ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១១ ផ្នែក​ទី ១


ហេព្រើរ ១១ ផ្នែក​ទី ១

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ស្រ្តី​ម្នាក់​កាន់​រូបភាព​តូច​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ រូបភាព​ចម្លង​តាម​គំនូរ​ដើម​ដោយ រ៉ូបឺត ប្រាត្ត ។

មនុស្ស​ជា​ច្រើន​និយាយ​អំពី​ការ​មាន​សេចក្ដី​ជំនឿ—លើ​ខ្លួនពួក​គេ លើ​អ្នក​ដទៃ និង​សូម្បី​តែ​លើ​ព្រឹត្តិការណ៍ ឬ​វត្ថុ​នានា ។ ដូច្នេះ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​អំណាចនិង​សារៈសំខាន់ ? នៅក្នុង ហេព្រើរ ១១ យើង​អាន​ការបង្រៀន​របស់​សាវក​ប៉ុល ស្តីពី​ការអភិវឌ្ឍន៍​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​មូលហេតុ​ដែល​វា​សំខាន់​ចំពោះ​អ្នក​ផ្ទាល់ ។

ការធានា​នៃ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា ប្រសិន​បើ​មាន​នរណា​ម្នាក់​សួរ​អ្នក​អំពី​អត្ថន័យ​នៃ​សេចក្ដី​ជំនឿ ?

សូម​សរសេរ​និយមន័យ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា ឬ​ក្នុង​កំណត់​ចំណាំ​ឌីជីថល​របស់​អ្នក ។ សូម​ពិចារណា​ធ្វើ​ការផ្លាស់ប្តូរ ឬ​បន្ថែម​និយមន័យ​នេះ ហើយ​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេង​ទៀត ពេល​ដែល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ ។

សូម​អាន ហេព្រើរ ១១:១ ហើយ​គូស​សម្គាល់​ពី​របៀប​ដែល​សាវក​ប៉ុល​បាន​ឲ្យ​និយមន័យ​អំពី​សេចក្ដី​ជំនឿ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា នៅក្នុង​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ នៃ​ខគម្ពីរ​នេះ ព្យាការី​បាន​ផ្លាស់​ប្តូរ​ពាក្យ ចិត្ត​ដែល​ដឹង​ជាក់​ទៅជា ការធានា ដែល​ជា​ពាក្យ​មាន​ន័យ​ថា ភាព​ប្រាកដ​ប្រជា ឬ​ការទុក​ចិត្ត ( សូមមើល ហេព្រើរ ១១:១ footnote b ) ។

  • តើ​អ្នក​គិត​ថា​ដើម្បី​មាន​ការ​ធានា ឬ​ការ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​អ្នក​នឹងបានដូច​សង្ឃឹម​មាន​ន័យ​យ៉ាង​ណា ?

  • តើ​វា​អាច​ទៅ​រួច​ដោយ​របៀប​ណា​ដើម្បី​មាន​សម្គាល់​ពី​អ្វីៗ​ដែល​អ្នក​មើល​មិន​ឃើញ ?

  • ដោយ​ផ្អែក​លើ​ខគម្ពីរ​នេះ តើ​អ្នក​អាច​ផ្លាស់ប្ដូរ ឬ​បន្ថែម​និយមន័យ​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ?

សេចក្តីពិត​ដ៏​សាមញ្ញ​មួយ​ដែល ហេព្រើរ ១១:១ បង្រៀន​នោះ​គឺ​ថា សេចក្តីជំនឿ​គឺ​ជា​ការធានា​លើ​អ្វីៗ​ដែល​អ្នក​នឹង​បាន​ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការណ៍​ដែល​មើល​មិន​ឃើញ

សូម​អាន អាលម៉ា ៣២:២១ និង មាត្រា​នៃ​សេចក្តីជំនឿ ១:៤ ដោយ​រកមើល​ការយល់ដឹង​បន្ថែម​អំពី​សេចក្តីជំនឿ ។ អ្នក​អាច​នឹង​ចង់​ធ្វើ​សេចក្តីយោង​ឆ្លង ឬ​ភ្ជាប់​ខគម្ពីរ​ទាំងពីរ​នេះ​ជាមួយ​នឹង ហេព្រើរ ១១:១ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​សេចក្ដីជំនឿ ?

  • តើ​អ្នក​អាច​ផ្លាស់ប្ដូរ ឬ​បន្ថែម​និយមន័យ​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​សារ​អ្វី​ដែល​អ្នក​បាន​រៀន​ដោយ​របៀប​ណា ?

រូបភាព
« ព្រះគ្រីស្ទ និង​អ្នកគ្រប់គ្រង​ស្ដុកស្ដម្ភ​កំលោះ » ដោយ ហែនរិច ហូហ្វម៉ាន់ ។

មធ្យោបាយ​មួយ​ដើម្បី​កែសម្រួល​សេចក្តីថ្លែងការណ៍​មុនៗ​អំពី​សេចក្តីពិត​គឺ សេចក្តីជំនឿ លើ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ការធានា​ពី​អ្វី​ដែល​អ្នក​នឹង​បាន​ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការណ៍​ដែល​មើល​មិន​ឃើញ ថា​ជា​ការពិត ។

  • តើ​អ្នក​គិត​ថា ការ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ខុស​ពី​ការ​មាន​សេចក្ដី​ជំនឿ​លើ​នរណា​ម្នាក់ ឬ​អ្វី​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​ទុក​ចិត្ត​ទ្រង់​យ៉ាង​ដូចម្ដេច ពេល​អ្នក​ប្រឈម​មុខ​នឹង​សំណួរ ឬ​ភាព​មិន​ប្រាកដប្រជានោះ ?

ពង្រឹង​ការយល់​ដឹង​របស់​អ្នក​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សូម​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​របស់​អ្នក​អំពី​សេចក្ដី​ជំនឿ​ផ្ទាល់​ខ្លួន​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​មាន​អារម្មណ៍​ថា​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​រឹងមាំ​តាម​របៀប​ណា​ខ្លះ ? តើ​អ្នក​មាន​អារម្មណ៍​ថា​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​អាច​កាន់​តែ​រឹង​មាំ​តាម​របៀប​ណា​ខ្លះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

សេចក្តី​ជំនឿ​នឹង​ពុំ​កើត​មាន​ដល់​យើង​ដោយ​ចៃដន្យ​ឡើយ ហើយ​សេចក្តី​ជំនឿ​ក៏​មិន​នៅ​ជាប់​ជាមួយ​យើង​ដោយសារ​តែ​មរតក​របស់​បង​ច្បង​ដែរ ។ … សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​មួយ​ពី​ឋានសួគ៌​ដែល​ប្រទាន​មក នៅពេល​យើង​ជ្រើសរើស​ជឿ និង​នៅពេល​យើង​ស្វះស្វែង​រក​វា ហើយ​តោង​ជាប់​នឹង​វា ។ សេចក្តី​ជំនឿ​របស់​អ្នក​អាច​ប្រែ​កាន់តែ​ខ្លាំង​ឡើងៗ ឬ​ក៏​អាច​ចុះ​ខ្សោយ​ទៅៗ ។ សេចក្តី​ជំនឿ​គឺ​ជា​គោលការណ៍​នៃ​អំណាច ពុំ​មែន​សំខាន់​សម្រាប់​តែ​ជីវិត​នេះ​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​នៅ​ក្នុង​ការរីក​ចម្រើន​របស់​យើង​បន្ទាប់​ពី​សេចក្តី​ស្លាប់​ទៀត​ផង ។ តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ នោះ​ថ្ងៃ​ណា​មួយ យើង​នឹង​ត្រូវបាន​សង្គ្រោះ​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះនាម​ទ្រង់ [ សូម​មើល អេភេសូរ ២:៨ ] ។ អនាគត​នៃ​សេចក្តី​ជំនឿ​របស់​អ្នក ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ ។

( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥ )

  • តើ​អ្វី​ទៅ​ដែល​អ្នក​ចាប់​អារម្មណ៍​នៅក្នុង​ប្រសាសន៍​របស់​អែលឌើរ អាន់ឌើរសិន ?

  • តើ​លោក​ជួយ​អ្នក​អ្វី​ខ្លះ​ឲ្យ​យល់​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ចំណាយ​ពេល​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយការ​សិក្សា​ធនធាន​មួយ​ចំនួន​ខាង​ក្រោម ។ សូម​កត់ត្រា​ការយល់​ដឹង​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​គិត​ពិចារណា ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​រៀន​ពី​អ្វី​ដែល​អ្នក​ត្រូវការ​នៅ​ថ្ងៃនេះ ។

សូម​បំពេញ​សកម្មភាព​ខាង​ក្រោម ហើយ​បង្ហោះ​ការសង្ខេប​ពី​បី​ទៅ​ប្រាំ​ឃ្លា​នៃ​អ្វី​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក ។

១. សូម​បំពេញ​សកម្មភាព​ខាង​ក្រោម ហើយ​បញ្ចូល​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​នូវ​សេចក្តី​សង្ខេប​ពី​បី​ទៅ​ប្រាំ​ឃ្លា​នៃ​អ្វី​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក ។

អ្នក​ប្រហែល​ជា​ចង់​គិត​អំពី​សំណួរ​ទាំងនេះ ឬ​សំណួរ​របស់​អ្នក​ផ្ទាល់​នៅពេល​អ្នក​សិក្សា ៖

  • តើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្ញុំ ?

  • ហេតុអ្វី​វា​សំខាន់​ដែល​ខ្ញុំ​អភិវឌ្ឍ​សេចក្តីជំនឿ​ទៅលើ​ទ្រង់ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

បទគម្ពីរ​ដែល​បាន​ផ្តល់​ឲ្យ និង​ជំនួយ​ការសិក្សា

អ្នក​អាច​ស្វែងរក​ធនធាន​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដោយ​ស្វែងរក​ពាក្យ « សេចក្ដីជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ » ។

ការទូន្មាន​ដែល​បាន​ផ្តល់​ឲ្យ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

  • រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤

  • នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥–៦៨

  • រីឆាដ ស៊ី អេដហ្គី « Faith—the Choice Is Yours » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣១–៣៣

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុអ្វី​វា​សំខាន់​ដើម្បី​ដាក់​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់​ដំបូន្មាន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ពេល​យើង​និយាយ​ពី​សេចក្ដីជំនឿ—ជា​សេចក្ដីជំនឿ​ដែល​អាច​រំកិល​ភ្នំ​បាន—យើង​ពុំ​មែន​និយាយ​ពី​សេចក្ដី​ជំនឿ​ជាទូទៅ​ទេ តែ​ជា​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

យើង​ម្នាក់ៗ​អាច​សួរ​ខ្លួន​ឯង​ថា តើ​សេចក្ដីជំនឿ​យើង​នៅ​ឯ​ណា ? វា​នៅក្នុង​ក្រុម​មួយ​មែន​ទេ ? នៅក្នុង​យីហោ​មួយ​មែន​ទេ ? នៅ​លើ​តារា​ល្បី​ម្នាក់​មែន​ទេ ? សូម្បី​តែ​ក្រុម​ល្អ​បំផុត ក៏​ចាញ់​ការប្រកួត​ដែរ ។ រី​ឯ​ពួក​តារា​ល្បីៗ ក៏​អាច​បាត់បង់​ប្រជាប្រិយភាព​ដែរ ។ មាន​អង្គ​តែ​មួយ​គត់​ដែល​សេចក្ដីជំនឿ​យើង​តែង​មាន​សុវត្ថិភាព គឺ​លើ​ព្រះ​អម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។

( រ័សុល អិម ណិលសុន « Let Your Faith Show » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ២៩ )

ហេតុអ្វី​ខ្ញុំ​គួរ​ព្យាយាម​បង្កើន​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ការហៅ​របស់​ខ្ញុំ​ទៅកាន់​អ្នក …គឺ ចាប់​ផ្ដើម​ថ្ងៃនេះ ដោយ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក ។ តាមរយៈ​សេចក្ដី​ជំនឿ​របស់​អ្នក នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បង្កើន​សមត្ថភាព​របស់​អ្នក​ឲ្យ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​អ្នក​បាន [ សូមមើល នីហ្វៃ ទី១ ៧:១២ ] ទោះជា​ឧបសគ្គ​ផ្ទាល់​ខ្លួន​របស់​អ្នក​ធំ​ប៉ុន​ភ្នំ​ហិមាល័យ​ក្ដី ។

ភ្នំ​របស់​អ្នក​អាច​ជា​ភាពឯកោ ភាពសង្ស័យ ជំងឺ ឬ​បញ្ហា​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត ។ ភ្នំ​របស់​អ្នក​អាច​មានខុសៗ​គ្នា ប៉ុន្ដែ​ចម្លើយ​ចំពោះ​ឧបសគ្គ​នីមួយៗ​របស់​អ្នក​គឺ ត្រូវ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក ។ សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព ។ …

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា អំណាច​ដ៏​ធំ​បំផុត ដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ។ ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ [ សូមមើល ម៉ាកុស ៩:២៣ ] ។

( រ័សុល អិម ណិលសុន « Christ is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២–១០៣, ១០៤ )

តើ​ខ្ញុំ​ត្រូវ​ការ​អ្វី​ខ្លះ​ដើម្បី​រៀន​ដោយ​សេចក្ដី​ជំនឿ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។

បទពិសោធន៍ដែលបាន​ជួយ​ខ្ញុំ​ឲ្យ​យល់ថា ចម្លើយ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​មនុស្ស​ម្នាក់​ទៀត តាម​ធម្មតា​ពុំ​ត្រូវ​បាន​ចងចាំ​ក្នុង​រយៈពេល​យូរ​អង្វែង​នោះ​ទេ ប្រសិនបើ​ចងចាំ​ទាំងអស់ ។ ប៉ុន្ដែ​ចម្លើយ​មួយ​ដែល​យើង​បាន​រកឃើញ ឬ​ទទួល​បាន​តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ តាម​ធម្មតា​ត្រូវ​បាន​រក្សា​ទុក​អស់​ពេញ​មួយ​ជីវិត ។ ការរៀនសូត្រ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​ត្រូវបាន​ទទួល​តាម​រយៈ​បទពិសោធន៍—មិនមែន​តាមការ​បង្រៀន​ទេ ។

ការយល់​ដឹង​ខាង​វិញ្ញាណ​ដែល​អ្នក និង​ខ្ញុំ​ត្រូវ​បាន​ប្រទាន​ពរ​ក្នុង​ការទទួល ហើយ​ដែល​ត្រូវបាន​បញ្ជាក់​ថា​ជា​ការពិត​នៅក្នុង​ចិត្ត​របស់​យើង គឺ​មិន​អាច​ផ្តល់​ឲ្យ​អ្នក​ផ្សេង​បាន​ទេ ។ ថ្លៃ​បង្ហាត់​បង្រៀន​ពី​ភាពឧស្សាហ៍​ព្យាយាម និងពី​ការរៀន​សូត្រ និង​ដោយ​សេចក្ដី​ជំនឿ​ផងដែរ​នោះ ត្រូវតែ​ចំណាយ​ដើម្បី​ទទួល​បាន និង « ធ្វើ​ជាម្ចាស់ » ដោយ​ផ្ទាល់​លើ​ចំណេះដឹង​បែប​នោះ ។ មាន​តែ​វិធី​នេះ​ទេ ទើប​អ្វី​ដែល​ដឹង​ក្នុង​ចិត្ត​អាច​បំប្លែង​ទៅ​ជា​អារម្មណ៍​នៅក្នុង​ចិត្ត​បាន ។ មាន​តែ​តាម​វិធី​នេះ​ប៉ុណ្ណោះ​ដែល​មនុស្ស​ម្នាក់​អាច​បោះ​ជំហាន​ទៅ​មុខ​ហួស​ពី​ការ​ពឹង​ផ្អែក​លើ​ចំណេះដឹង និង​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ​ទៀត ហើយ​ទាមទារ​ពរជ័យ​ទាំងនោះ​សម្រាប់​ខ្លួន​ឯង ។ មាន​តែ​វិធី​នេះ​ទេ​ដែល​យើង​អាច​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង ។ យើង​ត្រូវ « ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តី​ជំនឿ​ផង » ( គ&ស ៨៨:១១៨ ) ។

( ដេវីឌ អេ បែដណា « Seek Learning by Faith » Liahona ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៧ )

តើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សូមមើល​វីដេអូ « ភ្លើង​ជម្រះ​នៃ​សេចក្ដីជំនឿ​របស់​យើង » ( ៣:២៥ ) ដែល​អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​អ្នក​ផ្សេងទៀត​ចែកចាយ​អ្វី​ដែល​ពួកលោក​បាន​រៀន​អំពី​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។