ថ្នាក់​សិក្ខាសាលា
ហេព្រើរ ៣–៤


ហេព្រើរ ៣–៤

ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់

រូបភាព
រូប​ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​នៅ​ជិត​ទន្លេ​មួយ ។ ព្រះ​គ្រីស្ទ​កាន់​ដំបង​អ្នក​គង្គាល​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ ។ ដើមឈើ​ជាច្រើន​ដុះ​នៅ​តាម​មាត់​ទន្លេ ។

ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យប្រទាន​ពរពរជ័យ​ដ៏​រុងរឿង​បំផុត​របស់​ទ្រង់​ទាំង​ទ្វេ​ដល់​ពួកយើង ។ ការឥត​ជំនឿ និង​ចិត្ត​រឹងរូស​រារាំង​មនុស្ស​ជាច្រើន​ពី​ការទទួល​ពរជ័យ​ទាំង​នេះ ។ តាមរយៈ​ការលើក​ទឹក​ចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​បោះបង់​ចោល​អាកប្បកិរិយា​ឥត​ជំនឿ នោះ​ប៉ុល​បាន​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​វិញ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើការឥត​ជំនឿ ដូច្នេះ​អ្នក​អាច​ទទួល​បាន​ពរជ័យ​ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា ។

ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​អំពី​បញ្ហា​មួយ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ពិភពលោក​សព្វថ្ងៃ​នេះ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

នៅ​ផ្នែក​ខ្លះទៀត​នៃ​ពិភពលោក​ដែល​ព្រះនាម​របស់​ទ្រង់​ត្រូវ​បាន​ប្រកាស​រាប់​សតវត្សរ៍​មក​ហើយ តែ​បែរ​ជា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​កំពុង​តែ​ថយ​ចុះ​ទៅ​វិញ ។ ពួក​បរិសុទ្ធ​ដ៏​អង់អាច​នៅ​ទ្វីប​អ៊ឺរ៉ុប​បាន​ឃើញ​ជំនឿ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ។ គួរ​ឲ្យ​ស្តាយ​នៅ​សហរដ្ឋ​អាមេរិក​វិញ​សេចក្ដី​ជំនឿ​ក៏​កំពុង​ដើរ​ថយ​ក្រោយ​ផង​ដែរ ។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស ៣០ លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ដើរចេញ​ពី​ការជឿ​លើ​ភាពជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មើល​នៅ​ទូទាំង​ពិភពលោក​ការសិក្សា​មួយ​ទៀត​បាន​ព្យាករណ៍​ថា នៅ​ប៉ុន្មាន​ទស្សវត្សរ៍​ខាង​មុខ​ទៀត​នឹង​មាន​មនុស្ស​ជា​ច្រើន​គឺ​ច្រើន​ជាង​ពីរ​ដង ដែល​ដើរ​ចេញ​ពី​គ្រិស្តសាសនា​ដូចទៅ​នឹង​អ្នក​ដែល​ចូល​គ្រិស្តសាសនា​ដែរ ។

( នែល អិល អាន់ឌើរសិន « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨ )

  • តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​ដែល​អាច​កើត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​នៃ​មនុស្ស​ដែល​ឥត​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​គិត​អំពី​ជំនឿ​របស់​អ្នក​ផ្ទាល់​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ខ្លាំង​ប៉ុណ្ណា ?

  • តើ​ការ​ជ្រើសរើស​ជឿ​លើ​ទ្រង់​ប្រទាន​ពរ​ដល់​ជីវិត​អ្នក​ដោយ​របៀប​ណា ?

ការ​បង្រៀន​របស់​ប៉ុល​អំពី​កូនចៅ​អ៊ីស្រាអែល

នៅក្នុង​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​សាសន៍​ហេព្រើរ ប៉ុល​បាន​ទទួល​ស្គាល់​ថា ដោយសារ​ការបៀតបៀន នោះ​អ្នក​ប្រែចិត្ត​ជឿ​ខ្លះ​បាន​ពិចារណា​ងាក​ចេញ​ពី​ជំនឿ​របស់​ពួកគេ​លើព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ហេព្រើរ ៣:៧–១៩ ដោយ​រកមើល​ដំណើរ​រឿង​ជា​ប្រវត្តិសាស្ត្រ​ដែល​ប៉ុល​បាន​លើក​ឡើង ដើម្បី​ជួយ​ពួកសាសន៍​ហេព្រើរ​ឲ្យ​យល់​ពី​គ្រោះថ្នាក់​នៃ​ការ​ឥត​ជំនឿ ។

« គ្រា​បះបោរ … នៅ​ទីរហោស្ថាន » ( ហេព្រើរ ៣:៨ ) សំដៅ​ទៅ​លើ​ពេលបន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ពី​ប្រទេស​អេស៊ីព្ទ សាសន៍​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ហើយ​បាន​បដិសេធ​ពរជ័យ​ដែល​ទ្រង់​ប្រាថ្នា​នឹង​ប្រទាន​ឲ្យ​ពួកគេ ( សូមមើល ជនគណនា ១៤; យ៉ាកុប ១:៧–៨; អាលម៉ា ១២:៣៣–៣៧ ) ។

  • តើ​កូន​ចៅ​អ៊ីស្រាអែល​ខកខាន​ទទួល​ពរជ័យ​អ្វី​ខ្លះ ? ហេតុអ្វី ?

សេចក្ដីសម្រាក​របស់​ព្រះអម្ចាស់

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​បទពិសោធន៍​នូវ​សេចក្ដី​សម្រាក​របស់​ទ្រង់​ទាំង​ទ្វេ ។ សូម​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម និង​សេចក្ដីថ្លែងការណ៍​នៃ​ការព្យាករណ៍ ដើម្បី​រៀន​ថា អ្វី​ជា​ពី​សេចក្ដី​សម្រាក​របស់​ព្រះអម្ចាស់ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​រកមើល​ពាក្យ « សេចក្ដីសម្រាក » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ប្រសិន​បើមាន ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:២៤ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់ ( សូមមើល​ផងដែរ អាលម៉ា ១៣:៦, ១២–១៣, ២៨–២៩ ) ។

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–ឆ្នាំ ១៩១៨ ) បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​រមែង​ស្លាប់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​យ៉ូសែប អេហ្វ ស្ម៊ីធ

ព្យាការី​ពី​បុរាណ​ថ្លែង​អំពី « ការចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ » [ សូមមើល អាលម៉ា ១២:៣៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:២៣–២៤ ] តើ​វា​មាន​ន័យ​ដូចម្តេច ? នៅក្នុង​ចិត្ត​ខ្ញុំ វា​មាន​ន័យ​ថា​ការចូល​ទៅ​ក្នុង​ការចេះ​ដឹង និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដោយ​មាន​សេចក្ដី​ជំនឿ​លើ​គោលបំណង និង​ផែនការ​របស់​ទ្រង់ រហូត​ដល់​កម្រិត​មួយ​ដែល​យើង​ដឹង​ថា​យើង​ត្រឹមត្រូវ ហើយ​ថា​យើង​មិនមែន​កំពុង​តែ​ស្វែងរក​អ្វី​ផ្សេង​ទៀត​នោះ​ទេ យើង​មិន​ត្រូវបាន​រុកគួន​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ឬ​ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល​ដែល​គេ​ប្រើ​នាំ​ឲ្យ​វង្វេង​នោះ​ឡើយ ។ … មនុស្ស​ដែល​បាន​ឈាន​ដល់​កម្រិត​នៃ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​ដែល​ការសង្ស័យ និង​ការភ័យ​ខ្លាច​ទាំងអស់​ត្រូវបាន​បណ្ដេញ​ចេញ​ពី​គាត់ នោះ​គាត់​បាន​ចូល​ទៅ​ក្នុង « សេចក្ដី​សម្រាក​របស់​ព្រះ » ហើយ ។

Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ៥៦ )

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​សេចក្ដីសម្រាក​របស់​ព្រះអម្ចាស់​ដូចម្ដេច ?

អាលម៉ា​បាន​ចែកចាយ​សារលិខិត​ស្រដៀង​នឹង​ប៉ុល​ជាមួយ​នឹង​មនុស្ស​នៅ​ជំនាន់​លោក ដែល​ពួកគេ​ខ្លះ​មាន​ពិបាក​ក្នុង​ការជឿ​ផងដែរ ។ សូម​អាន អាលម៉ា ១២:៣៤–៣៧ ដោយស្វែងរក​ការយល់​ដឹង​បន្ថែម ។

គោលការណ៍​មួយ​ដែល​អ្នក​អាច​រៀន​គឺ​ថា ប្រសិនបើ​យើង​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអង្គសង្គ្រោះ ហើយ​គ្មាន​ចិត្ត​រឹងរូស នោះ​យើង​នឹង​ចូល​ទៅក្នុង​សេចក្ដី​សម្រាក​របស់​ព្រះអម្ចាស់ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា​ចិត្ត​រឹងរូស និង​ការ​ឥតជំនឿ​អាច​រារាំង​យើង​ពី​ការ​ទទួល​បាន​ពរជ័យ​ពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដីសម្រាក​របស់​ព្រះអម្ចាស់​ជា​ពរជ័យ​មួយ​ដែល​គួរ​តែ​ស្វែងរក ?

ការជ្រើសរើស​ដើម្បី​ជឿ

សូម​អាន ហេព្រើរ ៣:៧–៨, ១២–១៥; ៤:២–៣, ៦–៧, ១១ ។ នៅ​ពេល​អ្នក​អាន សូម​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ចូល​ទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​ចង់​អាន​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ នៃ ហេព្រើរ ៤:៣ ( នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ) ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ខគម្ពីរ​ទាំង​នេះ ?

ប្រធាន រ័សុល អិម​ណិលសុន បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​លើ​ការឥត​ជំនឿ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ជ្រើសរើស​ជឿទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្នក​សង្ស័យ​ពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ឬ​ពី​ភាពពិត​នៃ​ការស្ដារ​ឡើងវិញ ឬ​សេចក្ដីពិត​ពេញលេញ​នៃ​ការហៅ​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី នោះ​សូម ជ្រើសរើស ជឿ ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ សូម​យក​សំណួរ​របស់​បងប្អូន​ទូលទៅ​ព្រះអម្ចាស់ និង​ទៅកាន់​ប្រភព​ដ៏​ស្មោះសរ​ផ្សេងទៀត ។ សូម​សិក្សា​ដោយ​មាន​បំណង​ដើម្បី ជឿ ជាជាង​បងប្អូន​មាន​បំណង​ចង់​ចាប់​កំហុស​ក្នុង​ជីវិត​របស់​ព្យាការី ឬ​ភាពមិន​ស្របគ្នា​នៅក្នុង​បទគម្ពីរ ។ សូម​ឈប់​បង្កើន​ការសង្ស័យ​របស់​បងប្អូន ដោយ​ទៅ​ពិភាក្សា​ជាមួយនឹង​អ្នកសង្ស័យ​ផ្សេងទៀត ។ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​បងប្អូន​ក្នុង​ដំណើរ​រុករក​ខាង​វិញ្ញាណ​របស់​បងប្អូន ។

( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ )

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​កំពុង​ពិបាក​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​សារ​ដ៏​ល្អ​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ ។ សូម​ប្រាកដ​ថា ត្រូវ​បញ្ចូល​ខគម្ពីរ​យ៉ាង​ហោច​ណាស់​មួយ​សម្រាប់​ពួកគេ​ដើម្បី​សិក្សា ។ ប្រសិនបើ​សមស្រប សូម​បញ្ចូល​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ការ​គិត​អំពី​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន និង​សំណួរ​ខាង​ក្រោម​អាច​នឹង​ជួយ​អ្នក នៅពេល​អ្នក​សរសេរ​សារ​នេះ ។

  • តើ​ពួកគេ​អាច​ជួប​បទពិសោធន៍​អ្វីខ្លះ ប្រសិនបើ​ពួកគេ​ជ្រើសរើស​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ពួកគេ​អាច​នឹង​បាត់បង់​អ្វី​ខ្លះ ប្រសិនបើ​ពួកគេ​ជ្រើសរើស​ការមិន​ជឿ ?

  • តើ​អ្នក​នឹង​លើក​ទឹកចិត្ត​ពួកគេ​ដូចម្តេច​ខ្លះ ដើម្បី​ឲ្យ​ពួកគេ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ធ្វើ​ដូចម្តេច​ទើប​ខ្ញុំ​អាច​មាន​ចិត្ត​ជឿ​ជាង​នេះ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ថ្លែង ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

គ្មាន​មន្ដអាគម​ធ្វើ​ឲ្យ​មាន​ជំនឿ​នោះ​ទេ ។ ប៉ុន្តែ ការចង់ ជឿ គឺជា ជំហាន ដំបូង​ដ៏​ចាំបាច់ ! ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ។ ទ្រង់​គឺជា​បិតា​របស់​អ្នក ។ ទ្រង់​ចង់​មាន​បន្ទូល​មក​អ្នក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​តម្រូវ​ឲ្យ​មាន​នូវការ​យល់​ដឹង​ខាង​វិទ្យាសាស្ត្រ​បន្ដិច—វា​តម្រូវ​ឲ្យ​មាន​ការ​ដក​ពិសោធន៍​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ—ហើយ​អនុវត្ត « សេចក្ដីជំនឿ​មួយ​ភាគ​តូច​មួយ​នោះ » [ អាលម៉ា ៣២:២៧ ] ។ វា​ក៏​ត្រូវមាន​ភាពរាបសា​បន្ដិច​ផងដែរ ។ ហើយ​វា​តម្រូវ​ឲ្យ​មាន​ដួងចិត្ត​បើកចំហ និង​ការបើក​គំនិត ។ វា​តម្រូវ​ឲ្យ​មាន ការស្វែងរក អត្ថន័យ​ពេញលេញ​នៃ​ព្រះបន្ទូល ។ ហើយ​ប្រហែល​ជា​អ្វី​ដែល​លំបាក​បំផុត​នោះ​គឺ វា​តម្រូវ​ឲ្យ​មាន​ការអត់ធ្មត់ និង​ការរង់ចាំ​ព្រះអម្ចាស់ ។

ប្រសិនបើ​យើង​ពុំ​ខិតខំ​ជឿ នោះ​យើង​ក៏​ដូច​ជា​មនុស្ស​ដែល​ដក​អំពូល​ចេញ រួច​ហើយ​បន្ទោស​អំពូល​ភ្លើង​ថា​ពុំ​ផ្ដល់​ពន្លឺ​អ្វី​សោះ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Be Not Afraid, Only Believe » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៧៨ )

តើ​នរណា​អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​សេចក្ដី​សម្រាក​របស់​ព្រះអង្គ​សង្គ្រោះ ?

អែលឌើរ ដបុលយូ ក្រេក ហ្ស៊ីវីគ ក្នុង​ពួក​ចិត​សិប​នាក់​បាន​ថ្លែង ៖

រូបភាព
រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ដបុលយូ ក្រេក ហ្ស៊ីវីគ ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ព្រះវរបិតា​សួគ៌​ស្រឡាញ់​បុត្រាបុត្រី​គ្រប់​រូប​របស់​ទ្រង់ ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ទ្រង់​បាន​ប្រទាន​ពួក​ព្យាការី និង​អ្នក​ដឹកនាំ​បព្វជិតភាព​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព​ពិត ដើម្បី​ជួយ​យើង​ឲ្យ​បន្ដ​ដើរ​នៅលើ​ផ្លូវ​តូច និង​ចង្អៀត​នេះ ។ ដូច្នេះ​យើង​មាន​ការណែនាំ​ពី​អ្នក​ដឹកនាំ​ទាំង​នេះ ដើម្បី​ជួយ​យើង​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់ ។

( ដបុលយូ ក្រេក ហ្ស៊ីវីគ « Enter into the Rest of the Lord » Ensign ខែ កុម្ពៈ ឆ្នាំ ២០១២ ទំព័រ ២៤ )