ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១១ ផ្នែក​ទី ២


ហេព្រើរ ១១ ផ្នែក​ទី ២

ការរស់នៅ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
យុវវ័យ​រៀបចំ​អាហារ​ដើម្បី​ធ្វើ​គម្រោង​បម្រើ​នៅ ព័រតូ រីកូ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​មនុស្ស​មួយ​ចំនួន​រក្សា​ភាព​ស្មោះ​ត្រង់​បាន​យ៉ាង​ណា ទោះបីជា​នៅពេល​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត ? តើ​ពួកគេ​យល់​យ៉ាង​ណា​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ ? បន្ទាប់​ពី​បង្រៀន​ពួក​បរិសុទ្ធ​ហេព្រើរ​អំពី​សេចក្ដី​ជំនឿ ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដូច​មនុស្ស​ស្មោះត្រង់​ដទៃ​ទៀត​បាន​ធ្វើ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​រស់នៅ​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ស្គាល់​ពរជ័យ​ដែល​ព្រះ​ប្រទាន​ដល់​អ្នក​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​អ្នក ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

សូម​គិត​អំពី​បុគ្គល​ម្នាក់​នៅក្នុង​ព្រះគម្ពីរ ឬ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ថាព្រះ​ប្រទានពរ ដោយសារ​ពួកគេ​អនុវត្ត​សេចក្តីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ រូបភាព​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​ដំណើរ​រឿង​មួយ​ចំនួន​ទាំង​នេះ ។

រូបភាព
ព្យាការី​ហេណុក និង​ប្រជាជន​ពី​ទីក្រុង​ស៊ីយ៉ូន​ក្នុង​គម្ពីរសញ្ញា​ចាស់​កំពុង​ប្រែរូប ។ មនុស្សម្នា​ត្រូវ​បាន​មើល​ឃើញ​ថា​កំពុង​លុត​ជង្គង់​លើ​ពពក ។ ហេណុក​លើក​ដៃ​ឡើង​លើ​អាកាស ។
រូបភាព
ស្ត្រី​ម្នាក់​ដេក​នៅ​នឹង​ដី ពេល​នាង​ឈោង​ទៅ​រក​ព្រះពស្ដ​របស់​ព្រះយេស៊ូវគ្រីស្ទ ។
រូបភាព
ព្យាការី​ហេលេមិន​ក្នុង​ព្រះគម្ពី​មរមន​ជិះ​សេះ​ស ។ ហេលេមិន​កំពុង​ដឹកនាំ​កងទ័ព​កំលោះ ២,០០០ នាក់​របស់​សាសន៍​លេមិន ។ កងទ័ព​កំពុងដើរ និង​កាន់​លំពែង ។ សេចក្តីយោង​បទគម្ពីរ ៖ អាលម៉ា ៥៣:១៦–២២ ។
រូបភាព
យ៉ូសែប ស៊្មីធ អង្គុយ​លើ​ឥដ្ឋ​ទ្រាប់​ចំបើង​នៅក្នុង​គុក​លិបើធី ដោយ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយ​មាន​ពន្លឺ​ថ្ងៃ​ចាំង​មក​លើ​លោក ។
  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​នៅក្នុង​រឿង​របស់​បុគ្គល​នេះ ?

  • តើ​យើង​ទទួល​ឥទ្ធិពល​យ៉ាង​ណា ពេល​យើង​បាន​ឮ ឬ​ចែកចាយ​រឿងរ៉ាវ​នៃ​សេចក្ដី​ជំនឿ ? ហេតុអ្វី ?

នៅ​ក្នុង​មេរៀន​មុន អ្នក​បាន​រៀន​អំពី​អត្ថន័យ​នៃ​ការ​មាន​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ពី​របៀប​ដែល​ការ​អនុវត្ត​សេចក្ដី​ជំនឿ​ដែល​បាន​កើន​ឡើងទៅ​លើ​ទ្រង់ អាច​ពង្រឹង​អ្នក​ក្នុង​ផ្នែក​ដែល​អ្នក​អាច​នឹង​មាន​អារម្មណ៍​ទន់ខ្សោយ និង​ងាយ​រងគ្រោះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​កត់ត្រា​ចំណាប់​អារម្មណ៍​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ នៅ​ពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​បង្កើន​បំណង​ប្រាថ្នា និង​សមត្ថភាព​ក្នុង​ការ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​អ្នក ។

អ្នក​ដែល​រស់​នៅ « ដោយ​សេចក្ដី​ជំនឿ »

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ១១ ប៉ុល​បាន​ចែកចាយ​ឧទាហរណ៍​ជា​ច្រើន​នៃ​បុគ្គល​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​រស់នៅ « ដោយ​សេចក្តីជំនឿ » និង « តាមរយៈ​សេចក្តីជំនឿ » ។ អ្នក​អាច​កត់សម្គាល់​ឃើញ​ឃ្លា​ទាំងនេះ​ដដែលៗ​ច្រើន​ដង​ក្នុង ហេព្រើរ ១១ ។ នៅពេល​អ្នក​សិក្សា​គំរូ​មួយ​ចំនួន​ដែល​ប៉ុល​បាន​ចែកចាយ​ជាមួយ​ពួកបរិសុទ្ធ​ហេព្រើរ សូម​គិត​អំពី​របៀប​ដែល​សេចក្តីស្រឡាញ់ និង​ចិត្តសប្បុរស​របស់​ព្រះ​ត្រូវបាន​បង្ហាញ​ជា​រង្វាន់ និង​ពរជ័យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក​ដែល​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

សូម​បង្កើត​តារាង​ជួរ​​ឈរ​ពីរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ស្រដៀង​នឹង​តារាង​ខាង​ក្រោម ។ ត្រូវ​ប្រាកដ​ថា ទុក​កន្លែង​ទំនេរ​ឲ្យ​ច្រើន​នៅ​ក្រោម​ចំណង​ជើង​នីមួយៗ ។

របៀប​ដែល​សេចក្ដី​ជំនឿ​ត្រូវ​បាន​អនុវត្ត

របៀប​ដែល​ព្រះ​ប្រទាន​រង្វាន់​ដល់​ការ​ប្រព្រឹត្តិ​ដ៏​ស្មោះ​ត្រង់

សូម​សិក្សា​យ៉ាង​ហោច​ណាស់​នូវ​សំណុំ​ខគម្ពីរ​មួយ​ខាង​ក្រោម​នេះ ។ នៅពេល​អ្នក​សិក្សា សូម​កត់ត្រា​ការយល់​ដឹង​របស់​អ្នក​នៅក្នុង​តារាង​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

១. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក បន្ទាប់​ពី​សិក្សានិង​បំពេញ​តារាង​របស់​អ្នក​រួច ៖

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​មនុស្ស​ក្នុង​ខគម្ពីរ​ដែល​អ្នក​លើក​ឡើង​បាន​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះ ?

  • តើ​វិធី​ណា​ខ្លះ​ដែល​ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ពួកគេ​ដោយព្រះចេស្តា និង​ពរជ័យ​របស់​ទ្រង់ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ?

  • ចេញ​ពី​ការ​សិក្សា​ខគម្ពីរ​ទាំងនេះ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះ ?

តាមរយៈគំរូ​ដ៏​ស្មោះត្រង់​ដែល​ប៉ុល​បាន​ចែកចាយ យើង​អាច​រៀន​សេចក្ដីពិត​ជាច្រើន​អំពី​សេចក្ដី​ជំនឿ អំពីព្រះនិង​អំពី​ខ្លួន​យើង ។ សេចក្តីពិត​មួយ​ក្នុង​ចំណោម​សេចក្តីពិត​ដែល​បាន​បង្ហាញ​ក្នុង​ជំពូក​នេះ​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង ហេព្រើរ ១១:៦ ៖ ព្រះ​ប្រទាន​រង្វាន់​ដល់​អ្នក​ដែល​អនុវត្ត​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នោះ​ទេ សូម​ពិចារណា​គូស​សម្គាល់ « ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ » នៅក្នុង ខ​ទី ៦ ។

  • តើ​ការ​ស្វែង​រក​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម​អាច​ជា​វិធី​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ ពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង ?

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​អ្នក​គិត​ថា ការ​អនុវត្ត​សេចក្តី​ជំនឿ​គឺ​ចាំបាច់​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ពរជ័យ​ពី​ព្រះ​ក្នុង​ជីវិត​របស់​យើង ?

  • តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ នៅពេល​ពរជ័យ​សម្រាប់​ការ​ប្រព្រឹត្តិ​ដោយ​ស្មោះត្រង់​ហាក់​ដូច​ជា​មិន​បាន​កើត​ឡើង ?

ការរស់នៅ​ដោយ​សេចក្ដីជំនឿ

បន្ថែម​ពី​លើ​ការប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន កាល​ពី​អតីតកាល​សម្រាប់​ការអនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ព្រះ​ក៏ « ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ » ( ហេព្រើរ ១១:៦ ) នៅ​ជំនាន់​របស់​យើង​នេះ​ផងដែរ ។

ប្រសិនបើ​អាច សូម​មើល « Pure and Simple Faith » ( ៥:២១ ) ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org ។ នៅពេល​អ្នក​មើល​វីដេអូ សូម​រកមើល​របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​យុវនារី​ម្នាក់ និង​គ្រួសារ​របស់នាង នៅពេល​ពួកគេ​អនុវត្ត​សេចក្តីជំនឿ​របស់ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ក៏​ត្រូវ​គិត​អំពី​វិធី​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក នៅពេល​អ្នក​បាន​អនុវត្ត​សេចក្តីជំនឿ​ទៅលើ​ទ្រង់​ផងដែរ ។

សូម​គិត​ពីគ្រា​មួយ​នៅ​ពេល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ពរជ័យ​ពី​ព្រះ​ចំពោះ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចេញ​មកពី​បទពិសោធន៍​នោះ ?

  • តើ​អ្នក​គិត​ថា បទពិសោធន៍​នោះ​អាច​ជួយ​អ្នក​នា​ពេល​អនាគត​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់​ទាំង​ទ្វេ​ដោយ​របៀប​ណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

អ្វីៗ​គ្រប់​យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ​ដែល​សំខាន់​ដ៏នៅ​អស់​កល្ប​ជានិច្ច​ដែល​អាច​កើត​មាន​ឡើង—ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ ។ ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​យើង ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង ។

( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២ )

សូម​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​អ្នក​បានទទួល​អារម្មណ៍​យ៉ាង​ណា​នៅពេល​អ្នក​បាន​សិក្សា​អំពី​សេចក្ដី​ជំនឿ​នៅ​ក្នុង ហេព្រើរ ១១ ។ តើ​អ្នក​បានទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដែល​ជា​លទ្ធផល​នៃ​អ្វី​ដែល​អ្នក​បាន​សិក្សា ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​កាន់តែ​ច្រើន​ឡើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ? សូម​ពិចារណា​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​ទទួល​ពរជ័យ​ពី​ព្រះ​យ៉ាង​ដូចម្តេច ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ភាគច្រើន​ពរជ័យ​ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង តម្រូវ​ឲ្យ​មាន​សកម្មភាព​ពី​យើង—សកម្មភាព​នោះ​ផ្តោត​លើ​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿ​ទៅលើ​ព្រះអង្គសង្គ្រោះ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ដំបូង​យើង​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ បន្ទាប់​មក​អំណាច​នឹងកើត​មាន​ឡើង—ស្រប​តាម​ព្រះទ័យ និង​ពេលវេលា​របស់​ព្រះ ។ លំដាប់​លំដោយ​នេះ​គឺ​សំខាន់​ណាស់ ។ ជារឿយៗ សកម្មភាព​ដែល​តម្រូវ​ឲ្យ​មាន​គឺ​តូចតាច ពេល​ប្រៀបធៀប​ទៅនឹង​ពរជ័យ​ដែល​យើង​ទទួល​បាន​នៅទីបំផុត [ សូមមើល ម៉ូសាយ ២:២៤–២៥ ] ។

( ឌែល ជី រិនឡាន់ « Abound with Blessings » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០ )

តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​នៃ​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​សព្វ​ថ្ងៃនេះ ?

វីដេអូ​ខាង​ក្រោម​រៀបរាប់​អំពី​គំរូ​នៃ​បុគ្គល​ដែល​​អនុវត្ត​សេចក្តីជំនឿ​ទៅ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​អំពី​របៀប​ដែល​គំរូ​របស់​ពួកគេ​អាច​ជះ​ឥទ្ធិពល​លើ​អ្នក ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​របស់​អ្នក ។ វីដេអូ​ទាំងនេះ​មាន​នៅក្នុង ChurchofJesusChrist.org ។

  • វីដេអូ ៖ « My New Life » ( ៨:២០ )

  • វីដេអូ ៖ « Sealed Together: The Manaus Temple Caravan » [ ១៤:១៤ ]

  • វីដេអូ ៖ « Living beyond ‘What If?’: Cambry Kaylor » [ ១៤:៤៧ ]

  • សម្រង់​វីដេអូ ៖ « Faith Is Not by Chance, but by Choice » [ ១០:៤៩–១៤:១៣ ]

ប្រសិនបើ​ខ្ញុំ​មិន​ទទួល​បាន​ចម្លើយ ឬ​ពរជ័យ តើ​ខ្ញុំ​មិន​ស្មោះត្រង់​គ្រប់គ្រាន់​ទេ​ឬ ?

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ជា​ផ្លូវ​ការ ( គិត​ចាប់​ពី​ខែ មិថុនា ឆ្នាំ ២០១៦ ) របស់​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

អព្ភូតហេតុ ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំងឡាយ​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ថ្ងៃនៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​ខ្ញុំ ។ …

…​អព្ភូតហេតុ​មិន​តែងតែ​កើត​ឡើង​តាម​អ្វី​ដែល​យើង​សូម ឬ​តាម​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ ប៉ុន្តែ​ពេល​យើង​ដាក់​ទី​ទុក​ចិត្ត​នៅ​ក្នុង​ព្រះអម្ចាស់ ទ្រង់​នឹង​នៅ​ទីនោះ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ត្រូវ ។ ទ្រង់​នឹង​លៃលក​នូវ​អព្ភូតហេតុ​ដើម្បី​ឲ្យ​ត្រូវ​នឹង​អ្វី​ដែល​យើង​ត្រូវការ​នៅ​ពេល​នោះ ។ …

មាន​ពេល​ខ្លះ​យើង​សង្ឃឹម​ថា មាន​អព្ភូតហេតុ​មួយ​ដើម្បី​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ កែប្រែ​អំពើ​អយុត្តិធម៌​ចេញ ឬ​ដើម្បី​លួងលោម​ដួងចិត្ត​ដែល​ឈឺ​ចាប់ ឬ​ព្រលឹង​ដែល​ស្រងាក​ចិត្ត ។ ការមើល​ទៅ​បញ្ហា​ដោយ​ទស្សនវិស័យ​នៃ​ជីវិត​រមែង​ស្លាប់ នោះ​យើង​ចង់​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អន្តរាគមន៍ ដើម្បី​ជួសជុល​នូវ​អ្វី​ដែល​បាន​បាក់បែក ។ តាមរយៈ​សេចក្តី​ជំនឿ អព្ភូតហេតុ​នឹង​កើត​ឡើង បើ​ទោះ​ជា​វា​មិន​កើត​តាម​ពេល​វេលា​របស់​យើង ឬ​ជាមួយ​នឹង​ដំណោះស្រាយ​ដែល​យើង​ចង់​បាន​នោះ​ក៏​ដោយ ។ តើ​នោះ​មាន​ន័យ​ថា យើង​ពុំ​មាន​សេចក្តី​ជំនឿ​គ្រប់គ្រាន់ ឬ​ពុំ​ទទួល​បាន​នូវ​អន្តរាគមន៍​របស់​ទ្រង់​មែន​ដែរ​ទេ ? អត់​ទេ ។ យើង​គឺ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ ទ្រង់​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​សម្រាប់​យើង ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​បន្ត​លោះ​យើង​ពី​បន្ទុក និង​អំពើ​បាប នៅ​ពេល​យើង​ប្រែចិត្ត និង​ខិត​កាន់តែ​ជិត​ទ្រង់ ។

ព្រះអម្ចាស់​បាន​រំឭក​យើង​ថា « ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ » [ អេសាយ ៥៥:៨ ] ។ ទ្រង់​ថ្លែង​ទៅ « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » [ ម៉ាថាយ ១១:២៨ ]—សម្រាក​ពី​ការព្រួយបារម្ភ ការខកចិត្ត ការភ័យខ្លាច ការមិន​ស្តាប់​បង្គាប់ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់ សម្រាប់​ក្តីសុបិន្ត​ដែល​បាត់បង់ ឬ​បាក់​ទឹក​ចិត្ត ។ ភាពសុខសាន្ត​ក្នុង​ពេល​ច្របូកច្របល់ ឬ​ទុក្ខព្រួយ​គឺ​ជា​អព្ភូតហេតុ​មួយ ។ សូម​ចងចាំ​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ ៖ « តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នោះ​ទេ​ឬ​អី ? តើ​អ្នក​អាច​មាន​សាក្សី​ឯ​ណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:២៣ ] ។ អព្ភូតហេតុ​នោះ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​ឆ្លើយ​តប​ដោយ​ភាពសុខសាន្ត ។

( រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩, ១១១ )