។ ជាយព្រះពស្ត្រព្រះភូសារបស់ទ្រង់គឺជាផ្នែកដ៏សំខាន់នៃសម្លៀកបំពាក់របស់សាសន៍អ៊ីស្រាអែល ជាយគឺជា « រំយោលនៅ ‹ ស្លាប › នីមួយៗ ឬជ្រុងរបស់ កន្សែងទូលក្បាល ឬអាវផាយមានមួក ( ម៉ាថាយ ១៤:៣៦ ) ។ រំយោលត្រូវបានចងដោយខ្សែពណ៌ខៀវ ដែលជានិមិត្តរូបនៃស្ថានសួគ៌ ( សូមមើល ជនគណនា ១៥:៣៨–៤០ ) ។ រំយោលដែលព្យួរពីលើស្មានៅខាងក្រោយគឺជាអ្វីដែលស្ត្រីនោះបានពាល់ ។ ទង្វើរបស់នាងក្នុងការឈោងទៅប៉ះនឹងរំយោលនោះ តំណាងឲ្យការឈោងទៅរកព្រះចេស្ដានៅស្ថានសួគ៌របស់ព្រះអង្គសង្គ្រោះ ។ ព្យាការីម៉ាឡាគីបានព្យាករថា ព្រះអង្គសង្គ្រោះនឹង « រះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប » ( ម៉ាឡាគី ៤:២ ) ។

តើខ្ញុំទទួលការប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?

ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាសន៍ថា

រូបភាព
Official Portrait of Sister Jean B. Bingham. Photographed in 2017.

ពេលបងប្អូនសិក្សាអំពីជីវប្រវត្តិ និងការបង្រៀនរបស់ព្រះគ្រីស្ទតាមវិធីជាច្រើន នោះសេចក្ដីជំនឿរបស់បងប្អូនលើទ្រង់នឹងកើនឡើង ។ បងប្អូននឹងដឹងថា ទ្រង់ស្រឡាញ់បងប្អូន ហើយយល់ចិត្តបងប្អូនយ៉ាងល្អឥតខ្ចោះ ។ …

មិនថាយើងបានរងទុក្ខអ្វីនោះទេ ទ្រង់គឺជាប្រភពនៃ ការព្យាបាល ។ អស់អ្នកដែលធ្លាប់ជួបការរំលោភបំពាន ការបាត់បង់ដ៏ធំធេង ជំងឺរ៉ាំរៃ ឬពិការភាព ការចោទប្រកាន់មិនពិត ការបៀតបៀនដ៏សាហាវ ឬការបំផ្លិចបំផ្លាញខាងវិញ្ញាណដោយសារអំពើបាប ឬការយល់ខុសអាចបានជាសះស្បើយ ដោយសារព្រះដ៏ប្រោសលោះនៃពិភពលោក ។ ទោះជាយ៉ាងណា ទ្រង់នឹងពុំយាងចូលដោយគ្មានការអញ្ជើញឡើយ ។ យើងត្រូវមករកទ្រង់ ហើយឲ្យទ្រង់ធ្វើនូវអព្ភូតហេតុរបស់ទ្រង់ ។

(ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនថា

រូបភាព
Official Portrait of Sister Reyna Aburto. Photographed in 2017.

ក្នុងការងារបម្រើនៅជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានព្យាបាលអ្នកឈឺ និងអ្នករងទុក្ខ ប៉ុន្តែបុគ្គលម្នាក់ៗត្រូវតែអនុវត្តសេចក្ដីជំនឿលើទ្រង់ ហើយធ្វើសកម្មភាព ដើម្បីទទួលបានការព្យាបាលរបស់ទ្រង់ ។ អ្នកខ្លះបានដើរនៅលើផ្លូវយ៉ាងវែងឆ្ងាយ ខ្លះទៀតបានឈោងដៃទៅប៉ះនឹងព្រះពស្ដរបស់ទ្រង់ ហើយខ្លះទៀតត្រូវបានគេសែងទៅរកទ្រង់ដើម្បីបានការព្យាបាល ។ នៅពេលត្រូវការការព្យាបាល តើយើងគ្រប់គ្នាពុំត្រូវការទ្រង់ទេឬអី ?

( រ៉េណា អ៊ី អាប៊ើតូ «Thru Cloud and Sunshine, Lord, Abide with Me!» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨ )