ថ្នាក់​សិក្ខាសាលា
ហេព្រើរ ២–៤


ហេព្រើរ ២–៤

ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​នៅ​គ្រា​ចាំបាច់​របស់​យើង

រូបភាព

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​ណា​ខ្លះ​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លង​កាត់​ក្នុង​ជីវិត ? គម្ពីរ​ហេព្រើរ​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ចុះ​ពី​បល្ល័ង្ក​សួគ៌ា​របស់​ទ្រង់ ដើម្បី​រស់នៅ​ជា​មនុស្ស​រមែង​ស្លាប់​នៅលើ​ផែនដី ហើយ​ធ្វើ​ដង្វាយធួន​ដ៏​និរន្ដរ៍​សម្រាប់​យើង ។ ដោយ​សារ​តែ​ហេតុ​នេះ ទ្រង់​ស្គាល់​យើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​ជួយ​យើង ។ មេរៀន​នេះ​អាច​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ក្នុង​គ្រា​ចាំបាច់ ។

ព្រះអង្គសង្គ្រោះ​ត្រាស់​យល់

សូមងអាន ច្រៀង ឬ​ស្ដាប់​ទំនុកតម្កើង​បទ « ខ្ញុំ​រក​ក្តីសុខ​ឯណា ? » ( ទំនុកតម្កើង ល.រ.៦៩ ) ។

អ្នក​ក៏​អាច​មើល​វីដេអូ « Where Can I Turn for Peace? » ( ៤:០៣ ) នៅ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ។

  • តើ​អ្នក​នឹង​ពន្យល់​សារ​នៃ​ទំនុកតម្កើង​នេះ​ជា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​យ៉ាង​ដូចម្តេច ?

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​ពិតជា​ត្រូវការ​ជំនួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​ពួកសាសន៍​ហេព្រើរ ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ពី​របៀប​ដែល​ទ្រង់​អាច​ផ្តល់​កម្លាំង​ដល់​ពួកគេ​នៅក្នុង​កាលៈទេសៈ​ដែល​ពួកគេ​បាន​ជួប​ប្រទះ ( សូមមើល ហេព្រើរ ៤:១៦ ) ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​បាន ។

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក សូម​បង្កើត​តារាង​ស្រដៀង​គ្នា​នឹង​តារាង​ខាង​ក្រោម ៖

ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ​អាច​ត្រាស់​យល់​ពី​ខ្ញុំ​បាន ?

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រទាន​ដល់​ខ្ញុំ ដោយសារ​ទ្រង់​ត្រាស់​យល់​ពី​ខ្ញុំ ?

ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ​អាច​ត្រាស់​យល់​ពី​ខ្ញុំ​បាន ?

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រទាន​ដល់​ខ្ញុំ ដោយសារ​ទ្រង់​ត្រាស់​យល់​ពី​ខ្ញុំ ?

សូម​អាន ហេព្រើរ ២:៩–១០, ១៣–១៨ និង ៤:១២–១៦ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នៅក្នុង​តារាង ។ សូម​សរសេរ​ចម្លើយ​នៅខាង​ក្រោម​ចំណង​ជើង​ដែល​សមស្រប ។ សូម​កត់ចំណាំ​ថា ហេព្រើរ ២:៩ និង ១៦ គឺ​ថ្លែង​ពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ចាកចេញ​ពី​បល្ល័ង្ក​សួគ៌ា​របស់​ទ្រង់​ដើម្បី​រស់នៅ​ជា​មនុស្ស​រមែង​ស្លាប់​នៅលើ​ផែនដី ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​ទទួល​អារម្មណ៍​ថា អាច​ជួយ​អ្នក ឬ​អ្នក​ដទៃ​បាន ?

  • ហេតុអ្វី​វា​អាច​ជា​ការ​លួងលោម​ដោយ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​យល់​ពី « គំនិត ដែល​ចិត្ត​គិត ? » ( ហេព្រើរ ៤:១២ ) ។

  • តើ​អ្នក​យល់​យ៉ាង​ណា​ពី​ឃ្លា « ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវ​សេចក្តីល្បួង​បាន​ដែរ » ? ( ហេព្រើរ ២:១៨ ) ។ សូម​កត់ចំណាំ​ថា ពាក្យ​ដែល​ត្រូវ​បាន​បកប្រែ​ថា « ល្បួង » ក៏​អាច​បកប្រែ​ថា « ល្បងល » ឬ « ដាក់​នៅ​ក្រោម​ការសាកល្បង » ផងដែរ ។ ពាក្យ ជួយ មាន​ន័យ​ថា រត់​ទៅ​រក​ជំនួយ​ពី​នរណា​ម្នាក់ ។

សេចក្ដីពិត​មួយ​ដែល​អ្នក​អាច​ស្វែងរក​ឃើញ​គឺ​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ហើយ​ត្រូវ​បាន​ល្បួង​នៅ​គ្រប់​រឿង​ទាំងអស់ នោះ​ទ្រង់​យល់​ពី​យើង​យ៉ាង​ច្បាស់ ហើយ​អាច​ជួយ​យើង​នៅ​គ្រា​ចាំបាច់​បាន ។ ព្យាការី អាលម៉ា នៅក្នុង​ព្រះគម្ពីរ​មរមន​ក៏​បាន​បង្រៀន​សេចក្ដីពិត​នេះ​ដែរ ។ សូម​ពិចារណា​ធ្វើ​សេចក្តី​យោង​ឆ្លង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាលម៉ា ៧:១១–១៣ ជាមួយ​នឹង ហេព្រើរ ២:១៨​ ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដើម្បី​ទទួល​បាន​ការយល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការត្រាស់យល់ និង​ជួយ​អ្នក ។ អ្នក​អាច​ចង់​មើល​វីដេអូ « Bear Up Their Burdens with Ease » ( ១៦:២៣ ) ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ១២:១៥ ដល់ ១៣:២១ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ ។

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។

គ្មាន​ការឈឺចាប់​ខាង​សាច់ឈាម ការរង​របួស​ខាងវិញ្ញាណ និង​ការឈឺ​ចិត្ត​ក្នុង​ព្រលឹង ការចុក​ចាប់ ជំងឺ ឬ​ភាពទន់​ខ្សោយ​ណា​ដែល​អ្នក ឬ​ខ្ញុំ​ជួប​ក្នុងជីវិត​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​មិន​ធ្លាប់​បាន​មាន​បទពិសោធន៍​ជាមុន​នោះទេ ។ នៅក្នុង​គ្រា​នៃ​ភាពទន់​ខ្សោយ​មួយ យើង​អាច​នឹង​ស្រែក​ឡើង​ថា « គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណា​ម្នាក់យល់​ទេ » ។ ប៉ុន្តែ​ព្រះរាជបុត្រា​នៃ​ព្រះ​ត្រាស់​ដឹង​និង​យល់​ដ៏​ឥត​ខ្ចោះ ដ្បិត​ទ្រង់​បាន​ដឹង និង​រែក​បន្ទុក​របស់​យើង​ម្នាក់ៗ ។ ហើយ​ព្រោះ​តែ​ពលិកម្ម​ដ៏​និរន្តរ៍ និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ( សូម​មើល អាលម៉ា ៣៤:១៤ ) នោះ​ទើប​ទ្រង់​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​កុរណា​របស់​ទ្រង់​មក​រក​យើង ។ ទ្រង់​អាច​ឈោង​ព្រះហស្ដ ប៉ះពាល់ ជួយ​សង្គ្រោះ ប្រោស និង​ពង្រឹង​យើង ហួស​ពី​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ដោយ​ការពឹង​តែទៅ​លើ​អំណាច​យើង​ផ្ទាល់​នោះ ។

( ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ )

  • តើ អាលម៉ា ៧:១១–១៣ ឬ​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ បែដណា ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​គំរូ—ពី​ជីវិត​របស់​អ្នក ជីវិត​របស់​អ្នក​ដទៃ ឬ​បទគម្ពីរ—ដែល​បង្ហាញ​ពី​ការយល់​ដឹង​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​បទពិសោធន៍ និង​តម្រូវការ​របស់​យើង ។ ប្រសិនបើ​អ្នក​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​គិត​អំពី​ឧទាហរណ៍​មួយ សូម​ពិចារណា​សិក្សា យ៉ូហាន ១១:២១–២៧, ៣២–៣៦; ម៉ូសាយ ២៤:១១–១៥ ឬ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២២:៥–៩ ។

  • តើ​ឧទាហរណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ការចូល​មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ក្លាហាន

សូម​អាន ហេព្រើរ ៤:១៦ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​អញ្ជើញ​យើង​ឲ្យ​ធ្វើ ដើម្បី​ទទួល​បាន​ជំនួយ​ដែល​យើង​ត្រូវការ ។ សូមពិចារណា​គូស​សម្គាល់​អ្វី​ដែល​អ្នក​រកឃើញ ។

សម្រាប់​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​យើង​អាច​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះគុណ សូម​មើល​វីដេអូ « Reach Up to Him in Faith » ( ៣:៥៤ ) ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ក្លាហាន » ?

  • តើ​យើង​គួរ​មាន​ទំនុក​ចិត្ត​លើ​អ្វី​ខ្លះ​នៅពេល​ចូល​ទៅ​រក​ព្រះ ?

  • តើ​ដើម្បី « មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ក្លាហាន » អាច​មាន​សភាព និង​មាន​អារម្មណ៍​បែប​ណា ?

ជម្រើស ៖ ចង់​រៀន​បន្ថែម​ទៀត​ទេ ?

តើ​ការ​បន្ទាប​ព្រះកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្វី ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

គំរូ​នៃ​ភាពរាបសា និង​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​មនុស្ស​លោក​ទាំងអស់ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។ សូម្បី​តែ​ព្រះអង្គសង្គ្រោះ​ដែល​ជា​សមាជិក​មួយ​អង្គ​នៃ​ក្រុម​ព្រះ​ក៏​បាន​ស្ម័គ្រ​ព្រះទ័យ​យាង​មក​កាន់​ផែនដី​ជា​ទារក​ដ៏​ទន់ទាប ហើយ​ចាប់ផ្ដើម​ជីវិត​ដែល​រួមមាន​នូវ​ការបង្រៀន ការព្យាបាល​ដល់​បងប្អូន​ប្រុសស្រី​របស់​ទ្រង់ ហើយ​ទីបំផុត​រងការ​ឈឺចាប់​ដែល​ពុំ​អាច​ពិពណ៌នា​បាន​នៅ​ឯ​សួនច្បារ​គែតសេម៉ានី និង​លើ​ឈើ​ឆ្កាង​ដើម្បី​ធ្វើ​ឲ្យ​ដង្វាយ​ធួន​របស់​ទ្រង់​បាន​ល្អ​ឥតខ្ចោះ ។ ទង្វើ​នៃ​ក្ដីស្រឡាញ់ និង​ចិត្ត​រាបសា​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ការយាង​ចុះ​មក​របស់​ទ្រង់ ។ ទ្រង់​ធ្វើ​បែប​នេះ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ព្រះ​បាន​បង្កើត ឬ​នឹង​បង្កើត​ឡើង ។

( ឃ្វីនថិន អិល ឃុក « The Eternal Everyday » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២ )

ហេព្រើរ ៤:១៥ ។ តើ​ព្រះ​យេស៊ូវ​ពិត​ជា « ត្រូវ​ល្បួង​ដូច​យើង​ដែរ​ឬ​ទេ ? »

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–ឆ្នាំ ១៩៩៥ ) បាន​បង្រៀន​ដូច​ខាងក្រោម​នេះ ៖

រូបភាព
ហាវើដ ដបុលយូ ហឹនធើរ

វា​ជា​ការណ៍​ដ៏​សំខាន់​មួយ​ដើម្បី​ចងចាំ​ថា ព្រះយេស៊ូវ​អាច​នឹង​ប្រព្រឹត្ត​អំពើ​បាប​បាន ថា​ទ្រង់​អាច​ស្ម័គ្រ​ព្រះទ័យ​ចុះចាញ់ នោះ​ផែនការ​នៃ​ជីវិត និង​សេចក្ដីសង្គ្រោះ​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ខកខាន ប៉ុន្ដែ​​ទ្រង់​នៅតែ​បន្ដ​ស្មោះត្រង់ ។ ប្រសិនបើ​អារក្ស​សាតាំង​គ្មាន​លទ្ធភាព​ល្បួង​ទាក់ទាញ​ទ្រង់​ទេ នោះ​វា​នឹង​គ្មាន​ការសាកល្បង​ដ៏​ពិតប្រាកដ​នោះ​ទេ វា​ក៏​នឹង​គ្មាន​លទ្ធផល​ដ៏​ជោគជ័យ​អាច​កើត​ឡើង​ឡើយ ។ ប្រសិន​បើ​ទ្រង់​ត្រូវ​បាន​គេ​ដក​ចេញ​ពី​អំណាច​ដើម្បី​ធ្វើ​អំពើ​បាប នោះ​ទ្រង់​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​សិទ្ធិ​ជ្រើសរើស​របស់​ទ្រង់​ដែរ ។ គឺ​ជាទ្រង់​ហើយ​ដែល​បាន​មក​ការពារ និង​ធានា​ដល់​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ។ ទ្រង់​ត្រូវតែ​រក្សា​លទ្ធ​ភាព និង​សមត្ថភាព​ធ្វើ​អំពើ​បាប ប្រសិនបើ​ទ្រង់​ចង់​ធ្វើ​ដូច្នេះ ។ ដូច​ប៉ុល​បាន​សរសេរ​ថា « ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយសារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ » ( ហេព្រើរ ៥:៨ ) ហើយ​ទ្រង់ « បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ » ( ហេព្រើរ ៤:១៥ ) ។ ទ្រង់​ឥតខ្ចោះ និង​គ្មាន​អំពើបាប​សោះ​ឡើយ មិនមែន​ដោយ​សារ​តែ​ទ្រង់​ត្រូវតែ​ដូច្នោះ​នោះ​ទេ ប៉ុន្ដែ​វា​គឺដោយសារ​តែ​ទ្រង់​បាន​ចង់​ក្លាយ​ជា​ដូច្នោះ​យ៉ាង​ពិត និង​ដោយ​ការប្ដេជ្ញា​ចិត្ត​ដ៏​ម៉ឺងម៉ាត់ ។

( ហាវើដ ដបុលយូ ហឹនធើរ « The Temptations of Christ » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ទំព័រ ១៩ )

ហេព្រើរ ៤:១៦ ។ តើ « បល្ល័ង្ក​នៃ​ព្រះគុណ » មាន​សារៈសំខាន់​យ៉ាង​ណា ?

« នៅក្នុង​វប្បធម៌​បុរាណ​ជា​ច្រើន ការចូល​ទៅ​ជិត​រាជ​បល្ល័ង្ក​ដោយ​គ្មាន​ការ​អញ្ជើញ​គឺ​ជា​ការ​ប្រថុយ​ជីវិត ប៉ុន្តែ​បើ​ទៅ​តាម​ការអញ្ជើញ​របស់​ស្តេច​វិញ នោះ​បុគ្គល​ម្នាក់​អាច​ចូល​ទៅ​ជិត ហើយ​និយាយ​ដោយ​មាន​ទំនុក​ចិត្ត ។ ការចូល​ទៅ​ជិត​ព្រះ ‹ ដោយ​ក្លាហាន › មាន​ន័យ​ថា គឺ​ការមាន​ទំនុកចិត្ត​ថា ព្រះសព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​បល្ល័ង្ក​របស់​ទ្រង់ ហើយ​ថា​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ទ្រង់ » ( សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស [ ឆ្នាំ ២០១៨ ] ទំព័រ ៤៧៧ ) ។

នៅក្នុង​សេចក្តីយោង​ទៅ​នឹង​សេចក្តីមេត្តា​ករុណា​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ប្រាកដ​ណាស់ រឿង​ដែល​ព្រះ​សព្វ​ព្រះទ័យ​ខ្លាំង​បំផុត​អំពី​ការធ្វើ​ជា​ព្រះ​នោះ​គឺ ការរំភើប​ព្រះទ័យ​ក្នុង​ការ​មាន​ក្តីមេត្តា​ករុណា ជាពិសេស​ដល់​អស់​អ្នក​ទាំង​ឡាយ​ណា ដែល​ពុំ​រំពឹង​ថា​នឹង​ទទួល​បាន​វា ហើយ​ដែល​ជារឿយៗ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​ពុំ​សម​នឹង​ទទួល​វា ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )