ថ្នាក់​សិក្ខាសាលា
ហេព្រើរ ៧–១០


ហេព្រើរ ៧–១០

« បាន​សេចក្តី​ប្រោស​លោះ​នៅ​អស់​កល្ប​ជានិច្ច »

រូបភាព
សមាសភាព​នៃ​រូបភាព​របស់​សង្ឃ​ថ្វាយ​ការ​បូជា​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ឈើឆ្កាង ។

តើ​អ្នក​ធ្លាប់​ជួប​ប្រទះ​គ្រា​មួយ​ដែល​អ្នក​ត្រូវ​ការ​ឲ្យសេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បញ្ជាក់​ដែរ​ឬ​ទេ ? តើ​នៅពេល​ណា​អ្នក​ទទួល​អារម្មណ៍​ថា អ្នក​ត្រូវ​ការ​ជំនួយ​បន្ថែម​ខ្លះ​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ? ពួកបរិសុទ្ធ​ហេព្រើរ​កំពុង​ស្វែងរក​ការធានា​អំពី​សេចក្តីជំនឿ​របស់​ពួកគេលើ​ព្រះយេស៊ូវគ្រីស្ទ និង​អំណាច​របស់​ទ្រង់​ដើម្បី​សង្គ្រោះ ។ ប៉ុល​បាន​សរសេរ​ទៅ​ពួកគេ​ដើម្បី​ផ្តល់​ការ​ធានា​នេះ ។ លោក​រំឭក​ដល់​ពួក​គេ​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ​ផ្ទាល់​គឺ​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដង្វាយធួន​របស់​ទ្រង់​គឺ​ជា​ប្រភព​ពិត​នៃ​សេចក្តី​សង្គ្រោះ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោស​លោះ​របស់​អ្នក ដោយ​ជួយ​អ្នក​ឲ្យ​យល់​អំពី​និមិត្តរូប​ពី​បុរាណ​នៅក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។

« គ្រប់​អ្វីទាំងអស់ធ្វើ​ទី​បន្ទាល់​អំពី [ ព្រះយេស៊ូវគ្រីស្ទ ] » ( ម៉ូសេ ៦:៦៣ )

សូម​ស្វែងរក​វត្ថុ​នៅ​ជិតៗ​នោះ​ដែល​រំឭក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​អាច​ប្រើ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​វត្ថុ​នោះ​រំឭក​អ្នក ( ឬ​តំណាង​ឲ្យ ) ព្រះយេស៊ូវគ្រីស្ទ ។

សូម​បំពេញ​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រើ​វត្ថុ​នេះ ៖

«  រំឭក​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដោយសារ  » ។

  • តើ​និមិត្ត​រូប និង​ការ​ប្រៀបធៀប​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក​យ៉ាង​ដូចម្ដេច ?

ព្រះគម្ពីរ​កត់ត្រា​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​ប្រទាន​មក​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើល នីហ្វៃ ទី២ ១១:៤; ម៉ូសេ ៦:៦៣ ) ។

  • តើ​ការ​ចងចាំ​ការណ៍​នេះ​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

ពិធីការ​នានា និង​ពិធីបរិសុទ្ធ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ គឺ​មាន​គោលបំណង​ធ្វើ​ជា « គំរូ » ឬ « ស្រមោល » ដែល​ចង្អុល​ប្រាប់​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅកាន់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ពលិកម្ម​ធួន​របស់ទ្រង់ ( សូមមើល នីហ្វៃ ទី២ ១១:៤; យ៉ាកុប ៤:៤–៥; ម៉ូសាយ ៣:១៥ ) ។ នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​ពួកសាសន៍​ហេព្រើរ ប៉ុល​បាន​ពិភាក្សា​អំពី​និមិត្ត​សញ្ញា​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​រោង​ឧបោសថ​បុរាណ ដើម្បី​រំឭក​ដល់​ពួកបរិសុទ្ធ​អំពី​តម្រូវការ​របស់​ពួកគេ​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ លោក​ចង់​ជួយ​ពួកបរិសុទ្ធ​សាសន៍​យូដា​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ជាជាង​ការ​ត្រឡប់​ទៅ​ធ្វើ​តាម​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ—ហើយ​ការបង្រៀន​របស់​លោក​ក៏​អាច​ជួយ​យើង​ផងដែរ នៅពេល​យើង​ព្យាយាម​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្គ្រោះសព្វ​ថ្ងៃនេះ ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​និមិត្ដរូប​នៅក្នុង​បទគម្ពីរ​ដែល​ចង្អុល​ប្រាប់យើង និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ពួក​សង្ឃ​តាម​របៀប​លោក​ម៉ិល​គីស្សាដែក

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅកាន់​ពួកសាសន៍​ហេព្រើរ សង្ឃ​ជាន់​ខ្ពស់ និង​សង្ឃ​ដទៃ​ទៀត​នៃ​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ជា​និមិត្ត​រូប​អំពីព្រះយេស៊ូគ្រីស្ទ ។

រូបភាព
បុរស​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​របស់​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​នៅ​រោង​ឧបោសថ​គំរូ​របស់​សាសន៍​យូដា ។

តួនាទី​មួយ​របស់​សង្ឃ​គឺ​ដើរ​តួ​ជា​អ្នក​កណ្តាល ជា​និមិត្តរូប​នៃ​ការឈរ​នៅ​ចន្លោះ​មនុស្ស និង​ព្រះ ។ ពួកគេ​បាន​បំពេញ​តួនាទី​នេះ​ដោយ​ថ្វាយ​យញ្ញបូជា​សត្វ​ប្រចាំ​ថ្ងៃ​សម្រាប់​អំពើ​បាប និង​ការរំលង​របស់សាសន៍​អ៊ីស្រាអែល ( សូមមើល លេវីវិន័យ ១; ហេព្រើរ ១០:១១ ) ។ ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​រោឧបោសថ ។

សូមអាន ហេព្រើរ ៧:២២–២៨ ដោយ​កត់សម្គាល់​ចំពោះ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ហេព្រើរ ៧:២៥–២៦ ( មាន​នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរប៊ីប ) ។ សូម​រកមើល​របៀប​ដែល​សកម្មភាព​របស់​សង្ឃជាន់​ខ្ពស់​ទាំង​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​ផ្ទាល់​ជា​យញ្ញបូជា​សម្រាប់​អំពើ​បាប​របស់​យើង ។ សូម​ពិចារណា​អំពី​និយមន័យ​ខាង​ក្រោម​នៅពេល​អ្នក​សិក្សា ៖

  • ពាក្យ « ធានា » នៅក្នុង ហេព្រើរ ៧:២២ សំដៅ​ទៅលើ​អ្នក​ដែល​ធានា​បំណុល​ហិរញ្ញវត្ថុ​របស់​អ្នក​ដទៃ ។

  • « សេចក្តីសញ្ញា​ដ៏​ប្រសើរ​ជាង » សំដៅ​លើ​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​ដ៏​ខ្ពង់ខ្ពស់​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះគ្រីស្ទ ។

  • ពាក្យ « ទ្រង់ » នៅក្នុង ហេព្រើរ ៧:២៤ សំដៅ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • ពាក្យ « សព្វ​គ្រប់ » នៅក្នុង ហេព្រើរ ៧:២៥ មាន​ន័យ​ថា « ទាំង​ស្រុង » និង « ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​ផ្ទាល់​ជា​យញ្ញបូជា​សម្រាប់​អំពើបាប​របស់​យើង ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​មាន​ជាមួយ​ទ្រង់ ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ទំនុកចិត្ត​ថា ទ្រង់​អាច​សង្គ្រោះ​អ្នក​បាន ?

និមិត្តរូប​នៃ​រោង​ឧបោសថ​បុរាណ

រូបភាព
ការពិពណ៌នា​អំពី​រោងឧបោសថ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ទីរហោស្ថាន ។ រោងឧបោសថ​មើល​ពី​ខាងលើ ។ ផ្នែក​ខាង​ក្នុង​និង​ផ្នែក​ខាងក្រៅ​នៃ​រោងឧបោសថ​តាម​ការពិពណ៌នា ។
រូបភាព
ប្លង់​រោង​ឧបោសថ​របស់​ម៉ូសេ ។

មួយ​ឆ្នាំ​ម្តង នៅ​ថ្ងៃ​នៃ​ដង្វាយធួន ( សូមមើល លេវីវិន័យ ១៦ ) សង្ឃជាន់​ខ្ពស់​បាន​ធ្វើ​យញ្ញបូជា​សត្វ​ពិសេស មុន​ពេល​ចូល​ទៅ​ក្នុង​ផ្នែក​នៃ​រោង​ឧបោសថ​ដែល​គេ​ស្គាល់​ថា ជា​កន្លែង​បរិសុទ្ធ​បំផុត ( ឬ​ទី​បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធ ) ។ ផ្នែក​នៃ​រោង​ឧបោសថ​នេះ​ជានិមិត្ត​រូប​នៃ​នគរ​សេឡេស្ទាល ឬ​វត្តមាន​របស់​ព្រះ ។ យញ្ញបូជា​ទាំងនេះ និង​សកម្មភាព​របស់​សង្ឃជាន់ខ្ពស់​គឺ​មាន​បំណង​ធ្វើ​ជា​និមិត្តរូប​អំពី​របៀប​ដែល​ព្រះយេស៊ូវ ជាសង្ឃជាន់ខ្ពស់​ដ៏​អស្ចារ្យ​ធ្វើ​យញ្ញ​បូជា​ដែល​នឹង​រៀបចំ​ផ្លូវ​សម្រាប់​ប្រជាជន​ឲ្យ​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ ( សូមមើល ហេព្រើរ ៩:១–១៥ ) ។

ប្រសិនបើ​អាច សូម​មើល « The Tabernacle » ( ៧:១៨ ) ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​និមិត្ត​រូប​នេះ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
សមាសភាព​នៃ​រូបភាព​របស់​សង្ឃ​ថ្វាយ​ការ​បូជា​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ឈើឆ្កាង ។

សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម ពេល​អ្នក​អាន ហេព្រើរ ៩:១១–១៥, ២៤, ២៨ហេព្រើរ ១០:៤, ១០–១៧ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំង​នេះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ?

  • ផ្អែក​លើ​ខគម្ពីរ​ទាំងនេះ តើ​ពរជ័យ​អ្វី​ខ្លះ​អាច​កើត​មាន​ដល់​យើង ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអង្គសង្គ្រោះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ដល់​អ្នក ?

  • តើ​អ្នក​អាច​បង្ហាញ​អំណរគុណ​របស់​អ្នក​ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​អ្នក​យ៉ាង​ដូចម្តេច ?

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ការសិក្សា​អំពី​ការប្រៀបធៀប និង​និមិត្ត​រូប​នៅក្នុង​មេរៀន​នេះ បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​មាន​និមិត្ត​រូប​អ្វី​ខ្លះ​នៅ​ជំនាន់​របស់​យើង​ដែល​ចង្អុល​យើង​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិចារណា​ពី​របៀប​ដែល​ការស្វែងរក​និមិត្តរូប​អំពី​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ញឹកញាប់​អាច​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រកមើល​របៀប​ដែល​អ្នក​អាច​ធ្វើ​បាន​កាន់តែ​ញឹកញាប់ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? 

តើ​ថ្ងៃ​នៃ​ដង្វាយធួន​ជា​អ្វី ?

មួយ​ឆ្នាំ​ម្តង​នៅក្នុង​ថ្ងៃ​បរិសុទ្ធ​របស់​សាសន៍​យូដា គេ​ហៅ​ថា​ជា​ថ្ងៃ​នៃ​ដង្វាយធួន ( គេ​ក៏​ហៅ​ថា យ៉ុម គីផួរ ផងដែរ ) សង្ឃជាន់ខ្ពស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ទី​ដ៏​បរិសុទ្ធ​បំផុត ( គេ​ក៏​ហៅ​ថា បរិសុទ្ធ​លើ​ទី​បរិសុទ្ធ ឬ​ទី​ដ៏​បរិសុទ្ធ​បំផុត ) នៅក្នុង​រោងឧបោសថ ឬក្រោយមក​ជា​ព្រះវិហារ​បរិសុទ្ធ​យេរូសាឡិម ។ នៅ​ឯ​អាសនា​បូជា ដែល​មាន​ទីតាំង​នៅ​ខាង​ក្រៅ​ទីដ៏​បរិសុទ្ធ នោះ​សង្ឃ​ជាន់ខ្ពស់​បាន​បូជា​គោ​ឈ្មោល​មួយ និង​ពពែ​ឈ្មោល​មួយ ។ គាត់​នឹង​ប្រោះ​ឈាម​សត្វ​នៅ​កន្លែង​ដែល​បាន​រៀបចំ នៅក្នុង​កន្លែង​ដែល​បរិសុទ្ធ​បំផុត ដើម្បី​ធ្វើ​ជា​និមិត្ត​រូប​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ សម្រាប់​អំពើ​បាប​របស់​ពួកសង្ឃ និង​អំពើ​បាប​របស់​មនុស្ស ។ ក្រោយ​មក​សង្ឃ​ជាន់ខ្ពស់​ធ្វើ​និមិត្តរូប​នៃ​ការ​ផ្ទេរ​អំពើបាប​របស់​មនុស្ស​បាន​ផ្ទេរ​ទៅ​សត្វ​ពពែ​ឈ្មោល​មួយ​ទៀត ( ដែល​ហៅ​ថា​ពពែ​រងកំហុស ) បន្ទាប់​មក​បណ្តេញ​វា​ចេញ​ឲ្យ​ទៅ​ក្នុង​ទីរហោស្ថាន ជា​និមិត្តរូប​នៃ​ការដក​ចេញ​នូវ​អំពើ​បាប​របស់​ប្រជាជន ។ គាត់​ក៏​ធ្វើ​យញ្ញបូជា​សត្វ​ចៀម​ឈ្មោល​ពីរ​ក្បាល​ជា​ដង្វាយ​ដុត​សម្រាប់​ខ្លួន​គាត់ និង​មនុស្ស​ផង​ដែរ ។ ( សូមមើល Bible Dictionary « Fasts » សូមមើល លេវីវិន័យ ១៦:២២ ផងដែរ ) ។

ហេព្រើរ ៨:៦; ៩:១៥ ។ តើ​វា​មាន​ន័យ​ដូចម្តេច​ដែល​ថា ព្រះយេស៊ូវ​គឺជា « ​អ្នក​កណ្ដាល ? »

សូម​មើល​វីដេអូ « The Mediator » ( ១០:៤៧ ) ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ព្រះបរមងារ​ដ៏​សំខាន់​របស់​ព្រះអង្គ​សង្គ្រោះ ។